ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
សេចក្តី​ណែនាំ​សម្រាប់​ម៉ោង​ច្រៀង​ចម្រៀង និង​បទបង្ហាញ​របស់​កុមារ​នៅ​ក្នុង​ម៉ោង​ប្រជុំ​សាក្រាម៉ង់


« សេចក្តី​ណែនាំ​សម្រាប់​ម៉ោង​ច្រៀង​ចម្រៀង និង​បទបង្ហាញ​របស់​កុមារ​នៅ​ក្នុង​ម៉ោង​ប្រជុំ​សាក្រាម៉ង់ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« សេចក្តី​ណែនាំ​សម្រាប់​ម៉ោង​ច្រៀង​ចម្រៀង និង​បទបង្ហាញ​របស់​កុមារ​នៅ​ក្នុង​ម៉ោង​ប្រជុំ​សាក្រាម៉ង់ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២២

កុមារ​កំពុង​ធ្វើ​កាយវិការ កាល​កំពុង​ច្រៀង​នៅក្នុង​ព្រះវិហារ

សេចក្តី​ណែនាំ​សម្រាប់​ម៉ោង​ច្រៀង​ចម្រៀង និង​បទបង្ហាញ​របស់​កុមារ​នៅ​ក្នុង​ម៉ោង​ប្រជុំ​សាក្រាម៉ង់

គោរពជូន គណៈ​ប្រធាន​អង្គការ​បឋម​សិក្សា និង អ្នក​ដឹកនាំ​តន្រី្ត

ចម្រៀង​កុមារ​គឺជា​ឧបករណ៍​ដ៏​មាន​ឥទ្ធិពល ដើម្បី​ជួយ​កុមារ​ឲ្យ​រៀន​អំពី​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតាសួគ៌ និង​សេចក្ដី​ពិត​ជា​មូលដ្ឋាន​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅពេល​កុមារ​ច្រៀង​អំពី​គោលការណ៍​នៃ​ដំណឹងល្អ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដ៏​ពេញ​លេញ​នៃ​គោលការណ៍ទាំង​នោះ ។ ទំនុក​ច្រៀង និង​ទំនុក​ភ្លេង​នឹង​ដក់​ជាប់​ក្នុង​គំនិត និង​ដួង​ចិត្ត​របស់​កុមារ​ពេញ​មួយ​ជីវិត​របស់​ពួកគេ ។

សូម​ស្វែង​រក​ជំនួយ​ពី​ព្រះវិញ្ញាណ នៅពេល​បងប្អូន​រៀបចំ​បង្រៀន​ដំណឹងល្អ​តាមរយៈ​តន្ត្រី ។ សូម​ចែក​ចាយ​ទីបន្ទាល់​របស់​បងប្អូន​អំពី​សេចក្ដី​ពិត​ដែល​បងប្អូន​កំពុង​ច្រៀង ។ សូម​ជួយ​កុមារ​ឲ្យ​មើលឃើញ​ពី​របៀប​ដែល​តន្ត្រី​ទាក់​ទង​នឹង​អ្វី​ដែល​ពួកគេ​កំពុង​រៀន និង​កំពុង​ដក​ពិសោធន៍​នៅ​ឯ​គេហដ្ឋាន និង​ក្នុង​ថ្នាក់​អង្គការ​បឋមសិក្សា ។ កុមារ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​នឹង​មាន​ពរ​តាម​រយៈ​ការ​ខិត​ខំ​ប្រឹងប្រែង​របស់​បងប្អូន ។

យើង​ស្រឡាញ់​បងប្អូន ហើយ​សូម​សម្ដែង​ការ​ដឹង​គុណ​របស់​យើង​ចំពោះ​ការ​បម្រើ​ដ៏​មាន​ការ​លះបង់​ខ្ពស់​ដែល​បងប្អូន​កំពុង​បម្រើ ដើម្បី​ពង្រឹង ហើយ​ការពារ​កុមារ​ដ៏​មាន​តម្លៃ​របស់​យើង ។

គណៈ​ប្រធាន​អង្គការ​បឋម​សិក្សា​ទូទៅ

សេចក្តី​ណែនាំ​សម្រាប់​ម៉ោង​ច្រៀង​ចម្រៀង

៥ នាទី ( គណៈប្រធាន​អង្គការ​បឋម​សិក្សា ) ៖ ការ​អធិស្ឋាន​បើក បទគម្ពីរ ឬ​មាត្រា​នៃ​សេចក្ដី​ជំនឿ និង​ការ​ឡើង​និយាយ​របស់​កុមារ​ម្នាក់

