« ៩. សមាគមសង្គ្រោះ » ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( ឆ្នាំ ២០២០ ) ។
« ៩. សមាគមសង្គ្រោះ » ក្បួនខ្នាតទូទៅ ។
៩.
សមាគមសង្គ្រោះ
៩.១
គោលបំណង និងអង្គការ
សមាគមសង្គ្រោះជួយបុត្រាបុត្រីរបស់ព្រះឲ្យរៀបចំខ្លួនដើម្បីត្រឡប់ទៅទីវត្តមានរបស់ទ្រង់វិញ ។ ក្នុងនាមជាបុត្រីនៃព្រះមាតាបិតាសួគ៌ នោះសមាជិកនៃសមាគមសង្រ្គោះ « ពន្យល់បទគម្ពីរទាំងឡាយ » « ទូន្មានដល់សាសនាចក្រ » លើកទឹកចិត្ត និង « នៅជាប់នឹងសេចក្ដីសញ្ញាទាំងឡាយ ដែល [ ពួកគេ ] បានធ្វើ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ២៥:៧, ១៣ ) ។
៩.១.១
គោលបំណង
សមាគមសង្គ្រោះគឺជាអង្គការដែលបានបង្កើតឡើងដោយព្រះ សម្រាប់ស្រ្តីមជ្ឈិមវ័យទាំងអស់នៅក្នុងសាសនាចក្រ ។ ព្យាការីយ៉ូសែប ស្ម៊ីធបានបង្រៀនថា គោលបំណងនៃសមាគមសង្រ្គោះគឺដើម្បីសង្រ្គោះព្រលឹង និងជួយសម្រាលទុក្ខវេទនា ។ លោកបានថ្លែងថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទគឺពុំបានរៀបចំឡើងបានពេញលេញនោះទេ ទាល់តែបងប្អូនស្រីត្រូវបានរៀបចំឡើងសិន ។
សមាជិកនៃសមាគមសង្រ្គោះធ្វើការរួមគ្នាដើម្បីជួយសម្រេចកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ។ ពួកគាត់បម្រើមនុស្សដទៃ បំពេញទំនួលខុសត្រូវនៃសេចក្តីសញ្ញា ស្ថាបនាសាមគ្គីភាព និងរៀនរស់នៅតាមគោលលទ្ធិ ។
បាវចនារបស់សមាគមសង្រ្គោះគឺ « សេចក្តីស្រឡាញ់មិនដែលផុតឡើយ » ( កូរិនថូស ទី១ ១៣:៨ ) ។ បាវចនានេះឆ្លុះបញ្ចាំងនៅក្នុងត្រារបស់សមាគមសង្គ្រោះ ។
៩.១.២
សមាជិកភាពក្នុងសមាគមសង្គ្រោះ
សមាគមសង្គ្រោះគឺជាភាពបងប្អូនស្រីពេញមួយជីវិត ។ បងប្អូនស្រីដែលជាមជ្ឈិមវ័យចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅគឺជាសមាជិកក្នុងសមាគមសង្គ្រោះ ។ ពួកគេគឺជាសមាជិក ទោះជាពួកគេមិនអាចចូលរួមការប្រជុំសមាគមសង្គ្រោះក្ដី ។
យុវនារីម្នាក់អាចចាប់ផ្ដើមចូលរួមនឹងសមាគមសង្រ្គោះ ពេលនាងមានអាយុ ១៨ ឆ្នាំ ។ នាងប្រឹក្សាជាមួយនឹងឪពុកម្ដាយរបស់នាង ព្រមទាំងប៊ីស្សពអំពីការកំណត់ពេលវេលានេះ ។ លុះដល់អាយុ ១៩ ឆ្នាំ ឬពេលចាកចេញពីផ្ទះ ដូចជាការទៅរៀននៅសាកលវិទ្យាល័យ ឬបម្រើបេសកកម្ម នាងគួរតែចូលរួមនៅក្នុងសមាគមសង្គ្រោះ ។
ស្ត្រីដែលបានរៀបការរួចហើយ ដែលមានអាយុក្រោម ១៨ ឆ្នាំក៏ជាសមាជិកក្នុងសមាគមសង្គ្រោះផងដែរ ។
សម្រាប់ព័ត៌មានអំពីឪពុកម្តាយឥតបានរៀបការក្រោមអាយុ ១៨ ឆ្នាំ សូមមើល ៣៨.១.៥ ។
៩.១.៣
ការសម្របសម្រួលទៅតាមសេចក្តីត្រូវការក្នុងមូលដ្ឋាន
វួដខ្លះមានចំនួនស្ត្រីដែលជាមជ្ឈិមវ័យសកម្មដ៏ច្រើនក្រៃលែង ។ សម្រាប់វួដទាំងនេះ ប៊ីស្សព និងប្រធានស្តេកអាចអនុម័តឲ្យបង្កើតសមាគមសង្រ្គោះលើសពីមួយនៅក្នុងវួដមួយបាន ។ សមាគមសង្គ្រោះនីមួយៗមានគណៈប្រធានរៀងៗខ្លួន ។ ប្រសិនបើអាចធ្វើទៅបាន សមាគមសង្គ្រោះនីមួយៗគួរតែមានសមាជិកដែលមានអាយុ និងបទពិសោធន៍ខុសៗគ្នា ។
៩.២
ការចូលរួមនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង
ព្រះអញ្ជើញមនុស្សទាំងអស់ឲ្យមករកព្រះគ្រីស្ទ ហើយចូលរួមនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងតាមរយៈ ៖
-
ការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
ការមើលថែដល់អ្នកខ្វះខាត ។
-
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ ។
-
ការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្ប ។
