ជំពូកទី ៥៣ ក្តីអំពល់នៅក្នុងទីក្រុងណៅវូ ខែ ឧសភា–ខែ សីហា ឆ្នាំ ១៨៤២ ពួកបរិសុទ្ធរាប់ពាន់នាក់បានទៅរស់នៅទីក្រុងណៅវូ ។ ពួកគេបានសាងសង់ទីក្រុងដ៏ស្រស់ស្អាតមួយ ហើយបានចាប់ផ្តើមសាងសង់ព្រះវិហារបរិសុទ្ធ ។ ពួកបរិសុទ្ធបានជ្រើសរើស ចន ស៊ី បែនណែត ឲ្យធ្វើជាចៅហ្វាយក្រុងនៃទីក្រុងណៅវូ ។ នៅគ្រាដំបូង លោកគឺជាចៅហ្វាយក្រុងល្អមួយរូប ប៉ុន្តែក្រោយមក លោកបានចាប់ផ្តើមធ្វើរឿងអាក្រក់ៗ ហើយបែរមកប្រឆាំងទាស់នឹងយ៉ូសែប ស៊្មីធ ។ ប្រជាជននៅទីក្រុងណៅវូចង់មានថ្ងៃបុណ្យពិសេសមួយជាមួយពួកទាហាននៃកងទ័ពណៅវូដោយដើរដង្ហែរជាក្បួន ។ ចន បែនណែត បានសម្រេចចិត្តថា ពួកទាហានគួរតែមានការប្រយុទ្ធសាកល្បងមួយ ។ នេះមានន័យថា ជាការធ្វើការប្រយុទ្ធប្រឌិតមួយដែលពុំមែនជាការប្រយុទ្ធពិតប្រាកដឡើយ ។ លោក បែនណែត បានសូមឲ្យយ៉ូសែប ស្ម៊ីធដឹកនាំពួកទាហានមួយក្រុមនៅក្នុងការប្រយុទ្ធ ប៉ុន្តែយ៉ូសែបពុំបានធ្វើរឿងនោះឡើយ ។ ព្រះវិញ្ញាណបរិសុទ្ធបានមានបន្ទូលប្រាប់យ៉ូសែបថា ចន បែនណែត បានគ្រោងនឹងប្រើការប្រយុទ្ធនោះដើម្បីសម្លាប់លោកចោល ។ ចន បែនណែតបានខឹងសម្បារ ។ ដោយសារ ចន បែនណែត បានងាកមកប្រឆាំងព្យាការី និងធ្វើកិច្ចការអាក្រក់ដទៃទៀត នោះលោកត្រូវបានកាត់កាលចេញពីសាសនាចក្រ ហើយពុំមែនជាចៅហ្វាយក្រុងនៃទីក្រុងណៅវូទៀតឡើយ ។ យ៉ូសែប ស៊្មីធ បានក្លាយជាចៅហ្វាយក្រុងថ្មី ។ ចន បែនណែតបានចងគំនុំ ។ គាត់បានចេញពីទីក្រុងណៅវូ ហើយបានចាប់ផ្តើមនិយាយ និងសរសេររឿងអាក្រក់ៗអំពី យ៉ូសែប ស៊្មីធ និងសាសនាចក្រ ។ មានមនុស្សដទៃទៀតក៏បានចូលរួមនឹងគាត់ផងដែរ ។ យ៉ូសែប ស៊្មីធ បានប្រាប់ពួកបុរសមួយចំនួននៅក្នុងសាសនាចក្រថា ពួកបរិសុទ្ធនឹងមានរឿងអំពល់បន្ថែមទៀត ។ នៅថ្ងៃក្រោយទៀត ពួកគេនឹងត្រូវតែចាកចេញពីទីក្រុងណៅវូ ។ យ៉ូសែបបានទស្សន៍ទាយថា ពួកគេនឹងទៅភ្នំរ៉កគី ហើយសាងសង់ទីក្រុងនានានៅទីនោះ ។ ពួកគេនឹងគោរពព្រះ ហើយក្លាយជាប្រជាជនដ៏រឹងមាំមួយ ។