២០ នាទី ( អ្នក​ដឹកនាំ​តន្ត្រី ) ៖ ម៉ោង​ច្រៀង​ចម្រៀង

គណៈប្រធាន​អង្គការ​បឋម​សិក្សា និង​អ្នក​ដឹកនាំ​តន្ត្រី​ជ្រើស​រើស​ចម្រៀង​សម្រាប់​ខែ​នីមួយៗ​ដើម្បី​ពង្រឹង​គោលការណ៍​ដែល​កុមារ​កំពុង​រៀន​នៅ​ក្នុង​ថ្នាក់ និង​នៅ​ឯ​គេហដ្ឋាន​របស់​ពួកគេ ។ បញ្ជី​ចម្រៀង​មួយ​ដែល​ពង្រឹង​ដល់​គោលការណ៍​ទាំង​នេះ​មាន​ដាក់​បញ្ចូល​នៅ​ក្នុង​សេចក្ដីណែនាំ​នេះ ។ ចម្រៀង​ទាំង​នេះ​ក៏​មានណែនាំ​នៅ​ក្នុង​សៀវភៅ​ចូរ​មកតាម​ខ្ញុំ—សម្រាប់​អង្គការ​បឋម​សិក្សា​និង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល និង​ក្រុមគ្រួសារ ផងដែរ ។

នៅពេល​បងប្អូន​បង្រៀន​បទចម្រៀង​នីមួយៗ​ទៅ​កុមារ សូម​អញ្ជើញ​ពួកគេ​ឲ្យចែកចាយ​អ្វី​ដែល​ពួកគេ​បានរៀន​រួច​ហើយ​អំពី​ដំណើររឿង និង​​គោលការណ៍​ខាង​គោលលទ្ធិ​នោះ​​នៅក្នុង​បទចម្រៀង​នីមួយៗ ។ បងប្អូន​អាច​រំឭក​ក្នុង​គម្រោង​មេរៀន​នៃ​សៀវភៅ ចូរ​មកតាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា​ ដែល​​កុមារ​កំពុងរៀន​នៅក្នុង​ថ្នាក់​របស់ពួកគេ ។ ការធ្វើ​បែប​នេះ​នឹង​ជួយ​ឲ្យ​បងប្អូន​បាន​ដឹង​អំពី​រឿង និង​គោលការណ៍​ទាំងឡាយ​ដែល​ពួកគេ​កំពុង​រៀន ដើម្បី​បងប្អូន​អាច​ពិចារណា​ពី​របៀប​ជួយ​ដល់​ការរៀន​សូត្រ​របស់​ពួក​គេ​ដោយ​ប្រើប្រាស់​តន្រ្តី ។

នៅ​អំឡុង​ម៉ោង​ច្រៀង​ចម្រៀង បងប្អូន​ក៏​អាច​រំឭក​បទចម្រៀង​ដែល​កុមារ​​​បាន​រៀន​ពីមុនៗ​មក និង​បទចម្រៀង​ដែល​កុមារ​ចូលចិត្ត​ច្រៀង ។ នៅពេល​បងប្អូន​រំឭកបទចម្រៀង​ទាំងនោះ សូម​ឲ្យ​កុមារ​ចែកចាយ​គំនិត និង​អារម្មណ៍​របស់ពួកគេ​អំពី​សេចក្តីពិត​ដែល​មាន​នៅ​ក្នុង​បទ​ចម្រៀង​ទាំងនោះ ។

សៀវភៅ​ចម្រៀង​កុមារ គឺជា​ធនធាន​មូលដ្ឋាន​សម្រាប់​តន្រ្តី​នៅក្នុង​អង្គការ​បឋមសិក្សា ។ ទំនុកតម្កើង​នៅក្នុង សៀវភៅ​ទំនុកតម្កើង និង​ចម្រៀង​នៅក្នុងទស្សនាវដ្តី ប្រិយមិត្ត ឬ​ទស្សនាវដ្តី លីអាហូណា ក៏​អាចប្រើ​ប្រាស់​បាន​ផងដែរ ។ ជួនកាល កុមារ​អាច​ច្រៀង​ចម្រៀង​ជាតិ ឬ ​ចម្រៀង​ថ្ងៃ​បុណ្យ ដែល​សមរម្យ​សម្រាប់​ថ្ងៃអាទិត្យ និង​សម្រាប់​អាយុ​របស់​កុមារ ។ ការប្រើ​ចម្រៀង​ផ្សេងទៀត​នៅក្នុង​អង្គការ​បឋមសិក្សា​ត្រូវតែ​មាន​អនុមតិ​ពី​គណៈប៊ីស្សព ( សូមមើល ​ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ១២.៣.៤ គេហទំព័រ ChurchofJesusChrist.org ) ។