ថ្នាក់ដឹកនាំសមាគមសង្គ្រោះដាក់ផែនការប្រជុំនៅថ្ងៃអាទិត្យ ធ្វើសកម្មភាព ផ្ដល់ការងារបម្រើ ធ្វើការបម្រើ និងធ្វើសហប្រតិបត្តិការដទៃទៀតដើម្បីជួយបងប្អូនស្រីឲ្យចូលរួមចំណែកនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ។ សមាជិកក្នុងសមាគមសង្គ្រោះ និងកូរ៉ុមអែលឌើរធ្វើការរួមសាមគ្គីគ្នាដើម្បីសម្រេចឲ្យបានកិច្ចការនេះ ។
សម្រាប់ព័ត៌មានបន្ថែមអំពីកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង សូមមើល ជំពូកទី ១ ។
៩.២.១
ការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ
ថ្នាក់ដឹកនាំសមាគមសង្គ្រោះជួយសមាជិកឲ្យរស់នៅតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ ពួកគាត់សង្កត់ធ្ងន់លើការអនុវត្តសេចក្តីជំនឿ ការប្រែចិត្ត ការបង្កើនភាពខ្លួនទីពឹងខ្លួន និងការចុះសេចក្តីសញ្ញាជាមួយព្រះតាមរយៈការទទួលពិធីបរិសុទ្ធទាំងឡាយ ។ ពិធីបរិសុទ្ធទាំងនោះរួមមានទាំងអំណោយទានពិសិដ្ឋនៃព្រះវិហារបរិសុទ្ធ ។ សូមមើល ១.២.១ ។
៩.២.១.១
ការរៀនសូត្រដំណឹងល្អនៅឯគេហដ្ឋាន
នៅពេលសមាជិករៀនសូត្រ ហើយរស់នៅតាមដំណឹងល្អនៅឯគេហដ្ឋាន នោះការប្រែចិត្តជឿរបស់ពួកគេលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងកាន់តែស៊ីជម្រៅ ។ ថ្នាក់ដឹកនាំសមាគមសង្គ្រោះលើកទឹកចិត្តបងប្អូនស្រីឲ្យសិក្សាព្រះគម្ពីរ និងប្រសាសន៍របស់ព្យាការីដែលនៅរស់រៀងៗខ្លួន និងជាមួយក្រុមគ្រួសាររបស់ពួកគេ ។ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ និងធនធានដទៃទៀតអាចជួយបំពេញដល់ការសិក្សារបស់ពួកគេបាន ។
រាត្រីជួបជុំក្រុមគ្រួសារគឺជាវិធីដ៏សំខាន់មួយដើម្បីរៀនដំណឹងល្អនៅឯគេហដ្ឋាន ។ ជាទូទៅ រាត្រីជួបជុំក្រុមគ្រួសារនេះធ្វើឡើងប្រចាំសប្តាហ៍នៅថ្ងៃអាទិត្យ ល្ងាចថ្ងៃចន្ទ ឬនៅពេលផ្សេងទៀត ។ ពួកគេអាចបន្ថែមការអធិស្ឋាន ការសិក្សាដំណឹងល្អ ការថ្លែងទីបន្ទាល់ ការច្រៀងចម្រៀង និងសកម្មភាពសប្បាយៗបាន ។
៩.២.១.២
ការរៀនសូត្រដំណឹងល្អនៅក្នុងការប្រជុំសមាគមសង្គ្រោះ
សមាគមសង្គ្រោះជួបគ្នានៅថ្ងៃអាទិត្យក្នុងគោលបំណងដូចខាងក្រោម ៖
-
ពង្រឹងសេចក្តីជំនឿ ។
-
បង្កើតសាមគ្គីភាព ។
-
ពង្រឹងក្រុមគ្រួសារ និងគេហដ្ឋាន ។
-
ដាក់ផែនការដើម្បីជួយសម្រេចកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ។
ការប្រជុំត្រូវធ្វើឡើងនៅអាទិត្យទីពីរ និងអាទិត្យទីបួននៃខែ ។ វាមានរយៈពេល ៥០ នាទី ។ គណៈប្រធានសមាគមសង្គ្រោះដាក់ផែនការសម្រាប់ការប្រជុំទាំងនេះ ។ សមាជិកមួយរូបនៃគណៈប្រធានដឹកនាំកម្មវិធី ។
ការប្រជុំនេះចាប់ផ្តើមដោយមានសមាជិកមួយរូបក្នុងគណៈប្រធានដឹកនាំរាល់ធុរកិច្ច ។ ឧទាហរណ៍ បងប្អូនស្រីអាចពិគ្រោះគ្នាអំពីទិដ្ឋភាពនានាដើម្បីសម្រេចឲ្យបាននូវកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ។ បន្ទាប់មក សូមផ្តល់ពេលវេលាគ្រប់គ្រាន់ដើម្បីឲ្យការបង្រៀន និងការពិភាក្សាដំណឹងល្អប្រកបដោយអត្ថន័យ ។
ការប្រជុំសមាគមសង្គ្រោះផ្តោតទៅលើប្រធានបទក្នុងសុន្ទរកថាមួយ ឬច្រើនពីសន្និសីទទូទៅនាពេលថ្មីៗនេះ ។ គណៈប្រធានសមាគមសង្គ្រោះជ្រើសរើសសារលិខិតប្រកបដោយការអធិស្ឋាន ដើម្បីពិភាក្សាដោយផ្អែកទៅលើតម្រូវការរបស់បងប្អូនស្រី ។ អាចច្រៀងទំនុកតម្កើងដើម្បីឲ្យមេរៀនកាន់តែជក់ចិត្តបាន ។ ការប្រជុំគួរតែបញ្ចប់ដោយការអធិស្ឋានមួយ ។
សម្រាប់ព័ត៌មានបន្ថែម សូមមើលគេហទំព័រ ComeFollowMe.ChurchofJesusChrist.org ។
៩.២.១.៣
សកម្មភាព
