ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក​ទី ៥៧ ៖ ព្យាការី​ត្រូវបាន​គេ​សម្លាប់ ៖ ខែ មិថុនា ឆ្នាំ ១៨៤៤


ជំពូក​ទី ៥៧

ព្យាការី​ត្រូវបាន​គេ​សម្លាប់

ខែ មិថុនា ឆ្នាំ ១៨៤៤

ចៅក្រម​និយាយជាមួយ​យ៉ូសែប​

ពួក​សត្រូវ​នៃ​សាសនាចក្រ​បាន​បន្ទោស​យ៉ូសែប ស្ម៊ីធ ចំពោះ​បញ្ហា​នានា​នៅក្នុង​ទីក្រុង​ណៅវូ ហើយ​ពួកគេ​ចង់​ឲ្យ​លោក និង​អ្នកដឹកនាំ​ផ្សេង​ទៀត​ត្រូវចាប់ខ្លួន ។ ប៉ុន្តែ​បន្ទាប់​ពី​យ៉ូសែប​ត្រូវបាន​គេចាប់ខ្លួន​ ចៅក្រម​បាន​និយាយ​ថា លោក​ពុំ​បាន​ធ្វើ​អ្វី​ខុស​ឡើយ ហើយក៏​បាន​ដោះលែង​លោក​វិញ ។

លោក​អភិបាល​រដ្ឋ​អិលលីណោយ និយាយ​ទៅកាន់​ពួកទាហាន

ពួក​មនុស្ស​កំណាច​ខឹង​សម្បារ​ដោយសារ យ៉ូសែប ស្ម៊ីធ ត្រូវបាន​ដោះលែង ។ ពួកគេ​គំរាម​កំហែង​ដើម្បី​វាយ​ប្រហារ​ទីក្រុង​ណៅវូ ។ ពួកគេ​ថែមទាំង​គំរាម​ប៉ាត​ជ័រ​កៅស៊ូ និង​រោម​សត្វ​លើ​ចៅក្រម​ម្នាក់​នៃ​ចៅក្រម​ទាំង​នោះ​ផងដែរ ។ យ៉ូសែប​បាន​សូម​ឲ្យ​អភិបាល​រដ្ឋ​អិលលីណោយ​បញ្ឈប់​ពួក​មនុស្ស​កំណាច ប៉ុន្តែ​អភិបាល​បាន​ជឿ​លើ​ការកុហក​របស់​ពួក​មនុស្ស​កំណាច ហើយ​ពុំ​បាន​ជួយ​អ្វី​ឡើយ ។

ហៃរុម​ និងយ៉ូសែប

យ៉ូសែប ស្ម៊ីធ បាន​ដឹងថា លោក​អាច​នឹង​ត្រូវ​បាន​គេ​ចាប់​ដាក់​គុក​ម្តង​ទៀត ហើយ​លោក​ខ្លាច​ថា បងប្រុស​របស់​លោក ហៃរុម ក៏​នឹង​ត្រូវ​គេចាប់​ដាក់គុក​ផងដែរ ។ យ៉ូសែប​បាន​ប្រាប់​ហៃរុម​ឲ្យ​យក​ក្រុមគ្រួសារ​របស់​គាត់​ចេញ​ទៅ​ទីក្រុង​មួយ​ផ្សេង​ទៀត ប៉ុន្តែ​ហៃរុម​ពុំ​ចាកចេញ​ពី​ប្អូន​ប្រុសរ​បស់​គាត់​ឡើយ ។

យ៉ូសែប និង ហៃរុម

យ៉ូសែប ស្ម៊ីធ មាន​អារម្មណ៍​ថា ប្រសិនបើ​លោក និង​ហៃរុម​ចាកចេញ​ពីទីក្រុង​ណៅវូ នោះ​ពួក​មនុស្ស​កំណាច​នឹង​ពុំ​ធ្វើ​បាប​ពួកបរិសុទ្ធ​ឡើយ ។ ពួកលោក​បាន​សម្រេច​ចិត្ត​ឆ្លង​ទន្លេ ហើយ​លាក់​ខ្លួន ។ បន្ទាប់​មក ពួកលោក​បាន​ទៅ​ភាគ​ខាង​លិច​ដើម្បី​ស្វែងរក​កន្លែង​មួយ​សម្រាប់​ឲ្យ​សមាជិក​រស់នៅ ។

