ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃ​ទី ១៤–២០ ខែ វិច្ឆិកា ។ អេម៉ុស; អូបាឌា ៖ « ចូរ​ស្វែង​រក​ព្រះយេហូវ៉ា​វិញ នោះ​ឯង​រាល់​គ្នា​នឹង​រស់​នៅ »


« ថ្ងៃ​ទី ១៤–២០ ខែ វិច្ឆិកា ។ អេម៉ុស; អូបាឌា ៖ ‹ ចូរ​ស្វែង​រក​ព្រះយេហូវ៉ា​វិញ នោះ​ឯង​រាល់​គ្នា​នឹង​រស់​នៅ ›» ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃ​ទី ១៤–២០ ខែ វិច្ឆិកា ។ អេម៉ុស; អូបាឌា » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២២

ព្រះភ័ក្រ្ត​របស់​ព្រះយេស៊ូវ​បំភ្លឺ​ដោយ​ភ្លើង​ទាន​នៅក្នុង​បន្ទប់​ងងឹត

នំប៉័ង​ជីវិត ដោយ គ្រីស យ៉ង់

ថ្ងៃ​ទី ១៤–២០ ខែ វិច្ឆិកា

អេម៉ុស; អូបាឌា

« ចូរ​ស្វែង​រក​ព្រះយេហូវ៉ា​វិញ នោះ​ឯង​រាល់​គ្នា​នឹង​រស់​នៅ »

កាលដែល​បងប្អូន​ផ្ដោត​លើ​ការបង្រៀន​គោលលទ្ធិ​ពិត​តាម​របៀប​ដ៏​សាមញ្ញ នោះ​បងប្អូន​ផ្ដល់​ឱកាស​ដល់​ព្រះវិញ្ញាណ​ដើម្បី​ថ្លែង​ទីបន្ទាល់​ចំពោះ​កុមារ ។ សូម​ប្រើ​សកម្មភាព​នៅ​ក្នុង​គម្រោង​មេរៀននេះ—ឬ​បង្កើត​សកម្មភាព​របស់​បងប្អូន​ផ្ទាល់—ដើម្បី​ជួយ​បងប្អូន​ឲ្យ​បង្រៀន​គោលការណ៍​ដំណឹងល្អ​តាម​របៀប​ដ៏​សាមញ្ញ​នានា ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​ឲ្យ​កុមារ​ចែកចាយ​ពី​អ្វី​មួយ ដែល​ពួកគេ​បាន​រៀន​ថ្មីៗ​នេះ​នៅ​ផ្ទះ ឬ​នៅ​ព្រះវិហារ ។ ឧទាហរណ៍ សូម​សួរ​ថា​បើ​ពួកគេ​បាន​រកឃើញ​បទគម្ពីរ​ដែល​ចូលចិត្ត​ថ្មី ឬ​បាន​ឮ​សារលិខិត​មួយ​ដែល​ពួកគេ​អាច​ចែកចាយ​ជាមួយ​នឹង​កុមារ​ក្នុង​ថ្នាក់ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