ទិដ្ឋភាព​ទូទៅ​នៃ​អង្គការ​បឋមសិក្សា

រាល់​សប្តាហ៍ កុមារ​រៀន ៖

ម៉ោង​ច្រៀងចម្រៀង ៖២៥ នាទី

ការប្ដូរ​ទីកន្លែង ៖៥ នាទី

ម៉ោង​បង្រៀន ៖២០ នាទី

ថ្នាក់ដឹកនាំ​របស់​អង្គការ​បឋមសិក្សា​ដែល​មាន​ចំនួន​កុមារ​ច្រើន អាច​បំបែក​កុមារ​ជា​ពីរក្រុម ហើយ​ឲ្យ​ក្រុម​មួយ​នៅ​ក្នុង​ថ្នាក់​រៀន​អង្គការ​បឋមសិក្សា ខណៈ​ដែល​ក្រុម​មួយ​ទៀត​នៅ​ក្នុង​ម៉ោង​ច្រៀង ។ បន្ទាប់មក​ក្រុម​ទាំងពីរ​ប្តូរ​ទីកន្លែង​គ្នា ។ នៅក្នុង​ករណី​បែបនេះ ថ្នាក់ដឹកនាំ​អង្គការ​បឋមសិក្សា​អាច​ត្រូវ​កែសម្រួល​ម៉ោង​ដែល​បាន​បង្ហាញ​ខាងលើ ដើម្បី​ឲ្យ​ត្រូវ​តាម​កាលៈទេសៈ​របស់​ពួកគាត់ ។

តន្ត្រី​សម្រាប់​ម៉ោង​ច្រៀង​ចម្រៀង

ខែ មករា

ខែ កុម្ភៈ

ខែ មីនា

ខែ មេសា

ខែ ឧសភា

ខែ មិថុនា

ខែ កក្កដា

ខែ សីហា

ខែ កញ្ញា

ខែ តុលា

ខែ វិច្ឆិកា

ខែ ធ្នូ

កុមារ​បីនាក់​កាន់​រូបព្រះយេស៊ូវ​នៅខាង​មុខថា្នក់​ក្នុង​អគារ​ព្រះវិហារ

ការប្រើប្រាស់​តន្រ្តី​ដើម្បី​បង្រៀន​កុមារ

ម៉ោង​ច្រៀងចម្រៀង​មាន​គោលបំណង​ដើម្បី​ជួយ​កុមារ​ឲ្យ​ទទួល​អារម្មណ៍​នូវ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​ពួកគេ​រៀន​អំពី​សេចក្ដីពិត​នៃ​ដំណឹងល្អ ។ គំនិត​ខាងក្រោម​អាច​បំផុសគំនិត​បងប្អូន នៅពេល​បងប្អូនដាក់​​ផែនការពី​របៀបបង្រៀន​គោលការណ៍​ដំណឹងល្អ​ដែលមាន​នៅក្នុង​ទំនុកតម្កើង និង​ចម្រៀង​ថ្នាក់​អង្គការ​បឋមសិក្សា ។

អាន​ខគម្ពីរ​ដែល​ទាក់ទងគ្នា ។ ចម្រៀង​ និង​ទំនុក​តម្កើង​ជាច្រើន​នៅក្នុង សៀវភៅ​ចម្រៀង​កុមារ និង ទំនុកតម្កើង​ មាន​សេចក្តីយោង​ដែល​មាន​ទាក់ទង​នឹង​បទគម្ពីរ ។ សូម​ជួយ​កុមារ​អាន​វគ្គ​បទគម្ពីរ​មួយចំនួន​នេះ ហើយ​ពិភាក្សាពី​របៀប​ដែល​បទគម្ពីរ​ទាំងនេះ​ទាក់ទង​នឹង​បទចម្រៀង​នេះ ។ បងប្អូន​ក៏​អាច​សរសេរ​សេចក្តីយោង​បទគម្ពីរ​ពីរបី​នៅលើ​ក្តារខៀន ហើយ​អញ្ជើញ​កុមារ​ឲ្យ​ផ្គូផ្គង​សេចក្តីយោង​នីមួយៗ​ទៅនឹង​បទចម្រៀង ឬ​វគ្គ​ណាមួយ​នៅក្នុង​បទចម្រៀង​ផងដែរ ។

បំពេញ​​ចន្លោះ ។ សូម​សរសេរ​វគ្គ​មួយ​នៃ​បទចម្រៀង​នៅលើ​ក្តារខៀន​ដោយ​លុប​ពាក្យ​គន្លឹះ​មួយ​ចំនួន​ចេញ ។ បន្ទាប់មក​ សូម​​ឲ្យកុមារ​ច្រៀង​ចម្រៀង​នេះ ដោយ​ផ្ទៀង​ស្តាប់​រក​ពាក្យ​ដើម្បី​បំពេញ​នៅក្នុង​ចន្លោះ ។ នៅពេល​ពួកគេ​បំពេញ​ចន្លោះ​នីមួយៗ សូម​ពិភាក្សា​ពី​គោលការណ៍​ដំណឹងល្អ​ដែល​ពួកគេរៀន​នៅក្នុង​ពាក្យ​ដែល​បាត់​នេះ ។

