« ថ្ងៃទី ៧–១៣ ខែ វិច្ឆិកា ។ ហូសេ ១–៦; ១០–១៤; យ៉ូអែល ៖ ‹ យើងនឹងស្រឡាញ់គេស្ម័គ្រពីចិត្ត › » ចូរមកតាមខ្ញុំ—សម្រាប់ សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ៧–១៣ ខែ វិច្ឆិកា ។ ហូសេ ១–៦; ១០–១៤; យ៉ូអែល » ចូរមកតាមខ្ញុំ—សម្រាប់ សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២
ថ្ងៃទី ៧–១៣ ខែ វិច្ឆិកា
ហូសេ ១–៦; ១០–១៤; យ៉ូអែល
« យើងនឹងស្រឡាញ់គេស្ម័គ្រពីចិត្ត »
នៅពេលបងប្អូនសិក្សា និងរៀបចំខ្លួននៅសប្ដាហ៍នេះ សូមពិចារណាពីសារលិខិតដ៏ល្អ និងលើកស្ទួយណាមួយមកពីគម្ពីរហូសេ និងគម្ពីរយ៉ូអែល ដែលអាចជួយបំពេញតាមតម្រូវការរបស់អស់អ្នកដែលបងប្អូនបង្រៀន ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
ដើម្បីជួយសមាជិកក្នុងថ្នាក់ឲ្យចែកចាយអ្វីដែលពួកគេបានរៀននៅសប្តាហ៍នេះ បងប្អូនអាចអញ្ជើញពួកគេឲ្យសរសេរនៅលើក្តារខៀននូវពាក្យ ឬឃ្លាដែលបានបំផុសគំនិតដល់ពួកគេ អំឡុងពេលការសិក្សារបស់ពួកគេ ។ បន្ទាប់មក ពួកគេអាចចែកចាយពាក្យ ឬឃ្លានោះដែលមានន័យចំពោះពួកគេ ។ ពាក្យ និងឃ្លាទាំងនោះអាចជួយដឹកនាំការពិភាក្សារបស់បងប្អូនទាំងមូល ។
បង្រៀនគោលលទ្ធិ
ព្រះអម្ចាស់តែងអញ្ជើញយើងឲ្យត្រឡប់ទៅកាន់ទ្រង់វិញជានិច្ច ។
-
បងប្អូនអាចចាប់ផ្ដើមការពិភាក្សាអំពី ហូសេ ១–៣ ដោយការសរសេរពាក្យ អាពាហ៍ពិពាហ៍ នៅលើក្ដារខៀន ហើយសូមឲ្យសមាជិកក្នុងថ្នាក់សរសេរពាក្យនានា ដែលទាក់ទងនឹងអាពាហ៍ពិពាហ៍ ។ តើការចុះសេចក្ដីសញ្ញាជាមួយនឹងព្រះអម្ចាស់ ប្រៀបដូចជាការចូលទៅក្នុងចំណងអាពាហ៍ពិពាហ៍ដោយរបៀបណា ? តើការបំពានសេចក្ដីសញ្ញានោះ ប្រៀបដូចជាការមិនស្មោះត្រង់នឹងស្វាមី ឬភរិយាយ៉ាងដូចម្ដេច ? ( សូមមើល ហូសេ ២:៥–៧, ១៣ ) ។ បន្ទាប់មក សមាជិកអាចជជែកគ្នាអំពីរបៀបដែលទំនាក់ទំនងរវាងហូសេ និងនាងកូមើរ តំណាងឲ្យទំនាក់ទំនងរវាងព្រះអម្ចាស់ និងប្រជារាស្រ្តរបស់ទ្រង់ ។ តើ ហូសេ ២:១៤–២៣ និង ហូសេ ១៤ បង្រៀនយើងអ្វីខ្លះអំពីសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់ ? តើយើងបង្ហាញសេចក្តីស្រឡាញ់ និងភក្ដីភាពរបស់យើងចំពោះព្រះអម្ចាស់យ៉ាងដូចម្តេច ?