គណៈប្រធានសមាគមសង្គ្រោះអាចដាក់ផែនការធ្វើសកម្មភាពនានា ។ សកម្មភាពទាំងនេះពង្រឹងពួកបងប្អូនស្រី និងផ្តល់ឱកាសឲ្យពួកគេបម្រើជាមួយគ្នា ។ សកម្មភាពភាគច្រើនធ្វើឡើងក្រៅពីថ្ងៃអាទិត្យ ឬល្ងាចថ្ងៃចន្ទ ។
ប្រធានសមាគមសង្រ្គោះមើលការខុសត្រូវលើសកម្មភាពទាំងនេះ ។ គាត់អាចសុំឲ្យទីប្រឹក្សា ឬបងប្អូនស្រីម្នាក់ទៀតដឹកនាំនៅក្នុងការដាក់ផែនការ និងការអនុវត្តផែនការទាំងនេះបាន ( សូមមើល ៩.៣.៤ ) ។ គណៈប្រធានពិភាក្សាពីសកម្មភាពនានាជាមួយប៊ីស្សព ដែលជាផ្នែកមួយនៃការដាក់ផែនការរបស់ពួកគេ ។
៩.២.២
ការមើលថែដល់អ្នកខ្វះខាត
ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ បងប្អូនស្រីមានទំនួលខុសត្រូវដើម្បីឈោងទៅជួយអ្នកខ្វះខាតដោយសេចក្តីស្រឡាញ់ ។ ជាបុគ្គល និងជាសមាគមសង្គ្រោះ ពួកគាត់ស្វែងរកវិធីនានាដើម្បីបម្រើអ្នកដទៃនៅក្នុងវួដ និងសហគមន៍ ។ នៅកន្លែងដែលមាន JustServe.org ផ្ដល់យោបល់ជាឱកាសបម្រើនៅក្នុងសហគមន៍ ។
សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែលសមាជិកក្នុងសមាគមសង្គ្រោះ និងកូរ៉ុមអែលឌើរមើលថែដល់អ្នកខ្វះខាត សូមមើល ២២.៦.២ ។
៩.២.២.១
ការងារបម្រើ
ការងារបម្រើគឺជាការថែទាំដល់មនុស្សដទៃដូចដែលព្រះអង្គសង្រ្គោះបានធ្វើដែរ ។ បងប្អូនស្រីទទួលការចាត់តាំងនៃការងារបម្រើមកពីគណៈប្រធានសមាគមសង្រ្គោះ ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល ជំពូកទី ២១ ។
៩.២.២.២
តម្រូវការរយៈពេលខ្លី
បងប្អូនស្រីដែលផ្តល់ការងារបម្រើព្យាយាមយល់ និងឆ្លើយតបទៅតាមតម្រូវការរបស់អស់អ្នកដែលពួកគាត់បម្រើ ។ សមាជិកមួយចំនួនអាចត្រូវការជំនួយសម្រាប់រយៈពេលខ្លី នៅគ្រាដែលមានជំងឺ ការសម្រាលកូន មរណភាព ការបាត់បង់ការងារ និងកាលៈទេសៈផ្សេងទៀត ។
នៅពេលចាំបាច់ បងប្អូនស្រីផ្តល់ការងារបម្រើស្នើសុំជំនួយពីគណៈប្រធានសមាគមសង្គ្រោះ ។ គណៈប្រធាននេះអាចផ្ដល់អនុសាសន៍ឲ្យហៅអ្នកសម្របសម្រួលការបម្រើម្នាក់ដើម្បីរៀបចំកិច្ចការនេះ ( សូមមើល ៩.៣.៤ ) ។
សមាគមសង្គ្រោះ និងកូរ៉ុមអែលឌើរសម្របសម្រួលកិច្ចខិតខំដើម្បីដោះស្រាយសេចក្ដីត្រូវការរយៈពេលខ្លី ( សូមមើល ២២.៣.២ ) ។ ប៊ីស្សពអាចផ្ដល់ជំនួយតមអាហារ បើចាំបាច់ ។
នៅទីតាំងមួយចំនួន ប៊ីស្សពមានជម្រើសដើម្បីផ្ដល់ដល់សមាជិកដែលខ្វះខាត ជាការបញ្ជាទិញម្ហូបអាហារ និងសម្ភារដែលចាំបាច់ផ្សេងទៀតពីប៊ីស្សព ។ ជាធម្មតា ប៊ីស្សពចាត់ឲ្យប្រធានសមាគមសង្រ្គោះទៅជួបនឹងសមាជិកទាំងនោះ ហើយបំពេញបែបបទការបញ្ជាទិញ ។ ទោះជាយ៉ាងណា គាត់ក៏អាចចាត់ប្រធានកូរ៉ុមអែលឌើរផងដែរ ។ ទីប្រឹក្សាម្នាក់នៅក្នុងគណៈប្រធានសមាគមសង្គ្រោះ ឬកូរ៉ុមអែលឌើរអាចត្រូវបានចាត់តាំង ប្រសិនបើប្រធានជាប់រវល់ ។ ថ្នាក់ដឹកនាំដែលបានចាត់តាំងនោះ ស្នើបែបបទដែលបានបំពេញរួចទៅប៊ីស្សពដើម្បីសុំការអនុម័ត ។
សម្រាប់ព័ត៌មានបន្ថែម សូមមើល ២២.៦.២ និង « ធនធានសុខុមាលភាព » នៅក្នុងធនធានសម្រាប់ថ្នាក់ដឹកនាំ និងស្មៀន ។
៩.២.២.៣
សេចក្ដីត្រូវការរយៈពេលវែង និងភាពខ្លួនទីពឹងខ្លួន
ដោយបានសម្របសម្រួលដោយប៊ីស្សព គណៈប្រធានសមាគមសង្គ្រោះ និងគណៈប្រធានកូរ៉ុមអែលឌើរជួយសមាជិកជាមួយនឹងសេចក្ដីត្រូវការរយៈពេលវែង និងភាពខ្លួនទីពឹងខ្លួន ។ ពួកគេបង្រៀនគោលការណ៍នៃភាពខ្លួនទីពឹងខ្លួនខាងសាច់ឈាម និងខាងវិញ្ញាណ ។ សូមមើល ជំពូកទី ២២ និង « ភាពខ្លួនទីពឹងខ្លួន » នៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ។
