« ១១. ក្រុមយុវនារី » ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( ឆ្នាំ ២០២០ ) ។
« ១១. ក្រុមយុវនារី » ក្បួនខ្នាតទូទៅ ។
១១.
ក្រុមយុវនារី
១១.១
គោលបំណង និងអង្គការ
អង្គការយុវនារីជួយបុត្រាបុត្រីរបស់ព្រះឲ្យរៀបចំខ្លួនដើម្បីត្រឡប់ទៅទីវត្តមានរបស់ទ្រង់វិញ ។ នៅពេលពួកគេព្យាយាមរក្សាសេចក្តីសញ្ញារបស់ពួកគេជាមួយនឹងព្រះ នោះក្រុមយុវនារីនឹង « ប្រដាប់អាវុធដោយសេចក្ដីសុចរិត និងដោយព្រះចេស្ដានៃព្រះដោយសិរីល្អដ៏អស្ចារ្យ » ( នីហ្វៃទី១ ១៤:១៤ ) ។
១១.១.១
គោលបំណង
អង្គការយុវនារីជួយក្រុមយុវនារីឲ្យចុះ និងរក្សាសេចក្តីសញ្ញាដ៏ពិសិដ្ឋ ហើយធ្វើឲ្យការប្រែចិត្តជឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់កាន់តែស៊ីជម្រៅ ។
គោលបំណងរបស់ថ្នាក់យុវនារីគឺដើម្បីជួយក្រុមយុវនារីឲ្យធ្វើការរួមគ្នា ដើម្បីសម្រេចបានកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ។ នៅក្នុងថ្នាក់របស់ពួកគេ ក្រុមយុវនារីបម្រើមនុស្សដទៃ បំពេញទំនួលខុសត្រូវនៃសេចក្តីសញ្ញា ស្ថាបនាសាមគ្គីភាព និងរៀនរស់នៅតាមគោលលទ្ធិ ។
១១.១.២
បាវចនាយុវនារី
បាវចនាយុវនារីអាចជួយយុវនារីម្នាក់ៗឲ្យយល់ពីអត្តសញ្ញាណដ៏ទេវភាពរបស់នាង ហើយប្រែចិត្តជឿលើព្រះយេស៊ូវគ្រីស្ទ ។ ក្រុមយុវនារី និងថ្នាក់ដឹកនាំរបស់ពួកគេសូត្របាវចនានៅពេលចាប់ផ្តើមការប្រជុំនៅថ្ងៃអាទិត្យ និងនៅក្នុងការជួបជុំដទៃទៀតរបស់យុវនារី ។ បាវចនាមានដូចតទៅនេះ ៖
« ខ្ញុំគឺជាបុត្រីសំណព្វរបស់ព្រះបិតាមាតាសួគ៌ដែលមាននិស្ស័យនៃព្រះ និងជោគវាសនាដ៏អស់កល្បជានិច្ច ។
ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ខ្ញុំខិតខំប្រែក្លាយដូចជាទ្រង់ ។ ខ្ញុំស្វែងរក ហើយធ្វើតាមវិវរណៈផ្ទាល់ខ្លួន និងផ្តល់ការងារបម្រើដល់មនុស្សដទៃនៅក្នុងព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ ។
ខ្ញុំនឹងឈរជាសាក្សីចំពោះព្រះនៅគ្រប់ពេល គ្រប់ការណ៍ទាំងអស់ និងគ្រប់កន្លែងទាំងអស់ ។
នៅពេលខ្ញុំព្យាយាមដើម្បីទទួលបានភាពតម្កើងឡើង នោះខ្ញុំរីករាយចំពោះអំណោយទាននៃការប្រែចិត្ត ហើយខិតខំកែលម្អជារៀងរាល់ថ្ងៃ ។ តាមរយៈសេចក្ដីជំនឿ ខ្ញុំនឹងពង្រឹងគេហដ្ឋាន និងគ្រួសាររបស់ខ្ញុំ ចុះ ហើយរក្សាសេចក្ដីសញ្ញាដ៏ពិសិដ្ឋ និងទទួលពិធីបរិសុទ្ធទាំងឡាយ ព្រមទាំងពរជ័យនៃព្រះវិហារបរិសុទ្ធ » ។
១១.១.៣
ថ្នាក់ទាំងឡាយ
យុវនារីក្លាយជាសមាជិកនៃថ្នាក់យុវនារីនៅដើមឆ្នាំក្នុងខែ មករា នៃឆ្នាំដែលពួកគេឈានដល់អាយុ ១២ ឆ្នាំ ។
ថ្នាក់យុវនារីគឺរៀបចំឡើងតាមក្រុមអាយុ ។ ក្រុមអាយុមួយមានយុវនារីទាំងអស់ ដែលមានអាយុដំណាលគ្នាតាមប្រតិទិនប្រចាំឆ្នាំ ។ ថ្នាក់មួយអាចរួមបញ្ចូលច្រើនជាងមួយក្រុមអាយុ ។ ក្រុមយុវនារីឡើងទៅកាន់ថ្នាក់ថ្មីនៅក្នុងខែមករានៃឆ្នាំនីមួយៗដែលពួកគេឈានដល់អាយុនៃក្រុមយុវនារីនៅក្នុងថ្នាក់ថ្មីនោះ ។
គណៈប៊ីស្សព និងថ្នាក់ដឹកនាំជាមជ្ឈិមវ័យរបស់ក្រុមយុវនារី ធ្វើការសម្រេចចិត្តប្រកបដោយការអធិស្ឋានដើម្បីរៀបចំថ្នាក់ទាំងឡាយស្របតាមអាយុ ។ ពួកគាត់ពិចារណាពីឱកាសឲ្យក្រុមយុវនារីចេះធ្វើការដឹកនាំ ។ ថ្នាក់នីមួយៗ មិនថាវាមានទំហំប៉ុនណានោះទេ វាគួរតែមានប្រធានមួយរូប ហើយបើអាចធ្វើបាន មានទីប្រឹក្សាម្នាក់ ឬពីរនាក់ ហើយនិងលេខាម្នាក់ ។ នៅក្នុងអង្គភាពដែលមានយុវនារីគ្រប់គ្រាន់ ថ្នាក់រៀនទាំងឡាយគួរតែមានសមាជិកច្រើនល្មមដើម្បីឲ្យគណៈប្រធានថ្នាក់មានសមាជិកដើម្បីបម្រើ ។
ថ្នាក់រៀនទាំងឡាយមានចំណងជើងរួមថាជា « ក្រុមយុវនារី » ។ ប្រសិនបើក្នុងវួដមួយមានច្រើនជាងមួយថ្នាក់ សូមប្រើក្រុមអាយុដើម្បីបែងចែកថ្នាក់ទាំងឡាយ ។
១១.២
ការចូលរួមនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង
ព្រះអញ្ជើញមនុស្សទាំងអស់ឲ្យមករកព្រះគ្រីស្ទ ហើយជួយធ្វើកិច្ចការរបស់ទ្រង់ តាមរយៈ ៖
-
ការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
ការមើលថែដល់អ្នកខ្វះខាត ។
-
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ ។
-
ការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច ។
ដោយមានការគាំទ្រពីថ្នាក់ដឹកនាំជាមជ្ឈិមវ័យ គណៈប្រធានថ្នាក់ពិភាក្សាជាមួយគ្នាអំពីរបៀបដើម្បីសម្រេចកិច្ចការនេះ ។ សម្រាប់ព័ត៌មានបន្ថែមស្តីអំពីកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពលើកតម្កើងឡើង សូមមើល ជំពូកទី ១ ។
១១.២.១
ការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ
១១.២.១.១
តួនាទីរបស់ឪពុកម្តាយ និងថ្នាក់ដឹកនាំ