ប្រើពាក្យ​ដកស្រង់​មក​ពី​ថ្នាក់ដឹកនាំ​សាសនាចក្រ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ស្តាប់​ពាក្យ​ដកស្រង់​មក​ពី​ថ្នាក់​ដឹកនាំ​របស់​សាសនាចក្រ​ដែល​បង្រៀន​​ពី​គោលការណ៍​ដំណឹងល្អ​ដូចគ្នា​នៅក្នុង​បទចម្រៀង​អង្គការ​បឋមសិក្សា ។ សូម​ឲ្យ​ពួកគេ​លើកដៃ​ឡើង នៅពេល​ពួកគេ​បាន​ឮ​អ្វីមួយ​ដែល​ជួយ​ពួកគេ​ឲ្យ​យល់​ពី​សេចក្តីពិត​ដែល​ពួកគេ​កំពុង​ច្រៀង ។ សូម​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​​ឮ ។

ថ្លែង​ទីបន្ទាល់ ។ សូមថ្លែងទីបន្ទាល់​ខ្លីៗ​ដល់​កុមារ​ពី​សេចក្តីពិត​នៃ​ដំណឹងល្អ ដែល​មាន​នៅក្នុង​ចម្រៀង​អង្គការ​បឋមសិក្សា ។ សូម​ជួយ​កុមារ​ឲ្យ​យល់​ថា ការច្រៀង​ចម្រៀង​គឺជា​វិធី​មួយ​ដែល​ពួកគេ​អាច​ថ្លែងទីបន្ទាល់ និង​ទទួល​នូវ​អារម្មណ៍​នៃ​ព្រះវិញ្ញាណ ។

ឈរ​ជា​សាក្សី​ ។ សូម​ឲ្យ​កុមារ​ផ្លាស់ប្តូរ​វេន​គ្នា​ក្រោកឈរ ហើយ​ចែកចាយ​អ្វី​ដែលពួកគេ​រៀន​ចេញ​ពី​ចម្រៀង​ដែល​ពួកគេ​កំពុង​ច្រៀង ឬ​​អារម្មណ៍​របស់​ពួកគេ​អំពី​សេចក្តីពិត​ដែល​បាន​បង្រៀន​នៅក្នុង​បទចម្រៀង​នេះ ។ សូមសួរ​ពួកគេ​ថាតើ​ពួកគេ​មាន​អារម្មណ៍​យ៉ាងណា នៅពេល​ពួកគេ​ច្រៀង​ចម្រៀង​នេះ ហើយ​ជួយ​ពួកគេ​ឲ្យ​ស្គាល់​ឥទ្ធិពល​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។

ប្រើ​ប្រាស់រូបភាព ។ សូម​ឲ្យកុមារ​ជួយ​បងប្អូន​ស្វែងរក ឬ​បង្កើត​រូបភាព​ដែល​ត្រូវ​នឹង​ពាក្យ ឬ​ឃ្លា​សំខាន់ៗ​នៅក្នុង​បទ​ចម្រៀង​នេះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​​ចែកចាយ​នូវ​របៀប​ដែល​រូបភាព​នេះ​ទាក់ទង​នឹង​បទ​ចម្រៀង​នេះ ហើយ​ថាតើ​បទ​ចម្រៀង​នេះ​បង្រៀន​អ្វី​ខ្លះ ។ ឧទាហរណ៍ ប្រសិន​បើ​បងប្អូន​កំពុង​បង្រៀន​បទ « ពេលទ្រង់​យាងមក​ម្តងទៀត » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤៦ ) បងប្អូន​អាច​បង្ហាញ​រូបភាព​ដែល​ពិពណ៌នា​អំពី​​ពាក្យ​សំខាន់ៗ​ចេញ​ពី​បទ​ចម្រៀង​នោះឲ្យ​ក្នុង​បន្ទប់ ( ដូចជា ទេវតា ហិមៈ និង ផ្កាយ ) ។ សូម​ឲ្យ​កុមារប្រមូល​រូបភាព​ទាំងនេះ ហើយ​កាន់​រូបភាព​តាម​លំដាប់លំដោយ នៅ​ពេល​បងប្អូន​ច្រៀង​ចម្រៀង​នេះ​ជាមួយ​គ្នា ។

