ជំពូកទី ៣៧ ថ្នាក់ដឹកនាំបព្វជិតភាព ខែ កុម្ភៈ–ខែ មីនា ឆ្នាំ ១៨៣៥ យ៉ូសែប ស៊្មីធ បានសុំឲ្យបុរសនៃកងទ័ពជំរំស៊ីយ៉ូន និងមនុស្សដទៃទៀតទៅការប្រជុំដ៏សំខាន់មួយនៅក្នុងទីក្រុងខឺឡង់ រដ្ឋអូហៃអូ ។ យ៉ូសែបបានប្រាប់បុរសទាំងនោះថា ព្រះយេស៊ូវសព្វព្រះទ័យឲ្យពួកដប់ពីរនាក់ត្រូវបានហៅឲ្យជួយដឹកនាំសាសនាចក្រ ។ ព្រះអម្ចាស់បានមានបន្ទូលប្រាប់ អូលីវើរ ខៅឌើរី, ដាវីឌ វិតមើរ និង ម៉ាទីន ហារីស ឲ្យជ្រើសរើសពួកសាវក ។ នៅឯការប្រជុំនោះ អូលើវើរ, ដាវីឌ និង ម៉ាទិន ត្រូវបានប្រសិទ្ធពរដោយគណៈប្រធានទីមួយនៃសាសនាចក្រ ។ បន្ទាប់មក ពួកលោកបានអធិស្ឋានជាមួយគ្នា ហើយបានជ្រើសរើសពួកបុរសល្អចំនួនដប់ពីរនាក់ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:៣៧ ពួកបុរសដប់ពីរនាក់ត្រូវបានតែងតាំងជាពួកសាវក ។ ការហៅពួកសាវកគឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយនៅក្នុងការស្តារឡើងវិញនៃសាសនាចក្ររបស់ព្រះអម្ចាស់ ។ ពួកដប់ពីរនាក់គឺជាអ្នកដឹកនាំដ៏សំខាន់នៅក្នុងសាសនាចក្រ ។ ពួកលោកដឹងថា ព្រះគឺជាព្រះអង្គសង្គ្រោះរបស់យើង ។ ពួកលោកបង្រៀនដំណឹងល្អនៅទូទាំងពិភពលោក ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:២៣–២៤ ពីរបីថ្ងៃក្រោយមក មានបុរសផ្សេងទៀតត្រូវបានជ្រើសរើសឲ្យធ្វើជាអ្នកដឹកនាំនៅក្នុងសាសនាចក្រ ។ ពួកលោកត្រូវបានហៅជាពួកចិតសិបនាក់ ។ ពួកចិតសិបនាក់ជួយពួកសាវក ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:២៥, ៣៤ ថ្ងៃមួយ ពួកសាវកដប់ពីរនាក់បាននៅក្នុងការប្រជុំមួយ ។ ពួកលោកបានកំពុងត្រៀមខ្លួនដើម្បីទៅបេសកកម្ម ហើយពួកលោកចង់បានជំនួយពីព្រះវរបិតាសួគ៌ ។ ពួកសាវកបានសូមឲ្យយ៉ូសែប ស៊្មីធ អធិស្ឋានទូលសូមវិវរណៈដើម្បីជួយពួកលោកនៅក្នុងបេសកកម្មរបស់ពួកលោក ។ ព្រះយេស៊ូវបានប្រទានវិវរណៈមួយដ៏អស្ចារ្យដល់យ៉ូសែប និងពួកសាវកដែលទ្រង់បានមានបន្ទូលប្រាប់ពួកលោកអំពីបព្វជិតភាព ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧ក្បាលកណ្ឌ បព្វជិតភាពគឺជាអំណាចរបស់ព្រះ ។ វាជាអំណាចដ៏មហិមាបំផុតនៅលើផែនដី ។ ព្រះប្រទានបព្វជិតភាពដល់ពួកបុរសសុចរិត ។ ពួកបុរសដែលកាន់បព្វជិតភាពអាចត្រូវបានផ្តល់សិទ្ធិដើម្បីប្រកាសដំណឹងល្អ ធ្វើពិធីបរិសុទ្ធ និងធ្វើជាអ្នកដឹកនាំសាសនាចក្រ ។ មានបព្វជិតភាពចំនួនពីរនៅក្នុងសាសនាចក្រ ។ បព្វជិតភាពមួយគឺបព្វជិតភាពមិលគីស្សាដែក ក៏អាចហៅថា បព្វជិតភាពដ៏ធំជាងផងដែរ ។ ប្រធានសាសនាចក្រ ទីប្រឹក្សារបស់លោក ពួកសាវកដប់ពីរនាក់ និងពួកចិតសិបនាក់មានបព្វជិតភាពមិលគីស្សាដែកគ្រប់ៗរូប ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:១, ២២–២៦ ប្រធានសាសនាចក្រគឺជាព្យាការីរបស់ព្រះ ។ លោកប្រាប់មនុស្សអំពីអ្វីដែលព្រះយេស៊ូវសព្វព្រះទ័យឲ្យពួកគេធ្វើ ។ ព្យាការីមានទីប្រឹក្សាដែលជួយដល់លោក ។ ព្យាការី និងទីប្រឹក្សារបស់លោកគឺជាគណៈប្រធានទីមួយនៃសាសនាចក្រ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:២២ ពួកសង្ឃជាន់ខ្ពស់ក៏មានបព្វជិតភាពមិលគីស្សាដែកផងដែរ ។ អ្នកដឹកនាំជាច្រើននៅក្នុងស្តេក និងវួដគឺជាសង្ឃជាន់ខ្ពស់ ។ បុរសទាំងនោះរួមមានប្រធានស្តេក ប៊ីស្សព និងទីប្រឹក្សាជាន់ខ្ពស់ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:១០, ១២, ១៧ ពួកបុរសដែលត្រូវបានតែងតាំងជាអែលឌើរក៏មានបព្វជិតភាពមិលគីស្សាដែកផងដែរ ។ ពួកអែលឌើរបង្រៀនសមាជិក និងមើលថែពួកគេ ។ គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៣៨–៤៥; ៤៣:១៥; ១០៧:៧, ១១–១២ ពួកអែលឌើរក៏ត្រូវបានហៅឲ្យទៅបេសកកម្មដើម្បីបង្រៀនដំណឹងល្អនៅទូទាំងពិភពលោកផងដែរ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៣:៨ ពួកបុរសទាំងអស់ដែលមានបព្វជិតភាពមិលគីស្សាដែកអាចប្រសិទ្ធពរមនុស្សបាន ។ ពួកគេក៏អាចផ្តល់ព្រះវិញ្ញាណបរិសុទ្ធដល់មនុស្សផងដែរ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៤៣; ៤២:៤៣–៤៤; ១០៧:១៨ បព្វជិតភាពមួយទៀតគឺបព្វជិតភាពអើរ៉ុន ក៏អាចហៅបានថា បព្វជិតភាពតូចជាងផងដែរ ។ បព្វជិតភាពអើរ៉ុនរួមមានតំណែងនៃប៊ីស្សព, សង្ឃ, គ្រូ និង ឌីកុន ។ ពួកសង្ឃអាចធ្វើបុណ្យជ្រមុជទឹកឲ្យមនុស្ស ប្រសិទ្ធពរសាក្រាម៉ង់ និងជួយពួកអែលឌើរ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៤៦–៥២ ពួកគ្រូរៀបចំសាក្រាម៉ង់ ។ ពួកគេទៅបង្រៀនតាមផ្ទះ និងជួយសមាជិកសាសនាចក្រឲ្យរស់នៅក្នុងជីវិតល្អ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៥៣–៥៧ ពួកឌីកុនចែកសាក្រាម៉ង់ ។ ពួកគេក៏ប្រមូលដង្វាយតមអាហារ និងជួយប៊ីស្សពផងដែរ ។ ព្រះយេស៊ូវបានមានបន្ទូលថា ពួកបុរសទាំងអស់ដែលមានបព្វជិតភាពគួរតែរៀននូវអ្វីដែលព្រះសព្វព្រះទ័យឲ្យពួកគេធ្វើ ។ ប្រសិនបើពួកគេខិតខំធ្វើការ នោះព្រះវរបិតាសួគ៌នឹងប្រទានពរដល់ពួកគេ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៩៩