ឪពុកម្តាយទទួលខុសត្រូវលើការបង្រៀនដំណឹងល្អដល់កូនៗរបស់ខ្លួន និងជួយពួកគេឲ្យរស់នៅតាមដំណឹងល្អ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨:២៥–២៨ ) ។ គណៈប៊ីស្សព ថ្នាក់ដឹកនាំក្រុមយុវនារី និងគណៈប្រធានថ្នាក់គាំទ្រឪពុកម្តាយនៅក្នុងទំនួលខុសត្រូវនេះ ដូចមានខាងក្រោម ៖
-
លើកទឹកចិត្តឲ្យមានទំនាក់ទំនងរវាងក្រុមយុវនារី និងក្រុមគ្រួសាររបស់ពួកគេ ។
-
ធានាឲ្យបានថា សកម្មភាពយុវវ័យគាំទ្រ និងផ្តល់ពរជ័យដល់ក្រុមគ្រួសារ ។
-
ជួយឪពុកម្តាយឲ្យរៀបចំបុត្រធីតារបស់ពួកគាត់ ដើម្បីទទួលអំណោយទានពិសិដ្ឋនៅព្រះវិហារបរិសុទ្ធ បម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ( ប្រសិនបើយុវនារីមានបំណងចង់បម្រើ ) រៀបការនៅក្នុងព្រះវិហារបរិសុទ្ធ និងធ្វើជាម្តាយ ។
ថ្នាក់ដឹកនាំគួរតែយកចិត្តទុកដាក់លើយុវវ័យ ដែលខ្វះការគាំទ្រពីគ្រួសារដើម្បីរស់នៅតាមដំណឹងល្អ ។
ឪពុកម្តាយ និងថ្នាក់ដឹកនាំព្យាយាមធ្វើជាគំរូល្អដល់យុវវ័យ ។ ពួកគាត់ធ្វើជាអ្នកណែនាំដល់យុវវ័យនៅក្នុងការខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីប្រែក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ។ កម្មវិធីកុមារ និងយុវវ័យអាចជួយដល់ការខិតខំទាំងនេះបាន ( សូមមើលគេហទំព័រ ChildrenandYouth.ChurchofJesusChrist.org ) ។
១១.២.១.២
ការរៀនសូត្រដំណឹងល្អ
ថ្នាក់ដឹកនាំក្រុមយុវនារី និងគណៈប្រធានថ្នាក់យុវនារីលើកទឹកចិត្តដល់យុវនារី និងក្រុមគ្រួសាររបស់ពួកគេឲ្យរៀនដំណឹងល្អនៅឯផ្ទះ ។ ថ្នាក់ដឹកនាំសិក្សាដំណឹងល្អ ហើយចែកចាយជាមួយក្រុមយុវនារីនូវអ្វីដែលពួកគាត់បានរៀន ។ ពួកគាត់អញ្ជើញសមាជិកក្នុងថ្នាក់ឲ្យចែកចាយនៅព្រះវិហារ នូវអ្វីដែលពួកគេកំពុងរៀននៅឯផ្ទះ ។
ថ្នាក់ក្រុមយុវនារីជួបគ្នានៅថ្ងៃអាទិត្យដើម្បីពង្រឹងសេចក្តីជំនឿ បង្កើតសាមគ្គីភាព ពង្រឹងក្រុមគ្រួសារ និងគេហដ្ឋាន ហើយដាក់ផែនការដើម្បីសម្រេចបានកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពលើកតម្កើងឡើង ។ ដោយមានការគាំទ្រពីថ្នាក់ដឹកនាំជាមជ្ឈិមវ័យ នោះគណៈប្រធានថ្នាក់ដាក់ផែនការប្រជុំនៅថ្ងៃអាទិត្យ ។
ការប្រជុំថ្នាក់ត្រូវធ្វើឡើងនៅថ្ងៃអាទិត្យទីពីរ និងទីបួននៃខែ ។ ការប្រជុំនេះមានរយៈពេល ៥០ នាទី ។ សមាជិកមួយរូបនៃគណៈប្រធានថ្នាក់ដឹកនាំកម្មវិធី ។ នាងដឹកនាំថ្នាក់ក្នុងការសូត្របាវចនា ហើយប្រឹក្សាជាមួយគ្នាអំពីការចាត់តាំង និងកិច្ចការផ្សេងៗទៀត ។
បន្ទាប់មក សមាជិកថ្នាក់ ឬថ្នាក់ដឹកនាំជាមជ្ឈិមវ័យម្នាក់ដឹកនាំការបង្រៀនដំណឹងល្អ ។ គណៈប្រធានថ្នាក់ប្រឹក្សាជាមួយថ្នាក់ដឹកនាំជាមជ្ឈិមវ័យពីអ្នកដែលគួរតែបង្រៀន ។ តារាងប្រជុំមាននៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ( សូមមើលគេហទំព័រ ComeFollowMe.ChurchofJesusChrist.org ) ។
ប្រសិនបើវួដមួយមានថ្នាក់យុវនារីច្រើនជាងមួយថ្នាក់ នោះពួកគេជួបគ្នាដាច់ដោយឡែកពីគ្នា ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេអាចជួបជុំគ្នានៅពេលមានតម្រូវការពិសេសមួយ ។ ក្រុមយុវជន និងក្រុមយុវនារីអាចរៀនចូលគ្នាម្តងម្កាលសម្រាប់មេរៀនថ្ងៃអាទិត្យ ដូចដែលបានសម្របសម្រួលដោយគណៈប៊ីស្សព និងគណៈប្រធានយុវនារី ។
ក្រុមយុវនារីត្រូវបានលើកទឹកចិត្តឲ្យចូលរួមនៅក្នុងថ្នាក់សិក្ខាសាលា ( សូមមើល ១៥.១ ) ។
១១.២.១.៣
ការបម្រើ និងសកម្មភាពនានា
ដោយមានការគាំទ្រពីថ្នាក់ដឹកនាំជាមជ្ឈិមវ័យ នោះគណៈប្រធានថ្នាក់ដាក់ផែនការធ្វើការបម្រើ និងសកម្មភាពនានា ។ កិច្ចការទាំងនេះគួរតែជួយសម្រេចកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ។ ការបម្រើ និងសកម្មភាពនានាគួរតែស្ថាបនាទីបន្ទាល់ ពង្រឹងក្រុមគ្រួសារ បង្កើតឲ្យមានសាមគ្គីភាពនៅក្នុងថ្នាក់ និងផ្តល់ឱកាសដើម្បីផ្តល់ពរជ័យដល់អ្នកដទៃ ។ សកម្មភាពទាំងនេះគួរតែមានតុល្យភាពក្នុងចំណោមផ្នែកទាំងបួននៃការរីកចម្រើនផ្ទាល់ខ្លួន ៖ ខាងវិញ្ញាណ ខាងសង្គម ខាងរូបកាយ និងខាងសតិបញ្ញា ។
សកម្មភាពយុវវ័យភាគច្រើនធ្វើឡើងខុសពីថ្ងៃអាទិត្យ ឬល្ងាចថ្ងៃចន្ទ ។ ជាធម្មតា សកម្មភាពទាំងនេះធ្វើឡើងរាល់សប្តាហ៍ ។ នៅតាមតំបន់ខ្លះ រយៈចម្ងាយ សុវត្ថិភាព ឬកត្តាផ្សេងៗទៀតធ្វើឲ្យសកម្មភាពប្រចាំសប្តាហ៍មិនអាចធ្វើបាន ។ នៅតំបន់ទាំងនេះ សកម្មភាពនានាអាចធ្វើមិនសូវញឹកញាប់ទេ ប៉ុន្តែជាទូទៅ ពួកគេគួរតែធ្វើឡើងយ៉ាងតិចណាស់ម្តងក្នុងមួយខែ ។ សកម្មភាពនានាអាចដាក់ផែនការនៅលើ Sample Service and Activity Planner ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
