« ៨. កូរ៉ុមអែលឌើរ » ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( ឆ្នាំ ២០២០ ) ។
« ៨. កូរ៉ុមអែលឌើរ » ក្បួនខ្នាតទូទៅ ។
៨.
កូរ៉ុមអែលឌើរ
៨.១
គោលបំណង និងអង្គការ
បព្វជិតភាពម៉ិលគីស្សាដែកជួយបុត្រាបុត្រីរបស់ព្រះឲ្យរៀបចំខ្លួនដើម្បីត្រឡប់ទៅទីវត្តមានរបស់ទ្រង់វិញ ។ បព្វជិតភាពនេះកាន់ « កូនសោទាំងឡាយនៃអស់ទាំងព្រះពរខាងវិញ្ញាណនៅក្នុងសាសនាចក្រ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:១៨ ) ។
តំណែងទាំងឡាយនៅក្នុងបព្វជិតភាពម៉ិលគីស្សាដែកគឺមាន អែលឌើរ សង្ឃជាន់ខ្ពស់ លោកអយ្យកោ ពួកចិតសិបនាក់ និងសាវក ។ ជំពូកនេះមាននូវព័ត៌មានអំពីពួកអែលឌើរ និងកូរ៉ុមអែលឌើរ ។
៨.១.១
គោលបំណង
បុរសដែលមានភាពស័ក្តិសមដែលមានអាយុ ១៨ ឆ្នាំឡើងអាចទទួលបព្វជិតភាពម៉ិលគីស្សាដែកបាន ហើយត្រូវបានតែងតាំងតំណែងជាអែលឌើរ ។ បុរសដែលតែងតាំងឲ្យមានតំណែងនេះ ចុះសេចក្តីសញ្ញាពិសិដ្ឋដើម្បីជួយព្រះនៅក្នុងការសម្រេចកិច្ចការរបស់ទ្រង់ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៣៣–៤៤ ) ។
អែលឌើរម្នាក់ៗគឺជាផ្នែកមួយនៃក្រុមអ្នកកាន់បព្វជិតភាពដែលបានរៀបចំឡើង ដែលហៅថាកូរ៉ុមអែលឌើរ ។ សមាជិកនៃកូរ៉ុមអែលឌើរធ្វើការរួមគ្នាដើម្បីជួយសម្រេចកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ។ ពួកគាត់បម្រើអ្នកដទៃ បំពេញតាមកាតព្វកិច្ចបព្វជិតភាព កសាងសាមគ្គីភាព និងរៀនរស់នៅតាមគោលលទ្ធិ ។
៨.១.២
សមាជិកភាពនៅក្នុងកូរ៉ុមអែលឌើរ
វួដនីមួយៗមានកូរ៉ុមអែលឌើរមួយ ។ កូរ៉ុមអែលឌើរមាននូវបងប្អូនប្រុសដូចខាងក្រោម ៖
-
ពួកអែលឌើរនៅក្នុងវួដទាំងអស់ ។
-
ពួកអែលឌើរបម្រុងទាំងអស់នៅក្នុងវួដ ( សូមមើល ៨.៤ ) ។
-
សង្ឃជាន់ខ្ពស់ទាំងអស់នៅក្នុងវួដ លើកលែងតែអស់អ្នកដែលកំពុងបម្រើនៅក្នុងគណៈប្រធានស្តេក គណៈប៊ីស្សព ក្រុមប្រឹក្សាជាន់ខ្ពស់ ឬជាលោកអយ្យកោនាពេលបច្ចុប្បន្ននេះប៉ុណ្ណោះ ។ ពួកអែលឌើរទាំងនេះគឺជាសមាជិកនៃកូរ៉ុមសង្ឃជាន់ខ្ពស់ស្តេក ។ សម្រាប់ព័ត៌មានអំពីកូរ៉ុមសង្ឃជាន់ខ្ពស់ស្តេក សូមមើល ៦.២.១.១ និង ២៩.៣.៥ ។
យុវជនអាចចាប់ផ្តើមចូលរួមការប្រជុំកូរ៉ុមអែលឌើរបាន នៅពេលគាត់ឈានដល់អាយុ ១៨ ឆ្នាំ ទោះបីជាគាត់ពុំទាន់បានតែងតាំងជាអែលឌើរក៏ដោយ ។ គាត់ប្រឹក្សាជាមួយនឹងឪពុកម្ដាយរបស់គាត់ ព្រមទាំងប៊ីស្សពដើម្បីធ្វើការសម្រេចចិត្តនេះ ។ លុះដល់អាយុ ១៩ ឆ្នាំ ឬមុនពេលចាកចេញពីផ្ទះ ដូចជាការទៅរៀននៅសាកលវិទ្យាល័យ ឬបម្រើបេសកកម្ម គាត់គួរតែត្រូវបានតែងតាំងជាអែលឌើរ ប្រសិនបើគាត់មានភាពស័ក្តិសម ។ សូមមើល ១០.៦ ។
បុរសដែលបានរៀបអាពាហ៍ពិពាហ៍ហើយអាយុក្រោម ១៨ ឆ្នាំ គឺជាពួកអែលឌើរបម្រុង ហើយក៏ជាសមាជិកនៃកូរ៉ុមអែលឌើរផងដែរ ។
សម្រាប់ព័ត៌មានអំពីឪពុកម្តាយដែលឥតបានរៀបការអាយុក្រោម ១៨ ឆ្នាំ សូមមើល ៣៨.១.៥ ។
៨.១.៣
ការសម្របសម្រួលទៅតាមសេចក្តីត្រូវការក្នុងមូលដ្ឋាន
វួដមួយចំនួនមានចំនួនអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកសកម្មដ៏ច្រើនសន្ធឹកសន្ធាប់ ។ ចំពោះវួដទាំងនេះ គណៈប្រធានស្តេកអាចរៀបចំកូរ៉ុមអែលឌើរបន្ថែម ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៨៩ ) ។ កូរ៉ុមនីមួយៗមានគណៈប្រធានរៀងៗខ្លួន ។ ប្រសិនបើអាចធ្វើទៅបាន កូរ៉ុមនីមួយៗគួរតែមានសមាជិកដែលមានអាយុ និងបទពិសោធន៍ខុសៗគ្នា ។
៨.២
ការចូលរួមនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង
ព្រះអញ្ជើញមនុស្សទាំងអស់ឲ្យមករកព្រះគ្រីស្ទ ហើយចូលរួមនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងតាមរយៈ ៖
-
ការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
