ក្បួនខ្នាត និង​ការហៅ
១១. ក្រុម​យុវនារី


« ១១. ក្រុម​យុវនារី » ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ( ឆ្នាំ ២០២០ ) ។

« ១១. ក្រុម​យុវនារី » ក្បួនខ្នាត​ទូទៅ ។

ក្រុម​យុវនារី​នៅ​ពី​ខាងក្រៅ

១១.

ក្រុម​យុវនារី

១១.១

គោលបំណង និង​អង្គការ

អង្គការ​យុវនារី​ជួយ​បុត្រា​បុត្រី​របស់​ព្រះ​ឲ្យរៀបចំ​ខ្លួន​ដើម្បី​ត្រឡប់​ទៅ​ទីវត្តមាន​របស់​ទ្រង់​វិញ ។ នៅពេល​ពួកគេ​ព្យាយាម​រក្សា​សេចក្តី​សញ្ញា​របស់​ពួកគេ​ជាមួយ​នឹង​ព្រះ នោះ​ក្រុម​យុវនារី​នឹង « ប្រដាប់​អាវុធ​ដោយ​សេចក្ដី​សុចរិត និង​ដោយ​ព្រះចេស្ដា​នៃ​ព្រះ​ដោយ​សិរីល្អ​ដ៏​អស្ចារ្យ » ( នីហ្វៃទី១ ១៤:១៤ ) ។

១១.១.១

គោលបំណង

អង្គការ​យុវនារី​ជួយ​ក្រុម​យុវនារី​ឲ្យ​ចុះ និង​រក្សា​សេចក្តីសញ្ញា​ដ៏​ពិសិដ្ឋ ហើយ​ធ្វើឲ្យ​ការប្រែចិត្ត​ជឿ​របស់ពួកគេ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់​កាន់តែ​ស៊ីជម្រៅ ។

គោលបំណង​របស់​ថ្នាក់​យុវនារី​គឺដើម្បី​ជួយ​ក្រុម​យុវនារី​ឲ្យ​ធ្វើការ​រួមគ្នា ដើម្បី​សម្រេច​បាន​កិច្ចការ​នៃ​សេចក្តីសង្រ្គោះ និង​ភាពតម្កើងឡើង ។ នៅក្នុង​ថ្នាក់​របស់ពួកគេ ក្រុម​យុវនារី​បម្រើ​មនុស្ស​ដទៃ បំពេញ​ទំនួលខុស​ត្រូវ​នៃ​សេចក្តីសញ្ញា ស្ថាបនា​សាមគ្គីភាព និង​រៀន​រស់នៅ​តាម​គោលលទ្ធិ ។

១១.១.២

បាវចនា​យុវនារី

បាវចនា​យុវនារីអាច​ជួយ​យុវនារី​ម្នាក់ៗ​ឲ្យ​យល់​ពី​អត្តសញ្ញាណ​ដ៏ទេវភាព​របស់​នាង ហើយ​ប្រែចិត្ត​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ក្រុម​យុវនារី និង​ថ្នាក់ដឹកនាំ​របស់ពួកគេ​សូត្រ​បាវចនា​នៅពេល​ចាប់ផ្តើម​ការប្រជុំ​នៅ​ថ្ងៃអាទិត្យ និង​នៅក្នុង​ការជួបជុំ​ដទៃ​ទៀត​របស់​យុវនារី ។ បាវចនា​មាន​ដូចត​ទៅនេះ ៖

« ខ្ញុំ​គឺជា​បុត្រី​សំណព្វ​របស់​ព្រះបិតាមាតា​សួគ៌​ដែល​មាន​និស្ស័យ​នៃ​ព្រះ និង​ជោគវាសនា​ដ៏​អស់​កល្ប​ជានិច្ច ។

ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ខ្ញុំ​ខិត​ខំ​ប្រែ​ក្លាយ​ដូចជា​ទ្រង់ ។ ខ្ញុំ​ស្វែង​រក ហើយ​ធ្វើតាម​វិវរណៈ​ផ្ទាល់​ខ្លួន និង​ផ្តល់​ការងារ​បម្រើ​ដល់​មនុស្ស​ដទៃ​នៅក្នុង​ព្រះនាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។

ខ្ញុំ​នឹង​ឈរ​ជា​សាក្សី​ចំពោះ​ព្រះ​នៅ​គ្រប់​ពេល គ្រប់​ការណ៍​ទាំងអស់ និង​គ្រប់​កន្លែង​ទាំងអស់ ។

នៅពេល​ខ្ញុំ​ព្យាយាម​ដើម្បី​ទទួល​បាន​ភាព​តម្កើង​ឡើង នោះ​ខ្ញុំ​រីករាយ​ចំពោះ​អំណោយទាន​នៃ​ការ​ប្រែ​ចិត្ត ហើយ​ខិតខំ​កែលម្អ​ជា​រៀង​រាល់​ថ្ងៃ ។ តាមរយៈ​សេចក្ដីជំនឿ ខ្ញុំ​នឹង​ពង្រឹង​គេហដ្ឋាន និង​គ្រួសារ​របស់​ខ្ញុំ ចុះ ហើយ​រក្សា​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ និង​ទទួល​ពិធី​បរិសុទ្ធ​ទាំងឡាយ ព្រមទាំង​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ » ។

១១.១.៣

រូបតំណាង​គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួល
ថ្នាក់​ទាំងឡាយ

យុវនារី​ក្លាយ​ជា​សមាជិក​នៃ​ថ្នាក់​យុវនារី​នៅ​ដើម​ឆ្នាំ​ក្នុងខែ មករា នៃ​ឆ្នាំ​ដែល​ពួកគេ​ឈាន​ដល់​អាយុ ១២ ឆ្នាំ ។

ថ្នាក់​យុវនារី​គឺ​រៀបចំ​ឡើង​តាម​ក្រុម​អាយុ ។ ក្រុម​អាយុ​មួយ​មាន​យុវនារី​ទាំងអស់ ដែល​មាន​អាយុ​ដំណាលគ្នា​តាម​ប្រតិទិន​ប្រចាំឆ្នាំ ។ ថ្នាក់​មួយ​អាច​រួម​បញ្ចូល​ច្រើន​ជាង​មួយ​ក្រុម​អាយុ ។ ក្រុម​យុវនារី​ឡើង​ទៅកាន់​ថ្នាក់​ថ្មី​នៅក្នុង​ខែ​មករា​នៃ​ឆ្នាំ​នីមួយៗ​ដែល​ពួកគេ​ឈាន​ដល់​អាយុ​នៃ​ក្រុម​យុវនារី​នៅក្នុង​ថ្នាក់​ថ្មី​នោះ ។

គណៈប៊ីស្សព និង​ថ្នាក់ដឹកនាំ​ជា​មជ្ឈិមវ័យ​របស់​ក្រុម​យុវនារី ធ្វើ​ការសម្រេច​ចិត្ត​ប្រកប​ដោយការ​អធិស្ឋាន​ដើម្បី​រៀបចំ​ថ្នាក់​ទាំងឡាយ​ស្រប​តាម​អាយុ ។ ពួកគាត់​ពិចារណា​ពី​ឱកាសឲ្យ​ក្រុម​យុវនារី​ចេះ​ធ្វើការ​ដឹកនាំ ។ ថ្នាក់​នីមួយៗ មិនថា​វា​មានទំហំ​ប៉ុនណា​នោះទេ វា​គួរតែ​មាន​ប្រធាន​មួយរូប ហើយ​បើអាច​ធ្វើបាន មាន​ទីប្រឹក្សា​ម្នាក់ ឬ​ពីរនាក់ ហើយនិង​លេខាម្នាក់ ។ នៅក្នុងអង្គភាព​ដែលមាន​យុវនារី​គ្រប់គ្រាន់ ថ្នាក់រៀន​ទាំងឡាយ​គួរតែ​មាន​សមាជិកច្រើន​ល្មម​ដើម្បី​ឲ្យ​គណៈប្រធាន​ថ្នាក់​មាន​សមាជិក​ដើម្បីបម្រើ ។

ថ្នាក់​យុវនារី

ថ្នាក់រៀន​ទាំងឡាយ​មាន​ចំណងជើង​រួម​ថា​ជា « ក្រុម​យុវនារី » ។ ប្រសិនបើ​ក្នុង​វួដ​មួយ​មាន​ច្រើនជាង​មួយថ្នាក់ សូម​ប្រើ​ក្រុម​អាយុ​ដើម្បី​បែងចែក​ថ្នាក់​ទាំងឡាយ ។

១១.២

ការចូលរួម​នៅក្នុង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង

ព្រះ​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មករក​ព្រះគ្រីស្ទ ហើយ​ជួយ​ធ្វើ​កិច្ចការ​របស់ទ្រង់ តាមរយៈ ៖

  • ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវគ្រីស្ទ ។

  • ការមើលថែ​ដល់​អ្នក​ខ្វះខាត ។

  • ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ ។

  • ការបង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប​ជានិច្ច ។

ដោយមាន​ការគាំទ្រ​ពី​ថ្នាក់ដឹកនាំជា​មជ្ឈិមវ័យ គណៈប្រធាន​ថ្នាក់​ពិភាក្សា​ជាមួយគ្នា​អំពីរបៀប​ដើម្បី​សម្រេច​កិច្ចការ​នេះ ។ សម្រាប់​ព័ត៌មាន​បន្ថែម​ស្តី​អំពី​កិច្ចការ​នៃ​សេចក្តីសង្រ្គោះ និង​ភាពលើកតម្កើង​ឡើង សូមមើល ជំពូកទី ១ ។

១១.២.១

ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវគ្រីស្ទ

១១.២.១.១

តួ​នាទី​របស់​ឪពុក​ម្តាយ និង​ថ្នាក់​ដឹកនាំ

ឪពុកម្តាយ​ទទួលខុសត្រូវ​លើការ​បង្រៀន​ដំណឹងល្អ​ដល់​កូនៗ​របស់​ខ្លួន និង​ជួយ​ពួកគេ​ឲ្យរស់នៅ​តាម​ដំណឹងល្អ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨:២៥–២៨ ) ។ គណៈប៊ីស្សព ថ្នាក់ដឹកនាំ​ក្រុមយុវនារី និង​គណៈប្រធាន​ថ្នាក់គាំទ្រ​ឪពុក​ម្តាយ​នៅក្នុង​ទំនួលខុសត្រូវ​នេះ ដូច​មាន​ខាងក្រោម ៖

