ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃ​ទី ៧–១៣ ខែ វិច្ឆិកា ។ ហូសេ ១–៦; ១០–១៤; យ៉ូអែល ៖ « យើង​នឹង​ស្រឡាញ់​គេ​ស្ម័គ្រ​ពីចិត្ត »


« ថ្ងៃ​ទី ៧–១៣ ខែ វិច្ឆិកា ។ ហូសេ ១–៦; ១០–១៤; យ៉ូអែល ៖ ‹ យើង​នឹង​ស្រឡាញ់​គេ​ស្ម័គ្រ​ពីចិត្ត › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃ​ទី ៧–១៣ ខែ វិច្ឆិកា ។ ហូសេ ១–៦; ១០–១៤; យ៉ូអែល » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

កូនក្រមុំ និង​កូនកំលោះ​នៅក្នុង​បរិវេណ​ព្រះវិហារ​បរិសុទ្ធ

ថ្ងៃ​ទី ៧–១៣ ខែ វិច្ឆិកា

ហូសេ ១–៦; ១០–១៤; យ៉ូអែល

« យើង​នឹង​ស្រឡាញ់​គេ​ស្ម័គ្រ​ពីចិត្ត »

សូម​យាង​អញ្ជើញ​ព្រះវិញ្ញាណ​មក​ជា​ផ្នែក​មួយ​នៃ​ការសិក្សា​របស់​បងប្អូន​ក្នុង​គម្ពីរ​ហូសេ និង​យ៉ូអែល ។ ចូរ​កត់​ចំណាំ​ពី​សារលិខិត​ដែល​ព្រះវិញ្ញាណ​បំផុស​នៅ​ក្នុង​ដួង​ចិត្ត និង​គំនិត​របស់​បងប្អូន ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

សេចក្ដី​សញ្ញា​របស់​អ៊ីស្រាអែល​ជាមួយ​នឹង​ព្រះអម្ចាស់​មានអត្ថន័យ​យ៉ាង​ជ្រាលជ្រៅ រហូត​ធ្វើ​ឲ្យ​ព្រះអម្ចាស់​ប្រៀបធៀប​វា​នឹង​អាពាហ៍ពិពាហ៍​មួយ ។ សេចក្ដីសញ្ញានោះ​ប្រៀប​បាន​នឹង​អាពាហ៍ពិពាហ៍​មួយ​ដែរ វា​រួម​បញ្ចូល​ទាំង​ការ​តាំង​ចិត្ត​ដ៏​នៅ​អស់​កល្បជានិច្ច ការ​ចែកចាយ​បទពិសោធន៍ ការស្ថាបនាជីវិត​រួម​គ្នា ភក្ដីភាព​ដ៏​ពិត​ទាំងស្រុង ហើយ​សំខាន់​បំផុត​គឺ​សេចក្ដីស្រឡាញ់​ស្មោះអស់ពី​ចិត្ត ។ ភក្ដីភាព​បែប​នេះ​បាន​កើត​ចេញ​ពី​ការ​រំពឹង​ទុក​ដ៏​ខ្ពស់—និង​លទ្ធផល​ដ៏​អាក្រក់​សម្រាប់​ការក្បត់គ្នា ។ តាមរយៈ​ព្យាការី​ហូសេ ព្រះ​បាន​ពិពណ៌នា​អំពី​លទ្ធផល​មួយ​ចំនួន​ដែល​សាសន៍​អ៊ីស្រាអែល​បាន​ជួប​ប្រទះ ដោយសារ​ការបំពាន​លើ​សេចក្ដី​សញ្ញា​របស់​ពួកគេ ។ ហេតុដូច្នេះហើយ សារលិខិត​របស់​ទ្រង់​មិន​មែន​ថា « យើង​នឹង​បដិសេធ​អ្នករាល់គ្នា​ជារៀងរហូត ដោយសារ​តែ​ភាព​មិន​ស្មោះត្រង់​នោះទេ » ។ ផ្ទុយទៅវិញ​គឺ​ថា « យើង​នឹង​អញ្ជើញ​អ្នករាល់គ្នា​ឲ្យ​ត្រឡប់មកវិញ » ( សូមមើល ហូសេ ២:១៤–១៥ ) ។ « យើង​នឹង​ដណ្តឹង​នាង​សម្រាប់​យើង​ដោយ​សេចក្តី​សុចរិត » ( ហូសេ ២:១៩ ) ។ « យើង​នឹង​កែ​ការរាថយ​របស់​គេ​ឲ្យ​ជា ហើយ​យើង​នឹង​ស្រឡាញ់​គេ​ស្ម័គ្រ​ពី​ចិត្ត » ( ហូសេ ១៤:៤ ) ។ នេះគឺជា​សារលិខិត​ដូច​គ្នា​ដែល​ទ្រង់​ប្រទាន​ដល់​យើង​នៅ​សព្វថ្ងៃនេះ នៅពេល​យើង​ខិតខំ​រស់នៅ​តាម​សេចក្ដីសញ្ញា​រ​បស់​យើង​ដោយ​សេចក្ដីស្រឡាញ់ និង​ភក្ដីភាព ។