ការបម្រើ និងសកម្មភាពមួយចំនួនគួរតែរួមបញ្ចូលទាំងក្រុមយុវជន និងក្រុមយុវនារី ជាពិសេសយុវវ័យដែលមានវ័យច្រើនជាងគេ ។
ក្រុមយុវវ័យអាចទទួលបានអត្ថប្រយោជន៍ពីការជួបជុំគ្នាជាក្រុមធំៗ ។ ក្រុមយុវវ័យនៅក្នុងវួដពីរ ឬច្រើនជាងនោះអាចជួបគ្នាម្តងម្កាលដើម្បីធ្វើការបម្រើ និងធ្វើសកម្មភាពនានា ។ យូរៗម្ដង ស្តេក ឬមណ្ឌលអាចដាក់ផែនការធ្វើការបម្រើ និងធ្វើសកម្មភាពនានាសម្រាប់ក្រុមយុវវ័យ ។
ថ្នាក់ដឹកនាំជាមជ្ឈិមវ័យជួយធានាឲ្យបានថា សកម្មភាពនានាគឺមានសុវត្ថិភាព ( សូមមើលគេហទំព័រ safety.ChurchofJesusChrist.org; សូមមើលផងដែរ ២០.៧ នៅក្នុងក្បួនខ្នាតនេះ ) ។ យ៉ាងហោចណាស់ អ្នកដឹកនាំជាមជ្ឈិមវ័យដែលមានទំនួលខុសត្រូវពីររូប គួរតែមានវត្តមាននៅគ្រប់សកម្មភាពទាំងអស់ ( សូមមើល ១១.៦.១ ) ។
សម្រាប់ព័ត៌មានបន្ថែម សូមមើលគេហទំព័រ YoungWomen.ChurchofJesusChrist.org ។ សូមមើលផងដែរ JustServe.org ប្រសិនបើមាន ។ ធនធានទាំងនេះផ្តល់ជាគំនិតសម្រាប់ការបម្រើ និងការធ្វើសកម្មភាព ។
សកម្មភាពប្រចាំឆ្នាំ ។ បន្ថែមលើការធ្វើសកម្មភាពនានាជាប្រចាំរបស់យុវវ័យ នោះក្រុមយុវនារីក៏អាចចូលរួមសកម្មភាពដូចខាងក្រោមនេះជារៀងរាល់ឆ្នាំផងដែរ ៖
-
ការប្រជុំសម្រាប់ក្រុមយុវវ័យ និងឪពុកម្តាយរបស់ពួកគេនៅជិតដើមឆ្នាំ ។ ការប្រជុំនេះអាចធ្វើឡើងសម្រាប់ក្រុមយុវជន និងក្រុមយុវនារីដាច់ដោយឡែកពីគ្នា ឬជាមួយគ្នាក៏បាន ។ ការប្រជុំនេះអាចធ្វើឡើងជាវួដ ឬជាស្តេកក៏បាន ។ ការប្រជុំនេះត្រូវបានរៀបចំឡើង និងដឹកនាំដោយជំនួយការប៊ីស្យពនៅក្នុងកូរ៉ុមសង្ឃ និងគណៈប្រធានក្រុមយុវនារីដែលមានវ័យច្រើនជាងគេ ។ ក្រុមយុវនារីដែលឈានចូលដល់អាយុ ១២ ឆ្នាំ នៅក្នុងឆ្នាំនោះ អាចទទួលនិមិត្តរូបនៃកម្មសិទ្ធិរបស់ពួកគេបាននៅអំឡុងការប្រជុំនេះ ( សូមមើលលេខ ១១.៦.៣ ) ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល ChildrenandYouth.ChurchofJesusChrist.org ។
-
ការបោះជំរំរបស់ក្រុមយុវនារី ( សូមមើល សេចក្តីណែនាំស្តីពីការបោះជំរំរបស់ក្រុមយុវនារី ) ។ ក្រុមយុវនារីអាចចូលរួមនៅក្នុងការបោះជំរំដែលមានការសម្រាកនៅពេលយប់ ព្រឹត្តិការណ៍ និងសកម្មភាពបន្ថែមនានានៅពេញមួយឆ្នាំនោះ ប្រសិនបើអាចធ្វើទៅបាន ។
-
សន្និសីទយុវវ័យវួដ ឬស្តេក ឬសន្និសីទដើម្បីកម្លាំងនៃយុវជន ( FSY ) ។ សម្រាប់ព័ត៌មានអំពីសន្និសីទ FSY សូមមើលគេហទំព័រ FSY.ChurchofJesusChrist.org ។ សម្រាប់ព័ត៌មានអំពីការហៅ និងការទទួលខុសត្រូវរបស់ FSY វួដ និងស្ដេក សូមមើលនៅលើគេហទំព័រ FSYLeader.ChurchofJesusChrist.org ( សម្រាប់សហរដ្ឋអាមេរិក និងកាណាដា ) ឬ សេចក្ដីណែនាំពីការដាក់ផែនការ FSY ( សម្រាប់តំបន់ផ្សេងទៀតទាំងអស់ ) ។
-
យ៉ាងហោចណាស់សកម្មភាពមួយសង្កត់ធ្ងន់លើបទដ្ឋាននៅក្នុង ដើម្បីកម្លាំងនៃយុវជន ។ ព្រឹត្តិការណ៍នេះអាចរួមបញ្ចូលទាំងក្រុមយុវជន និងក្រុមយុវនារី ។ ឪពុកម្តាយក៏អាចអញ្ជើញឲ្យចូលរួមបានដែរ ។
តម្រូវការស្តីអំពីអាយុ ។ ដោយមានការអនុម័តពីឪពុកម្ដាយរបស់ពួកគេ ក្រុមយុវនារីអាចចូលរួមការបោះជំរំរបស់ក្រុមយុវនារីដែលមានការសម្រាកនៅពេលយប់ នៅដើមខែមករានៃឆ្នាំដែលពួកគេឈានចូលអាយុ ១២ ឆ្នាំ ។ ពួកគេអាចចូលរួមក្នុងការរាំកំសាន្ត សន្និសីទយុវវ័យ និងសន្និសីទ FSY នៅដើមខែមករានៃឆ្នាំដែលពួកគេឈានចូលអាយុ ១៤ ឆ្នាំ ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេគួរមានអាយុយ៉ាងហោចណាស់ ១៦ ឆ្នាំសម្រាប់ការដើរលេងជាគូ ( សូមមើល ដើម្បីកម្លាំងនៃយុវជន [ ឆ្នាំ ២០១១ ] ទំព័រ ៤ ) ។
ការបង់ប្រាក់សម្រាប់សកម្មភាពនានា ។ សកម្មភាពទាំងឡាយ រួមបញ្ចូលទាំងគ្រឿងផ្គត់ផ្គង់នានាត្រូវបានចំណាយដោយប្រើថវិកាវួដ ។ ការធ្វើដំណើរ និងចំណាយផ្សេងៗមិនគួរលើសកំណត់នោះទេ ។
ក្នុងករណីលើកលែងមួយ ប្រសិនបើថវិកាវួដពុំគ្រប់គ្រាន់ដើម្បីបង់ថ្លៃធ្វើសកម្មភាពជាច្រើនថ្ងៃ ដូចជាការបោះជំរំ នោះថ្នាក់ដឹកនាំអាចស្នើសុំឲ្យអ្នកចូលរួមជួយបង់ថ្លៃដើម្បីចូលរួមសកម្មភាពនោះបាន ។ ទោះជាយ៉ាងណាក៏ដោយ យុវនារីម្នាក់ពុំគួរអាក់ខានពីការចូលរួមឡើយ ប្រសិនបើនាងពុំអាចជួយបង់ប្រាក់បាននោះ ។ ប្រសិនបើនៅតែត្រូវការប្រាក់ច្រើនទៀត នោះប៊ីស្សពអាចផ្ដល់សិទ្ធិអនុញ្ញាតឲ្យធ្វើសកម្មភាពរៃអង្គាសប្រាក់ម្ដងក្នុងមួយឆ្នាំ ( សូមមើល ២០.៦.៥ ) ។
