« ២៤. អនុសាសន៍ និងការបម្រើជាអ្នកផ្សព្វផ្សាយសាសនា » ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( ឆ្នាំ ២០២០ ) ។
« ២៤. អនុសាសន៍ និងការបម្រើជាអ្នកផ្សព្វផ្សាយសាសនា » ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
២៤.
អនុសាសន៍ និងការបម្រើជាអ្នកផ្សព្វផ្សាយសាសនា
២៤.០
សេចក្ដីផ្ដើម
នៅជំនាន់បុរាណ ព្រះអម្ចាស់បានប្រទានសិទ្ធិអំណាចឲ្យប្រមូលផ្ដុំអ៊ីស្រាអែលនៅក្នុងចំណោម « គ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ » ( ម៉ាថាយ ២៨:១៩; សូមមើលផងដែរ ខទី ២០ ) ។ ព្រះអម្ចាស់បានរំឭកសិទ្ធិអំណាចនោះនៅក្នុងជំនាន់ចុងក្រោយនេះ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៣៩:១១; ៦៨:៦–៨; ១១២:២៨–៣០ ) ។ សមាជិកសាសនាចក្រទាំងអស់ចុះសេចក្ដីសញ្ញានៅពេលធ្វើពិធីបុណ្យជ្រមុជទឹកថា នឹងធ្វើជាសាក្សីរបស់ព្រះ ហើយផ្ដល់ការងារបម្រើដល់មនុស្សដទៃ ( សូមមើល ម៉ូសាយ ១៨:៨–១០ ) ។
ការបម្រើព្រះអម្ចាស់ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ គឺជាឯកសិទ្ធិដ៏ពិសិដ្ឋមួយ ។ វានាំមកនូវពរជ័យដ៏អស់កល្បដល់អ្នកផ្សព្វផ្សាយរូបនោះ និងអស់អ្នកដែលគាត់ ឬនាងបម្រើ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:១៤–១៦ ) ។
ការហៅបម្រើបេសកកម្មរួមមានការចាត់តាំងមួយដើម្បីបង្រៀនដំណឹងល្អ គាំទ្រដល់កិច្ចការរបស់នាយកដ្ឋាន ឬអង្គភាពនៃសាសនាចក្រ ឬបម្រើនៅក្នុងសហគមន៍ក្នុងមូលដ្ឋាន ។ ព្រះអម្ចាស់រំពឹងថា យុវជនម្នាក់ៗអាចរៀបចំខ្លួនធ្វើការបម្រើនេះ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៣៦:១, ៤–៧ ) ។ យុវនារី និងសមាជិកដែលមានវ័យច្រើនដែលមានបំណងចង់បម្រើ ក៏គួរតែរៀបចំខ្លួនផងដែរ ។ ផ្នែកដ៏សំខាន់មួយនៃការរៀបចំខ្លួន គឺការព្យាយាមប្រែចិត្តជឿលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ ។ អស់អ្នកទាំងឡាយដែលមានបំណងប្រាថ្នាចង់បម្រើក៏រៀបចំខ្លួនទាំងខាងរាងកាយ ខាងផ្លូវចិត្ត ខាងសតិអារម្មណ៍ និងខាងហិរញ្ញវត្ថុផងដែរ ។
២៤.១
ការហៅឲ្យបម្រើ
អ្នកផ្សព្វផ្សាយសាសនាម្នាក់ៗត្រូវបានហៅឲ្យជួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទធ្វើកិច្ចការរបស់ទ្រង់ទាំងទ្វេ ។ អ្នកផ្សព្វផ្សាយសាសនាតំណាងឲ្យព្រះយេស៊ូវគ្រីស្ទ និងសាសនាចក្រដែលបានស្តារឡើងវិញរបស់ទ្រង់ ។ ពួកគេបម្រើព្រះអម្ចាស់ដោយសេចក្ដីស្រឡាញ់ដល់បុត្រាបុត្រីរបស់ទ្រង់ ដោយមិនគិតពីខ្លួនឯង ។ ( សូមមើល ម៉ាថាយ ១៦:២៥; ២២:៣៦–៤០ ) ។
ការហៅបម្រើបេសកកម្មត្រូវបានផ្ដល់ដល់សមាជិក ដែលមានបំណងប្រាថ្នាចង់បម្រើ មានភាពស័ក្ដិសម និងមានសមត្ថភាព ។ សមាជិកទាំងនេះខិតខំបម្រើដល់ព្រះអម្ចាស់ឲ្យអស់ពី « ចិត្ត អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំង » របស់ពួកគេ ។ ពួកគេបង្កើតឲ្យមាន « សេចក្ដីជំនឿ សេចក្ដីសង្ឃឹម សេចក្ដីសប្បុរស និងសេចក្ដីស្រឡាញ់ » ។ ពួកគេរក្សា « ភ្នែកស្មោះត្រង់ទាំងស្រុងចំពោះសិរីល្អនៃព្រះ » ។ កាលពួកគេធ្វើការណ៍ទាំងនេះ នោះព្រះអម្ចាស់នឹងធ្វើឲ្យពួកគេមានភាពស័ក្ដិសមនឹងកិច្ចការនេះ ។ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៤:២, ៥; សូមមើលផងដែរ ខទី ១–៧ ) ។
អ្នកផ្សព្វផ្សាយសាសនាតំណាងឲ្យព្រះអម្ចាស់ និងត្រូវតែបានហៅដោយសិទ្ធិអំណាចត្រឹមត្រូវ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:១១; មាត្រានៃសេចក្ដីជំនឿ ១:៥ ) ។ ជាទូទៅ ការហៅឲ្យបម្រើបេសកកម្មត្រូវបានផ្ដល់មកពីប្រធាននៃសាសនាចក្រ ។ សម្រាប់អ្នកផ្សព្វផ្សាយសាសនារៀមច្បងផ្នែកសេវាកម្ម ការហៅត្រូវបានផ្ដល់មកពីប្រធានស្តេក ។
២៤.២
ការចាត់តាំងជាអ្នកផ្សព្វផ្សាយសាសនា
ការហៅឲ្យបម្រើជាអ្នកផ្សព្វផ្សាយសាសនារួមមាននូវការចាត់តាំងដ៏ជាក់លាក់មួយ ។ ការចាត់តាំងទាំងនេះអាចខុសគ្នាខ្លាំង ។ ជាធម្មតា ការចាត់តាំងទាំងនេះរួមមាន ៖
-
ទម្រង់បែបបទនៃការបម្រើ ។
-
ទីតាំង ។
-
រយៈពេលនៃការបម្រើ ។
ការចាត់តាំងនីមួយៗត្រូវបានដឹកនាំដោយវិវរណៈ ដើម្បីឲ្យវាត្រូវនឹងអ្នកផ្សព្វផ្សាយសាសនា ក៏ដូចជាតម្រូវការនៃបុត្រាបុត្រីរបស់ព្រះផងដែរ ។
ការចាត់តាំងអាចមានការផ្លាស់ប្ដូរតាមរយៈវិវរណៈជាបន្ដបន្ទាប់ នៅពេលស្ថានភាពផ្លាស់ប្ដូរ ។ ការចាត់តាំងជាក់លាក់មួយគឺជារឿងសំខាន់ ។ ប៉ុន្ដែ វាជារឿងបន្ទាប់បន្សំចំពោះការហៅឲ្យបម្រើជាអ្នកផ្សព្វផ្សាយសាសនា ។ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៨០:៣ ) ។
២៤.២.១
អ្នកផ្សព្វផ្សាយសាសនាវ័យក្មេងផ្នែកបង្រៀន
អ្នកផ្សព្វផ្សាយសាសនាវ័យក្មេងភាគច្រើនត្រូវបានចាត់តាំងឲ្យបង្រៀនដំណឹងល្អនៅឆ្ងាយពីផ្ទះ ។ ការចាត់តាំងទាំងនេះត្រូវបានផ្ដល់ដោយវិវរណៈទៅកាន់ពួកសាវក ។ អ្នកផ្សព្វផ្សាយសាសនាទាំងនេះបម្រើនៅក្រោមការដឹកនាំរបស់ប្រធានបេសកកម្ម ។
បុរសនៅលីវដែលមានអាយុ ១៨–២៥ ឆ្នាំអាចបម្រើជាអ្នកផ្សព្វផ្សាយសាសនាផ្នែកបង្រៀនបាន ។ ជាធម្មតា ពួកគេបម្រើរយៈពេល ២៤ ខែ ។
ស្ដ្រីនៅលីវដែលមានអាយុ ១៩–២៩ ឆ្នាំអាចបម្រើជាអ្នកផ្សព្វផ្សាយសាសនាផ្នែកបង្រៀនបាន ។ ជាធម្មតា ពួកគេបម្រើរយៈពេល ១៨ ខែ ។
២៤.២.២
អ្នកផ្សព្វផ្សាយសាសនាវ័យក្មេងផ្នែកសេវាកម្ម
អ្នកផ្សព្វផ្សាយសាសនាវ័យក្មេងមួយចំនួនត្រូវបានចាត់តាំងឲ្យបម្រើនៅក្នុងសាសនាចក្រ និងសហគមន៍ ខណៈពួកគេរស់នៅក្នុងគេហដ្ឋានខ្លួនឯង ។ ការចាត់តាំងទាំងនេះត្រូវបានផ្ដល់ដោយវិវរណៈទៅកាន់ពួកសាវក ហើយជូនទៅបេក្ខជនដែលមានស្ថានភាពសមស្របខ្លាំងបំផុតសម្រាប់បេសកកម្មផ្នែកសេវាកម្ម ( សូមមើល ២៤.៣.៣ ) ។
បុគ្គលទាំងនេះមានបទដ្ឋានដូចគ្នាសម្រាប់ការរៀបចំខ្លួន និងភាពស័ក្ដិសម ដូចជាអ្នកដែលត្រូវបានចាត់តាំងឲ្យទៅបេសកកម្មផ្នែកបង្រៀនដែរ ។ បេក្ខជនអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងទាំងអស់ទទួលបានអនុសាសន៍តាមរយៈនីតិវិធីដូចគ្នា ។
អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មបម្រើនៅក្នុងមូលដ្ឋាន នៅក្រោមការដឹកនាំរបស់ប្រធានស្ដេក។ ពួកគេម្នាក់ៗទទួលបានការចាត់តាំងដែលសមស្របនឹងស្ថានភាពរបស់ពួកគេ ហើយដោយផ្អែកលើឱកាសបម្រើក្នុងសហគមន៍ ( សូមមើល ២៤.៧.១ ) ។ ពួកគេបម្រើយ៉ាងអស់ពីសមត្ថភាពរបស់ពួកគេ ។
បុរសនៅលីវដែលមានអាយុ ១៨–២៥ ឆ្នាំអាចបម្រើជាអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មបាន ។ ជាធម្មតា ពួកគេបម្រើរយៈពេល ៦–២៤ ខែ ។
ស្ដ្រីនៅលីវដែលមានអាយុ ១៩–២៩ ឆ្នាំអាចបម្រើជាអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មបាន ។ ជាធម្មតា ពួកគេបម្រើរយៈពេល ៦–១៨ ខែ ។
បេសកកម្មផ្នែកសេវាកម្មសម្រាប់អ្នកផ្សព្វផ្សាយសាសនាវ័យក្មេង មិនទាន់មាននៅគ្រប់តំបន់ទាំងអស់ក្នុងពិភពលោកនៅឡើយទេ ។ សម្រាប់បញ្ជីនៃតំបន់ដែលមានបេសកកម្មផ្នែកសេវាកម្ម សូមមើលគេហទំព័រ ChurchofJesusChrist.org/service-missionary ។ គេហទំព័រនោះក៏ផ្ដល់នូវព័ត៌មានបន្ថែមទៀតអំពីបេសកកម្មផ្នែកសេវាកម្មផងដែរ ។ នៅកន្លែងណាដែលមិនមានបេសកកម្មផ្នែកសេវាកម្ម នោះសមាជិកវ័យក្មេងអាចបម្រើនៅក្នុងកម្មវិធីអ្នកផ្សព្វផ្សាយសាសនារៀមច្បងផ្នែកសេវាកម្ម ( សូមមើល ២៤.២.៤ ) ។
២៤.២.៣
អ្នកផ្សព្វផ្សាយសាសនារៀមច្បង
សមាជិកដែលបានរៀបការរួចអាយុ ៤០ ឆ្នាំឡើង អាចបម្រើជាអ្នកផ្សព្វផ្សាយសាសនារៀមច្បងជាដៃគូស្វាមីភរិយា ប្រសិនបើពួកគេមិនមានកូនក្នុងបន្ទុកទេនោះ ។
ស្ដ្រីនៅលីវដែលមានអាយុ ៤០ ឆ្នាំឡើង ក៏អាចបម្រើជាអ្នកផ្សព្វផ្សាយសាសនារៀមច្បងបានដែរ ប្រសិនបើពួកគេពុំមានកូនក្នុងបន្ទុកនៅផ្ទះទេនោះ ។
