« ១៩. តន្ដ្រី » ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( ឆ្នាំ ២០២០ ) ។
« ១៩. តន្ដ្រី » ក្បួនខ្នាតទូទៅ ។
១៩.
តន្ត្រី
១៩.១
គោលបំណងនៃតន្រ្តីនៅក្នុងសាសនាចក្រ
នៅក្នុងវិវរណៈមួយទៅកាន់ព្យាការី យ៉ូសែប ស្ម៊ីធ ព្រះអម្ចាស់បានមានបន្ទូលថា « ដ្បិតព្រលឹងរបស់យើងត្រេកអរចំពោះបទចម្រៀងពីចិត្ត មែនហើយ បទចម្រៀងនៃពួកសុចរិត គឺជាបទអធិស្ឋានដល់យើង ហើយនឹងបានឆ្លើយតបដោយនូវព្រះពរមកលើក្បាលរបស់ពួកគេ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២៥:១២ ) ។ ទ្រង់ក៏មានបន្ទូលផងដែរថា « ពួកសុចរិតនឹង … មកឯក្រុងស៊ីយ៉ូនដោយច្រៀងនូវចម្រៀងទាំងឡាយអំពីសេចក្ដីអំណរដ៏នៅអស់កល្បអស់កាលជានិច្ច » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៧១ ) ។
តន្ត្រីពិសិដ្ឋបង្កើនសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ តន្ដ្រីយាងអញ្ជើញព្រះវិញ្ញាណ ហើយបង្រៀនគោលលទ្ធិ ។ តន្ត្រីក៏បង្កើតឲ្យមានអារម្មណ៍គារវភាព បង្រួបបង្រួមសមាជិក និងផ្ដល់នូវរបៀបមួយដើម្បីថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទផងដែរ ។
១៩.២
តន្រ្តីនៅក្នុងគេហដ្ឋាន
តាមរយៈពួកព្យាការីរបស់ទ្រង់ ព្រះអម្ចាស់បានលើកទឹកចិត្តបុគ្គល និងក្រុមគ្រួសារទាំងឡាយ ឲ្យប្រើប្រាស់តន្ត្រីដែលលើកតម្កើងនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ។ ការច្រៀង និងការស្ដាប់ដល់តន្ត្រីពិសិដ្ឋអាចអញ្ជើញឲ្យមានវិញ្ញាណនៃភាពស្រស់ស្អាត និងសេចក្ដីសុខសាន្ត ។ វាក៏អាចបង្កើននូវសេចក្ដីស្រឡាញ់ និងសាមគ្គីភាពក្នុងចំណោមសមាជិកគ្រួសារផងដែរ ។ ទំនុកតម្កើងអាចជួយបុគ្គលទាំងឡាយឲ្យទទួលបាននូវភាពក្លាហាន ហើយតស៊ូនឹងការល្បួង ។
សំឡេងដែលថតទុកនៃតន្ត្រីរបស់សាសនាចក្រអាចរកបាននៅប្រភពដូចខាងក្រោមនេះ ៖
-
កម្មវិធី Sacred Music
-
កម្មវិធីបណ្ណាល័យដំណឹងល្អ
-
ស៊ីឌីនៅគេហទំព័រ store.ChurchofJesusChrist.org
សាសនាចក្រផ្ដល់នូវធនធានដើម្បីជួយបុគ្គលម្នាក់ៗ និងក្រុមគ្រួសារទាំងឡាយឲ្យរៀនជំនាញតន្ត្រីមូលដ្ឋាន ។ ធនធានទាំងនោះអាចរកបាននៅលើគេហទំព័រ music.ChurchofJesusChrist.org ( សូមមើលផងដែរ ១៩.៦ ) ។ ការអភិវឌ្ឍជំនាញតន្ត្រីពង្រីកឱកាសឲ្យសមាជិកបម្រើនៅផ្ទះ និងនៅក្នុងសាសនាចក្រ ។
១៩.៣
តន្ត្រីនៅក្នុងការប្រជុំសាសនាចក្រ
តន្ដ្រីពិសិដ្ឋគឺជាផ្នែកមួយដ៏សំខាន់នៃការប្រជុំសាក្រាម៉ង់ និងការប្រជុំសាសនាចក្រផ្សេងៗទៀត ។ វាមានអំណាចដើម្បីយាងអញ្ជើញព្រះវិញ្ញាណ ដោយនាំបុគ្គលម្នាក់ៗមកកាន់តែជិតព្រះ ។ « ទេសនកថាដ៏អសា្ចរ្យបំផុតមួយចំនួន គឺត្រូវបានបង្រៀនតាមរយៈការច្រៀងទំនុកតម្កើង » ។ ( សូមមើល ទំនុកតម្កើង ទំព័រ ix ) ។
១៩.៣.១
ការរៀបចំតន្រ្តីសម្រាប់ការប្រជុំសាសនាចក្រ
អ្នកសម្របសម្រួលតន្ត្រីវួដ និងស្តេក ធ្វើការជាមួយនឹងថ្នាក់ដឹកនាំបព្វជិតភាព ដើម្បីរៀបចំតន្ត្រីសម្រាប់ការថ្វាយបង្គំទាំងឡាយ ។ ពួកគាត់ជ្រើសរើសតន្ដ្រីដែលបង្កើនស្មារតីនៃការថ្វាយបង្គំនៅក្នុងការប្រជុំទាំងឡាយ ។