អេម៉ុស ៣:៧; ៧:១៤–១៥

ពួកព្យាការី​គឺ​សារទូត​របស់​ព្រះយេស៊ូវគ្រីស្ទ ។

អ្វី​​ដែល​សំខាន់បំផុត​ដែល​កុមារអាច​ដឹង​បាន​អំពី​ពួកព្យាការី គឺ​ថា ពួកលោក​ជា​សារទូត​របស់​ព្រះយេស៊ូវគ្រីស្ទ ។ គំនិត​យោបល់​ខាងក្រោម​នេះ អាច​ជួយ​បងប្អូន​ឲ្យ​បង្រៀន​អំពី​សេចក្ដីពិត​ដ៏​សំខាន់​នេះ​បាន ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ខ្សឹប​សារ​មួយ​ប្រាប់​កុមារ​ម្នាក់សម្រាប់​កុមារ​ទាំងអស់​នៅក្នុង​ថ្នាក់ ( ដូចជា សូម​កុមារ​ឲ្យ​ឈរ​ជើង​មួយ ឬ​បង្វិល​ខ្លួន ) ហើយ​សូម​កុមារ​នោះ​ឲ្យ​ចែកចាយ​សារ​នោះ​ជាមួយ​នឹង​កុមារ​ផ្សេង​ទៀត ។ ចូរ​ធ្វើសកម្មភាព​នេះ​ដដែលៗ ដោយ​អនុញ្ញាត​ឲ្យ​កុមារ​ផ្សេង​ទៀត​ពីរ​បី​នាក់​ធ្វើ​ជា​សារទូត ។ សូម​ជួយ​ពួកគេ​ឲ្យ​យល់​ពី​របៀប​ដែល​សារទូត​នៅក្នុង​សកម្មភាព​នេះ​គឺ​ដូច​ជា​ព្យាការី​ម្នាក់ ដែល​ចែកចាយ​សារ​របស់​ព្រះ​ជាមួយ​នឹង​យើង ។ សូម​ចែកចាយ​ឧទាហរណ៍​មួយ​ចំនួន​នៃ​សារលិខិត​ថ្មីៗ​មកពី​ព្យាការី​ដែល​នៅរស់ ដែល​បាន​ជួយ​បងប្អូន​ឲ្យ​ខិត​ទៅ​កាន់តែ​ជិត​ព្រះយេស៊ូវ​គ្រីស្ទ ។

  • សូម​អញ្ជើញ​កុមារ​ម្នាក់​ឲ្យ​មក​ឈរ​នៅ​ខាងមុខ​បន្ទប់ ហើយ​ធ្វើជា​ព្យាការី​អេម៉ុស ។ កាលដែល​បងប្អូន​ចែកចាយ​ពី​រឿង​មួយ​ចំនួន​អំពី​អេម៉ុស ចេញ​ពី អេម៉ុស ៧:១៤–១៥ សូម​ឲ្យ​រូបភាព ឬ​វត្ថុ​ជំនួយ​ទៅ​កុមារ​កាន់ ដែល​ត្រូវ​ទៅនឹង​ដំណើររឿង​ទាំងនោះ ដូចជា រូប​ចៀម ផ្លែឈើ និង​ព្រះអម្ចាស់ ។ សូម​ពន្យល់​ថា អេម៉ុស​គឺ​ជា​អ្នកគង្វាល​ម្នាក់ ដែល​ព្រះអម្ចាស់​បានហៅ​ឲ្យ​ធ្វើ​ជា​សារទូត​របស់ទ្រង់ ។ បន្ទាប់​មក សូម​បង្ហាញ​រូបភាព​ព្រះអម្ចាស់ និង​ព្យាការី​ដែល​នៅរស់ ហើយ​ពន្យល់​ថា ព្រះអម្ចាស់​នៅតែ​បន្ត​ហៅ​សារទូត​នៅ​សព្វថ្ងៃ​នេះ ។ សូម​អាន អេម៉ុស ៣:៧ ឮៗ ហើយ​សូម​ឲ្យ​កុមារ​ចង្អុល​ទៅ​រូបភាព​ត្រឹមត្រូវ នៅពេល​ពួកគេ​ស្ដាប់​ឮ​ពាក្យ « ព្រះយេហូវ៉ា » និង « ពួកហោរា » ។ សូម​ថ្លែងទីបន្ទាល់​របស់​បងប្អូន​ថា គឺ​ដូចជា​នៅក្នុង​ជំនាន់​អេម៉ុស​ដែរ ព្រះយេស៊ូវគ្រីស្ទមាន​ព្រះបន្ទូល​មក​កាន់​យើង តាមរយៈ​ពួកព្យាការី​របស់​ទ្រង់ ។