ការមើលថែដល់អ្នកខ្វះខាត ។
-
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ ។
-
ការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច ។
ថ្នាក់ដឹកនាំកូរ៉ុមអែលឌើរដាក់ផែនការប្រជុំនៅថ្ងៃអាទិត្យ ធ្វើសកម្មភាព ផ្ដល់ការងារបម្រើ ធ្វើការបម្រើ និងធ្វើសហប្រតិបត្តិការដទៃទៀតដើម្បីជួយបងប្អូនប្រុសឲ្យចូលរួមចំណែកនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ។ សមាជិកនៃកូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះធ្វើការសាមគ្គីគ្នាដើម្បីសម្រេចកិច្ចការនេះ ។
សម្រាប់ព័ត៌មានបន្ថែមស្តីពីកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង សូមសិក្សា ជំពូកទី ១ ។
៨.២.១
ការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ
អ្នកដឹកនាំកូរ៉ុមអែលឌើរជួយសមាជិកឲ្យរស់នៅតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ ពួកគាត់សង្កត់ធ្ងន់លើការអនុវត្តសេចក្តីជំនឿ ការប្រែចិត្ត ការបង្កើនភាពខ្លួនទីពឹងខ្លួន និងការចុះសេចក្តីសញ្ញាជាមួយព្រះតាមរយៈការទទួលពិធីបរិសុទ្ធទាំងឡាយ ។ ពិធីបរិសុទ្ធទាំងនោះរួមមានទាំងអំណោយទានពិសិដ្ឋនៃព្រះវិហារបរិសុទ្ធផងដែរ ។ សូមមើល ១.២.១ ។
៨.២.១.១
ការរៀនសូត្រដំណឹងល្អនៅឯគេហដ្ឋាន
នៅពេលសមាជិករៀនសូត្រ ហើយរស់នៅតាមដំណឹងល្អនៅឯគេហដ្ឋាន នោះការប្រែចិត្តជឿរបស់ពួកគេលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងកាន់តែស៊ីជម្រៅ ។ ថ្នាក់ដឹកនាំកូរ៉ុមអែលឌើរលើកទឹកចិត្តបងប្អូនប្រុសឲ្យសិក្សាព្រះគម្ពីរ និងប្រសាសន៍របស់ព្យាការីដែលនៅរស់រៀងៗខ្លួន និងជាមួយក្រុមគ្រួសាររបស់ពួកគេ ។ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ និងធនធានដទៃទៀតអាចជួយបំពេញដល់ការសិក្សារបស់ពួកគាត់បាន ។
រាត្រីជួបជុំក្រុមគ្រួសារគឺជាវិធីដ៏សំខាន់មួយដើម្បីរៀនដំណឹងល្អនៅឯគេហដ្ឋាន ។ ជាទូទៅ វាធ្វើឡើងរាល់សប្តាហ៍នៅថ្ងៃអាទិត្យ ល្ងាចថ្ងៃចន្ទ ឬនៅពេលផ្សេងទៀត ។ ពួកគាត់អាចបន្ថែមការអធិស្ឋាន ការសិក្សាដំណឹងល្អ ទីបន្ទាល់ ការច្រៀងចម្រៀង និងសកម្មភាពសប្បាយៗបាន ។
៨.២.១.២
ការសិក្សាដំណឹងល្អនៅក្នុងការប្រជុំកូរ៉ុម
កូរ៉ុមអែលឌើរជួបគ្នានៅថ្ងៃអាទិត្យក្នុងគោលបំណងដូចខាងក្រោម ៖
-
ពង្រឹងសេចក្តីជំនឿ ។
-
កសាងសាមគ្គីភាព ។
-
ពង្រឹងក្រុមគ្រួសារ និងគេហដ្ឋាន ។
-
ដាក់ផែនការដើម្បីជួយសម្រេចកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ។
ការប្រជុំធ្វើឡើងនៅអាទិត្យទីពីរ និងអាទិត្យទីបួនរាល់ខែ ។ វាមានរយៈពេល ៥០ នាទី ។ គណៈប្រធានកូរ៉ុមអែលឌើរដាក់ផែនការការប្រជុំទាំងនេះ ។ សមាជិកមួយរូបនៃគណៈប្រធានដឹកនាំកម្មវិធី ។
ការប្រជុំចាប់ផ្តើម ដោយមានសមាជិកគណៈប្រធានម្នាក់ដឹកនាំរាល់ធុរកិច្ចរបស់កូរ៉ុម ។ ឧទាហរណ៍ កូរ៉ុមអាចប្រឹក្សាជាមួយគ្នាអំពីទិដ្ឋភាពនៃការសម្រេចបានកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ។ បន្ទាប់មក ពេលវេលាគ្រប់គ្រាន់គួរតែផ្តល់ឲ្យដើម្បីមានការបង្រៀន និងការពិភាក្សាដំណឹងល្អប្រកបដោយអត្ថន័យ ។
ការប្រជុំកូរ៉ុមផ្តោតទៅលើប្រធានបទក្នុងសុន្ទរកថាមួយ ឬច្រើនមកពីសន្និសីទទូទៅថ្មីៗនេះ ។ គណៈប្រធានកូរ៉ុមអែលឌើរជ្រើសរើសសារលិខិតប្រកបដោយការអធិស្ឋានដើម្បីពិភាក្សា ដោយផ្អែកទៅលើតម្រូវការរបស់សមាជិក ។ អាចច្រៀងទំនុកតម្កើងដើម្បីឲ្យមេរៀនកាន់តែជក់ចិត្តបាន ។ ការប្រជុំគួរតែបញ្ចប់ដោយការអធិស្ឋានមួយ ។
សម្រាប់ព័ត៌មានបន្ថែម សូមមើលគេហទំព័រ ComeFollowMe.ChurchofJesusChrist.org ។
៨.២.១.៣
សកម្មភាព