ទំនុកតម្កើងត្រូវបានប្រើប្រាស់សម្រាប់ការច្រៀងជាក្រុមជំនុំនៅក្នុងការថ្វាយបង្គំទាំងឡាយ ។ ទំនុកតម្កើង ឬការជ្រើសរើសតន្ត្រីពិសិដ្ឋដទៃទៀត អាចត្រូវបានប្រើប្រាស់សម្រាប់ភ្លេងកំដរមុនបើកកម្មវិធី និងពេលបិទកម្មវិធី តន្រ្តីក្រុមចម្រៀង និងការសម្ដែងទោល ឬការសម្ដែងក្រុមតូចៗ ។ តន្ត្រីទាំងអស់នៅក្នុងការប្រជុំសាសនាចក្រ គួរតែត្រូវបានធ្វើឡើងនៅក្នុងស្មារតីនៃការថ្វាយបង្គំដល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ មិនមែនជាការសម្ដែងដើម្បីបង្ហាញពីទេពកោសល្យខាងតន្ត្រីនោះទេ ។
ការជ្រើសរើសតន្ដ្រីគួរតែស្របនឹងវិញ្ញាណនៃការថ្វាយបង្គំរបស់ទំនុកតម្កើងទាំងនោះ ។ តន្ត្រីទាំងនោះគួរតែបង្រៀនអំពីដំណឹងល្អជាមួយនឹងអំណាច និងភាពច្បាស់លាស់ ។
តន្ត្រីពិសិដ្ឋដែលត្រូវបានសរសេរឡើង ឬដែលត្រូវបានច្រៀងក្នុងទម្រង់តន្ត្រីវប្បធម៌ចម្រុះ អាចជួយបង្រួបបង្រួមក្រុមជំនុំបាន ។ អ្នកសម្របសម្រួលតន្ត្រី និងថ្នាក់ដឹកនាំបព្វជិតភាពអាចបញ្ចូលទម្រង់តន្ត្រីដែលសមរម្យផ្សេងៗគ្នា ដែលទាក់ទាញសមាជិកមកពីមជ្ឈដ្ឋានផ្សេងៗគ្នាបាន ។
១៩.៣.២
តន្ត្រីនៅក្នុងការប្រជុំសាសនាចក្រ
សមាជិកប្រមូលផ្ដុំគ្នានៅក្នុងការប្រជុំសាក្រាម៉ង់ ដើម្បីចងចាំព្រះយេស៊ូវគ្រីស្ទ តាមរយៈការទទួលទានសាក្រាម៉ង់ ។ ពួកគេប្រមូលផ្ដុំគ្នាដើម្បីស្ថាបនាសេចក្ដីជំនឿ និងទីបន្ទាល់ និងដើម្បីថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ តន្ត្រីគួរតែត្រូវបានជ្រើសរើស ដើម្បីជួយសម្រេចបានគោលបំណងទាំងនេះ ។
តន្ត្រីនៅក្នុងការប្រជុំសាក្រាម៉ង់រួមមានការច្រៀងជាក្រុមជំនុំនូវទំនុកតម្កើង ដើម្បីបើក និងបិទការប្រជុំ និងពីមុនពិធីសាក្រាម៉ង់ ។ ទំនុកតម្កើងជាក្រុមជំនុំផ្ដល់នូវឱកាសមួយឲ្យសមាជិករួបរួមគ្នា កាលដែលពួកគេចូលរួមយ៉ាងសកម្មនៅក្នុងការថ្វាយបង្គំជាមួយគ្នា ។ ទំនុកតម្កើងសាក្រាម៉ង់គួរតែផ្តោតទៅលើពិធីសាក្រាម៉ង់ដោយផ្ទាល់ ឬផ្តោតទៅលើពលិកម្មរបស់ព្រះអង្គសង្គ្រោះ ។ សម្រាប់ព័ត៌មានបន្ថែមទៀត សូមមើល « ទំនុកតម្កើងសម្រាប់ក្រុមជំនុំទាំងឡាយ » ទំនុកតម្កើង ទំព័រ ២៥៨–២៥៩ ។
ភ្លេងកំដរមុនបើកកម្មវិធីត្រូវលេង ពេលដែលសមាជិកប្រមូលផ្ដុំគ្នាមុនការប្រជុំ ។ គោលបំណងរបស់វាគឺដើម្បីបង្កើតបរិយាកាសនៃការថ្វាយបង្គំ ដែលយាងអញ្ជើញឲ្យមានព្រះវិញ្ញាណ ។ បន្ទាប់ពីការអធិស្ឋានបិទ ភ្លេងកំដរពេលបិទកម្មវិធីត្រូវលេងម្ដងទៀតកាលដែលសមាជិកចាកចេញពីការប្រជុំ ។ ទំនុកតម្កើង និងតន្ត្រីពិសិដ្ឋដទៃទៀត អាចត្រូវបានជ្រើសរើសសម្រាប់ភ្លេងកំដរមុនបើកកម្មវិធី និងពេលបិទកម្មវិធី ។
ការប្រជុំសាក្រាម៉ង់ក៏អាចរួមបញ្ចូលនូវទំនុកតម្កើងជាក្រុមជំនុំបន្ថែមទៀត ដែលនឹងច្រៀងនៅពាក់កណ្ដាលនៃការប្រជុំ—ឧទាហរណ៍ នៅចន្លោះការឡើងនិយាយ ។ ឬវាអាចបញ្ចូលការជ្រើសរើសតន្ត្រីមួយ ឬច្រើនជាងនោះផ្សេងទៀតផងដែរ ។ ការជ្រើសរើសទាំងនេះអាចសម្តែងដោយក្រុមចម្រៀង ( សូមមើល ១៩.៣.៧ ) អ្នកច្រៀង ឬអ្នកលេងឧបករណ៍ភ្លេងសុទ្ធទោល ឬក្រុមតូចៗ ។ ការប្រជុំសាក្រាម៉ង់មិនគួរត្រូវប្រគល់ទៅក្រុមតន្ត្រីខាងក្រៅទេ ។