  • លើកទឹកចិត្ត​ឲ្យ​មាន​ទំនាក់ទំនង​រវាង​ក្រុម​យុវនារី និង​ក្រុមគ្រួសារ​របស់ពួកគេ ។

  • ធានា​ឲ្យបាន​ថា សកម្មភាព​យុវវ័យ​គាំទ្រ និង​ផ្តល់​ពរជ័យ​ដល់​ក្រុមគ្រួសារ ។

  • ជួយ​ឪពុកម្តាយឲ្យ​រៀបចំ​បុត្រធីតា​របស់​ពួកគាត់ ដើម្បី​ទទួល​អំណោយទាន​ពិសិដ្ឋ​នៅព្រះវិហារ​បរិសុទ្ធ បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ( ប្រសិនបើ​យុវនារី​មានបំណង​ចង់​បម្រើ ) រៀបការ​នៅក្នុងព្រះវិហារ​បរិសុទ្ធ និង​ធ្វើ​ជាម្តាយ ។

ថ្នាក់ដឹកនាំ​គួរតែ​យកចិត្ត​ទុកដាក់​លើ​យុវវ័យ ដែល​ខ្វះ​ការគាំទ្រ​ពីគ្រួសារ​ដើម្បីរស់នៅ​តាម​ដំណឹងល្អ ។

ឪពុកម្តាយ និង​ថ្នាក់ដឹកនាំ​ព្យាយាម​ធ្វើ​ជា​គំរូល្អ​ដល់​យុវវ័យ ។ ពួកគាត់​ធ្វើជា​អ្នកណែនាំ​ដល់​យុវវ័យ​នៅក្នុង​ការ​ខិតខំប្រឹងប្រែង​របស់​ពួកគេ ដើម្បីប្រែក្លាយ​កាន់តែដូចជា​ព្រះ​យេស៊ូវ​គ្រីស្ទ ។ កម្មវិធី​កុមារ និង​យុវវ័យ​អាច​ជួយ​ដល់​ការខិតខំ​ទាំងនេះ​បាន ( សូមមើល​គេហទំព័រ ChildrenandYouth.ChurchofJesusChrist.org ) ។

១១.២.១.២

ការរៀនសូត្រ​ដំណឹង​ល្អ

ថ្នាក់ដឹកនាំ​ក្រុម​យុវនារី និង​គណៈប្រធាន​ថ្នាក់​យុវនារី​លើកទឹកចិត្ត​ដល់​យុវនារី និង​ក្រុមគ្រួសារ​របស់​ពួកគេ​ឲ្យ​រៀន​ដំណឹងល្អ​នៅឯ​ផ្ទះ ។ ថ្នាក់ដឹកនាំ​សិក្សា​ដំណឹងល្អ ហើយ​ចែកចាយ​ជាមួយ​ក្រុមយុវនារី​នូវអ្វី​ដែល​ពួកគាត់​បាន​រៀន ។ ពួកគាត់​អញ្ជើញ​សមាជិក​ក្នុងថ្នាក់​ឲ្យ​ចែកចាយ​នៅ​ព្រះវិហារ នូវ​អ្វី​ដែល​ពួកគេ​កំពុងរៀន​នៅ​ឯ​ផ្ទះ ។

ថ្នាក់​ក្រុម​យុវនារី​ជួបគ្នា​នៅថ្ងៃ​អាទិត្យ​ដើម្បី​ពង្រឹង​សេចក្តី​ជំនឿ បង្កើត​សាមគ្គីភាព ពង្រឹង​ក្រុមគ្រួសារ និង​គេហដ្ឋាន ហើយ​ដាក់​ផែនការ​ដើម្បី​សម្រេច​បាន​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាព​លើក​តម្កើងឡើង ។ ដោយ​មាន​ការគាំទ្រ​ពី​ថ្នាក់ដឹកនាំ​ជា​មជ្ឈិមវ័យ នោះ​គណៈប្រធាន​ថ្នាក់​ដាក់​ផែនការ​ប្រជុំ​នៅថ្ងៃ​អាទិត្យ ។

ការប្រជុំ​ថ្នាក់​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ទីពីរ និង​ទីបួន​នៃ​ខែ ។ ការប្រជុំ​នេះ​មាន​រយៈ​ពេល ៥០ នាទី ។ សមាជិក​មួយ​រូប​នៃ​គណៈ​ប្រធាន​ថ្នាក់​ដឹកនាំ​កម្មវិធី ។ នាង​ដឹកនាំ​ថ្នាក់​ក្នុង​ការសូត្រ​បាវចនា ហើយ​ប្រឹក្សា​ជាមួយ​គ្នា​អំពី​ការចាត់តាំង និង​កិច្ចការ​ផ្សេងៗ​ទៀត ។

បន្ទាប់មក សមាជិក​ថ្នាក់ ឬ​ថ្នាក់ដឹកនាំ​ជា​មជ្ឈិមវ័យ​ម្នាក់​ដឹកនាំ​ការបង្រៀន​ដំណឹងល្អ ។ គណៈប្រធាន​ថ្នាក់​ប្រឹក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ជា​មជ្ឈិមវ័យ​ពី​អ្នក​ដែល​គួរតែ​បង្រៀន ។ តារាង​ប្រជុំ​មាន​នៅក្នុង ចូរមក​តាមខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ( សូមមើល​គេហទំព័រ ComeFollowMe.ChurchofJesusChrist.org ) ។

ប្រសិនបើ​វួដ​មួយ​មាន​ថ្នាក់​យុវនារី​ច្រើន​ជាង​មួយ​ថ្នាក់ នោះ​ពួកគេ​ជួបគ្នា​ដាច់ដោយ​ឡែក​ពីគ្នា ។ ទោះជាយ៉ាងណា​ក៏ដោយ ពួកគេ​អាច​ជួបជុំគ្នា​នៅពេល​មាន​តម្រូវការ​ពិសេស​មួយ ។ ក្រុម​យុវជន និង​ក្រុម​យុវនារី​អាច​រៀន​ចូលគ្នា​ម្តងម្កាល​សម្រាប់​មេរៀន​ថ្ងៃអាទិត្យ ដូចដែល​បាន​សម្រប​សម្រួល​ដោយ​គណៈប៊ីស្សព និង​គណៈប្រធាន​យុវនារី ។

ក្រុមយុវនារី​ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ​ចូលរួម​នៅក្នុង​ថ្នាក់​សិក្ខាសាលា ( សូមមើល ១៥.១ ) ។

១១.២.១.៣

ការបម្រើ និង​សកម្មភាព​នានា

ដោយ​មាន​ការគាំទ្រ​ពី​ថ្នាក់ដឹកនាំជា​មជ្ឈិមវ័យ នោះ​គណៈប្រធាន​ថ្នាក់​ដាក់​ផែនការ​ធ្វើការបម្រើ និង​សកម្មភាព​នានា ។ កិច្ចការ​ទាំងនេះ​គួរតែ​ជួយ​សម្រេច​កិច្ចការ​នៃ​សេចក្តីសង្រ្គោះ និង​ភាព​តម្កើង​ឡើង ។ ការបម្រើ និង​សកម្មភាព​នានា​គួរតែ​ស្ថាបនា​ទីបន្ទាល់ ពង្រឹង​ក្រុមគ្រួសារ បង្កើត​ឲ្យ​មាន​សាមគ្គីភាព​នៅក្នុងថ្នាក់ និង​ផ្តល់​ឱកាស​ដើម្បី​ផ្តល់ពរជ័យ​ដល់​អ្នកដទៃ ។ សកម្មភាព​ទាំងនេះ​គួរតែ​មានតុល្យភាព​ក្នុងចំណោម​ផ្នែក​ទាំងបួន​នៃការរីក​ចម្រើន​ផ្ទាល់ខ្លួន ៖ ខាង​វិញ្ញាណ ខាង​សង្គម ខាង​រូបកាយ និង​ខាង​សតិបញ្ញា ។

រូបតំណាង​គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួល សកម្មភាព​យុវវ័យ​ភាគច្រើន​ធ្វើឡើង​ខុស​ពី​ថ្ងៃ​អាទិត្យ ឬ​ល្ងាច​ថ្ងៃចន្ទ ។ ជាធម្មតា សកម្មភាព​ទាំងនេះ​ធ្វើឡើង​រាល់​សប្តាហ៍ ។ នៅតាម​តំបន់ខ្លះ រយៈចម្ងាយ សុវត្ថិភាព ឬ​កត្តា​ផ្សេងៗ​ទៀត​ធ្វើ​ឲ្យ​សកម្មភាព​ប្រចាំ​សប្តាហ៍​មិនអាច​ធ្វើបាន ។ នៅតំបន់​ទាំងនេះ សកម្មភាព​នានា​អាច​ធ្វើ​មិនសូវ​ញឹកញាប់​ទេ ប៉ុន្តែ​ជាទូទៅ ពួកគេ​គួរតែ​ធ្វើ​ឡើង​យ៉ាងតិច​ណាស់​ម្តង​ក្នុង​មួយខែ ។ រូបតំណាង​ធនធាន​ដែល​អាច​ជ្រើសរើស​បាន សកម្មភាព​នានា​អាច​ដាក់​ផែនការ​នៅ​លើ Sample Service and Activity Planner ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

ការបម្រើ និង​សកម្មភាព​មួយ​ចំនួន​គួរតែ​រួមបញ្ចូល​ទាំង​ក្រុម​យុវជន និង​ក្រុម​យុវនារី ជា​ពិសេស​យុវវ័យ​ដែល​មាន​វ័យ​ច្រើន​ជាងគេ ។