ប្រសិនបើបុគ្គលម្នាក់ ឬគ្រួសារមួយត្រូវការជំនួយ នោះប្រធានសមាគមសង្គ្រោះ និងប្រធានកូរ៉ុមអែលឌើរប្រឹក្សាជាមួយគ្នាអំពីរបៀបដើម្បីជួយ ដោយមានការសម្របសម្រួលដោយប៊ីស្សព ( សូមមើល ២២.៤ ) ។
ប្រធានសមាគមសង្រ្គោះ ប្រធានកូរ៉ុមអែលឌើរ ឬថ្នាក់ដឹកនាំម្នាក់ទៀតជួយបុគ្គល ឬគ្រួសារនោះឲ្យបង្កើត ផែនការភាពខ្លួនទីពឹងខ្លួន ។ បងប្អូនស្រី និងបងប្អូនប្រុសដែលផ្ដល់ការងារបម្រើក៏អាចជួយក្នុងផែនការនេះផងដែរ ។ ជារឿយៗ សមាជិកផ្សេងទៀតក្នុងសមាគមសង្គ្រោះ និងកូរ៉ុមអែលឌើរមាននូវជំនាញ និងបទពិសោធន៍នានាដែលអាចជួយបាន ។ មនុស្សទាំងអស់ដែលជួយ ត្រូវរក្សាព័ត៌មានជាការសម្ងាត់ ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល ២២.៣.៣ និង ២២.៨ ។
៩.២.២.៤
ពេលសមាជិកវួដម្នាក់ទទួលមរណភាព
នៅពេលសមាជិកវួដម្នាក់ទទួលមរណភាព នោះគណៈប្រធានសមាគមសង្គ្រោះ និងកូរ៉ុមអែលឌើរផ្ដល់ការលួងលោមចិត្ត និងជំនួយ ។ នៅក្រោមការដឹកនាំរបស់ប៊ីស្សព ពួកគេអាចជួយក្នុងពិធីបុណ្យសពបាន ។
ប្រសិនបើអាចធ្វើទៅបាន សមាជិកដែលទទួលមរណភាពដែលបានទទួលអំណោយទានពិសិដ្ឋ ត្រូវបញ្ចុះដោយស្លៀកសម្លៀកបំពាក់ព្រះវិហារបរិសុទ្ធ ។ សពរបស់ស្ដ្រីអាចត្រូវបានស្លៀកពាក់ឲ្យដោយស្វាមីរបស់គាត់ ឬដោយសមាជិកគ្រួសារភេទស្រីម្នាក់ ដែលបានទទួលអំណោយទានពិសិដ្ឋ ។ ប្រសិនបើមិនមានសមាជិកគ្រួសារណាអាចធ្វើបាន ឬមិនចង់ស្លៀកពាក់ឲ្យសាកសពនៃស្ត្រីនោះទេ នោះប៊ីស្សពអាចសូមប្រធានសមាគមសង្គ្រោះឲ្យអញ្ជើញស្ត្រីដែលបានទទួលអំណោយទានពិសិដ្ឋរួចហើយ ឲ្យស្លៀកពាក់ឲ្យសាកសពនោះ ឬមើលការខុសត្រូវលើការស្លៀកពាក់ឲ្យត្រឹមត្រូវ ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល ៣៨.៥.៨ ។
គណៈប្រធានសមាគមសង្គ្រោះ និងកូរ៉ុមអែលឌើរ បងប្អូនប្រុស និងបងប្អូនស្រីដែលផ្ដល់ការងារបម្រើ និងមនុស្សផ្សេងទៀតបន្តផ្ដល់ការលួងលោមចិត្ត និងជំនួយ បន្ទាប់ពីពិធីបុណ្យសពនោះ ។
៩.២.៣
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ
សមាជិកក្នុងសមាគមសង្គ្រោះមានការទទួលខុសត្រូវ ដើម្បីអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកពរជ័យនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល ម៉ូសាយ ១៨:៩ ) ។ ពួកគេធ្វើកិច្ចការនេះ តាមរយៈការចែកចាយដំណឹងល្អ ការពង្រឹងសមាជិកថ្មី ហើយការឈោងទៅជួយសមាជិកដែលមិនសូវសកម្ម ។
នៅក្នុងការប្រជុំគណៈប្រធាន និងសមាគមសង្គ្រោះ គណៈប្រធានសមាគមសង្គ្រោះពិភាក្សាពីរបៀបដែលបងប្អូនស្រីអាចអញ្ជើញមនុស្សទាំងអស់ឲ្យទទួលពរជ័យនៃដំណឹងល្អ ។
ប្រធានសមាគមសង្រ្គោះចាត់សមាជិកម្នាក់ក្នុងគណៈប្រធានរបស់ខ្លួន ឲ្យជួយដឹកនាំកិច្ចការផ្សព្វផ្សាយសាសនានៅក្នុងវួដ ។ គាត់ធ្វើការជាមួយនឹងសមាជិកដែលបានចាត់មកពីគណៈប្រធានកូរ៉ុមអែលឌើរ ដើម្បីសម្របសម្រួលដល់កិច្ចខិតខំទាំងនេះ ( សូមមើល ២៣.៥.១ ) ។
សមាជិកដែលបានចាត់មកពីគណៈប្រធានសមាគមសង្គ្រោះ ចូលរួមនៅក្នុងការប្រជុំសម្របសម្រួល ដើម្បីសម្របសម្រួលដល់ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលបានពរជ័យនៃដំណឹងល្អ ។ អ្នកដឹកនាំបេសកកម្មវួដ ដែលអាចជាសមាជិកម្នាក់នៃគណៈប្រធានកូរ៉ុមអែលឌើរ ដឹកនាំការប្រជុំសម្របសម្រួលប្រចាំសប្ដាហ៍ ។ គោលបំណងនៃការប្រជុំទាំងនេះគឺ ដើម្បីសម្របសម្រួលការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកពរជ័យនៃដំណឹងល្អ ។ ពួកគេក៏អញ្ជើញអ្នកផ្សព្វផ្សាយសាសនាវួដ ជំនួយការនៅក្នុងកូរ៉ុមសង្ឃ សមាជិកម្នាក់មកពីគណៈប្រធានថ្នាក់យុវនារីដែលមានអាយុច្រើនជាងគេ និងអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងឲ្យមកចូលរួមផងដែរ ។