គណៈប៊ីស្សពធានាឲ្យបានថា ថវិកា និងសកម្មភាពទាំងឡាយសម្រាប់ក្រុមយុវនារី និងក្រុមយុវជនមានភាពគ្រប់គ្រាន់ និងសមធម៌ ។ ថវិកាសម្រាប់ក្រុមយុវនារីគឺផ្អែកលើចំនួនយុវនារីនៅក្នុងវួដ ។ ថវិកាសម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុនគឺផ្អែកលើចំនួនយុវជននៅក្នុងវួដ ។
សូមមើលគេហទំព័រ FSY.ChurchofJesusChrist.org សម្រាប់ព័ត៌មានស្ដីពីការផ្ដល់មូលនិធិសម្រាប់សន្និសីទ FSY ។
១១.២.១.៤
ការអភិវឌ្ឍផ្ទាល់ខ្លួន
នៅក្នុងការខិតខំរបស់ពួកគេដើម្បីប្រែក្លាយកាន់តែដូចជាព្រះអង្គសង្រ្គោះ នោះយុវវ័យត្រូវបានអញ្ជើញឲ្យដាក់គោលដៅដើម្បីរីកចម្រើនខាងវិញ្ញាណ ខាងសង្គម ខាងរាងកាយ និងខាងបញ្ញា ( សូមមើល លូកា ២:៥២ ) ។ យុវវ័យស្វែងរកការបំផុសគំនិតដើម្បីរកមើលអ្វីដែលពួកគេត្រូវធ្វើ ។ ដោយមានជំនួយពីឪពុកម្ដាយ ពួកគេដាក់ផែនការ ធ្វើតាមផែនការរបស់ពួកគេ និងគិតពិចារណាពីអ្វីដែលពួកគេរៀន ។ ថ្នាក់ដឹកនាំក៏ផ្តល់ការគាំទ្រដែលចាំបាច់ផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ ពួកគាត់មិនគួរតាមដានពីគោលដៅ ឬការរីកចម្រើនរបស់ក្រុមយុវនារីនោះទេ ។ ឪពុកម្ដាយ និងថ្នាក់ដឹកនាំអាចផ្ដល់យោបល់ពីគោលដៅ ប៉ុន្តែពួកគាត់អនុញ្ញាតឲ្យយុវវ័យស្វែងរកការបំផុសគំនិតរបស់ពួកគេផ្ទាល់អំពីគោលដៅ ដែលពួកគេចង់សម្រេចបាន ។
រៀងរាល់ឆ្នាំ យុវវ័យត្រូវបានលើកទឹកចិត្តឲ្យបំពេញគោលដៅយ៉ាងហោចណាស់ចំនួនពីរនៅក្នុងផ្នែកនីមួយៗនៃផ្នែកទាំងបួន ។ ក្រុមយុវជនអាចជ្រើសរើសប្រើ ការអភិវឌ្ឍផ្ទាល់ខ្លួន ៖ សៀវភៅមគ្គទ្ទេសក៍សម្រាប់យុវវ័យ ឬកម្មវិធីរស់នៅតាមដំណឹងល្អដើម្បីកំណត់ និងកត់ត្រាគោលដៅ ។
សម្រាប់ព័ត៌មានបន្ថែម សូមមើលគេហទំព័រ ChildrenandYouth.ChurchofJesusChrist.org ។
១១.២.២
ការមើលថែដល់អ្នកខ្វះខាត
ក្រុមយុវនារីគួរតែមានឱកាសបម្រើមនុស្សដទៃទាំងនៅក្នុង និងជាមួយក្រុមគ្រួសាររបស់ពួកគេជាប្រចាំ នៅអំឡុងពេលធ្វើសកម្មភាពយុវវ័យ និងដោយខ្លួនពួកគេផ្ទាល់ ។ គំនិតសម្រាប់ការបម្រើអាចរកបាននៅលើគេហទំព័រ ChildrenandYouth.ChurchofJesusChrist.org ។ នៅកន្លែងណាដែលមាន JustServe.org ផ្ដល់នូវយោបល់ជាឱកាសបម្រើផ្សេងៗនៅក្នុងសហគមន៍ ។
១១.២.២.១
ការផ្ដល់ការងារបម្រើ
ការងារបម្រើគឺជាការថែរក្សាដល់មនុស្សដទៃដូចដែលព្រះអង្គសង្រ្គោះបានធ្វើដែរ ។ ក្រុមយុវនារីអាចទទួលការងារបម្រើដែលបានចាត់តាំងមក នៅដើមខែមករានៃឆ្នាំដែលពួកគេឈានចូលដល់អាយុ ១៤ ឆ្នាំ ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល ជំពូកទី ២១ ។
១១.២.៣
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ
ក្រុមយុវនារីអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ នៅពេលពួកគេ « ឈរជាសាក្សីដល់ព្រះនៅគ្រប់ពេល និងគ្រប់សេចក្តី និងគ្រប់ទីកន្លែង » ( ម៉ូសាយ ១៨:៩ ) ។ របៀបមួយចំនួនដែលពួកគេអាចធ្វើកិច្ចការនេះបានគឺត្រូវបានរៀបរាប់ដូចខាងក្រោម ៖
-
ធ្វើជាគំរូល្អក្នុងនាមជាសិស្សនៃព្រះយេស៊ូវគ្រីស្ទ ។
-
ចែកចាយទីបន្ទាល់របស់ពួកគេជាមួយមិត្តភក្តិ និងសមាជិកគ្រួសារ ។
-
ផ្ដល់ការងារបម្រើទៅកាន់សមាជិកដែលមិនសូវសកម្មនៅក្នុងថ្នាក់របស់ពួកគេ ។
-
អញ្ជើញមិត្តភក្តិឲ្យមកព្រះវិហារ ឬចូលរួមក្នុងសកម្មភាពក្រុមយុវវ័យ ។
-
អញ្ជើញមិត្តភក្តិឲ្យចូលរួមនៅក្នុងកម្មវិធីកុមារ និងយុវវ័យ ។ ថ្នាក់ដឹកនាំធ្វើការយ៉ាងជិតស្និទ្ធជាមួយឪពុកម្តាយរបស់យុវវ័យទាំងនេះ ដើម្បីជួយពួកគេឲ្យយល់ពីកម្មវិធីនេះ ហើយកំណត់ថាតើពួកគាត់ និងកូនៗរបស់ពួកគាត់ចង់ចូលរួមបែបណា ។
-
អញ្ជើញមិត្តភក្តិឲ្យរៀនជាមួយពួកអ្នកផ្សព្វផ្សាយសាសនា ។
ឪពុកម្តាយ និងថ្នាក់ដឹកនាំអាចជួយក្រុមយុវនារីឲ្យរៀបចំខ្លួនដើម្បីចែកចាយដំណឹងល្អពេញមួយជីវិតរបស់ពួកគេ ។ របៀបមួយចំនួនដែលពួកគេអាចធ្វើកិច្ចការនេះបានគឺត្រូវបានរៀបរាប់ដូចខាងក្រោម ៖
-
លើកទឹកចិត្តក្រុមយុវនារីឲ្យទទួលបានទីបន្ទាល់ផ្ទាល់ខ្លួនអំពីផែនការនៃសុភមង្គលរបស់ព្រះវរបិតាសួគ៌ ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ និងការស្តារឡើងវិញនៃដំណឹងល្អរបស់ទ្រង់ ។
-
ផ្តល់ឱកាសបម្រើនៅក្នុងសាសនាចក្រ ។
-
ផ្តល់ឱកាសបង្រៀនដំណឹងល្អនៅក្នុងការប្រជុំក្នុងថ្នាក់ និងការប្រជុំផ្សេងៗទៀត ។
ប្រសិនបើយុវនារីមានបំណងប្រាថ្នាចង់បម្រើបេសកកម្មពេញម៉ោង នោះឪពុកម្តាយ និងថ្នាក់ដឹកនាំជួយពួកគេឲ្យរៀបចំខ្លួន ។ កិច្ចការនេះរួមមានការបង្រៀនពួកគេអំពីពរជ័យទាំងឡាយ និងការរំពឹងទុកពីកិច្ចការផ្សព្វផ្សាយសាសនាពេញម៉ោង ។
