« ថ្ងៃទី ២១–២៧ ខែ វិច្ឆិកា ។ យ៉ូណាស; មីកា ៖ ‹ ទ្រង់សព្វព្រះហឫទ័យនឹងសេចក្តីសប្បុរស › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ២១–២៧ ខែ វិច្ឆិកា ។ យ៉ូណាស; មីកា » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២២
ថ្ងៃទី ២១–២៧ ខែ វិច្ឆិកា
យ៉ូណាស; មីកា
« ទ្រង់សព្វព្រះហឫទ័យនឹងសេចក្តីសប្បុរស »
នៅពេលបងប្អូនកត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន សូមគិតពីរបៀបដែលគោលការណ៍ទាំងឡាយនៅក្នុងគម្ពីរយ៉ូណាស និងមីកា ពាក់ព័ន្ធនឹងអ្វីដែលបងប្អូនធ្លាប់បានរៀននៅក្នុងបទគម្ពីរ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
យ៉ូណាសនៅលើសំពៅឆ្ពោះទៅកាន់ស្រុកតើស៊ីស ។ គ្មានអ្វីខុសឆ្គងជាមួយនឹងការជិះសំពៅទៅកាន់ស្រុកតើស៊ីសនោះទ លើកលែងតែវានៅឆ្ងាយពីក្រុងនីនីវេ ជាកន្លែងដែលយ៉ូណាស គួរទៅដើម្បីផ្សាយសារលិខិតរបស់ព្រះ ។ ដូច្នេះ ពេលសំពៅនោះជួបនឹងព្យុះភ្លៀងធំមួយ នោះយ៉ូណាសបានដឹងថា ព្យុះនោះកើតឡើងដោយសារតែការមិនគោរពប្រតិបត្តិរបស់លោក ។ ដោយការទទូចរបស់យ៉ូណាស នោះពួកអ្នកដើរសំពៅបានបោះលោកចូលទៅក្នុងសមុទ្រដើម្បីបញ្ឈប់ព្យុះនោះ ។ វាទំនងដូចជាចុងបញ្ចប់នៃគម្ពីរយ៉ូណាស និងការងារបម្រើរបស់លោក ។ ប៉ុន្តែព្រះអម្ចាស់មិនបោះបង់យ៉ូណាសទេ—ដូចដែលទ្រង់មិនបានបោះបង់ប្រជាជននៅក្រុងនីនីវេ និងដូចដែលទ្រង់មិនបានបោះបង់យើងម្នាក់ៗដែរ ។ ដូចដែលមីកាបានបង្រៀនថា ព្រះអម្ចាស់មិនសព្វព្រះទ័យក្នុងការដាក់ទោសយើងនោះទេ ប៉ុន្តែ « ទ្រង់សព្វព្រះហឫទ័យនឹងសេចក្តីសប្បុរសវិញ » ។ នៅពេលយើងងាកទៅរកទ្រង់ នោះ « ទ្រង់នឹងមានសេចក្តីអាណិតអាសូរ ដល់យើងរាល់គ្នាទៀត ទ្រង់នឹងកំរាបសេចក្តីទុច្ចរិតរបស់យើង នៅក្រោមព្រះបាទ ហើយ [ ទ្រង់ ] នឹងបោះអស់ទាំងអំពើបាប [ របស់យើង ] ទៅក្នុងសមុទ្រជ្រៅ » ( មីកា ៧:១៨–១៩ ) ។
សម្រាប់ទិដ្ឋភាពទូទៅអំពីគម្ពីរយ៉ូណាស និងមីកា សូមមើល « យ៉ូណាស » និង « មីកា » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ព្រះអម្ចាស់មានសេចក្ដីសប្បុរសចំពោះមនុស្សទាំងអស់ដែលងាកមករកទ្រង់ ។
នៅក្នុងចំណោមរឿងផ្សេងទៀត គម្ពីរយ៉ូណាសបង្ហាញពីទំហំនៃសេចក្ដីសប្បុរសដែលព្រះអម្ចាស់មាន នៅពេលយើងប្រែចិត្ត ។ នៅពេលបងប្អូនអានគម្ពីរយ៉ូណាស សូមរកមើលគំរូនៃសេចក្ដីសប្បុរសរបស់ទ្រង់ ។ សូមពិចារណាពីរបៀបដែលបងប្អូនធ្លាប់បានដកពិសោធន៍នូវសេចក្ដីសប្បុរសនោះក្នុងជីវិតរបស់បងប្អូន ។ តើបងប្អូនរៀនអ្វីខ្លះ ដែលវាអាចជួយបងប្អូនឲ្យមានសេចក្ដីសប្បុរសកាន់តែខ្លាំងឡើងចំពោះមនុស្សដទៃ ?
