« ១៤. សមាជិកនៅលីវ » ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( ឆ្នាំ ២០២០ ) ។
« ១៤. សមាជិកនៅលីវ » ក្បួនខ្នាតទូទៅ ។
១៤.
សមាជិកនៅលីវ
១៤.០
សេចក្ដីផ្ដើម
ព្រះអង្គសង្គ្រោះអញ្ជើញមនុស្សទាំងអស់ឲ្យមករកទ្រង់ ហើយក្លាយជាសមាជិកនៃសាសនាចក្ររបស់ទ្រង់ ( សូមមើល នីហ្វៃទី២ ២៦:២៤ ) ។ បុរស និងស្ដ្រីដែលមិនទាន់បានរៀបការ ឬដែលបានលែងលះ ឬដែលមេម៉ាយ ឬពោះម៉ាយដោយស្វាមី ឬភរិយាបានស្លាប់ បង្កើតជាចំណែកដ៏សំខាន់មួយនៃសមាជិកភាពក្នុងសាសនាចក្រ ។ វាសំខាន់សម្រាប់មនុស្សទាំងអស់គ្នា ដើម្បីស្វែងរកសេចក្ដីសង្ឃឹមតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ( សូមមើល អេធើរ ១២:៤ ) ។ សេចក្ដីពិតដ៏អស់កល្បខាងក្រោមនេះ អាចជួយបង្កើតសេចក្ដីសង្ឃឹមបែបនោះ ៖
-
ព្រះគម្ពីរ និងពួកព្យាការីថ្ងៃចុងក្រោយបញ្ជាក់ថា មនុស្សគ្រប់គ្នាដែលស្មោះត្រង់ក្នុងការរក្សាសេចក្ដីសញ្ញានៃដំណឹងល្អ នឹងមានឱកាសសម្រាប់ភាពតម្កើងឡើង ។
-
ពេលវេលា និងរបៀបជាក់លាក់ ដែលពរជ័យនៃភាពតម្កើងឡើងត្រូវបានប្រទានឲ្យ មិនត្រូវបានបើកសម្ដែងទាំងអស់ទេ ។ ប៉ុន្តែទោះជាយ៉ាងណា វាត្រូវបានធានា ( សូមមើល ម៉ូសាយ ២:៤១ ) ។
-
ការរង់ចាំព្រះអម្ចាស់មានន័យថា ការបន្ដគោរពប្រតិបត្តិ និងរីកចម្រើនខាងវិញ្ញាណឆ្ពោះទៅកាន់ទ្រង់ ( សូមមើល អេសាយ ៦៤:៤ ) ។
-
ព្រះប្រទានជីវិតដ៏អស់កល្បដល់បុត្រាបុត្រីរបស់ទ្រង់ទាំងអស់ ។ អស់អ្នកទាំងឡាយណាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់អំណោយនៃការអត់ទោសដ៏សប្បុរសរបស់ព្រះអង្គសង្គ្រោះ ហើយរស់នៅតាមព្រះបញ្ញត្តិរបស់ទ្រង់ នឹងទទួលជីវិតអសកល្បជានិច្ច ។ ( សូមមើល ម៉ូសាយ ២៦:៣០; មរ៉ូណៃ ៦:៨ ) ។
-
ការមានទំនុកចិត្តលើការធានាអះអាងទាំងនេះ បានមកពីការមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ តាមរយៈព្រះគុណរបស់ទ្រង់ នោះអ្វីៗទាំងអស់ដែលទាក់ទងនឹងជីវិតរមែងស្លាប់ត្រូវបានកំណត់យ៉ាងត្រឹមត្រូវ ( សូមមើល អាលម៉ា ៧:១១–១៣ ) ។
ព្រះអម្ចាស់ត្រូវការសមាជិកទាំងអស់ ដើម្បីជួយនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះក្នុងវួដ និងស្តេករបស់ពួកគេ ( សូមមើល កូរិនថូស ទី១ ១២:១២–២៧ ) ។ ដូចដែលបានដឹកនាំដោយព្រះវិញ្ញាណ សមាជិកនៅលីវអាចត្រូវបានហៅឲ្យបម្រើនៅក្នុងតំណែងជាថ្នាក់ដឹកនាំ និងបង្រៀន ។ ការហៅជាថ្នាក់ដឹកនាំ អាចរួមមានការបម្រើនៅក្នុងតំណែងដូចខាងក្រោមនេះ ៖
-
គណៈប្រធានអង្គការវួដ និងស្ដេក
-
គណៈប្រធានកូរ៉ុមអែលឌើរ
-
ទីប្រឹក្សារបស់គណៈប៊ីស្សព
-
ទីប្រឹក្សាជាន់ខ្ពស់
-
ទីប្រឹក្សាគណៈប្រធានស្តេក
នៅក្នុងជំពូកនេះ ៖
-
« សមាជិកនៅលីវ » សំដៅដល់សមាជិកជាមជ្ឈិមវ័យទាំងអស់របស់សាសនាចក្រ ដែលមិនរៀបការនាពេលបច្ចុប្បន្ន ។
-
« យុវមជ្ឈិមវ័យនៅលីវ » សំដៅដល់អស់អ្នកណាដែលមានអាយុ ១៨–៣០ ឆ្នាំ ។
-
« មជ្ឈិមវ័យនៅលីវ » សំដៅដល់អស់អ្នកណាដែលមានអាយុ ៣១ ឆ្នាំឡើងទៅ ។
១៤.១
សមាជិកនៅលីវនៅក្នុងអង្គភាពតាមភូមិសាស្ដ្រ
សមាជិកនៅលីវភាគច្រើនចូលរួមនៅក្នុងអង្គភាពតាមភូមិសាស្ដ្រមួយ ជាមួយនឹងសមាជិកគ្រប់អាយុទាំងអស់ ។ ពួកគេមានឱកាសដើម្បីបម្រើ បង្រៀន ដឹកនាំ និងប្រាស្រ័យទាក់ទងនឹងមនុស្សក្នុងស្ថានភាពជាច្រើន ។
១៤.១.១
ថ្នាក់ដឹកនាំស្តេក
១៤.១.១.១
គណៈប្រធានស្តេក
ការចូលរួមរបស់គណៈប្រធានស្តេកមានសារៈសំខាន់ជាពិសេស នៅក្នុងការបញ្ចូលសមាជិនៅលីវនៅក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើង ។
ប្រធានស្តេកអាចចាត់ឲ្យទីប្រឹក្សាមួយរូបរបស់គាត់ និងក្រុមប្រឹក្សាជាន់ខ្ពស់ម្នាក់ ឲ្យបម្រើជាមួយនឹងមជ្ឈិមវ័យនៅលីវ ។ គាត់ក៏អាចចាត់ឲ្យទីប្រឹក្សាមួយរូប និងក្រុមប្រឹក្សាជាន់ខ្ពស់ម្នាក់ ឲ្យបម្រើជាមួយនឹងយុវមជ្ឈិមវ័យនៅលីវផងដែរ ។ ទីប្រឹក្សា និងក្រុមប្រឹក្សាជាន់ខ្ពស់ដដែលនោះ អាចត្រូវបានចាត់ទៅបម្រើក្នុងក្រុមទាំងពីរបាន ។
គណៈប្រធានស្តេកផ្ដោតការយកចិត្តទុកដាក់ជាពិសេសចំពោះយុវមជ្ឈិមវ័យនៅលីវ—ដូចជាពួកគាត់យកចិត្តទុកដាក់ចំពោះសមាជិកនៃជំនាន់ដែលកំពុងពេញវ័យទាំងអស់ដែរ ។
គណៈប្រធានស្តេកសម្រេចថាតើសកម្មភាពទាំងឡាយណាខ្លះសម្រាប់យុវមជ្ឈិមវ័យនៅលីវ ដែលគួរតែធ្វើឡើងនៅកម្រិតវួដ កម្រិតស្ដេក ឬកម្រិតទាំងពីរបញ្ចូលគ្នា ។ សកម្មភាពទាំងឡាយសម្រាប់មជ្ឈិមវ័យនៅលីវ ដែលធ្វើឡើងនៅកម្រិតស្ដេក និងពហុស្ដេក ។ ( សូមមើល ជំពូកទី ២០ ) ។
នៅពេលមានចំនួនសមាជិកនៅលីវក្នុងតំបន់មួយគ្រប់គ្រាន់ នោះប្រធានស្តេកអាចផ្ដល់អនុសាសន៍ឲ្យបង្កើតវួដយុវមជ្ឈិមវ័យនៅលីវ ឬវួដមជ្ឈិមវ័យនៅលីវមួយ ( សូមមើល ១៤.៣ ) ។
ស្តេក ( ឬក្រុមស្តេកដែលនៅជិតគ្នា ) អាចនឹងមិនមានចំនួនសមាជិកនៅលីវគ្រប់គ្រាន់ ដើម្បីបង្កើតជាវួដយុវមជ្ឈិមវ័យនៅលីវ ឬមជ្ឈិមវ័យនៅលីវមួយ ។ ក្នុងស្ថានភាពបែបនេះ គណៈប្រធានតំបន់អាចផ្ដល់សិទ្ធិដល់ប្រធានស្តេកឲ្យអញ្ជើញសមាជិកទាំងនេះ មកចូលរួមជាសមាជិកវួដធម្មតាដែលបានកំណត់ ។ ការណ៍នេះអនុញ្ញាតឲ្យមជ្ឈិមវ័យនៅលីវ ឬយុវមជ្ឈិមវ័យបម្រើ និងថ្វាយបង្គំជាមួយគ្នា ។ គណៈប្រធានតំបន់ធ្វើការប្រឹក្សាជាមួយនឹងសមាជិកនៃគណៈប្រធានពួកចិតសិបនាក់ដែលបានចាត់តាំងរបស់ពួកលោក និងកូរ៉ុមនៃពួកដប់ពីរនាក់ ។
១៤.១.១.២
គណៈកម្មការមជ្ឈិមវ័យនៅលីវ និងយុវមជ្ឈិមវ័យនៅលីវស្តេក
សមាជិកនៅលីវបម្រើបុត្រាបុត្រីរបស់ព្រះ ដោយការចូលរួមនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ( សូមមើល ១.២ និង ១៤.២ ) ។ ដើម្បីជួយពួកគេឲ្យធ្វើដូច្នោះ ប្រធានស្តេកអាចបង្កើតជាគណៈកម្មការមជ្ឈិមវ័យនៅលីវមួយ ( អាយុ ៣១ ឆ្នាំឡើងទៅ ) ។ ពួកគាត់ក៏អាចបង្កើតគណៈកម្មការយុវមជ្ឈិមវ័យនៅលីវមួយផងដែរ ( អាយុ ១៨–៣០ ឆ្នាំ ) ។ គណៈកម្មការទាំងនេះរាយការណ៍ជាទៀងទាត់នៅក្នុងការប្រជុំក្រុមប្រឹក្សាស្តេក ។ សមាជិកនៃគណៈកម្មការទាំងនេះ អាចត្រូវបានអញ្ជើញឲ្យចូលរួមការប្រជុំក្រុមប្រឹក្សាស្តេក តាមការចាំបាច់ ។
ទីប្រឹក្សាមួយរូបនៅក្នុងគណៈប្រធានស្តេកដឹកនាំគណៈកម្មការនីមួយៗ ។ គណៈកម្មការទាំងនេះបង្កើតឡើងដោយមានមជ្ឈិមវ័យនៅលីវ ឬយុវមជ្ឈិមវ័យនៅលីវពីរបីនាក់មកពីវួដនីមួយៗ ។ គណៈកម្មការក៏រួមមានទីប្រឹក្សាជាន់ខ្ពស់មួយរូប និងសមាជិកមួយរូបនៃគណៈប្រធានសមាគមសង្រ្គោះស្តេកផងដែរ ។
គណៈកម្មការខិតខំគាំទ្រដល់សមាជិក តាមរយៈមិត្តភាព និងឱកាសទាំងឡាយដើម្បីចូលរួមនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ( សូមមើល ១៤.២ ) ។ គណៈកម្មការរៀបចំឲ្យមានឱកាសសម្រាប់ការរៀនសូត្រដំណឹងល្អ និងការបម្រើ និងសកម្មភាពនានា ។ គណៈកម្មការទាំងនេះជួបជុំគ្នាតាមត្រូវការ ។
គណៈកម្មការយុវមជ្ឈិមវ័យនៅលីវសម្របសម្រួលជាមួយនឹងកម្មវិធីថ្នាក់វិទ្យាស្ថានដែលនៅក្នុងបរិវេណសាលា នៅកន្លែងដែលមាន ។
ជាធម្មតា គណៈកម្មការមជ្ឈិមវ័យនៅលីវ និងយុវមជ្ឈិមវ័យនៅលីវដំណើរការដោយឡែកពីគ្នា ។
១៤.១.២
ថ្នាក់ដឹកនាំវួដ
១៤.១.២.១
គណៈប៊ីស្សព
គណៈប៊ីស្សពគឺជាគន្លឹះក្នុងការបញ្ចូលសមាជិកនៅលីវនៅក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ និងការតម្កើងឡើង ។ ពួកគាត់ធ្វើការជាមួយនឹងក្រុមប្រឹក្សាវួដ ដើម្បីស្វែងរកការហៅ និងការចាត់តាំងដែលប្រកបដោយអត្ថន័យសម្រាប់សមាជិកនៅលីវ ។ ពួកគាត់ទទួលស្គាល់ ហើយខិតខំជួយបំពេញសេចក្ដីត្រូវការរបស់ឪពុក ឬម្ដាយនៅលីវទាំងឡាយ ។
ជាទូទៅ គណៈប៊ីស្សពគាំទ្រសមាជិកនៅលីវ ទន្ទឹមនឹងពេលដែលពួកគាត់គាំទ្រដល់សមាជិកទាំងអស់នៃកូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះ ។ ទោះជាយ៉ាងណា ដោយសារតែការទទួលខុសត្រូវដ៏សំខាន់បំផុតរបស់ពួកគាត់ចំពោះជំនាន់ដែលកំពុងពេញវ័យ នោះគណៈប៊ីស្សពក៏ធ្វើកិច្ចការដូចតទៅនេះផងដែរ ៖
-
សមាជិកមួយរូបនៃគណៈប៊ីស្សពជួបនឹងយុវមជ្ឈិមវ័យនៅលីវម្នាក់ៗយ៉ាងហោចណាស់មួយឆ្នាំម្ដង ។
-
គណៈប៊ីស្សពទទួលការធ្វើបច្ចុប្បន្នភាពជាទៀងទាត់អំពីសុខុមាលភាពនៃយុវមជ្ឈិមវ័យនៅលីវ ។ ប្រធានកូរ៉ុមអែលឌើរ និងប្រធានសមាគមសង្រ្គោះពិភាក្សាអំពីសេចក្ដីត្រូវការរបស់យុវមជ្ឈិមវ័យនៅលីវនៅក្នុងការប្រជុំក្រុមប្រឹក្សាវួដ ។ ថ្នាក់ដឹកនាំនៃគណៈកម្មការយុវមជ្ឈិមវ័យនៅលីវ អាចត្រូវបានអញ្ជើញឲ្យចូលរួម ។
-
គណៈប៊ីស្សពអាចបង្កើតគណៈកម្មការយុវមជ្ឈិមវ័យនៅលីវវួដបាន ( សូមមើល ១៤.១.២.៤ ) ។ ( គណៈកម្មការមជ្ឈិមវ័យនៅលីវសម្រាប់អស់អ្នកណាដែលមានអាយុ ៣១ ឆ្នាំឡើងទៅ ត្រូវបានបង្កើតឡើងនៅកម្រិតស្តេក ) ។
១៤.១.២.២
សមាជិកគណៈប្រធានកូរ៉ុមអែលឌើរ និងគណៈប្រធានសមាគមសង្រ្គោះ ដែលត្រូវបានចាត់ឲ្យកាន់ខាងយុវមជ្ឈិមវ័យនៅលីវ
ប្រធានកូរ៉ុមអែលឌើរ និងប្រធានសមាគមសង្រ្គោះម្នាក់ៗអាចចាត់តាំងសមាជិកមួយរូបនៃគណៈប្រធានរបស់ពួកគាត់ ឲ្យបម្រើជាមួយនឹងយុវមជ្ឈិមវ័យនៅលីវ ។ សមាជិកគណៈប្រធានទាំងនេះរៀនពីភាពខ្លាំងរបស់យុវមជ្ឈិមវ័យនៅលីវ ហើយជួយបំពេញសេចក្ដីត្រូវការរបស់ពួកគេ ។
ប្រធានកូរ៉ុមអែលឌើរ និងប្រធានសមាគមសង្រ្គោះអាចរាយការណ៍អំពីកិច្ចខិតខំទាំងនេះនៅក្នុងការប្រជុំក្រុមប្រឹក្សាវួដបាន ។ ថ្នាក់ដឹកនាំនៃគណៈកម្មការយុវមជ្ឈិមវ័យនៅលីវ អាចត្រូវបានអញ្ជើញឲ្យចូលរួម ។
សមាជិកគណៈប្រធានទាំងនេះជាផ្នែកនៃគណៈកម្មការយុវមជ្ឈិមវ័យនៅលីវវួដ ប្រសិនបើគណៈកម្មការនេះត្រូវបានបង្កើតឡើង ។
១៤.១.២.៣
ថ្នាក់ដឹកនាំយុវមជ្ឈិមវ័យនៅលីវ
នៅក្នុងវួដដែលមានចំនួនយុវមជ្ឈិមវ័យនៅលីវច្រើន នោះគណៈប៊ីស្សពអាចហៅបុរស និងស្ត្រីយុវមជ្ឈិមវ័យនៅលីវមួយរូប ឲ្យបម្រើជាអ្នកដឹកនាំយុវមជ្ឈិមវ័យនៅលីវ ។ ការទទួលខុសត្រូវរបស់ពួកគេរួមមាន ៖
-
ការជួយយុវមជ្ឈិមវ័យនៅលីវឲ្យចូលរួមនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ( សូមមើល ១៤.២ ) ។
-
ការដឹកនាំគណៈកម្មការយុវមជ្ឈិមវ័យនៅលីវវួដ ប្រសិនបើគណៈកម្មការមួយត្រូវបានបង្កើតឡើង ។
-
ការជួបប្រជុំជាទៀងទាត់ជាមួយនឹងគណៈប្រធានកូរ៉ុមអែលឌើរ និងគណៈប្រធានសមាគមសង្គ្រោះ ។ នៅក្នុងការប្រជុំទាំងនេះ ពួកគាត់ពិភាក្សាពីភាពខ្លាំងរបស់យុវមជ្ឈិមវ័យនៅលីវ និងរបៀបដើម្បីជួយបំពេញសេចក្ដីត្រូវការរបស់ពួកគេ ។ ពួកគាត់ក៏ផ្ដោតទៅលើការងារបម្រើដល់យុវមជ្ឈិមវ័យនៅលីវផងដែរ ។
-
ការបម្រើនៅក្នុងគណៈកម្មការយុវមជ្ឈិមវ័យនៅលីវស្តេក ពេលត្រូវបានចាត់តាំង ។
-
ចូលរួមការប្រជុំក្រុមប្រឹក្សាវួដ នៅពេលមានការអញ្ជើញ ។
១៤.១.២.៤
គណៈកម្មការយុវមជ្ឈិមវ័យនៅលីវវួដ
វួដខ្លះមានយុវមជ្ឈិមវ័យនៅលីវច្រើន ។ នៅក្នុងវួដទាំងនេះ ប៊ីស្សពអាចមានអារម្មណ៍ថា ថ្នាក់ដឹកនាំយុវមជ្ឈិមវ័យនៅលីវអាចទទួលបានជំនួយពីគណៈកម្មការយុវមជ្ឈិមវ័យនៅលីវ ។ ( គណៈកម្មការមជ្ឈិមវ័យនៅលីវត្រូវបានបង្កើតឡើងនៅកម្រិតស្តេក ។ សូមមើល ១៤.១.១.២ ) ។
សមាជិកគណៈកម្មការរួមមាន ៖
-
ថ្នាក់ដឹកនាំយុវមជ្ឈិមវ័យនៅលីវវួដ ។
-
យុវមជ្ឈិមវ័យនៅលីវបន្ថែមទៀតដែលត្រូវបានអញ្ជើញដោយគណៈប៊ីស្សព ។
-
សមាជិកនៃគណៈប្រធានកូរ៉ុមអែលឌើរ និងគណៈប្រធានសមាគមសង្រ្គោះ ដែលត្រូវបានចាត់ឲ្យកាន់ខាងយុវមជ្ឈិមវ័យនៅលីវ ។
១៤.២
ការចូលរួមនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង
ព្រះអញ្ជើញមនុស្សទាំងអស់ឲ្យមករកព្រះគ្រីស្ទ ហើយចូលរួមនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងតាមរយៈ ៖
-
ការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
ការមើលថែដល់អ្នកខ្វះខាត ។
-
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ ។
-
ការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច ។
សមាជិកនៅលីវចូលរួមនៅក្នុងកិច្ចការនេះនៅឯផ្ទះ និងនៅឯព្រះវិហារ ។ ពួកគេចូលរួមនៅក្នុងកូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះ ។ ពួកគេបម្រើនៅក្នុងការហៅ និងការចាត់តាំងទាំងឡាយ រួមទាំងការងារបម្រើផងដែរ ។ វួដ និងស្តេកអាចដាក់ផែនការសកម្មភាពជម្រើសនានា ដែលពិសេសសម្រាប់សមាជិកនៅលីវ ដែលជ្រើសរើសដើម្បីចូលរួម ( សូមមើល ១៤.២.១.៣ ) ។
១៤.២.១
ការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ
១៤.២.១.១
រាត្រីជួបជុំក្រុមគ្រួសារ និងការសិក្សាដំណឹងល្អ
ថ្នាក់ដឹកនាំ ឬសមាជិកដែលមានបំណងប្រាថ្នាដើម្បីចូលរួម អាចរៀបចំរាត្រីជួបជុំក្រុមគ្រួសារជាក្រុមមួយ ឬលើសពីនោះ សម្រាប់មជ្ឈិមវ័យនៅលីវ និងក្រុមផ្សេងៗទៀតសម្រាប់យុវមជ្ឈិមវ័យនៅលីវ ។ ជាទូទៅ អស់អ្នកទាំងឡាយណាដែលចូលរួមពុំមានកូននៅឯផ្ទះទេ ។ នៅក្នុងស្តេកដែលមានសមាជិកនៅលីវតែពីរបីនាក់ នោះរាត្រីជួបជុំក្រុមគ្រួសារជាក្រុមអាចឆ្លងព្រំប្រទល់វួដ ។
ជាងនោះទៀត សមាជិកនៅលីវអាចជ្រើសរើសដើម្បីជួបជុំតាមអនឡាញ ឬដោយផ្ទាល់ក៏បានសម្រាប់ការសិក្សាដំណឹងល្អនៅតាមផ្ទះ ។ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ អាចជាធនធានមួយ ។
យុវមជ្ឈិមវ័យនៅលីវគ្រប់រូបត្រូវបានលើកទឹកចិត្តឲ្យចុះឈ្មោះចូលរៀនក្នុងថ្នាក់វិទ្យាស្ថាន ( សូមមើល ១៥.២ ) ។
១៤.២.១.២
ថ្នាក់សាលាថ្ងៃអាទិត្យ
ក្រោមការណែនាំរបស់ប៊ីស្សព ប្រធានសាលាថ្ងៃអាទិត្យវួដអាចបង្កើតថ្នាក់សាលាថ្ងៃអាទិត្យមួយសម្រាប់យុវមជ្ឈិមវ័យនៅលីវ ( សូមមើល ១៣.៣.២ ) ។
១៤.២.១.៣
សកម្មភាព
ក្រោមការណែនាំរបស់ថ្នាក់ដឹកនាំវួដ ឬស្តេក យុវមជ្ឈិមវ័យនៅលីវអាចដាក់ផែនការ និងចូលរួមនៅក្នុងសកម្មភាពទាំងឡាយដែលជាពិសេសសម្រាប់ពួកគេ ។ សកម្មភាពទាំងនេះអាចកើតឡើងនៅក្នុងកម្រិតវួដ ឬស្ដេក ។ ឧទាហរណ៍អាចរួមមាន ៖
-
ការទៅព្រះវិហារបរិសុទ្ធ ។
-
កិច្ចការពង្សប្រវត្តិ ។
-
ការចែកចាយដំណឹងល្អ ។
-
ការបម្រើក្នុងសហគមន៍ ។
-
ព្រឹត្តិការណ៍តន្ត្រី និងវប្បធម៌ ។
-
កីឡា ។
ក្រោមការណែនាំរបស់ថ្នាក់ដឹកនាំស្តេក មជ្ឈិមវ័យនៅលីវអាចដាក់ផែនការសកម្មភាពស្រដៀងគ្នានៅកម្រិតស្តេក ។
ពួកចិតសិបនាក់ប្រចាំតំបន់អាចធ្វើការជាមួយនឹងប្រធានស្តេក ដើម្បីបង្កើតគណៈកម្មការនានា ដើម្បីរៀបចំផែនការសកម្មភាពពហុស្តេកសម្រាប់សមាជិកនៅលីវ ។
មូលនិធិសម្រាប់សកម្មភាព ដកចេញមកពីថវិកាស្តេក ឬថវិកាវួដ ។ នៅពេលធ្វើសកម្មភាពពហុស្តេក ឬសកម្មភាពតំបន់ នោះថ្នាក់ដឹកនាំត្រូវមើលឲ្យប្រាកដថា មានការបែងចែកមូលនិធិដោយយុត្តិធម៌នៅក្នុងចំណោមស្តេកទាំងឡាយ ។
មូលនិធិសម្រាប់សកម្មភាពនានាគួរតែស៊ីចង្វាក់នឹងគោលនយោបាយនៅក្នុង ២០.២.៦ ។ ជាការលើកលែងមួយ សមាជិកអាចចំណាយខ្លះៗ នៅពេលដែលមានព្រឹត្តិការណ៍ពហុស្តេក ឬតំបន់ ។ ថ្នាក់ដឹកនាំត្រូវប្រាកដថា ទាំងអស់គ្នាអាចចូលរួមបាន ។
សម្រាប់គោលការណ៍ណែនាំបន្ថែមទៀតស្ដីពីសកម្មភាព សូមមើល ២០.២ និង ២០.៣ ។
១៤.២.២
ការមើលថែដល់អ្នកខ្វះខាត
១៤.២.២.១
ការបម្រើ
ដូចជាសិស្សទាំងអស់របស់ព្រះយេស៊ូវគ្រីស្ទដែរ សមាជិកនៅលីវមានឱកាសជាទៀងទាត់ ដើម្បីបម្រើអ្នកផ្សេងទៀតដោយឡែក និងជាក្រុម ។ ការបម្រើក្នុងសហគមន៍គឺនៅក្នុងចំណោមរបៀបដ៏សំខាន់បំផុត ដែលយុវមជ្ឈិមវ័យនៅលីវត្រូវបានពង្រឹងខាងវិញ្ញាណ ។
សកម្មភាពការបម្រើអាចផ្ដោតលើ ៖
-
សុខុមាលភាព និងភាពខ្លួនទីពឹងខ្លួន ។
-
ពង្សប្រវត្តិ ។
-
ការជួយក្នុងសហគមន៍ ។
-
ការចែកចាយដំណឹងល្អ ។
-
ការពង្រឹងសមាជិកថ្មី និងសមាជិកដែលត្រឡប់មកវិញ ។
-
តម្រូវការមនុស្សធម៌ក្នុងតំបន់ ឬកន្លែងផ្សេងទៀត ។
នៅកន្លែងណាដែលមាន នោះ JustServe.org នឹងណែនាំនូវឱកាសបម្រើសម្រាប់បុគ្គល និងក្រុមទាំងឡាយ ។
១៤.២.២.២
ការធ្វើការងារបម្រើ
បងប្អូនប្រុសនៅលីវម្នាក់ៗត្រូវបានចាត់តាំងឲ្យមានបងប្អូនប្រុសដែលផ្ដល់ការងារបម្រើ ។ បងប្អូនស្រីនៅលីវម្នាក់ៗត្រូវបានចាត់ឲ្យមានបងប្អូនស្រីដែលផ្ដល់ការងារបម្រើ និងបងប្អូនប្រុសដែលផ្ដល់ការងារបម្រើ ។ ការចាត់តាំងត្រូវបានចាត់ទៅបុគ្គលម្នាក់ៗ មិនមែនទៅក្រុម ឬផ្ទះល្វែងទាំងឡាយនោះទេ ។ ( សូមមើល ជំពូកទី ២១ ) ។
១៤.២.៣
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ
សមាជិកនៅលីវមានឱកាសដើម្បីអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកពរជ័យនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេធ្វើកិច្ចការនេះដោយចែកចាយដំណឹងល្អ ពង្រឹងសមាជិកថ្មី និងសមាជិកដែលត្រឡប់មកវិញ ហើយឈោងជួយមនុស្សដែលមិនចូលរួម ។ ( សូមមើល ជំពូកទី ២៣ ) ។
យុវមជ្ឈិមវ័យនៅលីវខ្លះផ្លាស់ទីលំនៅជាញឹកញាប់ ។ យុវមជ្ឈិមវ័យនៅលីវអាចរៀបចំសកម្មភាពម្តងម្កាល ដើម្បីស្វែងរក និងស្វាគមន៍ដល់យុវមជ្ឈិមវ័យនៅលីវផ្សេងៗទៀតនៅក្នុងស្តេក ។ សកម្មភាពទាំងនេះក៏អាចត្រូវបានធ្វើឡើងជាមួយនឹងស្តេកជិតខាងផងដែរ ។
យុវមជ្ឈិមវ័យនៅអាចមានប្រយោជន៍ជាពិសេសក្នុងការបង្រៀនជាមួយ និងគាំទ្រអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ។
១៤.២.៤
ការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច
សមាជិកនៅលីវអាចជួយបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច ជាបុគ្គលម្នាក់ៗ និងជាក្រុម ។ ឧទាហរណ៍ ពួកគេអាចនឹង ៖
-
រៀបចំចុះសេចក្ដីសញ្ញាជាមួយនឹងព្រះ តាមរយៈការទទួលពិធីបរិសុទ្ធនានា រួមទាំងអំណោយទានពិសិដ្ឋនៃព្រះវិហារបរិសុទ្ធផងដែរ ( សូមមើល ២៧.២.២ ) ។
-
បម្រើជាអ្នកធ្វើការ ឬជាអ្នកស្ម័គ្រចិត្តផ្នែកពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ( សូមមើល ២៥.៥ ) ។
-
ចូលរួមក្នុងពិធីបរិសុទ្ធសម្រាប់មរណជន ។
-
រៀនអំពីសាច់ញាតិជិតឆ្ងាយ និងបុព្វការីជនរបស់ពួកគេ ( សូមមើល ក្រុមគ្រួសាររបស់ខ្ញុំ ៖ ដំណើររឿងដែលនាំឲ្យយើងជួបជុំគ្នា ) ។
-
ស្វែងរកបុព្វការីជនដែលត្រូវការពិធីបរិសុទ្ធនៅព្រះវិហារបរិសុទ្ធ ( សូមមើលគេហទំព័រ FamilySearch.org ) ។
-
បម្រើជាអ្នកប្រឹក្សាផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ( សូមមើល ២៥.២.៤ ) ។
-
ចូលរួមធ្វើលិបិក្រម ( សូមមើលគេហទំព័រ FamilySearch.org/indexing ) ។
១៤.៣
វួដ និងស្តេកសម្រាប់យុវមជ្ឈិមវ័យនៅលីវ និងវួដសម្រាប់មជ្ឈិមវ័យនៅលីវ
សមាជិកនៅលីវភាគច្រើនបំផុតចូលរួមនៅក្នុងវួដតាមភូមិសាស្ដ្រ ។ ជាការលើកលែង នៅកន្លែងណាដែលមានសមាជិកនៅលីវច្រើនរស់នៅជិតៗគ្នា នោះថ្នាក់ដឹកនាំបព្វជិតភាពអាចផ្ដល់ជាអនុសាសន៍ឲ្យបង្កើតអង្គភាពដូចខាងក្រោមនេះ ។ អង្គភាពទាំងនេះត្រូវតែបំពេញតាមលក្ខណៈវិនិច្ឆ័យនៅក្នុង ជំពូកទី ៣៧ ។
-
វួដសម្រាប់យុវមជ្ឈិមវ័យនៅលីវគឺសម្រាប់អស់អ្នកទាំងឡាយណាដែលមានអាយុ ១៨–៣០ ឆ្នាំ ( សូមមើល ៣៧.២ )
-
ស្តេកសម្រាប់យុវមជ្ឈិមវ័យនៅលីវគឺសម្រាប់អស់អ្នកទាំងឡាយណាដែលមានអាយុ ១៨–៣០ ឆ្នាំ ( សូមមើល ៣៧.៣ )
-
វួដសម្រាប់មជ្ឈិមវ័យនៅលីវគឺសម្រាប់អស់អ្នកទាំងឡាយណាដែលមានអាយុ ៣១–៤៥ ឆ្នាំ ( សូមមើល ៣៧.៥ )
អង្គភាពទាំងនេះប្រើប្រាស់កម្មវិធីធម្មតារបស់សាសនាចក្រច្រើនបំផុតតាមដែលអាចធ្វើទៅបាន ។ ពួកគេធ្វើតាមការណែនាំទាំងឡាយនៅក្នុងក្បួនខ្នាតនេះ ។
សមាជិកដែលមានលក្ខណៈស័ក្តិសមអាចជ្រើសរើសដើម្បីធ្វើជាសមាជិកនៅក្នុងវួដយុវមជ្ឈិមវ័យនៅលីវ ឬវួដមជ្ឈិមវ័យនៅលីវ នៅកន្លែងណាដែលមាន ។ ឬពួកគេអាចជ្រើសរើសធ្វើជាសមាជិកនៃវួដតាមភូមិសាស្ដ្ររបស់ពួកគេ ។
សមាជិកភាពនៅក្នុងវួដសម្រាប់យុវមជ្ឈិមវ័យនៅលីវ ឬវួដសម្រាប់មជ្ឈិមវ័យនៅលីវគឺជាបណ្តោះអាសន្ន ។
-
នៅពេលដែលសមាជិកនៅលីវរៀបការ គាត់ក្លាយជាសមាជិកនៃវួដតាមភូមិសាស្ដ្រ ។
-
ពេលដែលសមាជិកនៃវួដយុវមជ្ឈិមវ័យនៅលីវឈានចូលដល់វ័យ ៣១ ឆ្នាំ នោះគាត់ក្លាយជាសមាជិកវួដមជ្ឈិមវ័យនៅលីវ ( ប្រសិនបើមាននៅកន្លែងដែលគាត់រស់នៅ ) ឬក្លាយជាសមាជិកវួដតាមភូមិសាស្ដ្រ ។
-
នៅពេលដែលសមាជិកនៃវួដមជ្ឈិមវ័យនៅលីវឈានចូលវ័យ ៤៦ ឆ្នាំ គាត់ក្លាយជាសមាជិកនៃវួដតាមភូមិសាស្ដ្រ ។
ពេលផ្លាស់ប្ដូរពីវួដមួយទៅវួដមួយ សមាជិក និងថ្នាក់ដឹកនាំរបស់គាត់ទាក់ទងជាមួយនឹងថ្នាក់ដឹកនាំនៃវួដតាមភូមិសាស្ដ្រនោះ ។ ថ្នាក់ដឹកនាំនៃវួដថ្មីនោះ ចាត់តាំងបងប្អូនប្រុស និងបងប្អូនស្រីដែលផ្ដល់ការងារបម្រើ ។ ពួកគាត់រៀបចំការហៅ ឬការចាត់តាំងដែលជួយដល់សមាជិកនោះមានអារម្មណ៍ថាមានគេស្វាគមន៍ និងចូលរួមនៅក្នុងកិច្ចការរបស់វួដ ។
១៤.៤
គោលការណ៍ណែនាំ និងគោលនយោបាយបនែ្ថម
១៤.៤.១
ទីតាំងប្រមូលផ្ដុំ
ទីតាំងប្រមូលផ្ដុំគឺជាទីតាំងដែលបានកំណត់មួយ ជាកន្លែងដែលយុវមជ្ឈិមវ័យនៅលីវ និងមិត្តភក្ដិរបស់ពួកគេអាចជួបជុំគ្នាសម្រាប់ការរាប់អានគ្នា និងដើម្បីចូលរួមក្នុងសកម្មភាពណាក៏បានដូចខាងក្រោមនេះ ៖
-
ការរៀនសូត្រដំណឹងល្អ រួមទាំងថ្នាក់វិទ្យាស្ថានផងដែរ
-
វគ្គសិក្សាភាពខ្លួនទីពឹងខ្លួន ឱកាសទទួលការអប់រំ និងក្រុមផ្ដល់ការគាំទ្រ
-
ការបម្រើ និងសកម្មភាពនានា
-
ការចែកចាយដំណឹងល្អ និងការជួយក្នុងសហគមន៍
-
កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ
-
កម្មវិធីរបស់សាសនាចក្រផ្សេងៗទៀត
ទីតាំងប្រមូលផ្ដុំដែលបានកំណត់ទាំងអស់ត្រូវតែទទួលបានការអនុម័តពីគណៈប្រធានតំបន់ ។ ទីតាំងប្រមូលផ្ដុំត្រូវបានមើលខុសត្រូវដោយប្រធានស្ដេក និងប៊ីស្សព ។ ពួកវាត្រូវបានបង្កើតឡើងនៅក្នុងអគារសាសនាចក្រដែលមានស្រាប់ ដូចជាសាលាប្រជុំ ឬអគារថ្នាក់វិទ្យាស្ថាន ។ ប្រធានស្តេកដែលមានបំណងបង្កើតទីតាំងប្រមូលផ្ដុំសម្រាប់យុវមជ្ឈិមវ័យនៅលីវ គួរតែទាក់ទងទៅគណៈប្រធានតំបន់ ។
១៤.៤.២
រាត្រីថ្ងៃចន្ទ
ជាការលើកលែង វួដយុវមជ្ឈិមវ័យនៅលីវ និងវួដមជ្ឈិមវ័យនៅលីវ អាចធ្វើសកម្មភាពនៅរាត្រីថ្ងៃច័ន្ទ រួមទាំងនៅក្នុងអគារព្រះវិហារ ( សូមមើល ២០.៥.៣ ) ។
១៤.៤.៣
កូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះបន្ថែមទៀត
ដោយមានការអនុម័តពីប្រធានស្ដេក ប៊ីស្សពរបស់វួដសម្រាប់សមាជិកនៅលីវ អាចបង្កើតសមាគមសង្គ្រោះ និងកូរ៉ុមអែលឌើរច្រើនជាងមួយបាន ។ ( សូមមើល ៨.១.៣ និង ៩.១.៣ ) ។
១៤.៤.៤
សមាជិកដែលត្រូវបានហៅឲ្យបម្រើនៅក្នុងអង្គភាពសម្រាប់សមាជិកនៅលីវ
មានតែប៊ីស្សព និងប្រធានស្តេកនៅក្នុងអង្គភាពសម្រាប់សមាជិកនៅលីវប៉ុណ្ណោះ ដែលត្រូវបានហៅមកពីវួដតាមភូមិសាស្ដ្រ ។ ដូចដែលបានដឹកនាំដោយព្រះវិញ្ញាណ ការហៅផ្សេងៗទៀតជាច្រើន អាចត្រូវបានបំពេញដោយអស់អ្នកដែលនៅក្នុងអង្គភាពសម្រាប់សមាជិកនៅលីវ ។
អស់អ្នកដែលត្រូវបានហៅចេញពីវួដតាមភូមិសាស្ដ្ររបស់ពួកគេ ដើម្បីបម្រើនៅក្នុងអង្គភាពសម្រាប់សមាជិកនៅលីវ ជាធម្មតាបម្រើមិនលើពីបីទៅប្រាំឆ្នាំនោះទេនៅក្នុងអង្គភាពទាំងនេះ ។ រយៈពេលនេះរួមមានទាំងការបម្រើបូករួមបញ្ចូលគ្នានៅក្នុងការហៅផ្សេងៗពីគ្នាផងដែរ ។
ថ្នាក់ដឹកនាំនៃស្តេកតាមភូមិសាស្ដ្រគួរតែផ្ដល់ការគាំទ្រ នៅពេលដែលសមាជិកទាំងឡាយត្រូវបានពិចារណាឲ្យបម្រើនៅក្នុងអង្គភាពសម្រាប់សមាជិកនៅលីវ ។ ទោះជាយ៉ាងណា ថ្នាក់ដឹកនាំប្រឹក្សាជាមួយគ្នាដើម្បីយល់អំពីស្ថានភាពរបស់សមាជិក ។
