« ការប្រើសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ សាលាថ្ងៃអាទិត្យ » ចូរមកតាមខ្ញុំ—សម្រាប់ សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ការប្រើសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ សាលាថ្ងៃអាទិត្យ » ចូរមកតាមខ្ញុំ—សម្រាប់ សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២២
ការប្រើសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ សាលាថ្ងៃអាទិត្យ
ការរៀបចំខ្លួនបង្រៀនក្នុងសាលាថ្ងៃអាទិត្យ
ការសិក្សាផ្ទាល់ខ្លួន និង ជាគ្រួសារនៅក្នុងគេហដ្ឋានគួរតែជាស្នូលនៃការរៀនសូត្រដំណឹងល្អ ។ រឿងនេះគឺជារឿងពិតចំពោះបងប្អូន និង ចំពោះអ្នកទាំងឡាយដែលបងប្អូនបង្រៀន ។ នៅពេលបងប្អូនរៀបចំខ្លួនបង្រៀន សូមចាប់ផ្ដើមដោយគិតពីបទពិសោធន៍ផ្ទាល់ខ្លួននៅក្នុងបទគម្ពីរ ។ ការរៀបចំខ្លួនដ៏សំខាន់បំផុតរបស់បងប្អូននឹងកើតឡើង នៅពេលបងប្អូនស្រាវជ្រាវបទគម្ពីរ ហើយ ស្វែងរកការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធ ។
ចូរមកតាមខ្ញុំ—សម្រាប់ បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ គឺជាផ្នែកមួយដ៏សំខាន់សម្រាប់ទាំងការសិក្សាផ្ទាល់ខ្លួនរបស់បងប្អូន និងការរៀបចំខ្លួនរបស់បងប្អូនដើម្បីបង្រៀន ។ សៀវភៅនេះនឹងជួយបងប្អូនឲ្យទទួលបានការយល់ដឹងដ៏ស៊ីជម្រៅមួយ អំពីគោលការណ៍នៃគោលលទ្ធិទាំងឡាយដែលមាននៅក្នុងបទគម្ពីរ ។ សៀវភៅនេះក៏នឹងអាចជួយឲ្យបងប្អូនមានការបំផុសគំនិត ហើយ អញ្ជើញសមាជិកក្នុងថ្នាក់ឲ្យប្រើសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ បុគ្គលម្នាក់ៗ និង ក្រុមគ្រួសារ ដើម្បីបង្កើនការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន និង ជាគ្រួសាររបស់ពួកគេផងដែរ ( សម្រាប់ជំនួយក្នុងការធ្វើកិច្ចការនេះ សូមមើល « គំនិតសម្រាប់ការលើកទឹកចិត្តឲ្យមានការសិក្សាផ្ទាល់ខ្លួន និងជាគ្រួសារ » នៅក្នុងធនធាននេះ ) ។ នៅពេលបងប្អូនធ្វើដូច្នេះ សូមមានការប្រុងប្រយ័ត្នចំពោះសមាជិកក្នុងថ្នាក់ ដែលស្ថានភាពគ្រួសាររបស់ពួកគេប្រហែលជាពុំអនុញ្ញាតឲ្យមានការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារឲ្យបានទៀងទាត់នោះទេ ។
