ជំពូកទី ៥៦ ក្តីអំពល់ជាច្រើនទៀតមកលើពួកបរិសុទ្ធ ឆ្នាំ ១៨៤៣–១៨៤៤ មនុស្សភាគច្រើនដែលរស់នៅជិតទីក្រុងណៅវូពុំមែនជាសមាជិកសាសនាចក្រឡើយ ។ ពួកគេជាច្រើននាក់ពុំចូលចិត្តពួកបរិសុទ្ធទេ ហើយបានចាប់ផ្តើមបង្កើតក្តីអំពល់ដល់ពួកគេ ។ មនុស្សមួយចំនួនបានប្រមូលផ្តុំគ្នាជាក្រុមមនុស្សកំណាច ។ ពួកគេបានលួចសត្វរបស់ពួកបរិសុទ្ធ ហើយបានដុតជង្រុកស្រូវ និងផ្ទះសម្បែងរបស់ពួកគេ ។ ពួកគេបានព្យាយាមបណ្តេញពួកបរិសុទ្ធចេញពីទីក្រុងណៅវូ ។ ពួកប៉ូលីស និងពួកទាហានពុំបញ្ឈប់ពួកមនុស្សកំណាចឡើយ ។ លោកអភិបាលពុំបានជួយពួកបរិសុទ្ធទេ ។ យ៉ូសែប ស៊្មីធ បានប្រាប់ពួកបរិសុទ្ធនៅក្នុងទីក្រុងណៅវូថា ពួកគេនឹងមានរឿងអំពល់ ។ លោកបានដឹងថា ថ្ងៃណាមួយពួកគេនឹងចាកចេញពីទីក្រុងណៅវូ ហើយទៅឆ្ងាយ ជាកន្លែងមួយដែលគ្មាននរណាម្នាក់រំខានពួកគេឡើយ ។ យ៉ូសែប ស៊្មីធ បានមានការប្រជុំមួយជាមួយពួកសាវក និងពួកបុរសមួយចំនួនទៀត ។ លោកបានប្រាប់ពួកគេឲ្យរកកន្លែងថ្មីមួយ ជាកន្លែងដែលពួកបរិសុទ្ធអាចរស់នៅបាន ប្រសិនបើពួកគេត្រូវចាកចេញពីទីក្រុងណៅវូ ។ យ៉ូសែបបានមើលផែនទីនៃដែនដី ។ ផែនទីបង្ហាញអំពីកន្លែងមួយដែលមានភ្នំខ្ពស់ៗ និងមានជ្រលងភ្នំធំទូលាយ ។ យ៉ូសែបបានដឹងថា នោះគឺជាកន្លែងដ៏ល្អមួយសម្រាប់ពួកបរិសុទ្ធ ។ មនុស្សមួយចំនួននៅទីក្រុងណៅវូដែលធ្លាប់ជាសមាជិកសាសនាចក្របានបែរមកប្រឆាំងនឹងសាសនាចក្រ ។ ពួកគេស្អប់យ៉ូសែប ស៊្មីធ ហើយចង់សម្លាប់លោកចោល ។ ពួកគេបានចាប់ផ្តើមធ្វើសារព័ត៌មាន និងសរសេររឿងអាក្រក់ៗអំពីយ៉ូសែប និងពួកបរិសុទ្ធ ។ អ្នកដឹកនាំទីក្រុងណៅវូបានខឹងសម្បារអំពីសារព័ត៌មាននោះ ។ ដោយសារសារព័ត៌មាននោះបោះពុម្ពផ្សាយកុហក នោះពួកអ្នកដឹកនាំទាំងនេះមានអារម្មណ៍ថា ពួកគេមានសិទ្ធិអំណាចស្របច្បាប់ដើម្បីបញ្ឈប់ព័ត៌មាននោះ ។ ពួកបុរសមួយចំនួនបានទៅអគារសារព័ត៌មាន ហើយដុតសារព័ត៌មាននោះ និងបំផ្លាញកន្លែងបោះពុម្ពកាសែតចោល ។ ការណ៍នេះបានបណ្តាលឲ្យពួកសត្រូវនៃសាសនាចក្របានខឹងសម្បារកាន់តែខ្លាំងឡើង ។