« ថ្ងៃទី ១៤–២០ ខែ វិច្ឆិកា ។ អេម៉ុស; អូបាឌា ៖ ‹ ចូរស្វែងរកព្រះយេហូវ៉ាវិញ នោះឯងរាល់គ្នានឹងរស់នៅ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ១៤–២០ ខែ វិច្ឆិកា ។ អេម៉ុស; អូបាឌា » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២២
ថ្ងៃទី ១៤–២០ ខែ វិច្ឆិកា
អេម៉ុស; អូបាឌា
« ចូរស្វែងរកព្រះយេហូវ៉ាវិញ នោះឯងរាល់គ្នានឹងរស់នៅ »
ព្រះវិញ្ញាណបរិសុទ្ធអាចបើកគំនិត និងដួងចិត្តរបស់បងប្អូនឲ្យមើលឃើញសារលិខិតនៅក្នុងព្រះបន្ទូលរបស់ព្រះ ដែលមានអត្ថន័យចំពោះបងប្អូនតែប៉ុណ្ណោះ ។ តើបងប្អូនមានអារម្មណ៍ថាព្រះអម្ចាស់ចង់ឲ្យបងប្អូនរៀនអ្វីនៅសប្តាហ៍នេះ ?
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ព្រះបានជ្រើសរើសពូជអំបូរអ័ប្រាហាំដើម្បីធ្វើជារាស្រ្តនៃសេចក្តីសញ្ញារបស់ទ្រង់ ដើម្បីពួកគេនឹង « បញ្ចេញពរដល់ » មនុស្សទាំងអស់ ( សូមមើល លោកុប្បត្តិ ១២:២–៣ ) ។ ប៉ុន្តែផ្ទុយទៅវិញ ក្នុងអំឡុងពេលអេម៉ុសធ្វើការងារបម្រើ នោះរាស្ត្រនៃសេចក្តីសញ្ញាជាច្រើនបានជិះជាន់ជនក្រីក្រ និងព្រងើយកន្តើយនឹងព្យាការី ដោយការធ្វើឲ្យការថ្វាយបង្គំរបស់ពួកគេឥតតម្លៃ និងគ្មានន័យ ( សូមមើល អេម៉ុស ២:៦–១៦ ) ។ ជាការពិតណាស់ ប្រទេសជាតិដែលនៅជិតៗពួកគេ ក៏ធ្លាក់ក្នុងកំហុសនៃអំពើបាបដ៏ធ្ងន់ដែរ ( សូមមើល អេម៉ុស ១; ២:១–៥ ) ប៉ុន្តែនោះពុំមែនជាការដោះសារបស់ប្រជារាស្រ្តនៃព្រះឡើយ ( សូមមើល អេម៉ុស ៣:២ ) ។ ដូច្នេះ ព្រះបានចាត់អ្នកចិញ្ចឹមសត្វម្នាក់មកពីស្រុកយូដាឈ្មោះ អេម៉ុស ឲ្យប្រកាសពីការប្រែចិត្តដល់នគរអ៊ីស្រាអែល ។ ក្រោយមកទៀត ព្រះក៏បានប្រកាសតាមរយៈព្យាការីអូបាឌាថា ទោះជានគរយូដាត្រូវបានបំផ្លាញចោលក្ដី ក៏ព្រះអម្ចាស់នឹងប្រមូលផ្ដុំ ហើយប្រទានពរជ័យដល់រាស្ត្ររបស់ទ្រង់ម្ដងទៀតដែរ ។ ព្យាការីទាំងពីររូបបានថ្លែងទីបន្ទាល់ថា រាស្ត្រនៃសេចក្តីសញ្ញាបានវង្វេងចេញពីព្រះអម្ចាស់ ប៉ុន្តែពួកគេនឹងមិនត្រូវបោះបង់ចោលជារៀងរហូតនោះទេ។ នៅពេលព្រះបើកសម្ដែងរឿងអាថ៌កំបាំងរបស់ទ្រង់ដល់ពួកអ្នកបម្រើរបស់ទ្រង់ដែលជាព្យាការី ( សូមមើល អេម៉ុស ៣:៧ ) នោះយើងអាចចាត់ទុកវាជាទីសម្គាល់មួយថា ទ្រង់នៅតែសព្វព្រះទ័យចង់ជួយយើងឲ្យរស់នៅតាមសេចក្ដីសញ្ញាដែលយើងបានធ្វើជាមួយនឹងទ្រង់ដដែល ។