ជារឿយៗ ការមើលឃើញពីសេចក្ដីសប្បុរសរបស់ព្រះអម្ចាស់បំផុសឲ្យកើតមានអារម្មណ៍នៃសេចក្ដីស្រឡាញ់ និងការដឹងគុណ ។ ទោះជាយ៉ាងណាក្ដី យ៉ូណាសបាន « ទំនាស់ចិត្ត » និង « ខឹង » ( យ៉ូណាស ៤:១ ) នៅពេលព្រះអម្ចាស់បានប្រទានសេចក្ដីសប្បុរសដល់ប្រជាជនក្រុងនីនីវេ ដែលជាសត្រូវរបស់អ៊ីស្រាអែល ។ ហេតុអ្វីយ៉ូណាសអាចមានអារម្មណ៍បែបនេះ ? តើបងប្អូនធ្លាប់មានអារម្មណ៍ស្រដៀងគ្នានេះដែរឬទេ ? តើបងប្អូនគិតថា ព្រះអម្ចាស់កំពុងជួយយ៉ូណាសឲ្យយល់អ្វីខ្លះនៅក្នុង ជំពូក ៤ ?
សូមពិចារណាពីការបង្រៀននៅក្នុង មីកា ៧:១៨–១៩ ។ តើសេចក្ដីពិតទាំងនេះបានជួយយ៉ូណាស ឲ្យផ្លាស់ប្ដូរឥរិយាបថរបស់លោកអំពីព្រះអម្ចាស់ និងប្រជាជននៅក្រុងនីនីវេយ៉ាងដូចម្ដេច ?
សូមមើលផងដែរ លូកា ១៥:១១–៣២; ជែហ្វ្រី អ័រ ហូឡិន « The Justice and Mercy of God » Ensign ខែ កញ្ញា ឆ្នាំ ២០១៣ ទំព័រ ១៦–២១ ។
បុត្រាបុត្រីរបស់ព្រះទាំងអស់ត្រូវស្ដាប់ឮដំណឹងល្អ ។
ក្រុងនីនីវេគឺជាផ្នែកមួយនៃចក្រភពអាសស៊ើរ ជាសត្រូវរបស់អ៊ីស្រាអែលដែលត្រូវបានគេស្គាល់ដោយសារតែភាពសាហាវឃោរឃៅរបស់ចក្រភពនេះ ។ ចំពោះយ៉ូណាស វាទំនងប្រហែលជាមិនពិតនោះទេ ដែលប្រជាជនក្រុងនីនីវេបានត្រៀមខ្លួនទទួលយកព្រះបន្ទូលនៃព្រះ ហើយប្រែចិត្តនោះ ។ ប៉ុន្តែ ដូចដែលប្រធាន ដាល្លិន អេក អូក បានបង្រៀនថា « យើងពុំគប្បីលើកខ្លួនយើងឡើងក្នុងការវិនិច្ឆ័យថា នរណាដែលត្រៀមខ្លួន និងមិនទាន់ត្រៀមខ្លួននោះទេ ។ ព្រះអម្ចាស់ជ្រាបដឹងពីដួងចិត្តនៃកូនចៅទាំងអស់របស់ទ្រង់ ហើយប្រសិនបើយើងអធិស្ឋានទូលសូមការបំផុសគំនិតនោះ ទ្រង់នឹងជួយពួកយើងរកឃើញបុគ្គលដែលទ្រង់ជ្រាបថាជាអ្នកដែល « ប្រុងប្រៀបនឹងស្ដាប់តាមព្រះបន្ទូល » ( អាលម៉ា ៣២:៦ ) » ( « Sharing the Restored Gospel » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៥៨–៥៩ ) ។ តើបងប្អូនបានរៀនអ្វីខ្លះមកពី យ៉ូណាស ៣ ដែលបំផុសគំនិតបងប្អូនឲ្យចែកចាយដំណឹងល្អ ទោះជាជាមួយនឹងមនុស្សដែលហាក់ដូចជាមិនទាន់បានត្រៀមខ្លួនដើម្បីផ្លាស់ប្ដូរក្ដី ?
