« ថ្ងៃទី ៣១ ខែ តុលា–ថ្ងៃទី ៦ ខែ វិច្ឆិកា ។ ដានីយ៉ែល ១–៦ ៖ ‹ គ្មានព្រះឯណាទៀត ដែលអាចនឹងជួយឲ្យរួចយ៉ាងដូច្នេះបានឡើយ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ៣១ ខែ តុលា–ថ្ងៃទី ៦ ខែ វិច្ឆិកា ។ ដានីយ៉ែល ១–៦ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២២
ថ្ងៃទី ៣១ ខែ តុលា–ថ្ងៃទី ៦ ខែ វិច្ឆិកា
ដានីយ៉ែល ១–៦
« គ្មានព្រះឯណាទៀត ដែលអាចនឹងជួយឲ្យរួចយ៉ាងដូច្នេះបានឡើយ »
អែលឌើរ រីឆាដ ជី ស្កត បានពន្យល់ថា ការកត់ត្រាការបំផុសគំនិត « បង្ហាញដល់ព្រះថា ទំនាក់ទំនងរបស់ទ្រង់គឺពិសិដ្ឋចំពោះយើង ។ ការកត់ត្រានឹងពង្រីកសមត្ថភាពរបស់យើង ដើម្បីនឹកចាំវិវរណៈផងដែរ » ( « How to Obtain Revelation and Inspiration for Your Personal Life » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៤៦ ) ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ប្រហែលគ្មាននរណាម្នាក់គំរាមនឹងបោះបងប្អូនចូលទៅក្នុងគុកភ្លើង ឬរូងសិង្ហដោយសារតែសេចក្ដីជំនឿរបស់បងប្អូនលើព្រះយេស៊ូវគ្រីស្ទនោះទេ ។ ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមយើងឆ្លងផុតជីវិតនេះ ដោយគ្មានការសាកល្បងនៃសេចក្តីជំនឿឡើយ ។ យើងទាំងអស់គ្នាអាចទទួលបានអត្ថប្រយោជន៍ពីគំរូរបស់បុគ្គលដូចជា ដានីយ៉ែល សាដ្រាក់ មែសាក់ និង អ័បេឌ-នេកោ ដែលបានជាប់ក្នុងសេវកភាពតាំងពីនៅក្មេង ដោយអាណាចក្របាប៊ីឡូនដ៏ខ្លាំងក្លា ( សូមមើល ពង្សាវតារក្សត្រ ទី២ ២៤:១០–១៦ ) ។ យុវជនទាំងនេះត្រូវបានហ៊ុមព័ទ្ធដោយវប្បធម៌ដែលមិនធ្លាប់ស្គាល់ ដែលមានគុណតម្លៃខុសៗគ្នា ហើយពួកគាត់បានប្រឈមមុខនឹងការល្បួងដ៏ខ្លាំងក្លាឲ្យបោះបង់ជំនឿ និងប្រពៃណីសុចរិតរបស់ពួកគាត់ ។ ពួកគាត់នៅពិតចំពោះសេចក្តីសញ្ញារបស់ពួកគាត់ ។ ដូចយ៉ូសែបស្រុកអេស៊ីព្ទ និងនាងអេសធើរ នៅពើស៊ី ដែរ ដានីយ៉ែល និងមិត្តរបស់គាត់នៅបាប៊ីឡូនបានរក្សាសេចក្តីជំនឿរបស់ពួកគាត់លើព្រះ ហើយព្រះបានធ្វើអព្ភូតហេតុដែលនៅតែបំផុសគំនិតដល់ក្រុមអ្នកជឿរហូតមកដល់សព្វថ្ងៃនេះ ។
តើពួកគាត់អាចស្វែងរកកម្លាំងដើម្បីបន្តនៅស្មោះត្រង់យ៉ាងដូចម្តេច ? ពួកគាត់បានធ្វើកិច្ចការតូចតាច និងងាយដែលព្រះបានបង្គាប់ឲ្យយើងទាំងអស់គ្នាធ្វើ—ការអធិស្ឋាន ការតមអាហារ ការជ្រើសរើសមិត្តល្អ ការទុកចិត្តលើព្រះ និងការធ្វើជាពន្លឺដល់អ្នកដទៃ ។ នៅពេលយើងត្រូវបានពង្រឹងដោយការធ្វើកិច្ចការតូចតាច និងងាយទាំងនេះ នោះយើងអាចប្រឈមមុខជាមួយសត្វសិង្ហ និងគុកភ្លើងដ៏កាចសាហាវនៅក្នុងជីវិតរបស់យើងបានដោយសេចក្ដីជំនឿ ។
