ដំណើររឿង​ក្នុង​ព្រះគម្ពីរ
កងទ័ព​របស់​គេឌាន


« កងទ័ព​របស់​គេឌាន » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ( ឆ្នាំ ២០២២ )

« កងទ័ព​របស់​គេឌាន » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់

ពួកចៅហ្វាយ ៦–៧

កងទ័ព​របស់​គេឌាន

ការទុកចិត្ត​លើ​ព្រះអម្ចាស់​នៅក្នុង​ចម្បាំង

រូបភាព
ពួកសាសន៍​ម៉ាឌាន​លួច​ស្បៀង​អាហារ

ប្រជាជន​អ៊ីស្រាអែល​មាន​ពរជ័យ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ។ ប៉ុន្ដែ ក្រោយមក​ពួកគេ​បាន​ជ្រើសរើស​មិន​គោរព​តាម​ព្រះអម្ចាស់ ។ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ចងចាំ​ដល់​ទ្រង់ នោះ​ព្រះអម្ចាស់​បាន​អនុញ្ញាត​ឲ្យ​ពួកសត្រូវ​សាសន៍​ម៉ាឌាន​មក​យក​ស្បៀង​អាហារ និង​សត្វ​របស់​ពួកគេ ។ ពួកសាសន៍​អ៊ីស្រាអែល​រង​ការអត់ឃ្លាន ដើម្បីឲ្យ​ពួកគេ​ចងចាំ​ដល់​ព្រះអម្ចាស់ និង​អធិស្ឋាន​សូម​ជំនួយ​ពី​ទ្រង់ ។

ពួកចៅហ្វាយ ៦:១–៧

រូបភាព
ទេវតា​មាន​បន្ទូល​ទៅ​គេឌាន

គេឌាន​គឺជា​បុរស​ម្នាក់​មកពី​គ្រួសារ​ក្រីក្រ​មួយ ។ ព្រះអម្ចាស់​បាន​បញ្ជូន​ទេវតា​មួយ​អង្គ ដើម្បី​ទៅ​ហៅ​លោក​ឲ្យ​រំដោះ​អ៊ីស្រាអែល ។ គេឌាន​បាន​ឆ្ងល់​ថា ហេតុអ្វី​បានជា​ព្រះអម្ចាស់​បាន​ជ្រើសរើស​លោក ។

ពួកចៅហ្វាយ ៦:១១–១៥

រូបភាព
ប្រជាជន​ខឹង​នឹង​គេឌាន​នៅក្បែរ​រូប​សំណាក​ដែល​បាក់បែក

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ឲ្យ​គេឌាន​បំផ្លាញ​ទីកន្លែង​ទាំងឡាយ ដែល​ពួកសាសន៍​អ៊ីស្រាអែល​បាន​ថ្វាយ​បង្គំ​ព្រះ​ក្លែងក្លាយ ។ នៅពេល​គេឌាន​បាន​គោរព​តាម នោះ​ប្រជាជន​បាន​ខឹង​សម្បារ ។

ពួកចៅហ្វាយ ៦:២៥–២៧

រូបភាព
ឪពុក​របស់​គេឌាន​ការពារ​លោក​ពី​ប្រជាជន​ដែល​ខឹង​សម្បារ

ពួកសាសន៍​អ៊ីស្រាអែល​ចង់​សម្លាប់​គេឌាន ។ ប៉ុន្ដែ ឪពុក​របស់​គេឌាន​បាន​បញ្ចុះបញ្ចូល​ពួកគេ​កុំឲ្យ​ធ្វើបាប​លោក ។ គេឌាន​បាន​មាន​សុវត្ថិភាព ។

ពួកចៅហ្វាយ ៦:២៨–៣២

រូបភាព
គេឌាន​កំពុង​អធិស្ឋាន

គេឌាន​គិត​ថា លោក​មិន​អាច​រំដោះ​អ៊ីស្រាអែល​បាន​ទេ ។ មាន​ទាហាន​ជាង ១៣៥,០០០ នាក់​នៅក្នុង​ជួរ​កងទ័ព​សាសន៍​ម៉ាឌាន ។ ប៉ុន្ដែ ព្រះអម្ចាស់​បាន​ប្រទាន​ប្រាជ្ញា និង​កម្លាំង​ដល់​គេឌាន ។