យ៉ូអែល​បាន​ចែកចាយ​សារលិខិត​ស្រដៀង​គ្នា​ថា « វិល​មក​ឯ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​ចុះ ដ្បិត​ទ្រង់​ប្រកប​ដោយ​ព្រះគុណ​នឹង​សេចក្តី​មេត្តាករុណា ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​ក៏​មាន​សេចក្តី​សប្បុរស​ជា​បរិបូរណ៍ » ( យ៉ូអែល ២:១៣ ) ។ « ព្រះយេហូវ៉ា​នឹង​ធ្វើ​ជា​ទី​ពំនាក់​ដល់​រាស្ត្រ​ទ្រង់ ហើយ​ជា​ទី​មាំមួន ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល » ( យ៉ូអែល ៣:១៦ ) ។ នៅពេល​បងប្អូន​អាន​គម្ពីរ​ហូសេ និង​យ៉ូអែល សូម​ពិចារណា​ពី​ទំនាក់ទំនង​របស់​បងប្អូន​ផ្ទាល់​ជាមួយ​នឹង​ព្រះអម្ចាស់ ។ សូម​គិត​ពី​របៀប​ដែល​សេចក្ដីស្មោះត្រង់​របស់​ទ្រង់ បំផុស​គំនិត​បងប្អូន​ឲ្យ​ស្មោះត្រង់​ចំពោះ​ទ្រង់ ។

សម្រាប់​ទិដ្ឋភាព​ទូទៅ​ស្ដីពី​គម្ពីរ​ហូសេ និង​គម្ពីរ​យ៉ូអែល សូម​មើល « ហូសេ » និង « យ៉ូអែល » នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ហូសេ ១–៣; ១៤