៩.២.៤
ការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្ប
សមាជិកនៃគណៈប្រធានសមាគមសង្គ្រោះជួយដល់សមាជិកនៅក្នុងការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្ប ។ ការណ៍នេះរួមមាន ៖
-
ការចុះសេចក្ដីសញ្ញាជាមួយនឹងព្រះ តាមរយៈការទទួលពិធីបរិសុទ្ធនានា រួមបញ្ចូលទាំងអំណោយទានពិសិដ្ឋនៃព្រះវិហារបរិសុទ្ធផងដែរ ។
-
ការធ្វើកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ( សូមមើល ១.២.៤ ) ។
នៅក្នុងការប្រជុំគណៈប្រធាន និងការប្រជុំសមាគមសង្គ្រោះ គណៈប្រធានសមាគមសង្គ្រោះពិភាក្សាពីរបៀបដែលបងប្អូនស្រីអាចចូលរួមនៅក្នុងកិច្ចខិតខំទាំងនេះបាន ។
គណៈប្រធានលើកទឹកចិត្តបងប្អូនស្រីឲ្យរៀនអំពីពង្សប្រវត្តិរបស់ពួកគេ ព្រមទាំងអំពីសេចក្ដីសញ្ញា និងពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ។ ពួកគាត់ក៏លើកទឹកចិត្តដល់បងប្អូនស្រីឲ្យចូលរួមក្នុងព្រះវិហារបរិសុទ្ធឲ្យបានទៀងទាត់ផងដែរ បើអាចធ្វើទៅបាន ។
ប្រធានសមាគមសង្រ្គោះចាត់សមាជិកម្នាក់ក្នុងគណៈប្រធានរបស់ខ្លួនឲ្យជួយដឹកនាំកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិនៅក្នុងវួដ ។ គាត់ធ្វើការជាមួយនឹងសមាជិកដែលបានចាត់មកពីគណៈប្រធានកូរ៉ុមអែលឌើរ ដើម្បីសម្របសម្រួលដល់កិច្ចខិតខំទាំងនេះ ( សូមមើល ២៥.២.២ ) ។
សមាជិកដែលបានចាត់មកពីគណៈប្រធានសមាគមសង្គ្រោះ ចូលរួមនៅក្នុងការប្រជុំសម្របសម្រួល ដើម្បីសម្របសម្រួលកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។ ការប្រជុំទាំងនេះធ្វើឡើងជាទៀងទាត់ ។ អ្នកដឹកនាំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដ ដែលអាចជាសមាជិកម្នាក់ក្នុងគណៈប្រធានកូរ៉ុមអែលឌើរ ដឹកនាំការប្រជុំសម្របសម្រួលកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ( សូមមើល ២៥.២.៧ ) ។ ការប្រជុំនេះក៏រួមមានសមាសភាពមកពីជំនួយការនៅក្នុងកូរ៉ុមសង្ឃ សមាជិកម្នាក់មកពីគណៈប្រធានថ្នាក់យុវនារីដែលមានអាយុច្រើនជាងគេ និងអ្នកប្រឹក្សាផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិផងដែរ ។
៩.៣
ថ្នាក់ដឹកនាំសមាគមសង្រ្គោះ
៩.៣.១
ប៊ីស្សព
ជាទូទៅ ប៊ីស្សពជួបជាមួយប្រធានសមាគមសង្រ្គោះជារៀងរាល់ខែ ។ ពួកគាត់ពិភាក្សាពីកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង បូករួមទាំងការបម្រើរបស់បងប្អូនស្រីដែលផ្តល់ការងារបម្រើផងដែរ ។ ពួកគាត់ក៏ពិភាក្សាគ្នាពី ( ១ ) ការរីកចម្រើន និងតម្រូវការរបស់បងប្អូនស្រីក្នុងវួដ និង ( ២ ) ការប្រជុំសមាគមសង្រ្គោះ ការបង្រៀន និងសកម្មភាពនានា ។
៩.៣.២
គណៈប្រធានសមាគមសង្គ្រោះ
៩.៣.២.១
ការហៅគណៈប្រធានសមាគមសង្គ្រោះ
ប៊ីស្សពហៅស្រ្តីម្នាក់ដើម្បីបម្រើជាប្រធានសមាគមសង្រ្គោះវួដ ។ ប្រសិនបើអង្គភាពធំល្មមគ្រប់គ្រាន់ នោះគាត់ផ្តល់អនុសាសន៍ជូនប៊ីស្សពឲ្យហៅស្រ្តីម្នាក់ ឬពីរនាក់ធ្វើជាទីប្រឹក្សារបស់គាត់ ។ គណៈប៊ីស្សពពិចារណាពីការផ្ដល់អនុសាសន៍របស់គាត់ ហើយធ្វើការហៅនោះ ។
សមាជិកម្នាក់ក្នុងគណៈប៊ីស្សពណែនាំបង្ហាញខ្លួនសមាជិកគណៈប្រធាននៅក្នុងការប្រជុំសាក្រាម៉ង់ដើម្បីទទួលការលើកដៃគាំទ្រ ។ ប៊ីស្សពធ្វើពិធីញែកចេញឲ្យប្រធានសមាគមសង្រ្គោះ ។ សមាជិកមួយរូបនៃគណៈប៊ីស្សពធ្វើពិធីញែកចេញឲ្យទីប្រឹក្សារបស់គាត់ ។
