« ១០. កូរ៉ុមបព្វជិតភាពអើរ៉ុន » ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( ឆ្នាំ ២០២០ ) ។
« ១០. កូរ៉ុមបព្វជិតភាពអើរ៉ុន » ក្បួនខ្នាតទូទៅ ។
១០.
កូរ៉ុមបព្វជិតភាពអើរ៉ុន
១០.១
គោលបំណង និងអង្គការ
កូរ៉ុមបព្វជិតភាពអើរ៉ុនជួយបុត្រាបុត្រីរបស់ព្រះឲ្យរៀបចំខ្លួនដើម្បីត្រឡប់ទៅទីវត្តមានរបស់ទ្រង់វិញ ។ បព្វជិតភាពអើរ៉ុនកាន់ « កូនសោទាំងឡាយអំពីការងារបម្រើនៃពួកទេវតា និងអំពីដំណឹងល្អនៃការប្រែចិត្ត និងអំពីបុណ្យជ្រមុជទឹក » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១៣; សូមមើលផងដែរ ៣.៣.២ នៅក្នុងក្បួនខ្នាតនេះ ) ។
១០.១.១
គោលបំណង
កូរ៉ុមបព្វជិតភាពអើរ៉ុនជួយក្រុមយុវជនឲ្យចុះ និងរក្សាសេចក្តីសញ្ញាពិសិដ្ឋ ហើយពង្រឹងការប្រែចិត្តជឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។
កូរ៉ុមគឺជាក្រុមអ្នកកាន់បព្វជិតភាពមួយក្រុមដែលត្រូវបានរៀបចំឡើង ។ គោលបំណងរបស់កូរ៉ុមគឺដើម្បីជួយអ្នកកាន់បព្វជិតភាព ឲ្យធ្វើការរួមគ្នាដើម្បីសម្រេចបានកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ។ នៅក្នុងកូរ៉ុមរបស់ពួកគេ ពួកអ្នកកាន់បព្វជិតភាពអើរ៉ុនបម្រើមនុស្សដទៃ បំពេញតាមកាតព្វកិច្ចបព្វជិតភាព ស្ថាបនាសាមគ្គីភាព និងរៀនរស់នៅតាមគោលលទ្ធិ ។
១០.១.២
បាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន
បាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុនអាចជួយយុវជនម្នាក់ៗឲ្យយល់ពីអត្តសញ្ញាណដ៏ទេវភាព និងគោលបំណងរបស់គេក្នុងនាមជាអ្នកកាន់បព្វជិតភាពម្នាក់ ។ ក្រុមយុវជន និងថ្នាក់ដឹកនាំរបស់ពួកគេសូត្របាវចនានៅពេលចាប់ផ្តើមការប្រជុំកូរ៉ុម និងនៅក្នុងការជួបជុំកូរ៉ុមផ្សេងទៀត ។ បាវចនាមានដូចតទៅនេះ ៖
« ខ្ញុំជាបុត្រាសំណព្វរបស់ព្រះ ហើយទ្រង់មានការងារឲ្យខ្ញុំធ្វើ ។
« ឲ្យអស់ពីចិត្ត អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំង ខ្ញុំនឹងស្រឡាញ់ព្រះ រក្សាសេចក្តីសញ្ញារបស់ខ្ញុំ និងប្រើបព្វជិតភាពរបស់ទ្រង់ដើម្បីបម្រើអ្នកដទៃ ដោយចាប់ផ្តើមពីនៅក្នុងគេហដ្ឋានរបស់ខ្ញុំ ។
« កាលណាខ្ញុំព្យាយាមបម្រើ អនុវត្តសេចក្តីជំនឿ ប្រែចិត្ត ហើយកែលម្អជារៀងរាល់ថ្ងៃ ខ្ញុំនឹងសមដើម្បីទទួលពរជ័យនៃព្រះវិហារបរិសុទ្ធ និងអំណរដ៏ឋិតថេរនៃដំណឹងល្អ ។
ខ្ញុំនឹងរៀបចំខ្លួនដើម្បីធ្វើជាអ្នកផ្សព្វផ្សាយសាសនាដ៏ឧស្សាហ៍ព្យាយាម ធ្វើជាស្វាមីដែលមានភក្តីភាព និងធ្វើជាឪពុកពេញដោយក្តីស្រឡាញ់ តាមរយៈការធ្វើជាកូនសិស្សពិតនៃព្រះយេស៊ូវគ្រីស្ទ ។
ខ្ញុំនឹងជួយរៀបចំពិភពលោកសម្រាប់ការយាងត្រឡប់មកវិញរបស់ព្រះអង្គសង្រ្គោះ តាមរយៈការអញ្ជើញមនុស្សទាំងអស់ឲ្យមករកព្រះគ្រីស្ទ និងទទួលពរជ័យទាំងឡាយនៃដង្វាយធួនរបស់ទ្រង់ » ។
១០.១.៣
កូរ៉ុម
ប៊ីស្សពរៀបចំពួកអ្នកកាន់បព្វជិតភាពអើរ៉ុនទៅជាកូរ៉ុមៗដូចពិពណ៌នាខាងក្រោមនេះ ។ ( សូមមើលផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៨៥–៨៨ ) ។
១០.១.៣.១
កូរ៉ុមឌីកុន
ក្រុមយុវជនចូលរួមជាមួយកូរ៉ុមឌីកុននៅដើមខែ មករា នៃឆ្នាំ ដែលពួកគេឈានចូលដល់អាយុ ១២ ឆ្នាំ ។ នៅពេលនេះ ពួកគេក៏មានសិទ្ធិត្រូវបានតែងតាំងជាឌីកុនផងដែរ ប្រសិនបើពួកគេបានរៀបចំខ្លួន និងមានភាពស័ក្តិសម ។
សមាជិកមួយរូបនៃកូរ៉ុមនេះដែលត្រូវបានតែងតាំងជាឌីកុន បម្រើជាប្រធានកូរ៉ុម ។ នៅពេលដែលអាចធ្វើបាន ទីប្រឹក្សាម្នាក់ ឬពីរនាក់ និងលេខាម្នាក់អាចបម្រើជាមួយគាត់បាន ។ ទីប្រឹក្សា និងលេខាត្រូវតែជាឌីកុនផងដែរ ។
ករណីយកិច្ចនៃឌីកុនត្រូវបានពិពណ៌នានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៥៧–៥៩; ៨៤:១១១ ។ ករណីយកិច្ចដទៃទៀតរួមមានការចែកសាក្រាម៉ង់ និងការជួយប៊ីស្សពនៅក្នុង « ការចាត់ចែងគ្រប់អស់ទាំងការណ៍ខាងសាច់ឈាម » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៦៨ ) ។
១០.១.៣.២
កូរ៉ុមគ្រូ
ក្រុមយុវជនចូលរួមជាមួយកូរ៉ុមគ្រូចាប់ផ្តើមពីខែ មករា នៃឆ្នាំ ដែលពួកគេឈានចូលដល់អាយុ ១៤ ឆ្នាំ ។ នៅពេលនេះ ពួកគេក៏មានសិទ្ធិត្រូវបានតែងតាំងជាគ្រូផងដែរ ប្រសិនបើពួកគេបានរៀបចំខ្លួន និងមានភាពស័ក្តិសម ។
សមាជិកមួយរូបនៃកូរ៉ុមនេះដែលត្រូវបានតែងតាំងជាគ្រូ បម្រើជាប្រធានកូរ៉ុម ។ នៅពេលដែលអាចធ្វើបាន ទីប្រឹក្សាម្នាក់ ឬពីរនាក់ និងលេខាម្នាក់អាចបម្រើជាមួយគាត់បាន ។ ទីប្រឹក្សា និងលេខាក៏ត្រូវតែជាគ្រូផងដែរ ។
គ្រូមានករណីយកិច្ចដូចគ្នានឹងឌីកុនដែរ ។ ពួកគេក៏រៀបចំសាក្រាម៉ង់ និងបម្រើជាបងប្អូនប្រុសដែលផ្ដល់ការងារបម្រើផងដែរ ។ ករណីយកិច្ចបន្ថែមត្រូវបានពិពណ៌នានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៥៣–៥៩; ៨៤:១១១ ។
១០.១.៣.៣
កូរ៉ុមសង្ឃ
ក្រុមយុវជនចូលរួមជាមួយកូរ៉ុមសង្ឃចាប់ផ្តើមពីខែ មករា នៃឆ្នាំ ដែលពួកគេឈានចូលដល់អាយុ ១៦ ឆ្នាំ ។ នៅពេលនេះ ពួកគេក៏មានសិទ្ធិត្រូវបានតែងតាំងជាសង្ឃផងដែរ ប្រសិនបើពួកគេបានរៀបចំខ្លួន និងមានភាពស័ក្តិសម ។
