ជំពូកទី ៤៥ ពួកមនុស្សកំណាចច្រើននាក់ទៀតនៅក្នុងរដ្ឋមិសសួរី ឆ្នាំ ១៨៣៨–១៨៣៩ ពួកបរិសុទ្ធជាច្រើននាក់បានរស់នៅទីក្រុងហ្វារវែស្ទ រដ្ឋមិសសួរី រួមទាំងយ៉ូសែប ស៊្មីធ ផងដែរ ។ ពួកគេបានសាងសង់ផ្ទះសម្បែង និងសាលារៀន ហើយមានចិត្តសប្បាយរីករាយ ។ ប៉ុន្តែពួកបរិសុទ្ធពុំបានមានភាពសុខសាន្តយូរឡើយ ។ ជាថ្មីម្តងទៀត មនុស្សផ្សេងទៀតនៅក្នុងរដ្ឋមិសសួរី បានចាប់ផ្តើមបង្កើតក្តីអំពល់ដល់ពួកគេ ។ ពួកមនុស្សកំណាចបានជួបជុំគ្នាដើម្បីគ្រោងធ្វើបាបពួកបរិសុទ្ធ ។ ពួកមនុស្សកំណាចធ្វើអំពើអាក្រក់ជាច្រើន ។ ពួកគេបានបណ្តេញពួកបរិសុទ្ធឲ្យចេញពីផ្ទះសម្បែងរបស់ខ្លួន ។ ពួកគេបានដុតបំផ្លាញផ្ទះរបស់ពួកបរិសុទ្ធ ហើយបានបំផ្លិចបំផ្លាញចម្ការរបស់ពួកគេ ។ ពួកគេវាយពួកបុរស ហើយចាប់ពួកគេមួយចំនួនដាក់គុក ។ ពួកមនុស្សកំណាចបានធ្វើបាបស្ត្រីមួយចំនួន ។ ពួកបរិសុទ្ធបានសូមជំនួយពីលោកអភិបាលបហ្គស៍នៃរដ្ឋមិសសួរី ។ ប៉ុន្តែមនុស្សជាច្រើនទៀតបាននិយាយកុហកប្រាប់លោកអភិបាលអំពីពួកបរិសុទ្ធ ហើយលោកពុំបានជួយឡើយ ។ បញ្ហានានារវាងពួកបរិសុទ្ធ និងពួកមនុស្សកំណាចបានបន្តកាន់តែអាក្រក់ឡើង ។ ដោយគិតថា ពួកបរិសុទ្ធគឺជាអ្នកដែលត្រូវទទួលការបន្ទោសទាំងនេះ នោះលោកអភិបាលបហ្គស៍បានប្រាប់ទាហានមួយចំនួនឲ្យសម្លាប់ពួកបរិសុទ្ធ ប្រសិនបើពួកគេពុំចាកចេញពីរដ្ឋមិសសួរីទេនោះ ។ ពួកបរិសុទ្ធមួយចំនួនបានរស់នៅទីក្រុងមួយឈ្មោះហោនស្មិល ។ ថ្ងៃមួយពួកមនុស្សកំណាចបានមក ហើយវាយប្រហារពួកគេ ។ ពួកបរិសុទ្ធមួយចំនួនបានរត់ចូលទៅក្នុងព្រៃ ។ ពួកបរិសុទ្ធផ្សេងទៀតបានរត់ចូលទៅក្នុងអគារឈើដើម្បីការពារខ្លួន ។ ពួកមនុស្សកំណាចបានបាញ់ចូលតាមប្រហោងជញ្ជាំង ។ បន្ទាប់មក ពួកមនុស្សកំណាចបានចូលទៅក្នុងអគារ ហើយបានបាញ់កាំភ្លើងជាច្រើនគ្រាប់ទៀត ។ ពួកមនុស្សកំណាចបានសម្លាប់មនុស្ស ១៧ នាក់នៅហោនស្មិល ហើយធ្វើឲ្យរបួសចំនួន ១៣ នាក់ ។ កូនក្មេងមួយចំនួនត្រូវបានគេបាញ់សម្លាប់ ។ បន្ទាប់មក ពួកមនុស្សកំណាចបានប្លន់គេហដ្ឋាន និងរទេះរបស់ពួកបរិសុទ្ធ ។ ក្រោយមកពួកទាហានមួយចំនួនចាប់ យ៉ូសែប ស៊្មីធ និងអ្នកដឹកនាំដទៃទៀតក្នុងសាសនាចក្រ ។ ទាហានត្រូវបានបញ្ជាប្រាប់ឲ្យបាញ់សម្លាប់ព្យាការី និងមិត្តភក្តិរបស់លោក ។ ប៉ុន្តែមានអ្នកដឹកនាំម្នាក់នៃពួកទាហានពុំបានធ្វើតាមឡើយ ។ វានឹងក្លាយជាឃាតកម្មប្រសិនបើបាញ់សម្លាប់ព្យាការី និងអ្នកដទៃទៀត ។ ការកាត់ទោសមួយត្រូវបានកំណត់ឡើងសម្រាប់យ៉ូសែប និងមិត្តភក្តិរបស់លោក ។ មុនពេល និងអំឡុងពេលនៃការកាត់ទោសនោះ ពួកលោកត្រូវបានគេចាប់ដាក់ក្នុងគុកនៅទីក្រុងរិចម៉ន្ត រដ្ឋមិសសួរី ។ ពួកអ្នកយាមបានដាក់ច្រវ៉ាក់ពួកលោក ។ យ៉ូសែប និងមិត្តភក្តិរបស់លោកត្រូវដេកនៅលើកម្រាលឥដ្ឋត្រជាក់ ។ ពួកអ្នកយាមមានចិត្តអាក្រក់ចំពោះអ្នកជាប់គុកណាស់ ។ ពួកគេបានជេរ និងនិយាយរឿងអាក្រក់ៗ ។ ពួកគេបាននិយាយអំពីរបៀបដែលពួកគេបានប្លន់ និងសម្លាប់ពួកបរិសុទ្ធ ។ ពួកគេបាននិយាយអំពីរបៀបដែលពួកគេបានធ្វើបាបស្ត្រី និងកូនក្មេង ។ នាយប់មួយ ពួកគេបានសើច ហើយនិយាយអួតអស់បួនប្រាំម៉ោង ។ យ៉ូសែបស្អប់អ្វីដែលពួកគេកំពុងនិយាយ ។ លោកពុំចង់ស្តាប់រឿងនោះតទៅទៀតឡើយ ដូច្នោះលោកបានក្រោកឈរឡើង ហើយបញ្ជាឲ្យពួកគេឈប់ ។ លោកបានថ្លែងថា « ចូរស្ងាត់ភ្លាម ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ…ខ្ញុំបញ្ជាឲ្យអ្នកស្ងាត់ភ្លាម ដ្បិតខ្ញុំនឹងមិនរស់នៅមួយនាទីទៀត ហើយស្ដាប់ឮភាសាដូច្នេះឡើយ ។ ឈប់និយាយភ្លាម បើមិនដូច្នោះទេអ្នក ឬខ្ញុំនឹងស្លាប់ឥឡូវនេះ ! » ។ ពួកអ្នកយាមបានភិតភ័យ ហើយពួកគេបានសូមទោសយ៉ូសែប ។ ពួកគេបានអង្គុយនៅកាច់ជ្រុងមួយ ហើយនៅស្ងៀមពេញមួយយប់ ។