  • សូម​ចែកចាយ​រឿង​មួយ​ចេញ​ពី​ទស្សនាវដ្ដី​សាសនាចក្រ​ថ្មីៗ អំពី​ព្យាការី​ដែល​នៅរស់ ឬ​អំពី​បទពិសោធន៍​របស់​សមាជិក​សាសនាចក្រ ពេល​ដែល​ពួកគេ​បាន​ធ្វើតាម​ការប្រឹក្សា​របស់​ព្យាការី ។ ( សូមមើល​ផងដែរ « Meet Today’s Prophets and Apostles » នៅ​គេហទំព័រ ChurchofJesusChrist.org ) ។

  • សូម​ច្រៀង ឬ​ចាក់​ចម្រៀង​មួយ​បទ​អំពី​ព្យាការី ដូចជា​បទ « ធ្វើ​តាម​ព្យាការី » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥៨ ) កាលដែល​កុមារ​កំពុង​ធ្វើ​កិច្ចការ​លើ​ទំព័រ​សកម្មភាព​សប្ដាហ៍​នេះ ។ សូម​ចង្អុល​បង្ហាញ​ដល់​កុមារ​នូវ​ឃ្លា​ទាំងឡាយ​នៅក្នុង​ចម្រៀង​នោះ ដែល​បង្រៀន​អំពី​របៀប​ដែល​ព្យាការី​ដឹកនាំ​ផ្លូវ​ទៅកាន់​ព្រះយេស៊ូវគ្រីស្ទ ។

អេម៉ុស ៥:១៤

ប្រសិនបើ​ខ្ញុំ​ស្វែងរក​សេចក្ដី​ល្អ នោះ​ព្រះអម្ចាស់​នឹង​គង់​នៅ​ជាមួយ​ខ្ញុំ ។

អេម៉ុស​បាន​អញ្ជើញ​ពួក​សាសន៍​អ៊ីស្រាអែលឲ្យ « ស្វែង​រក​សេចក្តី​ល្អ កុំ​រក​សេចក្តី​អាក្រក់​ឡើយ » ហើយ​បាន​សន្យា​ថា ប្រសិន​បើ​ពួកគេ​ធ្វើ​ដូច្នោះ នោះ « ព្រះយេហូវ៉ា … ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​ឯង » ។ តើ​បងប្អូន​នឹង​ជួយ​កុមារ​ឲ្យ​ឆ្លើយ​តប​ចំពោះ​ការអញ្ជើញ​នេះ ហើយ​ទទួល​បាន​ការសន្យា​នេះ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ដាក់​បង្ហាញ​រូបភាព​មួយ​ចំនួន​នៃ​កុមារ ដែល​កំពុង​ធ្វើ​កិច្ចការ​ល្អៗ ដូចជា កំពុង​ជួយ​មនុស្ស​ផ្សេង​ទៀត ឬ​កំពុង​ទទួលទាន​សាក្រាម៉ង់ ។ សូម​ទុក​ឲ្យ​កុមារ​ម្នាក់ៗ​ប្ដូរ​វេន​គ្នា​ពិពណ៌នា​អំពី​រូបភាព​ទាំងឡាយ ខណៈ​ដែល​កុមារ​ផ្សេង​ទៀត​ទស្សន៍ទាយ​ពី​អ្វី​ដែល​គេ​កំពុងពិពណ៌នា ។ សូម​អាន អេម៉ុស ៥:១៤ ហើយ​ជួយ​កុមារ​ឲ្យ​គិត​ពីវិធី​នានា ដែល​ពួកគេ​នឹង « ស្វែងរកសេចក្ដីល្អ » ជា​រៀងរាល់​ថ្ងៃ ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​គូរ​រូប​ខ្លួន​ពួកគេ​កំពុង​ធ្វើ​អ្វី​ដែល​ល្អ ។ សូម​អាន អេម៉ុស ៥:១៤ ហើយ​សង្កត់​ធ្ងន់​លើ​ការសន្យា​របស់​ព្រះអម្ចាស់​ដែល​ថា ទ្រង់​នឹង​គង់​នៅ​ជាមួយ​យើង ពេល​យើង​ស្វែងរក​សេចក្ដី​ល្អ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​បន្ថែម​ទៅលើគំនូរ​របស់​ពួកគេ​នូវ​រូប​ព្រះយេស៊ូវ​កំពុង​ឈរ​ជាមួយ​ពួកគេ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