ពួកចៅហ្វាយ ៦:១៣–១៦; ៨:១០

រូបភាព
ពួកទាហាន​ចាកចេញ​ពី​ជួរ​កងទ័ព

ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​ពួកសាសន៍​អ៊ីស្រាអែល​ដឹង​ថា ពួកគេ​អាច​យកឈ្នះ​បាន​ដោយសារ​កម្លាំង​របស់​ទ្រង់ មិនមែន​ដោយសារ​កម្លាំង​របស់​ពួកគេ​ផ្ទាល់​នោះ​ឡើយ ។ ទោះបីជា​អ៊ីស្រាអែល​មាន​ទាហាន​តែ ៣២,០០០ នាក់​ក្ដី ក៏​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​គេឌាន​បញ្ជូន​ទាហាន​ណា​ដែល​ខ្លាច ត្រឡប់​ទៅ​ផ្ទះ​ដែរ ។ បន្ទាប់ពី​ទាហាន ២២,០០០ បាន​ទៅផ្ទះ​វិញ នោះ​ពួកសាសន៍​អ៊ីស្រាអែល​នៅសល់​តែ​ទាហាន​ចំនួន ១០,០០០ ប៉ុណ្ណោះ ។

ពួកចៅហ្វាយ ៧:២–៣

រូបភាព
ពួកទាហាន​កំពុង​ផឹក​ទឹក

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ទាហាន ១០,០០០ នាក់ ក៏​នៅតែ​ជា​ចំនួន​ដ៏ច្រើន​ដដែល ។ ទ្រង់​បាន​មាន​បន្ទូល​ឲ្យ​គេឌាន​នាំ​កងទ័ព​ចុះ​ទៅ​ផឹកទឹក ។ អស់​អ្នក​ដែល​ផឹក​ទឹក​នឹង​មាត់​របស់​ពួកគេ​ផ្ទាល់ នឹង​ត្រូវ​បញ្ជូន​ទៅផ្ទះ​វិញ ។ អស់​អ្នក​ដែល​ផឹក​ទឹក​ដោយ​ប្រើ​ដៃ​របស់​ពួកគេ​អាច​បន្ដ​នៅបាន ។ ឥឡូវ​នេះ មាន​នៅសល់​ទាហាន​តែ​ចំនួន ៣០០ នាក់​ប៉ុណ្ណោះ ។

ពួកចៅហ្វាយ ៧:៤–៧

រូបភាព
ពួកទាហាន​សាសន៍​អ៊ីស្រាអែល​កាន់​ត្រែ និង​ចន្លុះ​នៅជុំវិញ​ជំរំ​របស់​សាសន៍​ម៉ាឌាន

នៅ​ចុង​បញ្ចប់ ពួកសាសន៍​អ៊ីស្រាអែល​បាន​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ច្បាំង ។ ព្រះអម្ចាស់​បាន​បង្ហាញ​គេឌាន ពី​របៀប​ដើម្បី​យកឈ្នះ​លើ​ពួកសាសន៍​ម៉ាឌាន ។ គេឌាន​បាន​ប្រាប់​កងទ័ព​របស់​លោក​ឲ្យប្រើ​ត្រែ និង​ចន្លុះ​ដើម្បី​បំភ័យ​ពួកគេ ។ សំឡេង និង​ពន្លឺ​ភ្លើង​បាន​ធ្វើឲ្យ​ពួកសាសន៍​ម៉ាឌាន​ភាន់ភាំង​យ៉ាងខ្លាំង រហូត​ដល់​ពួកគេ​ចាប់ផ្ដើម​ប្រយុទ្ធ​នឹង​គ្នា​ទៅវិញ​ទៅមក ។ បន្ទាប់មក ពួកគេ​បាន​ស្រែក ហើយ​បាន​រត់​ចេញ​អស់ ។

ពួកចៅហ្វាយ ៧:១៦–២២

រូបភាព
គេឌាន​ដឹកនាំ​ពួកទាហាន

ដោយសារ​គេឌាន​បាន​ទុកចិត្ត​លើ​ព្រះអម្ចាស់ នោះ​ពួកសាសន៍​អ៊ីស្រាអែល​បាន​យកឈ្នះ​លើ​កងទ័ព​សាសន៍​ម៉ាឌាន​ដ៏ធំ ដោយសារ​ទាហាន​តែ ៣០០ នាក់​ប៉ុណ្ណោះ ។ ព្រះអម្ចាស់​បាន​រំដោះ​ប្រជាជន​អ៊ីស្រាអែល ។

ពួកចៅហ្វាយ ៧:២៣–២៥

បោះពុម្ព