« បងប្អូនគឺជាគ្រូបង្រៀនម្នាក់នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« បងប្អូនគឺជាគ្រូបង្រៀនម្នាក់នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២២
បងប្អូនគឺជាគ្រូបង្រៀនម្នាក់នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ
ព្រះហៅបងប្អូនឲ្យបង្រៀនបុត្រាបុត្រីរបស់ទ្រង់តាមរបៀបរបស់ព្រះអង្គសង្គ្រោះ ។ បងប្អូនត្រូវបានញែកចេញឲ្យមានការហៅនេះដោយសិទ្ធិអំណាចនៃបព្វជិតភាពដ៏បរិសុទ្ធរបស់ទ្រង់ ។ ទោះបីជាបងប្អូនគ្មានបទពិសោធន៍ជាគ្រូបង្រៀនក៏ដោយ នៅពេលបងប្អូនរស់នៅដោយស័ក្ដិសម អធិស្ឋានប្រចាំថ្ងៃ ហើយសិក្សាព្រះគម្ពីរ នោះព្រះវរបិតាសួគ៌នឹងប្រទានឥទ្ធិពល និងព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធដើម្បីជួយបងប្អូនឲ្យទទួលបានជោគជ័យ ( សូមមើល នីហ្វៃទី២ ៣៣:១ ) ។
អស់អ្នកដែលត្រូវបានទុកចិត្តឲ្យបងប្អូនមើលថែ គឺជាបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ ហើយទ្រង់ញាណដឹងពីអ្វីដែលពួកគេត្រូវការ និងពីរបៀបដ៏ល្អបំផុតដើម្បីជួយដល់ពួកគេ ។ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ នោះព្រះនឹងដឹកនាំបងប្អូន ពេលបងប្អូនរៀបចំមេរៀន និងពេលដែលបងប្អូនកំពុងបង្រៀន ។ ទ្រង់នឹងបើកសម្ដែងដល់បងប្អូននូវអ្វីដែលបងប្អូនគួរនិយាយ និងអ្វីដែលបងប្អូនគួរធ្វើ ( សូមមើល នីហ្វៃទី២ ៣២:៥ ) ។
គោលបំណងដ៏សំខាន់នៃការបង្រៀន និងការរៀនសូត្រដំណឹងល្អគឺ ដើម្បីពង្រឹងការប្រែចិត្តជឿលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូគ្រីស្ទឲ្យកាន់តែស៊ីជម្រៅ ។ គោលដៅរបស់បងប្អូនក្នុងនាមជាគ្រូបង្រៀនម្នាក់គឺ ដើម្បីជួយមនុស្សដែលបងប្អូនបង្រៀនឲ្យធ្វើអស់ពីលទ្ធភាពរបស់ពួកគេ ដើម្បីប្រែចិត្តជឿកាន់តែខ្លាំង—ជាការខិតខំមួយលើសពីម៉ោងរៀននៅក្នុងថ្នាក់រៀនទៅទៀត ។ សូមអញ្ជើញអស់អ្នកដែលបងប្អូនបង្រៀនឲ្យចូលរួមយ៉ាងសកម្មនៅក្នុងការរៀនសូត្រអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ហើយធ្វើតាមអ្វីដែលពួកគេរៀន ។ សូមលើកទឹកចិត្តពួកគេដើម្បីធ្វើឲ្យការសិក្សាផ្ទាល់ខ្លួន និងជាគ្រួសារនៅក្រៅម៉ោងសិក្សាគឺជាប្រភពដ៏សំខាន់នៃការរៀនសូត្រដំណឹងល្អរបស់ពួកគេ ។ នៅពេលពួកគេធ្វើសកម្មភាពដោយសេចក្ដីជំនឿតាមរយៈការសិក្សាផ្ទាល់ខ្លួន និងជាក្រុមគ្រួសារ នោះពួកគេនឹងយាងអញ្ជើញព្រះវិញ្ញាណឲ្យគង់ក្នុងជីវិតរបស់ពួកគេ ហើយព្រះវិញ្ញាណគឺជាអង្គដែលនាំមកនូវការប្រែចិត្តជឿដ៏ពិត ។ អ្វីគ្រប់យ៉ាងដែលបងប្អូនធ្វើក្នុងនាមជាគ្រូបង្រៀនម្នាក់ គួរតែចង្អុលបង្ហាញទៅកាន់គោលដៅដ៏ពិសិដ្ឋនេះ ។
សូមបង្រៀនតែគោលលទ្ធិនៃដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ដូចដែលមាននៅក្នុងបទគម្ពីរ និងប្រសាសន៍របស់ពួកព្យាការីថ្ងៃចុងក្រោយប៉ុណ្ណោះ ។ គោលលទ្ធិបរិសុទ្ធ—ដែលជាសេចក្ដីពិតដ៏អស់កល្ប និងពុំផ្លាស់ប្ដូរដែលព្រះ និងពួកអ្នកបម្រើរបស់ទ្រង់បានបង្រៀន—យាងអញ្ជើញព្រះវិញ្ញាណ ហើយមានអនុភាពដើម្បីផ្លាស់ប្ដូរជីវិត ។
ការហៅឲ្យបង្រៀនគឺជាការទុកចិត្តដ៏ពិសិដ្ឋមួយ ហើយពេលខ្លះវាគឺជារឿងធម្មតាទេ ដែលមានអារម្មណ៍ស្មុគស្មាញ ។ ប៉ុន្ដែសូមចងចាំថា ព្រះវរបិតាសួគ៌របស់បងប្អូនបានហៅបងប្អូន ហើយទ្រង់នឹងមិនដែលបោះបង់បងប្អូនចោលឡើយ ។ នេះគឺជាកិច្ចការរបស់ព្រះអម្ចាស់ ហើយនៅពេលបងប្អូនបម្រើ « អស់ពីចិត្ត អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំងរបស់អ្នក » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៤:២ ) នោះទ្រង់នឹងពង្រីកសមត្ថភាព អំណោយទាន និងទេពកោសល្យរបស់បងប្អូន ហើយការបម្រើរបស់បងប្អូននឹងផ្តល់ជាពរជ័យដល់ជីវិតមនុស្សដែលបងប្អូនបង្រៀន ។