ប៊ីស្សពគឺជាប្រធានកូរ៉ុមសង្ឃ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៨៧–៨៨ ) ។ គាត់ហៅសមាជិកកូរ៉ុមម្នាក់ ឬពីរនាក់ឲ្យបម្រើជាជំនួយការរបស់គាត់ ។ លេខាម្នាក់ក៏ត្រូវបានហៅឲ្យបម្រើផងដែរ ។ ជំនួយការ និងលេខាគួរតែត្រូវបានតែងតាំងជាសង្ឃ ។
សង្ឃមានករណីយកិច្ចដូចគ្នានឹងឌីកុន និងគ្រូផងដែរ ។ ករណីយកិច្ចបន្ថែមត្រូវបានពិពណ៌នានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៤៦–៥២, ៧៣–៧៩ ។
១០.១.៤
កូនសោទាំងឡាយនៃបព្វជិតភាព
កូរ៉ុមនីមួយៗត្រូវបានដឹកនាំដោយប្រធានដែលកាន់កូនសោបព្វជិតភាព ។ ប្រធានកូរ៉ុមឌីកុន ប្រធានកូរ៉ុមគ្រូ និងប៊ីស្សពកាន់កូនសោបព្វជិតភាព ។ សម្រាប់ព័ត៌មានបន្ថែមអំពីកូនសោទាំងនេះ សូមមើល ៣.៤.១ ។
១០.១.៥
ការសម្របសម្រួលកូរ៉ុមទៅនឹងសេចក្តីត្រូវការក្នុងមូលដ្ឋាន
នៅក្នុងវួដ ឬសាខាដែលមានចំនួនយុវជនតិច នោះកូរ៉ុមបព្វជិតភាពអើរ៉ុនអាចជួបជាមួយគ្នាដើម្បីរៀន និងធ្វើសកម្មភាពនានា ។
ប្រសិនបើវួដដែលមានឌីកុនច្រើនជាង ១២ នាក់ នោះប៊ីស្សពអាចបំបែកឌីកុនទៅជាកូរ៉ុមបាន ។ ដូចគ្នានេះដែរ ប្រសិនបើមានគ្រូច្រើនជាង ២៤ នាក់ នោះប៊ីស្សពអាចបំបែកគ្រូទៅជាកូរ៉ុមផងដែរ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៨៥–៨៦ ) ។ នៅពេលធ្វើការសម្រេចចិត្តនេះ ប៊ីស្សពធ្វើការពិចារណាពីផលប៉ះពាល់លើសមាជិកកូរ៉ុមទាំងនេះ ។
១០.២
ការចូលរួមនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង
ព្រះអញ្ជើញមនុស្សទាំងអស់ឲ្យមករកព្រះគ្រីស្ទ ហើយជួយធ្វើកិច្ចការរបស់ទ្រង់ តាមរយៈ ៖
-
ការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
ការមើលថែដល់អ្នកខ្វះខាត ។
-
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ ។
-
ការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច ។
គណៈប៊ីស្សព និងថ្នាក់ដឹកនាំកូរ៉ុមយុវវ័យ ដែលបានគាំទ្រដោយពួកអ្នកប្រឹក្សាយោបល់ ( សូមមើល ១០.៥ ) ប្រឹក្សាជាមួយគ្នាអំពីរបៀបដើម្បីសម្រេចកិច្ចការនេះបាន ។ សម្រាប់ព័ត៌មានបន្ថែមស្តីពីកិច្ចការនៃសេចក្តីសង្រ្គោះ និង ភាពតម្កើងឡើង សូមមើល ជំពូកទី ១ ។
១០.២.១
ការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ
១០.២.១.១
តួនាទីរបស់ឪពុកម្តាយ និងថ្នាក់ដឹកនាំ
ឪពុកម្តាយទទួលខុសត្រូវលើការបង្រៀនដំណឹងល្អដល់កូនៗរបស់ខ្លួន និងជួយពួកគេឲ្យរស់នៅតាមដំណឹងល្អ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨:២៥–២៨ ) ។ ដោយមានជំនួយពីពួកអ្នកប្រឹក្សាយោបល់ គណៈប៊ីស្សព និងថ្នាក់ដឹកនាំកូរ៉ុមយុវវ័យគាំទ្រដល់ឪពុកម្តាយនៅក្នុងទំនួលខុសត្រូវនេះដូចខាងក្រោម ៖
-
លើកទឹកចិត្តឲ្យមានទំនាក់ទំនងរវាងក្រុមយុវជន និងក្រុមគ្រួសាររបស់ពួកគេ ។
-
ធានាឲ្យបានថា សកម្មភាពយុវវ័យគាំទ្រ និងផ្តល់ពរជ័យដល់ក្រុមគ្រួសារ ។
-
ជួយឪពុកម្តាយឲ្យរៀបចំកូនប្រុសរបស់ពួកគាត់ទទួលពិធីបរិសុទ្ធនៃបព្វជិតភាព និងទទួលបព្វជិតភាពម៉ិលគីស្សាដែក ។
-
ជួយឪពុកម្តាយឲ្យរៀបចំកូនប្រុសរបស់ពួកគាត់ដើម្បីទទួលអំណោយទានពិសិដ្ឋនៃព្រះវិហារបរិសុទ្ធ បម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង រៀបអាពាហ៍ពិពាហ៍នៅព្រះវិហារបរិសុទ្ធ និងធ្វើជាឪពុក ។
ថ្នាក់ដឹកនាំគួរតែយកចិត្តទុកដាក់លើយុវវ័យ ដែលខ្វះការគាំទ្រពីគ្រួសារដើម្បីរស់នៅតាមដំណឹងល្អ ។
ឪពុកម្តាយ និងថ្នាក់ដឹកនាំព្យាយាមធ្វើជាគំរូល្អដល់យុវវ័យ ។ ពួកគាត់ធ្វើជាអ្នកណែនាំដល់យុវវ័យនៅក្នុងការខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីប្រែក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ។ កម្មវិធីកុមារ និងយុវវ័យអាចជួយដល់ការខិតខំទាំងនេះបាន ( សូមមើលគេហទំព័រ ChildrenandYouth.ChurchofJesusChrist.org ) ។
១០.២.១.២
ការរៀនសូត្រដំណឹងល្អ
គណៈប៊ីស្សព ថ្នាក់ដឹកនាំកូរ៉ុមយុវវ័យ និងពួកអ្នកប្រឹក្សាយោបល់លើកទឹកចិត្តក្រុមយុវជន និងក្រុមគ្រួសាររបស់ពួកគេឲ្យរៀនសូត្រដំណឹងល្អនៅឯគេហដ្ឋាន ។ ថ្នាក់ដឹកនាំ និងពួកអ្នកប្រឹក្សាយោបល់សិក្សាដំណឹងល្អ ហើយចែកចាយជាមួយក្រុមយុវជននូវអ្វីដែលពួកគាត់បានរៀន ។ ពួកគាត់អញ្ជើញសមាជិកកូរ៉ុមឲ្យចែកចាយនៅព្រះវិហារអំពីអ្វីដែលពួកគេកំពុងរៀននៅឯគេហដ្ឋាន ។
កូរ៉ុមបព្វជិតភាពអើរ៉ុនជួបគ្នានៅថ្ងៃអាទិត្យដើម្បីពង្រឹងសេចក្តីជំនឿ បង្កើតសាមគ្គីភាព ពង្រឹងក្រុមគ្រួសារ និងគេហដ្ឋាន ហើយដាក់ផែនការជួយសម្រេចកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ។ ដោយមានការគាំទ្រពីពួកអ្នកប្រឹក្សាយោបល់ គណៈប៊ីស្សព និងថ្នាក់ដឹកនាំកូរ៉ុមយុវវ័យដាក់ផែនការការប្រជុំនៅថ្ងៃអាទិត្យ ។
