ដំណើររឿង​ក្នុង​ព្រះគម្ពីរ
យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទ


« យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទ » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ( ឆ្នាំ ២០២២ )

« យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទ » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់

លោកុប្បត្តិ ៣៩–៤១

យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទ

ពី​ទាសករ​ទៅជា​អ្នកដឹកនាំ

រូបភាព
យ៉ូសែប​ត្រូវ​គេ​លក់ឲ្យ​ទៅ​ប៉ូទីផារ

យ៉ូសែប​ត្រូវបាន​គេ​លក់​ជា​ទាសករ​ឲ្យ​ទៅ​បុរស​ម្នាក់​ឈ្មោះ​ថា ប៉ូទីផារ ។ ប៉ូទីផារ​ធ្វើការ​ឲ្យ​ផារ៉ោន ដែល​ជា​អ្នកគ្រប់គ្រង​ស្រុក​អេស៊ីព្ទ ។ ប៉ូទីផារ​អាច​ប្រាប់​បាន​ថា ព្រះអម្ចាស់​បាន​ជួយ​ដល់​យ៉ូសែប ។ គាត់​បាន​ទុកចិត្ត​លើ​យ៉ូសែប ហើយ​បាន​ដាក់​លោក​ឲ្យ​ទទួល​ខុសត្រូវ​លើ​ផ្ទះ​របស់​គាត់ និង​អ្វីៗ​គ្រប់យ៉ាង​ដែល​គាត់​មាន ។

លោកុប្បត្តិ ៣៩:១–៦

រូបភាព
យ៉ូសែប​ប្រាប់​ទៅ​ប្រពន្ធ​របស់​ប៉ូទីផារ​ថា​ទេ

ប្រពន្ធ​របស់​ប៉ូទីផារ​ពេញចិត្ត​នឹង​យ៉ូសែប ។ នាង​ចង់ឲ្យ​យ៉ូសែប​បំពាន​បទបញ្ញតិ្ត​ទាំងឡាយ​របស់​ព្រះអម្ចាស់​ជាមួយ​នឹង​នាង ។ យ៉ូសែប​បាន​ប្រាប់​នាង​ថា ទេ ។

លោកុប្បត្តិ ៣៩:៧–១០

រូបភាព
យ៉ូសែប​រត់គេច​ពី​ប្រពន្ធ​របស់​ប៉ូទីផារ

ប្រពន្ធ​របស់​ប៉ូទីផារ​មិន​ព្រម​ស្ដាប់​ទេ ដូច្នេះ​យ៉ូសែប​បាន​រត់​ចេញ ។ នាង​បាន​ខឹង​នឹង​យ៉ូសែប ។

លោកុប្បត្តិ ៣៩:១១–១២

រូបភាព
ប្រពន្ធ​របស់​ប៉ូទីផារ​និយាយ​ទៅកាន់​ប៉ូទីផារ

នាង​បាន​បង្ហាញ​បំណែក​អាវ​របស់​យ៉ូសែប​ដល់​ប៉ូទីផារ ។ នាង​បាន​កុហក​ប៉ូទីផារ​អំពី​យ៉ូសែប ។ ប៉ូទីផារ​បាន​ចាប់​យ៉ូសែប​ដាក់​គុក ។

លោកុប្បត្តិ ៣៩:១៣–២០

រូបភាព
យ៉ូសែប​នៅក្នុង​គុក

យ៉ូសែប​បាន​បែកបាក់​ពី​គ្រួសារ​របស់​លោក ។ លោក​បាន​ក្លាយជា​ទាសករ ហើយ​ឥឡូវ​នេះ លោក​គឺជា​អ្នកទោស​ម្នាក់ ។ ប៉ុន្តែ ព្រះអម្ចាស់​នៅតែ​ជួយ​ដល់​យ៉ូសែប ។ យ៉ូសែប​មិន​បាន​ចុះចាញ់​ឡើយ ។ ព្រះអម្ចាស់​បាន​ប្រទានពរ​ឲ្យ​មេភូឃុំ​មើលឃើញ​សេចក្ដីល្អ​របស់​យ៉ូសែប ។ មេភូឃុំ​ចាប់ផ្ដើម​ទុកចិត្ត​លើ​លោក ដូច្នេះ​គាត់​បាន​ដាក់​ឲ្យ​យ៉ូសែប​ទទួល​ខុសត្រូវ​លើ​អ្នកទោស​ផ្សេងទៀត ។

លោកុប្បត្តិ ៣៩:២១

រូបភាព
យ៉ូសែប​កំពុង​បកស្រាយ​សុបិន​របស់​អ្នកទោស

យ៉ូសែប​បាន​ជួប​នឹង​អ្នកទោស​ពីរ​នាក់ អ្នកដុតនំ និង​អ្នកពិសេស​ថ្វាយ​ពែង ដែល​បាន​ធ្វើការ​ថ្វាយ​ផារ៉ោន ។ ពួកគេ​ទាំងពីរ​នាក់​បាន​យល់សប្ដិ​ចម្លែក ។ តាមរយៈ​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ នោះ​យ៉ូសែប​បាន​ពន្យល់​ពី​អត្ថន័យ​នៃ​សុបិន​របស់​ពួកគេ ។ សុបិន​របស់​អ្នកពិសេស​ថ្វាយ​ពែង​មាន​ន័យ​ថា អ្នកពិសេស​ថ្វាយ​ពែង​នោះ​នឹង​ត្រូវ​ដោះលែង ។ បី​ថ្ងៃ​ក្រោយមក គាត់​មាន​សេរីភាព​ដើម្បី​ធ្វើការ​ថ្វាយ​ផារ៉ោន​ម្ដងទៀត ។