បុរសនៅលីវដែលមានអាយុ ៤០ ឆ្នាំឡើងពុំអាចបម្រើជាអ្នកផ្សព្វផ្សាយសាសនារៀមច្បងបានទេ ។ ប៉ុន្តែពួកគេអាចបម្រើជាអ្នកផ្សព្វផ្សាយសាសនារៀមច្បងផ្នែកសេវាកម្មបាន ។ ( សូមមើល ២៤.២.៤ ) ។
អ្នកផ្សព្វផ្សាយសាសនារៀមច្បងទាំងអស់ត្រូវបានលើកទឹកចិត្តឲ្យស្វែងរកមនុស្សដើម្បីបង្រៀន និងជួយពួកគេឲ្យរៀបចំខ្លួនសម្រាប់ពិធីបុណ្យជ្រមុជទឹក ។ អ្នកផ្សព្វផ្សាយសាសនារៀមច្បងក៏អាចត្រូវបានចាត់តាំងឲ្យគាំទ្រដល់ ៖
-
សមាជិក និងថ្នាក់ដឹកនាំប្រចាំតំបន់ និងថ្នាក់ដឹកនាំក្នុងមូលដ្ឋាន ។
-
នាយកដ្ឋាន និងអគាររបស់សាសនាចក្រ ។
-
អង្គការសប្បុរសធម៌ ។
ជាធម្មតា អ្នកផ្សព្វផ្សាយសាសនារៀមច្បងបម្រើនៅឆ្ងាយពីផ្ទះរយៈពេល ៦–២៣ ខែ ។ ជាធម្មតា អស់អ្នកដែលបម្រើនៅក្រៅប្រទេសដែលជាផ្ទះរបស់ពួកគេ ត្រូវបានហៅឲ្យបម្រើយ៉ាងហោចណាស់រយៈពេល ១៨ ខែ ។
អ្នកផ្សព្វផ្សាយសាសនារៀមច្បងមិនត្រូវបានសូមឲ្យធ្វើការតាមម៉ោងដូចគ្នា ធ្វើសកម្មភាពដូចគ្នាទាំងអស់ ឬបំពេញតាមការរំពឹងទុកដូចគ្នានឹងអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងនោះទេ ។ ប៉ុន្ដែ ការបម្រើរបស់ពួកគេនៅតែមានតម្រូវការ ។ ដោយសារមូលហេតុនេះ ពួកគេគួរតែមានសុខភាពល្អគ្រប់គ្រាន់ដើម្បីបម្រើ ។ ពួកគេក៏គួរតែបំពេញតាមគុណសម្បត្តិផ្នែកហិរញ្ញវត្ថុផងដែរ ( សូមមើល ២៤.៣.៤.២ ) ។
ប៊ីស្សព ប្រធានស្តេក និងថ្នាក់ដឹកនាំផ្សេងទៀតពិចារណាប្រកបដោយការអធិស្ឋានដើម្បីដឹងថា តើនរណាអាចបម្រើបាន ។ ប៊ីស្សព ឬប្រធានស្តេកអាចសម្ភាសសមាជិកទាំងនេះបាន ដើម្បីកំណត់ពីការអាចមានពេលវេលារបស់ពួកគេ និងអញ្ជើញពួកគេឲ្យរៀបចំខ្លួនបម្រើ ។
ការចាត់តាំងសម្រាប់អ្នកផ្សព្វផ្សាយសាសនារៀមច្បងត្រូវបានផ្ដល់ដោយវិវរណៈទៅកាន់ពួកសាវក ។ ថ្នាក់ដឹកនាំអាចផ្ដល់អនុសាសន៍ប្រភេទចាត់តាំងជាក់លាក់មួយចំនួនដល់អ្នកផ្សព្វផ្សាយសាសនារៀមច្បង ។ ទោះជាយ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំទាំងឡាយមិនគួរធ្វើការសន្យាអំពីការចាត់តាំង ដែលពួកគេនឹងទទួលនោះឡើយ ។ បេក្ខជនអាចបង្ហាញការពេញចិត្តសម្រាប់ការចាត់តាំងមួយបាន ប៉ុន្ដែគួរតែស្ម័គ្រចិត្តទទួលយកការចាត់តាំងផ្សេងទៀតផងដែរ ។
សម្រាប់ព័ត៌មានបន្ថែម សូមមើលគេហទំព័រ SeniorMissionary.ChurchofJesusChrist.org ។
២៤.២.៤
អ្នកផ្សព្វផ្សាយសាសនារៀមច្បងផ្នែកសេវាកម្ម
បន្ថែមពីលើការហៅនៅក្នុងវួដ ឬស្ដេកកំណើតរបស់ពួកគេ នោះសមាជិកអាចបម្រើព្រះអម្ចាស់ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនារៀមច្បងផ្នែកសេវាកម្មបាន ។ អ្នកផ្សព្វផ្សាយសាសនាទាំងនេះផ្ដល់ការបម្រើដ៏មានតម្លៃនៅក្នុងនាយកដ្ឋាន អគារ និងបេសកកម្មរបស់សាសនាចក្រ ( សូមមើល ២៤.៧.១ ) ។ ពួកគេរស់នៅក្នុងផ្ទះខ្លួនឯង ។
បុរស និងស្ដ្រីដែលមានអាយុ ២៦ ឆ្នាំឡើងអាចបម្រើជាអ្នកផ្សព្វផ្សាយសាសនារៀមច្បងផ្នែកសេវាកម្មបាន ។
លើសពីនេះ យុវជនដែលមានអាយុ ១៨–២៥ ឆ្នាំ និងយុវនារីដែលមានអាយុ ១៩–២៥ ឆ្នាំ អាចបម្រើនៅក្នុងកម្មវិធីអ្នកផ្សព្វផ្សាយសាសនារៀមច្បងផ្នែកសេវាកម្ម ប្រសិនបើពួកគេរស់នៅក្នុងតំបន់ ដែលមិនមានបេសកកម្មផ្នែកសេវាកម្មសម្រាប់អ្នកផ្សព្វផ្សាយសាសនាវ័យក្មេង ។ ពួកគេក៏អាចបម្រើបានផងដែរ ប្រសិនបើពួកគេបានរៀបការហើយ ឬបានបម្រើជាអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងផ្នែកបង្រៀន ឬផ្នែកសេវាកម្មរួចហើយនោះ ។
អ្នកផ្សព្វផ្សាយសាសនារៀមច្បងផ្នែកសេវាកម្មត្រូវបានហៅដោយប្រធានស្តេក ។ ពួកគេបម្រើនៅក្រោមការដឹកនាំរបស់គាត់ ។ ចំនួនពេលវេលាដែលពួកគេបម្រើរាល់សប្ដាហ៍ អាស្រ័យទៅលើសមត្ថភាពរបស់ពួកគេ ឱកាសបម្រើនៅក្នុងតំបន់របស់ពួកគេ និងការដឹកនាំមកពីគណៈប្រធានតំបន់ ។
អ្នកផ្សព្វផ្សាយសាសនារៀមច្បងផ្នែកសេវាកម្មទទួលការចាត់តាំងពីប្រធានស្តេករបស់ពួកគេ ។ គាត់ប្រឹក្សាជាមួយនឹងអ្នកផ្សព្វផ្សាយសាសនា និងអ្នកដទៃទៀត ហើយស្វែងរកវិវរណៈប្រកបដោយការអធិស្ឋានអំពីការចាត់តាំងនីមួយៗ ។ គាត់អាចពិនិត្យមើលគេហទំព័រ SeniorMissionary.ChurchofJesusChrist.org នៅពេលកំណត់ការចាត់តាំង ។
សម្រាប់ព័ត៌មានបន្ថែមអំពីអ្នកផ្សព្វផ្សាយសាសនារៀមច្បងផ្នែកសេវាកម្ម សូមមើល ២៤.៧ ។
២៤.២.៥
សេចក្ដីសង្ខេបនៃការចាត់តាំងជាអ្នកផ្សព្វផ្សាយសាសនា
តារាងខាងក្រោមនេះសង្ខេបពីប្រភេទនៃការចាត់តាំងជាអ្នកផ្សព្វផ្សាយសាសនា ។
អ្នកផ្សព្វផ្សាយសាសនាវ័យក្មេងផ្នែកបង្រៀន |
អ្នកផ្សព្វផ្សាយសាសនាវ័យក្មេងផ្នែកសេវាកម្ម |
អ្នកផ្សព្វផ្សាយសាសនារៀមច្បង |
អ្នកផ្សព្វផ្សាយសាសនារៀមច្បងផ្នែកសេវាកម្ម | |
---|---|---|---|---|
ត្រូវបានហៅដោយ | អ្នកផ្សព្វផ្សាយសាសនាវ័យក្មេងផ្នែកបង្រៀន ប្រធានសាសនាចក្រ | អ្នកផ្សព្វផ្សាយសាសនាវ័យក្មេងផ្នែកសេវាកម្ម ប្រធានសាសនាចក្រ | អ្នកផ្សព្វផ្សាយសាសនារៀមច្បង ប្រធានសាសនាចក្រ | អ្នកផ្សព្វផ្សាយសាសនារៀមច្បងផ្នែកសេវាកម្ម ប្រធានស្តេក |
ត្រូវបានចាត់តាំងដោយ | អ្នកផ្សព្វផ្សាយសាសនាវ័យក្មេងផ្នែកបង្រៀន សាវក | អ្នកផ្សព្វផ្សាយសាសនាវ័យក្មេងផ្នែកសេវាកម្ម សាវក | អ្នកផ្សព្វផ្សាយសាសនារៀមច្បង សាវក | អ្នកផ្សព្វផ្សាយសាសនារៀមច្បងផ្នែកសេវាកម្ម ប្រធានស្តេក |
ត្រូវបានញែកចេញដោយ | អ្នកផ្សព្វផ្សាយសាសនាវ័យក្មេងផ្នែកបង្រៀន ប្រធានស្តេក | អ្នកផ្សព្វផ្សាយសាសនាវ័យក្មេងផ្នែកសេវាកម្ម ប្រធានស្តេក | អ្នកផ្សព្វផ្សាយសាសនារៀមច្បង ប្រធានស្តេក | អ្នកផ្សព្វផ្សាយសាសនារៀមច្បងផ្នែកសេវាកម្ម ប្រធានស្តេក ឬទីប្រឹក្សា |
រស់នៅ | អ្នកផ្សព្វផ្សាយសាសនាវ័យក្មេងផ្នែកបង្រៀន ឆ្ងាយពីផ្ទះ | អ្នកផ្សព្វផ្សាយសាសនាវ័យក្មេងផ្នែកសេវាកម្ម នៅផ្ទះ | អ្នកផ្សព្វផ្សាយសាសនារៀមច្បង ឆ្ងាយពីផ្ទះ ឬនៅផ្ទះ | អ្នកផ្សព្វផ្សាយសាសនារៀមច្បងផ្នែកសេវាកម្ម នៅផ្ទះ |
ថ្នាក់ដឹកនាំបព្វជិតភាព | អ្នកផ្សព្វផ្សាយសាសនាវ័យក្មេងផ្នែកបង្រៀន ប្រធានបេសកកម្ម ឬប្រធានទីតាំងប្រវត្តិសាស្ដ្រ | អ្នកផ្សព្វផ្សាយសាសនាវ័យក្មេងផ្នែកសេវាកម្ម ប្រធានស្តេក | អ្នកផ្សព្វផ្សាយសាសនារៀមច្បង ប្រធានបេសកកម្ម ប្រធានព្រះវិហារបរិសុទ្ធ ឬប្រធានទីតាំងប្រវត្តិសាស្ដ្រ ឬប្រធានតំបន់ | អ្នកផ្សព្វផ្សាយសាសនារៀមច្បងផ្នែកសេវាកម្ម ប្រធានស្តេក |
រាយការណ៍ទៅកាន់ | អ្នកផ្សព្វផ្សាយសាសនាវ័យក្មេងផ្នែកបង្រៀន ប្រធានបេសកកម្ម ឬប្រធានទីតាំងប្រវត្តិសាស្ដ្រ | អ្នកផ្សព្វផ្សាយសាសនាវ័យក្មេងផ្នែកសេវាកម្ម អ្នកដឹកនាំបេសកកម្មផ្នែកសេវាកម្ម | អ្នកផ្សព្វផ្សាយសាសនារៀមច្បង ប្រធានបេសកកម្ម ប្រធានព្រះវិហារបរិសុទ្ធ ឬប្រធានទីតាំងប្រវត្តិសាស្ដ្រ ប្រធានតំបន់ នាយកគ្រប់គ្រងមជ្ឈមណ្ឌលអ្នកទស្សនា ឬនាយកគ្រប់គ្រងនាយកដ្ឋាន ឬអគាររបស់សាសនាចក្រ | អ្នកផ្សព្វផ្សាយសាសនារៀមច្បងផ្នែកសេវាកម្ម អ្នកគ្រប់គ្រងការចាត់តាំងផ្នែកសេវាកម្ម |
តម្រូវការទាក់ទងនឹងអាយុ | អ្នកផ្សព្វផ្សាយសាសនាវ័យក្មេងផ្នែកបង្រៀន ១៨–២៥ ( បុរស ) | អ្នកផ្សព្វផ្សាយសាសនាវ័យក្មេងផ្នែកសេវាកម្ម ១៨–២៥ ( បុរស ) | អ្នកផ្សព្វផ្សាយសាសនារៀមច្បង ៤០ ឆ្នាំឡើង ប្រសិនបើបានរៀបការហើយ ឬប្រសិនបើជាបងប្អូនស្រីនៅលីវ | អ្នកផ្សព្វផ្សាយសាសនារៀមច្បងផ្នែកសេវាកម្ម ២៦ ឆ្នាំឡើង |
២៤.៣
ការរៀបចំខ្លួន និងការមានភាពស័ក្ដិសមដើម្បីបម្រើបេសកកម្ម
អនាគតអ្នកផ្សព្វផ្សាយសាសនាត្រូវបានលើកទឹកចិត្តឲ្យបម្រើបេសកកម្ម ដោយសារតែសេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះអម្ចាស់ និងបុត្រាបុត្រីរបស់ទ្រង់ ។ ពួកគេគួរតែដឹងពី សំណួរសម្ភាសន៍សម្រាប់ការផ្តល់អនុសាសន៍អ្នកផ្សព្វផ្សាយសាសនា ។
