ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូកទី ៥ ៖ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ៖ ខែ កុម្ភៈ–មេសា ឆ្នាំ ១៨២៩


ជំពូកទី ៥

យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី

ខែ កុម្ភៈ–មេសា ឆ្នាំ ១៨២៩

យ៉ូសែប ស្ម៊ីធ ស៊ីញ្ញ័រ មក​សួរសុខទុក្ខ​យ៉ូសែប

យ៉ូសែប និង​អិមម៉ា ស្ម៊ីធ​បាន​រស់នៅ​លើ​ដី​ចម្ការ​តូច​មួយ​នៅ​ក្បែរ​ភូមិ​ហាម៉ូនី រដ្ឋ ផេនស៊ីវើរញ៉ា ។ ឪពុក​របស់​យ៉ូសែប​បាន​មក​សួរ​សុខទុក្ខ​ពួកលោក ។ ពួកលោក​រីករាយ​ដែល​បាន​ឃើញ​គាត់ ។ ឪពុក​របស់​យ៉ូសែប​គឺ​ជា​មនុស្ស​ល្អ​ម្នាក់ ។

យ៉ូសែប​ទទួល​វិវរណៈ

ព្រះយេស៊ូវ​បាន​ប្រទាន​វិវរណៈ​មួយ​ដល់​ឪពុក​របស់​យ៉ូសែប ។ វិវរណៈ​នោះ​ប្រាប់​អំពី​របៀប​ដែល​មនុស្ស​អាច​ជួយ​ព្រះយេស៊ូវ ។ ពួកគេ​គួរតែ​ស្រឡាញ់​ព្រះយេស៊ូវ ។ ពួកគេ​គួរតែ​ខំ​ប្រឹងប្រែង​បង្រៀន​ដំណឹង​ល្អ ។ ពួកគេ​គួរតែ​ស្រឡាញ់ ហើយ​ជួយ​មនុស្ស​ដទៃ​ទៀត ។

យ៉ូសែប ស្ម៊ីធ ស៊ីញ្ញ័រ​ អធិស្ឋាន

មនុស្ស​ដែល​ចង់​ជួយ​ព្រះយេស៊ូវ​គួរតែ​អធិស្ឋាន ហើយ​មាន​សេចក្តីជំនឿ​ផងដែរ ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា អស់​អ្នក​ដែល​ជួយ​ទ្រង់​នឹង​ត្រូវបាន​ប្រទាន​ពរ ។

យ៉ូសែប ស្ម៊ីធ ស៊ីញ្ញ័រ ចាកចេញ​ពី យ៉ូសែប និង​អិមម៉ា

ឪពុក​របស់​យ៉ូសែប​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​បាន​ព្យាយាម​ធ្វើ​អ្វី​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ឲ្យ​គាត់​ធ្វើ ។ គាត់​បាន​ចែកចាយ​ដំណឹងល្អ​ជាមួយ​សមាជិក​គ្រួសាររបស់​គាត់​ជាច្រើន​នាក់ ។

យ៉ូសែប​អធិស្ឋាន

យ៉ូសែប​ត្រូវ​ធ្វើការ​នៅ​ចម្ការ​របស់​លោក ។ លោក​ក៏​ត្រូវ​បកប្រែ​ផ្ទាំង​ចំណារ​មាស​ផងដែរ ។ កិច្ចការ​ទាំងនោះ​ច្រើន​ខ្លាំង​ណាស់​ដែល​លោកត្រូវ​​ធ្វើ​តែ​ម្នាក់​ឯង ដូច្នោះ​លោក​បាន​អធិស្ឋាន​ទូល​សូម​ជំនួយ​ពី​ព្រះវរបិតាសួគ៌ ។

យ៉ូសែប​ជួប​អូលីវើរ ខៅឌើរី

ព្រះវរបិតាសួគ៌​បាន​ឆ្លើយតប​ការអធិស្ឋាន​របស់​យ៉ូសែប ។ ទ្រង់​បាន​បញ្ជូន​មនុស្ស​ម្នាក់​ឈ្មោះ អូលីវើរ ខៅឌើរី មក​ជួប​យ៉ូសែប ។ អូលីវើរ​ចង់​ដឹង​អំពី​ផ្ទាំង​ចំណារ​មាស ។ យ៉ូសែប​បាន​ប្រាប់​គាត់​អំពី​ទេវតា​មរ៉ូណៃ ផ្ទាំង​ចំណារ​មាស និង​ព្រះគម្ពីរ​មរមន ។

អូលីវើរ ខៅឌើរី​កំពុង​សរសេរ​តាម​ការអាន

អូលើវើរ បាន​ជឿ​លើ​យ៉ូសែប ហើយ​បាន​និយាយ​ថា គាត់​នឹង​ជួយ​បកប្រែ​ផ្ទាំង​មាស​នោះ ។ នៅពេល​យ៉ូសែប​បាន​អាន​ពាក្យ​ពេចន៍​ទាំង​នោះ​ឮៗ នោះ​អូលីវើរ​បាន​សរសេរ​ពាក្យ​ទាំង​នោះ​នៅលើ​ក្រដាស ។ យ៉ូសែប និង​អូលីវើរ​បាន​ប្រឹងប្រែង​ធ្វើការ​នេះ ។