សម្រាប់ព័ត៌មានបន្ថែមទៀតស្ដីពីគម្ពីរអេម៉ុស និង អូបាឌា សូមមើល « អេម៉ុស » និង « អូបាឌា » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ព្រះអម្ចាស់បើកសម្ដែងសេចក្ដីពិតតាមរយៈពួកព្យាការីរបស់ទ្រង់ ។
នៅក្នុង អេម៉ុស ៣:៣–៦ ព្យាការីអេម៉ុសបានបង្ហាញគំរូមួយចំនួនអំពីបុព្វហេតុ និងលទ្ធផល ៖ ដោយសារសត្វសិង្ហមួយក្បាលរកឃើញរំពា សត្វសិង្ហនោះក៏គ្រហឹម ដោយសារអន្ទាក់មួយត្រូវបានដាក់សម្រាប់បក្សីមួយក្បាល បក្សីនោះត្រូវបានជាប់អន្ទាក់ ។ ( សូមកត់ចំណាំថា នៅក្នុងការបកប្រែដោយយ៉ូសែប ស្ម៊ីធ សម្រាប់ ខទី ៦ ពាក្យ « ធ្វើ » ត្រូវបានប្ដូរជាពាក្យ « ស្គាល់ » ) ។ នៅក្នុង ខទី ៧–៨ អេម៉ុសបានអនុវត្តតក្កវិជ្ជានេះចំពោះពួកព្យាការី ។ តើអ្វីទៅដែលបណ្ដាលឲ្យព្យាការីមួយរូបព្យាករ ? តើបងប្អូនរៀនបានអ្វីខ្លះទៀតអំពីព្យាការី កាលបងប្អូនអាន អេម៉ុស ៧:១០–១៥ ? សូមពិចារណាពីហេតុផលដែលបងប្អូនមានអំណរគុណថា ព្រះនៅតែ « សម្ដែងឲ្យពួកហោរា ជាអ្នកបម្រើទ្រង់ ឃើញគំនិតលាក់កំបាំងរបស់ទ្រង់ » ( អេម៉ុស ៣:៧ ) ។ តើសេចក្ដីពិតនេះណែនាំអ្វីខ្លះដល់បងប្អូនអំពីព្រះ ?
សូមមើលផងដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ១:៣៨; ២១:៤–៨; ៣៥:១៣–១៤ ។
« ចូរស្វែងរកព្រះយេហូវ៉ាវិញ នោះឯងរាល់គ្នានឹងរស់នៅ » ។
កាលបងប្អូនអាន អេម៉ុស ៤:៦–១៣ សូមកត់ចំណាំពីការកាត់សេចក្ដីដែលព្រះអម្ចាស់បានចាត់ទៅដល់ប្រជាជនអ៊ីស្រាអែល ។ តើខគម្ពីរទាំងនេះណែនាំអ្វីខ្លះ អំពីអ្វីដែលព្រះអម្ចាស់សង្ឃឹមចង់ឲ្យកើតឡើង បន្ទាប់ពីបទពិសោធន៍នីមួយៗទាំងនេះ ? ( សូមមើលផងដែរ ហេលេមិន ១២:៣ ) ។ សូមគិតអំពីការសាកល្បងមួយនាពេលថ្មីៗនេះដែលបងប្អូនបានជួប ។ ខណៈដែលការសាកល្បងរបស់បងប្អូនអាចនឹងមិនមែនត្រូវបានចាត់មកពីព្រះ សូមពិចារណាពីរបៀបដែលវាអាចផ្ដល់ឱកាសឲ្យបងប្អូនស្វែងរកទ្រង់ ។
សូមអាន អេម៉ុស ៥:៤, ១៤–១៥ ហើយពិចារណាពីរបៀបដែលព្រះអម្ចាស់មាន « ករុណាគុណ » ( ខទី ១៥ ) ចំពោះបងប្អូន នៅពេលបងប្អូនបានស្វែងរកទ្រង់ ទោះជាអំឡុងគ្រានៃការសាកល្បងរបស់បងប្អូនក្ដី ។
សូមមើលផងដែរ ដូណល អិល ហលស្ត្រម « Turn to the Lord » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៧៨–៨០ ។
ព្រះបន្ទូលនៃព្រះអម្ចាស់អាចបំពេញសេចក្ដីស្រេកឃ្លានខាងវិញ្ញាណបាន ។
