« ថ្ងៃទី ២១–២៧ ខែ វិច្ឆិកា ។ យ៉ូណាស; មីកា ៖ ‹ ទ្រង់សព្វព្រះហឫទ័យនឹងសេចក្តីសប្បុរស › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ២១–២៧ ខែ វិច្ឆិកា ។ យ៉ូណាស; មីកា » ចូរមកតាមខ្ញុំ—សម្រាប់ សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២២
ថ្ងៃទី ២១–២៧ ខែ វិច្ឆិកា
យ៉ូណាស; មីកា
« ទ្រង់សព្វព្រះហឫទ័យនឹងសេចក្តីសប្បុរស »
ការប្រែចិត្តជឿដ៏យូរអង្វែងតម្រូវឲ្យមានលើសពីមេរៀនថ្នាក់សាលាថ្ងៃអាទិត្យដ៏បំផុសគំនិតរាល់ពីរសប្ដាហ៍ម្ដងទៅទៀត ។ សូមលើកទឹកចិត្តសមាជិកក្នុងថ្នាក់ឲ្យស្វែងរកបទពិសោធន៍ខាងវិញ្ញាណផ្ទាល់ខ្លួនពេញមួយជីវិតរបស់ពួកគេ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
សូមពិចារណាសរសេរឃ្លាដូចតទៅនេះនៅលើក្ដារខៀន ៖ សេចក្ដីពិតដែលធ្វើឲ្យខ្ញុំនឹកឃើញ អ្វីមួយថ្មីដែលខ្ញុំបានរៀន និង អ្វីមួយដែលខ្ញុំចង់សិក្សាបន្ថែមទៀត ។ សូមផ្តល់ពេលវេលាឲ្យសមាជិកក្នុងថ្នាក់ពិនិត្យមើលឡើងវិញ នូវអ្វីដែលពួកគេបានសិក្សានៅក្នុងគម្ពីរយ៉ូណាស និងគម្ពីរមីកា ដែលទាក់ទងទៅនឹងឃ្លាមួយនៅលើក្ដារខៀន ។
បង្រៀនគោលលទ្ធិ
ព្រះអម្ចាស់មានសេចក្ដីសប្បុរសដល់មនុស្សទាំងអស់ ដែលងាកមករកទ្រង់ ។
ការរំឭកសមាជិកក្នុងថ្នាក់របស់បងប្អូនអំពីសេចក្ដីសប្បុរសរបស់ព្រះអម្ចាស់ អាចជួយពួកគេឲ្យមានអារម្មណ៍ពីសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះពួកគេ ហើយបំផុសគំនិតពួកគេឲ្យប្រែចិត្ត ។ បងប្អូនអាចអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យអាន មីកា ៧:១៨–១៩ ហើយសរសេរនៅលើក្ដារខៀននូវព្រឹត្តិការណ៍មួយចំនួនចេញពី យ៉ូណាស ១–៤ ដែលបង្ហាញថា ព្រះអម្ចាស់សព្វព្រះហឫទ័យនឹងសេចក្តីសប្បុរស ។ តើយើងអាចចែកចាយបទពិសោធន៍ផ្សេងទៀតអ្វីខ្លះ អំពីសេចក្ដីសប្បុរសរបស់ព្រះ—ចេញពីព្រះគម្ពីរ ឬពីជីវិតរបស់យើងផ្ទាល់ ?