ក្រុម​យុវវ័យ​អាច​ទទួលបាន​អត្ថប្រយោជន៍​ពី​ការជួបជុំ​គ្នា​ជា​ក្រុម​ធំៗ ។ ក្រុមយុវវ័យ​នៅក្នុង​វួដ​ពីរ ឬ​ច្រើន​ជាង​នោះ​អាច​ជួប​គ្នា​ម្តងម្កាល​ដើម្បី​ធ្វើការ​បម្រើ និង​ធ្វើ​សកម្មភាព​នានា ។ យូរ​ៗ​ម្ដង ស្តេក ឬ​មណ្ឌល​អាច​ដាក់​ផែនការ​ធ្វើការបម្រើ និង​ធ្វើ​សកម្មភាព​នានា​សម្រាប់​ក្រុម​យុវវ័យ ។

ថ្នាក់ដឹកនាំ​ជា​មជ្ឈិមវ័យ​ជួយ​ធានា​ឲ្យបាន​ថា សកម្មភាព​នានា​គឺ​មាន​សុវត្ថិភាព ( សូមមើល​គេហទំព័រ safety.ChurchofJesusChrist.org; សូមមើល​ផងដែរ ២០.៧ នៅក្នុង​ក្បួនខ្នាត​នេះ ) ។ យ៉ាងហោចណាស់ អ្នកដឹកនាំ​ជា​មជ្ឈិមវ័យ​ដែល​មានទំនួល​ខុសត្រូវ​ពីររូប គួរតែ​មាន​វត្តមាន​នៅ​គ្រប់​សកម្មភាព​ទាំងអស់ ( សូមមើល ១១.៦.១ ) ។

សម្រាប់​ព័ត៌មាន​បន្ថែម សូមមើលគេហទំព័រ YoungWomen.ChurchofJesusChrist.org ។ សូមមើល​ផងដែរ JustServe.org ប្រសិនបើ​មាន ។ ធនធាន​ទាំងនេះ​ផ្តល់​ជា​គំនិត​សម្រាប់​ការបម្រើ និង​ការធ្វើ​សកម្មភាព ។

សកម្មភាព​ប្រចាំឆ្នាំ ។ បន្ថែមលើ​ការធ្វើ​សកម្មភាព​នានា​ជាប្រចាំ​របស់​យុវវ័យ នោះ​ក្រុម​យុវនារី​ក៏​អាច​ចូលរួម​សកម្មភាព​ដូច​ខាងក្រោម​នេះ​ជា​រៀងរាល់​ឆ្នាំ​ផងដែរ ៖

  • ការប្រជុំ​សម្រាប់​ក្រុម​យុវវ័យ និង​ឪពុកម្តាយ​របស់ពួកគេ​នៅ​ជិត​ដើមឆ្នាំ ។ ការប្រជុំ​នេះ​អាច​ធ្វើឡើង​សម្រាប់​ក្រុម​យុវជន និង​ក្រុមយុវនារី​ដាច់​ដោយ​ឡែក​ពីគ្នា ឬ​ជាមួយ​គ្នា​ក៏បាន ។ ការប្រជុំ​នេះ​អាចធ្វើ​ឡើង​ជាវួដ ឬ​ជា​ស្តេក​ក៏បាន ។ ការប្រជុំ​នេះ​ត្រូវ​បានរៀបចំឡើង និង​ដឹកនាំ​ដោយ​ជំនួយ​ការ​ប៊ីស្យព​នៅក្នុង​កូរ៉ុមសង្ឃ និង​គណៈប្រធាន​ក្រុមយុវនារី​ដែល​មាន​វ័យច្រើន​ជាងគេ ។ ក្រុមយុវនារី​ដែល​ឈាន​ចូល​ដល់​អាយុ ១២ ឆ្នាំ នៅក្នុងឆ្នាំ​នោះ ​អាចទទួល​និមិត្តរូប​នៃកម្មសិទ្ធិ​របស់​ពួកគេ​បាន​នៅអំឡុង​ការ​ប្រជុំ​នេះ ( សូមមើល​លេខ ១១.៦.៣ ) ។ សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល ChildrenandYouth.ChurchofJesusChrist.org ។

  • ការបោះ​ជំរំ​របស់​ក្រុម​យុវនារី ( សូមមើល សេចក្តីណែនាំ​ស្តីពី​ការបោះ​ជំរំ​របស់​ក្រុម​យុវនារី ) ។ ក្រុមយុវនារី​អាច​ចូលរួម​នៅក្នុង​ការបោះ​ជំរំ​ដែល​មាន​ការ​សម្រាក​នៅ​ពេល​យប់ ព្រឹត្តិការណ៍ និង​សកម្មភាព​បន្ថែម​នានា​នៅពេញ​មួយឆ្នាំ​នោះ ប្រសិនបើ​អាច​ធ្វើទៅ​បាន ។

  • រូបតំណាង​ធនធាន​ដែល​អាច​ជ្រើសរើស​បាន សន្និសីទ​យុវវ័យ​វួដ ឬ​ស្តេក ឬ​សន្និសីទ​ដើម្បី​កម្លាំង​នៃ​យុវជន ( FSY ) ។ សម្រាប់​ព័ត៌មាន​អំពី​សន្និសីទ FSY សូមមើល​គេហទំព័រ FSY.ChurchofJesusChrist.org ។ សម្រាប់​ព័ត៌មាន​អំពី​ការហៅ និង​ការទទួល​ខុសត្រូវ​របស់ FSY វួដ និង​ស្ដេក សូមមើល​នៅលើ​គេហទំព័រ FSYLeader.ChurchofJesusChrist.org ( សម្រាប់​សហរដ្ឋ​អាមេរិក និង​កាណាដា ) ឬ សេចក្ដី​ណែនាំ​ពី​ការដាក់​ផែនការ FSY ( សម្រាប់​តំបន់​ផ្សេងទៀត​ទាំងអស់ ) ។

  • យ៉ាងហោចណាស់​សកម្មភាព​មួយ​សង្កត់ធ្ងន់​លើ​បទដ្ឋាន​នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ។ ព្រឹត្តិការណ៍​នេះអាច​រួមបញ្ចូល​ទាំង​ក្រុម​យុវជន និង​ក្រុម​យុវនារី ។ ឪពុកម្តាយ​ក៏អាច​អញ្ជើញ​ឲ្យ​ចូលរួម​បាន​ដែរ ។

តម្រូវការ​ស្តីអំពី​អាយុ ។ ដោយ​មាន​ការ​អនុម័ត​ពី​ឪពុក​ម្ដាយ​របស់​ពួកគេ ​ក្រុម​យុវនារី​អាច​ចូល​រួម​ការ​បោះជំរំ​របស់​ក្រុម​យុវនារី​ដែល​មាន​ការ​សម្រាក​នៅ​ពេល​​យប់ នៅ​ដើម​ខែ​មករា​នៃ​ឆ្នាំ​ដែល​ពួកគេ​ឈាន​ចូល​អាយុ ១២ ឆ្នាំ ។ ពួកគេ​អាច​ចូល​រួម​ក្នុង​ការ​រាំ​កំសាន្ត សន្និសីទ​យុវវ័យ និង​សន្និសីទ FSY នៅ​ដើម​ខែ​មករា​នៃ​ឆ្នាំ​ដែល​ពួកគេ​ឈាន​ចូល​អាយុ ១៤ ឆ្នាំ ។ ទោះជា​យ៉ាងណា​ក៏ដោយ ពួកគេ​គួរមាន​អាយុ​យ៉ាង​ហោច​ណាស់ ១៦ ឆ្នាំ​សម្រាប់​ការដើរលេង​ជា​គូ ( សូមមើល ដើម្បី​កម្លាំង​នៃ​យុវជន [ ឆ្នាំ ២០១១ ] ទំព័រ  ) ។

ការ​បង់​ប្រាក់​សម្រាប់​សកម្មភាព​នានា ។ សកម្មភាព​ទាំងឡាយ រួម​បញ្ចូល​ទាំង​គ្រឿង​ផ្គត់ផ្គង់​នានា​ត្រូវបាន​ចំណាយ​ដោយ​ប្រើ​ថវិកា​វួដ ។ ការ​ធ្វើ​ដំណើរ និង​ចំណាយ​ផ្សេងៗ​មិន​គួរ​លើស​កំណត់​នោះ​ទេ ។

ក្នុង​ករណី​លើក​លែង​មួយ ប្រសិន​បើ​ថវិកា​វួដ​ពុំ​គ្រប់​គ្រាន់​ដើម្បី​បង់​ថ្លៃ​ធ្វើសកម្មភាព​ជា​ច្រើន​ថ្ងៃ ដូចជា​ការ​បោះ​ជំរំ នោះ​ថ្នាក់​ដឹកនាំ​អាច​ស្នើសុំ​ឲ្យ​អ្នកចូលរួម​ជួយ​បង់​ថ្លៃ​ដើម្បី​ចូលរួមសកម្មភាព​នោះ​បាន ។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ យុវនារី​ម្នាក់​ពុំ​គួរ​អាក់ខាន​ពី​ការ​ចូល​រួម​ឡើយ ប្រសិន​បើ​នាង​ពុំ​អាច​ជួយ​បង់​ប្រាក់​បាននោះ ។ ប្រសិនបើ​នៅ​តែ​ត្រូវការ​ប្រាក់​ច្រើន​ទៀត នោះ​ប៊ីស្សព​អាច​ផ្ដល់​សិទ្ធិ​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​រៃ​អង្គាស​ប្រាក់​ម្ដង​ក្នុង​មួយ​ឆ្នាំ ( សូមមើល ២០.៦.៥ ) ។

គណៈប៊ីស្សព​ធានា​ឲ្យបាន​ថា ថវិកា និង​សកម្មភាព​ទាំងឡាយ​សម្រាប់​ក្រុម​យុវនារី និង​ក្រុម​យុវជន​មាន​ភាព​គ្រប់គ្រាន់ និង​សមធម៌ ។ ថវិកា​សម្រាប់​ក្រុម​យុវនារី​គឺ​ផ្អែក​លើ​ចំនួន​យុវនារី​នៅ​ក្នុង​វួដ ។ ថវិកា​សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន​គឺ​ផ្អែក​លើ​ចំនួន​យុវជន​នៅ​ក្នុង​វួដ ។

ក្រុម​យុវនារី​កំពុង​បាញ់ទឹកដាក់គ្នា

រូបតំណាង​ធនធាន​ដែល​អាច​ជ្រើសរើស​បាន សូមមើល​គេហទំព័រ FSY.ChurchofJesusChrist.org សម្រាប់​ព័ត៌មាន​ស្ដីពី​ការ​ផ្ដល់​មូលនិធិ​សម្រាប់​សន្និសីទ FSY ។