យើងគ្រប់គ្នាជួបនូវគ្រានៃការស្រេកឃ្លានខាងវិញ្ញាណ ប៉ុន្តែយើងពុំចាំបាច់ត្រូវ « ដើរចុះឡើងពីសមុទ្រម្ខាងទៅសមុទ្រម្ខាង » ( អេម៉ុស ៨:១២ ) ដោយរកមើលអ្វីមួយដែលបំពេញចិត្តយើងនោះឡើយ ។ យើងដឹងពីអ្វីដែលនឹងបំពេញសេចក្ដីស្រេកឃ្លានខាងវិញ្ញាណនោះ ហើយយើងមានពរជាមួយព្រះបន្ទូលនៃព្រះអម្ចាស់យ៉ាងបរិបូរណ៍ ។ កាលបងប្អូនអាន អេម៉ុស ៨:១១–១២ សូមគិតពីហេតុផលដែលអំណត់អត់មួយគឺជាការប្រៀបធៀបដ៏ល្អចំពោះការរស់នៅដោយគ្មានព្រះបន្ទូលនៃព្រះ ។ តើការយល់ដឹងបន្ថែមទៀតអ្វីខ្លះដែលបងប្អូនរកឃើញនៅក្នុង ម៉ាថាយ ៥:៦; យ៉ូហាន ៦:២៦–៣៥; នីហ្វៃទី២ ៩:៥០–៥១; ៣២:៣; អេណុស ១:៤–៨ ?
សូមមើលផងដែរ ជែហ្វ្រី អ័រ ហូឡិន « He Hath Filled the Hungry with Good Things » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៧ ទំព័រ ៦៤–៦៦ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « សេចក្ដីក្បត់សាសនា » នៅលើគេហទំព័រ topics.ChurchofJesusChrist.org ។
តើនរណាជា « ពួកអ្នកដែលបានសង្គ្រោះ …ឯភ្នំស៊ីយ៉ូន » ?
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានផ្ដល់ការបកស្រាយមួយអំពីឃ្លា « ពួកអ្នកដែលបានសង្គ្រោះឯភ្នំស៊ីយ៉ូន » ដោយភ្ជាប់ឃ្លានោះទៅនឹងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ៖ « [ នៅក្នុងព្រះវិហារបរិសុទ្ធ ] យើងក្លាយជាពួកអ្នកដែលបានសង្គ្រោះឯភ្នំស៊ីយ៉ូនយ៉ាងពិតប្រាកដ ។ តើការណ៍នេះមានន័យដូចម្ដេចទៅ ? ដូចដែលព្រះប្រោសលោះរបស់យើងបានប្រទានព្រះជន្មរបស់ទ្រង់ ទុកជាការបូជាជំនួសមនុស្សទាំងអស់ដែរ ហើយការធ្វើដូច្នេះទ្រង់បានក្លាយជាព្រះអង្គសង្គ្រោះរបស់យើង រួមទាំងយើងដែរនៅក្នុងរង្វាស់ដ៏តូចមួយ នៅពេលយើងចូលរួមក្នុងកិច្ចការជំនួសនៅក្នុងព្រះវិហារបរិសុទ្ធ នោះយើងនឹងក្លាយជាពួកអ្នកដែលបានសង្គ្រោះដល់មនុស្សនៅផ្នែកម្ខាងទៀតដែលគ្មានមធ្យោបាយដើម្បីរីកចម្រើន លើកលែងតែអ្វីមួយត្រូវបានធ្វើឡើងជំនួសឲ្យពួកគាត់ដោយមនុស្សដែលរស់នៅលើផែនដី » ( « Closing Remarks » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ១០៥ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្នុងគ្រួសារ
-
អេម៉ុស ៣:៧ ។បងប្អូនអាចមើលឡើងវិញនូវសារលិខិតថ្មីៗមួយចំនួនមកពីប្រធានសាសនាចក្រ ហើយពិភាក្សាពីអ្វីដែលព្រះអម្ចាស់កំពុងបើកសម្ដែងដល់គ្រួសាររបស់បងប្អូនតាមរយៈលោក ។ ហេតុអ្វីវាសំខាន់ដើម្បីមានព្យាការីមួយរូបដែលដឹកនាំសាសនាចក្រនេះ ? តើយើងដឹងថា លោកគឺជាព្យាការីដ៏ពិតម្នាក់តាមរបៀបណា ? តើយើងកំពុងធ្វើអ្វីខ្លះដើម្បីធ្វើតាមការប្រឹក្សារបស់លោក ?