គណៈប្រធានកូរ៉ុមអែលឌើរអាចដាក់ផែនការធ្វើសកម្មភាពនានាបាន ។ សកម្មភាពទាំងនេះពង្រឹងសមាជិកកូរ៉ុម និងផ្តល់ឱកាសឲ្យពួកគេបម្រើជាមួយគ្នា ។ សកម្មភាពភាគច្រើនធ្វើឡើងក្រៅពីថ្ងៃអាទិត្យ ឬល្ងាចថ្ងៃចន្ទ ។
ប្រធានកូរ៉ុមអែលឌើរមើលខុសត្រូវលើសកម្មភាពទាំងនេះ ។ គាត់អាចសុំឲ្យទីប្រឹក្សា ឬសមាជិកកូរ៉ុមម្នាក់ទៀតដឹកនាំនៅក្នុងការដាក់ផែនការ និងការអនុវត្តផែនការទាំងនេះបាន ( សូមមើល ៨.៣.៥ ) ។ គណៈប្រធានពិភាក្សាពីសកម្មភាពនានាជាមួយប៊ីស្សព ដែលជាផ្នែកមួយនៃការដាក់ផែនការរបស់ពួកគាត់ ។
៨.២.២
ការមើលថែដល់អ្នកខ្វះខាត
ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ នោះសមាជិកកូរ៉ុមអែលឌើរមានទំនួលខុសត្រូវដើម្បីឈោងទៅជួយដល់អ្នកខ្វះខាតដោយក្តីស្រឡាញ់ ។ ជាបុគ្គល និងជាកូរ៉ុម ពួកគាត់ស្វែងរកវិធីនានាដើម្បីបម្រើអ្នកដទៃនៅក្នុងវួដ និងសហគមន៍ ។ នៅកន្លែងណាដែលមាន នោះ JustServe.org ផ្ដល់ជាឱកាសបម្រើនៅក្នុងសហគមន៍ ។
សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែលសមាជិកនៃកូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះមើលថែដល់អ្នកខ្វះខាត សូមមើល ២២.៦.២ ។
៨.២.២.១
ការផ្ដល់ការងារបម្រើ
ការងារបម្រើគឺជាការថែទាំដល់មនុស្សដទៃដូចដែលព្រះអង្គសង្រ្គោះបានធ្វើដែរ ។ សមាជិកនៃកូរ៉ុមអែលឌើរទទួលការចាត់តាំងការងារបម្រើមកពីគណៈប្រធានកូរ៉ុម ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល ជំពូកទី ២១ ។
៨.២.២.២
តម្រូវការរយៈពេលខ្លី
បងប្អូនប្រុសដែលផ្តល់ការងារបម្រើព្យាយាមយល់ និងឆ្លើយតបទៅតាមតម្រូវការរបស់អស់អ្នកដែលពួកគាត់បម្រើ ។ សមាជិកមួយចំនួនអាចត្រូវការជំនួយសម្រាប់រយៈពេលខ្លី នៅគ្រាដែលមានជំងឺ ការសម្រាលកូន មរណភាព ការបាត់បង់ការងារ និងកាលៈទេសៈផ្សេងទៀត ។
នៅពេលត្រូវការ បងប្អូនប្រុសដែលផ្តល់ការងារបម្រើស្នើសុំជំនួយពីគណៈប្រធានកូរ៉ុមអែលឌើរ ។ ដោយមានការអនុម័តរបស់ប៊ីស្សព គណៈប្រធានអាចហៅអ្នកសម្របសម្រួលការបម្រើម្នាក់ឲ្យរៀបចំកិច្ចការនេះបាន ( សូមមើល ៨.៣.៥ ) ។
កូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះសម្របសម្រួលកិច្ចខិតខំដើម្បីដោះស្រាយសេចក្ដីត្រូវការរយៈពេលខ្លី ( សូមមើល ២២.៣.២ ) ។ ប៊ីស្សពអាចផ្ដល់ជំនួយតមអាហារបាន បើចាំបាច់ ។
នៅទីតាំងមួយចំនួន ប៊ីស្សពមានជម្រើសដើម្បីផ្ដល់ដល់សមាជិកដែលខ្វះខាត ជាការបញ្ជាទិញម្ហូបអាហារ និងសម្ភារដែលចាំបាច់ផ្សេងទៀតដោយប៊ីស្សព ។ ជាធម្មតា ប៊ីស្សពចាត់ឲ្យប្រធានសមាគមសង្រ្គោះទៅជួបនឹងសមាជិកទាំងនោះ ហើយបំពេញបែបបទការបញ្ជាទិញ ។ ទោះជាយ៉ាងណា គាត់ក៏អាចចាត់ប្រធានកូរ៉ុមអែលឌើរផងដែរ ។ ទីប្រឹក្សាម្នាក់នៅក្នុងគណៈប្រធានសមាគមសង្គ្រោះ ឬគណៈប្រធានកូរ៉ុមអែលឌើរអាចត្រូវបានចាត់តាំង ប្រសិនបើប្រធានជាប់រវល់ ។ ថ្នាក់ដឹកនាំដែលបានចាត់តាំងនោះដាក់បញ្ជូនបែបបទដែលបានបំពេញរួចនោះទៅកាន់ប៊ីស្សព ដើម្បីសុំការអនុម័តពីគាត់ ។
សម្រាប់ព័ត៌មានបន្ថែម សូមមើល ២២.៦.២ និង « ធនធានសុខុមាលភាព » នៅក្នុងធនធានសម្រាប់ថ្នាក់ដឹកនាំ និងស្មៀន ។
៨.២.២.៣
សេចក្ដីត្រូវការរយៈពេលវែង និងភាពខ្លួនទីពឹងខ្លួន
ដូចបានសម្របសម្រួលដោយប៊ីស្សព គណៈប្រធានកូរ៉ុមអែលឌើរ និងគណៈប្រធានសមាគមសង្គ្រោះជួយដល់សមាជិកដែលមានសេចក្ដីត្រូវការរយៈពេលវែង និងភាពខ្លួនទីពឹងខ្លួន ។ ពួកគេបង្រៀនគោលការណ៍នៃភាពខ្លួនទីពឹងខ្លួនខាងសាច់ឈាម និងខាងវិញ្ញាណ ។ សូមមើល ជំពូកទី ២២ និង « ភាពខ្លួនទីពឹងខ្លួន » នៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ។
ប្រសិនបើបុគ្គលម្នាក់ ឬគ្រួសារមួយត្រូវការជំនួយ នោះប្រធានកូរ៉ុមអែលឌើរ និងប្រធានសមាគមសង្គ្រោះប្រឹក្សាជាមួយគ្នាអំពីរបៀបដើម្បីជួយ ដូចដែលបានសម្របសម្រួលដោយប៊ីស្សព ( សូមមើល ២២.៤ ) ។
