« ថ្ងៃទី ៧–១៣ ខែ វិច្ឆិកា ។ ហូសេ ១–៦; ១០–១៤; យ៉ូអែល ៖ ‹ យើងនឹងស្រឡាញ់គេស្ម័គ្រពីចិត្ត › » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ៧–១៣ ខែ វិច្ឆិកា ។ ហូសេ ១–៦; ១០–១៤; យ៉ូអែល » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២២
ថ្ងៃទី ៧–១៣ ខែ វិច្ឆិកា
ហូសេ ១–៦; ១០–១៤; យ៉ូអែល
« យើងនឹងស្រឡាញ់គេស្ម័គ្រពីចិត្ត »
នៅពេលបងប្អូនសិក្សាបទគម្ពីរ និងរៀបចំខ្លួនដើម្បីបង្រៀន សូមស្វែងរកការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ។ តើបងប្អូនមានអារម្មណ៍បំផុសគំនិតឲ្យផ្ដោតទៅលើអ្វី អំឡុងការបង្រៀនក្នុងថ្នាក់នៅក្នុងសប្ដាហ៍នេះ ?
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
សូមបង្ហាញរូបភាពមួយរបស់ព្រះអង្គសង្គ្រោះ ហើយអញ្ជើញកុមារឲ្យចែកចាយអ្វីដែលពួកគេដឹងអំពី ឬបានរៀនអំពីទ្រង់នៅសប្ដាហ៍នេះ ។ សូមឲ្យពួកគេប្តូរវេនគ្នាកាន់រូបភាព កាលដែលពួកគេចែកចាយ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ខ្ញុំអាចស្វែងរកព្រះអម្ចាស់ ។
ហូសេ ១០:១២ ប្រើប្រាស់រូបភាពនៃការសាបព្រោះ ច្រូតកាត់ ដល់ពេល និង ភ្លៀង ដើម្បីអញ្ជើញយើងឲ្យស្វែងរកព្រះអម្ចាស់ ។ នៅពេលបងប្អូនអានខគម្ពីរនេះ តើបងប្អូនអាចមានគំនិតដ៏ច្នៃប្រឌិតអ្វីខ្លះ ដែលអាចបំផុសដល់កុមារឲ្យស្វែងរកទ្រង់ ?
សកម្មភាពដែលអាចធ្វើបាន
-
សូមអាន ហូសេ ១០:១២ ទៅកាន់កុមារ ហើយអញ្ជើញពួកគេឲ្យធ្វើសកម្មភាពសាមញ្ញៗ ដើម្បីជួយពួកគេឲ្យយល់ពីខគម្ពីរនោះ ដូចជាការធ្វើជាដាំគ្រាប់ពូជ ប្រមូលផលបន្លែ ឬឈរនៅក្រោមភ្លៀង ។ ឬសូមបង្ហាញរូបភាពនៃគ្រាប់ពូជ រុក្ខជាតិ និងភ្លៀង ។ សូមជួយកុមារឲ្យប្រៀបធៀបការដាំគ្រាប់ពូជ និងការច្រូតកាត់អាហារសុខភាព ទៅនឹងការរស់នៅដោយសុចរិត និងការទទួលពរជ័យពីព្រះអម្ចាស់ ។ សូមថ្លែងទីបន្ទាល់អំពីពរជ័យ ដែលព្រះអម្ចាស់បានបង្អុរមកលើបងប្អូន កាលដែលបងប្អូនព្យាយាមស្វែងរកទ្រង់ ។
-
សូមគូររូបនាឡិកានៅលើក្ដារខៀន ហើយឲ្យកុមារចែកចាយពីរបៀបនានាដែលយើងអាចស្វែងរកព្រះអម្ចាស់ នៅពេលវេលាខុសៗគ្នាក្នុងមួយថ្ងៃ ។ សូមអញ្ជើញកុមារឲ្យអានជាមួយបងប្អូននូវឃ្លា « ដល់ពេលដែលគួរស្វែងរកព្រះយេហូវ៉ា » ( ហូសេ ១០:១២ ) ។ សូមជួយពួកគេឲ្យយល់ថា វាតែងតែដល់ពេលដើម្បីស្វែងរកព្រះអម្ចាស់ជានិច្ច ។ សូមចែកចាយនូវអ្វីដែលបងប្អូនធ្វើ ដើម្បីចងចាំទ្រង់គ្រប់ពេល ។
ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្រ្គោះរបស់ខ្ញុំ ។
ពេលដែលបងប្អូនបង្រៀនអំពីព្រះអង្គសង្គ្រោះ និងដង្វាយធួនរបស់ទ្រង់ សូមថ្លែងទីបន្ទាល់អំពីសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះកុមារម្នាក់ៗ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមបង្ហាញរូបភាពមនុស្សមួយចំនួន រួមទាំងរូបភាពព្រះយេស៊ូវផងដែរ ហើយសូមឲ្យកុមាររកមើលថារូបភាពមួយណាជារូបរបស់ព្រះអង្គសង្គ្រោះរបស់យើង ។ សូមអាន ហូសេ ១៣:៤ ហើយសង្កត់ធ្ងន់ថា ពុំមានព្រះអង្គសង្គ្រោះទេ បើគ្មានព្រះយេស៊ូវគ្រីស្ទនោះ ។ សូមធ្វើទីបន្ទាល់ថា ដោយសារដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងអាចត្រឡប់ទៅរស់នៅជាមួយនឹងព្រះវរបិតាសួគ៌វិញម្ដងទៀត ។
-
សូមឲ្យកុមារប្ដូរវេនគ្នាកាន់រូបភាពមួយរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង ឬនៅក្នុងផ្នូរ និងរូបភាពមួយរបស់ព្រះយេស៊ូវនៅខាងក្រៅផ្នូរទទេ ។ សូមអញ្ជើញកុមារឲ្យនិយាយអំពីអ្វីដែលរូបភាពទាំងនេះបង្ហាញ ។ សូមអាននៅ ហូសេ ១៣:១៤ នូវឃ្លា « យើងនឹងដោះគេ ឲ្យរួចពីកណ្តាប់ដៃនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ក៏នឹងលោះគេ ឲ្យរួចពីសេចក្តីស្លាប់ដែរ » ។ សូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទបានសង្គ្រោះយើងពីសេចក្ដីស្លាប់ ហើយថា យើងអាចរស់ឡើងវិញបាន ។ សូមច្រៀងជាមួយគ្នានូវចម្រៀងមួយបទអំពីការរស់ឡើងវិញ ដូចជាបទ « តើព្រះយេស៊ូវរស់ឡើងវិញឬ ? »( សៀវភៅចម្រៀងកុមារ ទំព័រ ៤៥ ) ។ សូមជួយកុមារឲ្យស្គាល់ព្រះវិញ្ញាណ ពេលពួកគេច្រៀង ។
ព្រះវិញ្ញាណបរិសុទ្ធអាចដឹកនាំខ្ញុំបាន ។
កាលដែលបងប្អូនបង្រៀនអំពីការព្យាកររបស់យ៉ូអែល នៅក្នុង យ៉ូអែល ២:២៨ សូមពិចារណាពីរបៀបដែលបងប្អូនអាចជួយកុមារឲ្យរៀបចំខ្លួនទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ បន្ទាប់ពីពួកគេទទួលបុណ្យជ្រមុជទឹក ។
សកម្មភាពដែលអាចធ្វើបាន
-
សូមអាន យ៉ូអែល ២:២៨ ទៅកុមារ ហើយពន្យល់ថា ពាក្យ « គ្រប់ទាំងមនុស្ស » មានន័យថា មនុស្សគ្រប់គ្នា រួមមានទាំង « កូនប្រុស » និង « កូនស្រី » ដូចជាពួកគេដែរ ។ សូមអញ្ជើញកុមារឲ្យគូររូបភាពមនុស្សដែលខគម្ពីរនេះសំដៅទៅលើ ( កូនប្រុស និងកូនស្រី មនុស្សប្រុសវ័យចំណាស់ និងយុវជន មនុស្សស្រីវ័យចំណាស់ និងយុវនារី ) រួមទាំងពួកគេផ្ទាល់ផងដែរ ។ សូមពន្យល់ថា របៀបមួយដែលព្រះវរបិតាសួគ៌ចាក់ព្រះវិញ្ញាណរបស់ទ្រង់ចេញមក គឺដោយការប្រទានដល់យើងនូវអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ពេលយើងទទួលបុណ្យជ្រមុជទឹក ។
