ជំពូកទី ១២ បេសកកម្មរបស់ សាំយូអែល ស៊្មីធ ខែ មិថុនា ឆ្នាំ ១៨៣០ សាំយូអែល ស្ម៊ីធគឺជាប្អូនប្រុសរបស់យ៉ូសែប ស៊្មីធ ។ ព្រះយេស៊ូវសព្វព្រះទ័យឲ្យសាំយូអែលទៅបេសកកម្ម ។ សាំយូអែល ស្ម៊ីធគឺជាអ្នកផ្សព្វផ្សាយសាសនាដំបូងគេសម្រាប់សាសនាចក្រ ។ សាំយូអែល ស្ម៊ីធបានបង្រៀនមនុស្សអំពីដំណឹងល្អ ហើយប្រាប់ពួកគេអំពីព្រះគម្ពីរមរមន ។ នៅថ្ងៃដំបូងគាត់បានធ្វើដំណើរជាង ៤០ គីឡូម៉ែត្រ ប៉ុន្តែមនុស្សបានប្រព្រឹត្តពុំសប្បុរសដាក់គាត់ ហើយពុំចង់ស្តាប់គាត់ឡើយ ។ នៅពេលយប់ឡើង សាំយូអែលបានឈប់នៅផ្ទះសំណាក់មួយ ។ គាត់បានសួរម្ចាស់ផ្ទះសំណាក់ ប្រសិនបើគាត់ចង់ទិញព្រះគម្ពីរមរមន ។ ម្ចាស់ផ្ទះសំណាក់បានសួរពីកន្លែងដែលសាំយូអែលបានព្រះគម្ពីរនេះ ។ សាំយូអែលបាននិយាយថា បងប្រុសរបស់គាត់បានបកប្រែវាមកពីផ្ទាំងចំណារមាស ។ ម្ចាស់ផ្ទះសំណាក់បានខឹងសម្បារ ។ គាត់បាននិយាយថា សាំយូអែលនិយាយកុហក ហើយបានប្រាប់គាត់ឲ្យចេញពីផ្ទះសំណាក់ ។ សាំយូអែល ស៊្មីធបានបាក់ទឹកចិត្ត ។ នាយប់នោះគាត់បានដេកនៅក្រោមដើមផ្លែប៉ោម ។ នៅព្រឹកបន្ទាប់ សាំយូអែលបានទៅជួបចន ហ្គ្រីនដែលជាអ្នកដឹកនាំព្រះវិហារមួយផ្សេងទៀត ។ លោក ហ្គ្រីនពុំចាប់អារម្មណ៍នឹងព្រះគម្ពីរមរមនទេ ប៉ុន្តែគាត់បានយល់ព្រមសួរមនុស្សនៅក្នុងព្រះវិហាររបស់គាត់ ប្រសិនបើពួកគេចង់ទិញព្រះគម្ពីរនោះ ។ នៅពេលសាំយូអែលបានត្រឡប់មកវិញនៅសប្ដាហ៍ក្រោយមក គ្មានព្រះគម្ពីរណាមួយបានលក់ដាច់ឡើយ ។ ទោះជាយ៉ាងណាក៏ដោយ ភរិយារបស់លោកហ្គ្រីន បាននិយាយថា គាត់បានអានព្រះគម្ពីរនោះ ។ បេសកកម្មរបស់សាំយូអែល ស៊្មីធមានការលំបាក ។ ពេលគាត់បានទៅផ្ទះវិញ គាត់ពុំបានគិតថា គាត់មានជោគជ័យឡើយ ។ សាំយូអែលពុំបានដឹងនៅគ្រានោះថា កិច្ចការរបស់គាត់នឹងនាំមនុស្សជាច្រើនឲ្យចូលធ្វើជាសមាជិកសាសនាចក្រឡើយ ដែលនៅទីបំផុតរួមទាំងលោក និងអ្នកស្រី ហ្គ្រីនផងដែរ ។ សាំយូអែលក៏បានលក់ព្រះគម្ពីរមរមនឲ្យបុរសម្នាក់ឈ្មោះភីនា យ៉ង់ ។ ភីនាអានព្រះគម្ពីរនោះ ហើយបានឲ្យវាទៅបងប្រុសរបស់គាត់ឈ្មោះ ព្រិកហាំ យ៉ង់ ។ ព្រិកហាំ យ៉ង់បានអានព្រះគម្ពីរមរមន ហើយបានជឿថាវាពិត ។ ភីនា និង ព្រិកហាំ យ៉ង់បានប្រាប់មិត្តភក្តិមួយចំនួនអំពីព្រះគម្ពីរមរមន ហើយពួកគេក៏បានអាន ហើយបានជឿថាវាពិត ។ ក្រោយមក ភីនា និង ព្រិកហាំ យ៉ង់ និងមិត្តភក្តិរបស់ពួកគេបានចូលជាសមាជិកសាសនាចក្រ ។ នៅអំឡុងពេលពីរបីឆ្នាំ ព្រិកហាំ យ៉ង់ត្រូវបានហៅឲ្យធ្វើជាសាវក ។ ជាច្រើនឆ្នាំក្រោយមក លោកបានក្លាយជាប្រធានសាសនាចក្រ ។ លោក និងមនុស្សដទៃទៀតដែលបានប្រែចិត្តជឿតាមរយៈការខិតខំរបស់សាំយូអែល ស្ម៊ីធ បានក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យនៅក្នុងសាសនាចក្រ ។