ដំណើររឿង​ក្នុង​ព្រះគម្ពីរ
យ៉ូសែប និង​អំណត់​អត់


« យ៉ូសែប និង​អំណត់​អត់ » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ( ឆ្នាំ​២០២២ )

« យ៉ូសែប និង​អំណត់​អត់ » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់

លោកុប្បត្តិ ៤២–៤៦

យ៉ូសែប និង​អំណត់​អត់

ឱកាស​របស់​ប្អូន​ប្រុស​ម្នាក់​ដើម្បី​បង្រួប​បង្រួម​គ្រួសារ​របស់​លោក

រូបភាព
យ៉ាកុប​ឲ្យ​កូនប្រុសៗ​របស់​លោក​ទៅ​ស្រុក​អេស៊ីព្ទ

គ្រួសារ​របស់​យ៉ាកុប​រង​ការអត់ឃ្លាន ដោយសារ​តែ​អំណត់​អត់ ។ ដូច្នេះ យ៉ាកុប​បានឲ្យ​កូនប្រុសៗ​របស់​លោក​ទៅ​ស្រុក​អេស៊ីព្ទ​ដើម្បី​ទិញ​ស្បៀង​អាហារ ។ លោក​បាន​ទុក​កូនប្រុស​ពៅ​របស់​លោក បេនយ៉ាមីន ឲ្យ​នៅ​ផ្ទះ ។ លោក​ខ្លាច​ថា​នឹង​បាត់បង់​បេនយ៉ាមីន ដូចជា​លោក​បាន​បាត់បង់​កូនប្រុស​របស់​លោក យ៉ូសែប ជាច្រើន​ឆ្នាំ​កន្លង​ទៅ​ដែរ ។ លោក​ពុំបាន​ដឹង​ថា កូនប្រុស​បងៗ​របស់​លោក​បាន​លក់ យ៉ូសែប​ឲ្យធ្វើ​ជា​ទាសករ​នោះទេ ។

លោកុប្បត្តិ ៤២:១–៤

រូបភាព
ពួកបងប្រុស​សូម​ទិញ​ស្បៀង​អាហារ​ពី​យ៉ូសែប

នៅ​គ្រានោះ យ៉ូសែប​គឺជា​អ្នកដឹកនាំ​ដ៏អស្ចារ្យ​នៅ​ស្រុក​អេស៊ីព្ទ ។ លោក​ទទួល​ខុសត្រូវ​លើ​ការលក់​ស្បៀង​អាហារ​អំឡុងពេល​អំណត់​អត់​នេះ ។ ពួកបងប្រុស​បាន​ជួប​នឹង​យ៉ូសែប ហើយ​បាន​សូម​ទិញ​ស្បៀង​អាហារ​ពី​លោក ។ ពួកគេ​មិន​បាន​ស្គាល់​លោក​ទេ ។

លោកុប្បត្តិ ៤២:៥–៨

រូបភាព
យ៉ូសែប​កំពុង​និយាយ

យ៉ូសែប​ស្គាល់​ពួកគេ​ភ្លាម ប៉ុន្ដែ​លោក​ធ្វើជា​មិន​ស្គាល់​ពួកគេ ។ លោក​បាន​សួរ​អំពី​គ្រួសារ​របស់​ពួកគេ ដើម្បី​ដឹង​ថា តើ​ឪពុក និង​ប្អូនប្រុស​របស់​លោក បេនយ៉ាមីន​នៅរស់​ឬអត់ ។

លោកុប្បត្តិ ៤២:១០–១៤

រូបភាព
ពួកបងប្រុស​ចាកចេញ​ជាមួយ​នឹង​ស្បៀង​អាហារ

បន្ទាប់មក យ៉ូសែប​បាន​ផ្ដល់​ស្បៀង​អាហារ​ដល់​បងប្រុស​របស់​លោក ។ លោក​បាន​ប្រាប់​ពួកគេ​ថា កុំ​ត្រឡប់​មក​វិញ​ទិញ​ស្បៀង​អាហារ​ថែម​ទៀត​ឡើយ លើកលែង​តែ​ពួកគេ​នាំ​ប្អូនប្រុស​ពៅ​របស់​ពួកគេ បេនយ៉ាមីន​មក​ជាមួយ​ពួកគេ ។