-
ហូសេ ១៤ ពិពណ៌នាពីសេចក្ដីសន្យាដ៏ស្រស់ត្រកាលជាច្រើន ដែលព្រះអម្ចាស់បានសន្យានឹងវង្សអ៊ីស្រាអែល ប្រសិនបើពួកគេនឹងត្រឡប់ទៅកាន់ទ្រង់វិញ ។ ប្រហែលជាសមាជិកក្នុងថ្នាក់អាចស្រាវជ្រាវក្នុងជំពូកនេះរកមើលសេចក្ដីសន្យាទាំងនេះបាន ។ តើព្រះអម្ចាស់បានមានបន្ទូលថា ទ្រង់នឹងធ្វើអ្វីខ្លះ ? តើឃ្លា « ស្រឡាញ់គេស្ម័គ្រពីចិត្ត » ( ខទី ៤ ) អាចមានន័យយ៉ាងណា ? តើការប្រៀបធៀបដើមនៅក្នុង ខទី ៥–៨ បង្រៀនយើងអ្វីខ្លះ អំពីពរជ័យរបស់ព្រះអម្ចាស់ចំពោះពួកយើង រួមទាំងពរជ័យនៃការប្រែចិត្តផងដែរ ?
ភក្ដីភាពចំពោះព្រះត្រូវតែមានពីខាងក្នុង មិនមែនគ្រាន់តែសម្ដែងខាងក្រៅនោះទេ ។
-
ហូសេ ៦:៦ និង យ៉ូអែល ២:១២–១៣ យោងទៅយញ្ញបូជាសត្វ និងការហែកអាវជាទីសម្គាល់នៃការមានអារម្មណ៍សោកស្ដាយ ។ ខណៈការអនុវត្តបែបនោះអាចលែងមាននៅសព្វថ្ងៃនេះ ក៏ខគម្ពីរទាំងនេះអាចដឹកនាំឲ្យមានការពិភាក្សាមួយ អំពីអ្វីដែលសំខាន់បំផុតចំពោះព្រះអម្ចាស់បានដែរ ។ បងប្អូនអាចអានរួមគ្នាក្នុង ហូសេ ៦:៦ ហើយពិភាក្សាពីអត្ថន័យនៃខគម្ពីរនេះ ។ សូមអញ្ជើញសមាជិកក្នុងថ្នាក់មួយចំនួនឲ្យអាន ម៉ាថាយ ៩:១០–១៣ ហើយឲ្យសមាជិកផ្សេងទៀតអាន ម៉ាថាយ ១២:១–៨ ។ បន្ទាប់មក សមាជិកក្នុងថ្នាក់អាចបង្រៀនគ្នាទៅវិញទៅមកអំពីរបៀបដែលព្រឹត្តិការណ៍ទាំងនេះ នៅក្នុងការងារបម្រើរបស់ព្រះអង្គសង្គ្រោះជួយយើង ឲ្យយល់ពីគោលការណ៍ដែលបានបង្រៀននៅក្នុង ហូសេ ៦:៦ ។ តើយើងអាចរស់នៅតាមគោលការណ៍នេះនៅជំនាន់របស់យើងយ៉ាងដូចម្ដេច ?
បងប្អូនក៏អាចអានរួមគ្នានៅក្នុង យ៉ូអែល ២:១២–១៣ ផងដែរ ហើយពិភាក្សាពីអត្ថន័យនៃការហែកចិត្តរបស់យើង គឺមិនគ្រាន់តែហែកអាវរបស់យើងនោះទេ ។ តើយើងរៀនអ្វីខ្លះមកពីខគម្ពីរទាំងនេះ អំពីអត្ថន័យនៃការធ្វើជាសិស្សដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ ?