សម្រាប់ទិដ្ឋភាពទូទៅស្ដីពីគម្ពីរដានីយ៉ែល សូមមើល « ដានីយ៉ែល » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ដានីយ៉ែល ១; ៣; ៦
ខ្ញុំអាចទុកចិត្តលើព្រះអម្ចាស់ នៅពេលសេចក្តីជំនឿរបស់ខ្ញុំត្រូវបានសាកល្បង ។
វាក៏ត្រូវម្យ៉ាងដែរ យើងទាំងអស់គ្នារស់នៅក្នុងក្រុងបាប៊ីឡូន ។ ពិភពលោកជុំវិញយើងពោរពេញទៅដោយការល្បួងជាច្រើន ដើម្បីធ្វើឲ្យបទដ្ឋានរបស់យើងអន្តរាយ ហើយសង្ស័យលើសេចក្ដីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ ។ កាលដែលបងប្អូនអាន ដានីយ៉ែល ១, ៣ និង ៦ សូមកត់ត្រារបៀបដែល ដានីយ៉ែល សាដ្រាក់ មែសាក់ និង អ័បេឌ-នេកោ បានរងសម្ពាធឲ្យធ្វើរឿងដែលពួកគាត់ដឹងថាខុស ។ តើបងប្អូនធ្លាប់ទទួលសម្ពាធឲ្យបន្ទាបជំនឿរបស់បងប្អូនដែរឬទេ ? តើបងប្អូនរៀនអ្វីខ្លះពីបុរសទាំងនេះ ដែលអាចជួយបងប្អូនឲ្យទុកចិត្តលើព្រះអម្ចាស់ ពេលបងប្អូនប្រឈមនឹងការជំទាស់ ?
គម្ពីរដានីយ៉ែល និងគម្ពីរជាច្រើនទៀត កត់ត្រាពីបទពិសោធន៍ដែលសេចក្តីជំនឿដ៏អស្ចារ្យបាននាំមកនូវអព្ភូតហេតុដ៏អស្ចារ្យដែរ ។ ប៉ុន្តែ ចុះបើសេចក្តីជំនឿរបស់យើងពុំបាននាំឲ្យមានអព្ភូតហេតុដែលយើងចង់បានវិញនោះ ? ( សូមមើល ឧទាហរណ៍ អាលម៉ា ១៤:៨–១៣ ) ។ ដោយផ្អែកលើអ្វីដែលបងប្អូនអាននៅក្នុង ដានីយ៉ែល ៣:១៣–១៨ តើបងប្អូនគិតថា សាដ្រាក់ មែសាក់ និង អ័បេឌ-នេកោ នឹងឆ្លើយសំណួរនេះយ៉ាងដូចម្តេច ? តើគំរូរបស់ពួកគាត់អាចមានឥទ្ធិពលលើរបៀបដែលបងប្អូនដោះស្រាយនឹងការសាកល្បងនៃសេចក្តីជំនឿរបស់បងប្អូនយ៉ាងដូចម្តេច ? សម្រាប់ព័ត៌មានបន្ថែមអំពីខគម្ពីរទាំងនេះ សូមមើលសារលិខិតរបស់អែលឌើរ ឌែនីស អ៊ី ស៊ីមិន្ស « But If Not… » ( Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៧៣–៧៥ ) ។
គម្ពីរដានីយ៉ែល ក៏បង្ហាញផងដែរពីរបៀបដែលជម្រើសសុចរិតរបស់បុគ្គលម្នាក់ៗ អាចធ្វើឲ្យអ្នកដទៃមានសេចក្ដីជំនឿលើព្រះអម្ចាស់កាន់តែខ្លាំងឡើង ។ តើគំរូអ្វីខ្លះអំពីរឿងនេះដែលបងប្អូនរកឃើញនៅក្នុង ជំពូក ១, ៣ និង៦ ? សូមពិចារណាពីឥទ្ធិពលដែលការជ្រើសរើសរបស់បងប្អូនអាចមានចំពោះអ្នកដទៃ ( សូមមើល ម៉ាថាយ ៥:១៦ ) ។
សូមមើលផងដែរ ឌៀថើរ អេហ្វ អុជដូហ្វ « Be Not Afraid, Only Believe » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៧៦–៧៩; ដេវីឌ អរ ស្តូន « Zion in the Midst of Babylon » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ៩០–៩៣ ។
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយគឺជានគរព្រះនៅលើផែនដី ។
