ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ១៩–២៥ ខែ ធ្នូ ។ បុណ្យគ្រីស្ទម៉ាស់ ៖ « យើង​បាន​រង់ចាំ​ទ្រង់ ហើយ​ទ្រង់​នឹង​ជួយ​សង្គ្រោះ​យើង »


« ថ្ងៃទី ១៩–២៥ ខែ ធ្នូ ។ បុណ្យគ្រីស្ទម៉ាស់ ៖ ‹ យើង​បាន​រង់ចាំ​ទ្រង់ ហើយ​ទ្រង់​នឹង​ជួយ​សង្គ្រោះ​យើង ›» ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ១៩–២៥ ខែ ធ្នូ ។ បុណ្យ​គ្រីស្ទម៉ាស់ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​​​បឋមសិក្សា ៖ ឆ្នាំ ២០២២

ព្រះឱរស​យេស៊ូវ​រុំ​នឹង​ក្រណាត់​ពណ៌ស ហើយ​ផ្ទុំ​ក្នុង​ចំបើង

ដ្បិត​មាន​បុត្រ ១ កើត​ដល់​យើង ដោយ ស៊ីម៉ូន ឌូវី

ថ្ងៃទី ១៩–២៥ ខែ ធ្នូ

បុណ្យគ្រីស្ទម៉ាស់

« យើង​បាន​រង់ចាំ​ទ្រង់ ហើយ​ទ្រង់​នឹង​ជួយ​សង្គ្រោះ​យើង »

ពួក​ព្យាការី​នៃ​ព្រះ​គម្ពីរ​សញ្ញា​ចាស់​បាន​ទន្ទឹង​រង់ចាំ​ដោយ​ក្ដី​អំណរ​យ៉ាង​ក្រៃលែង​ដល់​ការប្រសូត​របស់​ព្រះមែស៊ី ( សូមមើល អេសាយ ២៥:៩ ) ។ នៅពេល​បងប្អូន​បង្រៀន​អំឡុង​រដូវ​បុណ្យ​គ្រីស្ទម៉ាស់ សូម​ពិចារណា​អំពី​របៀប​ដែល​បងប្អូន​អាច​ជួយ​កុមារ​ឲ្យ​រកឃើញ​អំណរ​នៅក្នុង​ការប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ការប្រសូត​របស់​ព្រះយេស៊ូវគ្រីស្ទ ។ កាលដែល​ពួកគេ​លើកឡើង​អំពី​បុគ្គល​ម្នាក់ ឬ​ វត្ថុ​មួយ​ចេញ​ពី​ដំណើររឿង​នេះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គូរ​វា​នៅលើ​ក្ដារខៀន ។ សូម​សួរ​កុមារ​ថា តើ​ពួកគេ​ចូលចិត្ត​អ្វី​ខ្លះ​អំពី​ដំណើររឿង​នេះ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

ព្រះគម្ពីរ​សញ្ញា​ចាស់​បង្រៀន​ខ្ញុំ​អំពី​ព្រះយេស៊ូវ ។

សូម​ជួយ​កុមារ​ឲ្យ​ផ្ដោត​លើ​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ ជា​មូលហេតុ​ដែល​យើង​ប្រារព្ធ​ពិធី​បុណ្យ​គ្រីស្ទម៉ាស់ ។ បងប្អូន​អាច​ធ្វើ​ដូចនេះ ដោយ​ការប្រើ​បទគម្ពីរ​ទាំងឡាយ​ចេញ​មក​ពី​ព្រះគម្ពីរសញ្ញាចាស់ ដែល​ថ្លែង​ទីបន្ទាល់​ពី​ទ្រង់ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​​បង្ហាញ​រូបភាព​ការប្រសូត ( ដូចជា សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ៣០ ឬ​រូបភាព​មួយ​នៅក្នុង គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង ក្រុម​គ្រួសារ ) ។ សូម​អាន អេសាយ ៩:៦ ដោយ​ផ្ដល់​វេន​ឲ្យ​កុមារ​ម្នាក់ៗ​ចង្អុល​ទៅ​ព្រះឱរស​យេស៊ូវ នៅពេល​ពួកគេ​ស្ដាប់​ឮ​ឃ្លា « មាន​បុត្រ​១​កើត » ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​បងប្អូន​ថា ពួកព្យាការី​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​បាន​ដឹង​ថា ព្រះយេស៊ូវ​នឹង​ប្រសូត​មក ។

