ជំពូកទី ៦១ កងវរសេនាតូចមរមន ខែ មិថុនា ឆ្នាំ ១៨៤៦–ខែ កក្កដា ឆ្នាំ ១៨៤៧ អំឡុងពេលពួកបរិសុទ្ធនៅក្នុងរដ្ឋអៃអូវ៉ា មេទ័ព ជេមស៍ អាលឡិន នៃកងទ័ពសហរដ្ឋអាមេរិកបានមកជួប ព្រិកហាំ យ៉ង់ ។ មេទ័ពអាលឡិនបាននិយាយថា ប្រធានាធិបតីនៃសហរដ្ឋអាមេរិកចង់បានបុរស ៥០០ នាក់ពីព្រះវិហារចូលរួមកងទ័ពដើម្បីជួយក្នុងសង្គ្រាមជាមួយប្រទេសម៉ិកស៊ិក ។ ទោះបីនេះជាគ្រាដ៏លំបាកមួយសម្រាប់ពួកបរិសុទ្ធ និងពួកបុរសទាំងនោះត្រូវធ្វើដំណើរទៅភាគខាងលិចក្តី ក៏ព្រិកហាំ យ៉ង់ បានលើកទឹកចិត្តពួកគេឲ្យទៅដែរ ។ ទឹកប្រាក់ដែលពួកគេបានទទួលនឹងជួយដល់ក្រុមគ្រួសាររបស់ពួកគេ ពួកបរិសុទ្ធដែលក្រីក្រ និងពួកអ្នកផ្សព្វផ្សាយសាសនា ។ ការបម្រើនៅក្នុងជួរកងទ័ពក៏ជាការបង្ហាញអំពីភក្តីភាពរបស់សមាជិកសាសនាចក្រដល់ប្រទេសរបស់ខ្លួនផងដែរ ។ មេទ័ពអាលឡិនបាននិយាយជាមួយពួកបុរស ហើយមានបុរស ៥៤១ នាក់នៃពួកបុរសទាំងនោះបានចូលបម្រើកងទ័ព ។ ក្រុមនេះត្រូវបានហៅថា កងវរសេនាតូចមរមន ។ ព្រិកហាំ យ៉ង់ បានប្រាប់ពួកបុរសទាំងនោះឲ្យខិតខំធ្វើជាទាហានដ៏ល្អបំផុតនៅក្នុងជួរកងទ័ព ។ ពួកគេគួរតែយកព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមនទៅជាមួយពួកគេ ។ ពួកគេត្រូវតែមានអនាម័យ ស្អាតបាត និងចេះគួរសម ។ ពួកគេពុំគួរជេរប្រមាថ ឬលេងបៀរឡើយ ។ ព្រិកហាំ យ៉ង់ បានប្រាប់ពួកបុរសទាំងនោះឲ្យគោរពបទបញ្ញត្តិរបស់ព្រះ ។ ប្រសិនបើពួកគេបានគោរពតាម នោះពួកគេនឹងពុំចាំបាច់ប្រយុទ្ធឡើយ ។ នៅក្នុងខែ កក្កដា ឆ្នាំ ១៨៤៦ ពួកបុរសនៃកងវរសេនាតូចមរមនបានទៅជាមួយមេទ័ពអាលឡិន ។ វាជារឿងលំបាកសម្រាប់ពួកគេក្នុងការចាកចេញពីភរិយា និងកូនៗរបស់ពួកគេនៅក្នុងគ្រាដ៏លំបាកនេះ ។ ប៉ុន្តែ ព្រិកហាំ យ៉ង់ បាននិយាយថា ក្រុមគ្រួសាររបស់ពួកគេនឹងត្រូវបានគេមើលថែទាំអំឡុងពេលដែលពួកគេចេញទៅ ។ កងវរសេនាតូចមរមនបានធ្វើដំណើរទៅ ហ្វត ឡេវិនហ្វស ជាកន្លែងដែលពួកគេបានទទួលគ្រឿងបរិក្ខារ ។ បន្ទាប់មក ពួកគេបានធ្វើដំណើរទៅទិសនិរតីទៅកាន់រដ្ឋកាលីហ្វូញ៉ា ។ ក្រុមគ្រួសារមួយចំនួនរបស់ពួកទាហានបានមកជាមួយពួកគេ ។ កងវរសេនាតូចបានមានការលំបាកណាស់ក្នុងការធ្វើដំណើរ ។ ផ្លូវធ្វើដំណើរនោះមិនល្អ ហើយជួនកាលរទេះបានជាប់គាំង ។ វាពិបាកក្នុងការស្វែងរកទឹកបរិភោគ ។ ជួនកាលគ្មានដើមឈើសម្រាប់ជាកន្លែងដែលពួកបុរសទាំងនោះអាចសម្រាកក្រោមម្លប់វាបានឡើយ ។ មនុស្សមួយចំនួនបានឈឺ ។ មេទ័ពបានសម្រេចចិត្តថា ពួកស្ត្រី និងកូនក្មេង ព្រមទាំងទាហានដែលឈឺគួរតែទៅរដ្ឋខូឡូរ៉ាដូ ហើយស្នាក់នៅក្នុងទីក្រុងភូអេប្លូ ។ ពួកគេបានរស់នៅទីនោះក្នុងរដូវរងារ ។ នៅរដូវក្តៅបន្ទាប់មក ពួកគេបានជួបនឹងពួកអ្នកត្រួសត្រាយដែលឆ្លងកាត់វាលទំនាប ។ ពួកទាហានជាច្រើនទៀតនៅក្នុងកងវរសេនាតូចបានបន្តធ្វើដំណើរតទៅទៀត ។ ជួនកាលពួកគេត្រូវជីកដីខ្សាច់ដើម្បីរកទឹក ។ ពួកគេគ្មានអាហារគ្រប់គ្រាន់ឡើយ ។ ជារឿយៗ គ្មានអុសដើម្បីបង្កាត់ភ្លើងទេ ដូច្នេះពួកបុរសទាំងនោះត្រូវដុតស្មៅ ។ ពួកទាហានបានជួបពួកអាមេរិកកាំងដើម និងមនុស្សដទៃទៀតដែលមានអាហារ ។ ពួកទាហានគ្មានប្រាក់ដើម្បីទិញអាហារឡើយ ដូច្នេះពួកគេបានប្តូរសម្លៀកបំពាក់មួយចំនួនរបស់ពួកគេជាមួយនឹងពួកអាមេរិកកាំងដើមដើម្បីប្តូរយកម្ហូបអាហារ ។ ទីបំផុត កងវរសេនាតូចមរមនបានទៅដល់ភ្នំដែលមានចំណោតខ្ពស់ៗ ។ ពួកបុរសទាំងនោះត្រូវចងខ្សែពួរជាប់នឹងរទេះ ហើយទាញរទេះទាំងនោះឡើងភ្នំ ។ បន្ទាប់មក ពួកគេបានទុកឲ្យរទេះនោះរអិលចុះទៅចំណោតម្ខាងទៀត ។ ថ្ងៃមួយ គោព្រៃមួយចំនួនបានវាយប្រហារពួកទាហាន ។ ពួកបុរសបានតតាំងនឹងសត្វគោនោះ ហើយទីបំផុតបានដេញសត្វគោទាំងនោះចេញទៅឆ្ងាយ ។ ទាហានបីនាក់បានរងរបួស ។ ទីបំផុត បន្ទាប់ពីធ្វើដំណើរអស់ចម្ងាយជាង ៣២១៩ គីឡូម៉ែត្រ នោះកងវរសេនាតូចមរមនបានទៅដល់មហាសមុទ្រប៉ាស៊ីហ្វិកនៅថ្ងៃទី ២៩ ខែ មករា ឆ្នាំ ១៨៤៧ ។ ពួកបុរសមានការនឿយហត់ណាស់ ហើយសម្លៀកបំពាក់របស់ពួកគេបានរហែក ។ ពួកគេសប្បាយរីករាយដែលការធ្វើដំណើរដ៏វែងឆ្ងាយរបស់ពួកគេបានបញ្ចប់ ។ ពួកបុរសធ្វើការនៅក្នុងរដ្ឋកាលីហ្វូញ៉ា ដើម្បីបញ្ចប់ឆ្នាំរបស់ពួកគេនៅក្នុងការបម្រើកងទ័ព ។ ក្រោយមក ពួកគេត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅជួបជុំក្រុមគ្រួសាររបស់ពួកគេវិញ ។ ដូចព្រិកហាំ យ៉ង់ បានសន្យាពួកបុរសនៃកងវរសេនាតូចមរមនពុំចាំបាច់ប្រយុទ្ធឡើយ ។ ពួកបុរសមួយចំនួនបានស្នាក់នៅរដ្ឋកាលីហ្វូញ៉ា ។ ភាគច្រើនពួកគេបានត្រឡប់ទៅភ្នំរ៉កគីវិញ ដើម្បីទៅនៅជាមួយក្រុមគ្រួសាររបស់ពួកគេ និងពួកបរិសុទ្ធដទៃទៀតដែលរស់នៅទីនោះ ។ ( សូមមើលផែនទីនៅ ទំព័រ ២៣៤ សម្រាប់ផ្លូវធ្វើដំណើររបស់កងវរសេនាតូចមរមន ) ។