ការប្រជុំកូរ៉ុមធ្វើឡើងនៅថ្ងៃអាទិត្យទីពីរ និងទីបួននៃខែ ។ វាមានរយៈពេល ៥០ នាទី ។ សមាជិកម្នាក់នៃគណៈប្រធានកូរ៉ុម ( ឬជំនួយការម្នាក់របស់ប៊ីស្សពនៅក្នុងកូរ៉ុមសង្ឃ ) ដឹកនាំកម្មវិធី ។ គាត់ដឹកនាំកូរ៉ុមឲ្យសូត្របាវចនា ហើយប្រឹក្សាជាមួយគ្នាអំពីការចាត់តាំង ករណីយកិច្ច និងកិច្ចការផ្សេងៗទៀត ។
បន្ទាប់មក សមាជិកកូរ៉ុម ឬថ្នាក់ដឹកនាំមជ្ឈិមវ័យម្នាក់ដឹកនាំការបង្រៀនដំណឹងល្អ ។ ថ្នាក់ដឹកនាំកូរ៉ុមប្រឹក្សាជាមួយពួកអ្នកប្រឹក្សាយោបល់អំពីអ្នកដែលគួរឡើងបង្រៀន ។ តារាងប្រជុំមាននៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ( សូមមើលគេហទំព័រ ComeFollowMe.ChurchofJesusChrist.org ) ។
ជាធម្មតា កូរ៉ុមបព្វជិតភាពអើរ៉ុននីមួយៗជួបដាច់ដោយឡែកពីគ្នា ( សូមមើល ១០.១.៥ ) ។ ក្រុមយុវជន និងក្រុមយុវនារីអាចរៀនចូលគ្នាម្តងម្កាលសម្រាប់មេរៀនថ្ងៃអាទិត្យ ដូចដែលបានសម្របសម្រួលដោយគណៈប៊ីស្សព និងគណៈប្រធានយុវនារី ។
ក្រុមយុវជនត្រូវបានលើកទឹកចិត្តឲ្យចូលរួមនៅក្នុងថ្នាក់សិក្ខាសាលា ( សូមមើល ១៥.១ ) ។
១០.២.១.៣
ការបម្រើ និងសកម្មភាពនានា
ដោយមានការគាំទ្រពីពួកអ្នកប្រឹក្សាយោបល់ គណៈប៊ីស្សព និងថ្នាក់ដឹកនាំកូរ៉ុមយុវវ័យដាក់ផែនការធ្វើការបម្រើ និងសកម្មភាពនានា ។ កិច្ចការទាំងនេះគួរតែជួយសម្រេចកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ។ ការបម្រើ និងសកម្មភាពនានាគួរតែស្ថាបនាទីបន្ទាល់ ពង្រឹងក្រុមគ្រួសារ បង្កើតឲ្យមានសាមគ្គីភាពនៅក្នុងកូរ៉ុម និងផ្តល់ឱកាសដើម្បីផ្តល់ពរជ័យដល់មនុស្សដទៃ ។ សកម្មភាពទាំងនេះគួរតែមានតុល្យភាពក្នុងចំណោមផ្នែកទាំងបួននៃការរីកចម្រើនផ្ទាល់ខ្លួន ៖ ខាងវិញ្ញាណ ខាងសង្គម ខាងរូបកាយ និងខាងសតិបញ្ញា ។
សកម្មភាពយុវវ័យភាគច្រើនធ្វើឡើងខុសពីថ្ងៃអាទិត្យ ឬល្ងាចថ្ងៃចន្ទ ។ ជាធម្មតា សកម្មភាពទាំងនេះធ្វើឡើងរាល់សប្តាហ៍ ។ នៅតាមតំបន់ខ្លះ រយៈចម្ងាយ សុវត្ថិភាព ឬកត្តាផ្សេងៗទៀតធ្វើឲ្យសកម្មភាពប្រចាំសប្តាហ៍មិនអាចធ្វើបាន ។ នៅតំបន់ទាំងនេះ សកម្មភាពនានាអាចធ្វើមិនសូវញឹកញាប់ទេ ប៉ុន្តែជាទូទៅ ពួកគេគួរតែធ្វើឡើងយ៉ាងតិចណាស់ម្តងក្នុងមួយខែ ។ សកម្មភាពនានាអាចដាក់ផែនការនៅលើ Sample Service and Activity Planner ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
ការបម្រើ និងសកម្មភាពមួយចំនួនគួរតែរួមបញ្ចូលទាំងក្រុមយុវជន និងក្រុមយុវនារី ជាពិសេសយុវវ័យដែលមានវ័យច្រើនជាងគេ ។
ក្រុមយុវវ័យអាចទទួលបានអត្ថប្រយោជន៍ពីការជួបជុំគ្នាជាក្រុមធំៗ ។ ក្រុមយុវវ័យនៅក្នុងវួដពីរ ឬច្រើនជាងនោះអាចជួបគ្នាម្តងម្កាលដើម្បីធ្វើការបម្រើ និងធ្វើសកម្មភាពនានា ។ យូរៗម្ដង ស្តេក ឬមណ្ឌលអាចដាក់ផែនការធ្វើការបម្រើ និងធ្វើសកម្មភាពនានាសម្រាប់ក្រុមយុវវ័យ ។
ថ្នាក់ដឹកនាំជាមជ្ឈិមវ័យជួយធានាឲ្យបានថា សកម្មភាពនានាគឺមានសុវត្ថិភាព ( សូមមើលគេហទំព័រ safety.ChurchofJesusChrist.org; សូមមើលផងដែរ ២០.៧ នៅក្នុងក្បួនខ្នាតនេះ ) ។ យ៉ាងហោចណាស់ ថ្នាក់ដឹកនាំជាមជ្ឈិមវ័យដែលមានទំនួលខុសត្រូវពីររូប គួរតែមានវត្តមាននៅគ្រប់សកម្មភាពទាំងអស់ ( សូមមើល ១០.៨.១ ) ។
សម្រាប់ព័ត៌មានបន្ថែម សូមមើលគេហទំព័រ AaronicPriesthoodQuorums.ChurchofJesusChrist.org ។ សូមមើលផងដែរ JustServe.org ប្រសិនបើមាន ។ ធនធានទាំងនេះផ្តល់ជាគំនិតសម្រាប់ការបម្រើ និងការធ្វើសកម្មភាព ។
សកម្មភាពប្រចាំឆ្នាំ ។ បន្ថែមលើការធ្វើសកម្មភាពនានាជាប្រចាំរបស់យុវវ័យ នោះក្រុមយុវជនក៏អាចចូលរួមក្នុងសកម្មភាពដូចខាងក្រោមនេះរាល់ឆ្នាំផងដែរ ៖
-
ការប្រជុំសម្រាប់ក្រុមយុវវ័យ និងឪពុកម្តាយរបស់ពួកគេនៅជិតដើមឆ្នាំ ។ ការប្រជុំនេះអាចធ្វើឡើងសម្រាប់ក្រុមយុវជន និងក្រុមយុវនារីដាច់ដោយឡែកពីគ្នា ឬជាមួយគ្នាក៏បាន ។ ការប្រជុំនេះអាចធ្វើឡើងជាវួដ ឬជាស្តេកក៏បាន ។ ការប្រជុំនេះត្រូវបានរៀបចំឡើង និងដឹកនាំដោយជំនួយការប៊ីស្យពនៅក្នុងកូរ៉ុមសង្ឃ និងគណៈប្រធានក្រុមយុវនារីដែលមានវ័យចាស់ជាងគេ ។ យុវជនដែលឈានចូលដល់អាយុ ១២ ឆ្នាំ នៅក្នុងឆ្នាំនោះ អាចទទួលបាននិមិត្តរូបនៃកម្មសិទ្ធិរបស់ពួកគេនៅអំឡុងការប្រជុំនេះ ( សូមមើលលេខ ១០.៨.៣ ) ។ សម្រាប់ព័ត៌មានបន្ថែម សូមមើលនៅលើគេហទំព័រ ChildrenandYouth.ChurchofJesusChrist.org ។
-
ការបោះជំរំរបស់កូរ៉ុមបព្វជិតភាពអើរ៉ុន ( សូមមើល សេចក្តីណែនាំពីការបោះជំរំរបស់កូរ៉ុមបព្វជិតភាពអើរ៉ុន ) ។ ក្រុមយុវជនអាចចូលរួមនៅក្នុងការបោះជំរំសម្រាកនៅពេលយប់ ព្រឹត្តិការណ៍ និងសកម្មភាពបន្ថែមនានានៅពេញមួយឆ្នាំ នៅកន្លែងណាដែលអាចធ្វើទៅបាន ។
-
សន្និសីទយុវវ័យវួដ ឬស្តេក ឬសន្និសីទដើម្បីកម្លាំងនៃយុវជន ( ដ.ក.យ. ) ។ សម្រាប់ព័ត៌មានអំពីសន្និសីទ ដ.ក.យ. សូមមើលគេហទំព័រ FSY.ChurchofJesusChrist.org ។ សម្រាប់ព័ត៌មានអំពីការហៅ និងការទទួលខុសត្រូវនៃ ដ.ក.យ. វួដ និងស្ដេក សូមមើលនៅលើគេហទំព័រ FSYLeader.ChurchofJesusChrist.org ( សម្រាប់សហរដ្ឋអាមេរិក និងកាណាដា ) ឬ សេចក្ដីណែនាំពីការដាក់ផែនការ ដ.ក.យ. ( សម្រាប់តំបន់ផ្សេងទៀតទាំងអស់ ) ។
