ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃ​ទី ២១–២៧ ខែ វិច្ឆិកា ។ យ៉ូណាស; មីកា ៖ « ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​សេចក្តី​សប្បុរស »


« ថ្ងៃ​ទី ២១–២៧ ខែ វិច្ឆិកា ។ យ៉ូណាស; មីកា ៖ ‹ ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​សេចក្តី​សប្បុរស › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃ​ទី ២១–២៧ ខែ វិច្ឆិកា ។ យ៉ូណាស; មីកា » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២២

បុរស​ម្នាក់​វារ​នៅ​លើ​ឆ្នេរ​ខ្សាច់ ដោយ​មាន​ត្រី​បាឡែន​នៅក្នុង​មហាសមុទ្រ​នៅ​ពី​ក្រោយ​គាត់

យ៉ូណាសនៅលើ​ឆ្នេរខ្សាច់​នៃ​ក្រុងនីនីវេ ដោយ ដានីយ៉ែល អេ លូវីស

ថ្ងៃ​ទី ២១–២៧ ខែ វិច្ឆិកា

យ៉ូណាស; មីកា

« ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​សេចក្តី​សប្បុរស »

សូម​ស្រាវជ្រាវ​រក​គោលការណ៍​សំខាន់ៗ​នៅក្នុង​គម្ពីរ​យ៉ូណាស និង មីកា ដែល​នឹង​ផ្ដល់​ពរជ័យ​ដល់​កុមារ​ដែល​បងប្អូន​បង្រៀន ។ សូម​ពិចារណា​ពីរបៀប​ដែល​បងប្អូន​អាច​ជួយ​កុមារ​ឲ្យ​រៀន​អំពី​គោលការណ៍​ទាំងនេះ ។ គំនិត​យោបល់​នៅក្នុង​គម្រោង​មេរៀន​នេះ​អាច​ជួយ​បាន ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

ដើម្បី​ជួយ​កុមារ​ឲ្យ​ចងចាំ​ពី​ដំណើររឿង​របស់​យ៉ូណាស ឬ​សេចក្ដីពិត​ផ្សេងៗ​ទៀត ដែល​ពួកគេ​អាច​បាន​រៀន​នៅ​ផ្ទះ សូម​ច្រៀង​ចម្រៀង​មួយ​បទ​រួម​គ្នា ដូចជា​ឃ្លា ៧ នៃ​បទ « ធ្វើ​តាម​ព្យាការី » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥៨–៥៩ ) ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

យ៉ូណាស ១:៤–១៧; ៣:៣–៥

ព្រះអម្ចាស់​ប្រទានពរ​ខ្ញុំ នៅពេល​ខ្ញុំ​គោរព​ប្រតិបត្តិ​តាម​ទ្រង់ ។

នៅពេល​ព្រះអម្ចាស់​បាន​សូម​ឲ្យ​យ៉ូណាស ទៅ​ប្រកាស​ដល់​ប្រជាជន​នៅក្រុង​នីនីវេ នោះ​យ៉ូណាស​មិន​បាន​គោរព​តាម​ទេ ។ សូម​ជួយ​កុមារ​ឲ្យ​យល់​ថា យើង​ទទួល​បាន​ពរជ័យ នៅពេល​យើង​គោរព​ប្រតិបត្តិ​តាម​ព្រះអម្ចាស់ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​បង្ហាញ​រូបភាព​នៃ​ដំណើររឿង​របស់​យ៉ូណាស ហើយ​អញ្ជើញ​កុមារ​ឲ្យ​ប្រាប់​ពី​អ្វី​ដែល​ពួកគេ​បាន​ដឹង​អំពី​ដំណើររឿង​នោះ ( សូមមើល យ៉ូណាស​ជា​ព្យាការី » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ទំព័រ​សកម្មភាព​សប្ដាហ៍​នេះ ឬ គម្រោងមេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ) ។ សូម​សួរ​សំណួរ​ទាំងនេះ ៖ តើ​មាន​អ្វី​បាន​កើត​ឡើង នៅពេល​ដែល​យ៉ូណាស​ពុំ​បាន​គោរព​តាម​ព្រះអម្ចាស់ ? ( សូមមើល យ៉ូណាស ១:៤–១៧ ) ។ តើ​មាន​អ្វី​ខ្លះ​បានកើត​ឡើង នៅពេលគាត់​បាន​គោរព​តាម ​? ( សូមមើល យ៉ូណាស ៣:៣–៥ ) ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​បងប្អូន​ថា ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​យើង នៅពេល​យើង​គោរព​ប្រតិបត្តិ​តាមទ្រង់ ។