តាមរយៈវិវរណៈ នោះដានីយ៉ែលបានឃើញថា សុបិនរបស់នេប៊ូក្នេសា បានទាយអំពីនគរខាងលោកិយនាពេលអនាគត ក៏ដូចជានគររបស់ព្រះនាពេលអនាគតដែល « មិនត្រូវបំផ្លាញ » ផងដែរ ( ដានីយ៉ែល ២:៤៤ ) ។ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានបង្រៀនថា « សាសនាចក្រនេះដែលជានគរនៅថ្ងៃចុងក្រោយ ដែលបានព្យាករទុកនោះពុំបានបង្កើតឡើងដោយមនុស្សទេ ប៉ុន្តែបានតាំងឡើងដោយព្រះនៃស្ថានសួគ៌ ហើយនឹងរមៀលចេញទៅដូចជាថ្ម ‹ ដែលដាប់ផ្ដាច់ចេញពីភ្នំឥតដៃណាធ្វើ › ដើម្បីមានពាសពេញផែនដី » ( « Why the Church » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១១១ ) ។ សូមគិតអំពីនគររបស់ព្រះនៅថ្ងៃចុងក្រោយ កាលដែលបងប្អូនអានការពិពណ៌នាអំពីថ្មនេះ ដានីយ៉ែល ២:៣៤–៣៥, ៤៤–៤៥ ។ តើបងប្អូនឃើញភាពស្រដៀងគ្នាអ្វីខ្លះ រវាងថ្ម និងនគរ ? តើបងប្អូនមើលឃើញនគររបស់ព្រះកំពុងបំពេញនៅលើផែនដីសព្វថ្ងៃនេះយ៉ាងដូចម្តេច ?
សូមមើលផងដែរ ហ្គរដុន ប៊ី ហ៊ីងគ្លី « The Stone Cut Out of the Mountain » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៨៣–៨៤;អិល វិតនី ក្លេតុន « The Time Shall Come » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ១១–១៣ ។
ព្រះអង្គសង្គ្រោះនឹងជួយដល់ខ្ញុំក្នុងការសាកល្បងរបស់ខ្ញុំ ។
តើបងប្អូនគិតយ៉ាងណា កាលដែលបងប្អូនអានអំពីបុគ្គលទីបួន ដែលបានបង្ហាញខ្លួននៅក្នុងគុកភ្លើងជាមួយសាដ្រាក់ មែសាក់ និង អ័បេឌ-នេកោ ? តើដំណើររឿងនេះជួយបងប្អូន កាលដែលបងប្អូនប្រឈមមុខនឹងការសាកល្បងយ៉ាងដូចម្តេច ? បងប្អូនអាចស្វែងរកការយល់ដឹងបន្ថែមនៅក្នុង ម៉ូសាយ ៣:៥–៧; អាលម៉ា ៧:១១–១៣; គោលលទ្ធិ និង សេចក្ដីសញ្ញា ៦១:៣៦–៣៧; ១២១:៥–៨ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្នុងគ្រួសារ
-
ដានីយ៉ែល ១–២ ។កាលបងប្អូនអាន ដានីយ៉ែល ១ និង២ ជាមួយគ្នា បងប្អូនអាចស្វែងរកពរជ័យដែល ដានីយ៉ែល និងមិត្តភក្តិរបស់លោកបានទទួលដោយការមិនបរិភោគសាច់ និងស្រារបស់ស្តេច ។ ( សូមមើល វីដេអូ « God Gave Them Knowledge » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ បងប្អូនអាចប្រៀបធៀបពរជ័យទាំងនោះទៅនឹងការសន្យារបស់ព្រះអម្ចាស់ចំពោះយើង នៅពេលយើងកាន់តាមព្រះបញ្ញត្តិរបស់ទ្រង់ ដូចជា ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩:១៨–២១) ។ តើព្រះអម្ចាស់បានប្រទានពរដល់បងប្អូន ដោយសារបងប្អូនបានរស់នៅតាមពាក្យសម្តីនៃប្រាជ្ញាវាងវៃយ៉ាងដូចម្តេច ?