ជាផ្នែកមួយនៃការរៀបចំនេះ គណៈប៊ីស្សព ឬគណៈប្រធានស្តេកអាចរៀបចំថ្នាក់ការរៀបចំខ្លួនធ្វើជាអ្នកផ្សព្វផ្សាយសាសនាមួយបាន ។ ធនធានសំខាន់សម្រាប់ថ្នាក់នេះគឺព្រះគម្ពីរ បទដ្ឋានអ្នកផ្សព្វផ្សាយសាសនាសម្រាប់សិស្សនៃព្រះយេស៊ូវគ្រីស្ទ និង ប្រកាសដំណឹងល្អយើង ។ ថ្នាក់នេះពុំធ្វើឡើងអំឡុងការប្រជុំថ្ងៃអាទិត្យនោះទេ ។
គេហទំព័រ Missionary.ChurchofJesusChrist.org ផ្តល់ឲ្យនូវធនធានបន្ថែមទៀត ដែលអាចជួយដល់យុវនារីដែលមានបំណងឲ្យរៀបចំខ្លួនដើម្បីបម្រើបេសកកម្មបាន ។ សូមមើល ជំពូកទី ២៣ និងទី ២៤ សម្រាប់ព័ត៌មានបន្ថែម ។
១១.២.៤
ការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បអស់កល្បជានិច្ច
ក្រុមយុវនារីអាចជួយក្រុមគ្រួសារឲ្យមានសាមគ្គីភាពអស់កល្បជានិច្ចតាមរបៀបជាច្រើន ។ វិធីមួយចំនួនទាំងនេះគឺត្រូវបានរៀបរាប់ដូចខាងក្រោម ៖
-
គោរពឪពុកម្តាយរបស់ពួកគេ និងធ្វើជាគំរូនៃការរស់នៅដូចជាព្រះគ្រីស្ទនៅក្នុងផ្ទះរបស់ពួកគេ ។
-
រៀបចំខ្លួនដើម្បីមានគ្រួសារដ៏អស់កល្បជានិច្ចរបស់ពួកគេផ្ទាល់ ។
-
ត្រូវមានភាពស័ក្ដិសមដើម្បីកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។
-
រៀបចំខ្លួនដើម្បីទទួលពិធីបរិសុទ្ធនៅព្រះវិហារបរិសុទ្ធ រួមទាំងការរៀបអាពាហ៍ពិពាហ៍អស់កល្បជានិច្ចផងដែរ ។
-
រៀនអំពីសាច់ញាតិជិតឆ្ងាយផ្សេងៗទៀត និងបុព្វការីជនរបស់ពួកគេ ( សូមមើល ក្រុមគ្រួសាររបស់ខ្ញុំ ៖ ដំណើររឿងដែលនាំឲ្យយើងជួបជុំគ្នា ) ។
-
ស្វែងរកបុព្វការីជនដែលត្រូវការពិធីបរិសុទ្ធនៅព្រះវិហារបរិសុទ្ធ ( សូមមើលគេហទំព័រ FamilySearch.org ) ។
-
ចូលរួមនៅក្នុងពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់សម្រាប់មរណជនឲ្យបានញឹកញាប់ តាមដែលកាលៈទេសៈអនុញ្ញាត ។
-
ចូលរួមធ្វើលិបិក្រម ( សូមមើលគេហទំព័រ FamilySearch.org/indexing ) ។
-
បម្រើជាអ្នកប្រឹក្សាផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ តាមដែលបានហៅឲ្យបម្រើដោយគណៈប៊ីស្សព ( សូមមើល ២៥.២.៤ ) ។
១១.៣
ថ្នាក់ដឹកនាំក្រុមយុវនារីវួដ
១១.៣.១
គណៈប៊ីស្សព
ការទទួលខុសត្រូវដ៏សំខាន់បំផុតរបស់ប៊ីស្សពគឺ ត្រូវមើលថែក្រុមយុវនារី និងក្រុមយុវជននៅក្នុងវួដរបស់គាត់ ។ គាត់ និងទីប្រឹក្សារបស់គាត់រៀនស្គាល់ឈ្មោះរបស់ពួកគេ ហើយយល់ពីកាលៈទេសៈនៅឯផ្ទះរបស់ពួកគេ ។ ពួកគាត់ជួបជាមួយយុវនារីម្នាក់ៗ យ៉ាងហោចណាស់ពីរដងក្នុងមួយឆ្នាំ ( សូមមើល ៣១.៣.១ ) ។
ប៊ីស្សពមានការទទួលខុសត្រូវលើអង្គការយុវនារីវួដ ។ គាត់ជួបនឹងប្រធានក្រុមយុវនារីជាប្រចាំ ។ គាត់រាយការណ៍ពីកិច្ចការរបស់ក្រុមយុវនារីនៅក្នុងការប្រជុំគណៈប៊ីស្សព ។
ប៊ីស្សព និងទីប្រឹក្សារបស់គាត់ចូលរួមជាប្រចាំនៅក្នុងការប្រជុំ ការបម្រើ និងសកម្មភាពនានារបស់ក្រុមយុវនារី ។ ប្រសិនបើមានថ្នាក់យុវនារីច្រើន នោះប៊ីស្សពអាចចាត់តាំងខ្លួនគាត់ និងទីប្រឹក្សារបស់គាត់ឲ្យធ្វើការជាមួយថ្នាក់ជាក់លាក់ណាមួយ ។
១១.៣.២
គណៈប្រធានក្រុមយុវនារីជាមជ្ឈិមវ័យ
ប៊ីស្សពហៅ ហើយញែកចេញស្ត្រីមជ្ឈិមវ័យម្នាក់ឲ្យបម្រើជាប្រធានក្រុមយុវនារីវួដ ។ ប្រសិនបើអង្គភាពនោះធំល្មមគ្រប់គ្រាន់ ប្រធានក្រុមយុវនារីនោះផ្ដល់អនុសាសន៍ឲ្យហៅស្ត្រីមជ្ឈិមវ័យម្នាក់ ឬពីរនាក់មកធ្វើជាទីប្រឹក្សារបស់គាត់ ( សូមមើល ជំពូកទី ៣០ ) ។ គណៈប៊ីស្សពពិចារណាពីការផ្ដល់អនុសាសន៍របស់ប្រធានក្រុមយុវនារី ហើយធ្វើការហៅនោះ ។
នៅក្នុងអង្គភាពតូចមួយ ប្រធានក្រុមយុវនារីប្រហែលជាអ្នកដឹកនាំមជ្ឈិមវ័យតែម្នាក់គត់ ដែលត្រូវបានហៅឲ្យបម្រើនៅក្នុងអង្គការយុវនារី ។ នៅក្នុងករណីនេះ គាត់ធ្វើការជាមួយឪពុកម្តាយដើម្បីរៀបចំការបង្រៀន និងសកម្មភាពនានាសម្រាប់ក្រុមយុវនារី ។ គាត់ក៏ត្រូវធ្វើឲ្យប្រាកដថា យ៉ាងហោចណាស់មជ្ឈិមវ័យពីរនាក់ដែលមានការទទួលខុសត្រូវ មានវត្តមាននៅក្នុងការប្រជុំ និងសកម្មភាពថ្នាក់ទាំងអស់ ។ នៅពេលដែលអាចធ្វើបាន ទីប្រឹក្សា និងលេខាគួរតែត្រូវបានហៅផងដែរ ។
ប្រសិនបើសាខាមួយគ្មានប្រធានក្រុមយុវនារីទេ នោះប្រធានសមាគមសង្គ្រោះអាចរៀបចំការបង្រៀនសម្រាប់ក្រុមយុវនារី រហូតដល់ប្រធានក្រុមយុវនារីម្នាក់ត្រូវបានហៅ ។
ប្រធានក្រុមយុវនារីមានការទទួលខុសត្រូវដូចខាងក្រោម ។ ទីប្រឹក្សារបស់គាត់ជួយដល់គាត់ ។
-
បម្រើនៅក្នុងក្រុមប្រឹក្សាវួដ ។ គាត់បម្រើជា (១) សមាជិកនៃក្រុមប្រឹក្សាវួដដែលជួយបំពេញសេចក្ដីត្រូវការនៅក្នុងវួដ ហើយស្វែងរកដំណោះស្រាយនានា និង (២) ជាអ្នកតំណាងឲ្យក្រុមយុវនារី ( សូមមើល ២៩.២.៥ ) ។
-
បម្រើជាសមាជិកមួយរូបក្នុងក្រុមប្រឹក្សាយុវវ័យវួដ ( សូមមើល ២៩.២.៦ ) ។
-
ផ្ដល់ការងារបម្រើដល់យុវនារីម្នាក់ៗ ។
-
ផ្ដល់អនុសាសន៍ឲ្យគណៈប៊ីស្សពហៅបងប្អូនស្រីមកបម្រើក្នុងក្រុមយុវនារី ។
-
បង្រៀនថ្នាក់ដឹកនាំក្រុមយុវនារីផ្សេងទៀត និងគណៈប្រធានថ្នាក់ទាំងឡាយអំពីការទទួលខុសត្រូវរបស់ពួកគេ ។
-
ប្រឹក្សាជាមួយយុវនារីអំពីឧបសគ្គនានាដែលមិនតម្រូវឲ្យប៊ីស្សពជួយដោះស្រាយ ឬឧបសគ្គដែលពាក់ព័ន្ធនឹងការរំលោភបំពាន ( សូមមើល ៣២.៣, ៣១.៣.១ និង ៣៨.៦.២ ) ។
-
ធ្វើជាអ្នកណែនាំដល់គណៈប្រធានថ្នាក់អំពីទំនួលខុសត្រូវភាពជាអ្នកដឹកនាំរបស់ពួកគេ ។ ថ្នាក់នីមួយៗត្រូវបានជួយ និងមើលការខុសត្រូវដោយសមាជិកជាក់លាក់ម្នាក់នៃគណៈប្រធានក្រុមយុវនារី ។
-
គាំទ្រដល់យុវនារី ដែលបម្រើជាដៃគូរបស់បងប្អូនស្រ្តីមជ្ឈិមវ័យនៅក្នុងការផ្ដល់ការងារបម្រើ ( សូមមើល ២១.២.២ ) ។
-
ធ្វើការប្រជុំគណៈប្រធានក្រុមយុវនារីជាប្រចាំ ហើយជួបជាមួយនឹងប៊ីស្សព ។
-
មើលខុសត្រូវលើកំណត់ត្រា របាយការណ៍ គម្រោងថវិកា និងហិរញ្ញវត្ថុរបស់អង្គការយុវនារី ។
១១.៣.៣
លេខា
ប្រសិនបើអង្គភាពនោះធំល្មមគ្រាប់គ្រាន់ នោះប្រធានក្រុមយុវនារីផ្ដល់អនុសាសន៍ឲ្យគណៈប៊ីស្សពហៅបងប្អូនស្រ្តីជាមជ្ឈិមវ័យម្នាក់មកបម្រើជាលេខារបស់ក្រុមយុវនារី ។ លេខាអាចមានការទទួលខុសត្រូវដូចខាងក្រោម ៖
-
ជួយគណៈប្រធានក្រុមយុវនារីរៀបចំរបៀបវារៈសម្រាប់ការប្រជុំគណៈប្រធាន ។ គាត់ចូលរួមក្នុងការប្រជុំទាំងនេះ កត់ត្រា ហើយតាមដានលើកិច្ចការទាំងឡាយ ។
-
ណែនាំលេខាថ្នាក់ផ្សេងទៀត ហើយជួយពួកគេឲ្យកត់វត្តមាន ។
-
ជួយគណៈប្រធានក្រុមយុវនារីឲ្យរៀបចំគម្រោងថវិកា និងកត់ត្រាការចំណាយ ។
១១.៣.៤
គណៈប្រធានថ្នាក់ និងលេខា
១១.៣.៤.១
ការហៅ ការគាំទ្រ និងការធ្វើពិធីញែកចេញ
ថ្នាក់យុវនារីនីមួយៗគួរតែមានគណៈប្រធានថ្នាក់មួយ ។ គណៈប្រធានក្រុមយុវនារីអាចផ្ដល់អនុសាសន៍ឲ្យយុវនារីណាម្នាក់បម្រើជាប្រធានថ្នាក់ ។ សមាជិកនៃគណៈប៊ីស្សពប្រឹក្សាជាមួយគ្នាប្រកបដោយការអធិស្ឋាន ដើម្បីកំណត់ថាតើនរណាដែលត្រូវហៅឲ្យបម្រើ ។
សមាជិកមួយរូបនៃគណៈប៊ីស្សពហៅយុវនារីម្នាក់ឲ្យបម្រើជាប្រធានថ្នាក់ ។ នៅពេលមានយុវនារីគ្រប់គ្រាន់ដើម្បីបម្រើ ប្រធានថ្នាក់ពិចារណាប្រកបដោយការអធិស្ឋានពីសមាជិកថ្នាក់ ដែលត្រូវផ្តល់អនុសាសន៍ឲ្យធ្វើជាទីប្រឹក្សា និងជាលេខា ។ គណៈប៊ីស្សពពិចារណាពីការផ្ដល់អនុសាសន៍របស់ប្រធានក្រុមយុវនារី ហើយធ្វើការហៅនោះ ។
មុនពេលសុំឲ្យយុវនារីម្នាក់បម្រើក្នុងការហៅទាំងនេះណាមួយ សមាជិកគណៈប៊ីស្សពសូមការអនុញ្ញាតពីឪពុកម្តាយរបស់យុវនារីនោះជាមុនសិន ។
បន្ទាប់ពីបានធ្វើការហៅនេះ សមាជិកមួយរូបនៃគណៈប៊ីស្សពនាំយុវនារីទៅកាន់ថ្នាក់របស់ពួកគេដើម្បីធ្វើការលើកដៃគាំទ្រ ។ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំងម្នាក់ធ្វើពិធីញែកចេញដល់យុវនារីនោះ ។
សមាជិកម្នាក់នៃគណៈប៊ីស្សពប្រកាសការហៅបម្រើទាំងនេះក្នុងម៉ោងប្រជុំសាក្រាម៉ង់ ។ គាត់ពុំស្នើសុំឲ្យមានការលើកដៃគាំទ្រនោះទេ ។
ភ្លាមៗក្រោយពីគណៈប្រធានថ្នាក់ត្រូវបានញែកចេញ នោះសមាជិកមួយរូបនៃគណៈប៊ីស្សពគួរតែបង្រៀនពួកគេពីការទទួលខុសត្រូវរបស់ពួកគេ ។ សូមមើល « ការតម្រង់ទិសកូរ៉ុមបព្វជិតភាពអើរ៉ុន និងគណៈប្រធានថ្នាក់ក្រុមយុវនារី » នៅលើគេហទំព័រ YoungWomen.ChurchofJesusChrist.org; សូមមើលផងដែរ ជំពូកទី ៤ នៃក្បួនខ្នាតនេះ ។
១១.៣.៤.២
ការទទួលខុសត្រូវទាំងឡាយ
ប្រធានថ្នាក់បម្រើនៅក្នុងក្រុមប្រឹក្សាយុវវ័យវួដ ( សូមមើល ១១.៣.៤.៤ ) ។ គណៈប្រធានថ្នាក់ក៏មានទំនួលខុសត្រូវដូចខាងក្រោមផងដែរ ៖
-
ដឹកនាំឲ្យថ្នាក់ចូលរួមនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ( សូមមើល ជំពូកទី ១ ) ។
-
រៀនស្គាល់ និងបម្រើយុវនារីម្នាក់ៗ ដោយរួមទាំងយុវនារីដែលមិនបានចូលរួមនៅក្នុងការប្រជុំថ្នាក់ផងដែរ ។ ដឹងពីតម្រូវការ និងកាលៈទេសៈរបស់ពួកគេ ។
-
ចូលរួមក្នុងកិច្ចខិតខំរបស់វួដដើម្បីចែកចាយដំណឹងល្អ និងពង្រឹងសមាជិកថ្មី និងសមាជិកដែលត្រឡប់មកសកម្មឡើងវិញ ។ សមាជិកម្នាក់នៃគណៈប្រធានថ្នាក់ក្រុមយុវនារីដែលមានវ័យច្រើនជាងគេចូលរួមការប្រជុំសម្របសម្រួល ( សូមមើល ២៣.៥.៧ ) ។
-
ចូលរួមក្នុងកិច្ចខិតខំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិនៅក្នុងវួដ ។ សមាជិកម្នាក់នៃគណៈប្រធានថ្នាក់ក្រុមយុវនារីដែលមានវ័យច្រើនជាងគេចូលរួមការប្រជុំសម្របសម្រួល ( សូមមើល ២៥.២.៧ ) ។
-
ដាក់ផែនការ និងដឹកនាំការប្រជុំថ្នាក់នៅថ្ងៃអាទិត្យ ( សូមមើល ១១.២.១.២ ) ។
-
ដាក់ផែនការ និងអនុវត្តការបម្រើ និងសកម្មភាពនានានៅក្នុងថ្នាក់ ( សូមមើល ១១.២.១.៣ ) ។