១១.២.១.៤

ការ​អភិវឌ្ឍ​ផ្ទាល់ខ្លួន

នៅក្នុង​ការខិតខំ​របស់​ពួកគេ​ដើម្បី​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះអង្គ​សង្រ្គោះ នោះ​យុវវ័យ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ដាក់​គោលដៅ​ដើម្បី​រីកចម្រើន​ខាងវិញ្ញាណ ខាងសង្គម ខាងរាងកាយ និង​ខាង​បញ្ញា ( សូមមើល លូកា ២:៥២ ) ។ យុវវ័យ​ស្វែង​រក​ការ​បំផុស​គំនិត​ដើម្បី​រកមើល​អ្វី​ដែល​ពួកគេ​ត្រូវធ្វើ ។ ដោយ​មាន​ជំនួយ​ពី​ឪពុកម្ដាយ ពួកគេ​ដាក់​ផែនការ ធ្វើតាម​ផែនការ​របស់​ពួកគេ និង​គិត​ពិចារណា​ពី​អ្វី​ដែល​ពួកគេ​រៀន ។ ថ្នាក់​ដឹកនាំ​ក៏​ផ្តល់​ការគាំទ្រ​ដែល​ចាំបាច់​ផង​ដែរ ។ ទោះជាយ៉ាងណា​ក៏ដោយ ពួកគាត់​មិន​គួរ​តាមដាន​ពី​គោលដៅ ឬ​ការរីក​ចម្រើន​របស់​ក្រុម​យុវនារី​នោះទេ ។ ឪពុកម្ដាយ និង​ថ្នាក់​ដឹកនាំ​អាច​ផ្ដល់​យោបល់​ពី​គោលដៅ ប៉ុន្តែ​ពួកគាត់​អនុញ្ញាត​ឲ្យ​យុវវ័យ​ស្វែង​រក​ការ​បំផុស​គំនិត​របស់​ពួកគេ​ផ្ទាល់​អំពី​គោលដៅ ដែល​ពួក​គេ​ចង់​សម្រេច​បាន ។

រៀងរាល់​ឆ្នាំ យុវវ័យ​ត្រូវបានលើកទឹកចិត្ត​ឲ្យ​បំពេញ​គោលដៅ​យ៉ាងហោច​ណាស់​ចំនួន​ពីរ​នៅក្នុង​ផ្នែក​នីមួយៗ​នៃផ្នែក​ទាំង​បួន ។ ក្រុម​យុវជន​អាច​ជ្រើសរើស​ប្រើ ការអភិវឌ្ឍ​ផ្ទាល់ខ្លួន ៖ សៀវភៅ​មគ្គទ្ទេសក៍​សម្រាប់​យុវវ័យ ឬ​កម្មវិធី​រស់នៅ​តាម​ដំណឹងល្អ​ដើម្បី​កំណត់ និង​កត់ត្រា​គោលដៅ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល​គេហទំព័រ ChildrenandYouth.ChurchofJesusChrist.org ។

១១.២.២

ការ​មើល​ថែដល់អ្នក​ខ្វះខាត

ក្រុមយុវនារី​គួរតែ​មាន​ឱកាស​បម្រើ​មនុស្ស​ដទៃ​ទាំង​នៅក្នុង និង​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ​ជាប្រចាំ នៅអំឡុងពេល​ធ្វើ​សកម្មភាព​យុវវ័យ និង​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់ ។ គំនិត​សម្រាប់​ការបម្រើ​អាច​រកបាន​នៅលើ​គេហទំព័រ ChildrenandYouth.ChurchofJesusChrist.org ។ នៅកន្លែង​ណា​ដែល​មាន JustServe.org ផ្ដល់​នូវ​យោបល់​ជា​ឱកាស​បម្រើ​ផ្សេងៗ​នៅក្នុង​សហគមន៍ ។

១១.២.២.១

ការផ្ដល់​ការងារ​បម្រើ

ការងារ​បម្រើ​គឺជា​ការថែរក្សា​ដល់​មនុស្សដទៃ​ដូច​ដែល​ព្រះអង្គ​សង្រ្គោះ​បាន​ធ្វើ​ដែរ ។ ក្រុមយុវនារី​អាច​ទទួល​ការងារបម្រើ​ដែល​បាន​ចាត់តាំង​មក នៅ​ដើម​ខែ​មករា​នៃ​ឆ្នាំ​ដែល​ពួកគេ​ឈានចូល​ដល់​អាយុ ១៤ ឆ្នាំ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល ជំពូកទី ២១ ។

១១.២.៣

ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ

ក្រុមយុវនារី​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ នៅពេល​ពួកគេ « ឈរ​ជា​សាក្សី​ដល់​ព្រះ​នៅ​គ្រប់​ពេល និង​គ្រប់​សេចក្តី និង​គ្រប់​ទីកន្លែង » ( ម៉ូសាយ ១៨:៩ ) ។ របៀប​មួយចំនួន​ដែល​ពួកគេ​អាច​ធ្វើ​កិច្ចការ​នេះ​បាន​គឺត្រូវ​បាន​រៀបរាប់​ដូចខាងក្រោម ៖

  • ធ្វើ​ជា​គំរូ​ល្អ​ក្នុងនាម​ជា​សិស្ស​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ។

  • ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​ជាមួយ​មិត្តភក្តិ និង​សមាជិក​គ្រួសារ ។

  • ផ្ដល់​ការងារ​បម្រើ​ទៅ​កាន់​សមាជិកដែល​មិនសូវ​សកម្ម​នៅក្នុង​ថ្នាក់​របស់​ពួកគេ ។

  • អញ្ជើញ​មិត្តភក្តិ​ឲ្យ​មកព្រះវិហារ ឬ​ចូល​រួម​ក្នុង​សកម្មភាព​ក្រុមយុវវ័យ ។

  • អញ្ជើញ​មិត្តភក្តិ​ឲ្យ​ចូលរួម​នៅក្នុង​កម្មវិធី​កុមារ និង​យុវវ័យ ។ ថ្នាក់ដឹកនាំ​ធ្វើការ​យ៉ាងជិតស្និទ្ធ​ជាមួយ​ឪពុកម្តាយ​របស់​យុវវ័យ​ទាំងនេះ ដើម្បី​ជួយពួកគេ​ឲ្យ​យល់ពី​កម្មវិធី​នេះ ហើយ​កំណត់ថាតើ​ពួកគាត់ និង​កូនៗ​របស់​ពួកគាត់​ចង់​ចូលរួម​បែបណា ។

  • អញ្ជើញ​មិត្តភក្តិ​ឲ្យ​រៀន​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។

ឪពុកម្តាយ និង​ថ្នាក់ដឹកនាំ​អាច​ជួយ​ក្រុម​យុវនារី​ឲ្យ​រៀបចំខ្លួន​ដើម្បី​ចែកចាយ​ដំណឹងល្អ​ពេញ​មួយ​ជីវិត​របស់ពួកគេ ។ របៀប​មួយចំនួន​ដែល​ពួកគេ​អាច​ធ្វើ​កិច្ចការ​នេះ​បាន​គឺត្រូវ​បាន​រៀបរាប់​ដូចខាងក្រោម ៖

  • លើកទឹកចិត្ត​ក្រុម​យុវនារី​ឲ្យ​ទទួលបាន​ទីបន្ទាល់​ផ្ទាល់ខ្លួន​អំពី​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតាសួគ៌ ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​ការស្តារ​ឡើងវិញ​នៃ​ដំណឹងល្អ​របស់ទ្រង់ ។

  • ផ្តល់​ឱកាស​បម្រើ​នៅក្នុង​សាសនាចក្រ ។

  • ផ្តល់​ឱកាស​បង្រៀន​ដំណឹងល្អ​នៅក្នុងការ​ប្រជុំ​ក្នុង​ថ្នាក់ និងការប្រជុំ​ផ្សេងៗ​ទៀត ។

ប្រសិនបើ​យុវនារី​មាន​បំណងប្រាថ្នា​ចង់​បម្រើ​បេសកកម្ម​ពេញម៉ោង នោះ​ឪពុកម្តាយ និង​ថ្នាក់ដឹកនាំ​ជួយ​ពួកគេ​ឲ្យរៀបចំខ្លួន ។ កិច្ចការនេះ​រួមមាន​ការបង្រៀន​ពួកគេ​អំពី​ពរជ័យ​ទាំងឡាយ និង​ការរំពឹងទុក​ពី​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ពេញម៉ោង ។

ជាផ្នែក​មួយ​នៃ​ការរៀបចំ​នេះ គណៈប៊ីស្សព ឬ​គណៈប្រធាន​ស្តេក​អាចរៀបចំ​ថ្នាក់​ការរៀបចំខ្លួន​ធ្វើ​ជាអ្នក​ផ្សព្វផ្សាយ​សាសនា​មួយ​បាន ។ ធនធាន​សំខាន់​សម្រាប់​ថ្នាក់​នេះ​គឺ​ព្រះគម្ពីរ បទដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា​សម្រាប់​សិស្ស​នៃ​ព្រះយេស៊ូវគ្រីស្ទ និង ប្រកាស​ដំណឹងល្អ​យើង ។ ថ្នាក់​នេះ​ពុំ​ធ្វើ​ឡើង​អំឡុង​ការ​ប្រជុំ​ថ្ងៃ​អាទិត្យ​នោះទេ ។

រូបតំណាង​ធនធាន​ដែល​អាច​ជ្រើសរើស​បាន គេហទំព័រ Missionary.ChurchofJesusChrist.org ផ្តល់​ឲ្យ​នូវ​ធនធាន​បន្ថែម​ទៀត ដែល​អាច​ជួយ​ដល់​យុវនារី​ដែល​មាន​បំណង​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​បម្រើ​បេសកកម្ម​បាន ។ សូមមើល ជំពូកទី ២៣ និងទី ២៤ សម្រាប់​ព័ត៌មាន​បន្ថែម ។

១១.២.៤

ការបង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប​អស់​កល្ប​ជានិច្ច

ក្រុម​យុវនារី​អាច​ជួយ​ក្រុមគ្រួសារ​ឲ្យ​មាន​សាមគ្គីភាព​អស់កល្ប​ជានិច្ច​តាម​របៀប​ជាច្រើន ។ វិធីមួយ​ចំនួន​ទាំងនេះ​គឺត្រូវបាន​រៀបរាប់​ដូចខាងក្រោម ៖

  • គោរព​ឪពុក​ម្តាយ​របស់​ពួកគេ និង​ធ្វើ​ជា​គំរូ​នៃ​ការរស់នៅ​ដូចជា​ព្រះគ្រីស្ទ​នៅក្នុង​ផ្ទះរបស់​ពួកគេ ។

  • រៀបចំ​ខ្លួន​ដើម្បី​មាន​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច​របស់​ពួកគេ​ផ្ទាល់ ។

  • ត្រូវមាន​ភាពស័ក្ដិសម​ដើម្បី​កាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។

  • រៀបចំ​ខ្លួន​ដើម្បី​ទទួល​ពិធីបរិសុទ្ធ​នៅ​ព្រះវិហារ​បរិសុទ្ធ រួមទាំង​ការរៀប​អាពាហ៍ពិពាហ៍​អស់កល្ប​ជានិច្ច​ផងដែរ ។

  • រៀន​អំពី​សាច់ញាតិ​ជិត​ឆ្ងាយ​ផ្សេងៗ​ទៀត និង​បុព្វការីជន​របស់​ពួកគេ ( សូមមើល ក្រុមគ្រួសារ​របស់ខ្ញុំ ៖ ដំណើររឿង​ដែល​នាំ​ឲ្យ​យើង​ជួបជុំ​គ្នា ) ។

  • ស្វែងរក​បុព្វការីជន​ដែល​ត្រូវការ​ពិធីបរិសុទ្ធ​នៅ​ព្រះវិហារ​បរិសុទ្ធ ( សូមមើល​គេហទំព័រ FamilySearch.org ) ។

  • ចូលរួម​នៅក្នុង​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់​សម្រាប់​មរណជន​ឲ្យ​បាន​ញឹកញាប់ តាម​ដែល​កាលៈទេសៈ​អនុញ្ញាត ។

  • ចូលរួម​ធ្វើ​លិបិក្រម ( សូមមើល​គេហទំព័រ FamilySearch.org/indexing ) ។

  • បម្រើ​ជា​អ្នកប្រឹក្សា​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ តាម​ដែល​បាន​ហៅឲ្យ​បម្រើ​ដោយ​គណៈប៊ីស្សព ( សូមមើល ២៥.២.៤ ) ។

១១.៣

ថ្នាក់​ដឹកនាំ​ក្រុម​យុវនារី​វួដ

១១.៣.១

គណៈ​ប៊ីស្សព

ការ​ទទួល​ខុសត្រូវ​ដ៏​សំខាន់​បំផុត​របស់​ប៊ីស្សព​គឺ ត្រូវមើល​ថែ​ក្រុម​យុវនារី និង​ក្រុម​យុវជន​នៅក្នុង​វួដ​របស់​គាត់ ។ គាត់ និង​ទីប្រឹក្សា​របស់គាត់​រៀន​ស្គាល់​ឈ្មោះ​របស់​ពួកគេ ហើយ​យល់​ពី​កាលៈទេសៈ​នៅ​ឯផ្ទះ​របស់​ពួកគេ ។ ពួកគាត់​ជួប​ជាមួយ​យុវនារី​ម្នាក់ៗ យ៉ាង​ហោច​ណាស់​ពីរដង​ក្នុង​មួយ​ឆ្នាំ ( សូមមើល ៣១.៣.១ ) ។

ប៊ីស្សព​មាន​ការទទួល​ខុសត្រូវ​លើ​អង្គការ​យុវនារី​​វួដ ។ គាត់​ជួប​នឹង​ប្រធាន​ក្រុមយុវនារី​ជា​ប្រចាំ ។ គាត់​រាយការណ៍​ពី​កិច្ចការ​របស់​ក្រុមយុវនារី​នៅក្នុង​ការប្រជុំ​គណៈប៊ីស្សព ។

ប៊ីស្សព និង​ទីប្រឹក្សា​របស់​គាត់​ចូលរួម​ជាប្រចាំ​នៅក្នុង​ការប្រជុំ ការបម្រើ និង​សកម្មភាព​នានា​របស់​ក្រុមយុវនារី ។ ប្រសិនបើ​មាន​ថ្នាក់​យុវនារី​ច្រើន នោះ​ប៊ីស្សព​អាច​ចាត់តាំង​ខ្លួនគាត់ និង​ទីប្រឹក្សា​របស់គាត់​ឲ្យ​ធ្វើ​ការ​ជាមួយ​ថ្នាក់​ជាក់លាក់​ណាមួយ ។

១១.៣.២

គណៈប្រធាន​ក្រុមយុវនារី​ជាមជ្ឈិមវ័យ

ប៊ីស្សព​ហៅ ហើយ​ញែក​ចេញ​ស្ត្រី​មជ្ឈិមវ័យ​ម្នាក់​ឲ្យ​បម្រើ​ជា​ប្រធាន​ក្រុមយុវនារី​វួដ ។ ប្រសិន​បើ​អង្គភាព​នោះ​ធំ​ល្មម​គ្រប់​គ្រាន់ ប្រធាន​ក្រុម​យុវនារី​នោះ​ផ្ដល់​អនុសាសន៍​ឲ្យ​ហៅ​ស្ត្រី​មជ្ឈិមវ័យ​​ម្នាក់ ឬ​ពីរ​នាក់​មក​ធ្វើ​ជា​ទីប្រឹក្សា​របស់​គាត់​ ( សូមមើល ជំពូក​ទី ៣០ ) ។ គណៈប៊ីស្សព​ពិចារណា​ពី​ការផ្ដល់​អនុសាសន៍​របស់​ប្រធាន​ក្រុម​យុវនារី ហើយ​ធ្វើ​ការហៅ​នោះ ។

រូបតំណាង​គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួល នៅ​ក្នុង​អង្គភាព​តូច​មួយ ប្រធាន​ក្រុមយុវនារី​ប្រហែល​ជាអ្នក​ដឹកនាំ​មជ្ឈិមវ័យ​តែ​ម្នាក់​គត់ ដែល​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​នៅ​ក្នុង​អង្គការ​យុវនារី ។ នៅ​ក្នុង​ករណី​នេះ គាត់​ធ្វើការ​ជាមួយ​ឪពុកម្តាយ​ដើម្បី​រៀបចំ​ការបង្រៀន និង​សកម្មភាព​នានា​សម្រាប់​ក្រុមយុវនារី ។ គាត់​ក៏​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា យ៉ាងហោច​ណាស់​មជ្ឈិមវ័យ​ពីរនាក់​ដែល​មាន​ការទទួល​ខុសត្រូវ មាន​វត្តមាន​នៅក្នុង​ការប្រជុំ និង​សកម្មភាព​ថ្នាក់​ទាំងអស់ ។ នៅពេល​ដែល​អាច​ធ្វើបាន ទីប្រឹក្សា និង​លេខា​គួរ​តែ​ត្រូវ​បាន​ហៅ​ផង​ដែរ ។

ប្រសិន​បើ​សាខា​មួយ​គ្មាន​ប្រធាន​ក្រុមយុវនារី​ទេ នោះ​ប្រធាន​សមាគម​សង្គ្រោះ​អាច​រៀបចំ​ការបង្រៀន​សម្រាប់​ក្រុមយុវនារី រហូតដល់​ប្រធាន​ក្រុម​យុវនារី​ម្នាក់​ត្រូវ​បាន​ហៅ ។

ស្ត្រី​ម្នាក់ និង​យុវនារី​ម្នាក់​កំពុង​ជជែកគ្នា

ប្រធាន​ក្រុមយុវនារី​មាន​ការ​ទទួល​ខុស​ត្រូវ​ដូច​ខាង​ក្រោម ។ ទីប្រឹក្សា​របស់​គាត់​ជួយ​ដល់​គាត់ ។

  • បម្រើ​នៅក្នុង​ក្រុមប្រឹក្សា​វួដ ។ គាត់​បម្រើ​ជា (១) សមាជិក​នៃ​ក្រុមប្រឹក្សា​វួដ​ដែល​ជួយ​បំពេញ​សេចក្ដី​ត្រូវការ​នៅក្នុង​វួដ ហើយ​ស្វែងរក​ដំណោះស្រាយ​នានា និង (២) ជា​អ្នកតំណាង​ឲ្យ​ក្រុម​យុវនារី ( សូម​មើល ២៩.២.៥ ) ។

  • បម្រើ​ជា​សមាជិក​មួយ​រូប​ក្នុង​ក្រុមប្រឹក្សា​យុវវ័យ​វួដ ( សូម​មើល ២៩.២.៦ ) ។

  • ផ្ដល់​ការងារ​បម្រើ​ដល់​យុវនារី​ម្នាក់ៗ ។

  • ផ្ដល់​អនុសាសន៍​ឲ្យ​គណៈ​ប៊ីស្សព​ហៅ​បងប្អូនស្រី​មក​បម្រើ​ក្នុង​ក្រុម​យុវនារី ។

  • បង្រៀន​ថ្នាក់ដឹកនាំ​ក្រុមយុវនារី​ផ្សេងទៀត និង​គណៈប្រធាន​ថ្នាក់​ទាំងឡាយ​អំពី​ការទទួល​ខុសត្រូវ​របស់​ពួកគេ ។

  • ប្រឹក្សា​ជាមួយ​យុវនារី​អំពី​ឧបសគ្គ​នានា​ដែល​មិន​តម្រូវ​ឲ្យ​ប៊ីស្សព​ជួយ​ដោះស្រាយ ឬ​ឧបសគ្គ​ដែល​ពាក់ព័ន្ធ​នឹង​ការរំលោភបំពាន ( សូមមើល ៣២.៣, ៣១.៣.១ និង ៣៨.៦.២ ) ។