ព្រះអម្ចាស់​តែងតែ​អញ្ជើញ​ខ្ញុំ​ឲ្យ​ត្រឡប់​ទៅ​រក​ទ្រង់​វិញ ។

នាង​កូមើរ ជាភរិយា​របស់​ហូសេ ពុំមាន​ភក្តីភាព​ចំពោះ​លោក​ឡើយ ហើយ​ព្រះ​បាន​ចង្អុល​បង្ហាញ​ព្រឹត្តិការណ៍​សោកសៅ​នេះ ដើម្បី​បង្រៀន​ដល់​សាសន៍​អ៊ីស្រាអែល​ពី​ទឹក​ព្រះទ័យ​របស់​ទ្រង់​ចំពោះ​ពួកគេ និង​សេចក្ដី​សញ្ញា​របស់​ពួកគេ​ជាមួយ​ទ្រង់ ។ កាល​បងប្អូន​អាន ហូសេ ១–៣ សូម​ពិចារណា​អំពី​ព្រះ​តម្រិះ​របស់​ព្រះអម្ចាស់​ចំពោះ​ទំនាក់​ទំនង​របស់​ទ្រង់​ជាមួយ​រាស្រ្ត​នៃ​សេចក្ដី​សញ្ញា​របស់​ទ្រង់ ។ បងប្អូន​អាច​ពិចារណា​ពី​របៀប​នានា​ដែល​បងប្អូន ក៏​ដូចជា​សាសន៍​អ៊ីស្រាអែល​ដែរ ប្រហែល​ជា​ធ្លាប់​មិន​ស្មោះត្រង់​នឹង​ព្រះអម្ចាស់ និង​របៀប​ដែល​ទ្រង់​បាន​លូក​ព្រះហស្ត​មក​ជួយ​បងប្អូន ។ ឧទាហរណ៍ តើ ហូសេ ២:១៤–២៣ និង ហូសេ ១៤ បង្រៀន​បងប្អូន​អ្វីខ្លះ​អំពី​សេចក្តី​ស្រឡាញ់ និង​សេចក្តី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់ ? តើ​បងប្អូន​បង្ហាញ​សេចក្តី​ស្រឡាញ់ និង​ភក្តីភាព​របស់​បងប្អូន​ចំពោះ​ទ្រង់​យ៉ាង​ដូចម្តេច ?

សូមមើល​ផងដែរ ឌៀថើរ អេហ្វ អុជដូហ្វ « Point of Safe Return » Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ៩៩–១០១ ។

ស្ដ្រី​ម្នាក់​កំពុង​អង្គុយ​នៅនឹង​ដី ដោយ​មាន​បុរស​ម្នាក់​ដាក់​ដៃ​លើ​ក្បាល

នាង​កូមើរ ដែល​មាន​បាបកម្ម ដែល​ជា​អ្នកតំណាង​ឲ្យ​សាសន៍​អ៊ីស្រាអែល ត្រូវបាន​ព្រះអម្ចាស់​ប្រទាន​សេចក្តី​ប្រោសលោះ​ឲ្យ ។ រចនា​រូប​ភាព​ដោយ ឌីប មីនណាឌ បាន​ទទួល​អាជ្ញា​បណ្ណ​ពី​គេហទំព័រ goodsalt.com

ហូសេ ៦:៤–៧; យ៉ូអែល ២:១២–១៣

ការ​មាន​ភក្ដីភាព​ចំពោះ​ព្រះ ត្រូវ​តែ​ចេញ​ពី​ចិត្ត មិនមែន​គ្រាន់តែ​បង្ហាញ​តែ​សំបក​ក្រៅ​ប៉ុណ្ណោះ​ទេ ។

ព្រះអម្ចាស់​បង្គាប់​រាស្រ្ត​របស់ទ្រង់​ឲ្យ​ថ្វាយ​យញ្ញបូជា​សត្វ ។ ប៉ុន្ដែ​ទោះ​ជា​ប្រជាជន​នៅ​ជំនាន់​ហូសេ ធ្វើ​តាម​ក្រឹត្យវិន័យ​នោះ​ក្តី ក៏​ពួកគេ​បាន​បំពាន​លើ​បទ​បញ្ញត្តិ​ដ៏​ធំ​ដែរ ( សូមមើល ហូសេ ៦:៤–៧ ) ។ តើ​បងប្អូន​គិតថា វា​មាន​អត្ថន័យ​យ៉ាងណា​ដែល​ព្រះអម្ចាស់ « ពេញ​ចិត្ត​ចំពោះ​សេចក្តី​សប្បុរស​មិន​មែន​ចំពោះ​យញ្ញបូជា​ទេ ហើយ​ពេញ​ចិត្ត​ចំពោះ​ការ​ស្គាល់​ព្រះ​ជា​ជាង​ការ​ថ្វាយ​ដង្វាយ​ដុត​ទៅ​ទៀត » ? ( ហូសេ ៦:៦ ) ។ តើ​បងប្អូន​គិត​ថា សេចក្ដី​សុចរិត​គឺ​ដូច​ជា​ពពក ឬ​ទឹក​សន្សើម​មាន​អត្ថន័យ​យ៉ាង​ណា​ដែរ ? តើ​សេចក្ដី​សុចរិត​របស់​យើង​គួរ​មាន​លក្ខណៈ​បែបណា ? ( សូមមើល អេសាយ ៤៨:១៨; នីហ្វៃទី១ ២:៩–១០ ) ។