យ៉ូសែប និង អូលីវើរ

ព្រះយេស៊ូវ​បាន​បង្រៀន​យ៉ូសែប និង​អូលីវើរ នូវ​កិច្ចការ​ជាច្រើន ។ ទ្រង់​បាន​មាន​បន្ទូល​ថា ពួកគេ​គួរតែ​ស្វែងរក​ប្រាជ្ញា និង​ជីវិត​អស់កល្ប​ជានិច្ច ពុំមែន​ទ្រព្យ​សម្បត្តិ​នោះ​ទេ ។ ទ្រង់​ក៏​បាន​មាន​បន្ទូល​ផងដែរ​ថា ពួកលោក​គួរតែ​រៀន​អំពី​ព្រះ ហើយ​ជួយ​មនុស្ស​ឲ្យ​រៀន​ដំណឹង​ល្អ ។ ពួកលោក​គួរតែ​ស្មោះត្រង់ ហើយ​ធ្វើ​កិច្ចការ​ល្អៗ ។ ប្រសិនបើ​ពួកលោក​ធ្វើ​ដូច្នោះ នោះ​ពួកលោក​អាច​រស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌​ជា​រៀង​រហូត ។

អូលីវើរ​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​បកប្រែ

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា អូលីវើរ​គួរតែ​ធ្វើ​ជា​មិត្តភក្តិ​របស់​យ៉ូសែប​ជានិច្ច ហើយ​ជួយ​លោក​នៅក្នុង​គ្រា​លំបាកៗ ។ ព្រះយេស៊ូវ​ក៏​បាន​មាន​បន្ទូល​ផងដែរ​ថា អូលីវើរ​អាច​រៀន​បកប្រែ​ដូច​ជា​យ៉ូសែប ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​អូលីវើរ​ឲ្យ​បកប្រែ​ប្រសិនបើ​អូលីវើរ​មាន​សេចក្តីជំនឿ​គ្រប់គ្រាន់ ។

អូលីវើរ​ព្យាយាម​បកប្រែ

អូលីវើរ​បាន​ព្យាយាម​បកប្រែ ។ គាត់​បាន​គិត​ថា វា​មាន​ភាពងាយ​ស្រួល ប៉ុន្តែ​គាត់​ពុំ​អាច​បកប្រែ​បាន​ឡើយ ។

យ៉ូសែប​អធិស្ឋាន

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា អូលីវើរ​ពុំ​បាន​ទូល​សូម​ជំនួយ​ពី​ព្រះ​នៅក្នុង​របៀប​ត្រឹមត្រូវ​ឡើយ ។ ព្រះយេស៊ូវ​បាន​ប្រាប់​យ៉ូសែប ស្ម៊ីធ អំពី​របៀប​ដែល​អូលីវើរ និង​មនុស្ស​ទាំងអស់​អាច​ទទួល​បាន​ជំនួយ​ពី​ព្រះ ។

យុវនារី​អាន​ព្រះគម្ពីរ

នៅពេល​មនុស្ស​ត្រូវការ​ជំនួយ ពួកគេ​គួរតែ​គិត​ដោយ​យកចិត្ត​ទុកដាក់​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ ។ ពួកគេ​គួរតែ​សម្រេច​ចិត្ត​អំពី​អ្វី​ដែល​ពួកគេ​គិត​ថា ជា​រឿង​ត្រឹមត្រូវ​ដើម្បី​ធ្វើ ។

យុវនារី​អធិស្ឋាន

បន្ទាប់​មក ពួកគេ​ទូលសូម​ដល់​ព្រះ​ថា​តើ​វា​ជា​រឿង​ត្រឹមត្រូវ​ដែរ​ឬទេ ។ ប្រសិនបើ​វា​ជា​រឿង​ត្រឹមត្រូវ នោះ​ពួកគេ​នឹង​មាន​អារម្មណ៍​ល្អ​នៅក្នុង​ចិត្ត​របស់​ពួកគេ ។ ពួកគេ​នឹង​ដឹង​ថា វា​ជា​រឿង​ត្រឹមត្រូវ ។

យុវនារី​អធិស្ឋាន

ប្រសិនបើ​វា​ជា​រឿង​ខុសឆ្គង នោះ​ពួកគេ​នឹងគ្មាន​អារម្មណ៍​ល្អ​នៅក្នុង​ចិត្ត​របស់​ពួកគេ​ឡើយ ។

យ៉ូសែប​​អាន​អក្សរ​ពី​ផ្ទាំង

អូលីវើរ​ពុំ​បាន​ព្យាយាម​បកប្រែ​ព្រះគម្ពីរ​មរមន​ម្តង​ទៀត​ឡើយ ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​កត់ត្រា​នូវ​ពាក្យ​ទាំង​នោះ ពេល​យ៉ូសែប​បាន​បកប្រែ​វា ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា អូលីវើរ​នឹង​បាន​ពរ​ក្នុងការ​ជួយ​ដល់​យ៉ូសែប ។