ចែកចាយ​មេរៀន​ដោយ​ប្រើ​វត្ថុ ។ បងប្អូន​អាច​ប្រើ​វត្ថុ​ដើម្បី​បំផុស​ឲ្យ​មាន​ការពិភាក្សា​អំពី​បទ​ចម្រៀង​នេះ ។ ឧទារហណ៍​ចម្រៀងបទ « ស្វែង​រក​ព្រះ​អម្ចាស់​ពី​ក្មេង » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៦៧ ) ដែល​និយាយ​អំពី​ការ​ស្វែងរក​ព្រះអម្ចាស់ ។ បងប្អូន​អាច​លាក់​រូបភាព​របស់​ព្រះ​អង្គ​សង្រ្គោះ​នៅក្នុង​បន្ទប់ ហើយ​សូម​ឲ្យ​កុមារ​ទៅរក​រូបភាព​នោះ ។ បន្ទាប់ពី​កុមារ​រកឃើញ​រូបភាព​នោះហើយ សូម​ពិភាក្សា​អំពី​អ្វីៗ​ដែល​ពួកគេ​ធ្វើ​ដែល​ធ្វើ​ឲ្យ​រកឃើញ​រូបភាព​នោះ ។ ការធ្វើ​បែបនេះ​អាច​នាំ​ឲ្យ​មាន​ការពិភាក្សា​អំពី​អ្វីៗ​ដែល​បាន​លើកឡើង​នៅក្នុង​បទចម្រៀង​នេះ ដែល​យើង​អាច​ធ្វើ​ដើម្បី​ស្វែងរក​ព្រះអម្ចាស់ ។

អញ្ជើញ​ឲ្យ​ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន ។ សូម​ជួយ​កុមារ​ឲ្យ​ភ្ជាប់​ទំនាក់ទំនង​គោលការណ៍​ដែល​បាន​បង្រៀន​នៅក្នុង​បទចម្រៀង​នេះ​ជាមួយនឹង​បទពិសោធន៍​ដែល​ពួកគេ​ធ្លាប់​មាន​ជាមួយ​នឹង​គោលការណ៍​ទាំង​នោះ ។ ឧទាហរណ៍ មុនពេលច្រៀងបទ « ខ្ញុំ​ចូលចិត្ត​មើល​ព្រះវិហារ​បរិសុទ្ធ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៩៩ ) បងប្អូន​អាចសូម​ឲ្យ​កុមារ​លើក​ដៃ​របស់​ពួកគេ​ឡើង ប្រសិន​បើ​ពួកគេ​ធ្លាប់​បាន​ឃើញ​ព្រះវិហារ​បរិសុទ្ធ ។ នៅពេល​ពួកគេ​ច្រៀង សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត​​អំពី​អារម្មណ៍​ដែល​ពួកគេ​មាន នៅពេល​ពួកគេ​ឃើញ​ព្រះវិហារ​បរិសុទ្ធ ។

សួរ​សំណួរ ។ មាន​សំណួរ​ជាច្រើន​ដែល​បងប្អូនអាច​សួរ​នៅពេល​បងប្អូន​ច្រៀងចម្រៀង ។ ឧទាហរណ៍ បងប្អូនអាច​សួរ​កុមារ​ថា តើ​ពួកគេ​រៀន​បាន​អ្វីខ្លះ​ពី​វគ្គ​នីមួយៗ​នៅ​ក្នុង​ចម្រៀង​នេះ ។ បងប្អូនក៏​អាច​សូមឲ្យ​ពួកគេ​គិត​អំពី​សំណួរ​ដែល​ចម្រៀង​នោះ​ឆ្លើយ​ប្រាប់​ផងដែរ ។ ការណ៍​នេះ​អាច​ដឹក​នាំ​ទៅ​រក​ការ​ពិភាក្សា​មួយ​អំពី​សេចក្ដី​ពិត​ដែល​បាន​បង្រៀន​នៅ​ក្នុង​ចម្រៀង​នោះ ។

ស្ដាប់​រក​ចម្លើយ ។ សូម​ឲ្យ​កុមារ​រកមើល​ចម្លើយ​ចំពោះ​សំណួរ​នេះ ។ ឧទារហណ៍​ បទ « ទ្រង់​បញ្ជូន​បុត្រា​ទ្រង់មក » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ២០ ) មាន​នូវសំណួរ និង​ចម្លើយ​ទាំងឡាយ ។ បងប្អូនអាច​សួរ​កុមារ​នូវ​សំណួរ​ទាំង​នេះ ហើយឲ្យ​ពួកគេ​ស្តាប់​រកចម្លើយ​នៅពេល​ដែល​ពួកគេ​ច្រៀង ។