ប៊ីស្សព ឬទីប្រឹក្សាម្នាក់របស់គាត់ណែនាំបង្ហាញខ្លួនបងប្អូនស្រី ដែលត្រូវបានហៅសម្រាប់ការហៅផ្សេងទៀតក្នុងសមាគមសង្រ្គោះ ដើម្បីទទួលការលើកដៃគាំទ្រនៅក្នុងការប្រជុំសមាគមសង្រ្គោះ ។ សូមមើល ៩.៣.៣ និង ៩.៣.៤ ។
អង្គភាពតូចខ្លះអាចពុំមានប្រធានក្រុមយុវនារី ឬអង្គការបឋមសិក្សាទេ ។ នៅក្នុងអង្គភាពទាំងនេះ ប្រធានសមាគមសង្រ្គោះអាចជួយឪពុកម្តាយឲ្យដាក់ផែនការបង្រៀនសម្រាប់យុវវ័យ និងកុមារបាន ។
៩.៣.២.២
ការទទួលខុសត្រូវ
ប្រធានសមាគមសង្រ្គោះមានកាទទួលខុសត្រូវដូចខាងក្រោម ។ ទីប្រឹក្សារបស់គាត់ជួយដល់គាត់ ។
-
បម្រើនៅក្នុងក្រុមប្រឹក្សាវួដ ។ គាត់បម្រើជា ( ១ ) សមាជិកមួយរូបនៃក្រុមប្រឹក្សាដែលជួយបំពេញតាមសេចក្ដីត្រូវការនៅក្នុងវួដ ហើយស្វែងរកដំណោះស្រាយនានា និង ( ២ ) ជាអ្នកតំណាងឲ្យសមាគមសង្រ្គោះ ( សូមមើល ៧.៦.១ ) ។
-
ដឹកនាំឲ្យសមាគមសង្រ្គោះខិតខំចូលរួមនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ( សូមមើល ជំពូកទី ១ ) ។
-
រៀបចំ និងមើលការខុសត្រូវលើបងប្អូនស្រីដែលផ្តល់ការងារបម្រើ ។ សម្របសម្រួលការចាត់តាំងនៃការផ្តល់ការងារបម្រើជាមួយគណៈប្រធានកូរ៉ុមអែលឌើរ ដោយប្រជុំយ៉ាងតិចណាស់រៀងរាល់ត្រីមាស ។ ស្វែងរកការអនុម័តពីប៊ីស្សពសម្រាប់ការចាត់តាំងនៃការផ្តល់ការងារបម្រើ ។ ធ្វើការសម្ភាសស្ដីពីការងារបម្រើយ៉ាងតិចណាស់រៀងរាល់ត្រីមាស ។ សូមមើល ជំពូកទី ២១ ។
-
នៅក្រោមការដឹកនាំរបស់ប៊ីស្សព សូមប្រឹក្សាជាមួយនឹងសមាជិកមជ្ឈិមវ័យនៅក្នុងវួដ ។ មានតែប៊ីស្សពប៉ុណ្ណោះដែលអាចប្រឹក្សាជាមួយសមាជិកវួដអំពីបញ្ហានៃភាពស័ក្ដិសម ការរំលោភបំពាន និងការអនុម័តឲ្យប្រើប្រាស់មូលនិធិដង្វាយតមអាហារបាន ។ សូមមើល ធនធានការប្រឹក្សា ។
3:16 -
ជាមួយគណៈប្រធានកូរ៉ុមអែលឌើរ គាត់ជួយដឹកនាំកិច្ចខិតខំនៅក្នុងវួដ ដើម្បីអញ្ជើញមនុស្សទាំងអស់ឲ្យទទួលពរជ័យទាំងឡាយនៃដំណឹងល្អ ( សូមមើល ៨.២.៣ និង ៩.២.៣ ) ។
-
ជាមួយគណៈប្រធានកូរ៉ុមអែលឌើរ គាត់ជួយដឹកនាំកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិនៅក្នុងវួដ ( សូមមើល ៨.២.៤ និង ៩.២.៤ ) ។
-
សម្របសម្រួលកិច្ចខិតខំរបស់សមាគមសង្រ្គោះដើម្បីពង្រឹងបងប្អូនស្រីមជ្ឈិមវ័យនៅក្នុងវួដ ទាំងនៅលីវ និងរៀបការហើយ ( សូមមើល ១៤.៣.៣.២ ) ។
-
ជួបជាមួយសមាជិកសមាគមសង្រ្គោះម្នាក់ៗដោយផ្ទាល់ យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ។ ពិភាក្សាពីសុខុមាលភាពរបស់បងប្អូនស្រី និងគ្រួសាររបស់គាត់ ។
-
បង្រៀនបងប្អូនស្រីពីទំនួលខុសត្រូវនៃសេចក្តីសញ្ញារបស់ពួកគេ ។
-
មើលការខុសត្រូវ និងជួយកែលម្អការបង្រៀននៅក្នុងសមាគមសង្រ្គោះនេះ ( សូមមើល ជំពូកទី ១៧ ) ។
-
ដាក់ផែនការ និងដឹកនាំការប្រជុំសមាគមសង្រ្គោះ ។
-
មើលការខុសត្រូវលើសកម្មភាពសមាគមសង្រ្គោះ ( សូមមើល ៩.២.១.៣ ) ។
-
ជួយយុវនារីឲ្យរៀបចំខ្លួនដើម្បីចូលរួមនៅក្នុងសមាគមសង្រ្គោះ ( សូមមើល ៩.៤ ) ។
-
មើលការខុសត្រូវលើកំណត់ត្រា របាយការណ៍ និងហិរញ្ញវត្ថុរបស់សមាគមសង្រ្គោះ ( សូមមើលគេហទំព័រ LCR.ChurchofJesusChrist.org ) ។ លេខាធិការអាចជួយបាន ( សូមមើល ៩.៣.៣ ) ។
គណៈប្រធានសមាគមសង្រ្គោះស្តេកបង្រៀនគណៈប្រធានសមាគមសង្រ្គោះវួដអំពីទំនួលខុសត្រូវទាំងនេះ ។ ពួកគាត់អាចធ្វើកិច្ចការនេះអំឡុងពេលការប្រជុំភាពជាអ្នកដឹកនាំស្តេក និងតាមរយៈការចុះទៅមើលការប្រជុំគណៈប្រធានសមាគមសង្រ្គោះវួដ ( សូមមើល ២៩.៣.៤ ) ។
តាមរយៈការបម្រើរបស់គាត់ នោះប្រធានសមាគមសង្រ្គោះគាំទ្រដល់ប៊ីស្សពនៅក្នុងការផ្តោតយកចិត្តទុកដាក់ទៅលើយុវវ័យ និងលើការទទួលខុសត្រូវដ៏ពិសេសរបស់ប៊ីស្សព ។