២៤.៣.១
ការប្រែចិត្តជឿលើព្រះយេស៊ូវគ្រីស្ទ
បេក្ខជនអ្នកផ្សព្វផ្សាយសាសនាខិតខំពង្រឹងការប្រែចិត្តជឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្តារឡើងវិញរបស់ទ្រង់ ។ ពួកគេ ៖
-
ធ្វើការដើម្បីពង្រឹងសេចក្ដីជំនឿរបស់ពួកគេលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
ពង្រឹងទីបន្ទាល់របស់ពួកគេអំពីដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល អាលម៉ា ៥:៤៥–៤៧ ) ។
-
រស់នៅតាមគោលលទ្ធិរបស់ព្រះគ្រីស្ទតាមរយៈការ « ជ្រើសរើសយកការប្រែចិត្ត ហើយធ្វើការសុចរិត » ( អាលម៉ា ១៣:១០; សូមមើលផងដែរ នីហ្វៃទី២ ៣១:៩–២១ ) ។
-
អធិស្ឋាន សិក្សាព្រះគម្ពីរ ( ជាពិសេសព្រះគម្ពីរមរមន ) និងការបង្រៀនរបស់ព្យាការីដែលនៅរស់ ព្រមទាំងកាន់តាមព្រះបញ្ញត្តិទាំងឡាយ ( សូមមើល អាលម៉ា ១៧:២–៣ ) ។
-
ចូលរួមនៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:២២ ) ។
-
ចូលរៀនថ្នាក់សិក្ខាសាលា ឬថ្នាក់វិទ្យាស្ថាន ( សម្រាប់យុវវ័យ និងយុវមជ្ឈិមវ័យ ) ។
២៤.៣.២
ការបំពេញតាមបទដ្ឋាននៃភាពស័ក្ដិសម
បេក្ខជនអ្នកផ្សព្វផ្សាយសាសនាខិតខំមានភាពស័ក្តិសមនឹងភាពជាដៃគូនៃព្រះវិញ្ញាណ ។ ការណ៍នេះចាំបាច់សម្រាប់ការបម្រើជាអ្នកផ្សព្វផ្សាយសាសនាដ៏មានប្រសិទ្ធភាព ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:១៣–១៤ ) ។ ការមានភាពស័ក្ដិសមនឹងភាពជាដៃគូនៃព្រះវិញ្ញាណរួមមានការបានស្អាតស្អំពីអំពើបាប ( សូមមើល ហេលេមិន ៤:២៤; គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:៤២ ) ។
២៤.៣.២.១
ការប្រែចិត្ត
ការប្រែចិត្ត និងការអភ័យទោសចំពោះអំពើបាបគឺជាអំណោយទានដែលប្រទានដល់បុត្រាបុត្រីទាំងអស់របស់ព្រះ ។ អំណោយទានទាំងនេះកើតមានតាមរយៈព្រះចេស្ដាដ៏ប្រោសលោះរបស់ព្រះយេស៊ូវគ្រីស្ទ ។ ការប្រែចិត្តតម្រូវឲ្យមានការអនុវត្តសេចក្ដីជំនឿលើព្រះគ្រីស្ទ ការមានបំណងដ៏ពិត និងការរក្សាព្រះបញ្ញត្តិទាំងឡាយ ។ ការណ៍នេះរួមមានការសារភាព និងការបោះបង់ចោលអំពើបាប ។ សម្រាប់អំពើបាបធ្ងន់ធ្ងរ នោះការប្រែចិត្តតម្រូវឲ្យមានការសារភាពទៅកាន់ប៊ីស្សព ឬប្រធានស្តេក ។
បុគ្គលម្នាក់ដែលប្រែចិត្ត ទទួលបានការអភ័យទោស ហើយត្រូវបានសម្អាតតាមរយៈដង្វាយធួន និងព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ។ ព្រះអម្ចាស់នឹងពុំចងចាំអំពើបាបនេះទៀតឡើយ ។ ( សូមមើល អេសាយ ៤៣:២៥; យ៉ាកុប ៦:៥; អាលម៉ា ៣៤:១៥–១៧; ហេលេមិន ៥:១០–១១; គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៤២–៤៣ ។ សូមមើលផងដែរ ៣២.១ នៅក្នុងក្បួនខ្នាតនេះ ) ។
សមាជិកដែលមានបំណងប្រាថ្នាចង់បម្រើបេសកកម្ម គួរតែងាកទៅរកព្រះអង្គសង្គ្រោះ នៅពេលពួកគេប្រែចិត្ត និងរៀបចំខ្លួនដើម្បីបម្រើ ។ ពួកគេក៏អាចស្វែងរកជំនួយដែលពេញដោយសេចក្ដីស្រឡាញ់មកពីសមាជិកគ្រួសារ និងថ្នាក់ដឹកនាំសាសនាចក្រក្នុងមូលដ្ឋានបានផងដែរ ។
បេក្ខជនអ្នកផ្សព្វផ្សាយសាសនាត្រូវតែបានប្រែចិត្តពីអំពើបាបធ្ងន់ធ្ងរសិន ពីមុនប្រធានស្ដេកអាចបញ្ជូនអនុសាសន៍របស់គាត់បាន ( សូមមើល ៣២.៦–៣២.៨; សូមមើលផងដែរ ២៤.៤.៤ ) ។ ដំណើរការប្រែចិត្តរួមបញ្ចូលនូវពេលវេលាឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យបុគ្គលនោះបង្ហាញតាមរយៈការរស់នៅដោយសុចរិតថា គាត់ ឬនាងបានទទួលវិញ្ញាណនៃព្រះគ្រីស្ទឆ្ពោះទៅរកការអភ័យទោសដល់អំពើបាប ។
២៤.៣.២.២
ការសារភាពយឺតពេល
បុគ្គលម្នាក់ដែលទទួលបានការហៅបម្រើឲ្យបេសកកម្ម ឬចាប់ផ្ដើមការបម្រើជាអ្នកផ្សព្វផ្សាយសាសនាដោយមិនបានប្រែចិត្តពីអំពើបាបធ្ងន់ធ្ងរ អាចត្រូវបន្ដនៅផ្ទះ ឬត្រឡប់ទៅផ្ទះវិញ ។ អាស្រ័យលើស្ថានភាព នោះគាត់ ឬនាងអាចបម្រើបានបន្ទាប់ពីការប្រែចិត្ត ( សូមមើល ២៤.៦.៣.២ ) ។
២៤.៣.៣
សុខភាពផ្លូវកាយ ផ្លូវចិត្ត និងខាងសតិអារម្មណ៍
កិច្ចការអ្នកផ្សព្វផ្សាយសាសនាគឺពិបាក ។ ការទាមទារខាងផ្លូវកាយ ផ្លូវចិត្ត និងខាងសតិអារម្មណ៍អាចធ្វើឲ្យមានអារម្មណ៍តានតឹង ។ ជារឿយៗ អ្នកផ្សព្វផ្សាយសាសនាធ្វើការនៅក្រោមលក្ខខណ្ឌដែលមិនធ្លាប់ជួបប្រទះពីមុនមក ។ សុខភាពអាចរងការប៉ះពាល់ដោយសារការផ្លាស់ប្ដូររបបអាហារ អាកាសធាតុ ឬលក្ខខណ្ឌរស់នៅ ។ កាលវិភាគអ្នកផ្សព្វផ្សាយសាសនាក៏មានការទាមទារខ្លាំងដែរ ។ ( សូមមើល អាលម៉ា ១៧:៥; ២៦:២៧–២៨, ៣០ ) ។ អ្នកផ្សព្វផ្សាយសាសនាវ័យក្មេងផ្នែកបង្រៀនត្រូវតែប្ដេជ្ញាចិត្ត ទាំងខាងផ្លូវកាយ ផ្លូវចិត្ត និងខាងសតិអារម្មណ៍ដើម្បីអាចធ្វើតាមកាលវិភាគអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងបាន ។ ( សូមមើល បទដ្ឋានអ្នកផ្សព្វផ្សាយសាសនាសម្រាប់សិស្សរបស់ព្រះយេស៊ូវគ្រីស្ទ [ ឆ្នាំ ២០១៩ ] ២.៤ ) ។
បេក្ខជនអ្នកផ្សព្វផ្សាយសាសនារៀបចំខ្លួនដើម្បីបម្រើ តាមរយៈការពង្រឹងសុខភាពផ្លូវកាយ ផ្លូវចិត្ត និងខាងសតិអារម្មណ៍ ។ ពួកគេក៏ព្យាយាមអភិវឌ្ឍឲ្យមានភាពធន់ និងភាពខ្លួនទីពឹងខ្លួនផងដែរ ។
ថ្នាក់ដឹកនាំអាចត្រូវប្រឹក្សាជាមួយបេក្ខជនអំពីបញ្ហាសុខភាពរបស់គាត់ ឬនាងដោយប្រុងប្រយ័ត្ន ពីមុនបញ្ជូនអនុសាសន៍ចេញ ។ បេក្ខជនមួយចំនួនអាចត្រូវទទួលតំហែទាំពីអ្នកជំនាញសម្រាប់បញ្ហាសុខភាពរបស់ពួកគេ ( សូមមើល ៣១.៣.៦ ) ។ បេក្ខជនដែលមានវេជ្ជបញ្ជាឲ្យប្រើថ្នាំ ត្រូវតែតាំងចិត្តទទួលទានថ្នាំនោះរហូតដល់ការបម្រើរបស់គាត់ ឬនាងបានបញ្ចប់ ដូចបានណែនាំដោយអ្នកជំនាញផ្នែកថែទាំសុខភាព ។
២៤.៣.៤
ហិរញ្ញវត្ថុ
ការបរិច្ចាគផ្នែកហិរញ្ញវត្ថុគឺជាផ្នែកមួយនៃការបម្រើជាអ្នកផ្សព្វផ្សាយសាសនា ( សូមមើល ម៉ាកុស ១:១៧–១៨; អាលម៉ា ១៥:១៦ ) ។ អ្នកផ្សព្វផ្សាយសាសនា និងក្រុមគ្រួសាររបស់ពួកគេមានការទទួលខុសត្រូវចម្បង លើការបរិច្ចាគផែ្នកហិរញ្ញវត្ថុសម្រាប់ការបម្រើជាអ្នកផ្សព្វផ្សាយសាសនា ។ ពួកគេគួរតែមានការរៀបចំ និងការលះបង់ដ៏សមរម្យ ។ ពួកគេគួរតែមានភាពខ្លួនទីពឹងខ្លួនផ្នែកហិរញ្ញវត្ថុឲ្យបានច្រើនតាមដែលអាចធ្វើបាន ដើម្បីបំពេញតាមការប្តេជ្ញាចិត្តបរិច្ចាគនេះ ។
២៤.៣.៤.១
ការផ្ដល់ហិរញ្ញវត្ថុដល់អ្នកផ្សព្វផ្សាយសាសនាវ័យក្មេងដែលបម្រើនៅឆ្ងាយពីផ្ទះ
បេក្ខជនវ័យក្មេងដែលបានរៀបចំខ្លួនស្របតាមសមត្ថភាពរបស់ពួកគេ មិនគួរពន្យារពេលដើម្បីបម្រើដោយសារមូលហេតុហិរញ្ញវត្ថុនោះទេ ។ អស់អ្នកដែលត្រូវការជំនួយផ្នែកហិរញ្ញវត្ថុ ដើម្បីបំពេញតាមការប្តេជ្ញាចិត្តបរិច្ចាគដែលបានរំពឹងទុក អាចទទួលបានជំនួយនោះមកពីគ្រួសារ និងមិត្តភក្ដិជិតឆ្ងាយទាំងឡាយ ។
ប្រសិនបើសេចក្ដីត្រូវការនៅតែមាន នោះប៊ីស្សព ឬប្រធានស្តេកអាចសូមឲ្យសមាជិកនៅក្នុងវួដ ឬស្ដេក ធ្វើការបរិច្ចាគចូលក្នុងមូលនិធិអ្នកផ្សព្វផ្សាយសាសនាវួដបាន ។
ថវិកា និងដង្វាយតមអាហាររបស់អង្គភាពក្នុងមូលដ្ឋាន មិនអាចយកមកប្រើប្រាស់បានទេ ។
ការប្តេជ្ញាចិត្តបរិច្ចាគរាល់ខែ ។ អ្នកផ្សព្វផ្សាយសាសនាវ័យក្មេងផ្នែកបង្រៀន និងក្រុមគ្រួសាររបស់ពួកគេបរិច្ចាគក្នុងចំនួនជាក់លាក់មួយជារៀងរាល់ខែ ដើម្បីជួយចេញថ្លៃចំណាយកម្មវិធីអ្នកផ្សព្វផ្សាយសាសនា ។ ចំនួននេះត្រូវបានកំណត់តាមរបៀបមួយក្នុងចំណោមរបៀបពីរ ៖
-
អ្នកផ្សព្វផ្សាយសាសនាមកពីប្រទេសមួយចំនួនចូលរួមនៅក្នុងកម្មវិធីបរិច្ចាគស្មើគ្នា ។ ការណ៍នេះមានន័យថា ចំនួនដូចគ្នាត្រូវបានបរិច្ចាគដល់អ្នកផ្សព្វផ្សាយសាសនាម្នាក់ៗ មិនថាគាត់ ឬនាងបម្រើនៅកន្លែងណានោះទេ ។ ចំនួននេះត្រូវបានកំណត់នៅទីស្នាក់ការកណ្តាលនៃសាសនាចក្រ ។ ថ្នាក់ដឹកនាំអាចទាក់ទងទៅនាយកដ្ឋានអ្នកផ្សព្វផ្សាយសាសនា ( សូមមើល ២៤.៩.៣ ) ឬការិយាល័យប្រចាំតំបន់ដើម្បីសូមបញ្ជីប្រទេសនៅក្នុងកម្មវិធីនេះ និងចំនួនស្មើគ្នានោះ ។
-
នៅក្នុងប្រទេសផ្សេងទៀតប៊ីស្សព ប្រធានស្តេក អ្នកផ្សព្វផ្សាយសាសនា និងគ្រួសារប្រឹក្សាជាមួយគ្នាអំពីចំនួនបរិច្ចាគរាល់ខែ ។ ប៊ីស្សព និងប្រធានស្តេកពិចារណាពីការណែនាំរបស់គណៈប្រធានតំបន់ ។ ពួកគាត់លើកទឹកចិត្តឲ្យមានការលះបង់ខាងហិរញ្ញវត្ថុ និងភាពខ្លួនទីពឹងខ្លួនដោយផ្អែកលើកាលៈទេសៈរបស់អ្នកផ្សព្វផ្សាយសាសនា និងគ្រួសាររបស់គាត់ ឬនាង ។ ពួកគាត់យល់ព្រមតាមចំនួនបរិច្ចាគ ហើយកត់ត្រាចំនួនបរិច្ចាគនោះនៅក្នុងអនុសាសន៍អ្នកផ្សព្វផ្សាយសាសនា ។ អ្នកផ្សព្វផ្សាយសាសនា និងគ្រួសាររបស់គាត់ ឬនាងតាំងចិត្តធ្វើតាមការកំណត់នេះ ។ អ្នកផ្សេងទៀតក៏អាចបរិច្ចាគតាមចំនួននេះបានដែរ ប៉ុន្ដែតែក្នុងករណីពួកគេរស់នៅក្នុងប្រទេសកំណើតអ្នកផ្សព្វផ្សាយសាសនាប៉ុណ្ណោះ ( សូមមើល « មូលនិធិអ្នកផ្សព្វផ្សាយសាសនាវួដ » នៅក្នុងផ្នែកនេះបន្ទាប់ទៀត ) ។
ការបរិច្ចាគនេះត្រូវដាក់ទៅក្នុងមូលនិធិអ្នកផ្សព្វផ្សាយសាសនាវួដ ។ ប៊ីស្សពបញ្ជាក់ថា មូលនិធិនេះត្រូវបានបរិច្ចាគជារៀងរាល់ខែ ។ មូលនិធិដែលលើសពីចំនួនប្រចាំខែ មិនគួរធ្វើការបរិច្ចាគទុកជាមុននោះទេ ។ មូលនិធិដែលបានបរិច្ចាគជាមុន មិនអាចប្រគល់សងវិញបានទេ ប្រសិនបើអ្នកផ្សព្វផ្សាយសាសនាត្រឡប់ទៅផ្ទះវិញមុនកំណត់នោះ ។
ចំណាយនៅក្នុងតំបន់បេសកកម្ម ។ ជារៀងរាល់ខែ អ្នកផ្សព្វផ្សាយសាសនាវ័យក្មេងទទួលបានមូលនិធិពីបេសកកម្មដើម្បីទិញម្ហូបអាហារ បង់ថ្លៃធ្វើដំណើរ និងចំណាយក្នុងការរស់នៅផ្សេងទៀត ។ មូលនិធិទាំងនេះគឺពិសិដ្ឋណាស់ ។ អ្នកផ្សព្វផ្សាយសាសនាប្រើមូលនិធិនេះ តែសម្រាប់គោលបំណងដែលទាក់ទងនឹងបេសកកម្មប៉ុណ្ណោះ ។ មូលនិធិនេះមិនគួរប្រើប្រាស់សម្រាប់ការចំណាយផ្ទាល់ខ្លួន សន្សំទុក ឬផ្ញើទៅសមាជិកគ្រួសារ ឬអ្នកដទៃនោះទេ ។ អ្នកផ្សព្វផ្សាយសាសនាប្រគល់មូលនិធិនានា ដែលពួកគេមិនត្រូវការទៅកាន់បេសកកម្មវិញ ។
អ្នកផ្សព្វផ្សាយសាសនាប្រើប្រាស់មូលនិធិផ្ទាល់ខ្លួនដើម្បីចេញថ្លៃចំណាយផ្សេងទៀត ។ ការចំណាយផ្ទាល់ខ្លួនទាំងនេះគួរតែតិចតួចទេ ។ ( សូមមើល បទដ្ឋានអ្នកផ្សព្វផ្សាយសាសនាសម្រាប់សិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ៤.៨ ) ។
២៤.៣.៤.២
ការផ្ដល់ហិរញ្ញវត្ថុដល់អ្នកផ្សព្វផ្សាយសាសនារៀមច្បងដែលបម្រើនៅឆ្ងាយពីផ្ទះ
ការប្តេជ្ញាចិត្តបរិច្ចាគរាល់ខែ ។ អ្នកផ្សព្វផ្សាយសាសនារៀមច្បងដែលបម្រើនៅឆ្ងាយពីផ្ទះ បរិច្ចាគទៅកាន់មូលនិធិអ្នកផ្សព្វផ្សាយសាសនាវួដកំណើតរបស់ពួកគាត់ជារៀងរាល់ខែ ។ ការបរិច្ចាគទាំងនេះជួយចេញថ្លៃផ្ទះ និងថ្លៃរថយន្ដ ( សូមមើលផងដែរ « ការចំណាយបន្ថែម » នៅទំព័រក្រោយក្នុងវគ្គនេះ ) ។ ការបរិច្ចាគនេះអាចលើសពីតម្លៃដែលសាសនាចក្រចេញថ្លៃផ្ទះ ឬថ្លៃរថយន្ដឲ្យ ។
-
អ្នកផ្សព្វផ្សាយសាសនារៀមច្បងមកពីប្រទេស ដែលចូលរួមនៅក្នុងកម្មវិធីបរិច្ចាគស្មើគ្នា ធ្វើការបរិច្ចាគចំនួនដែលបានកំណត់ដូចមានចែងនៅក្នុងកញ្ចប់ការហៅបម្រើ ។
-
នៅក្នុងប្រទេសផ្សេងទៀត ប៊ីស្សព ប្រធានស្តេក និងអ្នកផ្សព្វផ្សាយសាសនាប្រឹក្សាជាមួយគ្នាអំពីចំនួនបរិច្ចាគរាល់ខែ ។ ថ្នាក់ដឹកនាំលើកទឹកចិត្តឲ្យមានពលិកម្មផ្នែកហិរញ្ញវត្ថុ ដោយផ្អែកលើស្ថានភាពរបស់អ្នកផ្សព្វផ្សាយសាសនានោះ ។ ពួកគាត់យល់ព្រមលើចំនួនមួយ ហើយកត់ត្រាវានៅក្នុងអនុសាសន៍អ្នកផ្សព្វផ្សាយសាសនា ។ ចំនួននេះត្រូវតែជាចំនួនយ៉ាងតិចបំផុត នៃចំនួនដែលបានដាក់សម្រាប់អ្នកផ្សព្វផ្សាយសាសនារៀមច្បងដោយគណៈប្រធានតំបន់ ( ដោយបានពិគ្រោះយោបល់ជាមួយនឹងនាយកដ្ឋានអ្នកផ្សព្វផ្សាយសាសនា ) ។ អ្នកផ្សេងទៀតដែលរស់នៅក្នុងប្រទេសកំណើតរបស់អ្នកផ្សព្វផ្សាយសាសនា ក៏អាចបរិច្ចាគជួយដល់ចំនួននេះបានដែរ ។
ប៊ីស្សពបញ្ជាក់ថា មូលនិធិនេះត្រូវបានបរិច្ចាគជារៀងរាល់ខែ ។ មូលនិធិដែលលើសពីចំនួនប្រចាំខែ មិនគួរធ្វើការបរិច្ចាគទុកជាមុននោះទេ ។
ការចំណាយបន្ថែម ។ បន្ថែមពីលើការប្តេជ្ញាចិត្តបរិច្ចាគរាល់ខែ ដែលជួយចេញថ្លៃផ្ទះ និងថ្លៃរថយន្ដ នោះអ្នកផ្សព្វផ្សាយសាសនារៀមច្បងត្រូវតែចេញថ្លៃចំណាយផ្សេងទៀតទាំងអស់ដោយខ្លួនឯង រួមទាំងម្ហូបអាហារផងដែរ ។
២៤.៣.៤.៣
ការផ្ដល់ហិរញ្ញវត្ថុដល់អ្នកផ្សព្វផ្សាយសាសនាដែលបម្រើនៅផ្ទះ
អ្នកផ្សព្វផ្សាយសាសនាដែលបម្រើនៅផ្ទះ ទទួលខុសត្រូវលើតម្រូវការផ្នែកហិរញ្ញវត្ថុរបស់ពួកគេទាំងអស់ ។ អស់អ្នកដែលត្រូវការជំនួយផ្នែកហិរញ្ញវត្ថុ អាចទទួលបានជំនួយនោះមកពីសមាជិកគ្រួសារ និងមិត្តភក្ដិទាំងឡាយ ។ មូលនិធិវួដ ឬស្ដេកមិនអាចយកមកប្រើប្រាស់សម្រាប់តម្រូវការដែលទាក់ទងនឹងបេសកកម្មបានទេ ។
២៤.៣.៤.៤
ការធានារ៉ាប់រង និងការចំណាយផ្នែកវេជ្ជសាស្រ្ត
អ្នកផ្សព្វផ្សាយសាសនាទាំងអស់ត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំង ឲ្យរក្សាទុកនូវរាល់ការធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្តរបស់ពួកគេដែលមានស្រាប់ ប្រសិនបើអាចធ្វើបាន រួមទាំងអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងផ្នែកបង្រៀនផងដែរ ។
អ្នកផ្សព្វផ្សាយសាសនាដែលបម្រើនៅផ្ទះ ត្រូវតែមានការធានារ៉ាប់រងវេជ្ជសាស្ដ្ររបស់ពួកគេផ្ទាល់ខ្លួន និងការធានារ៉ាប់រងផ្សេងទៀត ។ អ្នកផ្សព្វផ្សាយសាសនារៀមច្បងដែលបម្រើនៅឆ្ងាយពីផ្ទះ ក៏ត្រូវតែមានការធានារ៉ាប់រងនេះដែរ ។ អ្នកផ្សព្វផ្សាយសាសនារៀមច្បងដែលនឹងបម្រើនៅក្រៅប្រទេសកំណើតរបស់ពួកគេ អាចទទួលបានការធានារ៉ាប់រងតាមរយៈ ផែនការវេជ្ជសាស្ដ្រសម្រាប់ការបម្រើរៀមច្បង ។
២៤.៣.៥
តួនាទីរបស់សមាជិកគ្រួសារ និងថ្នាក់ដឹកនាំនៅក្នុងការរៀបចំអ្នកផ្សព្វផ្សាយសាសនា
សមាជិកគ្រួសារ និងថ្នាក់ដឹកនាំជួយយុវជនឲ្យរៀបចំខ្លួនដើម្បីបម្រើបេសកកម្ម ។ ពួកគាត់ក៏ជួយដល់យុវនារី ដែលមានបំណងចង់បម្រើ ឲ្យរៀបចំខ្លួនផងដែរ ។ ការណ៍នេះអាចរួមមានដូចខាងក្រោមនេះ ៖
-
ជួយពួកគេឲ្យក្លាយជាសមាជិកអ្នកផ្សព្វផ្សាយសាសនាដ៏មានប្រសិទ្ធភាពនៅក្នុងការចែកចាយដំណឹងល្អ ពីមុនពួកគេទទួលបានការហៅឲ្យបម្រើ ។
-
ផ្ដល់ឱកាសឲ្យពួកគេបម្រើ និងបង្រៀន ។
-
រៀបចំឱកាសឲ្យពួកគេជួយដល់អ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ។
-
អញ្ជើញអ្នកផ្សព្វផ្សាយសាសនាដែលកំពុងតែបម្រើនៅពេលបច្ចុប្បន្ន ឬអ្នកផ្សេងទៀតដែលបានបម្រើបេសកកម្ម ឲ្យចែកចាយបទពិសោធន៍របស់ពួកគេទាក់ទងនឹងការបង្រៀន និងការបម្រើ ។
-
ក្តីស្រឡាញ់ និងការបំផុសគំនិតដល់បុគ្គលដែលរៀបចំខ្លួនដើម្បីបម្រើបេសកកម្ម ។
-
លើកទឹកចិត្តពួកគេឲ្យលះបង់ពេលវេលាបន្ថែមទៀតដើម្បីធ្វើការអធិស្ឋាន និងការសិក្សាព្រះគម្ពីរ ជាពិសេសព្រះគម្ពីរមរមន ។
-
រៀបចំវគ្គសិក្សាការរៀបចំខ្លួនជាអ្នកផ្សព្វផ្សាយសាសនា ។
សមាជិកគ្រួសារ និងថ្នាក់ដឹកនាំលើកទឹកចិត្តឲ្យសមាជិកដែលមានវ័យច្រើន ពិចារណាពីការបម្រើជាអ្នកផ្សព្វផ្សាយសាសនារៀមច្បង ។ ការណ៍នេះអាចរួមមានការជួយពួកគេឲ្យ ៖
-
ពិនិត្យមើលសមត្ថភាពខាងផ្លូវកាយ និងផ្នែកហិរញ្ញវត្ថុរបស់ពួកគេដើម្បីបម្រើបេសកកម្ម ទាំងបេសកកម្មនៅឆ្ងាយពីផ្ទះ ឬអំឡុងពេលពួកគេរស់នៅក្នុងគេហដ្ឋានខ្លួនឯង ។
-
កំណត់ឱកាសផ្សព្វផ្សាយសាសនា ដែលពួកគេអាចធ្វើបាន ។
-
ប្រែក្លាយជាអ្នកផ្សព្វផ្សាយសាសនាសមាជិកដ៏មានប្រសិទ្ធភាពនៅក្នុងការចែកចាយដំណឹងល្អ ពីមុនពួកគេទទួលបានការហៅឲ្យបម្រើ ។
-
យល់ពីពរជ័យដែលការបម្រើជាអ្នកផ្សព្វផ្សាយសាសនានឹងមានដល់គ្រួសាររបស់ពួកគេ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៣១:៥–៦ ) ។
សមាជិកគ្រួសារ និងថ្នាក់ដឹកនាំលើកទឹកចិត្តឲ្យបេក្ខជនអ្នកផ្សព្វផ្សាយសាសនាទាំងអស់សិក្សា ៖
-
ព្រះគម្ពីរមរមន និងព្រះគម្ពីរផ្សេងទៀត ។
សមាជិកគ្រួសារ និងថ្នាក់ដឹកនាំជួយបេក្ខជនទាំងអស់ឲ្យប្ដេជ្ញាចិត្តធ្វើតាមបទដ្ឋានអ្នកផ្សព្វផ្សាយសាសនា ។ ពួកគាត់លើកទឹកចិត្តឲ្យបេក្ខជនសិក្សាក្បួនខ្នាតបទដ្ឋានអ្នកផ្សព្វផ្សាយសាសនា ដែលមានខ្លឹមសារទាក់ទងនឹងការចាត់តាំងរបស់ពួកគេ ៖
-
សម្រាប់អ្នកផ្សព្វផ្សាយសាសនាវ័យក្មេងផ្នែកបង្រៀន ៖ បទដ្ឋានអ្នកផ្សព្វផ្សាយសាសនាសម្រាប់សិស្សរបស់ព្រះយេស៊ូវគ្រីស្ទ
-
សម្រាប់អ្នកផ្សព្វផ្សាយសាសនាវ័យក្មេងផ្នែកសេវាកម្ម ៖ បទដ្ឋានអ្នកផ្សព្វផ្សាយសាសនាសម្រាប់សិស្សរបស់ព្រះយេស៊ូវគ្រីស្ទ—បេសកកម្មផ្នែកសេវាកម្ម
២៤.៤
ការផ្ដល់អនុសាសន៍អ្នកផ្សព្វផ្សាយសាសនា
បេក្ខជនមួយចំនួនមិនបានរស់នៅក្នុងវួដដដែលអស់រយៈពេលយ៉ាងហោចណាស់មួយឆ្នាំ ។ នៅក្នុងស្ថានភាពទាំងនេះ ប៊ីស្សពប្រឹក្សាគ្នាជាមុន ជាមួយនឹងប៊ីស្សពវួដចាស់របស់បុគ្គលនេះនៅក្នុងដំណើរការផ្ដល់អនុសាសន៍ ។
២៤.៤.១
ការវាយតម្លៃសុខភាព
កិច្ចការផ្សព្វផ្សាយសាសនាមានការទាមទារខ្លាំងខាងផ្លូវកាយ ផ្លូវចិត្ត និងខាងសតិអារម្មណ៍ ។ បេក្ខជនទាំងអស់តម្រូវឲ្យមានការវាយតម្លៃពីគ្រូពេទ្យជំនាញ អំពីស្ថានភាពសុខភាពរបស់ពួកគេ ។
ការវាយតម្លៃសុខភាពត្រូវបានពិនិត្យមើលដោយការិយាល័យប្រចាំតំបន់ និងនាយកដ្ឋានអ្នកផ្សព្វផ្សាយសាសនា ។ ពេលខ្លះ បញ្ហាសុខភាពអាចមានឥទ្ធិពលលើសមត្ថភាពរបស់បុគ្គលម្នាក់ ដើម្បីបម្រើនៅឆ្ងាយពីផ្ទះ ។ នៅក្នុងស្ថានភាពមួយចំនួន អនុសាសន៍អាចប្រគល់ត្រឡប់មកវិញ ដោយមានការណែនាំអំពីរបៀបដែលបុគ្គលនោះអាចដោះស្រាយស្ថានភាពសុខភាពរបស់គាត់ ឬនាងបាន ។
២៤.៤.២
ទម្រង់បែបបទការសម្ភាស និងអនុសាសន៍
ប៊ីស្សព និងប្រធានស្តេកដឹកនាំការសម្ភាសដោយយកចិត្តទុកដាក់ ដោយការស្រាវជ្រាវខាងវិញ្ញាណ និងដោយការលើកស្ទួយជាមួយនឹងបេក្ខជនម្នាក់ៗ ។ ពួកគាត់ប្រើប្រាស់ សំណួរសម្ភាសន៍សម្រាប់ការចេញអនុសាសន៍អ្នកផ្សព្វផ្សាយសាសនា ។ ពួកគាត់ពិភាក្សាពីចំណុចទាំងនេះរបស់បេក្ខជន ៖
-
ទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្តារឡើងវិញរបស់ទ្រង់ ( សូមមើល ២៤.៣.១ ) ។
-
ការធ្វើតាមបទដ្ឋាននៃភាពស័ក្ដិសម ( សូមមើល ២៤.៣.២ ) ។
-
ស្ថានភាពសុខភាពផ្លូវកាយ ផ្លូវចិត្ត និងខាងសតិអារម្មណ៍ ( សូមមើល ២៤.៣.៣ ) ។
-
ស្ថានភាពផ្នែកហិរញ្ញវត្ថុ ( សូមមើល ២៤.៣.៤ ) ។
ប៊ីស្សព និងប្រធានស្តេកក៏ពិនិត្យមើលព័ត៌មានអំពីបទដ្ឋាននៃភាពស័ក្ដិសម និងស្ថានភាពសុខភាពនៅក្នុង ប្រព័ន្ធផ្ដល់អនុសាសន៍អ្នកផ្សព្វផ្សាយសាសនាតាមអនឡាញ ផងដែរ ។ ប្រសិនបើប្រធានស្ដេកនៅក្នុងសហរដ្ឋអាមេរិក ឬប្រទេសកាណាដាមានសំណួរនានា នោះគាត់ទាក់ទងទៅកាន់នាយកដ្ឋានអ្នកផ្សព្វផ្សាយសាសនា ( សូមមើល ២៤.៩.៣ ) ។ នៅកន្លែងផ្សេងទៀត គាត់ទាក់ទងទៅការិយាល័យប្រចាំតំបន់ ។ ប៊ីស្សព និងប្រធានស្តេកមិនបន្ថែមបទដ្ឋានផ្សេងទៀត ដើម្បីមានសិទ្ធិចូលរួមនោះទេ ។ ហើយពួកគាត់ក៏មិនផ្លាស់ប្ដូរសំណួរសម្ភាសន៍ដែរ ។
ព័ត៌មាននៅក្នុងទម្រង់បែបបទអនុសាសន៍ រួមចំណែកដល់ដំណើរការទទួលបានវិវរណៈ ដែលទាក់ទងនឹងការហៅឲ្យបម្រើបេសកកម្ម ។ ថ្នាក់ដឹកនាំត្រូវប្រាកដថា ព័ត៌មានទាំងអស់ដែលបានស្នើសុំ ត្រូវបានបង្ហាញប្រាប់យ៉ាងពេញលេញ ។
ប្រសិនបើប៊ីស្សព និងប្រធានស្តេកមានកង្វល់អំពីការធ្វើតាមបទដ្ឋាននៃភាពស័ក្ដិសមរបស់បេក្ខជនម្នាក់ ឬអំពីស្ថានភាពសុខភាពរបស់គាត់ ឬនាង នោះពួកគាត់ប្រឹក្សាជាមួយគ្នា និងជាមួយបុគ្គលនោះ ។ ដោយមានការអនុញ្ញាតពីបេក្ខជនវ័យក្មេង នោះពួកគាត់ក៏អាចប្រឹក្សាជាមួយនឹងឪពុកម្ដាយរបស់គាត់ ឬនាងបានដែរ ។ ប៊ីស្សព និងប្រធានស្តេកមិនត្រូវបញ្ជូនអនុសាសន៍ទេ ទាល់តែបុគ្គលនេះបានប្រែចិត្តពីអំពើបាបធ្ងន់ធ្ងរជាមុនសិន ( សូមមើល ២៤.៣.២.១ ) ។ អាស្រ័យលើសុខភាពផ្លូវកាយ ផ្លូវចិត្ត ឬខាងសតិអារម្មណ៍របស់បុគ្គលនេះ នោះពួកគាត់អាចពិភាក្សាពីលទ្ធភាពនៃការចាត់តាំងឲ្យធ្វើជាអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម ។
នៅក្នុងករណីបន្ទាន់ នៅពេលប៊ីស្សព ឬប្រធានស្ដេកអវត្តមាន នោះគាត់អាចផ្តល់សិទ្ធិអនុញ្ញាតឲ្យទីប្រឹក្សាម្នាក់របស់គាត់ដឹកនាំការសម្ភាសន៍ទាំងនេះបាន ។
នៅក្នុងមណ្ឌល ប្រធានបេសកកម្ម ឬទីប្រឹក្សាដែលបានចាត់តាំងធ្វើការសម្ភាស និងផ្ដល់អនុសាសន៍បេក្ខជនអ្នកផ្សព្វផ្សាយសាសនា ។ ប្រធានមណ្ឌលមិនដឹកនាំការសម្ភាសទាំងនេះទេ ។
២៤.៤.៣
ការបញ្ជូនអនុសាសន៍
ប្រធានស្ដេកអាចបញ្ជូនអនុសាសន៍មួយ សម្រាប់បេក្ខជនអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងបានរហូតដល់ ១២០ ថ្ងៃ ពីមុនថ្ងៃដែលគាត់ ឬនាងអាចចេញបម្រើបាន ។ ប្រធានស្ដេកអាចបញ្ជូនអនុសាសន៍មួយ ពីបេក្ខជនអ្នកផ្សព្វផ្សាយសាសនារៀមច្បងបានរហូតដល់ប្រាំបួនខែ ពីមុនថ្ងៃដែលគាត់ ឬនាងអាចចេញបម្រើបាន ។ កាលបរិច្ឆេទចេញបម្រើបាននឹងត្រូវបានកំណត់ នៅពេលលក្ខខណ្ឌខាងក្រោមទាំងអស់នេះត្រូវបានបំពេញ ៖
-
បុគ្គលនេះបានឈានដល់អាយុដែលស័ក្ដិសមនឹងការបម្រើ ។
-
បុគ្គលនេះត្រូវបានបញ្ជាក់ជាសមាជិកសាសនាចក្ររយៈពេលយ៉ាងហោចណាស់មួយឆ្នាំហើយ ។
-
បុគ្គលនេះបានរៀនចប់ ឬលែងចូលរៀនថ្នាក់វិទ្យាល័យ ថ្នាក់អនុវិទ្យាល័យ ឬដែលមានកម្រិតស្មើទៀតហើយ ។ ( ការណ៍នេះអនុវត្តចំពោះបេក្ខជនអ្នកផ្សព្វផ្សាយសាសនាវ័យក្មេង ដែលមានអាយុ ១៨ ឆ្នាំ ) ។
បេក្ខជនអ្នកផ្សព្វផ្សាយសាសនាវ័យក្មេង និងប្រធានស្ដេករបស់ពួកគេដាក់ផែនការលើពេលវេលា ដែលប្រធានស្ដេកគួរតែបញ្ជូនអនុសាសន៍នេះ ។ ពួកគាត់អាចប្រើ ឧបករណ៍ដាក់ផែនការការបញ្ជូន និង ឧបករណ៍ដាក់ផែនការកាលបរិច្ឆេទដោះលែងពីបេសកកម្ម ជាជំនួយបាន ។
ជាធម្មតា អនុសាសន៍អ្នកផ្សព្វផ្សាយសាសនាត្រូវបញ្ជូនតាមរយៈវួដ និងស្ដេកកំណើត ។ ប៊ីស្សពនៃវួដដែលនៅឆ្ងាយពីផ្ទះ ដូចជាវួដយុវមជ្ឈិមវ័យនៅលីវ អាចចេញអនុសាសន៍អ្នកផ្សព្វផ្សាយសាសនាបាន ។ ពួកគាត់ត្រូវតែប្រឹក្សាយោបល់ជាមួយនឹងប៊ីស្សពនៃវួដកំណើតជាមុនសិន ។ វួដកំណើតគួរតែដាក់ជាវួដដែលផ្ដល់មូលនិធិ ។
២៤.៤.៤
ការលើកលែងពីការបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង
ពេលខ្លះ សមាជិកម្នាក់ដែលមានបំណងប្រាថ្នាចង់បម្រើ មិនអាចត្រូវបានហៅឲ្យបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងឡើយ ។ ការណ៍នេះអាចបណ្តាលមកពីបញ្ហាសុខភាព មិនបំពេញតាមបទដ្ឋាននៃភាពស័ក្ដិសម បញ្ហាផ្លូវច្បាប់ ឬកាលៈទេសៈផ្សេងទៀត ។ ប៊ីស្សព និងប្រធានស្តេកបង្ហាញសេចក្ដីស្រឡាញ់ និងការដឹងគុណចំពោះឆន្ទៈបម្រើរបស់សមាជិករូបនេះ ។ ប្រធានស្តេកអាចលើកលែងគាត់ ឬនាងពីការបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងបាន ។
ប្រធានស្តេក និងប៊ីស្សពលើកទឹកចិត្តសមាជិករូបនេះឲ្យបន្ដទៅមុខនៅលើផ្លូវនៃសេចក្ដីសញ្ញា ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទពេញមួយជីវិត ។ ពួកគាត់ក៏លើកទឹកចិត្តឲ្យសមាជិកនេះខិតខំព្យាយាមលើកិច្ចការដ៏សំខាន់ផ្សេងៗទៀត ដូចជាការអប់រំ ឬការងារសម្រាប់សមាជិកវ័យក្មេង ។
២៤.៥
បន្ទាប់ពីទទួលបានការបម្រើបេសកកម្ម
អ្នកផ្សព្វផ្សាយសាសនាដែលបានហៅឲ្យបម្រើថ្មីៗ ត្រូវបានលើកទឹកចិត្តឲ្យអាន ឬអានឡើងវិញក្នុងព្រះគម្ពីរមរមន មុនពេលពួកគេចាប់ផ្តើមបេសកកម្មរបស់ពួកគេ ។ ពួកគេធ្វើតាមការប្រឹក្សារបស់ស្ដេចបេនយ៉ាមីនឲ្យ « ប្រយ័ត្នខ្លួន ទាំងគំនិតរបស់ខ្លួន និងពាក្យសម្ដីរបស់ខ្លួន និងកិច្ចការរបស់ខ្លួន » ( ម៉ូសាយ ៤:៣០ ) ។