  • សូម​អញ្ជើញ​កុមារ​ម្នាក់​ឲ្យ​និយាយ​ឈ្មោះ​របស់​គេ ហើយ​ប្រាប់​ថា បន្ថែម​លើ​ឈ្មោះ​របស់​យើង យើង​អាច​ត្រូវបាន​ហៅ​ដោយ​ងារ​ផ្សេងៗ​ទៀត ដូចជា បង​ប្អូន​ប្រុស​ស្រី ឬ​មិត្តភក្ដិ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​គិត​ពី​ឧទាហរណ៍​ផ្សេង​ៗ​ទៀត ។​ សូម​អាន អេសាយ ៩:៦ ទៅ​កុមារ ដោយ​សង្កត់​ធ្ងន់​ពី​ព្រះនាម​ដែល​សំដៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ៖ « ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះចេស្តា ព្រះវរបិតា​ដ៏​គង់​នៅ​អស់កល្ប និង​ជា​ម្ចាស់​នៃ​មេត្រីភាព » ។ សូម​ជួយ​កុមារ​ឲ្យ​យល់​ថា តើ​ព្រះនាម​ទាំងនេះ​ប្រាប់​យើង​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ ។

  • សូម​ឲ្យផ្កាយ​ក្រដាស​ទៅ​កុមារ​ម្នាក់ៗ ហើយ​អញ្ជើញ​កុមារ​ឲ្យ​លើក​ផ្កាយ​របស់​ពួកគេ​ឡើង នៅ​ពេល​បងប្អូន​អាន​ឃ្លា​ដូច​តទៅ​នេះ​ចេញ​មក​ពី ជនគណនា ២៤:១៧ ៖ « នឹង​មាន​ផ្កាយ​១​ចេញ​ពី​ពួក​យ៉ាកុប​មក » ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ព្រះយេស៊ូវ​ដូច​ជា​ផ្កាយ​ដ៏​ភ្លឺ​ដែល​បញ្ចេញ​ពន្លឺ​ទៅ​កាន់​ពិភពលោក​ទាំងមូល ។ សូម​ច្រៀង​ចម្រៀង​មួយ​បទ​រួម​គ្នា​អំពី​ផ្កាយ​ដែល​រះ​ឡើង នៅពេល​ព្រះយេស៊ូវ​បាន​ប្រសូត​មក ដូចជា​បទ « ផ្កាយ​ចាំង​ពន្លឺ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ២៤ ) ឬ « ណូអែល​ដំបូង » ( ទំនុកតម្កើង ល.រ. ១៣០ ) ។

ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះអង្គ​សង្រ្គោះ​របស់​ខ្ញុំ ។

បុណ្យ​គ្រីស្ទម៉ាស់​ជា​ពេល​មួយ​ដែល​យើង​មិន​ត្រឹមតែ​ប្រារព្ធ​អបអរ​ដល់​ការប្រសូត​របស់​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អបអរ​ដល់​ព្រះជន្ម និង​បេសកកម្ម​របស់​ទ្រង់​ផងដែរ ក្នុង​ព្រះនាម​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ។ តើ​បងប្អូន​អាច​ជួយកុមារឲ្យ​មាន​អារម្មណ៍​នៃ​អំណរ និង​ការដឹងគុណ​ចំពោះ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ឲ្យ​កុមារ​គិត​អំពី​អ្វី​មួយ​ដែល​ពួកគេ​កំពុង​ទន្ទឹង​រង់ចាំ ។ សូម​ពន្យល់​ថា មនុស្ស​ដ៏​ស្មោះត្រង់​នៅក្នុង​ជំនាន់​ព្រះគម្ពីរ​សញ្ញាចាស់ បាន​ទន្ទឹង​រង់ចាំ​ការប្រសូត​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​អាន អេសាយ ២៥:៩ ទៅ​កុមារ ហើយ​ឲ្យ​ពួកគេ​ថា​តាម​ឃ្លា « យើង​បាន​រង់ចាំ​ទ្រង់ យើង​នឹង​មាន​ចិត្ត​រីករាយ ហើយ​ត្រេកអរ ដោយ​សេចក្តី​សង្គ្រោះ​របស់​ទ្រង់ » ។ សូម​ចែកចាយ​ជាមួយ​ពួកគេ​ពី​មូលហេតុ​ដែល​បងប្អូន​រីករាយ ហើយ​ត្រេកអរ​ដែល​ព្រះគ្រីស្ទ​បាន​ប្រសូត​មក ។ សូមអញ្ជើញកុមារ​ឲ្យចែកចាយ​អារម្មណ៍​របស់​ពួកគេ​អំពី​ព្រះអង្គ​សង្គ្រោះ ។