បងប្អូន​ក៏​អាច​អាន​ផងដែរ ម៉ាថាយ ៩:១០–១៣; ១២:១–៨ ដើម្បី​ឃើញ​ពី​របៀប​ដែល​ព្រះអង្គ​សង្រ្គោះ​បានប្រើ ហូសេ ៦:៦ នៅអំឡុង​ការងារ​បម្រើ​របស់​ទ្រង់ ។ តើ​វគ្គ​បទគម្ពីរ​ទាំង​នេះ​ជួយ​បងប្អូន​ឲ្យ​យល់​ពី​ពាក្យ​សម្តី​របស់​ហូសេ យ៉ាង​ដូច​ម្តេចខ្លះ ?

នៅពេល​អាន យ៉ូអែល ២:១២–១៣ វា​អាច​ជួយ​ឲ្យ​ដឹង​ថា ការហែក​អាវ​គឺ​ជា​សញ្ញា​ខាង​ក្រៅ​នៃ​ការកាន់ទុក្ខ ឬ​ការសោកស្តាយ ( ​សូមមើល​ឧទាហរណ៍ របាក្សត្រ ទី២ ៣៤:១៤–២១, ២៧ ) ។ តើ​ការហែកចិត្ត​យើង​ខុស​ពី​ការហែក​អាវ​របស់​យើង​យ៉ាង​ដូចម្តេច ?

សូមមើល​ផងដែរ អេសាយ ១:១១–១៧; ម៉ាថាយ ២៣:២៣; យ៉ូហាន ទី១ ៣:១៧–១៨ ។

យ៉ូអែល ២

« យើង​នឹង​ចាត់​វិញ្ញាណ​របស់​យើង​ទៅ​លើ​គ្រប់​ទាំង​មនុស្ស » ។

នៅពេល​យ៉ូអែល​បាន​ព្យាករ​ពី « ថ្ងៃ​នៃ​ព្រះយេហូវ៉ា » លោក​បាន​ពិពណ៌នា​ថា​វា « គឺ​ជា​ថ្ងៃ​ងងឹត ហើយ​មីរស្រទំ » « ធំ​ក្រៃលែង ហើយ​គួរ​ស្ញែង​ខ្លាច​ណាស់ » ( យ៉ូអែល ២:១–២, ១១ ) ។ អ៊ីស្រាអែល​បាន​ប្រឈម​មុខ​នឹង​ថ្ងៃ​ដ៏​ធំ​ក្រៃលែង និង​គួរ​ឲ្យ​ស្ញែងខ្លាច​ជាច្រើន​នៅក្នុង​ប្រវត្ដិ​សាស្ដ្រ​របស់​ខ្លួន ហើយ​រាស្រ្ត​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ​នឹង​ត្រូវ​ប្រឈម​មុខ​កាន់​តែ​ច្រើន​នា​ពេល​អនាគត ។ តើ​បងប្អូន​ចាប់​អារម្មណ៍​លើ​អ្វីខ្លះ មកពី​ការទូន្មាន​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​នៅក្នុង យ៉ូអែល ២:១២–១៧ ? សូម​កត់សម្គាល់​ពី​ពរជ័យ​ដែល​ទ្រង់​បាន​សន្យា​ផងដែរ នៅក្នុង យ៉ូអែល ២:១៨–៣២ ។ ហេតុអ្វី​ពរជ័យ​ដែល​បាន​សន្យា​នៅក្នុង ខទី ២៧–៣២ អាច​មាន​តម្លៃ​ជា​ពិសេស​នៅ​សម័យ​ដូច​បាន​ពិពណ៌នា​នៅក្នុង យ៉ូអែល ២ ព្រមទាំង​សម័យ​របស់​យើង​ផងដែរ ?