  • ធ្វើ​ជាអ្នកណែនាំ​ដល់​គណៈប្រធានថ្នាក់​អំពី​ទំនួលខុសត្រូវ​ភាពជា​អ្នកដឹកនាំ​របស់ពួកគេ ។ ថ្នាក់​នីមួយៗ​ត្រូវ​បាន​ជួយ និង​មើល​ការខុសត្រូវ​ដោយ​សមាជិក​ជាក់លាក់​ម្នាក់​នៃ​គណៈប្រធាន​ក្រុមយុវនារី ។

  • គាំទ្រ​ដល់​យុវនារី ដែល​បម្រើ​ជាដៃគូ​របស់​បងប្អូនស្រ្តី​មជ្ឈិមវ័យ​នៅក្នុង​ការផ្ដល់​ការងារ​បម្រើ ( សូមមើល ២១.២.២ ) ។

  • ធ្វើ​ការ​ប្រជុំ​គណៈប្រធាន​ក្រុមយុវនារី​ជាប្រចាំ ហើយជួប​ជាមួយ​នឹង​ប៊ីស្សព ។

  • មើល​ខុស​ត្រូវ​លើ​កំណត់ត្រា របាយការណ៍ គម្រោង​ថវិកា និង​ហិរញ្ញវត្ថុ​របស់​អង្គការ​យុវនារី ។

១១.៣.៣

រូបតំណាង​គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួល
លេខា

ប្រសិន​បើ​អង្គភាព​នោះធំ​ល្មម​គ្រាប់​គ្រាន់ នោះ​ប្រធាន​ក្រុមយុវនារី​ផ្ដល់​អនុសាសន៍​ឲ្យ​គណៈប៊ីស្សព​ហៅ​បងប្អូន​ស្រ្តី​ជា​មជ្ឈិមវ័យ​ម្នាក់​មក​បម្រើ​ជា​លេខា​របស់​ក្រុមយុវនារី ។ លេខាអាច​មាន​ការទទួល​ខុស​ត្រូវ​ដូច​ខាង​ក្រោម ៖

  • ជួយ​គណៈប្រធាន​ក្រុមយុវនារី​រៀបចំ​របៀបវារៈ​សម្រាប់​ការប្រជុំ​គណៈ​ប្រធាន ។ គាត់​ចូលរួម​ក្នុង​ការប្រជុំ​ទាំង​នេះ កត់ត្រា ហើយ​តាម​ដាន​លើ​កិច្ចការ​ទាំង​ឡាយ ។

  • ណែនាំ​លេខា​ថ្នាក់​ផ្សេងទៀត ហើយ​ជួយ​ពួកគេ​ឲ្យ​កត់​វត្តមាន ។

  • ជួយ​គណៈប្រធាន​ក្រុម​យុវនារី​ឲ្យ​រៀបចំ​គម្រោង​ថវិកា និង​កត់ត្រា​ការចំណាយ ។

១១.៣.៤

គណៈប្រធាន​ថ្នាក់ និង​លេខា

១១.៣.៤.១

ការហៅ ការគាំទ្រ និង​ការធ្វើ​ពិធី​ញែកចេញ

ថ្នាក់​យុវនារី​នីមួយៗ​គួរតែ​មាន​គណៈប្រធាន​ថ្នាក់​មួយ ។ គណៈប្រធាន​ក្រុមយុវនារី​អាច​ផ្ដល់​អនុសាសន៍​ឲ្យ​យុវនារី​ណាម្នាក់​បម្រើ​ជា​ប្រធាន​ថ្នាក់ ។ សមាជិក​នៃ​គណៈ​ប៊ីស្សព​ប្រឹក្សា​ជាមួយគ្នា​ប្រកប​ដោយ​ការអធិស្ឋាន ដើម្បី​កំណត់​ថាតើ​នរណា​ដែល​ត្រូវ​ហៅឲ្យបម្រើ ។

សមាជិក​មួយរូប​នៃ​គណៈប៊ីស្សព​ហៅ​យុវនារី​ម្នាក់​ឲ្យបម្រើ​ជា​ប្រធាន​ថ្នាក់ ។ រូបតំណាង​ធនធាន​ដែល​អាច​ជ្រើសរើស​បាន នៅពេល​មាន​យុវនារី​គ្រប់គ្រាន់​ដើម្បី​បម្រើ ប្រធាន​ថ្នាក់​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​ពី​សមាជិក​ថ្នាក់ ដែល​ត្រូវ​ផ្តល់​អនុសាសន៍ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា និង​ជា​លេខា ។ គណៈប៊ីស្សព​ពិចារណា​ពី​ការផ្ដល់​អនុសាសន៍​របស់​ប្រធាន​ក្រុម​យុវនារី ហើយ​ធ្វើ​ការហៅ​នោះ ។

មុនពេល​សុំ​ឲ្យ​យុវនារី​ម្នាក់បម្រើ​ក្នុង​ការហៅ​ទាំងនេះ​ណាមួយ សមាជិក​គណៈប៊ីស្សព​សូម​ការអនុញ្ញា​ត​ពី​ឪពុកម្តាយ​របស់​យុវនារី​នោះ​ជាមុន​សិន ។

បន្ទាប់​ពី​បាន​ធ្វើ​ការហៅ​នេះ សមាជិក​មួយរូប​នៃ​គណៈប៊ីស្សព​នាំ​យុវនារី​ទៅកាន់​ថ្នាក់​របស់​ពួកគេ​ដើម្បី​ធ្វើការ​លើក​ដៃ​គាំទ្រ ។ ប៊ីស្សព ឬ​ទី​ប្រឹក្សា​ដែល​បាន​ចាត់តាំង​ម្នាក់​ធ្វើ​ពិធី​ញែក​ចេញ​ដល់​យុវនារី​នោះ ។

សមាជិក​ម្នាក់​នៃ​គណៈ​ប៊ីស្សព​ប្រកាស​ការហៅ​បម្រើ​ទាំងនេះ​ក្នុង​ម៉ោង​ប្រជុំ​សាក្រាម៉ង់ ។ គាត់​ពុំ​ស្នើសុំ​ឲ្យមាន​ការលើក​ដៃ​គាំទ្រ​នោះទេ ។

ភ្លាមៗ​ក្រោយពី​គណៈប្រធាន​ថ្នាក់​ត្រូវបាន​ញែក​ចេញ នោះ​សមាជិក​មួយរូប​នៃ​គណៈប៊ីស្សព​គួរតែ​បង្រៀន​ពួកគេ​ពី​ការទទួល​ខុសត្រូវ​របស់​ពួកគេ ។ សូមមើល « ការតម្រង់ទិស​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​គណៈប្រធាន​ថ្នាក់​ក្រុម​យុវនារី » នៅលើ​គេហទំព័រ YoungWomen.ChurchofJesusChrist.org; សូមមើល​ផងដែរ ជំពូកទី ៤ នៃ​ក្បួនខ្នាត​នេះ ។

១១.៣.៤.២

ការទទួល​ខុសត្រូវ​ទាំងឡាយ

ប្រធានថ្នាក់​បម្រើ​នៅក្នុង​ក្រុមប្រឹក្សា​យុវវ័យ​វួដ ( សូមមើល ១១.៣.៤.៤ ) ។ គណៈប្រធាន​ថ្នាក់​ក៏មាន​ទំនួល​ខុសត្រូវ​ដូច​ខាងក្រោម​ផងដែរ ៖

  • ដឹកនាំ​ឲ្យ​ថ្នាក់​ចូលរួម​នៅក្នុង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង ( សូមមើល ជំពូកទី ១ ) ។

  • រៀន​ស្គាល់ និង​បម្រើ​យុវនារី​ម្នាក់ៗ ដោយ​រួមទាំង​យុវនារី​ដែល​មិនបាន​ចូលរួម​នៅក្នុង​ការប្រជុំ​ថ្នាក់​ផងដែរ ។ ដឹងពី​តម្រូវការ និង​កាលៈទេសៈ​របស់​ពួកគេ ។

  • ចូលរួម​ក្នុង​កិច្ចខិតខំ​របស់​វួដ​ដើម្បី​ចែកចាយ​ដំណឹងល្អ និង​ពង្រឹង​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ ។ សមាជិក​ម្នាក់​នៃ​គណៈប្រធាន​ថ្នាក់​ក្រុម​យុវនារី​ដែល​មាន​វ័យ​ច្រើន​ជាងគេ​ចូលរួម​ការប្រជុំ​សម្រប​សម្រួល ( សូមមើល ២៣.៥.៧ ) ។

  • ចូលរួម​ក្នុង​កិច្ចខិតខំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​នៅក្នុង​វួដ ។ សមាជិក​ម្នាក់​នៃ​គណៈប្រធាន​ថ្នាក់​ក្រុម​យុវនារី​ដែល​មាន​វ័យ​ច្រើន​ជាងគេ​ចូលរួម​ការប្រជុំ​សម្រប​សម្រួល ( សូមមើល ២៥.២.៧ ) ។

  • ដាក់ផែនការ និង​ដឹកនាំ​ការប្រជុំថ្នាក់​នៅថ្ងៃ​អាទិត្យ ( សូមមើល ១១.២.១.២ ) ។

  • ដាក់ផែនការ និង​អនុវត្ត​ការបម្រើ និង​សកម្មភាព​នានា​នៅក្នុង​ថ្នាក់ ( សូមមើល ១១.២.១.៣ ) ។

  • ធ្វើ​ការប្រជុំ​សម្រាប់​គណៈប្រធាន​ថ្នាក់​ជាទៀងទាត់ ( សូមមើល ១១.៣.៤.៣ ) ។

រូបតំណាង​គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួល នៅពេល​ដែល​លេខា​ថ្នាក់​ត្រូវបាន​ហៅឲ្យបម្រើ ពួកគេ​រៀបចំ​របៀបវារៈ​សម្រាប់​ការប្រជុំ សរសេរ​កំណត់ត្រា និង​តាមដាន​វត្តមាន ។

សមាជិក​នៃ​គណៈប្រធាន​ក្រុម​យុវនារី​បង្រៀន​គណៈប្រធាន​ថ្នាក់​អំពី​ការទទួល​ខុសត្រូវ​របស់​ពួកគេ​ជាទៀងទាត់ ( សូមមើល ១១.៣.២ ) ។ អ្នកប្រឹក្សា​យោបល់ និង​អ្នកជំនាញ​ប្រចាំថ្នាក់​គួរតែ​ចូលរួមជួយ​យ៉ាង​សកម្ម ( សូមមើល ១១.៣.៥ និង ១១.៣.៦ ) ។