ពួកសាវក​សម័យ​ទំនើប​កំពុង​ចាប់​ដៃ​​គ្នា​នៅឯ​សន្និសីទ​ទូទៅ

ព្រះអម្ចាស់​បើក​បង្ហាញ​សេចក្តី​ពិត​ទាំងឡាយ​ដល់​ពួកព្យាការី​របស់ទ្រង់ ។

អេម៉ុស ៣:៧

ពួកព្យាការី​គឺ​សារទូត​របស់​ព្រះយេស៊ូវគ្រីស្ទ ។

អេម៉ុស ៣:៧ គឺ​ជា​វគ្គ​បទគម្ពីរ​ដ៏​អស្ចារ្យ​មួយ ដើម្បី​ជួយ​កុមារ​ឲ្យ​ដឹង​ថា នៅពេល​យើង​ស្ដាប់​តាម​ព្យាការី នោះ​យើង​កំពុង​ស្ដាប់​តាម​សារទូត​របស់​ព្រះយេស៊ូវគ្រីស្ទ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ជួយ​កុមារ​ឲ្យ​ទន្ទេញ អេម៉ុស ៣:៧ ។ ឧទាហរណ៍ សូម​ផ្ដល់​ពេល​ឲ្យ​ពួកគេ​ពីរបី​នាទី ដើម្បី​អាន​ខគម្ពីរ​នោះ​បួន​ប្រាំ​ដង ខណៈ​ដែល​បងប្អូន​សរសេរ​មួយ​ពាក្យ​រំលង​មួយ​ពាក្យៗ​នៃ​ខគម្ពីរ​នោះ​នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញ​កុមារ​ឲ្យ​បិទ​ព្រះគម្ពីរ​របស់​ពួកគេ ហើយ​ថា​ខគម្ពីរ​នោះ​ឮៗ​ជាមួយ​គ្នា ដោយ​ប្រើប្រាស់​តម្រុយ​នៅ​លើ​ក្ដារខៀន ។ បន្ទាប់​មក សូម​លុប​ម្ដង​ពីរបី​ពាក្យ​ចេញ រហូត​ទាល់តែ​កុមារ​អាច​ថា​ឡើង​វិញ​នូវ​ខគម្ពីរ​ទាំងមូល​ដោយ​គ្មាន​តម្រុយ​សោះ ។ តើ​ខគម្ពីរ​នេះ​បង្រៀន​យើង​អ្វី​ខ្លះ អំពី​ពួក​ព្យាការី ? តើ​ព្យាការី​នៅរស់​របស់​យើង បាន​ជួយ​យើង​ឲ្យ​ដឹង​ពី​អ្វី​ដែល​ព្រះអង្គ​សង្រ្គោះ​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​ធ្វើ​យ៉ាង​ដូច​ម្ដេច ?