ព្យាណូ ព្យាណូខ្យល់ ឬឧបករណ៍ផ្សេងៗទៀត ដែលបានអនុម័តដោយគណៈប៊ីស្សព អាចត្រូវបានប្រើប្រាស់ដើម្បីលេងអមជាមួយនឹងទំនុកតម្កើងដែលច្រៀងនៅក្នុងការប្រជុំសាក្រាម៉ង់ ( សូមមើល ១៩.៣.៦ ) ។
អ្នកសម្របសម្រួលតន្ត្រី និងគណៈប៊ីស្សពព្យាយាមស្វែងរកតុល្យភាពរវាងទំនុកតម្កើងដែលមានគេស្គាល់ និងដែលមិនសូវមានគេស្គាល់ ។ ជម្រើសតន្ត្រីដែលសម្ដែងដោយក្រុមចម្រៀងវួដ ឬអ្នកផ្សេងទៀត អាចជួយសមាជិកឲ្យកាន់តែស្គាល់ទំនុកតម្កើង ដែលមិនសូវមានគេស្គាល់ ។
១៩.៣.៣
តន្ត្រីនៅក្នុងថ្នាក់ទាំងឡាយ និងការប្រជុំវួដផ្សេងៗទៀត
ការច្រៀងទំនុកតម្កើងអាចជាវិធីដ៏មានប្រសិទ្ធភាពមួយ ដើម្បីណែនាំ ឬពង្រឹងដល់គោលការណ៍នៃដំណឹងល្អ ។ ថ្នាក់ដឹកនាំលើកទឹកចិត្តគ្រូបង្រៀនឲ្យប្រើប្រាស់ទំនុកតម្កើង និងតន្ត្រីពិសិដ្ឋដទៃទៀត ដើម្បីជួយលើកកម្ពស់ដល់ការបង្រៀនរបស់ពួកគេ ។
ការប្រជុំកូរ៉ុម និងថ្នាក់ទាំងឡាយនៅថ្ងៃអាទិត្យ មិនទម្លាប់ចាប់ផ្ដើមជាមួយនឹងទំនុកតម្កើងបើកមួយនោះទេ ។
១៩.៣.៤
តន្ត្រីនៅក្នុងសន្និសីទស្តេក
តន្រ្តីសម្រាប់សន្និសីទស្តេកគួរតែត្រូវបានរៀបចំផែនការ ដើម្បីពង្រឹងដល់សេចក្តីជំនឿ និងទីបន្ទាល់ ។ ការរៀបចំផែនការនោះគួរតែធ្វើតាមគោលការណ៍នៅក្នុង ១៩.៣.១ ។ អ្នកដែលមានសិទ្ធិអំណាចជាអធិបតីពិនិត្យមើលជាមុននូវរាល់ជម្រើសតន្ត្រីដែលបានដាក់ស្នើទាំងអស់នៅក្នុងដំណាក់កាលនៃការរៀបចំផែនការ ។
តន្ត្រីសម្រាប់សន្និសីទស្តេក ជាធម្មតារួមបញ្ចូលនូវការច្រៀងទំនុកតម្កើងជាក្រុមជំនុំ និងជម្រើសតន្ត្រីផ្សេងៗទៀតមកពីក្រុមចម្រៀង អ្នកច្រៀង ឬអ្នកលេងភ្លេងទោល ឬក្រុមតូចៗ ។ ជាធម្មតា ក្រុមជំនុំច្រៀងទំនុកតម្កើងនៅពាក់កណ្ដាលនៃការប្រជុំ ។ គណៈប្រធានស្តេកអាចអនុម័តឲ្យប្រើឧបករណ៍ទោល ឬឧបករណ៍អមទាំងឡាយ ជាជាងការគ្រាន់តែប្រើព្យាណូ ឬព្យាណូខ្យល់ ( សូមមើល ១៩.៣.៦ ) ។
១៩.៣.៥
តន្រ្តីផ្សេងទៀតនៅក្នុងរោងជំនុំ
រោងជំនុំអាចត្រូវបានប្រើប្រាស់ម្ដងម្កាលសម្រាប់ព្រឹត្តិការណ៍សិល្បៈវប្បធម៌ ដែលរួមមានតន្ត្រីខាងលោកិយ ដូចជាការប្រគុំតន្ត្រី ការសម្ដែងតូចៗ ឬបទបង្ហាញផ្សេងៗទៀត ។ ខណៈដែលការទះដៃមិនត្រូវបានលើកទឹកចិត្តឲ្យធ្វើក្នុងការប្រជុំថ្វាយបង្គំ នោះវាអាចនឹងសមស្របសម្រាប់ព្រឹត្តិការណ៍ទាំងនេះបាន ។
ថ្នាក់ដឹកនាំបព្វជិតភាពក្នុងមូលដ្ឋានឆ្លើយតបទៅនឹងសំណួរថា តើសកម្មភាពវប្បធម៌បែបណាទៅដែលធ្វើឡើងនៅក្នុងរោងជំនុំបាន ។ សូមមើល ៣៥.៥ សម្រាប់ព័ត៌មានអំពីការប្រើប្រាស់សាលាប្រជុំឲ្យបានត្រឹមត្រូវ ។
១៩.៣.៦
ឧបករណ៍តន្ត្រី