១១.៣.៤.៣

ការប្រជុំ​គណៈប្រធាន​ថ្នាក់

គណៈប្រធាន​ថ្នាក់​ក្រុម​យុវនារី​ជួបគ្នា​ជាប្រចាំ ។ ប្រធាន​ថ្នាក់​ដឹកនាំ​ការប្រជុំ​ទាំងនេះ ។ អ្នកដឹកនាំ​ជាមជ្ឈិមវ័យ​របស់​ក្រុមយុវនារី​ដែល​ត្រូវបាន​ចាត់តាំង​ឲ្យ​ជួយ​ដល់​គណៈប្រធាន​ថ្នាក់​ក៏ចូលរួម​ផងដែរ ។ នៅអំឡុង​ការប្រជុំ​ទាំងនេះ ថ្នាក់ដឹកនាំ​ប្រឹក្សា​ជាមួយគ្នា ហើយ​ស្វែងរក​វិវរណៈ​អំពី​ព្រះទ័យ​របស់​ព្រះអម្ចាស់​សម្រាប់​ថ្នាក់​របស់ពួកគេ ។ របៀបវារៈ​អាច​រួមមាន​ការពិភាក្សា​អំពី​ចំណុច​ដូចខាងក្រោម ៖

  • ការសម្រេច​បាន​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង

  • ការបម្រើ​សមាជិក​ក្នុង​កូរ៉ុម ដោយ​យកចិត្ត​ទុកដាក់​ជាពិសេស​ដើម្បី​គាំទ្រ​ដល់​សមាជិក​ថ្មី និង​ជួយ​ដល់​សមាជិក​ដែល​មិនសូវ​សកម្ម

  • ការឈោង​ទៅ​ជួយ​អស់​អ្នក​ដែល​មាន​សេចក្តី​ជំនឿ និង​ការជឿ​ផ្សេង

  • ការរៀបចំ​ផែនការ​ការប្រជុំ ការបម្រើ និង​សកម្មភាព​នានា​របស់​ថ្នាក់

  • សេចក្តីណែនាំ​ស្ដីពី​ភាពជា​អ្នក​ដឹកនាំ​មកពី​ថ្នាក់ដឹកនាំ​ក្រុមយុវនារី​ជា​មជ្ឈិមវ័យ ឬ​សមាជិក​ម្នាក់​នៃ​គណៈប្រធាន​ថ្នាក់

រូបតំណាង​ធនធាន​ដែល​អាច​ជ្រើសរើស​បាន របៀប​វារៈ​គំរូ​សម្រាប់​ការប្រជុំ​គណៈប្រធាន មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

១១.៣.៤.៤

ក្រុមប្រឹក្សា​យុវវ័យ​វួដ

គោលបំណង​របស់​ក្រុមប្រឹក្សា​យុវវ័យ​វួដ​គឺ ដើម្បី​ជួយ​ក្រុម​យុវវ័យ​ឲ្យ​នាំ​មនុស្ស​ដទៃ​មករក​ព្រះយេស៊ូវ​គ្រីស្ទ និង​ជួយ​សម្រេច​បាន​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាពតម្កើងឡើង ។

ប៊ីស្សព​ធ្វើ​ជា​អធិបតី​លើ​ក្រុម​ប្រឹក្សា​យុវវ័យ​វួដ ។ សមាជិក​ក្រុម​ប្រឹក្សា​នេះ​រួម​មាន ៖

  • គណៈ​ប៊ីស្សព ។

  • ជំនួយ​ការ​ម្នាក់​របស់​ប៊ីស្សព​នៅ​ក្នុង​កូរ៉ុម​សង្ឃ ប្រធានកូរ៉ុម​គ្រូ និង​ប្រធាន​កូរ៉ុម​ឌីកុន ។

  • ប្រធាន​ថ្នាក់​ទាំងឡាយ​របស់​ក្រុម​យុវនារី ( ឬ​គណៈប្រធាន​ថ្នាក់​ទាំងមូល ប្រសិន​បើ​វួដ​នោះ​មាន​ថ្នាក់​យុវនារី​តែ​មួយ ) ។

  • ប្រធាន​ក្រុមយុវនារី ។

ក្រុមប្រឹក្សា​យុវវ័យ​វួដ​ពិភាក្សា​ពី​វិធី​ដើម្បី​ជួយ​មនុស្ស​ដទៃ​ឲ្យ​ស្ថាបនា​ទីបន្ទាល់ ទទួល​ពិធី​បរិសុទ្ធ​នៃ​ការ​សង្គ្រោះ រក្សា​សេចក្ដី​សញ្ញា ហើយ​ក្លាយ​ជា​អ្នក​ដើរ​តាម​ដ៏​បរិសុទ្ធ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល មរ៉ូណៃ ៦:៤–៥ ) ។ ពួកគេ​ប្រឹក្សា​ជាមួយ​គ្នា​អំពី​សេចក្ដី​ត្រូវការ​របស់​ក្រុម​យុវនារី និង​ក្រុម​យុវជន​នៅ​ក្នុង​វួដ ។ ពួកគេ​អាច​ពិភាក្សា​អំពី​សកម្មភាព​នានា ដើម្បី​បំពេញតាម​សេចក្ដី​ត្រូវការ​ទាំង​នេះ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ដាក់​ផែនការ​លម្អិត​នៃ​សកម្មភាព​នានា​គួរ​តែ​ធ្វើ​ឡើង​នៅ​ក្នុង​ការប្រជុំ​កូរ៉ុម ឬ​ការប្រជុំ​គណៈប្រធាន​ថ្នាក់ ។

សូមមើល ២៩.២.៦ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​ស្ដីពី​ក្រុមប្រឹក្សា​យុវវ័យ​វួដ ។

១១.៣.៥

រូបតំណាង​គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួល
អ្នកប្រឹក្សា​យោបល់

គណៈប្រធាន​ក្រុម​យុវនារី​អាច​ផ្ដល់​អនុសាសន៍​ឲ្យ​គណៈ​ប៊ីស្សព​ហៅ​ពួក​អ្នក​ប្រឹក្សា​យោបល់​សម្រាប់​ក្រុម​យុវនារី​បាន ។ អ្នក​ប្រឹក្សា​យោបល់​ម្នាក់ៗ​ធ្វើការ​ជាមួយ​ក្រុម​យុវនារី​ដែល​មាន​អាយុ​ជាក់​លាក់ ។

អ្នក​ប្រឹក្សា​យោបល់​មាន​ការ​ទទួល​ខុស​ត្រូវ​ដូច​ខាង​ក្រោម ៖

  • ជួយ​គណៈប្រធាន​ក្រុមយុវនារី​ជាមួយ​នឹង​ការ​ទទួល​ខុស​ត្រូវ​របស់​ពួកគាត់ ។

  • គាំទ្រ ហើយ​ណែនាំ​ដល់​គណៈប្រធាន​ថ្នាក់ ពេល​ពួកគេ​រៀន ហើយ​អនុវត្ត​ការទទួល​ខុសត្រូវ​របស់​ពួកគេ ។

  • បង្រៀន​មេរៀន​នៅ​ថ្ងៃ​អាទិត្យ ប្រសិន​បើ​ចាំបាច់ ។ ជួយ​យុវនារី​ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​បង្រៀន​មេរៀន​មួយ ដើម្បី​រៀបចំ​ខ្លួន ហើយ​បង្រៀន​យ៉ាង​មាន​ប្រសិទ្ធ​ភាព ។

  • ចូល​រួម​សកម្មភាព​ថ្នាក់ ។

  • ចូលរួម​ការប្រជុំ​គណៈប្រធាន​ក្រុម​យុវនារី​វួដ ប្រសិនបើ​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម ។

យ៉ាងហោចណាស់ ស្ត្រី​ជា​មជ្ឈិមវ័យ​ពីរ​នាក់​ដែល​មាន​ការទទួល​ខុសត្រូវ គួរតែ​មាន​វត្តមាន​នៅ​ក្នុង​ការ​ប្រជុំ និង​សកម្មភាព​ថ្នាក់​នីមួយៗ ។ អ្នក​ប្រឹក្សា​យោបល់​ត្រូវ​តែ​បំពេញ​ការ​បំពាក់​បំប៉ន​នៅ​លើ​គេហទំព័រ ProtectingChildren.ChurchofJesusChrist.org ( សូមមើល ១១.៦.១ ) ។

យុវនារី​កំពុង​ដេរ

១១.៣.៦

រូបតំណាង​ធនធាន​ដែល​អាច​ជ្រើសរើស​បាន
អ្នក​ជំនាញ

នៅពេល​ចាំបាច់ គណៈប្រធាន​ក្រុម​យុវនារី​អាច​ផ្ដល់​អនុសាសន៍​ឲ្យ​គណៈប៊ីស្សព​ហៅ​អ្នកជំនាញ ឲ្យ​មក​ជួយ​ក្នុង​ព្រឹត្តិការណ៍​ជាក់លាក់​មួយ ដូចជា​ការបោះ​ជំរំ សន្និសីទ​យុវវ័យ ឬ​សកម្មភាព​កីឡា​ផងដែរ ។

ពួក​អ្នក​ជំនាញ​គ្រប់​រូប​ធ្វើ​ការ​បម្រើ​នៅក្រោម​ការដឹកនាំ​ពី​គណៈប្រធាន​ក្រុម​យុវនារី​វួដ ។

អ្នកជំនាញ​ត្រូវតែ​បញ្ចប់​ការបំពាក់​បំប៉ន​នៅលើ​គេហទំព័រ ProtectingChildren.ChurchofJesusChrist.org ( សូមមើល ១១.៦.១ ) ។