តើ​បងប្អូន​គិត​ថា វាមានន័យ​យ៉ាង​ណា ដែល​ថា ព្រះអម្ចាស់​នឹង « ចាត់​វិញ្ញាណ [ របស់ទ្រង់ ] ទៅ​លើ​គ្រប់​ទាំង​មនុស្ស » ? ( យ៉ូអែល ២:២៨ ) ។ តើ​ការព្យាករ​នៅក្នុង យ៉ូអែល ២:២៨–២៩ ត្រូវបាន​បំពេញ​យ៉ាង​ដូចម្តេច ? ( សូមមើល កិច្ចការ ២:១–២១; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៤១ ) ។

បងប្អូន​អាច​សញ្ជឹងគិត​ដល់​ប្រសាសន៍​របស់​ប្រធាន រ័សុល អិម ណិលសុន ៖ « នៅ​ពេល​ខាង​មុខ វា​នឹង​មិន​អាច​រស់​រាន​ខាង​វិញ្ញាណ​បាន​ឡើយ បើ​គ្មាន​ព្រះចេស្ដា​ណែនាំ ដឹកនាំ និង​លួង​លោម​ចិត្ត​ជាប់​ជានិច្ច​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ » ( « Revelation for the Church, Revelation for Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៦ ) ។ ហេតុអ្វី​បាន​ជា​វិវរណៈ​មានសារៈ​សំខាន់​ចំពោះ​ការរស់​រាន​ខាង​វិញ្ញាណ​របស់​យើង ? តើ​បងប្អូន​អាច​បង្កើន​សមត្ថភាព​របស់​បងប្អូន​ដើម្បី​ទទួល​វិវរណៈ​ផ្ទាល់​ខ្លួន​យ៉ាង​ដូចម្តេច ?

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្នុង​គ្រួសារ

ហូសេ ២:១៩–២០ ។ព្រះ​អម្ចាស់​បាន​ប្រើ​ការប្រៀបធៀប​នៃ​អាពាហ៍ពិពាហ៍ ដើម្បី​ពិពណ៌នា​អំពី​ទំនាក់​ទំនង​នៃ​សេចក្តី​សញ្ញា​របស់​ទ្រង់​ជាមួយ​អ៊ីស្រាអែល ( សូមមើល​ផងដែរ សេចក្ដី​ណែនាំ​ដល់​បទ​គម្ពីរ​ទាំងឡាយ « ប្ដី​ថ្មោង​ថ្មី » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។ គ្រួសារ​របស់​បងប្អូន​អាចពិ​ភាក្សា​ពី​មូលហេតុ ដែល​អាពាហ៍​ពិពាហ៍​អាច​ជា​ការប្រៀប​ធៀប​ដ៏ល្អ​មួយ​សម្រាប់​សេចក្តី​សញ្ញា​របស់​យើង​ជា​មួយ​ព្រះ ។ តើ ហូសេ ២:១៩–២០ ជួយ​យើង​ឲ្យ​យល់​ពី​ទឹក​ព្រះទ័យ​របស់​ព្រះ​ចំពោះ​យើង​យ៉ាង​ដូចម្តេច ? តើ​យើង​អាច​ស្មោះត្រង់​នឹង​សេចក្ដី​សញ្ញា​របស់​យើង​ជាមួយ​ទ្រង់​យ៉ាង​ដូច​ម្តេច ?