អំឡុងការរៀបចំខ្លួនរបស់បងប្អូន នោះគំនិត និងអារម្មណ៍ទាំងឡាយនឹងកើតមានដល់បងប្អូនអំពីមនុស្សដែលបងប្អូនបង្រៀន របៀបដែលគោលការណ៍ទាំងឡាយនៅក្នុងបទគម្ពីរនឹងប្រទានពរដល់ជីវិតរបស់ពួកគេ និងរបៀបដែលបងប្អូនអាចបំផុសគំនិតពួកគេឲ្យស្វែងរកគោលលទ្ធិទាំងនោះ នៅពេលពួកគេសិក្សាព្រះគម្ពីរសម្រាប់ខ្លួនឯង ។
គំនិតសម្រាប់ការបង្រៀន
ពេលបងប្អូនរៀបចំខ្លួនដើម្បីបង្រៀន បងប្អូនអាចទទួលបានការបំផុសគំនិតបន្ថែម តាមរយៈការស្វែងយល់ពីគម្រោងមេរៀនបង្រៀននៅក្នុងធនធាននេះ ។ សូមកុំចាត់ទុកថា គំនិតទាំងនេះគឺជាសេចក្ដីណែនាំពីមួយដំណាក់ទៅមួយដំណាក់ឡើយ ប៉ុន្តែផ្ទុយទៅវិញ សូមចាត់ទុកគំនិតទាំងនេះជាយោបល់ ដើម្បីជួយបង្កើតការបំផុសគំនិតផ្ទាល់របស់បងប្អូនវិញ ។ បងប្អូនស្គាល់ពីសមាជិកក្នុងថ្នាក់របស់បងប្អូន ហើយបងប្អូននឹងស្គាល់ពួកគេកាន់តែច្បាស់ថែមទៀត នៅពេលបងប្អូនរៀនជាមួយគ្នានៅក្នុងថ្នាក់ ។ ព្រះអម្ចាស់ទ្រង់ក៏ស្គាល់ពួកគេផងដែរ ហើយទ្រង់នឹងបំផុសគំនិតដល់បងប្អូននូវរបៀបដ៏ល្អបំផុត ដើម្បីជួយសមាជិកក្នុងថ្នាក់ឲ្យស្ថាបនាទៅលើការរៀនសូត្រដំណឹងល្អ ដែលពួកគេកំពុងធ្វើនៅក្នុងគេហដ្ឋាន ។
មានធនធានជាច្រើនផ្សេងទៀតដែលបងប្អូនអាចប្រើ នៅពេលបងប្អូនរៀបចំខ្លួន រួមទាំងគំនិតនៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ និង ទស្សនាវដ្ដីសាសនាចក្រ ផងដែរ ។ សម្រាប់ព័ត៌មានបន្ថែមអំពីធនធានទាំងនេះ និងធនធានផ្សេងទៀត សូមមើលវគ្គដែលមានចំណងជើងថា « ធនធានបន្ថែមទាំងឡាយ » នៅក្នុងធនធាននេះ ។
រឿងមួយចំនួនដែលត្រូវចងចាំ
-
ការរៀនសូត្រដំណឹងល្អមានប្រសិទ្ធភាពខ្លាំងបំផុត នៅពេលការរៀនសូត្រនេះធ្វើឡើងនៅក្នុងគេហដ្ឋាន ។ ក្នុងនាមជាគ្រូបង្រៀនមួយរូប បងប្អូនមានតួនាទីដ៏សំខាន់មួយក្នុងការជួយគាំទ្រ លើកទឹកចិត្ត និងស្ថាបនាលើការរៀនសូត្រដំណឹងល្អនៅឯគេហដ្ឋានរបស់សមាជិកក្នុងថ្នាក់ទាំងឡាយ ។
-
ការប្រែចិត្តជឿរបស់សមាជិកក្នុងថ្នាក់ទៅលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់នឹងមានកាន់តែស៊ីជម្រៅ នៅពេលពួកគេយល់ និងអនុវត្តតាមគោលលទ្ធិដ៏ពិត ។ សូមលើកទឹកចិត្តពួកគេឲ្យកត់ត្រា ហើយ ធ្វើតាមការបំផុសគំនិតដែលពួកគេទទួលបានមកពីព្រះវិញ្ញាណបរិសុទ្ធ ។
-
