« ថ្ងៃទី ៥–១១ ខែ ធ្នូ ។ ហាកាយ; សាការី ១–៣; ៧–១៤ ៖ ‹ បរិសុទ្ធដល់ព្រះយេហូវ៉ា › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ៥–១១ ខែ ធ្នូ ។ ហាកាយ; សាការី ១–៣; ៧–១៤ » ចូរមកតាមខ្ញុំ—សម្រាប់ សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២២
ថ្ងៃទី ៥–១១ ខែ ធ្នូ
ហាកាយ; សាការី ១–៣; ៧–១៤
« បរិសុទ្ធដល់ព្រះយេហូវ៉ា »
កាលបងប្អូនសិក្សាគម្ពីរហាកាយ និងគម្ពីរសាការី សូមពិចារណាអំពីរបៀបដែលបងប្អូនអាចជួយសមាជិកក្នុងថ្នាក់ ឲ្យរកឃើញអត្ថន័យនៅក្នុងការព្យាករទាំងនេះ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
សមាជិកក្នុងថ្នាក់អាចចែកចាយខគម្ពីរចេញពីគម្ពីរហាកាយ និងគម្ពីរសាការី ដែលពួកគេបានពិចារណា ឬបានពិភាក្សាជាមួយមនុស្សដទៃនៅសប្ដាហ៍នេះ ហើយពិភាក្សាពីរបៀបដែលខគម្ពីរទាំងនេះបានជួយពួកគេឲ្យកាន់តែខិតចូលទៅកៀកព្រះអម្ចាស់ ។
បង្រៀនគោលលទ្ធិ
« ចូរឯងរាល់គ្នាពិចារណាផ្លូវប្រព្រឹត្តរបស់ខ្លួនចុះ » ។
-
ការប្រឹក្សានៅក្នុង ហាកាយ ១ អាចជួយសមាជិកក្នុងថ្នាក់ឲ្យគិតអំពីអាទិភាពរបស់ពួកគេ ។ បងប្អូនអាចអញ្ជើញពួកគេឲ្យអាន ហាកាយ ១:១–៧ និងប្រាប់ពីរបៀបដែលប្រជាជននៅទីក្រុងយេរូសាឡិម បានខកខានមិនបានដាក់អាទិភាពលើអ្វី ដែលព្រះអម្ចាស់បានសព្វព្រះទ័យឲ្យពួកគេធ្វើ ។ តើមានកិច្ចការណាខ្លះដែលព្រះអម្ចាស់បានបង្គាប់យើង ឲ្យដាក់អាទិភាពខ្ពស់នៅក្នុងជីវិតរបស់យើង ? តើមានអ្វីខ្លះដែលអាចបង្អាក់យើងពីការផ្ដោតលើព្រះវរបិតាសួគ៌ និងព្រះអង្គសង្រ្គោះ និងអាទិភាពរបស់ទ្រង់ទាំងទ្វេ ? ប្រហែលជាសមាជិកក្នុងថ្នាក់អាចចែកចាយបទពិសោធន៍ ដែលបានជួយពួកគេឲ្យ « ពិចារណាផ្លូវប្រព្រឹត្តរបស់ [ ពួកគេ ] » និងអាទិភាពរបស់ពួកគេ ។
-