-
ធ្វើការប្រជុំសម្រាប់គណៈប្រធានថ្នាក់ជាទៀងទាត់ ( សូមមើល ១១.៣.៤.៣ ) ។
នៅពេលដែលលេខាថ្នាក់ត្រូវបានហៅឲ្យបម្រើ ពួកគេរៀបចំរបៀបវារៈសម្រាប់ការប្រជុំ សរសេរកំណត់ត្រា និងតាមដានវត្តមាន ។
សមាជិកនៃគណៈប្រធានក្រុមយុវនារីបង្រៀនគណៈប្រធានថ្នាក់អំពីការទទួលខុសត្រូវរបស់ពួកគេជាទៀងទាត់ ( សូមមើល ១១.៣.២ ) ។ អ្នកប្រឹក្សាយោបល់ និងអ្នកជំនាញប្រចាំថ្នាក់គួរតែចូលរួមជួយយ៉ាងសកម្ម ( សូមមើល ១១.៣.៥ និង ១១.៣.៦ ) ។
១១.៣.៤.៣
ការប្រជុំគណៈប្រធានថ្នាក់
គណៈប្រធានថ្នាក់ក្រុមយុវនារីជួបគ្នាជាប្រចាំ ។ ប្រធានថ្នាក់ដឹកនាំការប្រជុំទាំងនេះ ។ អ្នកដឹកនាំជាមជ្ឈិមវ័យរបស់ក្រុមយុវនារីដែលត្រូវបានចាត់តាំងឲ្យជួយដល់គណៈប្រធានថ្នាក់ក៏ចូលរួមផងដែរ ។ នៅអំឡុងការប្រជុំទាំងនេះ ថ្នាក់ដឹកនាំប្រឹក្សាជាមួយគ្នា ហើយស្វែងរកវិវរណៈអំពីព្រះទ័យរបស់ព្រះអម្ចាស់សម្រាប់ថ្នាក់របស់ពួកគេ ។ របៀបវារៈអាចរួមមានការពិភាក្សាអំពីចំណុចដូចខាងក្រោម ៖
-
ការសម្រេចបានកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង
-
ការបម្រើសមាជិកក្នុងកូរ៉ុម ដោយយកចិត្តទុកដាក់ជាពិសេសដើម្បីគាំទ្រដល់សមាជិកថ្មី និងជួយដល់សមាជិកដែលមិនសូវសកម្ម
-
ការឈោងទៅជួយអស់អ្នកដែលមានសេចក្តីជំនឿ និងការជឿផ្សេង
-
ការរៀបចំផែនការការប្រជុំ ការបម្រើ និងសកម្មភាពនានារបស់ថ្នាក់
-
សេចក្តីណែនាំស្ដីពីភាពជាអ្នកដឹកនាំមកពីថ្នាក់ដឹកនាំក្រុមយុវនារីជាមជ្ឈិមវ័យ ឬសមាជិកម្នាក់នៃគណៈប្រធានថ្នាក់
របៀបវារៈគំរូសម្រាប់ការប្រជុំគណៈប្រធាន មាននៅលើគេហទំព័រ ChurchofJesusChrist.org ។
១១.៣.៤.៤
ក្រុមប្រឹក្សាយុវវ័យវួដ
គោលបំណងរបស់ក្រុមប្រឹក្សាយុវវ័យវួដគឺ ដើម្បីជួយក្រុមយុវវ័យឲ្យនាំមនុស្សដទៃមករកព្រះយេស៊ូវគ្រីស្ទ និងជួយសម្រេចបានកិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើង ។
ប៊ីស្សពធ្វើជាអធិបតីលើក្រុមប្រឹក្សាយុវវ័យវួដ ។ សមាជិកក្រុមប្រឹក្សានេះរួមមាន ៖
-
គណៈប៊ីស្សព ។
-
ជំនួយការម្នាក់របស់ប៊ីស្សពនៅក្នុងកូរ៉ុមសង្ឃ ប្រធានកូរ៉ុមគ្រូ និងប្រធានកូរ៉ុមឌីកុន ។
-
ប្រធានថ្នាក់ទាំងឡាយរបស់ក្រុមយុវនារី ( ឬគណៈប្រធានថ្នាក់ទាំងមូល ប្រសិនបើវួដនោះមានថ្នាក់យុវនារីតែមួយ ) ។
-
ប្រធានក្រុមយុវនារី ។
ក្រុមប្រឹក្សាយុវវ័យវួដពិភាក្សាពីវិធីដើម្បីជួយមនុស្សដទៃឲ្យស្ថាបនាទីបន្ទាល់ ទទួលពិធីបរិសុទ្ធនៃការសង្គ្រោះ រក្សាសេចក្ដីសញ្ញា ហើយក្លាយជាអ្នកដើរតាមដ៏បរិសុទ្ធរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល មរ៉ូណៃ ៦:៤–៥ ) ។ ពួកគេប្រឹក្សាជាមួយគ្នាអំពីសេចក្ដីត្រូវការរបស់ក្រុមយុវនារី និងក្រុមយុវជននៅក្នុងវួដ ។ ពួកគេអាចពិភាក្សាអំពីសកម្មភាពនានា ដើម្បីបំពេញតាមសេចក្ដីត្រូវការទាំងនេះ ។ ទោះជាយ៉ាងណាក៏ដោយ ការដាក់ផែនការលម្អិតនៃសកម្មភាពនានាគួរតែធ្វើឡើងនៅក្នុងការប្រជុំកូរ៉ុម ឬការប្រជុំគណៈប្រធានថ្នាក់ ។
សូមមើល ២៩.២.៦ សម្រាប់ព័ត៌មានបន្ថែមទៀតស្ដីពីក្រុមប្រឹក្សាយុវវ័យវួដ ។
១១.៣.៥
អ្នកប្រឹក្សាយោបល់
គណៈប្រធានក្រុមយុវនារីអាចផ្ដល់អនុសាសន៍ឲ្យគណៈប៊ីស្សពហៅពួកអ្នកប្រឹក្សាយោបល់សម្រាប់ក្រុមយុវនារីបាន ។ អ្នកប្រឹក្សាយោបល់ម្នាក់ៗធ្វើការជាមួយក្រុមយុវនារីដែលមានអាយុជាក់លាក់ ។
អ្នកប្រឹក្សាយោបល់មានការទទួលខុសត្រូវដូចខាងក្រោម ៖
-
ជួយគណៈប្រធានក្រុមយុវនារីជាមួយនឹងការទទួលខុសត្រូវរបស់ពួកគាត់ ។
-
គាំទ្រ ហើយណែនាំដល់គណៈប្រធានថ្នាក់ ពេលពួកគេរៀន ហើយអនុវត្តការទទួលខុសត្រូវរបស់ពួកគេ ។
-
បង្រៀនមេរៀននៅថ្ងៃអាទិត្យ ប្រសិនបើចាំបាច់ ។ ជួយយុវនារីដែលត្រូវបានអញ្ជើញឲ្យបង្រៀនមេរៀនមួយ ដើម្បីរៀបចំខ្លួន ហើយបង្រៀនយ៉ាងមានប្រសិទ្ធភាព ។
-
ចូលរួមសកម្មភាពថ្នាក់ ។
-
ចូលរួមការប្រជុំគណៈប្រធានក្រុមយុវនារីវួដ ប្រសិនបើត្រូវបានអញ្ជើញឲ្យចូលរួម ។
យ៉ាងហោចណាស់ ស្ត្រីជាមជ្ឈិមវ័យពីរនាក់ដែលមានការទទួលខុសត្រូវ គួរតែមានវត្តមាននៅក្នុងការប្រជុំ និងសកម្មភាពថ្នាក់នីមួយៗ ។ អ្នកប្រឹក្សាយោបល់ត្រូវតែបំពេញការបំពាក់បំប៉ននៅលើគេហទំព័រ ProtectingChildren.ChurchofJesusChrist.org ( សូមមើល ១១.៦.១ ) ។
១១.៣.៦
អ្នកជំនាញ
នៅពេលចាំបាច់ គណៈប្រធានក្រុមយុវនារីអាចផ្ដល់អនុសាសន៍ឲ្យគណៈប៊ីស្សពហៅអ្នកជំនាញ ឲ្យមកជួយក្នុងព្រឹត្តិការណ៍ជាក់លាក់មួយ ដូចជាការបោះជំរំ សន្និសីទយុវវ័យ ឬសកម្មភាពកីឡាផងដែរ ។
ពួកអ្នកជំនាញគ្រប់រូបធ្វើការបម្រើនៅក្រោមការដឹកនាំពីគណៈប្រធានក្រុមយុវនារីវួដ ។
