ជំពូកទី ៦០
ពួកបរិសុទ្ធចាកចេញពីទីក្រុងណៅវូ
ខែ កញ្ញា ឆ្នាំ ១៨៤៥–ខែ កញ្ញា ឆ្នាំ ១៨៤៦
បន្ទាប់ពីមរណភាពរបស់ព្យាការីយ៉ូសែប ស្ម៊ីធ ពួកមនុស្សកំណាចបានគិតថា សាសនាចក្រនឹងទៅឆ្ងាយ ។ ប៉ុន្តែសាសនាចក្រនៅតែបន្តរឹងមាំក្រោមការដឹកនាំរបស់ពួកសាវក ហើយទីក្រុងណៅវូបានបន្តរីកចម្រើន ។ ការណ៍នេះបណ្តាលឲ្យពួកមនុស្សកំណាចព្យាយាមកាន់តែខ្លាំងឡើងក្នុងការបំផ្លាញសាសនាចក្រ និងការបណ្តេញពួកបរិសុទ្ធ ។ ពួកមនុស្សកំណាចបានបោះពុម្ពផ្សាយការកុហកនានាអំពីពួកបរិសុទ្ធនៅក្នុងសារព័ត៌មាន ។
លោកអភិបាលរដ្ឋអិលលីណោយពុំបានបញ្ឈប់ពួកមនុស្សកំណាចឡើយ ។ មិនយូរប៉ុន្មានក្រោយមក ពួកបរិសុទ្ធបានដឹងថា ពួកគេនឹងគ្មានភាពសុខសាន្តឡើយ លុះត្រាតែពួកគេចាកចេញពីទីក្រុងណៅវូ ។ លោកអភិបាលបានផ្តល់យោបល់ឲ្យពួកគេប្តូរទៅរស់នៅឲ្យឆ្ងាយទៅភាគខាងលិច ជាកន្លែងដែលពួកគេនឹងនៅឆ្ងាយពីសត្រូវរបស់ពួកគេ ហើយអាចបង្កើតរដ្ឋាភិបាលរបស់ខ្លួនពួកគេផ្ទាល់ ។ ទីបំផុត ពួកបរិសុទ្ធបានយល់ព្រមចាកចេញ ប៉ុន្តែពួកគេត្រូវការពេលវេលាដើម្បីត្រៀមខ្លួនឲ្យរួចរាល់សិន ។
ពួកបរិសុទ្ធត្រូវការរកអាហារ និងសម្លៀកបំពាក់សម្រាប់ការធ្វើដំណើរនោះ ។ ពួកគេក៏ត្រូវធ្វើរទេះ ទិញសត្វគោ និងសត្វផ្សេងទៀត ហើយលក់ផ្ទះសម្បែងរបស់ពួកគេ ។ ពួកបរិសុទ្ធបានខិតខំធ្វើការដើម្បីត្រៀមខ្លួនចាកចេញពីទីក្រុងណៅវូ ។
ពួកមនុស្សកំណាចពុំចង់ទុកពេលវេលាឲ្យពួកបរិសុទ្ធត្រៀមខ្លួនឡើយ ។ ពួកគេបានលួចឥវ៉ាន់ និងដុតផ្ទះសម្បែងមួយចំនួនរបស់ពួកគេ ។
ពួកបរិសុទ្ធគ្រោងចាកចេញនៅក្នុងខែ មេសា ឆ្នាំ ១៨៤៦ ប៉ុន្តែការគំរាមកំហែងពីសត្រូវរបស់ពួកគេបានបណ្តាលឲ្យពួកគេចាប់ផ្តើមចាកចេញនៅក្នុងខែ កុម្ភៈ ជាពេលដែលមានអាកាសធាតុរងារខ្លាំង ។
ពួកបរិសុទ្ធដាក់ឥវ៉ាន់របស់ពួកគេនៅលើរទេះ ។ បន្ទាប់មក ពួកគេបានបររទេះនោះលើទូក ហើយឆ្លងទន្លេមិស៊ីស៊ីបពី ។
រយៈពេលពីរសប្តាហ៍បន្ទាប់ពីពួកបរិសុទ្ធដំបូងបានចាកចេញពីទីក្រុងណៅវូ វាមានអាកាសធាតុត្រជាក់យ៉ាងខ្លាំងដែលធ្វើឲ្យទឹកទន្លេកក ។ ពួកបរិសុទ្ធមួយចំនួនបានបររទេះរបស់ពួកគេកាត់ទន្លេលើទឹកកកនោះ ។
ពួកបរិសុទ្ធបានបោះជំរំនៅក្បែរទន្លេនោះអស់រយៈពេលពីរបីថ្ងៃ ។ ពួកគេមួយចំនួនគ្មានសម្លៀកបំពាក់គ្រប់គ្រាន់ឡើយ ហើយពួកគេរងារយ៉ាងខ្លាំង ។ ពួកគេមួយចំនួនគ្មានអាហារគ្រប់គ្រាន់ឡើយ ។ អស់អ្នកដែលមានអាហារ និងសម្លៀកបំពាក់គ្រប់គ្រាន់បានចែកជាមួយអ្នកដទៃទៀត ។ មិនយូរប៉ុន្មានក្រោយមក ពួកបរិសុទ្ធបានរើចេញ ហើយបោះជំរំនៅកន្លែងផ្សេងទៀត ។ ព្រិកហាំ យ៉ង់ បានជ្រើសរើសអ្នកដឹកនាំដែលជួយមនុស្សឲ្យរៀបចំ និងត្រៀមខ្លួនសម្រាប់ដំណើរទៅភាគខាងលិច ។ ពួកបរិសុទ្ធដែលធ្វើដំណើរទៅទិសខាងលិចត្រូវបានហៅថាអ្នកត្រួសត្រាយ ។