ដើម្បីជួយសមាជិកក្នុងថ្នាក់ឲ្យគិតពីរបៀប ដែលពួកគេអាចផ្ដោតកាន់តែពេញលេញជាងមុនលើអាទិភាពរបស់ព្រះអម្ចាស់ បងប្អូនអាចសូមពួកគេឲ្យរំឭក ហាកាយ ២:១–៩ ។ តើព្រះអម្ចាស់បានប្រទានការប្រឹក្សាអ្វីខ្លះ ដែលអាចជួយយើងឲ្យធ្វើកិច្ចការរបស់ទ្រង់ ? សមាជិកក្នុងថ្នាក់អាចចែកចាយពីរបៀប ដែលពួកគេដាក់អាទិភាពរបស់ព្រះអម្ចាស់ជាទីមួយនៅក្នុងជីវិតរបស់ពួកគេ កាលពួកគេធ្វើការទទួលខុសត្រូវលើកិច្ចការដ៏សំខាន់ផ្សេងទៀតជាច្រើនរបស់ខ្លួន ។ តើ ហាកាយ ២:១–៩ បង្រៀនអ្វីខ្លះ អំពីរបៀបដែលព្រះអម្ចាស់ប្រទានពរដល់យើង នៅពេលយើងដាក់ទ្រង់ជាទីមួយនៅក្នុងជីវិតរបស់យើង ? ( សូមមើលផងដែរ « ធនធានបន្ថែមទាំងឡាយ » ) ។ សូមឲ្យសមាជិកក្នុងថ្នាក់មានពេលកត់ត្រាទុក នូវអ្វីដែលពួកគេមានអារម្មណ៍បំផុសគំនិតឲ្យធ្វើ ដោយសារតែការពិភាក្សានេះ ។
ព្រះអម្ចាស់អាចធ្វើឲ្យយើងបរិសុទ្ធ ។
-
ដើម្បីចាប់ផ្ដើមការពិភាក្សាអំពីបរិសុទ្ធភាព បងប្អូនអាចអានរួមគ្នានៅក្នុង សាការី ១៤:២០–២១ ។ សមាជិកក្នុងថ្នាក់អាចចែកចាយអត្ថន័យនៃឃ្លា « បរិសុទ្ធដល់ព្រះយេហូវ៉ា » ចំពោះពួកគេបាន ។ តើវាអាចមានឥទ្ធិពលយ៉ាងណាទៅលើមនុស្ស ប្រសិនបើពួកគេបានឃើញឃ្លា « បរិសុទ្ធដល់ព្រះយេហូវ៉ា » ឆ្លាក់នៅលើវត្ថុប្រើប្រាស់ប្រចាំថ្ងៃនោះ ? តើឃ្លានេះជះឥទ្ធិពលលើយើងយ៉ាងណាដែរ នៅពេលយើងឃើញឃ្លានេះនៅលើព្រះវិហារបរិសុទ្ធនាសព្វថ្ងៃនេះ ? បន្ទាប់មក សមាជិកក្នុងថ្នាក់អាចអានក្នុង សាការី ១:១–៦; ៣:១–៧; ៧:៨–១០; ៨:១៦–១៧ ហើយពិភាក្សាពីអ្វីដែលពួកគេបានរៀនអំពីអត្ថន័យនៃការមានភាពបរិសុទ្ធ ។ ហេតុអ្វីភាពបរិសុទ្ធផ្ទាល់ខ្លួនយើងសំខាន់ចំពោះព្រះអម្ចាស់ ? តើទ្រង់ជួយយើងឲ្យប្រែក្លាយជាបរិសុទ្ធតាមរបៀបណា ?
-
សមាជិកក្នុងថ្នាក់អាចរំឭក សាការី ២:១០–១១; ៨:១–៨; ១៤:៩–១១, ២០–២១ ហើយចែកចាយចំណាប់អារម្មណ៍របស់ពួកគេ អំពីស្ថានភាពនៃការរស់នៅជាមួយព្រះអង្គសង្គ្រោះនៅក្នុងសភាពនៃបរិសុទ្ធភាព ។ តើព្រះអម្ចាស់រៀបចំយើងឲ្យរស់នៅក្នុងស្ថានភាពដែលសាការីបានរៀបរាប់នេះដោយរបៀបណា ? តើយើងអាចទទួលបានព្រះចេស្ដារបស់ទ្រង់ ដើម្បីជួយយើងឲ្យប្រែក្លាយកាន់តែបរិសុទ្ធតាមរបៀបណា ?