ការជួយ​កុមារ​ឲ្យ​រៀន និង​ចងចាំ​បទចម្រៀង​កុមារ និង​ទំនុកតម្កើង

កុមារ​រៀន​ច្រៀង​ចម្រៀង​មួយ​បាន​តាមរយៈ​ការ​ស្តាប់ និង​ការ​ច្រៀង​ម្តង​ហើយ​ម្តង​ទៀត ។ សូម​ច្រៀង​ពាក្យ​នៃ​ចម្រៀង​ថ្មី​មួយ​ឲ្យ​កុមារ​ស្ដាប់​ជានិច្ច—សូម​កុំ​គ្រាន់​តែ​អាន ឬ​ សូត្រ​ពាក្យ​ទាំង​នោះ ។ ការធ្វើ​បែបនេះ​ជួយ​កុមារ​ឲ្យ​ភ្ជាប់​ទំនុក​ភ្លេង​ទៅ​នឹង​ពាក្យ​ទាំង​នោះ ។ បន្ទាប់​ពី​បាន​បង្រៀន​បទ​ចម្រៀង​មួយរួច​ហើយ សូម​រំឭកបទ​ចម្រៀង​នេះ​ឡើង​វិញ​តាមរបៀប​សប្បាយៗ​ ពេញ​មួយ​ឆ្នាំ ។ ខាង​ក្រោម​នេះ​គឺជា​គំនិត​មួយ​ចំនួន​ដើម្បី​ជួយ​កុមារ​ឲ្យរៀន ហើយ​រំឭក​ចម្រៀង​នានា ។

ធ្វើ​ប័ណ្ណប្រកាស ។ សូម​បង្ហាញ​ប័ណ្ណប្រកាស​ដែល​មាន​ពាក្យ​ចេញ​មក​ពី​វគ្គ​នីមួយៗ ឬ​ រូបភាព​ដែល​តំណាង​ឲ្យ​ពាក្យ​ទាំង​នោះ ។ នៅពេល​កុមារ​ច្រៀង សូម​បាំង​ពាក្យ​មួយ​ចំនួន ឬ​ រូបភាព​រហូត​ដល់​ពួកគេ​អាច​ច្រៀង​វគ្គ​ទាំងមូល​ដោយ​គ្មាន​ប័ណ្ណប្រកាស​​នោះ ។ បងប្អូន​ក៏​អាច​អញ្ជើញ​ឲ្យ​កុមារ​ជួយ​បងប្អូន​ធ្វើ​ប័ណ្ណប្រកាសនោះ​ផងដែរ ។

បង្ហាញ​ចង្វាក់ភ្លេង ។ ដើម្បី​ជួយ​កុមារ​ឲ្យ​រៀន​ទំនុក​ភ្លេង​នៃ​បទ​ចម្រៀង​មួយ សូម​លើក​ដៃ​របស់​បងប្អូនឡើង​ជា​ទម្រង់​ផ្តេក ហើយ​ខណៈ​ដែល​បងប្អូនច្រៀង​ពាក្យ​ទាំង​នោះ សូម​ធ្វើ​ចលនា​ដៃ​របស់​បងប្អូន​ឡើង​ដើម្បី​បង្ហាញ​ពី​ចង្វាក់​ខ្ពស់ ហើយ​ចុះ​ក្រោម​ដើម្បី​បង្ហាញ​ពី​ចង្វាក់​ទាប ។

សូរ​រំពង ។ សូម​ឲ្យ​កុមារ​ធ្វើ​ជា​សូរ​រំពង​របស់​បងប្អូនដោយថា​តាម​អ្វី​ដែល​បងប្អូន​កំពុង​ច្រៀង ។ សូម​ច្រៀង​ឃ្លា ឬ ​វគ្គ​ខ្លី​មួយ​ឲ្យ​កុមារ​ស្ដាប់ រួច​ហើយ​សូមឲ្យ​ពួកគេ​ច្រៀង​ឲ្យ​បងប្អូន​ស្ដាប់​វិញ ។

ប្រើ​វិធី​ផ្សេងៗ​គ្នា ។ សូម​ច្រៀង​ចម្រៀង​តាម​របៀប​ខុសៗ​គ្នា ដូចជា​ការ​ខ្សឹប​ប្រាប់ ការ​គ្រហឹម ការ​ទះដៃ​តាម​ចង្វាក់​ភ្លេង ការ​ប្តូរ​ល្បឿន ឬ​ ការ​ច្រៀង​ចម្រៀង​កាល​កំពុង​អង្គុយ ឬ​ ឈរ ។ បងប្អូនក៏​អាច​បត់​ក្រដាស​ធ្វើ​ជា​រាង​គូប ហើយ​នៅ​លើ​ជ្រុង​នីមួយៗ​នៃ​គូប​នោះ សូម​សរសេរ​វិធី​ផ្សេង​គ្នា​ដើម្បី​ច្រៀង ។ សូម​ឲ្យ​កុមារ​ម្នាក់​បង្វិល​គូប​នោះ​ដើម្បី​សម្រេច​ថា​កុមារ​នឹង​ច្រៀង​ចម្រៀង​នោះ​តាម​របៀប​ណា ។