ជាធម្មតា ឧបករណ៍លេងផ្ទាល់ត្រូវបានប្រើប្រាស់សម្រាប់ភ្លេងកំដរមុនបើកកម្មវិធី និងពេលបិទកម្មវិធី និងសម្រាប់ការលេងអមទំនុកតម្កើងនៅក្នុងការប្រជុំសាសនាចក្រទាំងឡាយ ។ នៅកន្លែងណាដែលមាន និងនៅកន្លែងណាដែលសមាជិកអាចលេងវាបាន នោះព្យាណូខ្យល់ និងព្យាណូគឺជាឧបករណ៍ជាបទដ្ឋាន ។ គណៈប៊ីស្សពអាចអនុម័តការប្រើប្រាស់ឧបករណ៍ផ្សេងៗទៀតដើម្បីអមដល់ការច្រៀងជាក្រុមជំនុំ សម្រាប់ភ្លេងកំដរមុនបើកកម្មវិធី និងពេលបិទកម្មវិធី និងនៅក្នុងជម្រើសតន្ត្រីផ្សេងៗទៀត ។
ឧបករណ៍តន្ត្រីគួរតែនាំឲ្យមានអារម្មណ៍នៃការថ្វាយបង្គំ និងត្រូវបានលេងស្របតាមស្មារតីនៃការប្រជុំនោះ ។
ប្រសិនបើមិនមានព្យាណូ ព្យាណូខ្យល់ ឬអ្នកលេងភ្លេងទេ នោះអាចប្រើសំឡេងដែលថតទុកដែលសមរម្យបាន ( សូមមើល ១៩.២ ) ។
១៩.៣.៦.១
ការទទួលបានឧបករណ៍តន្រ្តី
ជាធម្មតា អគារសាសនាចក្រត្រូវបានប្រដាប់ដោយព្យាណូខ្យល់ ព្យាណូ ឬអ័កអេឡិចត្រូនិច ។ ថ្នាក់ដឹកនាំអាចទាក់ទងទៅអ្នកគ្រប់គ្រងអគារក្នុងតំបន់ ដើម្បីបានព័ត៌មានអំពីការទិញឧបករណ៍ថ្មី ឬជំនួស ។
១៩.៣.៦.២
ការថែរក្សាឧបករណ៍តន្រ្តី
ព្យាណូត្រូវសម្រួលខ្ទង់ ហើយព្យាណូខ្យល់ត្រូវថែទាំជាប្រចាំ ។ ប៊ីស្សព ឬអ្នកតំណាងអគារស្តេកអាចទាក់ទងនឹងអ្នកគ្រប់គ្រងអគារពេលមានសំណួរនានា ។ តាមដែលត្រូវការ គាត់ក៏អាចបញ្ជូនសំណើនៅក្នុងការរាយការណ៍បញ្ហាអគារ ( រ.ប.អ. ) ដើម្បីថែទាំ និងជួសជុលព្យាណូ និងព្យាណូខ្យល់ផងដែរ ( សូមមើល ៣៥.៤.២ ) ។
១៩.៣.៧
ក្រុមចម្រៀង
តាំងពីជំនាន់ព្រះគម្ពីរសញ្ញាចាស់មក បុត្រាបុត្រីរបស់ព្រះបានច្រៀងនៅក្នុងក្រុមចម្រៀងដើម្បីថ្វាយការសរសើរតម្កើងដល់ទ្រង់ ។ ក្រុមចម្រៀងក្នុងសាសនាចក្រនាំសិរីល្អថ្វាយដល់ព្រះ បង្រួបបង្រួម និងស្អាងសមាជិកសាសនាចក្រ និងនាំសេចក្ដីអំណរដល់អ្នកចូលរួម និងក្រុមជំនុំ ។
១៩.៣.៧.១
ក្រុមចម្រៀងវួដ
នៅកន្លែងដែលមានសមាជិកគ្រប់គ្រាន់ វួដអាចបង្កើតក្រុមចម្រៀង ដែលច្រៀងនៅក្នុងការប្រជុំសាក្រាម៉ង់ជាទៀងទាត់ ។ គណៈប៊ីស្សពអាចហៅអ្នកដឹកនាំក្រុមចម្រៀង និងអ្នកលេងភ្លេងនៃក្រុមចម្រៀង ( សូមមើល ១៩.៤.៣.៣ ) ។
សមាជិកវួដអាចស្ម័គ្រចិត្តច្រៀងនៅក្នុងក្រុមចម្រៀង ។ សមាជិក និងអ្នកផ្សេងទៀតក៏អាចត្រូវបានអញ្ជើញឲ្យចូលរួមផងដែរ ។ មិនមានការសាកល្បងសមត្ថភាពជាមុននោះទេ ។
ក្រុមចម្រៀងត្រូវបានលើកទឹកចិត្តឲ្យប្រើប្រាស់ទំនុកតម្កើងនៅក្នុងសាសនាចក្រ ។ ការច្រៀងទំនុកតម្កើងយាងអញ្ជើញព្រះវិញ្ញាណ ហើយជួយអ្នកចូលរួមក្រុមចម្រៀង និងក្រុមជំនុំឲ្យរៀនដំណឹងល្អ ( សូមមើល ទំនុកតម្កើង ទំព័រ ២៥៩–៦១ ) ។ ប្រសិនបើជម្រើសតន្ត្រីពិសិដ្ឋផ្សេងៗទៀតត្រូវបានប្រើប្រាស់ នោះគួរធ្វើតាមគោលការណ៍ណែនាំនៅក្នុង ១៩.៣.១ ។
ជាធម្មតា ការហាត់សមរបស់ក្រុមចម្រៀងមិនលើសពីមួយម៉ោងនោះទេ ។
ប្រសិនបើក្រុមចម្រៀងវួដត្រូវការក្រដាសចម្រៀង នោះវាត្រូវបានទិញដោយប្រើមូលនិធិថវិការបស់វួដ ( សូមមើល ១៩.៧.១ ) ។ ក្រុមចម្រៀងវួដត្រូវបានលើកទឹកចិត្តឲ្យចែកចាយបទចម្រៀងដែលបានទិញជាមួយក្រុមចម្រៀងផ្សេងទៀតនៅក្នុងស្តេក ។ ការថតចម្លងក្រដាសចម្រៀង ដោយគ្មានការអនុញ្ញាតមកពីម្ចាស់សិទ្ធិ គឺផ្ទុយពីគោលនយោបាយរបស់សាសនាចក្រ ( សូមមើល ៣៨.៨.១០ ) ។
