ជំពូកទី ៣២ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៅក្នុងទីក្រុងខឺតឡង់ ឆ្នាំ ១៨៣៣–១៨៣៤ ព្រះអម្ចាស់បានមានបន្ទូលថា យ៉ូសែប ស៊្មីធ គួរតែមានពួកបុរសជួយលោកដឹកនាំសាសនាចក្រ ។ ពួកបុរសទាំងនេះបានធ្វើជាទីប្រឹក្សារបស់យ៉ូសែប ។ ព្រះអម្ចាស់បានបើកសម្តែងថា ស៊ីឌនី រិកដុន និង ហ្វ្រែឌើរិក ជី វិលលាម្ស គួរតែធ្វើជាទីប្រឹក្សាទាំងនេះ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៩០:៦ នៅក្នុងខែ មីនា ឆ្នាំ ១៨៣៣ យ៉ូសែប ស៊្មីធ បានតែងតាំងទីប្រឹក្សារបស់លោកនៅក្នុងការប្រជុំពិសិដ្ឋមួយនៅក្នុងទីក្រុងខឺតឡង់រដ្ឋអូហៃអូ ។ យ៉ូសែប និងទីប្រឹក្សារបស់លោកគឺជាគណៈប្រធានទីមួយនៃសាសនាចក្រ ។ សព្វថ្ងៃនេះ ព្យាការីដែលនៅរស់គឺជាអ្នកដឹកនាំសាសនាចក្រ ។ លោក និងទីប្រឹក្សារបស់លោកគឺជាគណៈប្រធានទីមួយនៃសាសនាចក្រ ។ ព្រះយេស៊ូវបានមានព្រះបន្ទូលប្រាប់យ៉ូសែប ស្ម៊ីធ ថា ពួកបរិសុទ្ធគួរតែសាងសង់អគារសាសនាចក្រឲ្យកាន់តែច្រើន ។ អគារដ៏សំខាន់បំផុតនោះគឺជាព្រះវិហារបរិសុទ្ធនៅក្នុងទីក្រុងខឺតឡង់ ។ ពួកបរិសុទ្ធក៏ត្រូវសាងសង់អគារសម្រាប់ហាងបោះពុម្ព និងកន្លែងមួយសម្រាប់គណៈប្រធានទីមួយធ្វើការផងដែរ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៩៤; ៩៥ ពួកបរិសុទ្ធបានគោរពតាមព្រះអម្ចាស់ ហើយបានចាប់ផ្តើមសាងសង់ព្រះវិហារបរិសុទ្ធខឺតឡង់ ។ វាជាការងារដ៏លំបាក ហើយពួកបរិសុទ្ធទាំងអស់ត្រូវការជំនួយ ។ នៅពេលមានមនុស្សជាច្រើនបានចូលជាសមាជិកសាសនាចក្រ នោះព្រះយេស៊ូវបានមានបន្ទូលប្រាប់យូសែប ស្ម៊ីធ ឲ្យជ្រើសរើសអ្នកដឹកនាំបន្ថែមទៀត ។ ទ្រង់បានមានបន្ទូលថា ឪពុករបស់យ៉ូសែបគួរតែធ្វើជាអយ្យកោសម្រាប់សាសនាចក្រ ។ អយ្យកោម្នាក់ផ្តល់ការប្រសិទ្ធពរពិសេសដល់ពួកបរិសុទ្ធ ។ សព្វថ្ងៃនេះ នៅក្នុងសាសនាចក្រមានអយ្យកោជាច្រើននៅក្នុងស្តេកស្ទើរតែទាំងអស់ ។ ព្រះយេស៊ូវក៏បានមានបន្ទូលប្រាប់យ៉ូសែបឲ្យជ្រើសរើសពួកបុរសដប់ពីរនាក់ ឲ្យបម្រើនៅក្នុងក្រុមប្រឹក្សាជាន់ខ្ពស់ ។ ក្រុមប្រឹក្សាជាន់ខ្ពស់កាន់តំណែងសង្ឃជាន់ខ្ពស់នៅក្នុងបព្វជិតភាពមិលគីស្សាដែក ។ ការចាត់តាំងមួយរបស់ពួកគេគឺត្រូវជួយដោះស្រាយបញ្ហានានាដែលអាចកើតមានឡើងនៅក្នុងសាសនាចក្រ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១០២ នៅក្នុងខែ កុម្ភៈ ឆ្នាំ ១៨៣៤ យ៉ូសែប ស៊្មីធ បានរៀបចំស្តេកដំបូងគេនៃសាសនាចក្រ ។ ស្តេកគឺជាកន្លែងមួយដែលសមាជិកសាសនាចក្រជាច្រើនរស់នៅក្នុងតំបន់ដូចគ្នា ។ ពួកបរិសុទ្ធនៅក្នុងទីក្រុងខឺតឡង់គឺជាស្តេកដំបូងគេ ។ សព្វថ្ងៃនេះ សាសនាចក្រមានស្តេករាប់ពាន់កន្លែង ។