៩.៣.២.៣
ការប្រជុំគណៈប្រធាន
គណៈប្រធានសមាគមសង្រ្គោះ និងលេខាធិការជួបគ្នាជាទៀងទាត់ ។ ប្រធានជាអ្នកដឹកនាំការប្រជុំទាំងនេះ ។ របៀបវារៈអាចរួមមាននូវចំណុចដូចខាងក្រោម ៖
-
ដាក់ផែនការដើម្បីពង្រឹងបងប្អូនស្រី និងក្រុមគ្រួសាររបស់ពួកគេ ។
-
ដាក់ផែនការពីរបៀបដើម្បីជួយសម្រេចឲ្យបានកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ។
-
សម្របសម្រួលកិច្ចការអ្នកផ្សព្វផ្សាយសាសនា និងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។
-
ឆ្លើយតបនឹងការប្រឹក្សា និងការចាត់តាំងមកពីប៊ីស្សព ។
-
ឆ្លើយតបនឹងការចាត់តាំងមកពីការប្រជុំក្រុមប្រឹក្សាវួដ ។
-
ធ្វើការពិចារណាពីការចាត់តាំងការងារបម្រើប្រកបដោយការអធិស្ឋាន ។
-
ពិនិត្យមើលព័ត៌មានពីការសម្ភាសការងារបម្រើឡើងវិញ ។ ដាក់ផែនការដើម្បីស្វែងយល់ពីកម្លាំង និងបំពេញតាមតម្រូវការ ។ ( សូមមើល ជំពូកទី ២១ ) ។
-
ពិចារណារកបងប្អូនស្រីដើម្បីបម្រើនៅក្នុងការហៅ និងការចាត់តាំងនានា ។
-
រៀបផែនការប្រជុំសមាគមសង្រ្គោះ និងសកម្មភាពនានា ។
៩.៣.៣
លេខាធិការ
គណៈប្រធានសមាគមសង្រ្គោះអាចផ្តល់អនុសាសន៍ឲ្យស្រ្តីម្នាក់បម្រើជាលេខាធិការរបស់សមាគមសង្រ្គោះបាន ។ សមាជិកនៃគណៈប៊ីស្សពហៅស្រ្តីរូបនោះ ណែនាំបង្ហាញខ្លួនគាត់ដើម្បីទទួលការលើកដៃគាំទ្រនៅក្នុងការប្រជុំសមាគមសង្រ្គោះ ហើយធ្វើពិធីញែកចេញឲ្យគាត់ ។
ការទទួលខុសត្រូវរបស់លេខាធិការអាចរួមមានដូចខាងក្រោម ៖
-
រៀបចំរបៀបវារៈសម្រាប់ការប្រជុំគណៈប្រធាន និងការប្រជុំសមាគមសង្រ្គោះ ។
-
កត់ត្រានៅក្នុងការប្រជុំ និងតាមដានការចាត់តាំងនានា ។
-
រៀបចំកាលវិភាគសម្ភាសការងារបម្រើ ( សូមមើល ២១.៣ ) ។
-
រៀបចំ និងដាក់ស្នើរបាយការណ៍វត្តមាន និងចំនួនសម្ភាសន៍ការងារបម្រើដែលបានធ្វើឡើងប្រចាំត្រីមាស ។
-
ជួយរៀបចំគម្រោងថវិកាប្រចាំឆ្នាំ និងតាមដានចំណាយនានា ( សូមមើល ៣៤.៧ ) ។
៩.៣.៤
ការហៅបន្ថែម
ការហៅបន្ថែមខាងក្រោមអាចមានអត្ថប្រយោជន៍ ។ ប៊ីស្សព និងប្រធានសមាគមសង្រ្គោះពិភាក្សាគ្នាថាត្រូវការការហៅទាំងនេះដែរឬទេ ។
-
គ្រូបង្រៀនសមាគមសង្រ្គោះបង្រៀននៅក្នុងការប្រជុំនៅថ្ងៃអាទិត្យ ។
-
អ្នកសម្របសម្រួលការបម្រើដើម្បីជួយដាក់ផែនការ និងធ្វើការបម្រើដល់អ្នកខ្វះខាត ( សូមមើល ៩.២.២.២ ) ។ ជំនួយការ និងសមាជិកគណៈកម្មការក៏អាចហៅបានដែរ ។
-
អ្នកសម្របសម្រួលសកម្មភាពដើម្បីជួយដាក់ផែនការ និងធ្វើសកម្មភាពរបស់សមាគមសង្រ្គោះ ( សូមមើល ៩.២.១.៣ ) ។ ជំនួយការ និងសមាជិកគណៈកម្មការក៏អាចហៅបានដែរ ។
-
ជំនួយការលេខាធិការដើម្បីជួយដល់លេខាធិការសមាគមសង្រ្គោះ ។
-
លេខាធិការនៃការផ្តល់ការងារបម្រើត្រូវរៀបចំសម្ភាសការផ្តល់ការងារបម្រើ ហើយជួយរៀបចំរបាយការណ៍ប្រចាំត្រីមាស ។
ប្រសិនបើការហៅទាំងនេះ ឬការហៅផ្សេងទៀតគឺចាំបាច់ នោះគណៈប្រធានសមាគមសង្រ្គោះផ្តល់អនុសាសន៍ឲ្យបងប្អូនស្រីដើម្បីបម្រើ ។ ពួកគាត់ផ្ដល់អនុសាសន៍ទាំងនេះជូនទៅកាន់គណៈប៊ីស្សព ។ ប្រសិនបើគណៈប៊ីស្សពអនុម័ត នោះសមាជិកមួយរូបនៃគណៈប៊ីស្សពហៅពួកគេ ។ គាត់ណែនាំបង្ហាញខ្លួនពួកគេដើម្បីទទួលការលើកដៃគាំទ្រនៅក្នុងការប្រជុំសមាគមសង្រ្គោះ និងធ្វើពិធីញែកចេញឲ្យពួកគេ ។
ប្រសិនបើចាំបាច់ គណៈប្រធានសមាគមសង្គ្រោះអាចចាត់តាំងបងប្អូនស្រីឲ្យជួយដល់កិច្ចខិតខំរបស់សមាគមសង្រ្គោះតាមរបៀបផ្សេងៗ ។ បងប្អូនស្រីដែលមានការចាត់តាំងរយៈពេលខ្លីពុំចាំបាច់ត្រូវបានហៅ និងធ្វើពិធីញែកចេញនោះទេ ។