ប្រធានកូរ៉ុមអែលឌើរ ប្រធានសមាគមសង្រ្គោះ ឬថ្នាក់ដឹកនាំម្នាក់ទៀតជួយបុគ្គល ឬគ្រួសារនោះឲ្យបង្កើត ផែនការភាពខ្លួនទីពឹងខ្លួន ។ បងប្អូនប្រុស និងបងប្អូនស្រីដែលផ្ដល់ការងារបម្រើក៏អាចជួយជាមួយនឹងផែនការនេះផងដែរ ។ ជារឿយៗ សមាជិកផ្សេងទៀតក្នុងកូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះមានជំនាញ និងបទពិសោធន៍នានាដែលអាចជួយបាន ។ មនុស្សដែលជួយទាំងអស់ ត្រូវរក្សាព័ត៌មានជាការសម្ងាត់ ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល ២២.៣.៣ និង ២២.៨ ។
៨.២.២.៤
ពេលសមាជិកវួដម្នាក់ទទួលមរណភាព
ពេលសមាជិកវួដម្នាក់ទទួលមរណភាព នោះគណៈប្រធានកូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះផ្ដល់ការលួងលោមចិត្ត និងជំនួយ ។ នៅក្រោមការដឹកនាំរបស់ប៊ីស្សព ពួកគាត់អាចជួយក្នុងពិធីបុណ្យសពបាន ។
ប្រសិនបើអាចធ្វើទៅបាន សមាជិកដែលទទួលមរណភាពដែលបានទទួលអំណោយទានពិសិដ្ឋត្រូវបញ្ចុះ ឬបូជាដោយស្លៀកសម្លៀកបំពាក់ព្រះវិហារបរិសុទ្ធ ។ សពរបស់បុរសម្នាក់អាចត្រូវបានស្លៀកពាក់ឲ្យដោយភរិយារបស់គាត់ ឬដោយសមាជិកគ្រួសារភេទប្រុសម្នាក់ ដែលបានទទួលអំណោយទានពិសិដ្ឋ ។ ប្រសិនបើមិនមានសមាជិកគ្រួសារណាអាចធ្វើបាន ឬមិនចង់ស្លៀកពាក់ឲ្យសាកសពនោះទេ នោះប៊ីស្សពសូមប្រធានកូរ៉ុមអែលឌើរឲ្យអញ្ជើញបុរសដែលបានទទួលអំណោយទានពិសិដ្ឋរួចហើយ ឲ្យស្លៀកពាក់ឲ្យសាកសពនោះ ឬមើលការខុសត្រូវលើការស្លៀកពាក់ឲ្យត្រឹមត្រូវ ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល ៣៨.៥.៨ ។
គណៈប្រធានកូរ៉ុមអែលឌើរ និងគណៈប្រធានសមាគមសង្គ្រោះ បងប្អូនប្រុស និងបងប្អូនស្រីដែលផ្ដល់ការងារបម្រើ និងមនុស្សផ្សេងទៀតបន្តផ្ដល់ការលួងលោមចិត្ត និងជំនួយ បន្ទាប់ពីពិធីបុណ្យសពនោះ ។
៨.២.៣
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ
ពួកអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកមានកាតព្វកិច្ចអញ្ជើញមនុស្សទាំងអស់ឲ្យទទួលពរជ័យនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៣:៣ ) ។ ពួកគេធ្វើកិច្ចការនេះដោយការចែកចាយដំណឹងល្អ ការពង្រឹងសមាជិកថ្មី និងការឈោងទៅជួយសមាជិកដែលមិនសូវសកម្ម ។
នៅក្នុងការប្រជុំគណៈប្រធាន និងការប្រជុំកូរ៉ុម នោះគណៈប្រធានកូរ៉ុមអែលឌើរពិភាក្សាពីរបៀបដែលបងប្អូនប្រុសអាចអញ្ជើញមនុស្សទាំងអស់ឲ្យទទួលពរជ័យនៃដំណឹងល្អ ។
ប្រធានកូរ៉ុមអែលឌើរចាត់សមាជិកម្នាក់ក្នុងគណៈប្រធានរបស់ខ្លួនឲ្យជួយដឹកនាំកិច្ចការផ្សព្វផ្សាយសាសនានៅក្នុងវួដ ។ គាត់ធ្វើការជាមួយនឹងសមាជិកដែលបានចាត់តាំងមកពីគណៈប្រធានសមាគមសង្រ្គោះ ដើម្បីសម្របសម្រួលដល់ការខិតខំទាំងនេះ ។
សមាជិកក្នុងគណៈប្រធានកូរ៉ុមអែលឌើររូបនេះអាចបំពេញតួនាទីជាអ្នកដឹកនាំបេសកកម្មវួដ ។ ប្រសិនបើគណៈប៊ីស្សពបានហៅអ្នកដឹកនាំបេសកកម្មវួដម្នាក់ នោះសមាជិកមកពីគណៈប្រធានកូរ៉ុមអែលឌើររូបនេះមើលខុសត្រូវលើកិច្ចការរបស់អ្នកដឹកនាំនោះ ។ សូមមើល ២៣.៥.១ និង ២៣.៥.៣ ។
អ្នកដឹកនាំបេសកកម្មវួដ ដែលអាចជាសមាជិកម្នាក់នៃគណៈប្រធានកូរ៉ុមអែលឌើរ ដឹកនាំការប្រជុំសម្របសម្រួលប្រចាំសប្ដាហ៍ ។ គោលបំណងនៃការប្រជុំទាំងនេះគឺ ដើម្បីសម្របសម្រួលការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកពរជ័យនៃដំណឹងល្អ ។ ការប្រជុំទាំងនេះរួមមានសមាជិកដែលបានចាត់តាំងមកពីគណៈប្រធានសមាគមសង្គ្រោះ និងគណៈប្រធានកូរ៉ុមអែលឌើរ អ្នកផ្សព្វផ្សាយសាសនាប្រចាំវួដ ជំនួយការនៅក្នុងកូរ៉ុមសង្ឃ សមាជិកម្នាក់មកពីគណៈប្រធានថ្នាក់យុវនារីដែលមានវ័យច្រើនជាងគេ និងអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ។
