ជំពូកទី ៥៩ ពិធីអំណោយទានពិសិដ្ឋត្រូវបានធ្វើឡើងនៅក្នុងព្រះវិហារបរិសុទ្ធណៅវូ ខែ វិច្ឆិកា ឆ្នាំ ១៨៤៥–ខែ កុម្ភៈ ឆ្នាំ ១៨៤៦ បន្ទាប់ពីមរណភាពរបស់ព្យាការីយ៉ូសែប ស្ម៊ីធ នោះពួកបរិសុទ្ធបានបន្តការធ្វើការសាងសង់ព្រះវិហារបរិសុទ្ធណៅវូ ។ ព្រះអម្ចាស់បានមានបន្ទូលប្រាប់ពួកគេឲ្យសាងសង់ព្រះវិហារបរិសុទ្ធ ហើយពួកគេចង់ធ្វើតាមទ្រង់ ។ ពួកបរិសុទ្ធបានធ្វើកិច្ចការជាច្រើនទាំងនេះអំឡុងពេលដែលពួកគេត្រូវបានគេបៀតបៀន ហើយដឹងថា មិនយូរប៉ុន្មានឡើយ ពួកគេនឹងត្រូវចាកចេញពីទីក្រុងណៅវូ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:៣១ កាលផ្នែកនីមួយៗនៃព្រះវិហារបរិសុទ្ធត្រូវបានបញ្ចប់ នោះពួកបរិសុទ្ធបានឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ ហើយបានចាប់ផ្តើមប្រើប្រាស់ផ្នែកនោះ ។ បុណ្យជ្រមុជទឹកសម្រាប់មរណជនត្រូវបានធ្វើឡើងនៅក្នុងព្រះវិហារបរិសុទ្ធចាប់តាំងពីឆ្នាំ ១៨៤១ នៅពេលដែលជាន់ផ្ទាល់ដីត្រូវបានសាងសង់រួច ។ នៅក្នុងខែ វិច្ឆិកា ឆ្នាំ ១៨៤៥ បន្ទប់មួយចំនួននៅជាន់លើបានសាងសង់រួចរាល់ និងត្រូវបានឧទ្ទិសឆ្លងដើម្បីឲ្យពួកបរិសុទ្ធទទួលពិធីបរិសុទ្ធពិសិដ្ឋនៃពិធីអំណោយទានពិសិដ្ឋ ( សូមមើលផងដែរ ជំពូកទី ៥០ ) ។ ពួកបរិសុទ្ធមានចិត្តអន្ទះសាចង់ទទួលពិធីបរិសុទ្ធរបស់ពួកគេនៅក្នុងព្រះវិហារបរិសុទ្ធ ដូច្នោះពួកគេបានប្រើប្រាស់ព្រះវិហារបរិសុទ្ធទាំងយប់ទាំងថ្ងៃ ។ អំឡុងពេលពីរបីសប្តាហ៍ពីមុនពួកបរិសុទ្ធចាកចេញពីទីក្រុងណៅវូ នោះព្រិកហាំ យ៉ង់ និងអ្នកដទៃទៀតបានចំណាយពេលទាំងអស់របស់ពួកគេដើម្បីជួយពួកគេឲ្យទទួលបានពិធីបរិសុទ្ធទាំងនេះ ។ មកត្រឹមពេលដែលពួកបរិសុទ្ធបានចាកចេញ មនុស្សស្ទើរតែ ៦០០០ នាក់បានទទួលពិធីអំណោយទានពិសិដ្ឋផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងព្រះវិហារបរិសុទ្ធណៅវូ ។ ពិធីបរិសុទ្ធទាំងនេះគឺជាពរជ័យដ៏អស្ចារ្យមួយដល់ពួកគេ នៅពេលពួកគេស៊ូទ្រាំនឹងការសាកល្បងដ៏លំបាកនៅប៉ុន្មានឆ្នាំក្រោយមកទៀត ។