លោកុប្បត្តិ ៣៩:២២–២៣; ៤០:១–២១

រូបភាព
ផារ៉ោន​ក្រៀមក្រំ

មាន​ថ្ងៃមួយ ផារ៉ោន​បាន​ក្រៀមក្រំ​ដោយសារ​សុបិន​របស់​ទ្រង់ ។ គ្មាន​នរណា​ម្នាក់​អាច​ប្រាប់​ទ្រង់​អំពី​អត្ថន័យ​នៃ​សុបិន​របស់​ទ្រង់​បាន​ឡើយ ។

លោកុប្បត្តិ ៤១:១–៨

រូបភាព
អ្នកពិសេស​ថ្វាយ​ពែង​ទូល​ទៅ​ផារ៉ោន

បន្ទាប់មក អ្នកពិសេស​ថ្វាយ​ពែង​បាន​ចងចាំ​ថា យ៉ូសែប​អាច​បកស្រាយ​សុបិន​បាន ។

លោកុប្បត្តិ ៤១:៩–១៣

រូបភាព
យ៉ូសែប​កំពុង​បកស្រាយ​សុបិន​របស់​ផារ៉ោន

យ៉ូសែប​ត្រូវគេ​នាំ​ចេញពី​គុក ដើម្បី​ទៅ​បកស្រាយ​សុបិន​របស់​ផារ៉ោន ។ យ៉ូសែប​បាន​និយាយ​ថា សុបិន​នោះ​មាន​ន័យ​ថា ស្រុក​អេស៊ីព្ទ​នឹង​មាន​ស្បៀង​អាហារ​ជាច្រើន​រយៈពេល​ប្រាំពីរ​ឆ្នាំ ហើយ​បន្ទាប់​មក នឹង​មាន​អំណត់អត់​ដោយ​មាន​អាហារ​តិចតួច​បំផុត​រយៈពេល​ប្រាំពីរ​ឆ្នាំ ។ យ៉ូសែប​បាន​ទូល​ទៅ​ផារ៉ោន​ថា ស្រុក​អេស៊ីព្ទ​គួរតែ​សន្សំទុក​ស្បៀង​អាហារ​លើស​ទាំងនោះ​នៅ​អំឡុង​ឆ្នាំ​ដែល​មាន​ស្បៀង​ច្រើន ។

លោកុប្បត្តិ ៤១:១៤–៣៦

រូបភាព
យ៉ូសែប​បង្ហាញ​ផារ៉ោន​ជង្រុក​ស្ដុក​ស្បៀង

ផារ៉ោន​បាន​ដឹង​ថា អ្វី​ដែល​យ៉ូសែប​បាន​និយាយ​អំពី​សុបិន​របស់​ទ្រង់​គឺជា​ការពិត ។ ទ្រង់​បាន​ដោះលែង​យ៉ូសែប​ចេញពី​គុក ហើយ​បាន​តែងតាំង​យ៉ូសែប​ឲ្យធ្វើជា​មេដឹកនាំ​ដ៏អស្ចារ្យ​ម្នាក់​នៅ​ស្រុក​អេស៊ីព្ទ ។ អស់​រយៈពេល​ប្រាំពីរ​ឆ្នាំ យ៉ូសែប​បាន​ជួយ​ស្រុក​អេស៊ីព្ទ​ស្ដុក​ទុក​ស្បៀង​ដែល​លើស ។

លោកុប្បត្តិ ៤១:៣៧–៥៣

រូបភាព
ប្រជាជន​ធ្វើ​ដំណើរ​នៅក្នុង​ស្រុក​អេស៊ីព្ទ

បន្ទាប់​មក អំណត់​អត់​ក៏​បាន​មក​ដល់ ។ អំឡុង​ពេលនេះ គ្មាន​នរណាម្នាក់​អាច​ដាំដុះ​អ្វី​បាន​ឡើយ ។ ប្រជាជន​បាន​ធ្វើ​ដំណើរ​ទៅកាន់​ស្រុក​អេស៊ីព្ទ ដើម្បី​ទិញ​ស្បៀង​អាហារ ដែល​យ៉ូសែប​បាន​ស្ដុក​ទុក ។ ដោយសារតែ​យ៉ូសែប នោះ​អ្នកស្រុក​អេស៊ីព្ទ​បាន​សន្សំ​ស្បៀង​ទុក​ល្មម​គ្រប់គ្រាន់​ដើម្បី​ជួយ​ខ្លួនគេ និង​មនុស្ស​ដទៃ​ទៀត​ឲ្យរស់រាន​ក្នុង​ពេល​អំណត់​អត់​នេះ ។

លោកុប្បត្តិ ៤១:៥៤–៥៧

បោះពុម្ព