៨.២.៤
ការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច
ពួកអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកជួយដល់សមាជិកនៅក្នុងការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្ប ។ ការណ៍នេះរួមមាន ៖
-
ការចុះសេចក្ដីសញ្ញាជាមួយនឹងព្រះ តាមរយៈការទទួលពិធីបរិសុទ្ធនានា រួមទាំងអំណោយទានពិសិដ្ឋនៃព្រះវិហារបរិសុទ្ធផងដែរ ។
-
ការធ្វើកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ( សូមមើល ១.២.៤ ) ។
នៅក្នុងការប្រជុំគណៈប្រធាន និងការប្រជុំកូរ៉ុម គណៈប្រធានកូរ៉ុមអែលឌើរពិភាក្សាពីរបៀបដែលបងប្អូនប្រុសអាចចូលរួមនៅក្នុងកិច្ចខិតខំទាំងនេះបាន ។
គណៈប្រធានលើកទឹកចិត្តសមាជិកកូរ៉ុមឲ្យរៀនអំពីពង្សប្រវត្តិរបស់ពួកគេ ព្រមទាំងអំពីសេចក្ដីសញ្ញា និងពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ។ ពួកគាត់ក៏លើកទឹកចិត្តដល់បងប្អូនប្រុសឲ្យចូលរួមក្នុងព្រះវិហារបរិសុទ្ធឲ្យបានទៀងទាត់ផងដែរ បើអាចធ្វើទៅបាន ។
ប្រធានកូរ៉ុមអែលឌើរចាត់សមាជិកម្នាក់ក្នុងគណៈប្រធានរបស់ខ្លួនឲ្យជួយដឹកនាំកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិនៅក្នុងវួដ ។ គាត់ធ្វើការជាមួយនឹងសមាជិកដែលបានចាត់តាំងមកពីគណៈប្រធានសមាគមសង្រ្គោះ ដើម្បីសម្របសម្រួលដល់ការខិតខំទាំងនេះ ។
សមាជិកក្នុងគណៈប្រធានកូរ៉ុមអែលឌើររូបនេះអាចបំពេញតួនាទីជាអ្នកដឹកនាំផ្នែកកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដបាន ។ ប្រសិនបើគណៈប៊ីស្សពបានហៅអ្នកដឹកនាំផ្នែកកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដ នោះសមាជិកមកពីគណៈប្រធានកូរ៉ុមអែលឌើររូបនេះមើលការខុសត្រូវលើកិច្ចការរបស់អ្នកដឹកនាំនោះ ។ សូមមើល ២៥.២.២ ។
អ្នកដឹកនាំផ្នែកកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដ ដែលអាចជាសមាជិកម្នាក់ក្នុងគណៈប្រធានកូរ៉ុមអែលឌើរ ដឹកនាំការប្រជុំសម្របសម្រួលកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ( សូមមើល ២៥.២.៧ ) ។ ការប្រជុំទាំងនេះធ្វើឡើងជាទៀងទាត់ ។ ពួកគាត់ក៏អញ្ជើញសមាជិកដែលបានចាត់តាំងមកពីគណៈប្រធានសមាគមសង្គ្រោះ ជំនួយការនៅក្នុងកូរ៉ុមសង្ឃ សមាជិកម្នាក់មកពីគណៈប្រធានថ្នាក់យុវនារីដែលមានវ័យច្រើនជាងគេ និងអ្នកប្រឹក្សាផ្នែកកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិឲ្យមកចូលរួមផងដែរ ។
៨.៣
ថ្នាក់ដឹកនាំកូរ៉ុមអែលឌើរ
៨.៣.១
គណៈប្រធានស្តេក និងប៊ីស្សព
ប្រធានកូរ៉ុមអែលឌើរស្ថិតនៅក្រោមការដឹកនាំដោយផ្ទាល់របស់គណៈប្រធានស្តេក ។ គាត់ជួបជាទៀងទាត់ជាមួយនឹងសមាជិកមួយរូបក្នុងគណៈប្រធាននេះដើម្បីទទួលការណែនាំ ហើយរាយការណ៍ពីការទទួលខុសត្រូវរបស់គាត់ ។
ប្រធានកូរ៉ុមអែលឌើរក៏ទទួលការណែនាំមកពីប៊ីស្សពដែរ ព្រោះប៊ីស្សពគឺជាអ្នកកាន់តំណែងជាអធិបតីនៅក្នុងវួដនេះ ។ ពួកគាត់ជួបគ្នាជាប្រចាំ ។ ពួកគាត់ពិភាក្សាពីកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង បូករួមទាំងការបម្រើរបស់បងប្អូនប្រុសដែលផ្តល់ការងារបម្រើផងដែរ ។ ពួកគាត់ក៏ពិភាក្សាគ្នាពី (១) ការរីកចម្រើន និងតម្រូវការរបស់សមាជិកនៅក្នុងវួដ និង (២) ការប្រជុំកូរ៉ុមអែលឌើរ ការណែនាំ និងសកម្មភាពនានា ។
៨.៣.២
ក្រុមប្រឹក្សាជាន់ខ្ពស់
គណៈប្រធានស្តេកចាត់តាំងក្រុមប្រឹក្សាជាន់ខ្ពស់ម្នាក់ ឲ្យធ្វើជាតំណាងពួកគាត់នៅក្នុងកូរ៉ុមអែលឌើរនីមួយៗ ។ ការទទួលខុសត្រូវរបស់គាត់មានចែងនៅក្នុង ៦.៥ ។
៨.៣.៣
គណៈប្រធានកូរ៉ុមអែលឌើរ
៨.៣.៣.១
ការហៅគណៈប្រធានកូរ៉ុមអែលឌើរ