  • សូម​ច្រៀង​ជាមួយ​គ្នា​នូវ​បទចម្រៀង​មួយ​បទ​អំពី​ការប្រសូត​របស់​ព្រះយេស៊ូវ ដូចជា​បទ « ផ្ទុំ​​នៅ​ក្នុង​ស្នូក​ទី​ឆ្ងាយ​ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ២៦–២៧ ) ឬ « ហ៍្ន ! ឮ​ពួក​ទេវតា​ច្រៀង​បទ » ( ទំនុកតម្កើង ល.រ. ១៣១ ) ។ សូម​ជួយ​កុមារ​ឲ្យ​រកឃើញ​ឃ្លា​ទាំងឡាយ​នៅ​ក្នុង​បទ​ចម្រៀង​ទាំងនេះ ដែល​បង្រៀន​យើង​អំពី​ព្រះអង្គ​សង្គ្រោះ​របស់​យើង និង​ពរជ័យ​ទាំងឡាយ​ដែល​យើង​មាន​ដោយសារ​ទ្រង់ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

ព្រះគម្ពីរ​សញ្ញា​ចាស់​បង្រៀន​ខ្ញុំ​អំពី​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះមែស៊ី​ដែល​បាន​សន្យា ។

ព្រះគម្ពីរ​សញ្ញា​ចាស់​​មិនគ្រាន់តែ​ជាបណ្ដុំ​នៃ​ដំណើររឿង និង​សំណេរ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍នោះទេ គោលបំណង​របស់​ព្រះគម្ពីរ​នេះ ក៏ដូចជា​ព្រះគម្ពីរ​ទាំងអស់​ដែរ គឺ​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ជួយ​កុមារ​ឲ្យ​រៀន​ពី​របៀប​ដើម្បី​ស្វែងរក​ទ្រង់​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ធ្វើ​បញ្ជី​មួយ​អំពី​ព្រះនាម និង​​ព្រះបរមងារ​ទាំងអស់​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​ពួកគេ​អាច​រកឃើញ​នៅក្នុង ម៉ូសេ ៧:៥៣; ទំនុកដំកើង ២៣:១; យ៉ូប ១៩:២៥; អេសាយ ៧:១៤; ៩:៦; ១២:២; អេម៉ុស ៤:១៣ និង សាការី ១៤:១៦ ។ សូម​ឲ្យ​ពួកគេ​ធ្វើការ​ជា​គូ ប្រសិន​បើ​ពួកគេ​ចង់​ធ្វើ​ដូច្នោះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​បញ្ជី​របស់​ពួកគេ​ជាមួយ​គ្នា​ទៅវិញ​ទៅមក ។ តើ​យើង​រៀន​អ្វី​ខ្លះ អំពី​ព្រះអង្គ​សង្គ្រោះ​តាមរយៈព្រះនាម និង​​ព្រះបរមងារ​​ទាំង​នេះ ?

  • សូម​បង្ហាញ​កុមារ​នូវ​គ្រឿង​តុបតែង​សម្រាប់​បុណ្យ​គ្រីស្ទម៉ាស់ ( ឬ​រូបភាព​មួយ​ចំនួន ) ដូចជា​ផ្កាយ ពន្លឺ ឬ​អំណោយ ។ សូម​សួរ​កុមារ​ថា តើ​របស់​ទាំងនេះ​អាច​រំឭក​យើង​ពី​ព្រះអង្គ​សង្រ្គោះ​យ៉ាង​ដូចម្តេច​ដែរ ? សូម​ពន្យល់​ថា ជាញឹកញាប់ ព្រះ​គម្ពីរ​ប្រើប្រាស់​និមិត្តរូប​ដើម្បី​បង្រៀន​យើង​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​មើល​ក្នុង​ខគម្ពីរ​មួយ ឬ​ច្រើន​ក្នុង​ខ​គម្ពីរដូច​តទៅ​នេះ សម្រាប់​អ្វី​ដែល​អាច​ជា​និមិត្តរូប​អំពី​ព្រះយេស៊ូវគ្រីស្ទ ៖ លោកុប្បត្តិ ២២:៨; និក្ខមនំ ១៧:៦; ទំនុកដំកើង ១៨:២; ២៧:១ ( សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ សម្រាប់​ឧទាហរណ៍​បន្ថែម​ទៀត ) ។ តើ​ព្រះយេស៊ូវ​ដូចជា កូនចៀម ទឹក ថ្មដា បន្ទាយ ឬ​ពន្លឺ​មួយ ដោយ​របៀប​ណា ?

  • នៅ​ចុង​បញ្ចប់​នៃ​ការសិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់​ឆ្នាំ​នេះ សូម​អញ្ជើញ​កុមារឲ្យ​ចែកចាយ​ពី​ដំណើររឿង ឬ​បទគម្ពីរ​ដែល​ពួកគេ​ចូលចិត្ត​ចេញ​ពី​ព្រះគម្ពីរ​សញ្ញា​ចាស់ ។ តើ​ដំណើរ​រឿង ឬ​បទគម្ពីរ​ទាំងនេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ ? ហេតុអ្វី​យើង​មាន​អំណរ​គុណ​ក្នុង​ការមាន​ព្រះគម្ពីរ​សញ្ញាចាស់ ?