ពួកគេឆ្លើយតបភ្លាមៗទៅនឹងការណែនាំដែលបានផ្ដល់នៅក្នុងការហៅនោះ ។ ពួកគេក៏គួរតែមើលកូនសៀវភៅ ការសម្របខ្លួនទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនា ឬ ការសម្របខ្លួនទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម ៖ កូនសៀវភៅធនធាន ផងដែរ ។ ពួកគេ និងសមាជិកគ្រួសាររបស់ពួកគេក៏គួរតែសិក្សាពីលក្ខខណ្ឌ ដែលពួកគេនឹងបម្រើផងដែរ ។
សមាជិកគ្រួសារ និងថ្នាក់ដឹកនាំគាំទ្រដល់អ្នកផ្សព្វផ្សាយសាសនានៅក្នុងកិច្ចខិតខំទាំងនេះ ។ ពួកគាត់ក៏គូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើល្អ និងការបន្តស័ក្ដិសមនឹងព្រះវិញ្ញាណផងដែរ ។
២៤.៥.១
អំណោយទានពិសិដ្ឋនៃព្រះវិហារបរិសុទ្ធ និងការបម្រើក្នុងព្រះវិហារបរិសុទ្ធ
ប្រសិនបើអ្នកផ្សព្វផ្សាយសាសនាដែលទើបបានហៅថ្មីៗ មិនទាន់បានទទួលពិធីបរិសុទ្ធនៃអំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធទេ នោះពួកគេគួរតែធ្វើដូច្នោះ ពីមុនពេលចាប់ផ្ដើមការបម្រើជាអ្នកផ្សព្វផ្សាយសាសនានៅកន្លែងណាដែលអាចធ្វើបាន ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៣:១៥–១៦; ១០៥:៣៣ ) ។ ការណ៍នេះរួមមានអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មផងដែរ ប្រសិនបើសមស្របនឹងស្ថានភាពរបស់ពួកគេ ។ សម្រាប់ព័ត៌មានស្ដីពីការទទួលអំណោយទានពិសិដ្ឋ សូមមើល ២៧.២ ។
អ្នកផ្សព្វផ្សាយសាសនាដែលទើបបានហៅថ្មីៗ ដែលបានទទួលអំណោយទានពិសិដ្ឋរួចហើយ អាចបម្រើជាអ្នកធ្វើការផ្នែកពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធបាន ពីមុនពួកគេចាប់ផ្ដើមការបម្រើជាអ្នកផ្សព្វផ្សាយសាសនាតាមការគួរ ( សូមមើល ២៥.៥ ) ។
២៤.៥.២
ការប្រជុំសាក្រាម៉ង់
គណៈប៊ីស្សពអញ្ជើញអ្នកផ្សព្វផ្សាយសាសនាដែលទើបបានហៅថ្មីៗ ឲ្យឡើងនិយាយនៅក្នុងការប្រជុំសាក្រាម៉ង់ មុនពេលពួកគេចាប់ផ្ដើមបេសកកម្មរបស់ពួកគេ ។ នេះគឺជាការប្រជុំសាក្រាម៉ង់តាមធម្មតាមួយ ។ វាគួរតែផ្ដោតលើសាក្រាម៉ង់ និងព្រះអង្គសង្គ្រោះ ។ អ្នកផ្សព្វផ្សាយសាសនាគួរតែត្រូវបានអញ្ជើញឲ្យឡើងនិយាយអំពីព្រះយេស៊ូវគ្រីស្ទ ដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ និងអំណរក្នុងការចែកចាយដំណឹងល្អ ក៏ដូចជាការបម្រើដល់អ្នកដទៃ ។
ជាធម្មតាសមាជិកគ្រួសារ និងមិត្តភក្ដិរបស់អ្នកផ្សព្វផ្សាយសាសនាមិនត្រូវបានអញ្ជើញឲ្យឡើងនិយាយនោះទេ ។ ពេលវេលាទូទៅនៃការប្រជុំមិនគួរអូសបន្លាយនោះទេ ។
សមាជិក និងថ្នាក់ដឹកនាំគួរតែចៀសវាងពីអ្វីៗដែលអាចបង្អាក់ដល់លក្ខណៈដ៏ពិសិដ្ឋនៃការហៅបម្រើបេសកកម្ម ឬបង្កើតជាការចំណាយដែលមិនចាំបាច់នានា ។ ឧទាហរណ៍ ពួកគេមិនគួរ ៖
-
បោះពុម្ពកម្មវិធីការប្រជុំសាក្រាម៉ង់ពិសេស ។
-
ឈរជាជួរទទួលស្វាគមន៍ បន្ទាប់ពីការប្រជុំសាក្រាម៉ង់ ។
-
ធ្វើកម្មវិធីឡើងផ្ទះ លើកលែងតែការជួបជុំគ្រួសារ ។ ប្រសិនបើមានការជួបជុំគ្រួសារ នោះយើងផ្ដល់អនុសាសន៍ថា កុំឲ្យវាជាន់គ្នានឹងការប្រជុំនៅថ្ងៃអាទិត្យឡើយ ។
២៤.៥.៣
ពិធីញែកចេញអ្នកផ្សព្វផ្សាយសាសនា
ប្រធានស្តេកកំណើតធ្វើពិធីញែកចេញឲ្យអ្នកផ្សព្វផ្សាយសាសនាម្នាក់ៗឲ្យជិតដល់កាលបរិច្ឆេទចេញបេសកកម្មរបស់គាត់ ឬនាងបំផុត តាមដែលអាចធ្វើទៅបាន ។ នៅក្នុងករណីបន្ទាន់ នៅពេលប្រធានស្ដេកមិនទំនេរ នោះគាត់អាចផ្តល់សិទ្ធិអនុញ្ញាតឲ្យទីប្រឹក្សាម្នាក់របស់គាត់ធ្វើពិធីញែកចេញដល់អ្នកផ្សព្វផ្សាយសាសនាបាន ។ គាត់ក៏អាចផ្ទេរការទទួលខុសត្រូវក្នុងការញែកចេញអ្នកផ្សព្វផ្សាយសាសនារៀមច្បងផ្នែកសេវាកម្មឲ្យទៅទីប្រឹក្សាម្នាក់ផងដែរ ។
ប្រធានបេសកកម្ម ឬទីប្រឹក្សាម្នាក់របស់គាត់ធ្វើពិធីញែកចេញដល់អ្នកផ្សព្វផ្សាយសាសនា ដែលត្រូវបានហៅឲ្យបម្រើមកពីមណ្ឌលនៅក្នុងបេសកកម្មរបស់គាត់ ។ ប្រធានមណ្ឌលមិនធ្វើពិធីញែកចេញឲ្យអ្នកផ្សព្វផ្សាយសាសនាទេ ។
បងប្អូនប្រុសដែលនឹងបម្រើនៅឆ្ងាយពីផ្ទះ ត្រូវតែទទួលបព្វជិតភាពម៉ិលគីស្សាដែក ពីមុនការញែកចេញជាអ្នកផ្សព្វផ្សាយសាសនា ។ បងប្អូនប្រុសដែលនឹងបម្រើជាអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម គួរតែកាន់បព្វជិតភាពម៉ិលគីស្សាដែក ប្រសិនបើសមស្របនឹងស្ថានភាពរបស់គាត់ ។ សម្រាប់ការណែនាំស្ដីពីការតែងតាំងតំណែងមួយក្នុងបព្វជិតភាពម៉ិលគីស្សាដែក សូមមើល ១៨.១០ ។
មិនយូរប៉ុន្មានមុនពេលអ្នកផ្សព្វផ្សាយសាសនាត្រូវទទួលពិធីញែកចេញ ប្រធានស្តេក ឬទីប្រឹក្សាដែលបានចាត់តាំងម្នាក់ធ្វើការសម្ភាសគាត់ ឬនាង ។ ប្រសិនបើអ្នកផ្សព្វផ្សាយសាសនាលែងមានបទដ្ឋាននៃភាពស័ក្តិសម ឬប្រសិនបើមានបញ្ហាសុខភាព នោះគាត់ ឬនាងមិនត្រូវទទួលពិធីញែកចេញទេ ។ ប្រធានស្ដេកទាក់ទងទៅនាយកដ្ឋានអ្នកផ្សព្វផ្សាយសាសនា ( សូមមើល ២៤.៩.៣ ) ឬការិយាល័យប្រចាំតំបន់សម្រាប់ការណែនាំ ។
ពិធីញែកចេញគួរតែជាបទពិសោធន៍ដ៏ពិសេសមួយ ។ ក្រុមគ្រួសារ និងមិត្តភក្តិជិតស្និទ្ធអាចចូលរួមបាន ។ ប្រធានស្ដេកជួយពួកគេឲ្យយល់ និងមានអារម្មណ៍ពីភាពពិសិដ្ឋ និងសារៈសំខាន់នៃការហៅបម្រើជាអ្នកតំណាងឲ្យព្រះយេស៊ូវគ្រីស្ទ និងសាសនាចក្រដែលបានស្ដារឡើងវិញរបស់ទ្រង់ ។
ពិធីញែកចេញ និងពរជ័យដែលផ្តល់ឲ្យនៅក្នុងពិធីនេះមិនគួរថតទុកនោះទេ ។ ទោះជាយ៉ាងណាក៏ដោយ អ្នកផ្សព្វផ្សាយសាសនាត្រូវបានលើកទឹកចិត្តឲ្យកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុរបស់គាត់ ឬនាងនូវបទពិសោធន៍ និងកត់ត្រាពាក្យខ្លះនៅក្នុងការប្រសិទ្ធពរ ដែលមានអត្ថន័យជាពិសេស ។
ប្រធានស្តេកពន្យល់ថា បុគ្គលនេះគួរតែធ្វើតាមបទដ្ឋានអ្នកផ្សព្វផ្សាយសាសនា បន្ទាប់ពីការញែកចេញនេះ ។
ការញែកចេញរបស់អ្នកផ្សព្វផ្សាយសាសនាម្នាក់ គឺសម្រាប់ការហៅឲ្យបម្រើ មិនមែនសម្រាប់ការចាត់តាំងជាអ្នកផ្សព្វផ្សាយសាសនាជាក់លាក់នោះទេ ។ ប្រសិនបើការចាត់តាំងរបស់អ្នកផ្សព្វផ្សាយសាសនាផ្លាស់ប្ដូរ នោះគាត់ ឬនាងមិនត្រូវបានញែកចេញម្ដងទៀតនោះទេ ។ ប្រសិនបើអ្នកផ្សព្វផ្សាយសាសនាម្នាក់ត្រូវបានដោះលែង ហើយក្រោយមក ត្រូវបានអនុម័តឲ្យត្រឡប់មកកាន់ការបម្រើវិញ ( សូមមើល ២៤.៦.៣.២ ) នោះគាត់ ឬនាងត្រូវទទួលពិធីញែកចេញជាអ្នកផ្សព្វផ្សាយសាសនាម្ដងទៀត ។
២៤.៦
ការបម្រើនៅឆ្ងាយពីផ្ទះ
២៤.៦.១
ការចេញទៅតំបន់បេសកកម្ម
សាសនាចក្របង់ថ្លៃចំណាយឲ្យអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងផ្នែកបង្រៀន ដើម្បីធ្វើដំណើរទៅ និងមកពីមជ្ឈមណ្ឌលបំពាក់បំប៉នអ្នកផ្សព្វផ្សាយសាសនា ( អិម.ធី.ស៊ី. ) និងតំបន់បេសកកម្មដែលបានចាត់តាំង ។ សាសនាចក្រក៏ចេញថ្លៃចំណាយទាំងនេះសម្រាប់អ្នកផ្សព្វផ្សាយសាសនារៀមច្បង ដែលបម្រើនៅឆ្ងាយពីផ្ទះរយៈពេលជាងមួយឆ្នាំផងដែរ ។
សមាជិកក្រុមគ្រួសារជិតដិតអាចនាំអ្នកផ្សព្វផ្សាយសាសនាទៅ អិម.ធី.ស៊ី. បាន ។ ប៉ុន្ដែ ពួកគេពុំត្រូវបានរំពឹងទុកឲ្យធ្វើដូច្នោះទេ ។ អិម.ធី.ស៊ី. មិនមានការប្រជុំសម្រាប់ក្រុមគ្រួសារ ដើម្បីលាគ្នាពីអ្នកផ្សព្វផ្សាយសាសនារបស់ពួកគេឡើយ ។
សម្រាប់សន្ដិសុខនៅព្រលានយន្ដហោះ និងដោយសារមូលហេតុផ្សេងទៀត ក្រុមគ្រួសារ និងអ្នកដទៃទៀតមិនត្រូវបានលើកទឹកចិត្តឲ្យជួបនឹងអ្នកផ្សព្វផ្សាយសាសនានៅព្រលានយន្ដហោះ នៅពេលអ្នកផ្សព្វផ្សាយសាសនាចេញពី អិម.ធី.ស៊ី. ទៅកាន់តំបន់បេសកកម្មដែលបានចាត់តាំងរបស់ពួកគេឡើយ ។
២៤.៦.២
នៅក្នុងតំបន់បេសកកម្ម
២៤.៦.២.១
ការចាត់ទីកន្លែងរបស់អ្នកផ្សព្វផ្សាយសាសនា
ប្រធានស្ដេក និងប្រធានបេសកកម្មប្រឹក្សាជាមួយគ្នាអំពីតម្រូវការអ្នកផ្សព្វផ្សាយសាសនានៅក្នុងវួដ និងសាខាជាក់លាក់ណាមួយ ។ វាមិនតម្រូវឲ្យអ្នកផ្សព្វផ្សាយសាសនាត្រូវបានចាត់តាំងទៅគ្រប់អង្គភាពនោះទេ ។ អង្គភាពមួយចំនួនអាចមានដៃគូអ្នកផ្សព្វផ្សាយសាសនាច្រើនជាងមួយគូ ។ ប្រធានបេសកកម្មជាអ្នកកំណត់អំពីការចាត់តាំងទីកន្លែងរបស់អ្នកផ្សព្វផ្សាយសាសនា ។