១១.៤

ការ​​ជួយ​ក្រុមយុវនារី​​ឲ្យ​រៀបចំ​​ខ្លួន​ចូល​រួម​នឹង​សមាគមសង្គ្រោះ

យុវនារី​ម្នាក់​អាច​ចូល​រួម​នឹង​​សមាគម​សង្រ្គោះ ពេល​នាង​មាន​អាយុ ១៨ ឆ្នាំ ។ លុះ​ដល់​អាយុ ១៩ ឆ្នាំ យុវនារី​ម្នាក់ៗ​គួរតែ​ចូលរួម​ពេញលេញ​នៅ​ក្នុង​សមាគម​សង្រ្គោះ ។ នៅ​ក្នុង​ករណី​ខ្លះ យុវនារី​ម្នាក់​អាច​ចូល​រួម​នឹង​​សមាគម​សង្រ្គោះ​មុន​ថ្ងៃ​ខួប​កំណើត​អាយុ ១៨ ឆ្នាំ​របស់​នាង ។ យុវនារី​ម្នាក់ៗ​ប្រឹក្សា​ជាមួយ​នឹង​ឪពុក​ម្ដាយ​នាង និង​ប៊ីស្សព​ដើម្បី​សម្រេច​ចិត្ត​ពី​អ្វី​ដែល​នឹង​ជួយ​នាង​បាន​ល្អ​បំផុត ដើម្បី​ពង្រឹង​សេចក្ដី​ជំនឿ​របស់​នាង​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

ឪពុក​ម្ដាយ ព្រមទាំង​ថ្នាក់​ដឹកនាំ​ក្រុម​យុវនារី និង​សមាគម​សង្គ្រោះ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ជួយ​យុវនារី​ម្នាក់ៗ​ឲ្យ​អភិវឌ្ឍ​ខ្លួន​ដោយ​ជោគ​ជ័យ ដើម្បី​ចូល​រួម​ក្នុង​សមាគម​សង្គ្រោះ ។ ថ្នាក់​ដឹកនាំ​ទាំង​នេះ​ផ្ដល់​ឱកាស​ជា​បន្ត​បន្ទាប់​ឲ្យ​យុវនារី និង​បងប្អូន​ស្រី​នៃ​សមាគម​សង្គ្រោះ​ស្គាល់​គ្នា ហើយ​បង្កើត​ចំណង​មិត្តភាព ។

១១.៥

រូបតំណាង​គោលការណ៍​ណែនាំ​សម្រាប់​ការសម្រប​សម្រួល
ថ្នាក់​ដឹកនាំ​ក្រុម​យុវនារី​ស្តេក

សមាជិក​មួយ​រូប​នៃ​គណៈ​ប្រធាន​ស្តេក​ហៅ​ស្រ្តី​មជ្ឈិមវ័យ​ម្នាក់​ឲ្យ​បម្រើ​ជា​ប្រធាន​ក្រុម​យុវនារី​ស្តេក ។ ប្រសិនបើ​ស្តេក​នោះ​ធំល្មម ប្រធាន​ក្រុម​យុវនារី​ស្តេក​ផ្តល់​អនុសាសន៍​ឲ្យ​មាន​ស្រ្តី​មជ្ឈិមវ័យ​ម្នាក់ ឬ​ពីរនាក់​មក​បម្រើ​ជាទីប្រឹក្សា និង​ម្នាក់ទៀត​បម្រើ​ជា​លេខា ។ ស្រ្តី​ទាំង​នេះ​ត្រូវបានហៅ និង​ធ្វើ​ពិធីញែកចេញ​ដោយ​សមាជិក​នៃ​គណៈប្រធាន​ស្តេក ឬ​ទីប្រឹក្សា​ជាន់ខ្ពស់​ដែលបាន​ចាត់​តាំង​មួយរូប ។ សម្រាប់​ព័ត៌មាន​អំពី​ការទទួល​ខុសត្រូវ​របស់​គណៈប្រធាន និង​លេខា​ក្រុម​យុវនារី​ស្តេក សូមមើល ៦.៧.១ និង ៦.៧.៣ ។

ទីប្រឹក្សា​ម្នាក់​នៅក្នុង​គណៈប្រធាន​ស្តេក​ទទួល​ខុសត្រូវ​លើ​អង្គការ​យុវនារី​នៅ​ក្នុង​ស្តេក ។ គាត់​ក៏មាន​ទំនួលខុសត្រូវ​លើ​កិច្ចការ​របស់​គណៈប្រធាន​ក្រុម​យុវនារី​ស្តេក​ផងដែរ ។ គាត់​ក៏​ផ្តល់​ការណែនាំ​ដល់​ប៊ីស្សព​ពី​ការទទួល​ខុសត្រូវ​របស់​ប៊ីស្សព​សម្រាប់​ក្រុម​យុវនារី​ផង​ដែរ ។

គណៈប្រធាន​ស្តេក​ចាត់តាំង​ទីប្រឹក្សា​ជាន់ខ្ពស់​ម្នាក់​ឲ្យ​ធ្វើការ​ជាមួយ​គណៈប្រធាន​យុវនារី​ស្តេក ( សូមមើល ៦.៥ ) ។ ទីប្រឹក្សា​ជាន់​ខ្ពស់​រូប​នេះ និង​គណៈប្រធាន​ក្រុម​យុវនារី និង​លេខា​បម្រើ​នៅ​ក្នុង​គណៈកម្មការ​ថ្នាក់ដឹកនាំ​យុវវ័យ​ស្តេក ( សូមមើល ២៩.៣.១០ ) ។

យុវនារី​នៅក្នុង​ថ្នាក់រៀន

១១.៦

គោលការណ៍​ណែនាំ និង​គោលនយោបាយ​បនែ្ថម

១១.៦.១

ការ​ការ​ពារ​យុវវ័យ

នៅពេល​មជ្ឈិមវ័យ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​យុវវ័យ​នៅក្នុង​បរិវេណ​សាសនាចក្រ យ៉ាង​ហោច​ណាស់​គួរមាន​មជ្ឈិមវ័យ​ពីរ​រូប​ដែល​មាន​ការទទួល​ខុសត្រូវ មាន​វត្តមាន​នៅទីនោះ ។ វាអាច​ចាំបាច់​ដើម្បី​បញ្ចូ​លថ្នាក់រៀន​ចូលគ្នា​ដើម្បី​ឲ្យ​ការងារ​នេះ​អាច​ធ្វើ​ទៅ​បាន ។

មជ្ឈិមវ័យ​ទាំងអស់​ដែល​ធ្វើការ​ជាមួយ​យុវវ័យ​ត្រូវតែ​បំពេញ​វគ្គ​បណ្តុះ​បណ្តាល​ការការពារ​កុមារ និង​យុវវ័យ​ក្នុងរយៈពេល​មួយ​ខែ​ក្រោយពី​ត្រូវបាន​គាំទ្រ​ចំពោះ​ការហៅ ( នៅលើ​គេហទំព័រProtectingChildren.ChurchofJesusChrist.org ) ។ បន្ទាប់ពី​នោះ​មក ពួកគេ​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​នោះ​ម្តងទៀត​រៀងរាល់​បីឆ្នាំ​ម្ដង ។

សម្រាប់​ព័ត៌មាន​ស្ដីពី​របៀប​ដែល​គោលការណ៍​ណែនាំ​ទាំង​នេះ​អនុវត្ត​ចំពោះ​ដៃគូ​ផ្ដល់​ការងារ​បម្រើ សូម​មើល ២១.២.២ ។

១១.៦.២

យុវនារី​ដែល​មាន​ពិការភាព

គណៈប្រធាន​ថ្នាក់​ផ្ដល់​ការ​មើល​ថែ​ជា​ពិសេស​ដល់​យុវនារី​ដែល​មាន​ពិការភាព ។ រូបតំណាង​ធនធាន​ដែល​អាច​ជ្រើសរើស​បាន សម្រាប់​ព័ត៌មាន​អំពី​ការ​ជួយ​ដល់​យុវនារី​ទាំង​នេះ សូមមើល​គេហទំព័រ disabilities.ChurchofJesusChrist.org ។

១១.៦.៣

និមិត្តរូប​សម្រាប់​កុមារ និង​យុវវ័យ

ក្រុមយុវនារី​ទទួល​បាន​និមិត្តរូប​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​កុមារ និង​យុវវ័យ ។ យុវនារី​គ្រប់​រូប​គួរ​តែ​ទទួល​បាន​និមិត្តរូប​នៃ​កម្មសិទ្ធិ​មួយ​មក​ពី​គណៈប្រធាន​ថ្នាក់​របស់​នាង នៅ​ពេល​នាង​ក្លាយ​ជា​សមាជិក​នៃ​ក្រុម​យុវនារី ។ នាង​ក៏​ទទួល​បាន​ច្បាប់​ចម្លង​មួយ​ច្បាប់​នៃ ការអភិវឌ្ឍ​ខ្លួន ៖ សៀវភៅ​ណែនាំ​យុវវ័យ ផង​ដែរ ។ ការណ៍​នេះ​អាច​ធ្វើ​ទៅ​បាន នៅពេល​គណៈប្រធាន​ថ្នាក់ និង​ថ្នាក់​ដឹកនាំ​ជា​មជ្ឈិមវ័យ​ក្នុង​ក្រុម​យុវនារី​ទទួល​ស្វាគមន៍​នាង​មក​កាន់​ក្រុម​យុវនារី ។ វា​ក៏​អាច​ធ្វើ​ឡើង​នៅក្នុង​ការប្រជុំ​ប្រចាំ​ឆ្នាំ​សម្រាប់​យុវវ័យ និង​ឪពុក​ម្ដាយ​របស់​ពួកគេ​ផងដែរ ( សូមមើល ១១.២.១.៣ ) ។

នៅ​ខែ​មករា​នៃ​ឆ្នាំ​ដែល​យុវនារី​ម្នាក់​ឈាន​ចូល​អាយុ ១៨ ឆ្នាំ នោះ​នាង​ទទួល​បាន​និមិត្តរូប​នៃ​កម្មសិទ្ធិ​មួយ​បន្ថែម​ទៀត ។

ក្រុម​យុវនារី​អាច​ទទួល​បាន​និមិត្តរូប​នៃ​សមិទ្ធិផល​មួយ ​តាមរយៈ​ការព្យាយាម​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ ។

ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​និមិត្តរូប សូមមើល​នៅលើ​គេហទំព័រ ChildrenandYouth.ChurchofJesusChrist.org ។