-
អេម៉ុស ៥:៤។គ្រួសាររបស់បងប្អូនអាចបង្កើតជាប័ណ្ណប្រកាសមួយ ដើម្បីព្យួរនៅក្នុងផ្ទះរបស់បងប្អូនដោយមានដាក់ខគម្ពីរនេះនៅលើប័ណ្ណប្រកាសនេះ ។ តើការស្វែងរកព្រះមានន័យយ៉ាងណាចំពោះបងប្អូន ? តើយើងស្វែងរកទ្រង់តាមរបៀបណា ? តើយើងទទួលបានពរជ័យអ្វីខ្លះ នៅពេលយើងធ្វើបែបនេះ ? បងប្អូនអាចអញ្ជើញសមាជិកគ្រួសារឲ្យចែកចាយ ហើយពិភាក្សាវគ្គផ្សេងទៀតដែលបង្រៀនអំពីការស្វែងរកព្រះអម្ចាស់ ដូចជា ម៉ាថាយ ៧:៧–៨; អេធើរ ១២:៤១ និង គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦៣ ។
-
អេម៉ុស ៨:១១–១២ ។កុមារអាចរីករាយនឹងការធ្វើកាយវិការតាមឃ្លានៅក្នុងខគម្ពីរទាំងនេះ ។ នៅពេលដែលរូបកាយរបស់បងប្អូនស្រេក ឬឃ្លាន តើយើងធ្វើអ្វីខ្លះ ? នៅពេលដែលវិញ្ញាណរបស់បងប្អូនស្រេក ឬឃ្លាន តើយើងធ្វើអ្វីខ្លះ ? បងប្អូនក៏អាចមើលវីដេអូ « The Great Apostasy » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) និងសុន្ទរកថាអំពីរបៀបដែលការស្ដារឡើងវិញនៃដំណឹងល្អ បំពេញការស្រេកឃ្លានខាងវិញ្ញាណរបស់យើងផងដែរ ។
-
អូបាឌា ១:២០ ។តើវាអាចមានន័យដូចម្ដេចដើម្បីធ្វើជា « ពួកអ្នកដែលបានសង្រ្គោះ … ឯភ្នំស៊ីយ៉ូន » ? ( សម្រាប់ការពន្យល់ដែលអាចមាន សូមមើលសេចក្ដីថ្លែងការណ៍របស់ប្រធាន ហ្គរដុន ប៊ី ហ៊ីងគ្លី នៅក្នុង « គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន » ) ។ តើបុព្វការីជនរបស់យើងណាម្នាក់ដែលត្រូវការពិធីបរិសុទ្ធនៃការសង្រ្គោះ ? តើយើងនឹងធ្វើអ្វីខ្លះដើម្បីជួយដល់ពួកគាត់ ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្តាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ។
ចម្រៀងដែលលើកទឹកចិត្តឲ្យប្រើ « យើងអរគុណទ្រង់ចំពោះព្យាការី » ទំនុកតម្កើង ល.រ. ១០ ។