២៤.៦.២.២
ការបម្រើដល់សមាជិក និងសហគមន៍
ប្រធានស្ដេក និងប្រធានបេសកកម្មប្រឹក្សាគ្នាអំពីរបៀបដែលអ្នកផ្សព្វផ្សាយសាសនាអាចផ្ដល់ការបម្រើដល់សមាជិក និងសហគមន៍ ។ ពួកគាត់អាចប្រើគេហទំព័រ JustServe.org បានសម្រាប់កន្លែងណាដែលមាន ។
២៤.៦.២.៣
ទីលំនៅ អាហារ និងការធ្វើដំណើរ
ប្រធានស្តេក និងប្រធានបេសកកម្មកំណត់ថាតើសមាជិកក្នុងមូលដ្ឋានផ្តល់លំនៅ និងអាហារដល់អ្នកផ្សព្វផ្សាយសាសនាឬអត់ ឬថាផ្ដល់ក្នុងកម្រិតណា ។ ការផ្ដល់ទីលំនៅ ឬអាហារមិនគួរជាបន្ទុកដល់សមាជិកក្នុងមូលដ្ឋានឡើយ ។
សមាជិកមិនត្រូវបានរំពឹងឲ្យជួយដឹកជញ្ជូនអ្នកផ្សព្វផ្សាយសាសនា មនុស្សដែលពួកគេកំពុងបង្រៀន ឬសមាជិកដែលទើបបានជ្រមុជទឹកថ្មីៗជាទៀងទាត់នោះទេ ។
គណៈប្រធានតំបន់អាចផ្ដល់ការណែនាំអំពីការផ្ដល់ទីលំនៅ អាហារ និងការធ្វើដំណើរដល់អ្នកផ្សព្វផ្សាយសាសនានៅក្នុងតំបន់នោះ ។
២៤.៦.២.៤
អ្នកផ្សព្វផ្សាយសាសនានៅក្នុងតំណែងអ្នកដឹកនាំសាខា
នៅក្នុងស្ថានភាពកម្រ អ្នកផ្សព្វផ្សាយសាសនាដែលបម្រើនៅឆ្ងាយពីផ្ទះ អាចត្រូវបានចាត់ឲ្យបម្រើនៅក្នុងតំណែងជាអ្នកដឹកនាំសាខា ។ ប្រសិនបើសាខានៅក្នុងស្ដេក នោះអ្នកផ្សព្វផ្សាយសាសនាត្រូវបានញែកចេញនៅក្រោមការដឹកនាំរបស់គណៈប្រធានស្ដេក ដោយមានការអនុម័តពីប្រធានបេសកកម្ម ។
ប្រសិនបើសាខានៅក្នុងមណ្ឌល នោះអ្នកផ្សព្វផ្សាយសាសនាមិនត្រូវបានញែកចេញនោះទេ ។ សិទ្ធិអំណាចដើម្បីបម្រើនៅក្នុងអង្គភាពមួយ ដែលចាត់តាំងទៅក្នុងបេសកកម្ម មាននៅក្នុងការញែកចេញជាអ្នកផ្សព្វផ្សាយសាសនារួចទៅហើយ ។ ប្រសិនបើអែលឌើរបំពេញមុខងារមួយ ដែលតម្រូវឲ្យមានកូនសោបព្វជិតភាព នោះពួកគេធ្វើដូច្នោះបានដោយមានសិទ្ធិអំណាចដែលបានចាត់តាំងមកពីប្រធានបេសកកម្ម ។
២៤.៦.២.៥
សំណើសុំផ្តល់ជំនួយដល់អ្នកដទៃខាងហិរញ្ញវត្ថុ ឬថ្លៃសាលារៀន ឬការធ្វើអន្ដោប្រវេសន៍
អ្នកផ្សព្វផ្សាយសាសនា និងក្រុមគ្រួសាររបស់ពួកគេមិនគួរផ្ដល់ជំនួយផ្នែកហិរញ្ញវត្ថុដល់អស់អ្នកដែលរស់នៅក្នុងតំបន់ ដែលអ្នកផ្សព្វផ្សាយសាសនាកំពុងបម្រើនោះទេ រួមទាំងជំនួយផ្នែកហិរញ្ញវត្ថុថ្លៃសាលារៀនផងដែរ ។ ហើយអ្នកផ្សព្វផ្សាយសាសនា និងក្រុមគ្រួសាររបស់ពួកគេក៏មិនគួរឧបត្ថម្ភដល់បុគ្គល ដែលចង់ធ្វើអន្ដោប្រវេសន៍ទៅកាន់ប្រទេសដទៃទៀតដែរ ( សូមមើល ៣៨.៨.១៨ ) ។
២៤.៦.២.៦
ការប្រើប្រាស់ឱសថ
ពួកអ្នកផ្សព្វផ្សាយសាសនាទទួលខុសត្រូវលើការប្រើប្រាស់ឱសថនានា ដែលពួកគេអាចត្រូវការ ។ សមាជិកគ្រួសារ ឬអ្នកដទៃទៀតមិនត្រូវផ្ញើ ឬយកឱសថទៅឲ្យអ្នកផ្សព្វផ្សាយសាសនានោះទេ ។ ប្រសិនបើមិនមានឱសថនោះនៅក្នុងបេសកកម្ម នោះអ្នកផ្សព្វផ្សាយសាសនាអាចប្រឹក្សាជាមួយប្រធានបេសកកម្ម ។
២៤.៦.២.៧
មរណភាពនៃសមាជិកគ្រួសារជិតដិត
ប្រសិនបើសមាជិកគ្រួសារជិតដិតរបស់អ្នកផ្សព្វផ្សាយសាសនាទទួលមរណភាព នោះអ្នកផ្សព្វផ្សាយសាសនាអាចជ្រើសរើសដើម្បីត្រឡប់ទៅផ្ទះបណ្ដោះអាសន្ន ដើម្បីចូលរួមពិធីបុណ្យសពបាន ។ ប៉ុន្ដែ ជាទូទៅអ្នកផ្សព្វផ្សាយសាសនាត្រូវបានទូន្មានឲ្យបន្ដនៅក្នុងតំបន់បេសកកម្ម ។ នៅពេលដែលអាចធ្វើបាន គាត់ ឬនាងអាចមើលកម្មវិធីបុណ្យសពតាមការផ្សាយបន្ដផ្ទាល់នៅលើអ៊ីនធឺណិត ។
ប្រសិនបើអ្នកផ្សព្វផ្សាយសាសនាជ្រើសរើសដើម្បីត្រឡប់ទៅផ្ទះចូលរួមពិធីបុណ្យសព នោះប្រធានបេសកកម្មទាក់ទងទៅនាយកដ្ឋានអ្នកផ្សព្វផ្សាយសាសនា ។
២៤.៦.២.៨
កំណត់ត្រាសមាជិកភាព និងដង្វាយមួយភាគក្នុងដប់
វួដកំណើតរបស់អ្នកផ្សព្វផ្សាយសាសនារក្សាកំណត់ត្រាសមាជិកភាព ។ វួដកំណើតក៏កត់ត្រាស្ថានភាពថ្វាយដង្វាយមួយភាគក្នុងដប់របស់គាត់ ឬនាងផងដែរ ។ អ្នកផ្សព្វផ្សាយសាសនាមិនបង់ដង្វាយមួយភាគក្នុងដប់ពីមូលនិធិគាំទ្រ ដែលពួកគេបានទទួលពីបេសកកម្មនោះទេ ។ ប៉ុន្ដែ ពួកគេត្រូវបង់ដង្វាយមួយភាគក្នុងដប់ ប្រសិនបើពួកគេមានប្រាក់ចំណូលផ្ទាល់ខ្លួនណាមួយ ។
២៤.៦.៣
ការត្រឡប់ពីបេសកកម្មទៅផ្ទះវិញ
២៤.៦.៣.១
ការត្រឡប់ពីបេសកកម្មទៅផ្ទះវិញតាមការកំណត់ដើម
អ្នកផ្សព្វផ្សាយសាសនា និងសមាជិកគ្រួសាររបស់ពួកគេមិនគួរស្នើសុំឲ្យមានការដោះលែងមុន ឬការពន្យារការបម្រើដោយសារភាពងាយស្រួលផ្ទាល់ខ្លួននោះឡើយ ។
អ្នកផ្សព្វផ្សាយសាសនាវ័យក្មេងគួរតែចេញដំណើរទៅផ្ទះតែម្ដងពីបេសកកម្មរបស់ពួកគេ ។ ការធ្វើដំណើរណាមួយផ្សេងទៀតអាចត្រូវបានអនុញ្ញាត តែនៅពេលអ្នកផ្សព្វផ្សាយសាសនាមានយ៉ាងហោចណាស់ឪពុក ឬម្តាយ ឬអាណាព្យាបាលនៅជាមួយប៉ុណ្ណោះ ។
អ្នកផ្សព្វផ្សាយសាសនាមិនត្រូវបានដោះលែងនោះទេ រហូតដល់ពួកគេបានទៅជួបនឹងប្រធានស្តេករបស់ពួកគេសិន ។ ពួកគេធ្វើតាមបទដ្ឋានអ្នកផ្សព្វផ្សាយសាសនារហូតដល់ពេលនោះ ។
២៤.៦.៣.២
ការត្រឡប់ទៅផ្ទះវិញមុនកំណត់
អ្នកផ្សព្វផ្សាយសាសនាមួយចំនួនត្រូវបានដោះលែងមុនកំណត់ ដោយសារមូលហេតុសុខភាព ភាពស័ក្ដិសម ឬមូលហេតុផ្សេងទៀត ។ ប៊ីស្សព និងប្រធានស្តេកផ្តល់ការគាំទ្រជាពិសេសដល់អ្នកត្រឡប់ពីបេសកកម្មទាំងនេះ ។ ថ្នាក់ដឹកនាំជួយពួកគេឲ្យខិតខំមានសុខភាពល្អឡើងវិញ ឬត្រឡប់ទៅកាន់ការបម្រើវិញ ប្រសិនបើអាចធ្វើបាន ។
សម្រាប់អ្នកផ្សព្វផ្សាយសាសនាដែលត្រៀមខ្លួនជាស្រេចដើម្បីត្រឡប់ទៅកាន់ការបម្រើវិញ នោះប្រធានស្ដេកទាក់ទងទៅនាយកដ្ឋានអ្នកផ្សព្វផ្សាយសាសនា ដើម្បីផ្ដល់អនុសាសន៍នេះ ( សូមមើល ២៤.៩.៣ ) ។ អ្នកផ្សព្វផ្សាយសាសនាមួយចំនួនដែលត្រឡប់ទៅកាន់ការបម្រើវិញ អាចត្រូវបានចាត់តាំងជាថ្មីទៅបេសកកម្មផ្នែកបង្រៀនផ្សេង ឬបេសកកម្មផ្នែកសេវាកម្ម ។
នៅពេលមិនអាចត្រឡប់ទៅបម្រើវិញបានទេ នោះថ្នាក់ដឹកនាំលើកទឹកចិត្តសមាជិករូបនេះឲ្យបន្ដទៅមុខនៅលើផ្លូវនៃសេចក្ដីសញ្ញា ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទពេញមួយជីវិត ។ ថ្នាក់ដឹកនាំក៏លើកទឹកចិត្តឲ្យសមាជិកនេះខិតខំព្យាយាមលើកិច្ចការដ៏សំខាន់ផ្សេងៗទៀត ដូចជាការអប់រំ ឬការងារសម្រាប់សមាជិកវ័យក្មេងផងដែរ ។
២៤.៧
បេសកកម្មផ្នែកសេវាកម្ម
២៤.៧.១
ការកំណត់ឱកាសសម្រាប់អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម
ប៊ីស្សព ប្រធានស្តេក និងអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មប្រឹក្សាជាមួយគ្នា ដើម្បីកំណត់ពីឱកាសបម្រើក្នុងមូលដ្ឋាន ។ សម្រាប់អ្នកផ្សព្វផ្សាយសាសនាវ័យក្មេងផ្នែកសេវាកម្ម អ្នកដឹកនាំបេសកកម្មផ្នែកសេវាកម្ម និងឪពុកម្ដាយ ឬអាណាព្យាបាលរបស់អ្នកផ្សព្វផ្សាយសាសនានេះចូលរួមនៅក្នុងការពិភាក្សា ។
ឱកាសសម្រាប់អ្នកផ្សព្វផ្សាយសាសនាវ័យក្មេងផ្នែកសេវាកម្មត្រូវបានកំណត់ ក្រោយពីពួកគេត្រូវបានហៅឲ្យបម្រើ ។ ឱកាសសម្រាប់អ្នកផ្សព្វផ្សាយសាសនារៀមច្បងផ្នែកសេវាកម្ម អាចត្រូវបានកំណត់មុនពេល ឬក្រោយពីពួកគេត្រូវបានហៅ ។
ការបម្រើអាចផ្ដល់ឲ្យដោយផ្ទាល់ ឬពីចម្ងាយដោយការប្រើប្រាស់បច្ចេកវិទ្យា ។ ថ្នាក់ដឹកនាំអាចប្រើប្រាស់ធនធានខាងក្រោម ដើម្បីស្វែងរកព័ត៌មានអំពីឱកាសបម្រើ ៖
-
អ៊ីនធឺណិត ៖ ChurchofJesusChrist.org/service-missionary ឬ SeniorMissionary.ChurchofJesusChrist.org
-
លេខទូរសព្ទ ៖ ១-៨០១-២៤០-៤៩១៤
២៤.៧.២
ទីលំនៅ និងការធ្វើដំណើរ
អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មរស់នៅក្នុងគេហដ្ឋានរបស់ពួកគេផ្ទាល់ ឬជាមួយនឹងសមាជិកគ្រួសារផ្សេងទៀត ដែលបានអនុម័តដោយការិយាល័យបេសកកម្មផ្នែកសេវាកម្ម ។ ពួកគេផ្ដល់ ឬរៀបចំការធ្វើដំណើររបស់ពួកគេផ្ទាល់ខ្លួនទៅកាន់ទីកន្លែងបម្រើរបស់ពួកគេ ប្រសិនបើចាំបាច់ ។
២៤.៧.៣
ការបំពាក់បំប៉ន និងការគ្រប់គ្រង
អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មត្រូវបានបំពាក់បំប៉ន និងគ្រប់គ្រងនៅកន្លែងដែលពួកគេបម្រើ ។ ពួកគេក៏អាចត្រូវបានបំពាក់បំប៉ន និងគ្រប់គ្រងដោយអ្នកដឹកនាំបេសកកម្មផ្នែកសេវាកម្មផងដែរ ។ ពួកគេទទួលបានការដឹកនាំជាប្រចាំអំពីកាតព្វកិច្ចរបស់ពួកគេពីអ្នកដឹកនាំបេសកកម្មផ្នែកសេវាកម្ម ( សម្រាប់អ្នកផ្សព្វផ្សាយសាសនាវ័យក្មេងផ្នែកសេវាកម្ម ) ឬអ្នកគ្រប់គ្រងលើការចាត់តាំងផ្នែកសេវាកម្មរបស់ពួកគេ ( សម្រាប់អ្នកផ្សព្វផ្សាយសាសនារៀមច្បងផ្នែកសេវាកម្ម ) ។
ប្រធានស្តេកគឺជាថ្នាក់ដឹកនាំបព្វជិតភាពរបស់អ្នកផ្សព្វផ្សាយសាសនានោះ ។ គាត់ក៏ជួយអ្នកផ្សព្វផ្សាយសាសនាឲ្យយល់ និងធ្វើតាមបទដ្ឋានអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មផងដែរ ( សូមមើល បទដ្ឋានអ្នកផ្សព្វផ្សាយសាសនាសម្រាប់សិស្សរបស់ព្រះយេស៊ូវគ្រីស្ទ—បេសកកម្មផ្នែកសេវាកម្ម ) ។
២៤.៧.៤
អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មនៅក្នុងការហៅបម្រើនៅក្នុងវួដ ឬស្ដេក
ប៊ីស្សព ឬប្រធានស្តេកអាចផ្ដល់ការហៅបម្រើនៅក្នុងវួដ ឬស្ដេកដល់អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម ប្រសិនបើការហៅនោះមិនប៉ះពាល់ដល់ការចាត់តាំង ឬកាលវិភាគបេសកកម្មទេនោះ ។ សម្រាប់អ្នកផ្សព្វផ្សាយសាសនាវ័យក្មេងផ្នែកសេវាកម្ម ថ្នាក់ដឹកនាំទាំងនេះសម្របសម្រួលជាមួយនឹងអ្នកដឹកនាំបេសកកម្មផ្នែកសេវាកម្ម ។
២៤.៧.៥
ការបញ្ចប់បេសកកម្មផ្នែកសេវាកម្ម
ប្រធានស្ដេក អ្នកដឹកនាំបេសកកម្មផ្នែកសេវាកម្ម ( សម្រាប់អ្នកផ្សព្វផ្សាយសាសនាវ័យក្មេង ) និងអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មប្រឹក្សាជាមួយគ្នា ដើម្បីកំណត់ថាតើអ្នកផ្សព្វផ្សាយសាសនានេះនឹងបញ្ចប់ការបម្រើរបស់គាត់ ឬនាងនៅពេលណា ។
បេសកកម្មផ្នែកសេវាកម្មសម្រាប់អ្នកផ្សព្វផ្សាយសាសនាវ័យក្មេង មិនត្រូវលើសពីរយៈពេល ២៤ ខែឡើយសម្រាប់បុរស ។ បេសកកម្មទាំងនេះមិនត្រូវលើសពីរយៈពេល ១៨ ខែឡើយសម្រាប់ស្ដ្រី ។
អ្នកផ្សព្វផ្សាយសាសនារៀមច្បងផ្នែកសេវាកម្មអាចបន្ដការបម្រើរបស់ពួកគេ ទៅតាមកាលបរិច្ឆេទដែលបានយល់ព្រមពីប្រធានស្ដេក និងអ្នកផ្សព្វផ្សាយសាសនានោះ ។
២៤.៨
បន្ទាប់ពីការបម្រើជាអ្នកផ្សព្វផ្សាយសាសនា
២៤.៨.១
ប័ណ្ណចូលព្រះវិហារបរិសុទ្ធ
២៤.៨.១.១
អ្នកផ្សព្វផ្សាយសាសនាវ័យក្មេងដែលបម្រើនៅឆ្ងាយពីផ្ទះ
សម្រាប់ការណែនាំអំពីប័ណ្ណចូលព្រះវិហារបរិសុទ្ធសម្រាប់អ្នកផ្សព្វផ្សាយសាសនាវ័យក្មេងដែលត្រឡប់ទៅផ្ទះវិញ សូមមើល ២៦.៥.៣ ។
២៤.៨.១.២
អ្នកផ្សព្វផ្សាយសាសនារៀមច្បងដែលបម្រើនៅឆ្ងាយពីផ្ទះ
ប្រធានបេសកកម្មអាចដឹកនាំការសម្ភាសទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ នៅពេលចាំបាច់ ។ ប្រសិនបើអ្នកផ្សព្វផ្សាយសាសនាមានភាពស័ក្តិសម នោះប្រធានបេសកកម្មចេញប័ណ្ណចូលព្រះវិហារបរិសុទ្ធថ្មី ដែលនឹងផុតកំណត់ក្នុងរយៈពេលពីរឆ្នាំ ។
២៤.៨.១.៣
អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្ម
អ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មគួរតែរៀបចំតាមរយៈថ្នាក់ដឹកនាំក្នុងមូលដ្ឋាន ដើម្បីធ្វើការសម្ភាសបន្ដប័ណ្ណចូលព្រះវិហារបរិសុទ្ធ ( សូមមើល ២៦.៣.១ ) ។
២៤.៨.២
ការសម្ភាសដោះលែងអ្នកផ្សព្វផ្សាយសាសនា
ប្រធានស្ដេកដោះលែងអ្នកផ្សព្វផ្សាយសាសនា និងដឹកនាំការសម្ភាសដោះលែងនេះ ។ ទីប្រឹក្សារបស់គាត់ម្នាក់អាចដោះលែងអ្នកផ្សព្វផ្សាយសាសនារៀមច្បងផ្នែកសេវាកម្មបាន ។ នៅក្នុងមណ្ឌល ជាទូទៅប្រធានបេសកកម្ម ឬទីប្រឹក្សាដែលបានចាត់តាំង ជាអ្នកដោះលែងអ្នកផ្សព្វផ្សាយសាសនា ។ សម្រាប់ករណីលើកលែង សូមមើល ៦.៣ ។
សេចក្ដីណែនាំខាងក្រោមសម្រាប់ការសម្ភាសនេះអាចមានអត្ថប្រយោជន៍ ។
-
កោតសរសើរពួកគេដែលបានបម្រើបេសកកម្ម ។
-
សូមអញ្ជើញពួកគេឲ្យចែកចាយពីបទពិសោធន៍បេសកកម្មរបស់ពួកគេ ។
-
លើកទឹកចិត្តពួកគេឲ្យបន្ដធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទអស់មួយជីវិត ។
-
ផ្តល់ដំបូន្មានដល់ពួកគេឲ្យបន្ដស្ថាបនាលើទម្លាប់ល្អៗ ដែលពួកគេបានបង្កើតកាលនៅជាអ្នកផ្សព្វផ្សាយសាសនា ។
-
លើកទឹកចិត្តពួកគេឲ្យធ្វើតាមព្រះវិញ្ញាណរាល់ថ្ងៃ និងរស់នៅដោយមានកិត្តិយស ។
-
លើកទឹកចិត្តឲ្យពួកគេពិចារណា និងរៀបចំខ្លួនសម្រាប់អនាគត ដូចជាការអប់រំ និងការងារសម្រាប់អ្នកផ្សព្វផ្សាយសាសនាវ័យក្មេង ។ ជួយពួកគេឲ្យដាក់គោលដៅ និងដាក់ផែនការតាមការចាំបាច់ ។ ពិនិត្យមើលការរីកចម្រើននៅលើ ផែនការរបស់ខ្ញុំ ជាមួយនឹងអ្នកផ្សព្វផ្សាយសាសនាវ័យក្មេង ។
-
ចៀសវាងធ្វើការសន្យាពរជ័យជាក់លាក់ ជារង្វាន់សម្រាប់ការបម្រើជាអ្នកផ្សព្វផ្សាយសាសនា ។
-
លើកទឹកចិត្តពួកគេឲ្យរស់នៅដោយភាពស័ក្ដិសមនឹងកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធជានិច្ច ។
២៤.៨.៣
របាយការណ៍របស់អ្នកផ្សព្វផ្សាយសាសនា និងការឡើងនិយាយនៅក្នុងការប្រជុំសាក្រាម៉ង់
ប្រធានស្ដេក និងប្រធានមណ្ឌលអញ្ជើញអ្នកផ្សព្វផ្សាយសាសនាដែលទើបបានដោះលែងថ្មីៗ ឲ្យរាយការណ៍ពីការបម្រើរបស់ពួកគេនៅក្នុងការប្រជុំក្រុមប្រឹក្សាជាន់ខ្ពស់ ឬការប្រជុំក្រុមប្រឹក្សាមណ្ឌល ។ ការណ៍នេះរួមមានអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មផងដែរ ។ ប៊ីស្សពក៏អាចអញ្ជើញអ្នកផ្សព្វផ្សាយសាសនាដែលទើបបានដោះលែងថ្មីៗ ឲ្យរាយការណ៍នៅក្នុងការប្រជុំក្រុមប្រឹក្សាវួដផងដែរ ។
នៅពេលដែលរយៈចម្ងាយ ឬស្ថានភាពផ្សេងទៀតអនុញ្ញាត អ្នកផ្សព្វផ្សាយសាសនាដែលទើបបានដោះលែងថ្មីៗអាចរាយការណ៍ដោយប្រើប្រាស់បច្ចេកវិទ្យា ឬតែនៅក្នុងការប្រជុំក្រុមប្រឹក្សាវួដប៉ុណ្ណោះ ។
គណៈប៊ីស្សពដាក់កាលវិភាគ ដើម្បីឲ្យអ្នកផ្សព្វផ្សាយសាសនាដែលទើបបានដោះលែងថ្មីៗឡើងនិយាយនៅក្នុងការប្រជុំសាក្រាម៉ង់ ។ ការណ៍នេះរួមមានអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មផងដែរ ។ ការប្រជុំនេះគឺជាការប្រជុំសាក្រាម៉ង់តាមធម្មតាមួយ ។ គណៈប៊ីស្សពធ្វើឲ្យប្រាកដថា បានធ្វើតាមគោលការណ៍ដែលមានចែងនៅក្នុង ២៤.៥.២ នេះ ។
អ្នកផ្សព្វផ្សាយសាសនាដែលទើបបានដោះលែងថ្មីៗ អាចនិយាយនៅក្នុងការប្រជុំសាក្រាម៉ង់នៅក្នុងវួដផ្សេងទៀត តាមការអញ្ជើញរបស់សមាជិកនៃគណៈប្រធានស្ដេក ឬគណៈប្រធានមណ្ឌល ។ ពួកគេក៏អាចត្រូវបានសមាជិកមួយរូបនៃក្រុមប្រឹក្សាជាន់ខ្ពស់ ឬក្រុមប្រឹក្សាមណ្ឌលធ្វើការអញ្ជើញផងដែរ ។
២៤.៨.៤
ការហៅ
ថ្នាក់ដឹកនាំផ្ដល់ការចាត់តាំងការងារបម្រើ និងការហៅបម្រើភ្លាមៗដល់អ្នកផ្សព្វផ្សាយសាសនាដែលទើបបានដោះលែងថ្មីៗ ។ ការណ៍នេះរួមមាន ការពិចារណាឲ្យធ្វើជាអ្នកធ្វើការផ្នែកពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធតាមការគួរ ( សូមមើល ២៥.៥ ) ។
២៤.៩
ធនធានសម្រាប់ការផ្តល់អនុសាសន៍ និងការបម្រើជាអ្នកផ្សព្វផ្សាយសាសនា
២៤.៩.១
សៀវភៅសិក្សា និងទម្រង់បែបបទ
-
ប្រកាសដំណឹងល្អរបស់យើង ៖ មគ្គុទេសន៍ចំពោះការបម្រើជាអ្នកផ្សព្វផ្សាយសាសនា
-
បទដ្ឋានអ្នកផ្សព្វផ្សាយសាសនាសម្រាប់សិស្សរបស់ព្រះយេស៊ូវគ្រីស្ទ
-
បទដ្ឋានអ្នកផ្សព្វផ្សាយសាសនាសម្រាប់សិស្សរបស់ព្រះយេស៊ូវគ្រីស្ទ—បេសកកម្មផ្នែកសេវាកម្ម
-
ការសម្របខ្លួនទៅនឹងជីវិតជាអ្នកផ្សព្វផ្សាយសាសនា ៖ កូនសៀវភៅធនធាន
-
សំណួរសម្ភាសន៍សម្រាប់ការផ្តល់អនុសាសន៍អ្នកផ្សព្វផ្សាយសាសនា
-
My Plan: A Guide for the Returned Missionary and Mentor
២៤.៩.២
គេហទំព័រ
-
MissionaryRecommendations.ChurchofJesusChrist.org ( មានតែសម្រាប់ថ្នាក់ដឹកនាំក្នុងមូលដ្ឋាន និងបេក្ខជនអ្នកផ្សព្វផ្សាយសាសនាប៉ុណ្ណោះ )
២៤.៩.៣
ព័ត៌មានទំនាក់ទំនងសម្រាប់នាយកដ្ឋានអ្នកផ្សព្វផ្សាយសាសនា
-
លេខទូរសព្ទ ៖ ១–៨០១–២៤០–២២២២ ឬ ១–៨០០–៤៥៣–៣៨៦០ លេខខ្នែង ២–២២២២