-
សូមអញ្ជើញកុមារឲ្យចែកចាយអ្វីដែលពួកគេដឹងអំពីព្រះវិញ្ញាណបរិសុទ្ធ ។ សូមជួយពួកគេឲ្យយល់ថា ព្រះវិញ្ញាណបរិសុទ្ធអាចបង្រៀនយើងអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ហើយអាចជួយយើងឲ្យដឹងពីអ្វីដែលជាការពិត ( សូមមើល យ៉ូហាន ១៤:២៦; គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:១៧ ) ។ សូមចែកចាយបទពិសោធន៍នានា ដើម្បីជួយកុមារឲ្យយល់អំពីរបៀបដែលព្រះវិញ្ញាណអាចជួយយើងបាន ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ខ្ញុំអាចរក្សាសេចក្តីសញ្ញារបស់ខ្ញុំបានដោយស្មោះត្រង់ ។
នៅក្នុងគម្ពីរហូសេ ព្រះអម្ចាស់បានប្រៀបធៀបសេចក្ដីសញ្ញារបស់ទ្រង់ជាមួយសាសន៍អ៊ីស្រាអែល នឹងអាពាហ៍ពិពាហ៍ ។ ថ្វីបើពួកសាសន៍អ៊ីស្រាអែលមិនស្មោះត្រង់ក្ដី ក៏ទ្រង់នៅតែស្រឡាញ់ពួកគេ ហើយមានព្រះទ័យចង់ឲ្យពួកគេត្រឡប់មកវិញដែរ ។ ការប្រៀបធៀបនេះអាចជួយបង្រៀនកុមារអំពីសារៈសំខាន់នៃការរក្សាសេចក្តីសន្យារបស់យើងជាមួយនឹងព្រះអម្ចាស់ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមប្រាប់កុមារថា នៅក្នុងគម្ពីរហូសេ ព្រះអម្ចាស់បានប្រៀបធៀបសេចក្ដីសញ្ញារបស់ទ្រង់ជាមួយសាសន៍អ៊ីស្រាអែល នឹងអាពាហ៍ពិពាហ៍ ។ សូមបង្ហាញកុមារនូវរូបភាពពីកូនកំលោះ និងកូនក្រមុំមួយគូ ។ តើព្រះវរបិតាសួគ៌មានព្រះទ័យចង់ឲ្យស្វាមី និងភរិយាប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកយ៉ាងដូចម្ដេច ? តើយើងអាចបង្ហាញព្រះអម្ចាស់ថា យើងស្រឡាញ់ទ្រង់ ហើយនឹងស្មោះត្រង់ចំពោះទ្រង់ដោយរបៀបណា ?
-
សូមជួយកុមារឲ្យយល់ថា សេចក្ដីសញ្ញាដែលយើងធ្វើជាមួយនឹងព្រះអម្ចាស់ គឺមានន័យថា សេចក្តីសញ្ញានោះនឹងនៅជារៀងរហូត ។ សូមអញ្ជើញកុមារឲ្យអាន ហូសេ ២:១៩–២០ ដោយរកមើលពាក្យដែលពិពណ៌នាអំពីរបៀបដែលព្រះអម្ចាស់មានព្រះទ័យអំពីសេចក្ដីសញ្ញារបស់ទ្រង់ជាមួយយើង ។ តើយើងចុះសេចក្ដីសញ្ញាថាធ្វើអ្វីខ្លះ នៅពេលយើងទទួលពិធីបុណ្យជ្រមុជទឹក ? តើយើងអាចរក្សាសេចក្ដីសញ្ញាដែលយើងបានធ្វើជាមួយនឹងព្រះអម្ចាស់នេះយ៉ាងដូចម្ដេច ?
ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់ខ្ញុំ ។
តើបងប្អូនអាចប្រើប្រាស់ពាក្យសម្ដីរបស់ហូសេ ដើម្បីពង្រឹងទីបន្ទាល់របស់កុមារអំពីព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់ពួកគេយ៉ាងដូចម្ដេច ? កាលដែលបងប្អូនបង្រៀន សូមជួយកុមារឲ្យមានអំណរ និងស្រឡាញ់ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមអញ្ជើញកុមារឲ្យអាន ហូសេ ១៣:៤, ១៤ ដោយរកមើលពាក្យ ឬឃ្លានានាដែលពិពណ៌នាអំពីព្រះយេស៊ូវគ្រីស្ទ ។ តើពាក្យទាំងនេះបង្រៀនយើងអ្វីខ្លះអំពីទ្រង់ ? សូមអញ្ជើញកុមារឲ្យប្រើប្រាស់ Topical Guide ឬ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ដើម្បីរកមើល និងចែកចាយបទគម្ពីរផ្សេងទៀត ដែលបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទថាជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះ ។ សូមចែកចាយទីបន្ទាល់របស់បងប្អូនអំពីព្រះអង្គសង្គ្រោះ ហើយផ្ដល់ឱកាសឲ្យកុមារចែកចាយផងដែរ ។
-
ដើម្បីជួយកុមារបានយល់ពីរបៀបដែលព្រះអង្គសង្គ្រោះលោះ ឬប្រោសលោះយើងពីសេចក្ដីស្លាប់ សូមបង្ហាញវីដេអូ « Handel’s Messiah: Debtor’s Prison » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ តើយើងរៀនអ្វីខ្លះពីវីដេអូនេះដែលជួយយើងយល់ពីអ្វីដែលព្រះអង្គសង្រ្គោះបានធ្វើសម្រាប់យើង ?
ព្រះវិញ្ញាណបរិសុទ្ធអាចដឹកនាំខ្ញុំបាន ។
កុមារជាច្រើនដែលបងប្អូនបង្រៀនប្រហែលជាបានទទួលបុណ្យជ្រមុជទឹក និងបានទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធរួចហើយ ។ តើបងប្អូនអាចប្រើប្រាស់បទគម្ពីរនេះ ដើម្បីជួយពួកគេឲ្យយល់ពីព្រះចេស្ដា និងពរជ័យដែលបានមកពីការស្ដាប់សំឡេងនៃព្រះវិញ្ញាណយ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចធ្វើបាន
-
សូមអញ្ជើញកុមារឲ្យអាន យ៉ូអែល ២:២៨–២៩ ដោយបញ្ចូលឈ្មោះគ្នាទៅវិញទៅមកនៅក្នុងកន្លែងដែលមានឃ្លា « កូនប្រុសស្រីរបស់ឯង » ។ សូមសរសេរប្រយោគមួយនៅលើក្តារខៀនដូចជា ព្រះវិញ្ញាណបរិសុទ្ធអាច … ហើយអញ្ជើញកុមារឲ្យប្ដូរវេនគ្នាបំពេញប្រយោគនេះ ។ សូមលើកទឹកចិត្តពួកគេឲ្យរួមបញ្ចូលការណ៍ទាំងឡាយ ដែលពួកគេរៀនចេញពី យ៉ូហាន ១៤:១៦; មរ៉ូណៃ ១០:៥; គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:១៧ និងបទគម្ពីរផ្សេងទៀត ។
-
សូមដាក់វត្ថុមួយនៅក្នុងចានគោមមួយ ហើយឲ្យកុមារប្ដូរវេនគ្នាចាក់ទឹកលើវត្ថុនោះ ។ សូមពន្យល់ថា វត្ថុនោះតំណាងឲ្យយើង ហើយទឹកតំណាងឲ្យព្រះវិញ្ញាណបរិសុទ្ធ ។ នៅពេលយើងទទួលបុណ្យជ្រមុជទឹក នោះយើងទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ដែលជារបៀបមួយព្រះអម្ចាស់បំពេញសន្យារបស់ទ្រង់ដើម្បី « ចាត់វិញ្ញាណ [ របស់ទ្រង់ ] » ឲ្យមក ។ តើយើងត្រូវតែធ្វើអ្វីខ្លះ ដើម្បីទទួលបានព្រះវិញ្ញាណបរិសទ្ធ ? សូមអញ្ជើញកុមារឲ្យចែកចាយពីគ្រាទាំងឡាយ ពេលពួកគេទទួលអារម្មណ៍នៃព្រះចេស្ដានៃព្រះវិញ្ញាណ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមជួយកុមារឲ្យរកមើលអ្វីដែលពួកគេបានរៀនអំពីព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ ឬព្រះវិញ្ញាណបរិសុទ្ធនៅក្នុងថ្នាក់ ។ សូមលើកទឹកចិត្តពួកគេឲ្យចែកចាយវាជាមួយក្រុមគ្រួសាររបស់ពួកគេ ។