បន្ទាប់ពីពិភាក្សាជាមួយប៊ីស្សព នោះប្រធានស្តេកហៅអែលឌើរ ឬសង្ឃជាន់ខ្ពស់ម្នាក់ឲ្យបម្រើជាប្រធានកូរ៉ុមអែលឌើរ ។
ប្រសិនបើអង្គភាពធំល្មម នោះប្រធានកូរ៉ុមអែលឌើរផ្តល់អនុសាសន៍ជូនប្រធានស្តេកឲ្យអែលឌើរ ឬសង្ឃជាន់ខ្ពស់ម្នាក់ ឬពីរនាក់ដើម្បីបម្រើជាទីប្រឹក្សារបស់គាត់ ។ គាត់ធ្វើកិច្ចការនេះក្រោមការពិភាក្សាជាមួយប៊ីស្សព ។ គណៈប្រធានស្តេកយកអនុសាសន៍ទៅធ្វើការពិចារណា ។ សមាជិកម្នាក់នៃគណៈប្រធានស្តេក ឬក្រុមប្រឹក្សាជាន់ខ្ពស់ ផ្តល់ការហៅបម្រើនេះ ។
អនុសាសន៍ទាំងអស់សម្រាប់ការហៅសមាជិកនៃគណៈប្រធានកូរ៉ុមអែលឌើរតម្រូវឲ្យមានការអនុម័តពីគណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ ។
សមាជិកម្នាក់ក្នុងគណៈប្រធានស្តេកបង្ហាញឈ្មោះពួកគេនៅក្នុងការប្រជុំកូរ៉ុមសម្រាប់ការលើកដៃគាំទ្រ ។ គណៈប្រធានស្តេកក៏អាចចាត់តាំងក្រុមប្រឹក្សាជាន់ខ្ពស់ឲ្យធ្វើដូច្នេះបានដែរ ។
សមាជិកម្នាក់នៃគណៈប្រធានកូរ៉ុមអែលឌើរបង្ហាញបងប្អូនប្រុសដែលត្រូវបានហៅឲ្យបម្រើក្នុងកូរ៉ុមផ្សេងទៀតទទួលការលើកដៃគាំទ្រនៅក្នុងការប្រជុំកូរ៉ុម ( សូមមើល ៨.៣.៤ និង ៨.៣.៥ ) ។
ប្រធានស្តេកធ្វើពិធីញែកចេញដល់ប្រធានកូរ៉ុមអែលឌើរ ហើយប្រគល់កូនសោទាំងឡាយនៃការហៅបម្រើរបស់គាត់ជូនដល់គាត់ ។ សម្រាប់ព័ត៌មានបន្ថែមអំពីកូនសោ សូមមើល ៣.៤.១ ។ សមាជិកម្នាក់នៃគណៈប្រធានស្តេក ឬក្រុមប្រឹក្សាជាន់ខ្ពស់ ធ្វើពិធីញែកចេញដល់ទីប្រឹក្សា ។
៨.៣.៣.២
ការទទួលខុសត្រូវ
ប្រធានកូរ៉ុមអែលឌើរមានការទទួលខុសត្រូវដូចខាងក្រោម ។ ទីប្រឹក្សារបស់គាត់ជួយដល់គាត់ ។
-
បម្រើនៅក្នុងក្រុមប្រឹក្សាវួដ ។ គាត់បម្រើជា (១) សមាជិកមួយរូបនៃក្រុមប្រឹក្សាដែលជួយបំពេញតាមសេចក្ដីត្រូវការនៅក្នុងវួដ ហើយស្វែងរកដំណោះស្រាយនានា និង (២) ជាអ្នកតំណាងឲ្យកូរ៉ុមអែលឌើរ ( សូមមើល ២៩.២.៥ ) ។
-
ដឹកនាំឲ្យកូរ៉ុមខិតខំចូលរួមនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ( សូមមើល ជំពូកទី ១ ) ។
-
រៀបចំ និងមើលខុសត្រូវលើបងប្អូនប្រុសដែលផ្តល់ការងារបម្រើ ។ សម្របសម្រួលការចាត់តាំងនៃការផ្តល់ការងារបម្រើជាមួយគណៈប្រធានសមាគមសង្រ្គោះ ដោយប្រជុំយ៉ាងតិចណាស់រៀងរាល់ត្រីមាស ។ ស្វែងរកការអនុម័តសម្រាប់ការចាត់តាំងការងារបម្រើ ។ ធ្វើការសម្ភាសការងារបម្រើយ៉ាងតិចណាស់រៀងរាល់ត្រីមាស ។ សូមមើល ជំពូកទី ២១ ។
-
នៅក្រោមការដឹកនាំរបស់ប៊ីស្សព សូមប្រឹក្សាជាមួយនឹងសមាជិកមជ្ឈិមវ័យនៅក្នុងវួដ ។ មានតែប៊ីស្សពប៉ុណ្ណោះដែលអាចប្រឹក្សាយោបល់ដល់សមាជិកវួដអំពីបញ្ហានៃភាពស័ក្ដិសម ការរំលោភបំពាន និងការអនុម័តឲ្យប្រើប្រាស់មូលនិធិដង្វាយតមអាហារបាន ។ សូមមើល ធនធានការប្រឹក្សា ។
-
ជាមួយគណៈប្រធានសមាគមសង្រ្គោះ គាត់ជួយដឹកនាំកិច្ចខិតខំនៅក្នុងវួដដើម្បីអញ្ជើញមនុស្សទាំងអស់ឲ្យទទួលពរជ័យទាំងឡាយនៃដំណឹងល្អ ( សូមមើល ៨.២.៣ និង ៩.២.៣ ) ។ មើលការខុសត្រូវលើអ្នកដឹកនាំបេសកកម្មប្រចាំវួដ ប្រសិនបើមានការហៅនេះ ។
-
ជាមួយគណៈប្រធានសមាគមសង្រ្គោះ គាត់ជួយដឹកនាំកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិនៅក្នុងវួដ ( សូមមើល ៨.២.៤ និង ៩.២.៤ ) ។ មើលការខុសត្រូវលើអ្នកដឹកនាំកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដ ប្រសិនបើមានការហៅនេះ ។
-
សម្របសម្រួលកិច្ចខិតខំរបស់កូរ៉ុមអែលឌើរដើម្បីពង្រឹងបងប្អូនប្រុសយុវមជ្ឈិមវ័យ ទាំងនៅលីវ និងបានរៀបការហើយ ។ ទីប្រឹក្សាម្នាក់អាចចាត់តាំងឲ្យទៅបម្រើជាមួយនឹងយុវមជ្ឈិមវ័យនៅលីវ ( សូមមើល ១៤.១.២.២ ) ។
-
ជួបជាមួយកូរ៉ុមអែលឌើរម្នាក់ៗយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ។ ពិភាក្សាពីកាតព្វកិច្ចបព្វជិតភាព ព្រមទាំងសុខុមាលភាពនៃសមាជិក និងគ្រួសារគាត់ ។