« យើងនឹងចាត់វិញ្ញាណរបស់យើងទៅលើគ្រប់ទាំងមនុស្ស » ។
-
ដើម្បីចាប់ផ្ដើមការពិភាក្សាអំពី យ៉ូអែល ២ បងប្អូនអាចចែកចាយជាមួយសមាជិកក្នុងថ្នាក់ ពីអ្វីដែលមរ៉ូណៃបានថ្លែងអំពីការព្យាករនេះ នៅពេលលោកបានមកជួបនឹង យ៉ូសែប ស៊្មីធ នៅឆ្នាំ ១៨២៣ ( សូមមើល យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៤១ ) ។ សមាជិកក្នុងថ្នាក់អាចចែកចាយពីអារម្មណ៍របស់ពួកគេអំពីការព្យាករទាំងឡាយនៅក្នុង យ៉ូអែល ២:២៨–៣២ ដែលត្រូវបានបំពេញនៅក្នុងជំនាន់របស់យើង ។ បងប្អូនក៏អាចពិភាក្សាពីរបៀបដែលពាក្យពេចន៍របស់អែលឌើរ ដេវីដ អេ បែដណា នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ទាក់ទងទៅនឹងការព្យាកររបស់យ៉ូអែលផងដែរ ។ សមាជិកក្នុងថ្នាក់អាចពិភាក្សាពីអត្ថន័យនៃអារម្មណ៍អំពីការចាត់មក នៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ។ តើយើងអាចធ្វើអ្វីខ្លះ ប្រសិនបើយើងមានអារម្មណ៍ថា យើងមិនបានទទួលការចាត់មកនោះ ? តើយើងអាចជួយ « កូនប្រុសស្រី [ របស់ ] [ យើង ] » ឲ្យទទួលបានវាដោយរបៀបណា ? ( ខទី ២៨ ) ។
ធនធានបន្ថែមទាំងឡាយ
« យើងអាចទុកចិត្តលើព្រះវិញ្ញាណបរិសុទ្ធឲ្យដឹកនាំយើងបាន » ។
អែលឌើរ ដេវីឌ អេ បែដណា បានបង្រៀន ៖
« ជាញឹកញាប់ យើងធ្វើឲ្យខ្លួនឯងពិបាកនឹងទទួលវិវរណៈផ្ទាល់ខ្លួន ។ ខ្ញុំនិយាយដូច្នេះមានន័យថា ការសន្យាសេចក្ដីសញ្ញាមួយគឺថា នៅពេលយើងគោរពសេចក្ដីសញ្ញារបស់យើង នោះយើងអាចនឹងមានព្រះវិញ្ញាណបរិសុទ្ធគង់ជាដៃគូជាប់លាប់របស់យើងជានិច្ច ។ ប៉ុន្ដែយើងនិយាយអំពីវា ហើយយើងប្រព្រឹត្តហាក់ដូចជាការស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់តាមរយៈព្រះវិញ្ញាណរបស់ទ្រង់គឺជាព្រឹត្តិការណ៍ដ៏កម្រមួយ ។ … [ ព្រះវិញ្ញាណ ] គួរតែគង់នៅជាមួយយើងគ្រប់ពេល ។ មិនមែនគ្រប់វិនាទីនោះទេ ប៉ុន្ដែបើបុគ្គលម្នាក់ធ្វើឲ្យអស់ពីលទ្ធភាពខ្លួន—បងប្អូនមិនចាំបាច់ឥតខ្ចោះនោះទេ—ប៉ុន្ដែបើបងប្អូន និងខ្ញុំធ្វើឲ្យអស់ពីលទ្ធភាពយើង ហើយយើងមិនប្រព្រឹត្តការរំលងធ្ងន់ធ្ងរ នោះយើងអាចពឹងពាក់លើព្រះវិញ្ញាណបរិសុទ្ធឲ្យដឹកនាំយើងបាន ។ …
« … យើងហាក់ជឿថា ព្រះវិញ្ញាណបរិសុទ្ធគឺជាសេចក្ដីរំជើបរំជួល និងធំដុំ ហើយភា្លមៗ ខណៈវាគឺជារឿងតូចតាច និងស្ងប់ស្ងាត់ ហើយកើនឡើងបន្ដិចម្ដងៗតាមពេលវេលា ។ បងប្អូនមិនចាំបាច់ស្គាល់ថា បងប្អូនកំពុងទទួលវិវរណៈក្នុងពេលដែលបងប្អូនកំពុងទទួលវិវរណៈនោះទេ » ( « Elder DavidA. Bednar Discussion » [ ជំនួបជាមួយនឹងអ្នកមានសិទ្ធិអំណាចទូទៅ ថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២០ ] នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org ) ។