ការដកពិសោធន៍សេចក្ដីសប្បុរសរបស់ព្រះអម្ចាស់ អាចបំផុសគំនិតយើងឲ្យកាន់តែមានសេចក្ដីសប្បុរស ។ នេះគឺជាគំនិតមួយ ដែលអាចជួយសមាជិកក្នុងថ្នាក់របស់បងប្អូន ឲ្យរៀនអំពីសេចក្ដីសប្បុរសចេញពីគម្ពីរយ៉ូណាស ។ បងប្អូនអាចសរសេរសំណួរដូចនេះនៅលើក្ដារខៀន ៖ ដូចបានបង្ហាញនៅក្នុង យ៉ូណាស ១–៤ តើសេចក្ដីសប្បុរសរបស់ព្រះអាចបង្រៀនខ្ញុំអ្វីខ្លះ អំពីការកាន់តែមានសេចក្ដីសប្បុរស ? សមាជិកក្នុងថ្នាក់ម្នាក់ៗអាចជ្រើសរើសយកជំពូកមួយមករំឭកឡើងវិញ ហើយរកមើលចម្លើយចំពោះសំណួរនេះ ។ សូមផ្ដល់ពេលវេលាឲ្យសមាជិកក្នុងថ្នាក់ពិចារណាពីឱកាស ដែលពួកគេមានដើម្បីជំនួសឥរិយាបថដែលកាត់សេចក្ដីគេ ដោយឥរិយាបថប្រកបដោយសេចក្ដីសប្បុរសចំពោះខ្លួនគេ ឬ មនុស្សដទៃវិញ ។
បុត្រាបុត្រីរបស់ព្រះទាំងអស់ត្រូវស្ដាប់ឮដំណឹងល្អ ។
-
របៀបមួយដើម្បីរៀនមេរៀនមកពីដំណើររឿងរបស់យ៉ូណាស គឺត្រូវប្រៀបធៀបវាជាមួយនឹងដំណើររឿងរបស់អ្នកផ្សព្វផ្សាយសាសនានៅក្នុងព្រះគម្ពីរមរមន ។ សូមពិចារណាគូសជួរឈរពីរនៅលើក្ដារខៀន ដែលមានចំណងជើងថា យ៉ូណាស និង អាលម៉ា និង ពួកបុត្រារបស់ម៉ូសាយ ។ សូមឲ្យសមាជិកប្រៀបធៀបឥរិយាបថរបស់យ៉ូណាសអំពីការបង្រៀនប្រជាជននីនីវេ ( សូមមើល យ៉ូណាស ១; ៣–៤ ) ទៅនឹងឥរិយាបថរបស់ពួកបុត្រារបស់ម៉ូសាយអំពីការបង្រៀនពួកសាសន៍លេមិន ( សូមមើល ម៉ូសាយ ២៨:១–៥; អាលម៉ា ១៧:២៣–២៥ ) ។ តើយើងរៀនអ្វីខ្លះមកពីលំហាត់នេះ អំពីការចែកចាយដំណឹងល្អជាមួយនឹងបុត្រាបុត្រីរបស់ព្រះទាំងអស់ ?
-
ដូចជាយ៉ូណាសដែរ ពួកយើងជាច្រើនអាចមានអារម្មណ៍ស្ទាក់ស្ទើរនឹងអញ្ជើញមនុស្សដទៃឲ្យបែរចិត្តគំនិតទៅរកព្រះអម្ចាស់ ។ តើមានមូលហេតុណាខ្លះ ដែលធ្វើឲ្យយ៉ូណាសបានគេចចេញពីការហៅរបស់លោក ឲ្យព្រមានដល់ប្រជាជននៅក្រុងនីនីវេ ? ហេតុអ្វីពេលខ្លះពួកយើងស្ទាក់ស្ទើរនឹងចែកចាយដំណឹងល្អ ? សមាជិកក្នុងថ្នាក់អាចចែកចាយពីរបៀប ដែលព្រះអម្ចាស់បានជួយពួកគេឲ្យយកឈ្នះលើការស្ទាក់ស្ទើររបស់ពួកគេ ។ ការប្រឹក្សាដោយប្រធាន ហិនរី ប៊ី អាវរិង នៅក្នុង « ធនធានបន្ថែមទាំងឡាយ » អាចជួយសមាជិកក្នុងថ្នាក់ឲ្យកំណត់ពីគោលការណ៍ ដែលអាចពង្រឹងដល់កិច្ចខិតខំរបស់យើងក្នុងការចែកចាយដំណឹងល្អ ។
« តើព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យឯងប្រព្រឹត្តដូចម្តេច ? »
-
មីកា ៦:៦–៧ លើកឡើងពីធាតុផ្សំបីបួននៃពិធីប្រពៃណីរបស់ពួកសាសន៍យូដាសម័យបុរាណ ។ ប៉ុន្ដែមានអ្វីមួយដែលសំខាន់ចំពោះព្រះ ជាងពិធីបុណ្យផ្នែកខាងក្រៅទៅទៀត ។ សូមអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យរកមើលអ្វីៗដែលសំខាន់ទាំងនោះនៅក្នុង ខទី ៨ ។ ប្រហែលជាសមាជិកក្នុងថ្នាក់អាចកំណត់ឃ្លាគន្លឹះសំខាន់ៗនៅក្នុងខគម្ពីរនេះ ហើយពិភាក្សាពីអត្ថន័យរបស់វាម្ដងមួយៗ ។ បន្ទាប់មក ពួកគេអាចរើសយកឃ្លាដែលពួកគេចូលចិត្ត រកមើលបទគម្ពីរដែលទាក់ទងនៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬទំនុកតម្កើងដែលទាក់ទងនៅក្នុង សៀវភៅទំនុកតម្កើង ហើយចែកចាយអ្វីដែលពួកគេបានរៀន ។ ហេតុអ្វីបានជាគោលការណ៍ទាំងនេះមានសាៈសំខាន់ចំពោះព្រះអម្ចាស់ ?