បន្ថែមទៅលើក្រុមចម្រៀងវួដ ក្រុមគ្រួសារ និងក្រុមស្ត្រី បុរស យុវវ័យ ឬកុមារអាចត្រូវបានអញ្ជើញឲ្យច្រៀងនៅក្នុងការប្រជុំសាសនាចក្របាន ។
១៩.៣.៧.២
ក្រុមចម្រៀងស្តេក និងពហុស្តេក
ដោយមានការអនុម័តរបស់ថ្នាក់ដឹកនាំស្តេក ឬតំបន់ នោះក្រុមចម្រៀងស្តេក និងពហុស្តេកអាចត្រូវបានរៀបចំឡើងសម្រាប់សន្និសីទស្តេក និងឱកាសដទៃទៀត ដូចជាព្រឹត្តិការណ៍សហគមន៍ជាដើម ។ បន្ទាប់ពីការប្រជុំ ឬព្រឹត្តិការណ៍នោះ ក្រុមចម្រៀងត្រូវបានបំបែកគ្នា រហូតដល់មានឱកាសដទៃទៀតធ្វើឡើង ។
១៩.៤
ថ្នាក់ដឹកនាំតន្ត្រីក្នុងវួដ
១៩.៤.១
គណៈប៊ីស្សព
ប៊ីស្សពទទួលខុសត្រូវលើតន្ត្រីនៅក្នុងវួដ ។ គាត់អាចចាត់ការទទួលខុសត្រូវនេះទៅឲ្យទីប្រឹក្សាម្នាក់របស់គាត់ ។ គណៈប៊ីស្សពមានការទទួលខុសត្រូវដូចខាងក្រោម ៖
-
ហៅ និងញែកសមាជិកចេញដើម្បីបម្រើនៅក្នុងការហៅផ្នែកតន្ត្រី ដូចមានពិពណ៌នានៅក្នុង ១៩.៤.២ និង ១៩.៤.៣ តាមដែលត្រូវការ ។
-
ធ្វើការជាមួយនឹងអ្នកសម្របសម្រួលតន្ត្រីវួដ ដើម្បីរៀបចំផែនការតន្ត្រីសម្រាប់ការប្រជុំសាក្រាម៉ង់ ( សូមមើល ១៩.៣.១ ) ។
-
បង្រៀនអំពីសារៈសំខាន់នៃការថ្វាយបង្គំតាមរយៈតន្ត្រីនៅក្នុងការប្រជុំ ។ លើកទឹកចិត្តសមាជិកឲ្យចូលរួមនៅក្នុងការច្រៀងជាក្រុមជំនុំ ។ លើកទឹកចិត្តសមាជិក ជាពិសេសយុវវ័យ ឲ្យប្រើតន្ដ្រីដែលលើកស្ទួយប្រចាំថ្ងៃនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ( សូមមើល ១៩.២ ) ។
-
សម្រេចចិត្តថានៅពេលណាដែលឧបករណ៍ ក្រៅពីព្យាណូ និងព្យាណូខ្យល់ ត្រូវបានបានប្រើប្រាស់នៅក្នុងការប្រជុំសាសនាចក្រ ( សូមមើល ១៩.៣.៦ ) ។
-
គាំទ្រដល់ក្រុមចម្រៀងវួដ ដោយការលើកទឹកចិត្តសមាជិកឲ្យចូលរួម ។
១៩.៤.២
អ្នកសម្របសម្រួលតន្រ្តីវួដ
អ្នកសម្របសម្រួលតន្រ្តីវួដបម្រើនៅក្រោមការដឹកនាំរបស់គណៈប៊ីស្សព ។ គាត់ ឬនាងមានការទទួលខុសត្រូវដូចខាងក្រោម ៖
-
បម្រើជាធនធានមួយដល់គណៈប៊ីស្សព និងថ្នាក់ដឹកនាំវួដដទៃទៀតលើបញ្ហាតន្រ្តី ។ ចូលរួមការប្រជុំក្រុមប្រឹក្សាវួដ តាមដែលត្រូវបានអញ្ជើញដោយប៊ីស្សព ដើម្បីជួយសម្របសម្រួលតន្ត្រីនៅក្នុងវួដ ។
-
ធ្វើការជាមួយនឹងគណៈប៊ីស្សព ដើម្បីរៀបចំផែនការតន្ត្រីសម្រាប់ការប្រជុំសាក្រាម៉ង់ ( សូមមើល ១៩.៣.១ និង ១៩.៣.២ ) ។
-
ផ្តល់អនុសាសន៍ និងគ្រប់គ្រងការបំពាក់បំប៉នខាងតន្រ្តីនៅក្នុងវួដ ប្រសិនបើត្រូវការ ( សូមមើល ១៩.៦ ) ។ ជួយសមាជិកឲ្យស្វែងរកឱកាសដើម្បីអភិវឌ្ឍ និងប្រើប្រាស់ទេពកោសល្យផ្នែកតន្ត្រីរបស់ពួកគេនៅក្នុងវួដ ។
-
ពេលត្រូវបានសំណូមពរពីគណៈប៊ីស្សព សូមណែនាំសមាជិកដើម្បីបម្រើនៅក្នុងការហៅខាងតន្ត្រីនៅក្នុងវួដ ។ ណែនាំដល់អស់អ្នកដែលបម្រើនៅក្នុងការហៅទាំងនេះ ផ្ដល់ការគាំទ្រ ការបង្ហាត់បង្រៀន និងការបំពាក់បំប៉នតាមដែលត្រូវការ ។
-
បម្រើនៅក្នុងការហៅខាងតន្ត្រីនៅក្នុងវួដផ្សេងៗទៀត ប្រសិនបើអ្នកផ្សេងទៀតមិនត្រូវបានហៅទេ ។
-
ប្រឹក្សាជាមួយនឹងអ្នកសម្របសម្រួលតន្ត្រីស្តេក សម្រាប់ការបំពាក់បំប៉ន និងការគាំទ្រតាមដែលត្រូវការ ។