ច្រៀង​ជា​ក្រុម ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ ឬ​ កុមារ​ម្នាក់ៗ​មាន​ឃ្លា​មួយ​ដើម្បី​ច្រៀង​ខណៈ​ដែល​​កំពុង​ឈរ រួចហើយ​សូម​ឲ្យ​ពួកគេ​ប្ដូរ​ឃ្លា​គ្នា​រហូត​ដល់​​សិស្ស​ក្នុង​ថ្នាក់ ឬ​ កុមារ​ម្នាក់ៗ​បាន​ច្រៀង​ឃ្លា​នីមួយៗ ។

ប្រើ​កាយវិការ​ដៃ ។ សូម​​​ឲ្យ​កុមារ​គិត​ពី​កាយវិការ​ដៃ​ងាយៗ​ដើម្បី​ជួយ​ពួកគេ​ចងចាំ​ពាក្យ និង​សារលិខិត​នៃ​បទចម្រៀង ។ ឧទាហរណ៍ នៅពេល​បងប្អូន​ច្រៀង « ដោយគោរព ដោយ​ស្ងៀមស្ងាត់ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១១ ) បងប្អូន​អាច​អញ្ជើញ​កុមារ​ឲ្យ​ឱបដៃ​របស់​ពួកគេ ឱនក្បាល​របស់ពួកគេ ហើយ​ប៉ះ​បេះដូង​របស់ពួកគេ នៅពេល​ពួកគេ​ច្រៀង​ឃ្លា​ទាក់ទង​នឹង​បទចម្រៀង​នេះ ។

កុមារី​ច្រៀង កុមារា​ច្រៀង ។ សូម​គូររូប​របស់​កុមារា និង​កុមារី ហើយ​សូម​បិទ​រូប​នោះ​ជាមួយ​កាវ ឬ​ស្កត់​លើ​ឈើ​ពីរ​ផ្សេង​គ្នា ។ ពេល​ដែល​រំឭក​បទចម្រៀង​នេះ សូម​លើក​រូបភាព​នេះ​ឡើង ដើម្បី​បង្ហាញ​ថាតើ​នរណា​ត្រូវ​ច្រៀង​ផ្នែក​ណា ។

បោះ​កន្រ្តក ។ សូម​ដាក់​កន្រ្តក ឬ​ប្រអប់​ផ្សេងៗ​នៅ​ពីមុខ​ថ្នាក់—សូម​ដាក់​ប្រអប់​ឲ្យ​ច្រើន​ស្មើ​នឹង​ចំនួន​វគ្គ​នៃ​បទចម្រៀង​ណាមួយ ។ សូម​អញ្ជើញ​កុមារ​ម្នាក់​ឲ្យ​បោះ​ថង់​សណ្តែក ឬ​ក្រដាស​ដែល​បានឆ្មូល​​ទៅ​ជិត​នឹង​ប្រអប់​ដែល​មាន​ដាក់​លេខរៀង ។ សូម​ឲ្យ​កុមារ​ច្រៀង​ឃ្លា​នៃ​បទ​ចម្រៀង​ដូច​មាន​នៅ​លើ​ប្រអប់​នេះ ។

ផ្គូផ្គង​រូបភាព​ទៅនឹង​ឃ្លា​បទចម្រៀង ។ សូម​សរសេរ​ឃ្លា​នីមួយៗ​នៃ​បទ​ចម្រៀង​នៅ​លើ​ក្រដាស​ផ្សេងៗ​គ្នា ហើយ​ស្វែងរក​រូបភាព​ដែល​តំណាង​ឲ្យ​ឃ្លា​នៃ​បទចម្រៀង​នីមួយៗ ។ សូម​បិទ​រូបភាព​នៅលើ​ជញ្ជាំង​​ម្ខាង​នៃ​បន្ទប់ ហើយ​បិទ​ក្រដាស​នៅ​ជញ្ជាំង​ម្ខាង​ទៀត ។ សូម​ច្រៀង​ចម្រៀងនោះ ហើយ​ឲ្យ​កុមារ​ផ្គូផ្គង​រូបភាព​ជាមួយ​នឹង​ពាក្យ ។

