ជំពូកទី ៥៨ អ្នកដឹកនាំថ្មីសម្រាប់សាសនាចក្រ ខែ កក្កដា–ខែ សីហា ឆ្នាំ ១៨៤៤ បន្ទាប់ពីព្យាការី យ៉ូសែប ស៊្មីធ ត្រូវបានគេសម្លាប់មក នោះសាសនាចក្រគ្មានប្រធានដឹកនាំឡើយ ។ ពួកបរិសុទ្ធពុំប្រាកដចិត្តថា តើនរណាគួរតែធ្វើជាអ្នកដឹកនាំពួកគេទេ ។ ពួកសាវកភាគច្រើនបានទៅបម្រើបេសកកម្មនៅឆ្ងាយៗ ។ ស៊ីឌនី រិកដុន បានធ្វើជាទីប្រឹក្សារបស់យ៉ូសែប ស៊្មីធ ។ ប៉ុន្តែលោកពុំបានគោរពតាមព្រះអម្ចាស់ឡើយ ហើយបានប្តូរទៅរស់នៅឆ្ងាយពីទីក្រុងណៅវូ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:១០៨–១០៩ នៅពេល ស៊ីឌនី រិកដុន បានឮថា យ៉ូសែប ស៊្មីធ បានស្លាប់ នោះគាត់បានត្រឡប់មកទីក្រុងណៅវូវិញ ។ លោកបានចង់ធ្វើជាអ្នកដឹកនាំសាសនាចក្រ ។ ពួកសាវកដែលបានទៅបម្រើបេសកកម្មនៅឆ្ងាយៗក៏បានត្រឡប់មកទីក្រុងណៅវូវិញផងដែរ នៅពេលពួកគេបានដឹងអំពីមរណភាពរបស់យ៉ូសែប ។ ព្រិកហាំ យ៉ង់ គឺជាអ្នកដឹកនាំនៃពួកសាវក ។ លោកបានមានប្រសាសន៍ថា ព្រះអម្ចាស់បានប្រទានសិទ្ធិអំណាចដល់ពួកសាវកឲ្យដឹកនាំសាសនាចក្រ រហូតដល់ប្រធានថ្មីត្រូវបានជ្រើសរើស ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:២៤ សមាជិកសាសនាចក្របានមានការប្រជុំមួយ ។ ដំបូង ស៊ីឌនី រិកដុន បាននិយាយទៅកាន់ពួកគេ ហើយបាននិយាយថា លោកគួរតែធ្វើជាអ្នកដឹកនាំសាសនាចក្រ ។ បន្ទាប់មក ព្រិកហាំ យ៉ង់ បាននិយាយ ហើយបាននិយាយថា ពួកសាវកគួរតែអ្នកដឹកនាំសាសនាចក្រ ។ ព្រះវិញ្ញាណបរិសុទ្ធបានគង់នៅជាមួយលោក ។ សំឡេងរបស់ ព្រិកហាំ យ៉ង់ ដូចជាសំឡេងរបស់យ៉ូសែប ស្ម៊ីធ ហើយមនុស្សមួយចំនួនថែមទាំងមើលឃើញថា លោកគឺដូចជាយ៉ូសែប ស្ម៊ីធ ។ ពួកបរិសុទ្ធបានដឹងថា ព្រះបានជ្រើសរើសពួកសាវកដើម្បីដឹកនាំសាសនាចក្រ ហើយពួកគេទាំងអស់គ្នាបានបោះឆ្នោតដើម្បីទទួលយកពួកសាវកធ្វើជាអ្នកដឹកនាំពួកគេ ។ ស៊ីឌនី រិកដុន បានខឹងសម្បារ ។ គាត់បានត្រឡប់ទៅផ្ទះរបស់គាត់វិញ ហើយបានចាប់ផ្តើមបើកព្រះវិហារផ្ទាល់ខ្លួនគាត់ ។ គាត់ពុំមែនជាសមាជិកសាសនាចក្រនៃព្រះយេស៊ូវនៃពួកបរិសុទ្ធថ្ងៃចុងក្រោយទៀតឡើយ ។