ហូសេ ១០:១២ ។កុមារ​អាច​រីករាយ​នឹង​ការគូរ​រូប​នាឡិកា និង​ការដាក់​ផែនការ​ពី​វិធី​ដែល​ពួកគេ​អាច​ស្វែងរក​ព្រះអម្ចាស់​នៅ​ពេល​ផ្សេងៗ​គ្នា នៅពេញ​មួយ​ថ្ងៃ ។

យ៉ូអែល ២:១២–១៣ ។ដើម្បី​ជួយ​គ្រួសារ​របស់​បងប្អូន​ឲ្យ​គិត​អំពី យ៉ូអែល ២:១២–១៣ បងប្អូន​អាច​ដាក់​តាំង​រូបភាព​របស់​ព្រះអង្គ​សង្គ្រោះ​នៅម្ខាង​បន្ទប់ និង​ពាក្យ អំពើបាប នៅ​ម្ខាង​ទៀត ។ សូម​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​ប្តូរ​វេន​គ្នា​បែរមុខ​រក​ស្លាក​សញ្ញា ហើយ​បន្ទាប់​មក​បែរ​មុខ​ទៅ​រក​ព្រះ​អង្គ​សង្គ្រោះ នៅ​ពេល​ពួកគេ​ចែកចាយ​ពី​អ្វី​ដែល​អាច​ជួយ​យើង​ឲ្យ​បែរ​ទៅរក​ទ្រង់ « ឲ្យ​អស់​ពី​ចិត្ត [ យើង ] » ។ សូម​លើក​ទឹកចិត្ត​សមាជិក​គ្រួសារ​ឲ្យ​គិត​អំពី​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​ជីវិត​របស់​ពួកគេ ដោយ​រួម​ទាំង​សកម្មភាព​នានា ការងារ សាលារៀន និង​ទំនាក់​ទំនង​ផងដែរ ។

យ៉ូអែល ២:២៨–២៩ ។តើ​វា​អាច​មាន​អត្ថន័យ​យ៉ាង​ណា ដែល​ព្រះវិញ្ញាណ​ដែល​ត្រូវបាន « ចាត់ » ឲ្យ​មក​លើ​យើង ? ប្រហែល​ជា​បងប្អូន​អាច​ធ្វើ​ការ​បង្ហាញ​ជាក់​ស្តែង​អំពី​ពាក្យ​នេះ តាមរយៈ​ការ​ចាក់​ទឹក ហើយ​បន្ទាប់មក​ធ្វើ​វា​ផ្ទុយគ្នា​ដោយ​សម្រក់ ឬ​បង្ហូរ​ទឹក​នោះ ។

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្តាហ៍​នេះ នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ចម្រៀង​លើក​ទឹក​ចិត្ត​ឲ្យ​ប្រើ ៖ « មក​ឯ​ព្រះ​យេស៊ូវ » ទំនុកតម្កើង ល.រ. ៦៤ ។

ការកែលម្អ​ការបង្រៀន​របស់​យើង

បង្រៀន​គោលលទ្ធិ ។ « សូម​កុំ​ខកខាន​ឱកាស​ប្រមូល​កូនចៅ​មក​រៀន​ជាមួយ​គ្នា​អំពី​គោលលទ្ធិ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ ។ គ្រា​បែប​នេះ​កម្រ​មាន​ណាស់ បើ​ប្រៀបធៀប​នឹង​ការប្រឹងប្រែង​របស់​មារសត្រូវ​នោះ » ( ហិនរី ប៊ី អាវរិង « The Power of Teaching Doctrine » Ensign ខែ ឧសភា ឆ្នាំ ១៩៩៩ ទំព័រ ៧៤ ) ។

ព្រះយេស៊ូវ​គង់​នៅ​មាត់ទ្វារ

ចូរ​មក​ឯខ្ញុំ ដោយ ខេលី ផហ្គ