សាការី ៩:៩–១១; ១១:១២–១៣; ១២:១០; ១៣:៦–៧
ព្រះយេស៊ូវគ្រីស្ទគឺជាព្រះមែស៊ីដែលបានសន្យា ។
-
ដើម្បីជួយសមាជិកក្នុងថ្នាក់ឲ្យមើលឃើញទំនាក់ទំនងរវាងពាក្យសម្ដីរបស់សាការី និងព្រះជន្មរបស់ព្រះអង្គសង្គ្រោះ ដូចដែលប្រជាជននៅជំនាន់របស់ព្រះយេស៊ូវបានឃើញដែរ បងប្អូនអាចចែកសមាជិកក្នុងថ្នាក់ទៅជាពីរក្រុម ។ សូមឲ្យសមាជិកក្នុងថ្នាក់នៅក្នុងក្រុមទីមួយអានវគ្គបទគម្ពីរទាំងនេះមួយ ៖ សាការី ៩:៩–១១; ១១:១២–១៣; ១២:១០; ១៣:៦–៧ ។ សូមឲ្យសមាជិកក្នុងថ្នាក់នៅក្នុងក្រុមមួយទៀតអានវគ្គបទគម្ពីរទាំងនេះមួយ ៖ ម៉ាថាយ ២១:១–១១; ២៦:១៤–១៦; ២៦:៣១; យ៉ូហាន ១៩:៣៧ ។ សមាជិកក្នុងថ្នាក់ម្នាក់ៗអាចព្យាយាមស្វែងរកនរណាម្នាក់មកពីក្រុមផ្សេងទៀត ដែលមានវគ្គបទគម្ពីរត្រូវគ្នានឹងបទគម្ពីររបស់ពួកគេ ។ តើយើងរៀនអ្វីខ្លះ អំពីព្រះអង្គសង្គ្រោះមកពីខគម្ពីរទាំងនេះ ?
-
ដើម្បីជួយសមាជិកក្នុងថ្នាក់ឲ្យសញ្ជឹងគិតពី សាការី ៩:៩–១១ បងប្អូនអាចបង្ហាញរូបភាពព្រះអង្គសង្គ្រោះយាងចូលក្រុងយេរូសាឡិមដោយជោគជ័យ ( សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ) ។ ឬសូមបង្ហាញវីដេអូ « The Lord’s Triumphal Entry into Jerusalem » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ សមាជិកក្នុងថ្នាក់អាចពិភាក្សាថា តើវាអាចមានអារម្មណ៍យ៉ាងណាទៅ ដែលបាននៅក្នុងចំណោមប្រជាជនដែលស្វាគមន៍ព្រះយេស៊ូវមកកាន់ទីក្រុងនោះ ។ តើយើងស្វាគមន៍ទ្រង់មកក្នុងជីវិតរបស់យើង គេហដ្ឋានរបស់យើង និងសហគមន៍របស់យើងដោយរបៀបណា ?
ធនធានបន្ថែមទាំងឡាយ
« ចូរឯងរាល់គ្នាពិចារណាផ្លូវប្រព្រឹត្តរបស់ខ្លួនចុះ » ។
បន្ទាប់ពីដកស្រង់ពី ហាកាយ ១:៤–៧ អែលឌើរ ធើរេន អិម វីនសុន បានបង្រៀន ៖
« យើងអាចមានអារម្មណ៍អំណរយូរអង្វែង នៅពេលព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់សំខាន់នៅក្នុងការស្ថាបនាជីវិតរបស់យើងនោះ ។ ទោះជាយ៉ាងណា វាងាយស្រួលណាស់ ដែលសារៈសំខាន់នោះប្រែទៅជារឿងខាងលោកិយទៅវិញ ហើយដំណឹងល្អប្រែទៅជាជម្រើស ឬគ្រាន់តែការទៅព្រះវិហារតែពីរម៉ោងនៅថ្ងៃអាទិត្យទៅបានហើយ ។ នៅពេលករណីនេះកើតឡើង វាគឺដូចជាការដាក់ប្រាក់ឈ្នួលរបស់យើងទៅក្នុង ‹ ថង់ធ្លុះគូទ › ដូច្នោះដែរ ។
« ហាកាយបានប្រាប់យើងឲ្យប្ដេជ្ញាចិត្ត ។ …
« គ្មានទ្រព្យ ល្បែងកម្សាន្ដ ឋានៈ ប្រព័ន្ធផ្សព្វផ្សាយ វីដេអូហ្គេម កីឡា ភាពល្បីល្បាញ ឬអ្វីៗនៅលើផែនដីនេះមានតម្លៃជាងជីវិតអស់កល្បនោះទេ ។ ដូច្នេះដំបូន្មានរបស់ព្រះអម្ចាស់ចំពោះមនុស្សគ្រប់រូបគឺ ‹ ពិចារណាផ្លូវប្រព្រឹត្តរបស់ខ្លួនចុះ › » ( « True Disciples of the Savior » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៩, ១១ ) ។