ធនធានបន្ថែមទាំងឡាយ
សេចក្ដីស្រឡាញ់ គំរូ និងទីបន្ទាល់ ។
ក្រោយពីការពិភាក្សាអំពីការព្រមានរបស់យ៉ូណាសទៅកាន់ប្រជាជននៅក្រុងនីនីវេ ប្រធាន ហិនរី ប៊ី អាវរិង បានចែកចាយបទពិសោធន៍មួយ ដែលម្ដាយរបស់លោកបានព្រមានលោក ៖
« ខ្ញុំនៅតែអាចចាំថា ម្ដាយខ្ញុំបាននិយាយដោយស្រទន់មកកាន់ខ្ញុំ នារសៀលថ្ងៃសៅរ៍មួយកាលខ្ញុំនៅតូច ពេលខ្ញុំបានសូមការអនុញ្ញាតពីគាត់ដើម្បីធ្វើអ្វីមួយ ដែលខ្ញុំគិតថាវាសមហេតុសមផលយ៉ាងឥតខ្ចោះ តែគាត់បានដឹងថាវាគ្រោះថ្នាក់ ។ ខ្ញុំនៅតែអស្ចារ្យនឹងអំណាចដែលគាត់មាន ហើយខ្ញុំជឿថាវាមកពីព្រះអម្ចាស់ ដើម្បីបង្វែរចិត្តគំនិតខ្ញុំដោយពាក្យតែពីរបីម៉ាត់ប៉ុណ្ណោះ ។ ដូចដែលខ្ញុំចាំវា គឺថា ៖ ‹ អូ ម៉ាក់គិតថា កូន អាច ធ្វើបាន ។ ប៉ុន្ដែ ជម្រើស គឺជារបស់កូន › ។ ការព្រមានតែមួយគត់នៅក្នុងការគូសបញ្ជាក់នេះ គឺត្រង់គាត់និយាយពាក្យ អាច និង ជម្រើស ។ ប៉ុន្ដែ វាល្មមគ្រប់គ្រាន់សម្រាប់ខ្ញុំ ។
« អំណាចរបស់គាត់ដើម្បីព្រមានដោយពាក្យសម្ដីតែពីរបីម៉ាត់ កើតចេញពីចំណុចបីយ៉ាង តាមដែលខ្ញុំស្គាល់គាត់ ។ ទីមួយ ខ្ញុំដឹងថា គាត់ស្រឡាញ់ខ្ញុំ ។ ទីពីរ ខ្ញុំដឹងថា គាត់បាននិយាយប្រាប់រួចហើយ នូវអ្វីដែលគាត់ចង់ឲ្យខ្ញុំធ្វើនោះ ហើយមានពរជ័យដោយសារវា ។ ហើយទីបី គាត់បានបង្ហាញខ្ញុំនូវទីបន្ទាល់ដ៏ពិតប្រាកដរបស់គាត់ថា ជម្រើសដែលខ្ញុំត្រូវជ្រើសរើសគឺសំខាន់ខ្លាំងណាស់ ហើយព្រះអម្ចាស់នឹងមានបន្ទូលប្រាប់ខ្ញុំនូវអ្វីដែលខ្ញុំត្រូវធ្វើ ប្រសិនបើខ្ញុំទូលសូមទ្រង់ ។ សេចក្ដីស្រឡាញ់ គំរូ និងទីបន្ទាល់ ៖ ទាំងនេះគឺជាគន្លឹះនៅថ្ងៃនោះ » ( « A Voice of Warning » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៣២ ) ។