-
បង្រៀនសមាជិកកូរ៉ុមពីកាតព្វកិច្ចបព្វជិតភាពរបស់ពួកគេ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៨៩ ) ។ ការណ៍នេះរួមបញ្ចូលទាំងការបង្រៀនពួកគេពីរបៀបអនុវត្តបព្វជិតភាពរបស់ពួកគេនៅក្នុងការធ្វើពិធីបរិសុទ្ធ និងពរជ័យនានាផងដែរ ។
-
មើលការខុសត្រូវ និងជួយកែលម្អការបង្រៀននៅក្នុងកូរ៉ុម ( សូមមើល ជំពូកទី ១៧ ) ។
-
ដាក់ផែនការ និងដឹកនាំការប្រជុំកូរ៉ុម ។
-
មើលការខុសត្រូវលើសកម្មភាពកូរ៉ុមអែលឌើរ ( សូមមើល ៨.២.១.៣ ) ។
-
ជួយយុវជន និងពួកអែលឌើរបម្រុងឲ្យរៀបចំខ្លួនដើម្បីទទួលបព្វជិតភាពម៉ិលគីស្សាដែក ( សូមមើល ៨.៤ )។
-
មើលការខុសត្រូវលើកំណត់ត្រា របាយការណ៍ និងហិរញ្ញវត្ថុរបស់កូរ៉ុម ( សូមមើលគេហទំព័រ LCR.ChurchofJesusChrist.org ) ។ លេខាអាចជួយបាន ( សូមមើល ៨.៣.៤ ) ។
គណៈប្រធានស្តេក និងសមាជិកនៃក្រុមប្រឹក្សាជាន់ខ្ពស់ដែលបានចាត់តាំង បង្រៀនគណៈប្រធានកូរ៉ុមអែលឌើរអំពីការទទួលខុសត្រូវទាំងនេះ ។ ពួកគាត់អាចធ្វើកិច្ចការនេះអំឡុងពេលការប្រជុំភាពជាអ្នកដឹកនាំបព្វជិតភាពស្តេក និងការប្រជុំគណៈប្រធានកូរ៉ុម ( សូមមើល ២៩.៣.៣ ) ។
តាមរយៈការបម្រើរបស់គាត់ ប្រធានកូរ៉ុមអែលឌើរគាំទ្រដល់ប៊ីស្សពនៅក្នុងការផ្តោតយកចិត្តទុកដាក់ទៅលើយុវវ័យ និងលើការទទួលខុសត្រូវដ៏ពិសេសរបស់ប៊ីស្សព ។
៨.៣.៣.៣
ការប្រជុំគណៈប្រធាន
គណៈប្រធានកូរ៉ុមអែលឌើរ និងលេខាជួបគ្នាជាទៀងទាត់ ។ ប្រធានជាអ្នកដឹកនាំការប្រជុំទាំងនេះ ។ ទីប្រឹក្សាជាន់ខ្ពស់ដែលបានចាត់តាំងមកកាន់កូរ៉ុមនេះ ចូលរួមជាប្រចាំតាមកាលកំណត់ ។
របៀបវារៈអាចរួមមាននូវចំណុចដូចខាងក្រោម ៖
-
ដាក់ផែនការដើម្បីពង្រឹងដល់សមាជិកកូរ៉ុម ( រួមទាំងពួកអែលឌើរបម្រុង ) និងក្រុមគ្រួសាររបស់ពួកគេ ។
-
ដាក់ផែនការពីរបៀបដើម្បីសម្រេចបានកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ។
-
សម្របសម្រួលកិច្ចការអ្នកផ្សព្វផ្សាយសាសនា ព្រមទាំងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិផងដែរ ។
-
ឆ្លើយតបនឹងការប្រឹក្សា និងការចាត់តាំងមកពីប៊ីស្សព ។
-
ឆ្លើយតបនឹងការចាត់តាំងមកពីការប្រជុំក្រុមប្រឹក្សាវួដ ។
-
ធ្វើការពិចារណាពីការចាត់តាំងការងារបម្រើប្រកបដោយការអធិស្ឋាន ។
-
ពិនិត្យមើលព័ត៌មានពីការសម្ភាសការងារបម្រើឡើងវិញ ។ ដាក់ផែនការដើម្បីស្វែងយល់ពីកម្លាំង និងបំពេញតាមតម្រូវការ ។ ( សូមមើល ជំពូកទី ២១ ) ។
-
ពិចារណារកបងប្អូនប្រុសឲ្យបម្រើនៅក្នុងការហៅបម្រើ និងការចាត់តាំងនានា ។
-
រៀបចំផែនការការប្រជុំកូរ៉ុម និងសកម្មភាពកូរ៉ុម ។
៨.៣.៤
លេខា
ដោយមានការអនុម័តពីប៊ីស្សព សមាជិកនៃគណៈប្រធានកូរ៉ុមអែលឌើរអាចហៅសមាជិកកូរ៉ុមម្នាក់ឲ្យធ្វើជាលេខារបស់កូរ៉ុមបាន ។ គាត់ណែនាំសមាជិករូបនោះដល់កូរ៉ុមដើម្បីទទួលបានការលើកដៃគាំទ្រនៅក្នុងការប្រជុំកូរ៉ុម និងធ្វើពិធីញែកគាត់ចេញក្នុងការហៅបម្រើនោះ ។
ការទទួលខុសត្រូវរបស់លេខាអាចរួមមានដូចខាងក្រោម ៖
-
រៀបចំរបៀបវារៈសម្រាប់ការប្រជុំគណៈប្រធាន និងការប្រជុំកូរ៉ុម ។
-
កត់ត្រានៅក្នុងការប្រជុំ និងតាមដានការចាត់តាំងនានា ។
-
រៀបចំកាលវិភាគសម្ភាសសម្រាប់ការផ្តល់ការងារបម្រើ ( សូមមើល ២១.៣ ) ។
-
រៀបចំ និងបញ្ជូនរបាយការណ៍អ្នកចូលរួម និងចំនួននៃការសម្ភាសស្តីពីការងារបម្រើដែលបានធ្វើឡើងប្រចាំត្រីមាស ។
-
ជួយរៀបចំថវិកាប្រចាំឆ្នាំ និងតាមដានចំណាយនានា ។
៨.៣.៥
ការហៅបម្រើបន្ថែម
ការហៅបម្រើបន្ថែមខាងក្រោមនេះអាចមានអត្ថប្រយោជន៍ ។ ប៊ីស្សព និងប្រធានកូរ៉ុមអែលឌើរពិភាក្សាគ្នាថាត្រូវការការហៅបម្រើទាំងនេះឬទេ ។
-