ការហៅទាំងឡាយអាចត្រូវបានផ្ដល់ដល់បុគ្គលម្នាក់ៗ ឬស្វាមីភរិយា ។ ក្នុងករណីខ្លះ ភរិយា ឬស្វាមីម្នាក់អាចត្រូវបន្តនៅក្នុងវួដតាមភូមិសាស្ដ្រ ខណៈដែលភរិយា ឬស្វាមីម្នាក់ទៀតបម្រើនៅក្នុងវួដសម្រាប់សមាជិកនៅលីវ ។
ជាធម្មតា កំណត់ត្រាសមាជិកភាពរបស់ប៊ីស្សព និងគ្រួសាររបស់គាត់ត្រូវបានរក្សាទុកនៅក្នុងវួដតាមភូមិសាស្ដ្ររបស់ពួកគាត់ ខណៈពេលដែលពួកគាត់បម្រើនៅក្នុងវួដសម្រាប់សមាជិកនៅលីវ ។ វាក៏ដូចគ្នាផងដែរចំពោះអ្នកទាំងឡាយ ដែលបម្រើនៅក្នុងគណៈប្រធានស្តេក ឬគណៈប៊ីស្សព ក្រុមប្រឹក្សាជាន់ខ្ពស់ ឬនៅក្នុងគណៈប្រធានសមាគមសង្រ្គោះស្តេក ប្រសិនបើសមាជិកទាំងនេះត្រូវបានហៅឲ្យបម្រើនៅខាងក្រៅវួដតាមភូមិសាស្ដ្ររបស់ពួកគេ ។ សមាជិកទាំងនេះ និងគ្រួសាររបស់ពួកគេបង់ដង្វាយមួយភាគដប់ និងដង្វាយនានានៅក្នុងវួដតាមភូមិសាស្ដ្ររបស់ពួកគេ ។ ពួកគេក៏ទៅវួដតាមភូមិសាស្ដ្ររបស់ពួកគេ និងទៅរកថ្នាក់ដឹកនាំស្តេករបស់ពួកគេ ដើម្បីសម្ភាសទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធផងដែរ ។
១៤.៤.៥
វិស្សមកាលនៅសាលារៀន
ប្រសិនបើអាចធ្វើទៅបាន វួដយុវមជ្ឈិមវ័យនៅលីវដំណើរការអំឡុងពេលវិស្សមកាលនៅសាលារៀន ។ វួដយុវមជ្ឈិមវ័យនៅលីវច្រើនជាងមួយអាចជួបជាមួយគ្នា ប្រសិនបើត្រូវការ ។ នៅក្នុងស្ថានភាពដូច្នេះ វួដរក្សាកំណត់ត្រា របាយការណ៍នៃការចូលរួម និងហិរញ្ញវត្ថុផ្សេងពីគ្នា ។
១៤.៤.៦
ការសម្ភាសនៅក្នុងវួដ និងស្តេកយុវមជ្ឈិមវ័យនៅលីវ
ក្នុងករណីភាគច្រើនបំផុត ប្រធានស្តេកសម្ភាសសមាជិកដែល ៖
-
នឹងទទួលអំណោយទានពិសិដ្ឋរបស់ពួកគេផ្ទាល់ ។
-
នឹងផ្សារភ្ជាប់នឹងប្តី ឬ ប្រពន្ធ ។
-
ត្រូវបានផ្ដល់អនុសាសន៍ឲ្យទទួលបព្វជិតភាពមិលគីស្សាដែក ។
-
ត្រូវបានផ្ដល់អនុសាសន៍ឲ្យបម្រើបេសកកម្ម ។
ជាការលើកលែង ប្រធានស្តេករបស់ស្តេកយុវមជ្ឈិមវ័យ អាចអនុញ្ញាតឲ្យទីប្រឹក្សាម្នាក់របស់គាត់ដឹកនាំការសម្ភាសទាំងនេះមួយចំនួនបាន ។
នៅក្នុងវួដដែលមានយុវមជ្ឈិមវ័យនៅលីវច្រើន ប៊ីស្សពអាចផ្តល់សិទ្ធិអនុញ្ញាតឲ្យទីប្រឹក្សាដឹកនាំការសម្ភាសសម្រាប់សមាជិកដែល ៖
-
នឹងទទួលអំណោយទានពិសិដ្ឋរបស់ពួកគេផ្ទាល់ ។
-
នឹងផ្សារភ្ជាប់នឹងប្តី ឬ ប្រពន្ធ ។ ( សូមមើល ២៦.៣.១ ) ។
១៤.៤.៧
ការចូលរួមក្នុងសកម្មភាពនានាសម្រាប់សមាជិកនៅលីវ
បុគ្គលដែលបានបែកគ្នាពីស្វាមី ឬភរិយារបស់ខ្លួន ឬកំពុងតែចង់លែងលះគ្នាចូលរួមនៅក្នុងវួដតាមភូមិសាស្ដ្ររបស់គាត់ ។ គាត់ ឬនាងអាចចូលរួមក្នុងវួដមួយ ឬសកម្មភាពនានាសម្រាប់សមាជិកនៅលីវ ពេលដែលគាត់ ឬនាងលែងលះដាច់ស្រេចហើយ ។
១៤.៤.៨
ឪពុក ឬម្តាយនៅលីវ
សមាជិក និងថ្នាក់ដឹកនាំទទួលស្គាល់ ហើយខិតខំជួយបំពេញសេចក្ដីត្រូវការរបស់ឪពុក ឬម្ដាយនៅលីវទាំងឡាយ ។ ឪពុក ឬម្តាយនៅលីវដែលមានកូននៅផ្ទះ ជាធម្មតាចូលរួមនៅវួដតាមភូមិសាស្ដ្ររបស់ពួកគេ ។ ការធ្វើដូច្នោះអនុញ្ញាតឲ្យកូនៗអាចសកម្មនៅក្នុងអង្គការបឋមសិក្សា និងអង្គការយុវវ័យ ។ ឪពុក ឬម្តាយនៅលីវអាចចូលរួមក្នុងសកម្មភាពរបស់វួដយុវមជ្ឈិមវ័យនៅលីវ ឬវួដមជ្ឈិមវ័យនៅលីវបាន ។