ព្រះយេស៊ូវគ្រីស្ទ​គឺជាព្រះអង្គសង្គ្រោះ និង​ព្រះប្រោសលោះ​របស់​ខ្ញុំ ។

កាលដែល​យើង​ប្រារព្ធ​អបអរ​ការប្រសូត​របស់​ព្រះយេស៊ូវគ្រីស្ទ យើង​ក៏​អាច​ត្រេកអរ​នឹង​ព្រះជន្ម និង​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់​ផងដែរ ។ តើ​បងប្អូន​អាច​ប្រើប្រាស់​បទគម្ពីរ​ទាំងឡាយ​មក​ពី​ព្រះគម្ពីរ​សញ្ញា​ចាស់ ដើម្បី​ជួយ​ដល់​កុមារ​ឲ្យ​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្រះអង្គសង្គ្រោះ​ និង​ព្រះប្រោសលោះ​របស់ពួកគេ​យ៉ាង​ដូច​ម្ដេច ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អាន អេសាយ ៧:១៤ បន្ទាប់​មក សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ការប្រសូត​របស់​ព្រះគ្រីស្ទ ។ ឬ​បង្ហាញ​វីដេអូ « The Nativity » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ហើយ​អញ្ជើញ​កុមារ​ម្នាក់ៗ​ឲ្យ​ជ្រើសរើស​បុគ្គល​ម្នាក់​ពី​វីដេអូ ហើយ​ចែកចាយ​ថា​បុគ្គល​នោះ​អាច​មាន​អារម្មណ៍​យ៉ាង​ណា ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​បងប្អូន​អំពី​ព្រះអង្គ​សង្គ្រោះ ហើយ​អញ្ជើញ​កុមារ​ឲ្យ​ធ្វើ​ដូច្នោះ​ផងដែរ ។

  • ដើម្បី​ជួយ​កុមារ​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​តួនាទី​របស់​ព្រះយេស៊ូវគ្រីស្ទ ក្នុង​នាម​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង សូម​អញ្ជើញ​ពួកគេ​ឲ្យ​អាន អេសាយ ២៥:៨–៩; ៥៣:៣–៥ និង ហូសេ ១៣:១៤ ។ តើ​បទគម្ពីរ​ទាំងនេះ​បង្រៀន​យើងអ្វីខ្លះ​អំពី​របៀប​ដែល​ព្រះអម្ចាស់​សង្គ្រោះ​យើង ? តើ​យើងអាច « ត្រេកអរ​ដោយ​សេចក្តី​សង្គ្រោះ​របស់​ទ្រង់ » យ៉ាង​ដូច​ម្ដេច ? ( អេសាយ ២៥:៩ ) ។

  • សូម​ច្រៀង​ជាមួយ​គ្នា​នូវ​ចម្រៀង​មួយ​បទ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះយេស៊ូវគ្រីស្ទ​សម្រាប់​យើង ដូចជា​បទ « ផ្ទុំ​​នៅ​ក្នុង​ស្នូក​ទី​ឆ្ងាយ​ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ២៦ ) ឬ « ខ្ញុំឆ្ងល់យ៉ាងអស្ចារ្យ » ( ទំនុកតម្កើង ល.រ. ១១៥ ) ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​ឃ្លា​ទាំងឡាយ ដែល​ជួយ​ពួកគេ​ឲ្យ​ទទួល​អារម្មណ៍​នៃសេចក្ដីស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ ។

រូប​តំណាង​ការរៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ ឬ​មិត្តភក្ដិ នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ចេញ​ពី​ព្រះគម្ពីរ​សញ្ញា​ចាស់ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចាប់ផ្ដើម​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​នៅ​សប្ដាហ៍​នេះ ។

ការកែលម្អ​ការបង្រៀន​របស់​យើង

បង្កើត​បរិយាកាស​ដែល​អញ្ជើញ​ព្រះវិញ្ញាណ ។ មាន​វិធី​ជាច្រើន​ដែល​បងប្អូន​អាច​យាង​អញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​ចូល​មក​ក្នុង​ថ្នាក់រៀន​របស់​អ្នក ។ តន្ត្រី​អាច​ធ្វើ​ឲ្យ​មាន​គារវភាព ។ ការបង្ហាញ​សេចក្ដី​ស្រឡាញ់ និង​ការថ្លែង​ទីបន្ទាល់​អាច​បង្កើត​ឲ្យ​មាន​បរិយាកាស​ដ៏​កក់ក្ដៅ​ខាង​វិញ្ញាណ ។ សូម​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​ពី​អ្វី​ដែល​បងប្អូន​អាចធ្វើ​បាន ដើម្បី​បង្កើត​បរិយាកាស​ខាង​វិញ្ញាណ​មួយ​នៅក្នុង​ថ្នាក់​របស់​បងប្អូន ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១៥ ) ។