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​ជាមួយ​គ្នា​អំពី​ការគោរពប្រតិបត្តិ​តាម​ព្រះអម្ចាស់ ដូចជា​បទ « ខ្ញុំ​នឹង​ឆាប់​ធ្វើតាម » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៧១ ) ។ សូម​និយាយ​ថា​វា​នឹង​ល្អ​ខ្លាំង​ប៉ុណ្ណា​ទៅ បើ​យ៉ូណាស​គោរព​ប្រតិបត្តិ​តាម​តាំង​ពី​ដំបូង​នោះ ។ សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​ការណ៍​ទាំងឡាយ ដែល​ព្រះ​មាន​ព្រះទ័យ​ចង់​ឲ្យ​ពួកគេ​ធ្វើ ហើយ​បន្ទាប់​មក​សម្ដែង​ពី​របៀប​ដែល​ពួកគេ​អាច​ឆាប់​គោរព​តាម ។

ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​កំពុង​បង្រៀន​បុរស​ម្នាក់

ព្រះវរបិតា​សព្វ​ព្រះទ័យ​ចង់​ឲ្យ​មនុស្ស​គ្រប់​គ្នា​ស្ដាប់ឮ​ដំណឹងល្អ ។

យ៉ូណាស ៣

ដំណឹងល្អ​គឺ​សម្រាប់​មនុស្ស​គ្រប់​គ្នា ។

មនុស្ស​នៅ​ក្រុង​នីនីវេ​បាន​ប្រែចិត្ត ពេលដែល​យ៉ូណាស​បាន​ចែកចាយ​សារលិខិត​របស់​ព្រះអម្ចាស់​ជាមួយ​ពួកគេ ។ តើ​កុមារ​មាន​ឱកាស​អ្វី​ខ្លះ ដើម្បី​ចែកចាយ​ដំណឹងល្អ ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​សម្ដែង​ផ្នែក​ខ្លះ​នៃ យ៉ូណាស ៣:៣–៨ ជាមួយ​នឹង​កុមារ ដូចជា ការដើរ​ទៅ​ក្រុង​នីនីវេ ការចែកចាយ​សារលិខិត​របស់​ព្រះអម្ចាស់ និង​ការសរសេរ​បង្គាប់​របស់​ស្តេច​ទៅ​ប្រជារាស្ត្រ​របស់​ទ្រង់ ។ សូម​បង្ហាញ​រូបភាព​នៃ​អ្នកផ្សព្វផ្សាយ​សាសនា ( សូមមើល សៀវភៅ​រូបភាព​ដំណឹង​ល្អ ល.រ. ១០៩, ១១០ ) ។ តើ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ធ្វើ​អ្វី​ខ្លះ ? តើ​យ៉ូណាស​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់​តាម​របៀប​ណា ? សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​របៀប​ដែល​ពួកគេ​អាច​ចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នកដទៃ ដូចជា ការចែកចាយ​មាត្រា​នៃ​សេចក្ដី​ជំនឿ​មួយ ឬ​ការថ្លែង​សក្ខីភាព​របស់​ពួកគេ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

  • សូម​ប្រាប់​បទពិសោធន៍​មួយ នៅពេល​ដែល​បងប្អូន​បាន​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ឬ ពីរបី​ថ្ងៃ​ពីមុន​ថ្នាក់​រៀន សូម​អញ្ជើញ​នរណា​ម្នាក់​ឲ្យ​មក​ថ្នាក់​របស់​បងប្អូន ហើយ​ប្រាប់​កុមារ​អំពី​ពេល​មួយ ដែល​គាត់​បាន​ចែកចាយ​ដំណឹងល្អ ឬ​ពេល​ដែល​នរណា​ម្នាក់​បាន​ចែកចាយ​ដំណឹងល្អ​ជាមួយនឹង​គាត់ ។ សូម​លើក​ទឹកចិត្ត​ដល់​បុគ្គល​នោះ​ឲ្យ​បង្ហាញ​រូបភាព បើ​អាច​ធ្វើ​ទៅ​បាន ។ សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​របៀប​នានា​ដែល​ពួកគេ​អាច​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​នាពេល​ឥឡូវ​នេះ ។

