ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូកទី ៣៩ ៖ ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​ត្រូវ​បាន​ឧទ្ទិស​ឆ្លង ៖ ខែ មករា–ខែ មីនា ឆ្នាំ ១៨៣៦


ជំពូកទី ៣៩

ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​ត្រូវ​បាន​ឧទ្ទិស​ឆ្លង

ខែ មករា–ខែ មីនា ឆ្នាំ ១៨៣៦

ពួកបរិសុទ្ធ​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ខឺត​ឡង់

ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​ឲ្យ​ពួកបរិសុទ្ធ​សាងសង់​ព្រះវិហារ​បរិសុទ្ធ​មួយ​នៅក្នុង​ទីក្រុង​ខឺតឡង់ ។ ពួកបរិសុទ្ធ​មាន​ភាព​ក្រីក្រ ប៉ុន្តែ​ពួកគេ​បាន​បូជា ហើយ​ខិតខំ​សាងសង់​ព្រះវិហារ​បរិសុទ្ធ ។ ពួកគេ​មាន​សេចក្តីជំនឿ​ថា ព្រះអម្ចាស់​នឹង​ជួយ​ពួកគេ​ឲ្យ​ធ្វើ​នូវ​អ្វី​ដែល​ទ្រង់​បាន​ប្រាប់ឲ្យ​ពួកគេ​ធ្វើ ។

ឪពុក​របស់​យ៉ូសែប​ប្រសិទ្ធពរ​អ្នក​ដឹកនាំ​សាសនាចក្រ

នៅពេល​ព្រះវិហារ​បរិសុទ្ធ​ជិត​សង់​រួច អ្នក​ដឹកនាំ​សាសនាចក្រ​មួយ​ចំនួន​បាន​ធ្វើការ​ប្រជុំ​នៅ​ទីនោះ ។ នៅ​ឯ​ការប្រជុំ​នោះ ឪពក​របស់​យ៉ូសែប ស៊្មីធ បាន​ប្រសិទ្ធពរ​អ្នកដឹក​នាំ​សាសនាចក្រ ។ ឪពុក​របស់​យ៉ូសែប​គឺ​ជា​អយ្យកោ​នៃ​សាសនាចក្រ ។

យ៉ូសែប​ឃើញ​ការនិមិត្ត

បន្ទាប់​មក យ៉ូសែប ស៊្មីធ បាន​ឃើញ​ការនិមិត្ត​ដ៏​អស្ចារ្យ​មួយ ដែល​លោក​បាន​ឃើញ​នគរសេឡេស្ទាល​នៃ​ស្ថានសួគ៌ ។ នគរ​សេឡេស្ទាល​គឺ​ជា​កន្លែង​ដែល​ព្រះគង់​នៅ ។ យ៉ូសែប​បាន​ឃើញ​ភាព​ស្រស់ស្អាត​នៃ​នគរ​សេឡេស្ទាល ។ លោក​បាន​ឃើញ​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវ ។ លោក​ក៏​បាន​ឃើញ​បងប្រុស​របស់​លោក អាលវិន ដែល​បាន​ស្លាប់​ផងដែរ ។

ពួកសាសន៍យូដា​ត្រឡប់​ទៅ​ទីក្រុង​យេរូសាឡិម​វិញ

យ៉ូសែប​មាន​ការអស្ចារ្យ​ក្នុង​ចិត្ត​ដែល​ឃើញ​អាលវិន​នៅក្នុង​នគរ​សេឡេស្ទាល ដោយសារ​អាលវិន​ពុំ​ទាន់បាន​ជ្រមុជទឹក​នៅឡើយ​ពីមុន​គាត់​ស្លាប់ ។ ព្រះយេស៊ូវ​បាន​ពន្យល់​ថា មនុស្ស​ជាច្រើន​ពុំ​បាន​ស្គាល់​ដំណឹង​ល្អ​ឡើយ​កាល​ពួកគេ​រស់នៅ​លើ​ផែនដី ។

