ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ព្យាការី​យ៉ូណាស


« ព្យាការី​យ៉ូណាស » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ( ឆ្នាំ ២០២១ )

« ព្យាការី​យ៉ូណាស » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់

យ៉ូណាស ១–៤

ព្យាការី​យ៉ូណាស

ការរៀន​ទុកចិត្ត​លើ​សេចក្តី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់

រូបភាព
យ៉ូណាស​មាន​ទឹកមុខ​ក្រៀមក្រំ

យ៉ូណាស​គឺជា​ព្យាការី ។ ព្រះអម្ចាស់​បាន​បង្គាប់​ឲ្យ​លោក​ព្រមាន​ដល់​ប្រជាជន​នៅ​ក្រុង​នីនីវេ​ថា ទីក្រុង​របស់​ពួកគេ​នឹង​ត្រូវ​បំផ្លាញ ប្រសិនបើ​ពួកគេ​មិន​ប្រែចិត្ត​ទេ​នោះ ។

យ៉ូណាស ១:១–២

រូបភាព
យ៉ូណាស​ឡើង​សំពៅ

ប៉ុន្តែ ប្រជាជននៅក្រុង​នីនីវេ​គឺជា​សត្រូវ​នឹង​សាសន៍​អ៊ីស្រាអែល ។ យ៉ូណាស​មិនចង់​ផ្សព្វផ្សាយ​ទៅកាន់​ពួកគេ​នោះទេ ។ ដូច្នេះ លោក​ក៏ឡើង​ទៅលើ​សំពៅ​ជិះ​ទៅឆ្ងាយ​ពី​ក្រុង​នីនីវេ ។

យ៉ូណាស ១:៣

រូបភាព
ព្យុះសមុទ្រ​បោកបក់​លើ​សំពៅ

យ៉ូណាស​បាននៅ​លើ​សំពៅ ខ្យល់​ព្យុះ​ដ៏កំណាច​ក៏​បាន​​មក​ដល់ ។ មនុស្ស​ដែល​នៅលើ​សំពៅ​បាន​ភ័យខ្លាច​បាត់បង់​ជីវិត​របស់​ពួកគេ ។ ពួកគេ​បាន​សុំ​ឲ្យ​យ៉ូណាស​អធិស្ឋាន​ទៅ​ព្រះអម្ចាស់​ដើម្បី​ជួយ​សង្រ្គោះ​ពួកគេ ។

យ៉ូណាស ១:៤–៦

រូបភាព
យ៉ូណាស​និយាយ​ជាមួយ​ពួកអ្នក​បើកសំពៅ

យ៉ូណាស​បានដឹង​ថា ព្រះអម្ចាស់​បាន​បញ្ជូន​ព្យុះមក ពីព្រោះ​លោក​រត់គេច​ពី​អ្វី​ដែល​ព្រះអម្ចាស់​បង្គាប់​ឲ្យ​លោកធ្វើ ។ យ៉ូណាស​ចង់​ជួយ​សង្រ្គោះ​មនុស្ស​នៅលើ​សំពៅ​នោះ ។ លោក​បាន​និយាយថា ប្រសិនបើ​ពួកគេ​បោះ​លោក​ចូលទៅក្នុង​សមុទ្រ នោះ​ខ្យល់​ព្យុះ​នឹង​ស្ងប់ ។

យ៉ូណាស ១:១២

រូបភាព
ពួកអ្នកបើក​សំពៅ​បោះ​យ៉ូណាស​ចូល​ក្នុងទឹក

ពួក​បុរស​ទាំងនោះ​ពុំ​ចង់​បោះ​យ៉ូណាស​ចេញពី​សំពៅឡើយ ។ ពួកគេ​ព្យាយាម​កាច់សំពៅ​ទៅឯ​ច្រាំងវិញ ប៉ុន្តែ​ខ្យល់​ព្យុះ​នោះ​មានកម្លាំង​ខ្លាំង​ណាស់ ។ នៅទីបំផុត ពួកគេ​ក៏បោះ​យ៉ូណាស​ចូលទៅ​ក្នុង​សមុទ្រ ។