វាអាចមានប្រយោជន៍ដើម្បីប្រៀបធៀបឥរិយាបថរបស់យ៉ូណាស ( សូមមើល យ៉ូណាស ១; ៣–៤ ) ទៅនឹងអារម្មណ៍របស់អាលម៉ា និងពួកបុត្រារបស់ម៉ូសាយ ( សូមមើល ម៉ូសាយ ២៨:១–៥; អាលម៉ា ១៧:២៣–២៥ ) ។
សូមមើលផងដែរ នីហ្វៃទី៣ ១៨:៣២ ។
ព្រះយេស៊ូវគ្រីស្ទបានដកស្រង់ការសរសេររបស់មីកា ។
មនុស្សគ្រប់គ្នាដឹងច្បាស់ថា ព្រះអង្គសង្គ្រោះបានដកស្រង់សម្តីនៅក្នុងគម្ពីរអេសាយ និងទំនុកដំកើង ។ តើបងប្អូនបានដឹងទេថា ទ្រង់ក៏បានដកស្រង់ពីគម្ពីរមីកាជាច្រើនដងដែរ ? សូមពិចារណាពីឧទាហរណ៍ខាងក្រោមនេះ ហើយគិតពីហេតុផលដែលវគ្គបទគម្ពីរទាំងនេះអាចមានសារៈសំខាន់ចំពោះព្រះអង្គសង្គ្រោះ ។ តើហេតុអ្វីបានជាវាមានអត្ថន័យសំខាន់ចំពោះបងប្អូន ?
មីកា ៤:១១–១៣ ( សូមមើល នីហ្វៃទី៣ ២០:១៨–២០ ) ។ ព្រះអម្ចាស់បានប្រៀបធៀបការប្រមូលផ្ដុំនៅថ្ងៃចុងក្រោយទៅនឹងការច្រូតកាត់ស្រូវសាលី ( សូមមើលផងដែរ អាលម៉ា ២៦:៥–៧; គោលលទ្ធិ និង សេចក្ដីសញ្ញា ១១:៣–៤ ) ។ តើការប្រៀបធៀបនេះផ្ដល់យោបល់អ្វីខ្លះដល់បងប្អូនអំពីការប្រមូលផ្ដុំអ៊ីស្រាអែល ?
មីកា ៥:៨–១៥ ( សូមមើល នីហ្វៃទី៣ ២១:១២–២១ ) ។ តើខគម្ពីរទាំងនេះផ្ដល់យោបល់អ្វីខ្លះដល់បងប្អូនអំពីរាស្ត្ររបស់ព្រះ ( « សំណល់នៃពួកយ៉ាកុប » ) នៅថ្ងៃចុងក្រោយ ?
មីកា ៧:៥–៧ ( សូមមើល ម៉ាថាយ ១០:៣៥–៣៦ ) ។ ស្របតាមខគម្ពីរទាំងនេះ ហេតុអ្វីបានជាវាសំខាន់ដើម្បី « ទុកចិត្តដល់ព្រះយេហូវ៉ា » មុនគេ ? ហេតុអ្វីការប្រឹក្សានេះមានសារៈសំខាន់នៅសព្វថ្ងៃនេះ ?