-
យ៉ាងហោចណាស់សកម្មភាពមួយសង្កត់ធ្ងន់លើបទដ្ឋាននៅក្នុង ដើម្បីកម្លាំងនៃយុវជន ។ ព្រឹត្តិការណ៍នេះអាចរួមបញ្ចូលទាំងក្រុមយុវជន និងក្រុមយុវនារី ។ ឪពុកម្តាយក៏អាចអញ្ជើញឲ្យចូលរួមបានដែរ ។
តម្រូវការស្តីអំពីអាយុ ។ ដោយមានការអនុម័តយល់ព្រមពីឪពុកម្ដាយរបស់ពួកគេ យុវជនអាចចូលរួមក្នុងការបោះជំរំរបស់ក្រុមយុវជនដែលមានការសម្រាកនៅពេលយប់ នៅដើមខែមករានៃឆ្នាំដែលពួកគេឈានចូលអាយុ ១២ ឆ្នាំបាន ។ ពួកគេអាចចូលរួមក្នុងការរាំ សន្និសីទយុវវ័យ និងសន្និសីទ ដ.ក.យ. នៅដើមខែមករានៃឆ្នាំដែលពួកគេឈានចូលអាយុ ១៤ ឆ្នាំ ។ ទោះជាយ៉ាងណា ពួកគេគួរមានអាយុយ៉ាងហោចណាស់ ១៦ ឆ្នាំសម្រាប់ការដើរលេងជាគូ ( សូមមើល ដើម្បីកម្លាំងនៃយុវជន [ ឆ្នាំ ២០១១ ] ទំព័រ ៤ ) ។
ការបង់ប្រាក់សម្រាប់សកម្មភាពនានា ។ សកម្មភាពទាំងឡាយ រួមបញ្ចូលទាំងគ្រឿងផ្គត់ផ្គង់នានាត្រូវបានបង់ថ្លៃដោយប្រើថវិកាវួដ ។ ការធ្វើដំណើរ និងចំណាយផ្សេងៗមិនគួរលើសកំណត់នោះទេ ។
ក្នុងករណីលើកលែងមួយ ប្រសិនបើថវិកាវួដពុំគ្រប់គ្រាន់ដើម្បីបង់ថ្លៃក្នុងការធ្វើសកម្មភាពជាច្រើនថ្ងៃ ដូចជាការបោះជំរំ នោះថ្នាក់ដឹកនាំអាចស្នើសុំឲ្យអ្នកចូលរួមជួយបង់ថ្លៃដើម្បីចូលរួមសកម្មភាពនោះបាន ។ ទោះជាយ៉ាងណាក៏ដោយ យុវជនម្នាក់ពុំគួរត្រូវខកខានក្នុងការចូលរួមដោយសារតែគាត់ពុំអាចជួយបង់ប្រាក់បាននោះទេ ។ ប្រសិនបើនៅតែត្រូវការប្រាក់ច្រើនទៀត នោះប៊ីស្សពអាចផ្ដល់សិទ្ធិអនុញ្ញាតឲ្យធ្វើសកម្មភាពរៃអង្គាសប្រាក់ម្ដងក្នុងមួយឆ្នាំ ( សូមមើល ២០.៦.៥ ) ។
គណៈប៊ីស្សពធានាឲ្យបានថា ថវិកា និងសកម្មភាពសម្រាប់ក្រុមយុវជន និងក្រុមយុវនារីមានភាពគ្រប់គ្រាន់ និងសមធម៌ ។ ថវិកាសម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុនគឺផ្អែកលើចំនួនយុវជននៅក្នុងវួដ ។ ថវិកាសម្រាប់ក្រុមយុវនារីគឺផ្អែកលើចំនួនយុវនារីនៅក្នុងវួដ ។
សូមមើលគេហទំព័រ FSY.ChurchofJesusChrist.org សម្រាប់ព័ត៌មានស្ដីពីការផ្ដល់មូលនិធិសម្រាប់សន្និសីទ ដ.ក.យ. ។
១០.២.១.៤
ការអភិវឌ្ឍផ្ទាល់ខ្លួន
នៅក្នុងការខិតខំរបស់ពួកគេដើម្បីប្រែក្លាយកាន់តែដូចជាព្រះអង្គសង្រ្គោះ នោះយុវវ័យត្រូវបានអញ្ជើញឲ្យដាក់គោលដៅដើម្បីរីកចម្រើនខាងវិញ្ញាណ ខាងសង្គម ខាងរាងកាយ និងខាងបញ្ញា ( សូមមើល លូកា ២:៥២ ) ។ យុវវ័យស្វែងរកការបំផុសគំនិតដើម្បីរកមើលអ្វីដែលពួកគេត្រូវធ្វើ ។ ដោយមានជំនួយពីឪពុកម្ដាយ ពួកគេដាក់ផែនការ ធ្វើតាមផែនការរបស់ពួកគេ និងគិតពិចារណាពីអ្វីដែលពួកគេរៀន ។ ថ្នាក់ដឹកនាំ និងពួកអ្នកប្រឹក្សាយោបល់ផ្តល់នូវការគាំទ្រដែលត្រូវការផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ ពួកគាត់មិនគួរតាមដានពីគោលដៅ ឬការរីកចម្រើនរបស់ក្រុមយុវជននោះទេ ។ ឪពុកម្ដាយ និងថ្នាក់ដឹកនាំអាចផ្ដល់យោបល់ពីគោលដៅ ប៉ុន្តែពួកគាត់អនុញ្ញាតឲ្យយុវវ័យស្វែងរកការបំផុសគំនិតរបស់ពួកគេផ្ទាល់អំពីគោលដៅ ដែលពួកគេចង់សម្រេចបាន ។
ជារៀងរាល់ឆ្នាំ យុវវ័យត្រូវបានលើកទឹកចិត្តឲ្យបំពេញគោលដៅយ៉ាងហោចណាស់ចំនួនពីរនៅក្នុងផ្នែកនីមួយៗនៃផ្នែកទាំងបួននេះ ។ ពួកគេអាចប្រើ ការអភិវឌ្ឍផ្ទាល់ខ្លួន ៖ សៀវភៅណែនាំយុវវ័យ ឬកម្មវិធីរស់នៅតាមដំណឹងល្អ ដើម្បីកំណត់ និងកត់ត្រាគោលដៅ ។
សម្រាប់ព័ត៌មានបន្ថែម សូមមើលគេហទំព័រ ChildrenandYouth.ChurchofJesusChrist.org ។
១០.២.២
ការមើលថែដល់អ្នកខ្វះខាត
អ្នកកាន់បព្វជិតភាពអើរ៉ុនជួយប៊ីស្សពនៅក្នុងការ « ចាត់ចែងគ្រប់អស់ទាំងការណ៍ខាងសាច់ឈាម » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៦៨ ) ។ ក្រុមយុវជនគួរតែមានឱកាសបម្រើមនុស្សដទៃទាំងនៅក្នុង និងជាមួយក្រុមគ្រួសាររបស់ពួកគេជាប្រចាំ នៅអំឡុងពេលធ្វើសកម្មភាពយុវវ័យ និងដោយខ្លួនពួកគេផ្ទាល់ ។ គំនិតសម្រាប់ការបម្រើអាចរកបាននៅលើគេហទំព័រ ChildrenandYouth.ChurchofJesusChrist.org ។ នៅកន្លែងណាដែលមាន នោះ JustServe.org ផ្ដល់ជាឱកាសបម្រើនៅក្នុងសហគមន៍ ។
១០.២.២.១
ការធ្វើការងារបម្រើ
ការងារបម្រើគឺជាការថែទាំដល់មនុស្សដទៃដូចដែលព្រះអង្គសង្រ្គោះបានធ្វើ ។ អ្នកកាន់បព្វជិតភាពអើរ៉ុនទទួលការងារបម្រើដែលចាត់តាំងនៅដើមខែ មករា នៃឆ្នាំដែលពួកគេឈានចូលដល់អាយុ ១៤ ឆ្នាំ ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល ជំពូកទី ២១ ។
១០.២.៣
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ
អ្នកកាន់បព្វជិតភាពអើរ៉ុនមានករណីយកិច្ចដើម្បី « អញ្ជើញមនុស្សទាំងអស់ឲ្យមករកព្រះគ្រីស្ទ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៥៩ ) ។ របៀបមួយចំនួនដែលពួកគេអាចធ្វើកិច្ចការនេះបានគឺត្រូវបានរៀបរាប់ដូចខាងក្រោម ៖
-
ធ្វើជាគំរូល្អក្នុងនាមជាសិស្សនៃព្រះយេស៊ូវគ្រីស្ទ ។
-
ចែកចាយទីបន្ទាល់របស់ពួកគេជាមួយមិត្តភក្តិ និងសមាជិកគ្រួសារ ។
-
ផ្ដល់ការងារបម្រើទៅកាន់សមាជិកមិនសូវសកម្មនៅក្នុងកូរ៉ុមរបស់ពួកគេ ។
-
អញ្ជើញមិត្តភក្តិឲ្យមកព្រះវិហារ ឬចូលរួមក្នុងសកម្មភាពក្រុមយុវវ័យ ។
-
អញ្ជើញមិត្តភក្តិឲ្យចូលរួមនៅក្នុងកម្មវិធីកុមារ និងយុវវ័យ ។ ថ្នាក់ដឹកនាំធ្វើការយ៉ាងជិតស្និទ្ធជាមួយឪពុកម្តាយរបស់យុវវ័យទាំងនេះ ដើម្បីជួយពួកគេឲ្យយល់ពីកម្មវិធីនេះ ហើយកំណត់ថាតើពួកគាត់ និងកូនៗរបស់ពួកគាត់ចង់ចូលរួមបែបណា ។
-
អញ្ជើញមិត្តភក្តិឲ្យរៀនជាមួយពួកអ្នកផ្សព្វផ្សាយសាសនា ។
ឪពុកម្តាយ និងថ្នាក់ដឹកនាំលើកទឹកចិត្តក្រុមយុវជនឲ្យរៀបចំខ្លួនបម្រើបេសកកម្មពេញម៉ោង និងចែកចាយដំណឹងល្អពេញមួយជីវិតរបស់ពួកគេ ។ របៀបមួយចំនួនដែលពួកគេអាចធ្វើកិច្ចការនេះបានគឺត្រូវបានរៀបរាប់ដូចខាងក្រោម ៖
-
លើកទឹកចិត្តក្រុមយុវជនឲ្យទទួលបានទីបន្ទាល់ផ្ទាល់ខ្លួនអំពីផែនការនៃសុភមង្គលរបស់ព្រះវរបិតាសួគ៌ ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ និងការស្តារឡើងវិញនៃដំណឹងល្អរបស់ទ្រង់ ។
-
បង្រៀនក្រុមយុវជនអំពីពរជ័យនៃការបម្រើបេសកម្ម និងអ្វីដែលរំពឹងទុកពីពួកគេ ។
-
ផ្តល់ឱកាសបម្រើនៅក្នុងសាសនាចក្រ ។
-
ផ្តល់ឱកាសបង្រៀនដំណឹងល្អនៅក្នុងការប្រជុំកូរ៉ុម និងការប្រជុំផ្សេងៗទៀត ។
ជាផ្នែកមួយនៃការរៀបចំនេះ គណៈប៊ីស្សព ឬគណៈប្រធានស្តេកអាចរៀបចំថ្នាក់ការរៀបចំខ្លួនធ្វើជាអ្នកផ្សព្វផ្សាយសាសនាមួយបាន ។ ធនធានសំខាន់សម្រាប់ថ្នាក់នេះគឺព្រះគម្ពីរ បទដ្ឋានអ្នកផ្សព្វផ្សាយសាសនាសម្រាប់សិស្សនៃព្រះយេស៊ូវគ្រីស្ទ និង ប្រកាសដំណឹងល្អទ្រង់ ។ ថ្នាក់នេះពុំធ្វើឡើងអំឡុងការប្រជុំថ្ងៃអាទិត្យតាមធម្មតានោះទេ ។
គេហទំព័រ Missionary.ChurchofJesusChrist.org ផ្តល់នូវធនធានបន្ថែមដែលអាចជួយក្រុមយុវជនបាន នៅពេលពួកគេរៀបចំខ្លួនដើម្បីបម្រើជាអ្នកផ្សព្វផ្សាយសាសនា ។ សូមមើល ជំពូកទី ២៣ និងទី ២៤ សម្រាប់ព័ត៌មានបន្ថែម ។
១០.២.៤
ការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច
អ្នកកាន់បព្វជិតភាពអើរ៉ុនអាចជួយក្រុមគ្រួសារឲ្យមានសាមគ្គីភាពដល់អស់កល្បជានិច្ចតាមរបៀបជាច្រើន ។ វិធីមួយចំនួនទាំងនេះគឺត្រូវបានរៀបរាប់ដូចខាងក្រោម ៖
-
គោរពឪពុកម្តាយរបស់ពួកគេ និងធ្វើជាគំរូនៃការរស់នៅដូចជាព្រះគ្រីស្ទនៅក្នុងផ្ទះរបស់ពួកគេ ។
-
រៀបចំខ្លួនដើម្បីមានគ្រួសារដ៏អស់កល្បជានិច្ចរបស់ពួកគេផ្ទាល់ ។
-
ត្រូវមានភាពស័ក្ដិសមដើម្បីកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។
-
រៀបចំខ្លួនដើម្បីទទួលពិធីបរិសុទ្ធនៅព្រះវិហារបរិសុទ្ធ រួមទាំងការរៀបអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ចផងដែរ ។
-
រៀនអំពីសាច់ញាតិជិតឆ្ងាយផ្សេងៗទៀត និងបុព្វការីជនរបស់ពួកគេ ( សូមមើល ក្រុមគ្រួសាររបស់ខ្ញុំ ៖ ដំណើររឿងដែលនាំឲ្យយើងជួបជុំគ្នា ) ។
-
ស្វែងរកបុព្វការីជនដែលត្រូវការពិធីបរិសុទ្ធនៅព្រះវិហារបរិសុទ្ធ ( សូមមើលគេហទំព័រ FamilySearch.org ) ។
-
ចូលរួមនៅក្នុងពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់សម្រាប់មរណជនឲ្យបានញឹកញាប់ តាមដែលកាលៈទេសៈអនុញ្ញាត ។
-
ចូលរួមធ្វើលិបិក្រម ( សូមមើលគេហទំព័រ FamilySearch.org/indexing ) ។
-
បម្រើជាអ្នកប្រឹក្សាផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ តាមដែលបានហៅឲ្យបម្រើដោយគណៈប៊ីស្សព ( សូមមើល ២៥.២.៤ ) ។
១០.៣
គណៈប៊ីស្សព
គណៈប៊ីស្សពគឺជាគណៈប្រធានបព្វជិតភាពអើរ៉ុននៅក្នុងវួដ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:១៣–១៥ ) ។ ពួកគាត់ដឹកនាំកិច្ចការនៃកូរ៉ុមបព្វជិតភាពអើរ៉ុន ។ ការទទួលខុសត្រូវដ៏សំខាន់បំផុតរបស់ប៊ីស្សពគឺ ដើម្បីមើលថែក្រុមយុវជន និងក្រុមយុវនារីនៅក្នុងវួដរបស់គាត់ ។ គាត់រៀនស្គាល់ឈ្មោះរបស់ពួកគេ ហើយយល់ពីកាលៈទេសៈនៅផ្ទះរបស់ពួកគេ ។ គាត់ចូលរួមសកម្មភាពរបស់ពួកគេ និងការប្រជុំជាប្រចាំនៅថ្ងៃអាទិត្យ ។
ប៊ីស្សពគឺជាប្រធាននៃកូរ៉ុមសង្ឃ ។ ករណីយកិច្ចរបស់គាត់ « គឺត្រូវត្រួតត្រាលើ [ ពួក ] សង្ឃ ហើយអង្គុយជាមួយពួកគេក្នុងក្រុមប្រឹក្សា ដើម្បីបង្រៀនពួកគេអំពីភារកិច្ចនៃតំណែងរបស់ពួកគេ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៨៧ ) ។
ទីប្រឹក្សាទីមួយនៅក្នុងគណៈប៊ីស្សពមានទំនួលខុសត្រូវចំពោះកូរ៉ុមគ្រូ ។ ទីប្រឹក្សាទីពីរមានទំនួលខុសត្រូវចំពោះកូរ៉ុមឌីកុន ។
នៅពេលសមាជិកម្នាក់នៃគណៈប៊ីស្សពចូលរួមនៅក្នុងការប្រជុំរបស់កូរ៉ុម នោះគាត់ធ្វើជាអធិបតីនៅក្នុងការប្រជុំនេះ ។
គណៈប៊ីស្សពមានទំនួលខុសត្រូវបន្ថែមដូចខាងក្រោមសម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន ៖
-
ណែនាំគណៈប្រធានកូរ៉ុម និងជំនួយការរបស់ប៊ីស្សពនៅក្នុងកូរ៉ុមសង្ឃ ។ ជួយពួកគេឲ្យយល់ និងបំពេញភារកិច្ចរបស់ពួកគេក្នុងនាមជាថ្នាក់ដឹកនាំ ។ ដើម្បីធ្វើកិច្ចការនេះបាន គណៈប៊ីស្សពប្រើប្រាស់ព្រះគម្ពីរ និង « ការតម្រង់ទិសគណៈប្រធានបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី » ( សូមមើលគេហទំព័រ AaronicPriesthoodQuorums.ChurchofJesusChrist.org ) ។ ពួកគេក៏អាចប្រើ ជំពូកទី ៤ នៃក្បួនខ្នាតនេះផងដែរ ។
-
ជួបជាមួយយុវជនម្នាក់ៗ យ៉ាងហោចណាស់ពីរដងក្នុងមួយឆ្នាំ ( សូមមើល ៣១.៣.១ ) ។
-
មើលការខុសត្រូវលើការបង្រៀននៅក្នុងកូរ៉ុមបព្វជិតភាពអើរ៉ុន ។
-
ជួយក្រុមយុវជនឲ្យរៀបចំខ្លួនដើម្បីទទួលបព្វជិតភាពម៉ិលគីស្សាដែក ( សូមមើល ១០.៦ ) ។
-
មើលការខុសត្រូវលើកំណត់ត្រា របាយការណ៍ និងហិរញ្ញវត្ថុរបស់កូរ៉ុមបព្វជិតភាពអើរ៉ុន ។
ពួកអ្នកប្រឹក្សាយោបល់ និងអ្នកជំនាញក្នុងកូរ៉ុមជួយសម្រាលទំនួលខុសត្រូវទាំងនេះតាមដែលបានស្នើសុំ ( សូមមើល ១០.៥ ) ។
១០.៤
ថ្នាក់ដឹកនាំកូរ៉ុមយុវវ័យ
១០.៤.១
ការហៅបម្រើ ការគាំទ្រ និងការញែកចេញ
ប៊ីស្សពហៅសង្ឃម្នាក់ ឬពីរនាក់ឲ្យបម្រើជាជំនួយការរបស់គាត់នៅក្នុងការដឹកនាំកូរ៉ុមសង្ឃ ។ សមាជិកមួយរូបនៃគណៈប៊ីស្សពក៏អាចហៅយុវជនម្នាក់ឲ្យបម្រើជាលេខាកូរ៉ុមបានផងដែរ ។
សមាជិកនៃគណៈប៊ីស្សពហៅប្រធានកូរ៉ុមឌីកុន និងប្រធានកូរ៉ុមគ្រូ ។ នៅពេលមានអ្នកកាន់បព្វជិតភាពអើរ៉ុនគ្រប់គ្រាន់ដើម្បីបម្រើ នោះយុវជនទាំងនេះធ្វើការពិចារណាប្រកបដោយការអធិស្ឋានពីសមាជិកកូរ៉ុមដែលត្រូវផ្តល់អនុសាសន៍ឲ្យធ្វើជាទីប្រឹក្សា និងជាលេខា ។ គណៈប៊ីស្សពពិចារណាពីអនុសាសន៍របស់ពួកគេ ហើយផ្តល់ការហៅបម្រើទាំងនេះ ។
មុនពេលស្នើសុំឲ្យយុវជនម្នាក់បម្រើក្នុងការហៅទាំងនេះណាមួយ សមាជិកគណៈប៊ីស្សពសូមការអនុញ្ញាតពីឪពុកម្តាយរបស់យុវជននោះជាមុនសិន ។
បន្ទាប់ពីផ្តល់ការហៅបម្រើទាំងនេះហើយ សមាជិកមួយរូបនៃគណៈប៊ីស្សពណែនាំថ្នាក់ដឹកនាំកូរ៉ុមយុវវ័យទាំងនោះឲ្យកូរ៉ុមស្គាល់ សម្រាប់ការលើកដៃគាំទ្រនៅក្នុងការប្រជុំកូរ៉ុមរបស់ពួកគេ ។ ប៊ីស្សពធ្វើពិធីញែកចេញដល់ជំនួយការរបស់គាត់ និងប្រធានកូរ៉ុមឌីកុន និងប្រធានកូរ៉ុមគ្រូ ។ គាត់ប្រគល់កូនសោបព្វជិតភាពដល់ប្រធានកូរ៉ុមទាំងឡាយ ។ គាត់អាចចាត់ឲ្យទីប្រឹក្សារបស់គាត់ធ្វើពិធីញែកចេញដល់សមាជិកផ្សេងទៀតក្នុងគណៈប្រធាន និងលេខាបាន ។
សមាជិកម្នាក់នៃគណៈប៊ីស្សពប្រកាសការហៅបម្រើទាំងនេះក្នុងម៉ោងប្រជុំសាក្រាម៉ង់ ។ គាត់ពុំស្នើសុំឲ្យមានការលើកដៃគាំទ្រនោះទេ ។
១០.៤.២
ការទទួលខុសត្រូវទាំងឡាយ
ប្រធានកូរ៉ុមបព្វជិតភាពអើរ៉ុន រួមទាំងប៊ីស្សព មានការទទួលខុសត្រូវដូចខាងក្រោម ។ ទីប្រឹក្សារបស់ពួកគាត់ និងជំនួយការរបស់ប៊ីស្សពនៅក្នុងកូរ៉ុមសង្ឃ ចែករំលែកការទទួលខុសត្រូវទាំងនេះ ។
-
ដឹកនាំឲ្យកូរ៉ុមខិតខំចូលរួមនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ( សូមមើល ជំពូកទី ១ ) ។
-
រៀនស្គាល់ និងបម្រើសមាជិកកូរ៉ុមម្នាក់ៗ ដោយរួមទាំងអ្នកដែលមិនបានចូលរួមនៅក្នុងការប្រជុំកូរ៉ុមផងដែរ ។ ដឹងពីតម្រូវការ និងកាលៈទេសៈរបស់ពួកគេ ។
-
បម្រើនៅក្នុងក្រុមប្រឹក្សាយុវវ័យវួដ ( សូមមើល ១០.៤.៤ ) ។
-
ចូលរួមក្នុងកិច្ចខិតខំរបស់វួដដើម្បីចែកចាយដំណឹងល្អ និងពង្រឹងសមាជិកថ្មី និងសមាជិកដែលត្រឡប់មកសកម្មឡើងវិញ ។ ជំនួយការមួយរូបនៅក្នុងកូរ៉ុមសង្ឃចូលរួមការប្រជុំសម្របសម្រួល ( សូមមើល ២៣.៥.៧ ) ។
-
ចូលរួមក្នុងកិច្ចខិតខំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិនៅក្នុងវួដ ។ ជំនួយការមួយរូបនៅក្នុងកូរ៉ុមសង្ឃចូលរួមការប្រជុំសម្របសម្រួល ( សូមមើល ២៥.២.៧ ) ។
-
បង្រៀនសមាជិកកូរ៉ុមពីភារកិច្ចបព្វជិតភាពរបស់ពួកគេ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៨៥–៨៨ ) ។ ជួយពួកគេនៅក្នុងការបំពេញភារកិច្ចទាំងនោះ ។
-
ដាក់ផែនការ និងដឹកនាំការប្រជុំកូរ៉ុម ( សូមមើល ១០.២.១.២ ) ។
-
ដាក់ផែនការ និងអនុវត្តការបម្រើ និងសកម្មភាពនានានៅក្នុងកូរ៉ុម ( សូមមើល ១០.២.១.៣ ) ។
នៅពេលដែលលេខាកូរ៉ុមត្រូវបានហៅឲ្យបម្រើ នោះពួកគេរៀបចំរបៀបវារៈសម្រាប់ការប្រជុំ និងធ្វើការកត់ត្រា ។ ពួកគាត់ក៏ជួយស្មៀនវួដ ឬអ្នកប្រឹក្សាយោបល់ប្រចាំកូរ៉ុមដើម្បីតាមដានវត្តមានអ្នកចូលរួមផងដែរ ។
សមាជិកនៃគណៈប៊ីស្សពបង្រៀនក្រុមយុវជនអំពីការទទួលខុសត្រូវរបស់ពួកគេ ( សូមមើល ១០.៣ ) ។ អ្នកប្រឹក្សាយោបល់ប្រចាំកូរ៉ុមគួរតែចូលរួមជួយយ៉ាងសកម្ម ( សូមមើល ១០.៥ ) ។
១០.៤.៣
ការប្រជុំគណៈប្រធានកូរ៉ុម
គណៈប្រធានកូរ៉ុមបព្វជិតភាពអើរ៉ុនជួបគ្នាជាទៀងទាត់ ។ ប្រធានកូរ៉ុមដឹកនាំការប្រជុំទាំងនេះ ។ យ៉ាងហោចណាស់ត្រូវមានមជ្ឈិមវ័យពីរនាក់ចូលរួម—គឺសមាជិកមួយរូបនៃគណៈប៊ីស្សព អ្នកប្រឹក្សាយោបល់ម្នាក់ ឬអ្នកជំនាញម្នាក់ ។ នៅអំឡុងការប្រជុំទាំងនេះ ថ្នាក់ដឹកនាំប្រឹក្សាជាមួយគ្នា ហើយស្វែងរកវិវរណៈអំពីព្រះទ័យរបស់ព្រះអម្ចាស់សម្រាប់កូរ៉ុមរបស់ពួកគេ ។ របៀបវារៈអាចរួមមានការពិភាក្សាអំពីចំណុចដូចខាងក្រោម ៖
-
ការសម្រេចបានកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង
-
ការបម្រើសមាជិកក្នុងកូរ៉ុម ដោយយកចិត្តទុកដាក់ជាពិសេសដើម្បីគាំទ្រដល់សមាជិកថ្មី និងជួយដល់សមាជិកដែលមិនសូវសកម្ម
-
ការឈោងទៅជួយអស់អ្នកដែលមានសេចក្តីជំនឿ និងការជឿផ្សេង
-
ការដាក់ផែនការការប្រជុំ ការបម្រើ និងសកម្មភាពនានារបស់កូរ៉ុម
-
សេចក្តីណែនាំពីភាពជាអ្នកដឹកនាំមកពីថ្នាក់ដឹកនាំកូរ៉ុម ឬអ្នកប្រឹក្សាយោបល់
របៀបវារៈគំរូសម្រាប់ការប្រជុំគណៈប្រធាន មាននៅលើគេហទំព័រ ChurchofJesusChrist.org ។
១០.៤.៤
ក្រុមប្រឹក្សាយុវវ័យវួដ
គោលបំណងរបស់ក្រុមប្រឹក្សាយុវវ័យវួដគឺ ដើម្បីជួយក្រុមយុវវ័យឲ្យនាំមនុស្សដទៃមករកព្រះយេស៊ូវគ្រីស្ទ និងជួយសម្រេចបានកិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើង ។
ប៊ីស្សពធ្វើជាអធិបតីលើក្រុមប្រឹក្សាយុវវ័យវួដ ។ សមាជិកក្រុមប្រឹក្សានេះរួមមាន ៖
-
គណៈប៊ីស្សព ។
-
ជំនួយការម្នាក់របស់ប៊ីស្សពនៅក្នុងកូរ៉ុមសង្ឃ ប្រធានកូរ៉ុមគ្រូ និងប្រធានកូរ៉ុមឌីកុន ។
-
ប្រធានថ្នាក់ក្រុមយុវនារី ( ឬគណៈប្រធានថ្នាក់ទាំងមូល ប្រសិនបើវួដនោះមានថ្នាក់យុវនារីតែមួយ ) ។
-
ប្រធានក្រុមយុវនារី ។
ក្រុមប្រឹក្សាយុវវ័យវួដពិភាក្សាពីវិធីដើម្បីជួយមនុស្សដទៃឲ្យស្ថាបនាទីបន្ទាល់ ទទួលពិធីបរិសុទ្ធនៃការសង្គ្រោះ រក្សាសេចក្ដីសញ្ញា ហើយក្លាយជាអ្នកដើរតាមរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល មរ៉ូណៃ ៦:៤–៥ ) ។ ពួកគេប្រឹក្សាជាមួយគ្នាអំពីសេចក្ដីត្រូវការរបស់ក្រុមយុវជន និងក្រុមយុវនារីនៅក្នុងវួដ ។ ពួកគេអាចពិភាក្សាអំពីសកម្មភាពនានា ដើម្បីបំពេញតាមសេចក្ដីត្រូវការទាំងនេះ ។ ទោះជាយ៉ាងណាក៏ដោយ ការដាក់ផែនការលម្អិតនៃសកម្មភាពនានាគួរតែធ្វើឡើងនៅក្នុងការប្រជុំកូរ៉ុម ឬការប្រជុំគណៈប្រធានថ្នាក់ ។
សូមមើល ២៩.២.៦ សម្រាប់ព័ត៌មានបន្ថែមទៀតស្ដីពីក្រុមប្រឹក្សាយុវវ័យវួដ ។
១០.៥
អ្នកប្រឹក្សាយោបល់ និងអ្នកជំនាញ
សមាជិកមួយរូបនៃគណៈប៊ីស្សពហៅ ហើយធ្វើពិធីញែកចេញដល់ពួកបុរសឲ្យធ្វើជាអ្នកប្រឹក្សាយោបល់ប្រចាំកូរ៉ុមបព្វជិតភាពអើរ៉ុន ។ ពួកអ្នកប្រឹក្សាយោបល់ទាំងនេះជួយគណៈប៊ីស្សពនៅក្នុងការទទួលខុសត្រូវរបស់ពួកគាត់ចំពោះកូរ៉ុមបព្វជិតភាពអើរ៉ុន ។ ពួកគាត់ផ្ដោតសំខាន់ទៅលើការណែនាំដល់ក្រុមយុវជន ការបង្រៀនពួកគេពីរបៀបដឹកនាំដោយការបំផុសគំនិត និងការជួយពួកគេឲ្យក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ។ តាមការចាំបាច់ និងស្ថានភាពជាក់ស្ដែង នោះអាចមានការហៅអ្នកប្រឹក្សាយោបល់ច្រើននាក់សម្រាប់កូរ៉ុមនីមួយៗ ។
គណៈប៊ីស្សពក៏អាចហៅអ្នកជំនាញកូរ៉ុមឲ្យជួយក្នុងព្រឹត្តិការណ៍ជាក់លាក់មួយ ដូចជាការបោះជំរំ សន្និសីទយុវវ័យ ឬសកម្មភាពកីឡាផងដែរ ។
យ៉ាងហោចណាស់ បុរសជាមជ្ឈិមវ័យពីរនាក់ដែលមានការទទួលខុសត្រូវ គួរតែមានវត្តមាននៅការប្រជុំកូរ៉ុម និងសកម្មភាពនីមួយៗ ។ ការមានវត្តមានរបស់អ្នកប្រឹក្សាយោបល់ និងអ្នកជំនាញធ្វើឲ្យសមាជិកនៃគណៈប៊ីស្សពអាចទៅចូលរួមក្នុងថ្នាក់ និងសកម្មភាពនានារបស់ក្រុមយុវនារី និងអង្គការបឋមសិក្សាផងដែរ ។ អ្នកប្រឹក្សាយោបល់ និងអ្នកជំនាញត្រូវតែបំពេញវគ្គបណ្តុះបណ្តាលនៅលើគេហទំព័រ ProtectingChildren.ChurchofJesusChrist.org ( សូមមើល ១០.៨.១ ) ។
១០.៦
ការជួយក្រុមយុវជនឲ្យរៀបចំខ្លួនដើម្បីទទួលបព្វជិតភាពម៉ិលគីស្សាដែក
នៅពេលយុវជនម្នាក់មានអាយុ ១៨ ឆ្នាំឡើងទៅ គាត់មានសិទ្ធិទទួលបព្វជិតភាពម៉ិលគីស្សាដែក ហើយត្រូវបានតែងតាំងជាអែលឌើរ ប្រសិនបើគាត់បានរៀបចំខ្លួន ហើយមានភាពស័ក្ដិសម ។ គាត់ប្រឹក្សាជាមួយនឹងឪពុកម្ដាយរបស់គាត់ ព្រមទាំងប៊ីស្សពដើម្បីធ្វើការសម្រេចចិត្តនេះ ។
លុះដល់អាយុ ១៩ ឆ្នាំ ឬមុនពេលចាកចេញពីផ្ទះ ( ដូចជាការទៅរៀននៅសាកលវិទ្យាល័យ ឬបម្រើកងទ័ព ) គាត់គួរតែត្រូវបានតែងតាំងជាអែលឌើរ ប្រសិនបើគាត់មានភាពស័ក្តិសម ។ ទោះបីជាគាត់មិនត្រូវបានតែងតាំងជាអែលឌើរនៅអាយុ ១៩ ឆ្នាំក្ដី ក៏គាត់ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងការប្រជុំកូរ៉ុមអែលឌើរដែរ ។
ឪពុកម្តាយមានការទទួលខុសត្រូវដ៏សំខាន់ដើម្បីជួយកូនប្រុសរបស់ពួកគេឲ្យរៀបចំខ្លួនទទួលបព្វជិតភាពម៉ិលគីស្សាដែក ។ គណៈប៊ីស្សព និងអ្នកប្រឹក្សាយោបល់ប្រចាំកូរ៉ុមក៏អាចជួយបានផងដែរ តាមរយៈការចែកចាយបទពិសោធន៍ជាមួយពួកអ្នកកាន់បព្វជិតភាពអើរ៉ុន ដែលនឹងរៀបចំខ្លួនពួកគេដើម្បីធ្វើការបម្រើពេញមួយជីវិតក្នុងនាមជាពួកអែលឌើរ ។ ការរៀបចំខ្លួនដ៏ល្អបំផុតដើម្បីទទួលបព្វជិតភាពម៉ិលគីស្សាដែកគឺការបំពេញករណីយកិច្ចបព្វជិតភាពអើរ៉ុន ។
អ្នកដែលទទួលបព្វជិតភាពម៉ិលគីស្សាដែកគួរខិតខំស្វែងយល់ពី ៖
-
សម្បថ និងសេចក្តីសញ្ញានៃបព្វជិតភាព ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៣៣–៤៤ ) ។
-
ករណីយកិច្ចនៃអែលឌើរ ( គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៣៨–៤៥; ៤២:៤៤; ១០៧:១១–១២ ) ។
-
គោលបំណងនៃពិធីបរិសុទ្ធ និងពរជ័យទាំងឡាយនៃបព្វជិតភាព និងរបៀបធ្វើពិធីបរិសុទ្ធទាំងនោះ ( សូមមើល ជំពូកទី ១៨ ) ។
-
របៀបដែលបុរស និងស្ត្រីធ្វើការរួមគ្នាដើម្បីសម្រេចបានកិច្ចការរបស់ព្រះ ។
សម្រាប់ព័ត៌មានអំពីប្រធានបទទាំងនេះ សូមមើល « បព្វជិតភាពម៉ិលគីស្សាដែក » « បព្វជិតភាព » និង « ពួកស្រ្តីនៅក្នុងសាសនាចក្រ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ នៅលើគេហទំព័រ topics.ChurchofJesusChrist.org ) ។
គណៈប្រធានកូរ៉ុមអែលឌើរ និងពួកបងប្អូនប្រុសដែលធ្វើការងារបម្រើអាចជួយផ្ដល់ការណែនាំនេះបាន ។ វាអាចកើតឡើងនៅក្នុងគេហដ្ឋានរបស់យុវជនម្នាក់ៗ ឬនៅក្នុងថ្នាក់មួយដែលធ្វើឡើងនៅក្រៅការប្រជុំថ្ងៃអាទិត្យ ។
១០.៧
ថ្នាក់ដឹកនាំក្រុមយុវជនស្តេក
គណៈប្រធានស្ដេកហៅ និងញែកចេញទីប្រឹក្សាជាន់ខ្ពស់ម្នាក់ឲ្យធ្វើជាប្រធានក្រុមយុវជនស្ដេក ។ សមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ដែលបានចាត់ទៅក្រុមយុវនារី និងអង្គការបឋមសិក្សា អាចត្រូវបានហៅ និងញែកចេញដើម្បីបម្រើជាទីប្រឹក្សារបស់គាត់បាន ។ ឬប្រសិនបើស្ដេកមួយធំល្មមគ្រប់គ្រាន់ នោះអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកដទៃទៀតនៅក្នុងស្តេកនោះអាចត្រូវបានហៅឲ្យបម្រើជាទីប្រឹក្សាបាន ។ ( សូមមើល ៦.៥ ) ។
ប្រធានក្រុមយុវជនស្តេកបម្រើក្រោមការដឹកនាំនៃគណៈប្រធានស្តេក ។ គាត់ និងទីប្រឹក្សា ហើយនិងលេខារបស់គាត់បម្រើនៅក្នុងគណៈកម្មការថ្នាក់ដឹកនាំយុវវ័យស្តេក ( សូមមើល ២៩.៣.១០ ) ។ គាត់ និងទីប្រឹក្សារបស់គាត់ជួយគណៈប៊ីស្សព តាមរយៈការបង្រៀនពួកគាត់ពីភារកិច្ចរបស់ពួកគាត់សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន ។
បងប្អូនប្រុសម្នាក់មកពីសមាជិកភាពនៃស្តេកអាចត្រូវបានហៅឲ្យបម្រើជាលេខាក្រុមយុវជនស្តេក ។
សម្រាប់ព័ត៌មានបន្ថែមអំពីការទទួលខុសត្រូវរបស់គណៈប្រធាន និងលេខាក្រុមយុវជនស្តេក សូមមើល ៦.៧.២ និង ៦.៧.៣ ។
១០.៨
គោលការណ៍ណែនាំ និងគោលនយោបាយបនែ្ថម
១០.៨.១
ការការពារយុវវ័យ
នៅពេលមជ្ឈិមវ័យប្រាស្រ័យទាក់ទងជាមួយយុវវ័យនៅក្នុងបរិវេណសាសនាចក្រ យ៉ាងហោចណាស់គួរមានមជ្ឈិមវ័យពីររូបដែលមានការទទួលខុសត្រូវ មានវត្តមាននៅទីនោះ ។ វាអាចចាំបាច់ ដែលកូរ៉ុមត្រូវជួបជាមួយគ្នាដើម្បីឲ្យការងារនេះអាចធ្វើទៅបាន ។
មជ្ឈិមវ័យទាំងអស់ដែលធ្វើការជាមួយយុវវ័យត្រូវតែបំពេញវគ្គបណ្តុះបណ្តាលការការពារកុមារ និងយុវវ័យក្នុងរយៈពេលមួយខែ ក្រោយពីត្រូវបានគាំទ្រចំពោះការហៅបម្រើ ( នៅលើគេហទំព័រ ProtectingChildren.ChurchofJesusChrist.org ) ។ បន្ទាប់ពីនោះមក ពួកគេចូលរៀនវគ្គបណ្តុះបណ្តាលនោះម្តងទៀតរៀងរាល់បីឆ្នាំម្ដង ។
សម្រាប់ព័ត៌មានស្ដីពីរបៀបដែលគោលការណ៍ណែនាំទាំងនេះអនុវត្តចំពោះដៃគូធ្វើការងារបម្រើ សូមមើល ២១.២.២ ។
១០.៨.២
យុវជនដែលមានពិការភាព
ថ្នាក់ដឹកនាំកូរ៉ុមផ្តល់ការយកចិត្តទុកដាក់ជាពិសេសចំពោះយុវជនដែលមានពិការភាព ។ សម្រាប់ព័ត៌មានអំពីការជួយដល់យុវជនទាំងនេះ សូមមើលគេហទំព័រ disabilities.ChurchofJesusChrist.org ។
១០.៨.៣
និមិត្តរូបសម្រាប់កុមារ និងយុវវ័យ
ក្រុមយុវជនទទួលបាននិមិត្តរូបជាផ្នែកមួយនៃកម្មវិធីកុមារ និងយុវវ័យ ។ នៅពេលយុវជនម្នាក់ក្លាយជាសមាជិកកូរ៉ុមបព្វជិតភាពអើរ៉ុនដំបូង នោះគាត់ទទួលបាននិមិត្តរូបនៃកម្មសិទ្ធិមួយមកពីថ្នាក់ដឹកនាំកូរ៉ុមរបស់គាត់ ។ គាត់ក៏ទទួលបានច្បាប់ចម្លងមួយច្បាប់នៃ ការអភិវឌ្ឍខ្លួន ៖ សៀវភៅណែនាំយុវវ័យ ផងដែរ ។ ការណ៍នេះអាចធ្វើទៅបាន នៅពេលថ្នាក់ដឹកនាំកូរ៉ុមជួបជាមួយគាត់ដើម្បីស្វាគមន៍គាត់ចូលក្នុងកូរ៉ុម ។ វាក៏អាចធ្វើឡើងនៅក្នុងការប្រជុំប្រចាំឆ្នាំសម្រាប់យុវវ័យ និងឪពុកម្ដាយរបស់ពួកគេផងដែរ ( សូមមើល ១០.២.១.៣ ) ។
នៅខែមករានៃឆ្នាំដែលយុវជនម្នាក់ឈានចូលអាយុ ១៨ ឆ្នាំ នោះគាត់ទទួលបាននិមិត្តរូបនៃកម្មសិទ្ធិមួយបន្ថែមទៀត ។
ក្រុមយុវជនអាចទទួលបាននិមិត្តរូបនៃសមិទ្ធិផលមួយតាមរយៈការព្យាយាមប្រែក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះ ។
ចំពោះព័ត៌មានបន្ថែមអំពីនិមិត្តរូប សូមមើលគេហទំព័រ ChildrenandYouth.ChurchofJesusChrist.org ។
១០.៨.៤
ការប្រមូលដង្វាយតមអាហារ
នៅក្នុងវួដដែលមានភូមិសាស្រ្តតូច នោះប៊ីស្សពអាចដឹកនាំអ្នកកាន់បព្វជិតភាពអើរ៉ុនឲ្យទៅសួរសុខទុក្ខសមាជិករាល់ខែ ហើយអញ្ជើញពួកគេឲ្យបរិច្ចាគដង្វាយតមអាហារ ។ ក្នុងការធ្វើការសម្រេចចិត្តនេះ ប៊ីស្សពពិចារណាលើចំនួនអ្នកកាន់បព្វជិតភាពអើរ៉ុនដែលមាន គិតដល់សុវត្ថិភាពរបស់ពួកគេ និងពរជ័យដល់សមាជិកដែលមិនអាចចូលរួមបរិច្ចាគបាន បើគ្មានអ្នកកាន់បព្វជិតភាពទាំងនេះទៅទេនោះ ។
អ្នកកាន់បព្វជិតភាពគួរទៅជាគូៗ នៅពេលប្រមូលដង្វាយតមអាហារ ។ អ្នកដែលប្រមូលដង្វាយតមអាហារ ត្រូវប្រគល់ដង្វាយនោះទៅឲ្យសមាជិកមួយរូបនៃគណៈប៊ីស្សពឲ្យបានឆាប់រហ័ស ។
សមាជិកមិនត្រូវផ្តល់ការបរិច្ចាគដទៃទៀតដូចជា ដង្វាយមួយភាគក្នុងដប់ ឬដង្វាយផ្សេងៗទៅកាន់អ្នកដែលទៅប្រមូលដង្វាយតមអាហារឡើយ ។