យ៉ូណាស ១:១៣–១៥

រូបភាព
ត្រីដ៏ធំ​បាន​លេប​យ៉ូណាស

ព្យុះ​ក៏ស្ងប់​ទៅ ។ ប៉ុន្តែ​បន្ទាប់មក យ៉ូណាស​ត្រូវបាន​ត្រី​ដ៏ធំ​មួយ​លេប ។

យ៉ូណាស ១:១៥, ១៧

រូបភាព
យ៉ូណាស​នៅឆ្នេរសមុទ្រ

យ៉ូណាស​នៅក្នុង​ពោះត្រី​អស់​រយៈពេល​បីថ្ងៃ បីយប់ ។ នៅអំឡុង​ពេលនោះ យ៉ូណាស​បាន​អធិស្ឋាន ហើយ​បាន​ប្រែចិត្ត ។ លោក​ចង់​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ហើយ​ស្តាប់​តាម​ព្រះអម្ចាស់ ។ ព្រះអម្ចាស់​បាន​ឮ​ការអធិស្ឋាន​របស់​យ៉ូណាស ហើយ​បាន​ធ្វើ​ឲ្យ​ត្រី​ខ្ជាក់​យ៉ូណាស​នៅលើ​ដីគោក​វិញ ។

យ៉ូណាស ១:១៧; ២:១–១០

រូបភាព
យ៉ូណាស​កំពុង​ផ្សព្វផ្សាយ​ដល់​ប្រជាជន

ជាថ្មី​ម្តងទៀត ព្រះអម្ចាស់​បាន​បង្គាប់​ឲ្យ​យ៉ូណាស ទៅ​ផ្សព្វផ្សាយ​ដល់​ប្រជាជន​នៅក្រុង​នីនីវេ ។ លើកនេះ យ៉ូណាស​បានប្រតិបត្តិ​តាម ។ លោក​បាន​ទៅក្រុង​នីនីវេ ហើយ​ប្រាប់​ប្រជាជន​ឲ្យប្រែចិត្ត បើមិន​ដូច្នោះទេ ព្រះអម្ចាស់​នឹង​បំផ្លាញ​ទីក្រុង​របស់​ពួកគេ​ហើយ ។ ស្ដេច និង​ប្រជារាស្រ្ត​របស់ទ្រង់​បាន​ប្រែចិត្ត ។ ព្រះអម្ចាស់​បាន​ព្រះរាជទាន​ទោស​ដល់​ពួកគេ ហើយ​មិន​បំផ្លាញ​ទីក្រុង​នីនីវេ​ឡើយ ។

យ៉ូណាស ៣

រូបភាព
យ៉ូណាស​មាន​ទឹកមុខ​ខឹង​សម្បារ

ប៉ុន្តែ យ៉ូណាស​បានខកចិត្ត​ដែល​ប្រជាជន​នេះ​មិនត្រូវ​បានបំផ្លាញ ។ លោក​បាន​គិតថា ពួកគេ​ពុំសម​នឹង​ទទួល​បាន​ការអភ័យ​ទោស​នោះទេ ។

យ៉ូណាស ៤:១–២

រូបភាព
យ៉ូណាស​សម្លឹង​ទៅដើមឈើ​ងាប់

ដើម្បី​បង្រៀន​មេរៀន​មួយ​ដល់​យ៉ូណាស នោះ​ព្រះអម្ចាស់​បាន​ដាំ​ដើមឈើ​មួយ​ដើម ដើម្បី​ធ្វើ​ជាម្លប់​ឲ្យ​យ៉ូណាស​ជ្រក​ពី​ព្រះអាទិត្យ ។ បន្ទាប់មក ដើមឈើ​នោះ​បាន​ងាប់ ហើយ យ៉ូណាស​មាន​អារម្មណ៍​សោកស្តាយ​ដើម​ឈើ​នោះ ។

យ៉ូណាស ៤:៥–៩

រូបភាព
យ៉ូណាស​កំពុង​បង្រៀន​ក្រុម​មនុស្ស

ព្រះអម្ចាស់​បាន​បង្រៀន​យ៉ូណាស​នូវ​មេរៀន​មួយ​អំពី​បុត្រា​បុត្រី​របស់​ទ្រង់ ។ យ៉ូណាស​បាន​រៀន​ថា លោក​គួរតែ​ពិបាក​ចិត្ត នៅពេល​ប្រជាជន​មិនប្រែចិត្ត ហើយ​ថា លោក​គួរតែ​សប្បាយ​ចិត្ត នៅពេល​ពួកគេ​ប្រែចិត្ត ។

យ៉ូណាស ៤:១០–១១

បោះពុម្ព