« តើព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យឯងប្រព្រឹត្តដូចម្តេច ? »
មីកាអញ្ជើញយើងឲ្យស្រមៃថា តើវាអាចមានសភាពដូចម្ដេចក្នុងការ « ចូលទៅចំពោះព្រះយេហូវ៉ា ហើយក្រាប … នៅមុខព្រះដ៏ខ្ពស់ » ( មីកា ៦:៦ ) ។ តើ ខទី ៦–៨ ផ្តល់យោបល់ដល់បងប្អូនអំពីអ្វីខ្លះ ដែលមានសារៈសំខាន់ចំពោះព្រះអម្ចាស់ នៅពេលទ្រង់វាយតម្លៃជីវិតរបស់បងប្អូន ?
សូមមើល ម៉ាថាយ ៧:២១–២៣; ២៥:៣១–៤០; ឌេល ជី រេនឡាន់ « Do Justly, Love Mercy, and Walk Humbly with God » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១០៩–១២ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្នុងគ្រួសារ
-
យ៉ូណាស ១–៤ ។កូនៗរបស់បងប្អូនអាចចូលចិត្តធ្វើសកម្មភាពដែលប្រាប់អំពីដំណើររឿងរបស់យ៉ូណាស ដូចជាការធ្វើជារត់គេចខ្លួន ការធ្វើសំឡេងទឹកសមុទ្រដែលមានខ្យល់ព្យុះ ឬសម្តែងថាត្រីធំលេប ( សូមមើល « យ៉ូណាសជាព្យាការី » នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ) ។ សូមសួរដល់សមាជិកគ្រួសារពីអ្វីដែលពួកគេបានរៀនចេញពីបទពិសោធន៍របស់យ៉ូណាស ។ សម្រាប់ឧទាហរណ៍ពីមេរៀនមួយចេញមកពីគម្ពីរយ៉ូណាស សូមមើលឃ្លាទី ៧ នៃបទ « ធ្វើតាមព្យាការី » ( សៀវភៅចម្រៀងកុមារ ទំព័រ ៥៨–៥៩ ) ។
-
យ៉ូណាស ៣ ។តើយ៉ូណាសបានរៀនអ្វីខ្លះអំពីការចែកចាយដំណឹងល្អ ? តើយើងស្គាល់នរណាខ្លះ ដែលបានទទួលពរជ័យតាមរយៈការស្ដាប់សារលិខិតនៃដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ?
-
មីកា ៤:១–៥ ។យោងតាមខគម្ពីរទាំងនេះ តើអ្វីនឹងនាំមកនូវសេចក្តីសុខសាន្ត និងការរីកចម្រើនដល់រាស្ដ្ររបស់ព្រះអម្ចាស់ ? តើយើងអាចធ្វើអ្វីខ្លះ ដើម្បីជួយបំពេញការព្យាករនេះនៅក្នុងផ្ទះរបស់យើង ?
-
មីកា ៥:២ ។បងប្អូនអាចតាំងរូបភាពរបស់ព្រះយេស៊ូវ កាលទ្រង់នៅក្មេងជាមួយមាតាទ្រង់ ( សូមមើល សៀវភៅរូបភាពដំណឹងល្អ ល.រ. ៣៣ ) នៅមួយចំហៀងបន្ទប់ និងរូបភាពរបស់ពួកហោរនៅមួយចំហៀងទៀត ។ សូមអានជាមួយគ្នាក្នុង មីកា ៥:២ និង ម៉ាថាយ ២:១–៦ ។ តើការព្យាកររបស់មីកាជួយពួកហោរឲ្យរកឃើញព្រះយេស៊ូវយ៉ាងដូចម្តេច ? សមាជិកគ្រួសារអាចរំកិលរូបភាពពួកហោរទៅជិតរូបភាពរបស់ព្រះយេស៊ូវ ។ គ្រួសាររបស់បងប្អូនក៏អាចចូលចិត្តមើលវីដេអូ « The Christ Child: A Nativity Story » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ផងដែរ ។
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្តាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ។
ចម្រៀងដែលលើកទឹកចិត្តឲ្យប្រើ ៖ « ខ្ញុំនឹងទៅដែលទ្រង់ឲ្យខ្ញុំទៅ » ទំនុកតម្កើង ល.រ. ១៦៨ ។