១៩.៤.៣
ការហៅបន្ថែម
នៅក្នុងវួដទាំងឡាយដែលធំល្មម គណៈប៊ីស្សពអាចហៅសមាជិកឲ្យបម្រើនៅក្នុងការហៅដូចខាងក្រោមនេះ ។ យុវវ័យ និងអ្នកដែលមានជំនឿផ្សេងអាចត្រូវបានហៅឲ្យបម្រើ ។ គណៈប៊ីស្សពអាចសម្របការហៅទាំងនេះតាមចាំបាច់ ដើម្បីបំពេញតាមតម្រូវការវួដរបស់ពួកគាត់ ។
១៩.៤.៣.១
អ្នកដឹកនាំតន្រ្តីវួដ
អ្នកដឹកនាំតន្រ្តីវួដដឹកនាំទំនុកតម្កើងក្រុមជំនុំសម្រាប់ការប្រជុំសាក្រាម៉ង់ និងសម្រាប់ការប្រជុំវួដដទៃទៀត តាមសំណើ ។
១៩.៤.៣.២
អ្នកលេងភ្លេងវួដ
អ្នកលេងភ្លេងវួដលេងភ្លេងកំដរមុនបើកកម្មវិធី និងពេលបិទកម្មវិធី ហើយលេងភ្លេងអមទំនុកតម្កើងនៅក្នុងការប្រជុំសាក្រាម៉ង់ និងនៅក្នុងការប្រជុំវួដដទៃទៀត តាមសំណើ ។ នៅពេលដែលត្រូវការ អ្នកលេងភ្លេងក៏អាចលេងអមក្រុមចម្រៀង ឬបម្រើជាអ្នកលេងព្យាណូក្នុងអង្គការបឋមសិក្សាផងដែរ ។
នៅពេលគ្មាននរណាម្នាក់ចេះលេងព្យាណូ ឬព្យាណូខ្យល់ទេ នោះជម្រើសដូចតទៅនេះអាចប្រើប្រាស់បាន ៖
-
សមាជិកម្នាក់អាចលេងឧបករណ៍មួយដែលអនុម័តដោយប៊ីស្សព ( សូមមើល ១៩.៣.៦ ) ។
-
ព្យាណូ និងព្យាណូខ្យល់ឌីជីថល ដែលលេងទំនុកតម្កើងដែលបានបញ្ចូលទុកជាមុន មាននៅក្នុងសាលាប្រជុំមួយចំនួន ( សូមមើល ១៩.៣.៦.១ ) ។
-
សមាជិកអាចប្រើប្រាស់សំឡេងដែលថតទុកចេញពីប្រភពដូចខាងក្រោមនេះ ៖
-
កម្មវិធី Sacred Music
-
កម្មវិធីបណ្ណាល័យដំណឹងល្អ
-
ស៊ីឌីនៅគេហទំព័រ store.ChurchofJesusChrist.org
-
១៩.៤.៣.៣
អ្នកដឹកនាំក្រុមចម្រៀង និងអ្នកលេងភ្លេងនៃក្រុមចម្រៀង
អ្នកដឹកនាំក្រុមចម្រៀងវួដប្រាប់ពីតន្ដ្រីដែលត្រូវច្រៀងដោយក្រុមចម្រៀង ដឹកនាំការហាត់សមក្រុមចម្រៀង និងដឹកនាំក្រុមចម្រៀងនៅក្នុងការប្រជុំសាក្រាម៉ង់ ( សូមមើល ១៩.៣.៧ ) ។
អ្នកលេងភ្លេងនៃក្រុមចម្រៀងវួដលេងភ្លេងសម្រាប់ការហាត់សមរបស់ក្រុមចម្រៀង និងនៅពេលក្រុមចម្រៀងច្រៀងនៅក្នុងការប្រជុំសាក្រាម៉ង់ ។
សម្រាប់ពត៌មានបន្ថែម អំពីការដឹកនាំភ្លេងក្រុមចម្រៀង សូមមើលនៅក្នុងសៀវភៅសិក្សា Conducting Course ទំព័រ ៧៣–៨៣ ។
១៩.៤.៣.៤
អ្នកដឹកនាំតន្ត្រី និងអ្នកលេងព្យាណូក្នុងអង្គការបឋមសិក្សា
សូមមើល ១២.៣.៤ ។
១៩.៤.៣.៥
អ្នកជំនាញខាងតន្រ្តី
គណៈប៊ីស្សពអាចហៅអ្នកជំនាញទាំងឡាយ ដើម្បីជួយបំពាក់បំប៉នខាងតន្ត្រីនៅក្នុងវួដ ( សូមមើល ១៩.៦) ។
១៩.៥
ថ្នាក់ដឹកនាំតន្ត្រីក្នុងស្តេក
១៩.៥.១
គណៈប្រធានស្តេក
ប្រធានស្តេកមើលខុសត្រូវលើតន្ត្រីស្តេក ។ គាត់អាចចាត់តាំងការទទួលខុសត្រូវដូចតទៅនេះទៅឲ្យទីប្រឹក្សាម្នាក់របស់គាត់ ឬសមាជិកមួយរូបនៃក្រុមប្រឹក្សាជាន់ខ្ពស់ ៖
-
ហៅ និងញែកសមាជិកចេញដើម្បីបម្រើនៅក្នុងការហៅផ្នែកតន្ត្រី ដូចមានពិពណ៌នានៅក្នុង ១៩.៥.២ និង ១៩.៥.៣ តាមដែលត្រូវការ ។
-
ប្រឹក្សាជាមួយនឹងអ្នកសម្របសម្រួលតន្ត្រីស្តេក ដើម្បីរៀបចំផែនការតន្ត្រីសម្រាប់សន្និសីទស្តេក និងព្រឹត្តិការណ៍ស្តេកដទៃទៀត ( សូមមើល ១៩.៣.១, ១៩.៣.៤ និង ១៩.៣.៧.២ ) ។
-