មីកា ៥:១

ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ប្រសូត​នៅ​ភូមិ​បេថ្លេហិម ។

មីកា​បាន​ព្យាករ​ថា អនាគត « អ្នក​គ្រប់គ្រង​លើ​អ៊ីស្រាអែល » នឹង​ប្រសូត​នៅ​ភូមិ​បេថ្លេហិម ។ បងប្អូន​អាច​ជួយ​កុមារ​ឲ្យ​ដឹង​ថា ការប្រសូត​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បំពេញ​ការព្យាករ​នេះ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​បង្ហាញ​រូបភាព​ទាំងឡាយ​អំពី​ព្រឹត្តិការណ៍​ជុំ​វិញ​ការប្រសូត​របស់​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល សៀវភៅ​រូបភាព​ដំណឹង​ល្អ ល.រ. ២៨, ២៩, ៣០, ៣១ ) ។ សូម​អញ្ជើញ​កុមារ​ឲ្យ​និយាយ​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​រូបភាព​នីមួយៗ ។ សូម​អាន មីកា ៥:២ ហើយ​អញ្ជើញ​កុមារ​ឲ្យ​ក្រោក​ឈរ​ឡើង ពេល​ពួកគេ​ឮ​ពាក្យ « បេថ្លេហិម » ។ សូម​ថ្លែង​ទីបន្ទាល់​ថា ការប្រសូត​របស់​ព្រះយេស៊ូវ​គឺ​សំខាន់​ខ្លាំង​ណាស់ រហូត​ដល់ពួកព្យាការី​បាន​ដឹង​អំពី​ព្រឹត្តិការណ៍​នេះ ពីមុន​ទ្រង់​បាន​ប្រសូត​មក​ទៅទៀត ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​គូរ​រូបភាព​នៃ​ការប្រសូត​របស់​ព្រះយេស៊ូវ ។ កាលដែល​ពួកគេ​បង្ហាញ​រូបភាព​របស់​ពួកគេ សូម​ពួកគេ​ឲ្យ​ចែកចាយ​ពី​មូលហេតុ​ដែល​​ពួកគេ​មានអំណរគុណចំពោះ​ព្រះយេស៊ូវគ្រីស្ទ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

យ៉ូណាស ១:១០–១២; ២:១–៤, ៩; ៣:១–៥

ការប្រែចិត្ត​រួម​មាន​ទាំង​ការទទួល​ស្គាល់​អំពើបាប​របស់​ខ្ញុំ និង​ការសូម​ការអភ័យទោស ។

គំរូ​របស់​យ៉ូណាស​អាច​បំផុស​គំនិត​ដល់​កុមារ​ឲ្យ​ងាក​ទៅ​រក​ព្រះ​អម្ចាស់ នៅពេល​ពួកគេ​បាន​ធ្វើ​អំពើបាប ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ជួយ​កុមារ​ឲ្យ​ធ្វើ​បញ្ជី​មួយ​នៅ​លើ​ក្ដារខៀន​អំពី​ធាតុ​សំខាន់ៗ​មួយ​ចំនួន​នៃ​ការប្រែចិត្ត ( សូមមើល សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « ប្រែ​ចិត្ត, ការ​ប្រែ​ចិត្ត » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។ សូម​រំឭក​ដំណើររឿង​របស់​យ៉ូណាស​ជាមួយ​គ្នា ហើយ​អញ្ជើញ​កុមារ​ឲ្យ​រកមើល​ភស្ដុតាង ដែល​យ៉ូណាស​បាន​ប្រែចិត្ត ( សម្រាប់​ឧទាហរណ៍ សូមមើល យ៉ូណាស ១:១០–១២; ២:១–៤, ៩; ៣:១–៥ ) ។ តើ​យើង​អាច​បង្ហាញ​ព្រះ​អម្ចាស់​ថា ការប្រែចិត្ត​របស់យើង​គឺ​ស្មោះសរ​ដោយ​របៀប​ណា ?