  • សូម​សរសេរ​សំណួរ​មួយ​ចំនួន​អំពី​ព្យាការី​នៅលើ​ចម្រៀក​ក្រដាស ដូច​ជា​សំណួរ​ដូច​តទៅ​នេះ ៖ តើ​ហេតុអ្វី​យើង​មាន​ពួកព្យាការី ? តើ​ពួកព្យាការី​ធ្វើ​អ្វី ? តើ​ហេតុអ្វី​ប្អូនៗ​ធ្វើ​តាម​ព្យាការី ? តើ​ពួក​ព្យាការីបង្រៀន​អំពី​អ្វី ? សូម​ឲ្យ​កុមារ​ចាប់​ដៃគូ ហើយ​ឲ្យ​កុមារ​ម្នាក់​មក​ពី​ដៃគូ​នីមួយៗ ជ្រើសរើស​សំណួរ​មួយ ហើយ​សួរ​ដៃគូ​របស់​គេ​ឲ្យ​ឆ្លើយ​វា ។ ប្រសិនបើ​កុមារ​ត្រូវការ​ជំនួយ​ដើម្បី​ឆ្លើយ​សំណួរ​មួយ ពួកគេ​អាច​មើល​នៅក្នុង « ព្យាការី » នៅក្នុង សេចក្តី​ណែនាំ​ដល់​គម្ពី​ទាំងឡាយ បាន ( scriptures.ChurchofJesusChrist.org ) ។ បន្ទាប់​ពី​ដៃគូ​ឆ្លើយ​សំណួរ​នោះ​ហើយ កុមារ​អាច​ប្ដូរ​តួនាទី​គ្នា ហើយ​ជ្រើសរើស​សំណួរ​មួយ​ទៀត ។

  • សូម​ចែកចាយ​ជាមួយ​កុមារ​នូវ​ការពិត​មួយ​ចំនួន​អំពី​ព្យាការី​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ដែល​ពួកគេ​បាន​រៀន​នៅក្នុង​ឆ្នាំ​នេះ ( ដូចជា ណូអេ ម៉ូសេ ឬ អេសាយ ) ។ សូម​ឲ្យ​ពួកគេ​ទាយ​ថា​ព្យាការី​ណា​ដែល​បងប្អូន​កំពុង​ពិពណ៌នា ។ សូម​ធ្វើដដែលៗ​សម្រាប់​ព្យាការី​ផ្សេង​ទៀត ។

អេម៉ុស ៥:៤–១៥

ប្រសិនបើ​ខ្ញុំ​ស្វែងរក​សេចក្ដី​ល្អ នោះ​ព្រះអម្ចាស់​នឹង​គង់​នៅ​ជាមួយ​ខ្ញុំ ។

កុមារ​មាន​ឱកាស​ជា​ច្រើន ដើម្បី​ជ្រើសរើស​រវាង​ត្រូវ និង​ខុស ។ សូម​ពិចារណា​អំពី​របៀប​ដែល​បងប្អូន​នឹង​បំផុស​គំនិត​ពួកគេ​ឲ្យ « ស្វែង​រក​សេចក្តី​ល្អ កុំ​រក​សេចក្តី​អាក្រក់​ឡើយ » ( ខទី ១៤ ) ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ស្រាវជ្រាវ អេម៉ុស ៥:៤–១៥ ដោយ​រកមើល​ពាក្យ « ស្វែងរក » ។ តើ​ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​ស្វែងរក​អ្វី​ខ្លះ ហើយ​ការសន្យា​អ្វី​ខ្លះ​ដែល​ទ្រង់​ធ្វើ​ជាមួយ​ពួកអ្នក​ដែល​ធ្វើ​ដូច្នោះ ? តើ​យើង​ស្វែងរក​ព្រះអម្ចាស់​តាម​របៀបណា ?

  • សូម​ជួយ​កុមារ​ឲ្យ​ទន្ទេញ​ប្រយោគ​ចុងក្រោយ​នៃ​មាត្រា​នៃ​សេចក្ដី​ជំនឿ​ទី​ដប់បី ។ តើ​យើង​ស្វែងរក « របស់​ផង​ទាំង​នេះ » តាម​របៀបណា ?