បង្រៀនអំពីសារៈសំខាន់នៃការថ្វាយបង្គំតាមរយៈតន្ត្រីនៅក្នុងការប្រជុំ ។ លើកទឹកចិត្តសមាជិកឲ្យចូលរួមនៅក្នុងការច្រៀងជាក្រុមជំនុំ ។ លើកទឹកចិត្តសមាជិកឲ្យប្រើតន្ដ្រីដែលលើកស្ទួយប្រចាំថ្ងៃនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ( សូមមើល ១៩.២ ) ។
-
សម្រេចចិត្តថានៅពេលណាដែលឧបករណ៍ ក្រៅពីព្យាណូ និងព្យាណូខ្យល់ ត្រូវបានបានប្រើប្រាស់នៅក្នុងការប្រជុំស្តេក ( សូមមើល ១៩.៣.៦ ) ។
១៩.៥.២
អ្នកសម្របសម្រួលតន្រ្តីស្តេក
នៅក្រោមការដឹកនាំរបស់គណៈប្រធានស្តេក អ្នកសម្របសម្រួលតន្រ្តីស្តេកមានការទទួលខុសត្រូវដូចខាងក្រោម ៖
-
បម្រើជាធនធានមួយដល់គណៈប្រធានស្តេក និងថ្នាក់ដឹកនាំស្តេកដទៃទៀតលើបញ្ហាតន្រ្តី ។
-
ប្រឹក្សាជាមួយនឹងគណៈប្រធានស្តេក ដើម្បីរៀបចំផែនការតន្ត្រីសម្រាប់សន្និសីទស្តេក និងព្រឹត្តិការណ៍ស្តេកដទៃទៀត ( សូមមើល ១៩.៣.១, ១៩.៣.៤ និង ១៩.៣.៧.២ ) ។
-
ផ្តល់អនុសាសន៍ និងគ្រប់គ្រងការបំពាក់បំប៉នខាងតន្រ្តីនៅក្នុងស្តេក ( សូមមើល ១៩.៦ ) ។
-
ពេលត្រូវបានសំណូមពរពីគណៈប្រធានស្តេក សូមណែនាំសមាជិកដើម្បីបំពេញការហៅខាងតន្ត្រីនៅក្នុងស្តេក ។ ណែនាំដល់អ្នកទាំងឡាយណាដែលបម្រើនៅក្នុងការហៅទាំងនេះ ។ ផ្ដល់ការគាំទ្រ ការបង្ហាត់បង្រៀន និងការបំពាក់បំប៉នតាមដែលចាំបាច់ ។
-
ផ្ដល់ការបំពាក់បំប៉ន និងការគាំទ្រសម្រាប់អ្នកសម្របសម្រួលតន្ត្រីវួដ តាមដែលត្រូវការ ។
-
បម្រើជាអ្នកដឹកនាំតន្ត្រី និងអ្នកដឹកនាំក្រុមចម្រៀងនៅក្នុងការប្រជុំស្តេក ប្រសិនបើអ្នកផ្សេងទៀតមិនត្រូវបានហៅទេ ។
១៩.៥.៣
អ្នកជំនាញខាងតន្រ្តីស្តេក
អ្នកជំនាញខាងតន្រ្តីស្តេកអាចត្រូវបានហៅ តាមដែលត្រូវការ ។ ពួកគាត់អាចរួមបញ្ចូល អ្នកដឹកនាំក្រុមចម្រៀងស្តេក អ្នកដឹកនាំតន្ត្រីស្តេក និងអ្នកលេងភ្លេងស្តេកបាន ។ អ្នកជំនាញខាងតន្រ្តីស្តេកក៏អាចត្រូវបានចាត់តាំងឲ្យផ្ដល់ការបំពាក់បំប៉នខាងតន្រ្តីផងដែរ ( សូមមើល ១៩.៦ ) ។
១៩.៦
ការបំពាក់បំប៉ន និងធនធានខាងតន្រ្តី
ការរៀនអំពីជំនាញតន្រ្តីមូលដ្ឋានរៀបចំសមាជិកប្រើប្រាស់ទេពកោសល្យរបស់ពួកគេ ដើម្បីបម្រើនៅក្នុងសាសនាចក្រ ។ ធនធានទាំងឡាយខាងក្រោមនេះអាចជួយដល់អ្នកទាំងឡាយដែលបម្រើផ្នែកតន្ត្រី ។ ពួកគេក៏អាចជួយដល់សមាជិកទាំងអស់ ដែលចាប់អារម្មណ៍លើការអភិវឌ្ឍសមត្ថភាពខាងតន្ត្រីផងដែរ ។
សម្ភារសម្រាប់បំពាក់បំប៉នតន្ត្រីមូលដ្ឋានមាននៅក្នុងផ្នែក « ការប្រើប្រាស់ទំនុកតម្កើង » នៅក្នុង ទំនុកតម្កើង និង « ការប្រើប្រាស់សៀវភៅចម្រៀង » នៅក្នុង សៀវភៅចម្រៀងកុមារ ។
ធនធានដូចខាងក្រោមនេះក៏អាចជាប្រយោជន៍ផងដែរ ៖
-
បណ្ណាល័យនៃក្រដាសចម្រៀង និងសំឡេងតន្ត្រីដែលថតទុកសម្រាប់ប្រើប្រាស់នៅផ្ទះ និងនៅព្រះវិហារ មាននៅក្នុងកម្មវិធី Sacred Music និងនៅលើគេហទំព័រ music.ChurchofJesusChrist.org ។ ការស្ដាប់សំឡេងដែលថតទុក អាចជួយសមាជិកឲ្យកាន់តែស្គាល់ទំនុកតម្កើង ។
-
មុខងារលេងតន្ត្រីនៅលើគេហទំព័រ ChurchofJesusChrist.org អាចជួយអស់អ្នកដែលព្យាយាមរៀនតន្ត្រីថ្មីៗ ឬអភិវឌ្ឍជំនាញតន្ត្រី ។