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​ការប្រែចិត្ត ដូចជា​បទ « Repentance » ( Children’s Songbook ទំព័រ ៩៨ ) ។ សូម​សួរ​កុមារ​ថាតើ​ពាក្យ ឬ​ឃ្លា​ណា​ខ្លះ​មក​ពី​បទចម្រៀង​នេះ ដែល​ពួកគេ​នឹង​ចែកចាយ​ជា​មួយ​យ៉ូណាស ដើម្បី​ជួយ​គាត់​ឲ្យ​ប្រែចិត្ត ។

យ៉ូណាស ២:៧–១០; ៣:១០; ៤:២; មីកា ៧:១៨–១៩

ព្រះអម្ចាស់​ពោរពេញ​ដោយ​សេចក្ដី​មេត្តា​ករុណា​ដល់អ្នកទាំងឡាយ​ដែល​ងាក​មក​រក​ទ្រង់ ។

នៅពេល​កុមារ​យល់​ថា ព្រះអម្ចាស់​ពោរពេញ​ដោយ​សេចក្ដី​មេត្តា​ករុណា និង​មាន​ព្រះទ័យ​ល្អ នោះ​ពួកគេ​នឹង​ងាក​មករក​ទ្រង់ នៅពេល​ពួកគេ​ត្រូវការ​ទ្រង់ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ស្វែង​រក​និយមន័យ​មួយ​នៃ​ពាក្យ មេត្តា​ករុណា នៅ​ក្នុង​ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយscriptures.ChurchofJesusChrist.org ) ។ ហេតុអ្វី​យ៉ូណាស​ត្រូវការ​សេចក្ដី​មេត្តា​ករុណា ? តើ​ហេតុអ្វី​ប្រជាជន​នៅ​ក្រុង​នីនីវេ​ត្រូវការ​សេចក្ដី​មេត្តា​ករុណា ​? ( សូមមើល យ៉ូណាស ១:១–៣ ) ។ សូម​ឲ្យ​កុមារ​ស្រមៃ​ថា ពួកគេ​អាច​សម្ភាស​យ៉ូណាស​បាន ។ តើ​ភស្ដុតាង​អ្វី ដែល​យ៉ូណាស​អាច​ផ្ដល់​ឲ្យ​ដើម្បី​បង្ហាញ​ថា ព្រះអម្ចាស់​ពោរពេញ​ដោយ​សេចក្ដី​មេត្តា​ករុណា ? ( សម្រាប់​ឧទាហរណ៍ សូមមើល យ៉ូណាស ២:៧–១០; ៣:១០; ៤:២ ) ។ តើ​ព្រះអម្ចាស់​បាន​បង្ហាញ​សេចក្ដី​មេត្តាករុណា​ដល់​យើង​យ៉ាង​ដូច​ម្ដេច ?

  • សូម​ឲ្យ​កុមារ​ធ្វើ​បញ្ជី​មួយ​នៅ​លើ​ក្ដារខៀន អំពី​អ្វីៗ​ដែល​ពួកគេ « ពេញចិត្ត » ដូចជា ចំណង់​ចំណូល​ចិត្ត ពរជ័យ​ទាំងឡាយ​មក​ពី​ព្រះអម្ចាស់ ជាដើម ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​អាន មីកា ៧:១៨–១៩ ដើម្បី​រកមើល​ការណ៍​មួយ​ដែល​ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ ។ តើ​សេចក្ដីពិត​អ្វីខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ដែល​នឹង​ជួយ​ដល់​បុគ្គល​ម្នាក់ដែល​ភ័យ​ខ្លាច​ក្នុង​ការប្រែចិត្ត ?

  • សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​គំរូ​ទាំងឡាយ នៅពេល​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​មនុស្ស​ដទៃ​ទៀត ដូចជា ម៉ាកុស ២:៣–១២; លូកា ២៣:៣៣–៣៤; និង យ៉ូហាន ៨:១–១១ ។ សូម​បង្ហាញ​រូបភាព​នៃ​ព្រឹត្តិការណ៍​ទាំងនេះ ប្រសិនបើ​អាច ។ សូម​ជួយ​កុមារ​ឲ្យ​គិត​អំពីឱកាស​នានា ដែល​ពួកគេ​មាន​ដើម្បី​មាន​សេចក្ដី​មេត្តា​ករុណា និង​ចិត្តល្អ​ចំពោះ​អ្នកដទៃ ។

មីកា ៦:៨

ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​ដោយ​យុត្តិធម៌ ស្រឡាញ់​សេចក្តី​សប្បុរស ហើយ​ដើរ​ជាមួយ​នឹង​ទ្រង់​ដោយ​រាបសា ។

មីកា ៦:៨ ផ្ដល់​នូវ​លំនាំ​មួយ​សម្រាប់​ការរស់នៅ​ដោយ​សុចរិត ។ តើ​បងប្អូន​អាច​ជួយ​កុមារឲ្យ​រកឃើញ ហើយ​រស់នៅ​តាម​ការបង្រៀន​នៅក្នុង​ខគម្ពីរ​នេះ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូមអាន មីកា ៦:៨ ហើយ​ជួយ​កុមារ​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ឃ្លា​ទាំងនេះ ៖ « ប្រព្រឹត្ត​ដោយ​សុចរិត » « ស្រឡាញ់​សេចក្តី​សប្បុរស » និង « ដើរ​ជា​មួយ​នឹង​ព្រះ​នៃ​ខ្លួន ដោយ​សុភាព​រាបទាប » ។ សូម​អញ្ជើញ​កុមារ​ឲ្យ​គូររូប​ខ្លួន​ពួកគេ​កំពុង​ធ្វើអ្វី​មួយ​ដែល​ទាក់ទង​នឹង​ចំណុច​មួយ​នៃ​ឃ្លា​ទាំងនេះ ។

  • សូម​សរសេរ​នៅលើ​ក្ដារខៀន « តើ​ព្រះយេហូវ៉ា​សព្វ​ព្រះហឫទ័យ​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច​ម្តេច ? » អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​ចម្លើយ​នៅក្នុង មីកា ៦:៨ ។ តើ​ការគោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ជួយ​យើង​ឲ្យ​បំពេញ​តាម​អ្វី​ដែល​ព្រះអម្ចាស់​តម្រូវ​ពី​យើង​នៅក្នុង​ខគម្ពីរ​នេះ​ដោយ​របៀប​ណា ?

រូប​តំណាង​ការរៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​សរសេរ​នៅលើ​ក្រដាស​មួយ​សន្លឹក​សម្រាប់​កុមារ​ម្នាក់ៗ នូវ​ឃ្លា​គន្លឹះ​មួយ​ចេញ​មក​ពី​បទគម្ពីរ​ដែល​បងប្អូន​បាន​ពិភាក្សា​ក្នុង​ថ្នាក់ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ព្យាយាម​ទន្ទេញ​ឃ្លា​នោះ ហើយ​សុំដល់​សមាជិកគ្រួសារ​ម្នាក់ឲ្យ​ចែកចាយ​ពី​គំនិត​របស់​គាត់​អំពី​វា ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

យកចិត្ត​ទុកដាក់​ចំពោះ​កុមារ ។ តើ​កុមារ​នៅក្នុង​ថ្នាក់​របស់​បងប្អូន​ឆ្លើយ​តប​នឹង​សកម្មភាព​រៀនសូត្រ​នានា​យ៉ាង​ដូចម្ដេច ? បើ​ពួកគេ​ពុំ​នៅ​ស្ងៀម​ទេ វា​អាច​នឹង​ដល់​ពេល​ដើម្បី​សាកល្បង​សកម្មភាព​មួយ​ប្រភេទ​ទៀត ។ ម្យ៉ាង​វិញ​ទៀត ប្រសិនបើ​បងប្អូន​កត់សម្គាល់​ឃើញ​ថា កុមារ​ចូលរួម​នៅក្នុង​សកម្មភាព​មួយ សូម​កុំ​មាន​សម្ពាធ​ដើម្បី​បន្ដ​ទៅមុខ​ទៀត ដោយសារតែ​បងប្អូន​ពុំ​ទាន់​បាន​បង្រៀន​គ្រប់​ចំណុច​មេរៀន​ទាំងអស់​នោះ ។