អេម៉ុស ៨:១១–១២

ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​បាន​បញ្ចប់​អំណត់​ដែល​ជា​ការក្បត់​សាសនា ។

ការយល់​នូវ​អ្វី​ដែល​អេម៉ុស​បាន​បង្រៀន​អំពី​ការក្បត់​សាសនា អាច​ជួយ​កុមារ​ឲ្យ​មាន​អំណរគុណ​ចំពោះ​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូមអញ្ជើញ​កុមារ​ឲ្យ​អាន អេម៉ុស ៨:១១–១២ ហើយ​និយាយ​អំពី​អ្វី​ដែល​កើតឡើង នៅពេល​មនុស្ស​មិន​មាន​ព្រះបន្ទូល​របស់​ព្រះ ។ សូម​ជួយ​កុមារ​ឲ្យ​ពន្យល់​ពាក្យ សេចក្ដី​ក្បត់​សាសនា និង អំណត់ ដោយ​ប្រើប្រាស់ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ ( នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ឬ​វចនានុក្រម ។ តើ​ការក្បត់​សាសនា​ដូច​គ្នា​ទៅនឹង​អំណត់​យ៉ាង​ដូចម្ដេចដែរ ?

  • ដើម្បី​ជួយ​កុមារ​ឲ្យ​យល់​អំពី​ការក្បត់​សាសនា​ដ៏​ធំ សូម​រំឭក​ជាមួយ​ពួកគេ​នូវ « After the New Testament » ( នៅក្នុង New Testament Stories ទំព័រ ១៦៧–៧០ ) ។ បន្ទាប់​មក សូម​ពិភាក្សា​ពី​សំណួរ​ទាំងឡាយ​ដូចនេះ ៖ ហេតុ​អ្វី​មាន​ការក្បត់​សាសនា ? តើ​មាន​អ្វី​ដែល​បាន​កើតឡើង​ជា​លទ្ធផល​មកពី​ការក្បត់​សាសនា ? ហេតុអ្វី​ព្រះអម្ចាស់​បាន​ស្ដារ​ដំណឹងល្អ​របស់​ទ្រង់​ឡើង​វិញ ? ( សូមមើល​ផងដែរ « ការ​ស្ដារឡើងវិញ​នៃ​ភាព​ពេញលេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ៖ ការប្រកាស​ដល់​ពិភពលោក​នៃ​ខួប​លើក​ទី​ពីររយ​ឆ្នាំ » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ សូម​លើក​ទឹកចិត្ត​កុមារ​ឲ្យ​សរសេរ​សំណួរ​ទាំងនេះ និង​ចម្លើយ​របស់​ពួកគេ​ទុក ហើយ​ចែកចាយ​វា​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ​នៅ​ផ្ទះ ។

រូប​តំណាង​ការរៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​ផ្ដល់​ពេល​ឲ្យ​កុមារ​មួយ​សន្ទុះ ដើម្បី​គិត​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀននៅ​ថ្ងៃនេះ ដែល​ពួកគេ​ចង់​ចែកចាយ​ជាមួយ​នឹង​សមាជិក​គ្រួសារ​ម្នាក់ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​សម្រេច​ចិត្ត​ថា នរណា​ដែល​ពួកគេ​នឹង​ចែកចាយ​វា​ជាមួយ និង​របៀប​ដែល​ពួកគេ​នឹង​ចែកចាយ​វា ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ផ្ដល់​ការអញ្ជើញ​ដែល​គោរព​ដល់​សិទ្ធិ​ជ្រើសរើស ។ សូម​សួរ​សំណួរ​ទាំងឡាយ ដែល​ជួយ​កុមារ​ឲ្យ​គិត​ពីវិធី​ផ្ទាល់ខ្លួន​នានា ដើម្បី​អនុវត្ត​អ្វី​ដែល​ពួកគេ​បាន​រៀន ។ ឧទាហរណ៍ បងប្អូន​អាច​សួរ​ថា « តើ​រឿង​អ្វី​មួយ​ដែល​ប្អូនៗ​មាន​អារម្មណ៍​ថា ប្អូនៗ​គួរតែ​ធ្វើ ដោយ​ផ្អែក​លើ​អ្វី​ដែល​យើង​បាន​និយាយគ្នា​នៅ​ថ្ងៃ​នេះ ? »