មនុស្សរស់នៅ​ក្នុង​កន្លែង​ឆ្ងាយៗ

ដូចជា​អាលវិន​ដែរ មនុស្ស​មួយ​ចំនួន​នេះ​បាន​រស់នៅ​ក្នុង​គ្រា​ដែល​ពុំ​មាន​ដំណឹងល្អ​ដ៏​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅ​លើ​ផែនដី​នេះ ។ ពួកគេ​មួយ​ចំនួន​បាន​រស់នៅ​ក្នុង​តំបន់​ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពុំ​អាច​បង្រៀន​ពួកគេ​បាន ។

មនុស្ស​មក​ពី​វប្បធម៌​ផ្សេងៗ

មនុស្ស​មួយ​ចំនួន​នេះ​នឹង​ជឿ​លើ​ដំណឹង​ល្អ ហើយ​បាន​ជ្រមុជទឹក ប្រសិនបើ​ពួកគេ​បាន​ដឹង​ដំណឹងល្អ កាល​ពួកគេ​រស់នៅលើ​ផែនដី ។ មនុស្ស​ទាំង​នេះ​នឹង​ទៅ​នគរ​សេឡេស្ទាល ។

ឪពុក​ម្តាយ​ទ្រោប​ខ្លួន​លើ​កូនប្រុស​ដែល​ស្លាប់​របស់​ពួកគេ

នៅក្នុង​ការនិមិត្ត​នេះ យ៉ូសែប​ក៏​បាន​រៀន​អំពី​កូនក្មេង​ដែល​ស្លាប់​ពីមុន​ពួកគេ​អាយុ​ប្រាំបី​ឆ្នាំ​ផងដែរ ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា កូនក្មេង​ទាំង​នេះ​នឹង​ទៅ​នគរ​សេឡេស្ទាល ។

ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់

នៅ​ទីបំផុត​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​បាន​សាងសង់​រួចរាល់ ហើយ​រៀបចំ​ដើម្បី​ឧទ្ទិស​ឆ្លង ។ នោះ​មាន​ន័យ​ថា ព្រះវិហារ​បរិសុទ្ធ​នឹង​ត្រូវ​បាន​ថ្វាយ​ចំពោះ​ព្រះអម្ចាស់ ហើយ​ប្រើប្រាស់​សម្រាប់​តែ​កិច្ចការ​របស់​ទ្រង់​ប៉ុណ្ណោះ ។ ពួកបរិសុទ្ធ​មាន​ការប្រជុំ​ពិសេស​មួយ​ដើម្បី​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ ។

ពួកបរិសុទ្ធ​កំពុង​ច្រៀង

ពួកបរិសុទ្ធ​ជាច្រើន​បាន​មក​ការប្រជុំ​នោះ ។ ពួកគេ​រីករាយ​ណាស់​ដែល​មាន​ព្រះវិហារ​បរិសុទ្ធ ។ ពួកគេ​បាន​ច្រៀង​ចម្រៀង និង​អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតាសួគ៌ ។ ពួកគេ​បាន​សន្យា​ថា ធ្វើ​តាម​ព្យាការី យ៉ូសែប ស៊្មីធ និង​អ្នកដឹកនាំ​ដទៃ​ទៀត​ក្នុង​សាសនាចក្រ ។

ទេវតា​បង្ហាញ​ព្រះកាយ​នៅក្នុង​ការឧទ្ទិស​ឆ្លង

យ៉ូសែប ស៊្មីធ បាន​ធ្វើការអធិស្ឋាន​ពិសេស​មួយ​ដើម្បី​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ ។ បន្ទាប់​ពី​ការអធិស្ឋាន ព្រះវិហារ​បរិសុទ្ធ​ក្លាយ​ជា​អគារ​ពិសិដ្ឋ​មួយ ។ វា​ជា​ដំណាក់​របស់​ព្រះអម្ចាស់ ។ ពួកទេវតា​បាន​គង់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នៅ​ថ្ងៃនោះ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​គង់​នៅ​ជាមួយ​ពួក​បរិសុទ្ធ ។ វា​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​មួយ !