ជំពូកទី ៦៤ ពួកបរិសុទ្ធនៅភ្នំរ៉កគី ដើមខែ កក្កដា ឆ្នាំ ១៨៤៧ ពួកអ្នកត្រួសត្រាយបានចាប់ផ្តើមសាងសង់ទីក្រុងនៅក្នុងជ្រលងភ្នំ ហ្គ្រេត សលត៍ លេក ។ ពួកគេដាក់ឈ្មោះទីនោះថា ទីក្រុង សលត៍ លេក ។ ព្រិកហាំ យ៉ង់ បានជ្រើសរើសកន្លែងមួយដើម្បីសាងសង់ព្រះវិហារបរិសុទ្ធ ។ ព្រិកហាំ យ៉ង់ និងអ្នកដឹកនាំដទៃទៀតបានធ្វើគ្រោងសម្រាប់ទីក្រុង ។ គ្រួសារនីមួយៗត្រូវបានប្រគល់ដីមួយចំនួនសម្រាប់ធ្វើផ្ទះសម្បែង និងចម្ការ ។ ពួកអ្នកត្រួសត្រាយបានសាងសង់ផ្ទះពីឈើ និងដាំដំណាំ ។ ពួកគេបានដឹងថា វាតម្រូវឲ្យមានសេចក្តីជំនឿដ៏អស្ចារ្យ និងខិតខំធ្វើការដើម្បីតាំងទីលំនៅនៅទីនេះ ប៉ុន្តែពួកគេបានជឿថា ពួកគេអាចទទួលជោគជ័យដោយមានជំនួយរបស់ព្រះ ។ ព្រិកហាំ យ៉ង់ បានបែងចែកទីក្រុងនោះជាប្រាំវួដ ហើយមនុស្សបានចាប់ផ្តើមសាងសង់ព្រះវិហារ ។ នៅពេលពួកអ្នកត្រួសត្រាយជាច្រើនទៀតបានឆ្លងវាលទំនាប ហើយមកដល់ជ្រលងភ្នំ នោះវួដកាន់តែច្រើនត្រូវបានរៀបចំឡើង ។ ពួកអ្នកត្រួសត្រាយបានចាប់ផ្តើមសាលារៀន ។ ថ្នាក់រៀន និងការប្រជុំព្រះវិហារគឺនៅក្នុងអគារតែមួយ ។ ក្រោយមក ថ្នាក់សាលាថ្ងៃអាទិត្យត្រូវបានចាប់ផ្តើម ។ ព្រិកហាំ យ៉ង់ បានបញ្ជូនពួកអ្នកផ្សព្វផ្សាយសាសនាទៅកាន់ដែនដីផ្សេងទៀតដែលនៅត្រើយម្ខាងទៀតនៃមហាសមុទ្រ ។ មនុស្សរាប់ពាន់នាក់មកពីដែនដីជាច្រើនបានចូលជាសមាជិកសាសនាចក្រ ។ មនុស្សជាច្រើនដែលបានចូលជាសមាជិកសាសនាចក្រ ត្រូវបានលើកទឹកចិត្តឲ្យប្រមូលផ្តុំគ្នាជាមួយពួកបរិសុទ្ធនៅក្នុងជ្រលងភ្នំ ហ្គ្រេត សលត៍ លេក ។ ពួកគេបានធ្វើការលះបង់ដ៏មហិមាដែលបានចេញពីផ្ទះសម្បែងរបស់ខ្លួន ជិះកប៉ាល់ឆ្លងមហាសមុទ្រ ហើយធ្វើដំណើរឆ្លងកាត់ទ្វីបអាមេរិកទៅជ្រលងភ្នំ សលត៍ លេក ។ ពួកអ្នកត្រួសត្រាយភាគច្រើនបានឆ្លងកាន់វាលទំនាបដោយជិះរទេះមានដំបូល ដែលទាញដោយសត្វ ។ អ្នកផ្សេងទៀតគ្មានប្រាក់គ្រប់គ្រាន់ដើម្បីទិញរទេះ ឬសត្វទេ ដូច្នេះពួកគេបានធ្វើរទេះតូចៗដែលមានកង់ពីរ ។ រទេះទាំងនេះហៅថារទេះអូស ។ ពួកអ្នកត្រួសត្រាយបានទុកឥវ៉ាន់របស់ពួកគេនៅក្នុងរទេះ បន្ទាប់មករុញ និងទាញរទេះនោះឆ្លងកាត់វាលទំនាប ។ វាមានការលំបាកណាស់ក្នុងការធ្វើដំណើរឆ្លងកាត់វាលទំនាបនោះ ។ មនុស្សមួយចំនួនបានឈឺ ហើយបានស្លាប់ ។ ព្រិកហាំ យ៉ង់ គឺជាអ្នកដឹកនាំដ៏វាងវៃម្នាក់ ។ លោកបានបញ្ជូនពួកបរិសុទ្ធឲ្យសាងសង់ទីក្រុងនៅក្នុងផ្នែកជាច្រើននៃភាគខាងលិចរួមទាំង រដ្ឋអៃដាហូ រដ្ឋវ៉ាយអូមីង រដ្ឋអារីហ្សូណា និងរដ្ឋកាលីហ្វូញ៉ា ។ ពួកបរិសុទ្ធមានការសាកល្បងជាច្រើន ។ ជួនកាលដំណាំរបស់ពួកគេពុំដុះឡើយ ដោយសារវាត្រជាក់ខ្លាំងពេក ឬក្តៅ និងស្ងួតខ្លាំងពេក ។ ជួនកាលសត្វល្អិតបានស៊ីដំណាំរបស់ពួកគេ ។ ប៉ុន្តែពួកបរិសុទ្ធបានអធិស្ឋាន ហើយមានសេចក្តីជំនឿ ហើយព្រះបានជួយពួកគេនៅក្នុងការសាកល្បងរបស់ពួកគេ ។ ពួកអាមេរិកកាំងដើមបានរស់នៅក្នុងតំបន់នោះ នៅពេលពួកបរិសុទ្ធបានទៅដល់ ។ ជួនកាលមានបញ្ហាកើតឡើងរវាងពួកបរិសុទ្ធ និងពួកអាមេរិកកាំងដើម ។ ព្រិកហាំ យ៉ង់ បានប្រាប់ពួកបរិសុទ្ធឲ្យមានចិត្តល្អ ។ ពួកអាមេរិកកាំងដើមជាច្រើនបានក្លាយជាមិត្តភក្តិរបស់ពួកគេ ហើយមួយចំនួនទៀតបានក្លាយជាសមាជិកសាសនាចក្រ ។ ពួកបរិសុទ្ធបានចាប់ផ្តើមសាងសង់ព្រះវិហារបរិសុទ្ធ គឺដូចជាអ្វីដែលពួកគេបានធ្វើនៅទីក្រុងខឺតឡង់ និងទីក្រុងណៅវូផងដែរ ។ នៅក្នុងឆ្នាំ ១៨៥៣ ពួកគេបានចាប់ផ្តើមសាងសង់ព្រះវិហារបរិសុទ្ធនៅក្នុងទីក្រុង សលត៍ លេក ។ ពួកគេបានធ្វើការអស់រយៈពេល ៤០ ឆ្នាំ ដើម្បីបញ្ចប់ការសាងសង់ព្រះវិហារបរិសុទ្ធនេះ ។ ពួកគេបានសាងសង់ព្រះវិហារបរិសុទ្ធផ្សេងទៀតនៅក្នុងទីក្រុងសេន ចច, លូហ្គែន និង ម៉ានតៃ ពីមុនព្រះវិហារបរិសុទ្ធ សលត៍ លេក បានសាងសង់ចប់រួចរាល់ ។