លោកុប្បត្តិ ៤២:១៥–២០

រូបភាព
ពួកបងប្រុស​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ​វិញ

នៅពេល​គ្រួសារ​នេះ​អស់​ស្បៀង​អាហារ​ម្ដងទៀត នោះ​យ៉ាកុប​បាន​ដឹង​ថា លោក​ត្រូវតែ​បញ្ជូន​បេនយ៉ាមីន ឲ្យទៅ​ជាមួយ​នឹង​កូនប្រុស​ដទៃទៀត​របស់​លោក​ទៅ​ស្រុក​អេស៊ីព្ទ ។ យ៉ាកុប​នៅតែ​ខ្លាច​មិនចង់​ឲ្យ​បេនយ៉ាមីន​ទៅ​នោះ​ទេ ។ ប៉ុន្ដែ យូដា ដែល​ជា​បងប្រុស​ម្នាក់ បាន​សន្យា​ថា គាត់​នឹង​ថែរក្សា​បេនយ៉ាមីន​ឲ្យមាន​សុវត្ថិភាព ។

លោកុប្បត្តិ ៤៣:១–១៥

រូបភាព
យ៉ូសែប​ចោទ​ប្រកាន់​ពួកបងប្រុស​ថា​បាន​លួច​ពែង​ប្រាក់

នៅពេល​ពួកបងប្រុស​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ​វិញ នោះ​យ៉ូសែប​ធ្វើឲ្យ​វា​មើលទៅ​ដូចជា បេនយ៉ាមីន​បាន​លួច​ពែង​ប្រាក់​មួយ​អញ្ចឹង ។ លោក​ចង់​ដឹង​ថា តើ​ពួកបងប្រុស​របស់​លោក​បាន​ផ្លាស់ប្ដូរ​ឬអត់ ។ យូដា​បាន​សូម​យ៉ូសែប​កុំឲ្យ​ដាក់ទោស​បេនយ៉ាមីន​ឡើយ ប៉ុន្ដែ​សូម​ដាក់ទោស​យូដា​ជំនួស​វិញ ។

លោកុប្បត្តិ ៤៤

រូបភាព
យ៉ូសែប​បង្ហាញ​ថា លោក​ជា​នរណា

យ៉ូសែប​បាន​រីករាយ​ពេល​ឃើញ​ថា ពួកបងប្រុស​របស់​លោក​បាន​ផ្លាស់ប្ដូរ ។ ពួកគេ​ស្រឡាញ់​បេនយ៉ាមីន​ខ្លាំង​ល្មម ដើម្បី​ការពារ​គាត់​បាន ។ ដូច្នេះ នៅ​ទីបញ្ចប់ យ៉ូសែប​បាន​ប្រាប់​ពួកគេ​ថា លោក​ជា​នរណា ។

លោកុប្បត្តិ ៤២:២១–២៤; ៤៥:១–៤

រូបភាព
យ៉ូសែប​ឱប​ពួក​បងប្រុស​របស់​លោក

យ៉ូសែប​បាន​អភ័យទោស​ឲ្យ​បងប្រុសៗ​របស់​លោក ដែល​បាន​លក់​លោក​ឲ្យធ្វើ​ជា​ទាសករ ។ យ៉ូសែប​បាន​ថ្លែង​ថា វា​គឺជា​របៀប​របស់​ព្រះអម្ចាស់ ដើម្បី​ជួយ​គ្រួសារ​របស់​ពួកគេ​ឲ្យរស់រាន​ក្នុង​ពេល​មាន​អំណត់​អត់​នេះ ។

លោកុប្បត្តិ ៤៥:៥–៨

រូបភាព
ពួកបងប្រុស​រត់​ទៅរក​យ៉ាកុប

ពួកបងប្រុស​របស់​យ៉ូសែប​បាន​ត្រឡប់​ទៅឯ​ឪពុក​របស់​ពួកគេ យ៉ាកុប​វិញ ហើយ​បាន​ប្រាប់​លោក​អំពី​រឿង​ទាំងអស់​ដែល​បាន​កើតឡើង ។ យ៉ាកុប​បាន​នាំ​គ្រួសារ​របស់​លោក​ទាំងមូល​ទៅ​ស្រុក​អេស៊ីព្ទ ។

លោកុប្បត្តិ ៤៥:២៤–២៨; ៤៦:១–២៦

រូបភាព
យ៉ូសែប និង​យ៉ាកុប​នៅ​ស្រុក​អេស៊ីព្ទ ផារ៉ោន​កំពុង​ទត​មើល

ផារ៉ោន​បាន​ស្វាគមន៍​គ្រួសារ​របស់​យ៉ាកុប ។ ទ្រង់​បាន​ប្រទាន​ដី និង​សត្វ​ដល់​ពួកគេ ដើម្បី​ពួកគេ​អាច​មាន​អាហារ​ជាច្រើន ។ គ្រួសារ​របស់​យ៉ាកុប​បាន​រស់នៅ​ដោយ​សុខសាន្ដ​អស់​រយៈពេល​ជាយូរ ។

លោកុប្បត្តិ ៤៥:១៦–២៣

បោះពុម្ព