យ៉ូសែប​អាន​សំបុត្រ

មនុស្ស​មួយ​ចំនួន​បាន​គិត​ថា យ៉ូសែប ស្ម៊ីធ បាន​រត់​ទៅ​ឆ្ងាយ​ដោយសារ​លោក​ខ្លាច ។ អិមម៉ា ស្ម៊ីធ ភរិយា​របស់​យ៉ូសែប បាន​បញ្ជូន​មិត្តភក្តិ​មួយ​ចំនួន​ទៅ​រក​លោក ហើយ​សូម​ឲ្យ​លោក​ត្រឡប់​មក​វិញ ។ យ៉ូសែប​បាន​គិត​ថា លោក​នឹង​ត្រូវ​គេ​សម្លាប់ ប្រសិនបើ​លោក​ត្រឡប់​ទៅទីក្រុង​ណៅវូ​វិញ ប៉ុន្តែ​លោក​បាន​ធ្វើ​អ្វី​ដែល​មិត្តភក្តិ​របស់​លោក​ចង់​ឲ្យ​លោក​ធ្វើ ។

ទាហាន​ចាប់​យ៉ូសែបទៅ

នៅ​ថ្ងៃ​បន្ទាប់ យ៉ូសែប និង ហៃរុម បាន​ត្រឡប់​ទៅ​ទីក្រុង​ណៅវូ​វិញ ពួកលោក និង​អ្នកដឹកនាំ​ផ្សេង​ទៀត​នៃ​ទីក្រុង​នោះ​បាន​ទៅ​ទីក្រុងកាតធេច ជា​ទីក្រុង​មួយ​ដែល​មាន​ចម្ងាយ​ប្រហែល ៣២ គីឡូម៉ែត្រ​ពី​ទីក្រុង​ណៅវូ ។ នៅទីក្រុង​កាតធេច ពួកលោក​ត្រូវបាន​ចាប់ខ្លួន​ដោយ​ការចោទប្រកាន់​ខុស ហើយយ៉ូសែប, ហៃរុម និង​មិត្តភក្តិ​របស់​ពួកគេ​មួយ​ចំនួន​ទៀត​ត្រូវបាន​គេ​ចាប់​ដាក់​គុក រហូត​ដល់​ការកាត់ទោស​មួយ​ត្រូវបាន​ធ្វើ​ឡើង ។

យ៉ូសែប និង​មិត្តភក្តិ​នៅក្នុង​គុក​កាតធេច

យ៉ូសែប, ហៃរុម និង​មិត្តភក្តិ​របស់​ពួកលោក​បាន​ជាប់​ក្នុង​គុក​អស់​រយៈពេល​បី​ថ្ងៃ ។ អំឡុងពេ​ល​នោះ ពួកមនុស្ស​កំណាច​បាន​គំរាម​ពួកលោក ហើយ​និយាយ​អាក្រក់ៗ​អំពីពួក​លោក ។ អំឡុងពេល​នៅ​ក្នុង​គុក យ៉ូសែប និងមត្តិភក្តិ​របស់​លោក​បាន​អធិស្ឋាន និង​អាន​ព្រះគម្ពីរ​មរមន ។ ចន ថេលើរ បាន​ច្រៀង​ចម្រៀង​មួយ​បទអំពី​ព្រះយេស៊ូវ​ដែល​យ៉ូសែប​ពេញចិត្ត ។

ពួក​មនុស្ស​កំណាច​វាយ​ប្រហារ​គុក

នៅ​រសៀល​ថ្ងៃ​ទី ២៧ ខែ មិថុនា ឆ្នាំ ១៨៤៤ មាន​តែ​យ៉ូសែប, ហៃរុម, ចន ថេលើរ និង វិលឡឺឌ រីឆាដ ទេ​ដែល​នៅតែ​ជាប់ក្នុង​គុក​កាតធេច​ ។ នៅ​ម៉ោង​ប្រហែល​ប្រាំ មនុស្ស​កំណាច​ដែល​មាន​គ្នា​ជាង​ ១០០ នាក់​បានសម្រុក​ចូល​ក្នុង​គុក ។ សមាជិក​មួយ​ចំនួន​នៃ​ពួក​មនុស្ស​កំណាច​បាន​បាញ់​បង្អួច និង​អ្នក​ផ្សេង​ទៀត​បាន​រត់​កាត់​អ្នក​យាម ហើយ​ឡើង​ទៅ​ជាន់​ខាង​លើ ទៅកាន់​បន្ទប់​ដែល​យ៉ូសែប និង​មិត្តភក្តិ​របស់​គាត់​នៅទីនោះ ។