៩.៤
ការជួយយុវនារីឲ្យរៀបចំខ្លួនចូលរួមក្នុងសមាគមសង្គ្រោះ
គណៈប្រធានសមាគមសង្រ្គោះធ្វើការជាមួយយុវនារី ឪពុកម្តាយរបស់ពួកគេ និងថ្នាក់ដឹកនាំក្រុមយុវនារីដើម្បីជួយរៀបចំក្រុមយុវនារីឲ្យចូលរួមនៅក្នុងសមាគមសង្រ្គោះ ។
ថ្នាក់ដឹកនាំទាំងឡាយក៏ផ្ដល់ឱកាសជាបន្តបន្ទាប់ឲ្យក្រុមយុវនារី និងបងប្អូនស្រីនៃសមាគមសង្គ្រោះស្គាល់គ្នា ហើយបង្កើតចំណងមិត្តភាពផងដែរ ។ ការបម្រើជាមួយគ្នាក្នុងនាមជាបងប្អូនស្រីផ្តល់ការងារបម្រើគឺជារបៀបដ៏មានតម្លៃមួយដើម្បីភ្ជាប់ទំនាក់ទំនង ។
ថ្នាក់ដឹកនាំទាំងឡាយជួយយុវនារីឲ្យយល់ពីទំនួលខុសត្រូវនៃសេចក្តីសញ្ញារបស់ពួកគេ ។ នៅពេលវាមានអត្ថប្រយោជន៍ដើម្បីមានយុវនារីផ្តល់ការងារបម្រើដល់បងប្អូនស្រីណាម្នាក់ នោះគាត់អាចត្រូវបានចាត់តាំងជាបងប្អូនស្រីដែលផ្តល់ការងារបម្រើ នៅពេលគាត់ស្ម័គ្រចិត្ត អាចធ្វើបាន និងមានភាពចាស់ទុំ ។ គាត់អាចត្រូវបានចាត់តាំងនៅដើមឆ្នាំដែលគាត់ឈានចូលដល់ ១៤ ឆ្នាំ ។ យុវនារីបម្រើជាដៃគូជាមួយបងប្អូនស្រីសមាគមសង្គ្រោះ ( សូមមើល ២១.២.២ ) ។
នៅពេលយុវមជ្ឈិមវ័យចូលរួមនៅក្នុងសមាគមសង្រ្គោះ នោះគណៈប្រធានសមាគមសង្រ្គោះផ្តល់ឱកាសជាច្រើនឲ្យពួកគេធ្វើការបម្រើ និងចែកចាយភាពរឹងមាំរបស់ពួកគេ ។ គណៈប្រធានក៏អាចជួយពួកគេឲ្យរៀបចំខ្លួនដើម្បីចុះ និងរក្សាសេចក្តីសញ្ញាព្រះវិហារបរិសុទ្ធដ៏ពិសិដ្ឋផងដែរ ( សូមមើល ២៧.១.១ ) ។
៩.៥
ថ្នាក់ដឹកនាំសមាគមសង្រ្គោះស្តេក
ប្រធានស្តេកហៅ និងញែកចេញស្រ្តីម្នាក់ដើម្បីបម្រើជាប្រធានសមាគមសង្រ្គោះស្ដេក ។ ប្រសិនបើស្តេកនោះធំល្មម គាត់អាចផ្តល់អនុសាសន៍ឲ្យមានស្រ្តីម្នាក់ ឬពីរនាក់មកបម្រើជាទីប្រឹក្សា និងម្នាក់ទៀតបម្រើជាលេខាធិការ ។ ស្រ្តីទាំងនេះត្រូវបានហៅ និងញែកចេញដោយសមាជិកគណៈប្រធានស្តេក ឬក្រុមប្រឹក្សាជាន់ខ្ពស់ដែលបានចាត់តាំងមួយរូប ។ សម្រាប់ព័ត៌មានអំពីការទទួលខុសត្រូវរបស់គណៈប្រធាន និងលេខាធិការសមាគមសង្រ្គោះស្តេក សូមមើល ៥.៧.១ និង ៥.៧.៣ ។
ប្រធានស្តេកជួបជាប្រចាំ ( ជាធម្មតាប្រចាំខែ ) ជាមួយប្រធាន ឬគណៈប្រធានសមាគមសង្រ្គោះ ។ ពួកគាត់ប្រឹក្សាជាមួយគ្នាអំពីកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ។ ពួកគាត់ក៏ពិភាក្សាគ្នាពី ( ១ ) ការរីកចម្រើន និងតម្រូវការនៃបងប្អូនស្រីក្នងស្តេក និង ( ២ ) ការប្រជុំសមាគមសង្រ្គោះ ការបង្រៀន និងសកម្មភាពនានាផងដែរ ។
គណៈប្រធានសមាគមសង្រ្គោះស្តេកណែនាំគណៈប្រធានសមាគមសង្រ្គោះវួដពីទំនួលខុសត្រូវរបស់ពួកគេសម្រាប់កិច្ចការអ្នកផ្សព្វផ្សាយសាសនា ព្រមទាំងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។ ពួកគាត់ធ្វើកិច្ចការទាំងនេះក្រោមការណែនាំរបស់គណៈប្រធានស្តេក ។ ក្រុមប្រឹក្សាជាន់ខ្ពស់ត្រូវបានចាត់តាំងឲ្យជួយ ។ សូមមើល ២៣.១ និង ២៥.២ ។
ប្រសិនបើស្តេកមានគណៈកម្មការយុវមជ្ឈិមវ័យនៅលីវ នោះសមាជិកនៃគណៈប្រធានសមាគមសង្រ្គោះបម្រើនៅក្នុងមុខងារនេះ ( សូមមើល ១៤.៣.២ ) ។
៩.៦
សេចក្តីណែនាំ និងគោលនយោបាយបនែ្ថម
៩.៦.១
សមាជិកដែលមានពិការភាព
គណៈប្រធានសមាគមសង្រ្គោះផ្តល់ការថែទាំជាពិសេសដល់សមាជិកដែលមានពិការភាព ។ សម្រាប់ព័ត៌មានអំពីការជួយសមាជិកទាំងនេះ សូមមើលគេហទំព័រ disability.ChurchofJesusChrist.org និង ៣៨.៨.២៨ ។
៩.៦.២
អក្ខរកម្ម
តាមដែលត្រូវការ គណៈប្រធានសមាគមសង្រ្គោះធ្វើការជាមួយប៊ីស្សព គណៈប្រធានកូរ៉ុមអែលឌើរ និងក្រុមប្រឹក្សាវួដដើម្បីជួយសមាជិកឲ្យរៀនអាន និងសរសេរ ។