ការបង្រៀនគឺមិនមែនគ្រាន់តែជាការបង្រៀនមេរៀននោះទេ ប៉ុន្តែការបង្រៀនវាក៏លើសពីការគ្រាន់តែដឹកនាំការពិភាក្សាមួយផងដែរ ។ ផ្នែកមួយនៃតួនាទីរបស់បងប្អូនគឺ ត្រូវលើកទឹកចិត្តឲ្យមានការចូលរួមដែលស្អាងឡើង ហើយផ្អែកទៅលើបទគម្ពីរ ។ បងប្អូនក៏គួរចែកចាយការយល់ដឹងដ៏បំផុសគំនិត ដែលបងប្អូនបានទទួល នៅពេលបងប្អូនបានសិក្សាព្រះគម្ពីរផងដែរ ។
-
សូមចងចាំថា សមាជិកជាច្រើនក្នុងថ្នាក់កំពុងមានបទពិសោធន៍ដ៏មានអត្ថន័យពីការសិក្សាព្រះគម្ពីរនៅក្នុងគេហដ្ឋាន លើបទគម្ពីរដូចគ្នាដែលបងប្អូននឹងពិភាក្សាក្នុងថ្នាក់នេះ ។ បងប្អូនអាចគាំទ្រការរៀនសូត្រដំណឹងល្អរបស់ពួកគេបាន តាមរយៈការផ្ដល់ឱកាសជាញឹកញាប់ឲ្យពួកគេចែកចាយអ្វីដែលពួកគេកំពុងរៀននៅឯគេហដ្ឋាន ។
-
ព្រះវរបិតាសួគ៌សព្វព្រះទ័យចង់ឲ្យបងប្អូនទទួលបានជោគជ័យក្នុងនាមជាគ្រូបង្រៀនម្នាក់ ។ ទ្រង់បានប្រទានធនធានជាច្រើនដើម្បីជួយបងប្អូន រួមបញ្ចូលទាំងការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀនផងដែរ ។ នៅក្នុងការប្រជុំទាំងនេះ បងប្អូនអាចប្រឹក្សាជាមួយនឹងគ្រូបង្រៀនផ្សេងៗទៀត អំពីឧបសគ្គនានាដែលបងប្អូនជួបប្រទះ ។ បងប្អូនក៏អាចពិភាក្សា ហើយអនុវត្តគោលការណ៍ទាំងឡាយនៃការបង្រៀនដូចជាព្រះគ្រីស្ទផងដែរ ។
-
មនុស្សរៀនចេះបំផុត នៅពេលពួកគេមានឱកាសបង្រៀន ។ ម្ដងម្កាល សូមពិចារណាអនុញ្ញាតឲ្យសមាជិកក្នុងថ្នាក់ រួមទាំងយុវវ័យផងដែរ ឲ្យបង្រៀនមេរៀនមួយផ្នែក ។ សូមធ្វើការសម្រេចចិត្តនេះដោយផ្អែកលើសេចក្ដីត្រូវការ និងលទ្ធភាពរបស់សមាជិកក្នុងថ្នាក់ ។ ប្រសិនបើបងប្អូនអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យបង្រៀននោះ សូមចំណាយពេលជួយគាត់ឲ្យរៀបចំខ្លួនជាមុនដោយប្រើគំនិតដែលមាននៅក្នុងធនធាននេះ និងនៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់ បុគ្គលម្នាក់ៗ និង ក្រុមគ្រួសារ ។ សូមចងចាំថា ក្នុងនាមជាគ្រូបង្រៀនដែលត្រូវបានហៅ នោះបងប្អូនមានការទទួលខុសត្រូវទាំងស្រុងចំពោះអ្វីដែលត្រូវបង្រៀននៅក្នុងថ្នាក់ ។
ធនធាននេះរួមមាននូវគម្រោងមេរៀនរាល់សប្ដាហ៍សម្រាប់ឆ្នាំនេះ ។ នៅថ្ងៃអាទិត្យ ពេលគ្មានសាលាថ្ងៃអាទិត្យ ក្រុមគ្រួសារនឹងបន្តអានព្រះគម្ពីរសញ្ញាចាស់នៅឯគេហដ្ឋាន យោងតាមកាលវិភាគដែលបានគ្រោងទុកនៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់ បុគ្គលម្នាក់ៗ និង ក្រុមគ្រួសារ ។ នៅពេលមានថ្នាក់សាលាថ្ងៃអាទិត្យ នោះបងប្អូនអាចជ្រើសរើសរំលងមេរៀនក៏បាន ឬដាក់បញ្ចូលមេរៀនចូលគ្នាក៏បានដែរ ។