កុមារ​ពីរ​នាក់​កំពុង​ច្រៀង​នៅក្នុង​ព្រះវិហារ

សេចក្តីណែនាំ​អំពី​បទបង្ហាញ​នៅ​ក្នុង​ការប្រជុំ​សាក្រាម៉ង់

ក្រោម​ការដឹកនាំ​របស់​ប៊ីស្សព នោះ​បទបង្ហាញ​របស់​កុមារ​នៅម៉ោង​ប្រជុំ​សាក្រាម៉ង់ គឺ​ជា​ធម្មតា​ធ្វើ​នៅ​ត្រីមាស​ទីបួន​នៅក្នុង​ឆ្នាំ​នីមួយៗ ។ ក្នុង​នាម​ជា​គណៈប្រធាន​អង្គការ​បឋមសិក្សា និង​អ្នក​ដឹកនាំ​តន្រ្តី សូម​រៀបចំ​ជួប​គ្នា​​ជាមួយ​ទីប្រឹក្សា​នៅក្នុង​គណៈ​ប៊ីស្សព ដែល​មើល​ការ​​ខុស​ត្រូវ​លើ​អង្គការ​បឋមសិក្សា​នៅ​ដើមឆ្នាំ ដើម្បី​ចាប់ផ្តើម​ពិភាក្សា​ពីផែនការ​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​នេះ ។ នៅពេល​បងប្អូន​បាន​បញ្ចប់​ផែនការ​នេះ សូម​ទទួល​ការអនុមតិ​ពី​ពួកគាត់ ។

បទបង្ហាញ​នេះ​គួរ​អនុញ្ញាត​ឲ្យកុមារ​បង្ហាញ​អ្វី​ដែល​ពួកគេ និង​ក្រុមគ្រួសារ​របស់​ពួកគេ​បាន​រៀន​ចេញពី​ព្រះគម្ពីរ​សញ្ញាចាស់​នៅឯ​ផ្ទះ និង​នៅក្នុង​អង្គការ​បឋមសិក្សា រួមទាំង​បទចម្រៀង​អង្គការ​បឋមសិក្សា ដែល​ពួកគេ​បាន​ច្រៀង​នៅក្នុង​ឆ្នាំ​នេះ​ផងដែរ ។ សូម​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​នូវ​គោលការណ៍ និង​បទចម្រៀង​អ្វី​ដែល​ជួយ​​ឲ្យ​ពួកគេ​រៀន ។ ចូរ​ធ្វើការ​កត់ចំណាំ​សុន្ទរកថា និង​បទពិសោធន៍​ផ្ទាល់ខ្លួន​​របស់កុមារ​ពេញមួយ​ឆ្នាំ ដើម្បី​អាចយក​មក​ប្រើ​នៅក្នុង​បទបង្ហាញ​នេះ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​បទគម្ពីរ ដំណើររឿង និង​ទីបន្ទាល់​របស់ពួកគេ​នៅក្នុង​បទបង្ហាញ ។ នៅពេល​បងប្អូន​រៀបផែនការ​ធ្វើ​បទបង្ហាញ​នេះ សូម​គិត​ពី​វិធី​ជាច្រើន​ដែល​វា​អាច​ជួយ​ក្រុម​ជំនុំ​ឲ្យ​ផ្តោតយកចិត្ត​ទុកដាក់​ទៅលើ​ព្រះវរបិតា​សួគ៌ ព្រមទាំង​ព្រះ​អង្គសង្រ្គោះ និង​ការ​បង្រៀន​ទាំងឡាយ​របស់​ទ្រង់ទាំង​ពីរ​អង្គ ។

អង្គភាព​ដែល​មាន​កុមារ​តិច អាច​ពិចារណា​នូវ​វិធី​នានា ដែល​សមាជិក​ក្រុមគ្រួសារ​អាច​ចូលរួម​ជាមួយ​នឹង​កូនៗ​របស់​ពួកគាត់ ។ សមាជិក​ម្នាក់​នៅ​ក្នុង​គណៈប៊ីស្សព​អាច​បញ្ចប់​ការប្រជុំ​នេះដោយ​ការ​ថ្លែង​ទីបន្ទាល់​សង្ខេបៗ ។

នៅ​ពេល​បងប្អូនរៀបចំ​បទ​បង្ហាញ សូម​ចងចាំ​គោល​ការណ៍​ណែ​នាំ​ដូច​ខាង​ក្រោម ៖

  • ការហាត់សម​មិនគួរ​យក​ពេល​មិន​ចាំបាច់​ពី​ថ្នាក់​អង្គការ​បឋមសិក្សា ឬ​ក្រុមគ្រួសារ​ឡើយ ។

  • បទបង្ហាញ​ជា​រូបភាព សំលៀកបំពាក់ និង​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​គឺ​មិនសមរម្យ​ចំពោះ​ការ​ប្រជុំ​សាក្រាម៉ង់​នោះទេ ។

សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ១២.២.១.២, ChurchofJesusChrist.org ។