ហៃរុម​ដេកស្លាប់​នៅលើ​ឥដ្ឋ

បងប្អូន​ប្រុស​បាន​ព្យាយាម​ខ្ទប់​ទ្វារ​ឲ្យ​ជាប់ ប៉ុន្តែ​មាន​មនុស្ស​ច្រើន​ពេក​ដែល​មិន​អាច​ឲ្យ​ពួកគេ​ការពារ​ខ្លួន​បាន ។ ពួកមនុស្ស​កំណាច​បាន​រុញ​បើក​ទ្វារ ហើយ​បាញ់​ហៃរុម ស៊្មីធ ។ នៅពេល​យ៉ូសែប​បាន​ឃើញ​ហៃរុម​ស្លាប់ លោក​បាន​ស្រែក​យំ​ឡើង​ថា « ឱ ! បងប្រុស​ហៃរុម​ជាទី​ស្រឡាញ់​អើយ ! » ពួក​មនុស្ស​កំណាច​ក៏​បាន​បាញ់​ ចន ថេលើរ ផងដែរ ដែល​ធ្វើ​ឲ្យ​លោក​មាន​របួស​យ៉ាង​ធ្ងន់ ប៉ុន្តែ​ពុំបាន​ស្លាប់​ឡើយ ។ ពួកគេ​ពុំ​បាន​បាញ់​វិលឡឺឌ រីឆាដ ទេ ។

យ៉ូសែប​ធ្លាក់​ចេញពីបង្អួច

បន្ទាប់​ពី​ហៃរុម និង ចន ថេលើរ​ ត្រូវបាន​គេ​បាញ់​មក យ៉ូសែប​បាន​រត់​ទៅរក​បង្អួច ។ លោក​ត្រូវបាន​គេបាញ់​ចំពីរ​គ្រាប់​កាំភ្លើង​ពី​មាត់​ទ្វារ​បន្ទប់ ហើយ​មួយ​គ្រាប់​កាំភ្លើង​ទៀត​ត្រូវបាន​គេ​បាញ់​មក​ពី​ក្រៅ​គុក ។ លោក​បាន​ស្រែក​ថា « ឱ ព្រះអម្ចាស់ ជា​ព្រះ​ខ្ញុំ​អើយ ! » ហើយ​ក៏​បាន​ធ្លាក់​ចេញ​តាម​បង្អួច​ទៅ ។ ព្យាការី​បាន​ស្លាប់ ។ លោក​បាន​លះបង់​ជីវិត​លោក​ចំពោះ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

ពួកបរិសុទ្ធ​យក​សព​របស់​យ៉ូសែប

សាកសព​របស់​យ៉ូសែប និង ហៃរុម ស្ម៊ីធ ត្រូវ​បាន​យក​ទៅ​ទីក្រុង​ណៅវូ ជា​កន្លែង​ដែល​គេ​កប់សព​របស់​ពួកលោក ។ ក្រុមគ្រួសារ​របស់​ពួកលោក និង​សមាជិក​ជាច្រើន​នាក់​ទៀត​នៃ​សាសនាចក្រ​កើត​ទុក្ខ​ជា​ខ្លាំង ។

កិច្ចការ​របស់ យ៉ូសែប ស៊្មីធ

ព្យាការី យ៉ូសែប ស៊្មីធ ​បាន​ធ្វើ​កិច្ចការ​សំខាន់ៗ​ជាច្រើន ។ លោក​បានបកប្រែ​ព្រះគម្ពីរ​មរមន ។ ព្រះយេស៊ូវ​បាន​ស្តារ​សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​លោក ។ យ៉ូសែប ស៊្មីធ​ បាន​បញ្ជូន​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនាឲ្យ​ទៅ​បង្រៀន​ដំណឹងល្អ​នៅក្នុងដែនដី​ផ្សេង​ទៀត ។ លោក​បាន​ដឹកនាំ​ពួកបរិសុទ្ធ​ឲ្យ​សាងសង់​ទីក្រុងដ៏​ស្រស់ស្អាត​មួយ ។ ព្រះ​សព្វ​ព្រះទ័យ​នឹង​យ៉ូសែប ស៊្មីធ ។ ពួកបរិសុទ្ធ​ក៏ស្រឡាញ់​លោក​ផងដែរ ។ យ៉ូសែប ស្ម៊ីធ បាន​ធ្វើ​ការយ៉ាង​ច្រើន​សម្រាប់​សេចក្តីសង្គ្រោះ​ដ៏អស់កល្ប​ជានិច្ច​របស់​យើង​ជាង​នរណាៗ​ទាំងអស់ លើកលែង​តែ​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ ។