ជំពូកទី ២០ អំណោយទានទាំងឡាយនៃព្រះវិញ្ញាណ ថ្ងៃទី ៨ ខែ មីនា ឆ្នាំ ១៨៣១ យ៉ូសែប ស៊្មីធ បានទទួលវិវរណៈជាច្រើនដែលបានបង្រៀនអំពីព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះវិញ្ញាណបរិសុទ្ធគឺជាព្រះវិញ្ញាណដែលជួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវ ។ ព្រះវិញ្ញាណបរិសុទ្ធគ្មានព្រះកាយជាសាច់ និងឆ្អឹងទេ ។ គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣០:២២ តាមរយៈព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ នោះព្រះប្រទានអំណោយទានពិសេសៗដល់សមាជិកសាសនាចក្រ ។ អំណោយទានទាំងនោះត្រូវបានហៅថា អំណោយទានទាំងឡាយនៃព្រះវិញ្ញាណ ឬអំណោយទានខាងវិញ្ញាណ ។ យ៉ាងហោចណាស់ ពួកបរិសុទ្ធម្នាក់ៗមាននូវអំណោយទានខាងវិញ្ញាណមួយ ។ សមាជិកសាសនាចក្រគួរតែរៀនអំពីអំណោយទានរបស់ពួកគេ ហើយប្រើវាដើម្បីជួយគ្នាទៅវិញទៅមក ។ ព្រះយេស៊ូវបានមានបន្ទូលប្រាប់យ៉ូសែប ស្ម៊ីធ អំពីអំណោយទានមួយចំនួននៃអំណោយទានទាំងនេះ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:៩–១២ ពួកបរិសុទ្ធមួយចំនួនត្រូវបានប្រទានឲ្យនូវអំណោយទាននៃការដឹងថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះ ។ ពួកគេដឹងថា ទ្រង់បានសុគតជំនួសយើង ។ ពួកបរិសុទ្ធផ្សេងទៀតត្រូវបានប្រទានឲ្យនូវអំណោយទានឲ្យទទួលស្គាល់ និងជឿលើទីបន្ទាល់ពិតរបស់មនុស្សផ្សេងទៀតអំពីព្រះយេស៊ូវ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:១៣–១៤ ពួកបរិសុទ្ធមួយចំនួនត្រូវបានប្រទានឲ្យនូវអំណោយទានដើម្បីធ្វើជាអ្នកដឹកនាំ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦:១៥ ពួកបរិសុទ្ធមួយចំនួនត្រូវបានប្រទានឲ្យនូវអំណោយទាន ដើម្បីដឹងពីភាពខុសគ្នារវាងវិញ្ញាណសុចរិត និងវិញ្ញាណទុច្ចរិត ។ វិញ្ញាណសុចរិតត្រូវបានបញ្ជូនមកពីព្រះ ហើយធ្វើឲ្យយើងមានអារម្មណ៍ល្អ ។ វិញ្ញាណទុច្ចរិតត្រូវបានបញ្ជូនមកពីសាតាំង ហើយនាំមកនូវអារម្មណ៍មិនល្អ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:១៦, ២៣; ៥០:២៣–២៤ ពួកបរិសុទ្ធមួយចំនួនត្រូវបានប្រទានឲ្យនូវអំណោយទាននៃប្រាជ្ញា ។ អំណោយទាននេះជួយពួកគេឲ្យធ្វើការជ្រើសរើសល្អៗ ហើយប្រើប្រាស់ចំណេះដឹងដែលព្រះវរបិតាសួគ៌ប្រទានដល់ពួកគេដោយត្រឹមត្រូវ ។ ពួកបរិសុទ្ធមួយចំនួនត្រូវបានប្រទានឲ្យនូវអំណោយទាននៃការចេះដឹង ។ អស់អ្នកដែលមាននូវអំណោយទាននេះត្រូវបង្រៀនមនុស្សដទៃ ហើយជួយពួកគេឲ្យធ្វើការជ្រើសរើសឈ្លាសវៃ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:១៧–១៨ ពួកបរិសុទ្ធមួយចំនួនត្រូវបានប្រទានឲ្យនូវអំណោយទាននៃសេចក្តីជំនឿដើម្បីទទួលបានការព្យាបាលឲ្យជា ។ ពួកបរិសុទ្ធផ្សេងទៀតត្រូវបានប្រទានឲ្យនូវអំណោយទានដើម្បីព្យាបាលជំងឺមនុស្ស ។ ព្រះវិញ្ញាណបរិសុទ្ធប្រទានអំណោយទានដល់ពួកបរិសុទ្ធមួយចំនួនឲ្យសម្តែងអព្ភូតហេតុ ។ អព្ភូតហេតុបង្ហាញពីព្រះចេស្តារបស់ព្រះ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:១៩–២១ ពួកបរិសុទ្ធមួយចំនួនត្រូវបានប្រទានឲ្យនូវអំណោយទាន ដើម្បីនិយាយភាសាដែលពួកគេពុំចេះ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:២៤ ពួកបរិសុទ្ធមួយចំនួនត្រូវបានប្រទានឲ្យនូវអំណោយទាននៃការព្យាករ ។ អំណោយទាននេះជួយពួកគេដឹង និងយល់អំពីរឿងដែលបានកើតឡើងកាលពីអតីតកាល រឿងដែលកំពុងកើតឡើង និងរឿងដែលនឹងកើតឡើងនាពេលអនាគត ។ គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៦:២២ ពួកបរិសុទ្ធមួយចំនួនត្រូវបានប្រទានឲ្យនូវអំណោយទានជាច្រើន ។ ពួកបរិសុទ្ធទាំងអស់គួរតែប្រើប្រាស់អំណោយទានរបស់ពួកគេដើម្បីបម្រើ និងផ្តល់ពរដល់អ្នកដទៃ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦:២៩ ប៊ីស្សពអាចដឹងអំពីអំណោយទាននានាដែលសមាជិកម្នាក់ៗមាន ។ គាត់ដឹងថា នរណានឹងក្លាយជាគ្រូបង្រៀនល្អ ។ គាត់ដឹងថា ពួកបរិសុទ្ធណាដែលស្រឡាញ់ព្រះ ហើយគោរពតាមបទបញ្ញត្តិ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦:២៧ ពួកបរិសុទ្ធសុចរិតគួរតែធ្វើការ ហើយអធិស្ឋានដើម្បីត្រូវបានប្រទានឲ្យនូវអំណោយទានដែលពួកគេត្រូវការ ។ អំណោយទានទាំងអស់នេះកើតមកពីព្រះ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:៩, ២៨, ៣២