-
ដានីយ៉ែល ៣ ។តើបងប្អូនអាចជួយគ្រួសាររបស់បងប្អូនឲ្យរៀនអំពីដំណើររឿងនេះនៅក្នុង ដានីយ៉ែល ៣ ដោយរបៀបណា ?« សាដ្រាក់ មែសាក់ និង អ័បេឌ-នេកោ » នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ អាចជួយបាន ។ តើមានអ្វីធ្វើឲ្យយើងចាប់អារម្មណ៍អំពីសាដ្រាក់ មែសាក់ និង អ័បេឌ-នេកោ ? តើមានស្ថានភាពអ្វីខ្លះដែលយើងប្រឈម ដែលសាកល្បងដល់សេចក្តីជំនឿរបស់យើង ហើយតម្រូវឲ្យយើងបង្ហាញថា យើងទុកចិត្តលើព្រះ ?
-
ដានីយ៉ែល ៦:១–២៣ ។គ្រួសាររបស់បងប្អូនអាចចូលចិត្តការសម្តែងសាច់រឿងខ្លះៗចេញពីដំណើររឿងនេះ នៅក្នុង ដានីយ៉ែល ៦:១–២៣ ( ឧទាហរណ៍ ខទី ១០–១២ ឬ ខទី ១៦–២៣ ) ។ តើយើងរៀនអ្វីខ្លះមកពីបទពិសោធន៍របស់ដានីយ៉ែល ? តើយើងអាចធ្វើអ្វីខ្លះដើម្បីកាន់តែក្លាយដូចជាលោក ?
-
ដានីយ៉ែល ៦:២៥–២៧ ។ស្របតាមខគម្ពីរទាំងនេះ តើស្តេចដារីយុសបានទទួលឥទ្ធិពលអ្វី នៅពេលព្រះអម្ចាស់បានរំដោះ ដានីយ៉ែលពីសត្វសិង្ហ ? បងប្អូនក៏អាចអាននៅក្នុង ដានីយ៉ែល ២:៤៧; ៣:២៨–២៩ ផងដែរអំពីរបៀបដែលស្តេច នេប៊ូក្នេសា បានទទួលឥទ្ធិពលស្រដៀងគ្នានេះ ។ តើយើងមានឱកាសអ្វីខ្លះដើម្បីជះឥទ្ធិពលលើអ្នកដទៃ ? សូមពិភាក្សាពីគំរូដែលបងប្អូនបានឃើញ ពីរបៀបដែលសេចក្តីជំនឿរបស់អ្នកដទៃ រួមទាំងសមាជិកគ្រួសារផងដែរ បានជះឥទ្ធិពលអ្នកដទៃឲ្យធ្វើល្អ ។
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្តាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ។
ចម្រៀងដែលលើកទឹកចិត្តឲ្យប្រើ ៖ « ខ្ញុំចង់រស់តាមដំណឹងល្អ » សៀវភៅចម្រៀងកុមារ ទំព័រ ៧២ ។