អ្នកជំនាញត្រូវតែបញ្ចប់ការបំពាក់បំប៉ននៅលើគេហទំព័រ ProtectingChildren.ChurchofJesusChrist.org ( សូមមើល ១១.៦.១ ) ។
១១.៤
ការជួយក្រុមយុវនារីឲ្យរៀបចំខ្លួនចូលរួមនឹងសមាគមសង្គ្រោះ
យុវនារីម្នាក់អាចចូលរួមនឹងសមាគមសង្រ្គោះ ពេលនាងមានអាយុ ១៨ ឆ្នាំ ។ លុះដល់អាយុ ១៩ ឆ្នាំ យុវនារីម្នាក់ៗគួរតែចូលរួមពេញលេញនៅក្នុងសមាគមសង្រ្គោះ ។ នៅក្នុងករណីខ្លះ យុវនារីម្នាក់អាចចូលរួមនឹងសមាគមសង្រ្គោះមុនថ្ងៃខួបកំណើតអាយុ ១៨ ឆ្នាំរបស់នាង ។ យុវនារីម្នាក់ៗប្រឹក្សាជាមួយនឹងឪពុកម្ដាយនាង និងប៊ីស្សពដើម្បីសម្រេចចិត្តពីអ្វីដែលនឹងជួយនាងបានល្អបំផុត ដើម្បីពង្រឹងសេចក្ដីជំនឿរបស់នាងលើព្រះយេស៊ូវគ្រីស្ទ ។
ឪពុកម្ដាយ ព្រមទាំងថ្នាក់ដឹកនាំក្រុមយុវនារី និងសមាគមសង្គ្រោះធ្វើការរួមគ្នាដើម្បីជួយយុវនារីម្នាក់ៗឲ្យអភិវឌ្ឍខ្លួនដោយជោគជ័យ ដើម្បីចូលរួមក្នុងសមាគមសង្គ្រោះ ។ ថ្នាក់ដឹកនាំទាំងនេះផ្ដល់ឱកាសជាបន្តបន្ទាប់ឲ្យយុវនារី និងបងប្អូនស្រីនៃសមាគមសង្គ្រោះស្គាល់គ្នា ហើយបង្កើតចំណងមិត្តភាព ។
១១.៥
ថ្នាក់ដឹកនាំក្រុមយុវនារីស្តេក
សមាជិកមួយរូបនៃគណៈប្រធានស្តេកហៅស្រ្តីមជ្ឈិមវ័យម្នាក់ឲ្យបម្រើជាប្រធានក្រុមយុវនារីស្តេក ។ ប្រសិនបើស្តេកនោះធំល្មម ប្រធានក្រុមយុវនារីស្តេកផ្តល់អនុសាសន៍ឲ្យមានស្រ្តីមជ្ឈិមវ័យម្នាក់ ឬពីរនាក់មកបម្រើជាទីប្រឹក្សា និងម្នាក់ទៀតបម្រើជាលេខា ។ ស្រ្តីទាំងនេះត្រូវបានហៅ និងធ្វើពិធីញែកចេញដោយសមាជិកនៃគណៈប្រធានស្តេក ឬទីប្រឹក្សាជាន់ខ្ពស់ដែលបានចាត់តាំងមួយរូប ។ សម្រាប់ព័ត៌មានអំពីការទទួលខុសត្រូវរបស់គណៈប្រធាន និងលេខាក្រុមយុវនារីស្តេក សូមមើល ៦.៧.១ និង ៦.៧.៣ ។
ទីប្រឹក្សាម្នាក់នៅក្នុងគណៈប្រធានស្តេកទទួលខុសត្រូវលើអង្គការយុវនារីនៅក្នុងស្តេក ។ គាត់ក៏មានទំនួលខុសត្រូវលើកិច្ចការរបស់គណៈប្រធានក្រុមយុវនារីស្តេកផងដែរ ។ គាត់ក៏ផ្តល់ការណែនាំដល់ប៊ីស្សពពីការទទួលខុសត្រូវរបស់ប៊ីស្សពសម្រាប់ក្រុមយុវនារីផងដែរ ។
គណៈប្រធានស្តេកចាត់តាំងទីប្រឹក្សាជាន់ខ្ពស់ម្នាក់ឲ្យធ្វើការជាមួយគណៈប្រធានយុវនារីស្តេក ( សូមមើល ៦.៥ ) ។ ទីប្រឹក្សាជាន់ខ្ពស់រូបនេះ និងគណៈប្រធានក្រុមយុវនារី និងលេខាបម្រើនៅក្នុងគណៈកម្មការថ្នាក់ដឹកនាំយុវវ័យស្តេក ( សូមមើល ២៩.៣.១០ ) ។
១១.៦
គោលការណ៍ណែនាំ និងគោលនយោបាយបនែ្ថម
១១.៦.១
ការការពារយុវវ័យ
នៅពេលមជ្ឈិមវ័យប្រាស្រ័យទាក់ទងជាមួយយុវវ័យនៅក្នុងបរិវេណសាសនាចក្រ យ៉ាងហោចណាស់គួរមានមជ្ឈិមវ័យពីររូបដែលមានការទទួលខុសត្រូវ មានវត្តមាននៅទីនោះ ។ វាអាចចាំបាច់ដើម្បីបញ្ចូលថ្នាក់រៀនចូលគ្នាដើម្បីឲ្យការងារនេះអាចធ្វើទៅបាន ។
មជ្ឈិមវ័យទាំងអស់ដែលធ្វើការជាមួយយុវវ័យត្រូវតែបំពេញវគ្គបណ្តុះបណ្តាលការការពារកុមារ និងយុវវ័យក្នុងរយៈពេលមួយខែក្រោយពីត្រូវបានគាំទ្រចំពោះការហៅ ( នៅលើគេហទំព័រProtectingChildren.ChurchofJesusChrist.org ) ។ បន្ទាប់ពីនោះមក ពួកគេចូលរៀនវគ្គបណ្តុះបណ្តាលនោះម្តងទៀតរៀងរាល់បីឆ្នាំម្ដង ។
សម្រាប់ព័ត៌មានស្ដីពីរបៀបដែលគោលការណ៍ណែនាំទាំងនេះអនុវត្តចំពោះដៃគូផ្ដល់ការងារបម្រើ សូមមើល ២១.២.២ ។
១១.៦.២
យុវនារីដែលមានពិការភាព
គណៈប្រធានថ្នាក់ផ្ដល់ការមើលថែជាពិសេសដល់យុវនារីដែលមានពិការភាព ។ សម្រាប់ព័ត៌មានអំពីការជួយដល់យុវនារីទាំងនេះ សូមមើលគេហទំព័រ disabilities.ChurchofJesusChrist.org ។
១១.៦.៣
និមិត្តរូបសម្រាប់កុមារ និងយុវវ័យ
ក្រុមយុវនារីទទួលបាននិមិត្តរូបជាផ្នែកមួយនៃកម្មវិធីកុមារ និងយុវវ័យ ។ យុវនារីគ្រប់រូបគួរតែទទួលបាននិមិត្តរូបនៃកម្មសិទ្ធិមួយមកពីគណៈប្រធានថ្នាក់របស់នាង នៅពេលនាងក្លាយជាសមាជិកនៃក្រុមយុវនារី ។ នាងក៏ទទួលបានច្បាប់ចម្លងមួយច្បាប់នៃ ការអភិវឌ្ឍខ្លួន ៖ សៀវភៅណែនាំយុវវ័យ ផងដែរ ។ ការណ៍នេះអាចធ្វើទៅបាន នៅពេលគណៈប្រធានថ្នាក់ និងថ្នាក់ដឹកនាំជាមជ្ឈិមវ័យក្នុងក្រុមយុវនារីទទួលស្វាគមន៍នាងមកកាន់ក្រុមយុវនារី ។ វាក៏អាចធ្វើឡើងនៅក្នុងការប្រជុំប្រចាំឆ្នាំសម្រាប់យុវវ័យ និងឪពុកម្ដាយរបស់ពួកគេផងដែរ ( សូមមើល ១១.២.១.៣ ) ។
នៅខែមករានៃឆ្នាំដែលយុវនារីម្នាក់ឈានចូលអាយុ ១៨ ឆ្នាំ នោះនាងទទួលបាននិមិត្តរូបនៃកម្មសិទ្ធិមួយបន្ថែមទៀត ។
ក្រុមយុវនារីអាចទទួលបាននិមិត្តរូបនៃសមិទ្ធិផលមួយ តាមរយៈការព្យាយាមប្រែក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះ ។
ចំពោះព័ត៌មានបន្ថែមអំពីនិមិត្តរូប សូមមើលនៅលើគេហទំព័រ ChildrenandYouth.ChurchofJesusChrist.org ។