-
Basic Music Course អាចជួយសមាជិកឲ្យរៀនពីរបៀបដើម្បីអាន និងលេងតន្ត្រី ។ វារួមមាន Conducting Course Kit និង Keyboard Course Kit ។ ធនធានទាំងនេះអាចរកទិញបាននៅលើគេហទំព័រ store.ChurchofJesusChrist.org ។
-
មូលនិធិអប់រំផ្នែកតន្ត្រី ត្រូវបានបង្កើតឡើងនៅទីស្នាក់ការកណ្ដាលរបស់សាសនាចក្រ ដើម្បីផ្ដល់អ័ក សម្ភារបំពាក់បំប៉ន និងការណែនាំដល់សមាជិក ដែលកំពុងព្យាយាមអភិវឌ្ឍជំនាញតន្ត្រី ។ សម្រាប់ព័ត៌មានអំពីមូលនិធិនេះ សូមមើលគេហទំព័រ musicfund.ChurchofJesusChrist.org ។
អ្នកសម្របសម្រួលតន្រ្តីស្តេក និងវួដអាចរៀបចំវគ្គបំពាក់បំប៉នតន្ត្រីមូលដ្ឋាន សម្រាប់អ្នកដឹកនាំតន្ត្រី អ្នកដឹកនាំក្រុមចម្រៀង និងអ្នកលេងភ្លេងបាន ។ អ្នកចូលរួមអាចរួមមានអស់អ្នកដែលកំពុងបម្រើនៅក្នុងការហៅខាងតន្ត្រី និងមជ្ឈិមវ័យ យុវវ័យ និងកុមារដែលចាប់អារម្មណ៍ដទៃទៀត ។ អ្នកសម្របសម្រួល ឬអ្នកជំនាញខាងតន្ត្រីអាចបង្រៀនវគ្គនោះបាន ។ អ្នកសម្របសម្រួលតន្រ្តីក៏អាចចេញអនុសាសន៍អំពីគ្រូបង្រៀនដែលមានសមត្ថភាព ដើម្បីផ្តល់ការបំពាក់បំប៉នផងដែរ ។
នៅពេលដែលមានសមាជិកគ្រប់គ្រាន់ នោះអ្នកសម្របសម្រួលតន្ត្រីអាចប្រឹក្សាជាមួយនឹងថ្នាក់ដឹកនាំបព្វជិតភាព ហើយផ្ដល់អនុសាសន៍ក្នុងការបង្កើតជាសិក្ខាសាលាបំពាក់បំប៉នជាស្តេក ឬពហុស្តេក ។ មិនមានគិតប្រាក់កម្រៃសម្រាប់ការបំពាក់បំប៉ន ដែលបានឧបត្ថម្ភដោយសាសនាចក្រឡើយ ។
១៩.៧
គោលនយោបាយ និងគោលការណ៍ណែនាំបន្ថែម
១៩.៧.១
ការទទួលបាន និងការប្រើប្រាស់តន្រ្តី
ការផ្គត់ផ្គង់សៀវភៅទំនុកតម្កើង ត្រូវបានផ្តល់ឲ្យទៅកាន់សាលាប្រជុំថ្មី ។ សៀវភៅទំនុកតម្កើង តន្រ្តីរបស់ក្រុមចម្រៀង និងតន្រ្តីបន្ថែមដទៃទៀត អាចជាវដោយប្រើមូលនិធិថវិកាស្តេក ឬវួដបាន ។
១៩.៧.២
ការប្រើប្រាស់ឧបករណ៍របស់សាលាប្រជុំដើម្បីការហាត់ ការបង្រៀនជាឯកជន និងការសម្ដែងតូចៗ
នៅពេលគ្មានជម្រើសផ្សេងទៀតដែលសមហេតុសមផល នោះថ្នាក់ដឹកនាំបព្វជិតភាពអាចអនុញ្ញាតឲ្យប្រើប្រាស់ព្យាណូ និងព្យាណូខ្យល់ក្នុងសាលាប្រជុំសម្រាប់ការហាត់សម ការបង្រៀនជាឯកជនដោយបង់ថ្លៃ និងការសម្តែងដែលជាប់ទាក់ទងទៅនឹងសមាជិកនៃអង្គភាព ដែលប្រើប្រាស់សាលាប្រជុំ ។ ការអនុញ្ញាតនេះគឺជាករណីលើកលែងមួយ ដូចដែលបានពិពណ៌នានៅក្នុង ៣៥.៥.២.១ ។ គ្មានការបង់ថ្លៃលើការចូលមកសម្តែងនោះទេ ។
១៩.៧.៣
ក្រុមចម្រៀងក្នុងសហគមន៍
ក្រុមចម្រៀងក្នុងសហគមន៍រយៈពេលវែងដែលដឹកនាំដោយ និងមានសមាជិកភាគច្រើនជាសមាជិកសាសនាចក្រ មិនត្រូវបានឧបត្ថម្ភដោយសាសនាចក្រនោះទេ ។ ក្រុមចម្រៀងទាំងនេះមិនគួរប្រើឈ្មោះរបស់សាសនាចក្រភ្ជាប់ទៅនឹងឈ្មោះរបស់ខ្លួនឡើយ ។
ប្រសិនបើគណៈប្រធានស្តេកអនុម័ត ក្រុមចម្រៀងក្នុងសហគមន៍អាចប្រើប្រាស់អគារសាសនាចក្រសម្រាប់ការហាត់សម និងការសម្ដែងបាន ។ ពួកគេគួរតែធ្វើតាមបទដ្ឋាន និងគោលនយោបាយរបស់សាសនាចក្រដែលទាក់ទងនឹងសាលាប្រជុំ ( សូមមើល ៣៥.៥ ) ។