ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូកទី ១០ ៖ អព្ភូតហេតុ​ដំបូង​នៅក្នុង​សាសនាចក្រ ៖ ខែ មេសា ឆ្នាំ ១៨៣០


ជំពូកទី ១០

អព្ភូតហេតុ​ដំបូង​នៅក្នុង​សាសនាចក្រ

ខែ មេសា ឆ្នាំ ១៨៣០

មនុស្ស​ចូលរួម​ក្នុង​ការប្រជុំ​ព្រះវិហារ

ការប្រជុំ​បន្ទាប់​របស់​សាសនាចក្រ​គឺ​នៅ​ថ្ងៃ​អាទិត្យ​ទី ១១ ខែ មេសា ឆ្នាំ ១៨៣០ ។ ក្រៅពី​សមាជិក​សាសនាចក្រ មនុស្ស​ជាច្រើន​ផ្សេង​ទៀត​ក៏​បាន​ចូលរួម​ការប្រជុំ​នោះ​ផងដែរ ។

អូលីវើរ​បង្រៀន​ដំណឹង​ល្អ

អូលីវើរ​បាន​បង្រៀន​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ មនុស្ស​មួយ​ចំនួន​បាន​ជឿ​លើ​អូលីវើរ ហើយ​ចង់​ចូល​ជា​សមាជិក​សាសនាចក្រ ។ ពួកគេ​បាន​ជ្រមុជទឹក​បន្ទាប់​ពី​ការប្រជុំ​នោះ ។

នូវែល ណៃត៍

សាតាំង​មិន​ចង់​ឲ្យ​មនុស្ស​ចូល​ជា​សមាជិក​សាសនាចក្រ​ទេ ដូច្នេះ​វា​បាន​ព្យាយាម​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​មិន​ល្អ ។ មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ទាំង​នោះ​គឺ​បុរស​ឈ្មោះ នូវែល ណៃត៍ ។

នូវែល ណៃត៍​ត្រូវ​បាន​សូម​ឲ្យ​អធិស្ឋាន

យ៉ូសែប​បាន​សូម​ឲ្យ​នូវែល អាធិស្ឋាន​នៅ​ក្នុង​ការប្រជុំ​មួយ ហើយ​នូវែល​បាន​និយាយ​ថា គាត់​នឹង​អធិស្ឋាន ។

នូវែល ណៃត៍​មាន​ការពិបាក​រក​ពាក្យ​អធិស្ឋាន

ប៉ុន្តែ​សាតាំង​ពុំ​ចង់​ឲ្យ​នូវែល​អធិស្ឋាន​ឡើយ ។ នៅពេល​នូវែល​បាន​ទៅ​ការប្រជុំ​នោះ គាត់​បាន​និយាយ​ថា គាត់​ខ្លាច​ពុំ​ហ៊ាន​អធិស្ឋាន​ឲ្យ​ឮៗ​ឡើយ ។

នូវែល ណៃត៍​ព្យាយាម​អធិស្ឋាន

នៅព្រឹក​បន្ទាប់​មក នូវែល ណៃត៍ បាន​ចូល​ទៅក្នុង​ព្រៃ ដើម្បី​គាត់​អាច​អធិស្ឋាន​តែ​ម្នាក់​ឯង ។ នូវែល​បាន​ព្យាយាម​អធិស្ឋាន ប៉ុន្តែ​សាតាំង​ពុំ​ចង់​ឲ្យ​គាត់​អធិស្ឋាន​ឡើយ ហើយ​គាត់​ពុំ​អាច​និយាយ​បាន​ទេ ។ គាត់​បាន​ធ្លាក់​ខ្លួន​ឈឺ ហើយ​ភ័យ​ខ្លាច ហើយ​គាត់​បាន​ត្រឡប់​ទៅ​ផ្ទះវិញ ។

យ៉ូសែប​ប្រសិទ្ធពរ​នូវែល

ភរិយា​របស់​នូវែល​មាន​ការព្រួយ​ចិត្ត​អំពី​គាត់ ហើយ​បាន​សូម​ឲ្យ​យ៉ូសែប ស៊្មីធ ជួយ ។ យ៉ូសែប​បាន​ប្រើ​បព្វជិតភាព​ប្រសិទ្ធពរ​នូវែល ហើយ​បណ្តេញ​សាតាំង​ចេញ​ពី​គាត់ ។ បន្ទាប់​ពី​ការប្រសិទ្ធពរ​នោះ នូវែល​មាន​អារម្មណ៍​ល្អ​ប្រសើរ​ឡើង ។ ក្រោយ​មក​គាត់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។