ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ស្តេច​យ៉ូសៀស


« ស្តេច​យ៉ូសៀស » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ( ឆ្នាំ ២០២២ )

« ស្តេច​យ៉ូសៀស » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់

ពង្សាវតារក្សត្រ ទី២ ២២; របាក្សត្រ ទី២ ៣៤–៣៥

ស្តេច​យ៉ូសៀស

ការព្យាយាម​ដើម្បី​គោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះអម្ចាស់

រូបភាព
ស្តេច​យ៉ូសៀស​វ័យក្មេង

យ៉ូសៀស​មាន​ព្រះជន្ម​ប្រាំបី​ព្រះវស្សា នៅពេល​ទ្រង់​ឡើង​គ្រងរាជ្យ​ជា​ស្ដេច​ស្រុក​យូដា ។ ទ្រង់​គឺជា​ស្ដេច​ដ៏ល្អ​មួយអង្គ ដែល​ស្រឡាញ់​ព្រះអម្ចាស់ ។ ទ្រង់​មាន​ព្រះទ័យ​ចង់​ជួយ​ប្រជារាស្ដ្រ​របស់​ទ្រង់ គឺ​ពួកសាសន៍​អ៊ីស្រាអែល ឲ្យ​គោរព​តាម​ព្រះអម្ចាស់ និង​ឈប់​ថ្វាយ​បង្គំ​រូប​សំណាក​ទៀត ។ នៅពេល​ទ្រង់​ចម្រើន​ព្រះជន្ម នោះ​ទ្រង់ និង​ប្រជាជន​របស់​ទ្រង់​ចាប់ផ្ដើម​ជួសជុល​ព្រះវិហារ​បរិសុទ្ធ និង​តុបតែង​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​ស្រស់ស្អាត​ឡើងវិញ ។

ពង្សាវតារក្សត្រ ទី២ ២២:១–២; របាក្សត្រ ទី២ ៣៤:៣–៧

រូបភាព
ហ៊ីលគីយ៉ា​រកឃើញ​រមូរ​គម្ពីរ​នៅក្នុង​កម្ទេច​បែកបាក់​នៃ​ព្រះវិហារ​បរិសុទ្ធ

ខណៈ​ប្រជាជន​កំពុង​ធ្វើការ​ជួសជុល​ព្រះវិហារ​បរិសុទ្ធ នោះ​ហ៊ីលគីយ៉ា ដែល​ជា​សម្ដេច​សង្ឃ​បាន​រកឃើញ​គម្ពីរ​ក្រឹត្យវិន័យ ជា​រមូរ​គម្ពីរ​ដែល​មាន​បទគម្ពីរ​ចែង​នៅលើ​នោះ ។

ពង្សាវតារក្សត្រ ទី២ ២២:៣–៩

រូបភាព
ស្ដេច​យ៉ូសៀស​ដ៏ក្រៀមក្រំ​កំពុង​ស្ដាប់​គម្ពីរ​ក្រឹត្យវិន័យ

អ្នកបម្រើ​ម្នាក់​បាន​អាន​គម្ពីរ​នេះ​ថ្វាយ​យ៉ូសៀស ។ យ៉ូសៀស​បាន​ព្រះ​សណ្ដាប់​ព្រះបន្ទូល ហើយ​មាន​ព្រះទ័យ​ក្រៀមក្រំ ដោយសារ​ប្រជាជន​របស់​ទ្រង់​មិនបាន​គោរព​តាម​ព្រះអម្ចាស់ ។ ទ្រង់​បាន​ហែក​អាវ​របស់​ទ្រង់ ដើម្បី​បង្ហាញ​ថា ទ្រង់​មាន​ព្រះទ័យ​ក្រៀមក្រំ ។

ពង្សាវតារក្សត្រ ទី២ ២២:១០–១៣, ១៩

រូបភាព
អ្នកបម្រើ​របស់​យ៉ូសៀស​កំពុង​និយាយ​ជាមួយ​ហ៊ីលគីយ៉ា

ទ្រង់​បាន​មាន​បន្ទូល​ទៅ​ហ៊ីលគីយ៉ា ឲ្យទូល​សូម​ព្រះអម្ចាស់​ពី​អ្វី​ដែល​ទ្រង់ និង​ពួកគេ​គួរតែ​ធ្វើ ។ ហ៊ីលគីយ៉ា និង​អ្នកបម្រើ​របស់​ស្ដេច​បាន​ទៅជួប​ហ៊ុលដា ។ នាង​គឺជា​ហោរា​ស្រី ជា​អ្នកដឹកនាំ​ដ៏ស្មោះត្រង់​ម្នាក់​ដែល​ព្រះ​បាន​បំផុស​គំនិត ។ នាង​បាន​ពោល​ថា ព្រះអម្ចាស់​សព្វ​ព្រះទ័យ​នឹង​យ៉ូសៀស ដោយសារ​ទ្រង់​កំពុង​ជួយ​ប្រជាជន​ឲ្យ​គោរព​តាម​ព្រះ ។ ព្រះអម្ចាស់​បាន​សន្យា​ថា ស្ដេច​យ៉ូសៀស​នឹង​មាន​ព្រះជន្ម​រស់នៅក្នុង​សេចក្ដី​សុខសាន្ដ ។

ពង្សាវតារក្សត្រ ទី២ ២២:១២–២០

រូបភាព
ស្តេច​យ៉ូសៀស​នៅឯ​អាហារ​ពេលល្ងាច​នៃ​បុណ្យ​រំលង

ស្តេច​យ៉ូសៀស​សព្វ​ព្រះទ័យ​ឲ្យ​ប្រជាជន​របស់​ទ្រង់​រក្សា​ការសន្យា​របស់​ពួកគេ​ជាមួយ​នឹង​ព្រះអម្ចាស់ ។ ទ្រង់​បាន​សុំឲ្យ​ពួកគេ​ប្រារព្ធ​បុណ្យ​រំលង ដើម្បី​ជួយ​ពួកគេ​ឲ្យ​ចងចាំ​ពី​របៀប ដែល​ព្រះអម្ចាស់​បាន​រំដោះ​ពួកសាសន៍​អ៊ីស្រាអែល​ជាយូរ​មកហើយ​នៅឯ​ស្រុក​អេស៊ីព្ទ ។

របាក្សត្រ ទី២ ៣៥:១–១៩

បោះពុម្ព