នៅខែ មីនា ឆ្នាំ ១៨៤៦ ពួកអ្នកត្រួសត្រាយបានចាប់ផ្តើមធ្វើដំណើរទៅភាគខាងលិចឆ្លងកាត់រដ្ឋ អៃអូវ៉ា ។ ដំណើរទៅមុខរបស់ពួកគេមានការយឺតយ៉ាវ ដោយសារតែអាកាសធាតុត្រជាក់ខ្លាំង មានការសាកល្បងអាក្រក់ៗ និងបញ្ហាផ្សេងទៀតជាច្រើន ។ ព្រិកហាំ យ៉ង់ បានបញ្ជូនពួកបុរសឲ្យទៅមុនដើម្បីស្វែងរកកន្លែងល្អសម្រាប់បោះជំរំផ្សេងទៀត ។ ពួកបុរសទាំងនេះកាត់ដើមឈើ និងធ្វើបន្ទប់អំពីឈើ ។ ពួកគេក៏បានដាំដំណាំ និងសាងសង់ស្ពាននានាឆ្លងស្ទឹង ។ ពួកគេធ្វើឲ្យពួកបរិសុទ្ធធ្វើដំណើរកាន់តែងាយស្រួល ។
នៅក្នុងខែ មិថុនា ឆ្នាំ ១៨៤៦ រយៈពេលបួនខែបន្ទាប់ពីចាកចេញពីទីក្រុងណៅវូ ក្រុមដំបូងនៃអ្នកត្រួសត្រាយបានធ្វើដំណើរឆ្លងកាត់រដ្ឋអៃអូវ៉ាទាំងអស់គ្នាទៅកាន់ទន្លេមិសសួរី ។ ពួកគេបានឈប់នៅកន្លែងមួយហៅថា ខោនសិលប្លើហ្វ្ស ហើយបានសាងសង់សាឡាងមួយសម្រាប់ឆ្លងទន្លេនោះ ។ មិនយូរប៉ុន្មានក្រោយមក ពួកបរិសុទ្ធផ្សេងទៀតបានចូលរួមនឹងពួកគេ ( សូមមើលផែនទីនៅ ទំព័រ ១៩០ ) ។
អំឡុងពេលដែលពួកបរិសុទ្ធជាច្រើនបានចាកចេញពីទីក្រុងណៅវូក្នុងខែ កុម្ភៈ ឆ្នាំ ១៨៤៦ មានអ្នកដទៃជាច្រើនទៀតនៅរៀងយូរបន្តិច ។ ពួកបរិសុទ្ធមួយចំនួនត្រូវបានចាត់ឲ្យនៅបញ្ចប់ការសាងសង់ព្រះវិហារបរិសុទ្ធ ។ ពួកបរិសុទ្ធផ្សេងទៀតបានព្យាយាមលក់ទ្រព្យសម្បត្តិរបស់ពួកគេ ។ មកដល់ត្រឹមខែ កញ្ញា ពួកបរិសុទ្ធភាគច្រើនបានចាកចេញពីទីក្រុងនោះ ។
នៅពេលពួកបរិសុទ្ធបានចាកចេញពីទីក្រុងណៅវូ នោះពួកគេបានងាកមើលក្រោយនៅត្រើយម្ខាងនៃទន្លេ ហើយបានឃើញទីក្រុងដ៏ស្រស់ស្អាតរបស់ពួកគេ ជាមួយនឹងព្រះវិហារបរិសុទ្ធនៅលើទួល ។ ពួកគេសោកស្តាយដែលត្រូវចាកចេញ ប៉ុន្តែពួកគេមានចិត្តរីករាយដែលពួកគេបានបញ្ចប់ការសាងសង់ព្រះវិហារបរិសុទ្ធរបស់ព្រះអម្ចាស់ ។
ពួកបរិសុទ្ធជាច្រើននាក់ដែលចាកចេញពីទីក្រុងណៅវូនៅប៉ុន្មានខែចុងក្រោយនោះ បានឈឺ មានភាពក្រីក្រ ឬពុំបានរៀបចំខ្លួនដើម្បីធ្វើដំណើរឡើយ ។ ពួកគេរាប់រយនាក់បានរាយពាយនៅតាមដងទន្លេនោះ និងមានជម្រក ឬអាហារបន្តិចបន្តួច ។ ប៉ុន្តែព្រះអម្ចាស់បានជួយពួកគេដោយបញ្ជូនហ្វូងសត្វស្លាបតូចៗហៅថា សត្វក្រួច ដែលពួកបរិសុទ្ធអាចចាប់ ហើយយកធ្វើជាអាហារបរិភោគ ។
ពេលព្រិកហាំ យ៉ង់ បានឮពីក្តីអំពល់របស់ពួកបរិសុទ្ធទាំងនេះ នោះលោកបានបញ្ជូនបុរសមួយចំនួនទៅជួយសង្គ្រោះពួកគេ ។ បុរសទាំងនេះបានសង្គ្រោះពួកគេពីការស្រេកឃ្លាន ហើយបានជួយពួកគេឲ្យធ្វើដំណើរទៅកាន់ខោនសិលប្លើហ្វ្ស និងកន្លែងផ្សេងៗទៀតនៅរដ្ឋអៃអូវ៉ា ជាកន្លែងដែលពួកបរិសុទ្ធបានបោះជំរំនៅទីនោះ ។