គ្រូបង្រៀនកូរ៉ុមអែលឌើរបង្រៀនក្នុងការប្រជុំកូរ៉ុមនៅថ្ងៃអាទិត្យ ។
-
អ្នកសម្របសម្រួលការបម្រើដើម្បីជួយដាក់ផែនការ និងធ្វើការបម្រើដល់អ្នកដែលខ្វះខាត ( សូមមើល ៨.២.២.២ ) ។ ជំនួយការ និងសមាជិកគណៈកម្មការក៏អាចហៅបានដែរ ។
-
អ្នកសម្របសម្រួលសកម្មភាពដើម្បីជួយដាក់ផែនការ និងអនុវត្តតាមសកម្មភាពរបស់កូរ៉ុមអែលឌើរ ( សូមមើល ៨.២.១.៣ ) ។ ជំនួយការ និងសមាជិកគណៈកម្មការក៏អាចហៅបានដែរ ។
-
ជំនួយការលេខាដើម្បីជួយដល់លេខាកូរ៉ុមអែលឌើរ ។
-
លេខាខាងការងារបម្រើរៀបចំការសម្ភាសការងារបម្រើ ហើយជួយរៀបចំរបាយការណ៍ប្រចាំត្រីមាស ។
ប្រសិនបើការហៅបម្រើទាំងនេះ ឬការហៅបម្រើផ្សេងទៀតគឺចាំបាច់ នោះគណៈប្រធានកូរ៉ុមអែលឌើរគឺជាអ្នកផ្តល់អនុសាសន៍ឲ្យហៅបងប្អូនប្រុសដើម្បីបម្រើ ។ ពួកគាត់ផ្ដល់អនុសាសន៍ទាំងនេះជូនទៅកាន់គណៈប៊ីស្សព ។ ប្រសិនបើគណៈប៊ីស្សពអនុម័ត នោះសមាជិកមួយរូបនៃគណៈប្រធានកូរ៉ុមហៅពួកគេឲ្យបម្រើ ។ គាត់ណែនាំពួកគេដើម្បីទទួលការលើកដៃគាំទ្រនៅក្នុងការប្រជុំកូរ៉ុម និងធ្វើពិធីញែកចេញ ។
ប្រសិនបើចាំបាច់ គណៈប្រធានកូរ៉ុមអែលឌើរអាចចាត់តាំងបងប្អូនប្រុស ដើម្បីជួយដល់កិច្ចខិតខំរបស់កូរ៉ុមអែលឌើរតាមរបៀបផ្សេងៗ ។ បងប្អូនប្រុសដែលមានការចាត់តាំងរយៈពេលខ្លីពុំចាំបាច់ត្រូវហៅ និងធ្វើពិធីញែកចេញនោះទេ ។
៨.៤
ការជួយរៀបចំពួកអែលឌើរបម្រុងដើម្បីទទួលបព្វជិតភាពម៉ិលគីស្សាដែក
អែលឌើរបម្រុងគឺជាសមាជិកសាសនាចក្រជាបុរស ដែលពុំទាន់បានទទួលបព្វជិតភាពម៉ិលគីស្សាដែក និង (១) មានអាយុ ១៩ ឆ្នាំឡើង ឬ (២) មានអាយុតិចជាង ១៩ ឆ្នាំ តែបានរៀបការរួចហើយ ។
ការជួយរៀបចំពួកអែលឌើរបម្រុងឲ្យទទួលបព្វជិតភាពម៉ិលគីស្សាដែកជាអាទិភាពមួយ ក្នុងចំណោមអាទិភាពខ្ពស់បំផុតរបស់គណៈប្រធានកូរ៉ុម ។ គណៈប្រធានផ្តល់ឱកាសឲ្យកូរ៉ុមអែលឌើរបម្រើ និងចែកចាយភាពរឹងមាំរបស់ពួកគាត់ ។ បងប្អូនប្រុសដែលផ្ដល់ការងារបម្រើល្អៗគួរតែត្រូវបានចាត់ឲ្យធ្វើជាដៃគូនឹងពួកអែលឌើរបម្រុង ។
គណៈប្រធានកូរ៉ុម និងពួកបងប្អូនប្រុសដែលផ្ដល់ការងារបម្រើ បង្រៀនពួកអែលឌើរបម្រុងអំពី ៖
-
សម្បថ និងសេចក្តីសញ្ញានៃបព្វជិតភាព ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៣៣–៤៤ ) ។
-
កាតព្វកិច្ចនៃអែលឌើរ រួមមានកាតព្វកិច្ចដើម្បីផ្ដល់ការងារបម្រើ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៣៨–៤៥; ៤២:៤៤; ១០៧:១១–១២ ) ។ ពួកអែលឌើរបម្រុងដែលជាពួកគ្រូ ឬសង្ឃអាចបម្រើជាមួយពួកបងប្អូនប្រុសដែលផ្ដល់ការងារបម្រើបាន ។
-
គោលបំណងនៃពិធីបរិសុទ្ធ និងពរជ័យទាំងឡាយនៃបព្វជិតភាព និងរបៀបធ្វើពិធីបរិសុទ្ធទាំងនោះ ( សូមមើល ជំពូកទី ១៨ ) ។
-
របៀបដែលបុរស និងស្ត្រីធ្វើការរួមគ្នាដើម្បីសម្រេចបានកិច្ចការរបស់ព្រះ ។
សម្រាប់ព័ត៌មានអំពីប្រធានបទទាំងនេះ សូមមើល « បព្វជិតភាពម៉ិលគីស្សាដែក, « បព្វជិតភាព » និង« ស្ត្រីនៅក្នុងសាសនាចក្រ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ នៅលើគេហទំព័រ topics.ChurchofJesusChrist.org ) ។
សេចក្ដីណែនាំនេះអាចធ្វើឡើងចំពោះបុគ្គលម្នាក់ៗ ឬនៅក្នុងថ្នាក់មួយដែលធ្វើឡើងនៅក្រៅការប្រជុំថ្ងៃអាទិត្យធម្មតា ។
ពេលប៊ីស្សព និងប្រធានស្តេកកំណត់ថា អែលឌើរបម្រុងម្នាក់បានរៀបចំខ្លួន ហើយមានភាពស័ក្ដិសមភ្លាម នោះបុគ្គលនោះអាចត្រូវបានតែងតាំងជាអែលឌើរក្នុងបព្វជិតភាពម៉ិលគីស្សាដែកបាន ។
៨.៥
សេចក្តីណែនាំ និងគោលនយោបាយបនែ្ថម
៨.៥.១
សមាជិកដែលមានពិការភាព
គណៈប្រធានកូរ៉ុមអែលឌើរផ្ដល់ការមើលថែជាពិសេសដល់សមាជិកដែលមានពិការភាព ។ សម្រាប់ព័ត៌មានអំពីការជួយសមាជិកទាំងនេះ សូមមើលនៅលើគេហទំព័រ disability.ChurchofJesusChrist.org និង ៣៨.៨.២៦ ។