« ២. ការគាំទ្រដល់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង » ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( ឆ្នាំ ២០២០ ) ។
« ២. ការគាំទ្រដល់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ » ក្បួនខ្នាតទូទៅ ។
២.
ការគាំទ្រដល់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង
២.០
សេចក្តីផ្ដើម
ក្នុងនាមជាថ្នាក់ដឹកនាំម្នាក់នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ អ្នកគាំទ្រដល់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ( សូមមើល ១.២ ) ។ គោលបំណងដ៏ធំបំផុតនៃកិច្ចការនេះគឺដើម្បីជួយបុត្រាបុត្រីគ្រប់រូបរបស់ព្រះឲ្យទទួលបានពរជ័យនៃជីវិតដ៏នៅអស់កល្បជានិច្ច និងសេចក្ដីអំណរដ៏ពេញលេញ ។
កិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងភាគច្រើនសម្រេចទៅបានតាមរយៈគ្រួសារ ។ ចំពោះសមាជិកសាសនាចក្រគ្រប់រូប កិច្ចការនេះគឺផ្តោតលើគេហដ្ឋាន ។ ជំពូកនេះនឹងជួយអ្នកឲ្យទទួលបានទស្សនវិស័យអំពី ៖
-
តួនាទីរបស់គ្រួសារនៅក្នុងផែនការរបស់ព្រះ ។
-
កិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងនៅក្នុងគេហដ្ឋាន ។
-
ទំនាក់ទំនងរវាងគេហដ្ឋាន និងសាសនាចក្រ ។
២.១
តួនាទីរបស់គ្រួសារនៅក្នុងផែនការរបស់ព្រះ
គ្រួសារត្រូវបានតែងតាំងឡើងដោយព្រះ ហើយមានសារៈសំខាន់ចំពោះផែនការរបស់ទ្រង់ ។ យើងម្នាក់ៗ « ជាបុត្រា និងបុត្រីខាងវិញ្ញាណរបស់មាតាបិតាសួគ៌ [ ដោយ ] មានចរិត និងគោលដៅនៃព្រះ » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ យើងគឺជាផ្នែកមួយនៃគ្រួសាររបស់ទ្រង់ទាំងទ្វេ ។ យើងបានរស់នៅជាមួយនឹងទ្រង់ទាំងទ្វេ ពីមុនយើងបានមកចាប់កំណើតនៅលើផែនដី ។
ជាផ្នែកមួយនៃផែនការរបស់ទ្រង់ ព្រះវរបិតាសួគ៌បានបង្កើតក្រុមគ្រួសារនៅលើផែនដី ។ ទ្រង់មានព្រះរាជបំណងឲ្យក្រុមគ្រួសារនាំសុភមង្គលមកដល់យើង ។ ក្រុមគ្រួសារផ្ដល់ឱកាសឲ្យរៀនសូត្រ រីកចម្រើន បម្រើ ប្រែចិត្ត ហើយអភ័យទោស ។ ក្រុមគ្រួសារអាចជួយយើងឲ្យរៀបចំខ្លួនសម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ច ។
នៅក្នុងជីវិតនេះ មនុស្សជាច្រើនមានឱកាសដែលមានកម្រិត ដើម្បីមានទំនាក់ទំនងគ្រួសារដែលពេញដោយក្ដីស្រឡាញ់ ។ គ្មានគ្រួសារណាមួយចៀសផុតពីឧបសគ្គ ការឈឺចាប់ និងភាពសោកសៅឡើយ ។ បុគ្គលម្នាក់ៗ និងក្រុមគ្រួសារអនុវត្តសេចក្ដីជំនឿលើព្រះអម្ចាស់ ហើយខិតខំរស់នៅស្របតាមសេចក្ដីពិតដែលទ្រង់បានបើកសម្ដែងអំពីគ្រួសារ ។ ព្រះអង្គសង្គ្រោះបានសន្យាថា ទ្រង់នឹងសម្រាលបន្ទុកនៃអ្នកដែលមករកទ្រង់ ( សូមមើល ម៉ាថាយ ១១:២៨–៣០ ) ។
ផែនការនៃសុភមង្គលរបស់ព្រះវរបិតាសួគ៌ធ្វើឲ្យប្រាកដថា បុត្រាបុត្រីរបស់ទ្រង់គ្រប់រូបនឹងមានឱកាសទទួលយកដំណឹងល្អរបស់ទ្រង់ ហើយទទួលបានពរជ័យដ៏ធំបំផុតរបស់ទ្រង់ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៧:៧–១០ ) ។ មនុស្សទាំងអស់ដែលចុះ ហើយរក្សាសេចក្ដីសញ្ញាជាមួយនឹងព្រះអាចដកពិសោធន៍នូវសេចក្ដីអំណរ និង « សេចក្ដីសុខសាន្តនៅនាលោកិយនេះ និងជីវិតដ៏នៅអស់កល្បជានិច្ចនៅបរលោក » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩:២៣; សូមមើលផងដែរ ម៉ូសាយ ២:៤១ ) ។
ការសន្យានៃជីវិតដ៏នៅអស់កល្បជានិច្ចរបស់ព្រះរួមមាន អាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ច កូនចៅ និងពរជ័យទាំងអស់ផ្សេងទៀតនៃគ្រួសារដ៏នៅអស់កល្បជានិច្ចមួយ ។ ការសន្យានេះអនុវត្តចំពោះអស់អ្នកដែលមិនទាន់បានរៀបការនៅពេលបច្ចុប្បន្ននេះ ឬមិនមានគ្រួសារនៅក្នុងសាសនាចក្រ ( សូមមើល ៣៨.១.៤ ) ។ ទោះបីជាយើងមិនដឹងពីពេលវេលា និងរបៀបជាក់លាក់ដើម្បីទទួលបានពរជ័យនៃភាពតម្កើងឡើងនេះក្ដី ក៏ពរជ័យទាំងនេះប្រាកដជាមានដល់អស់អ្នកដែលខិតខំខ្នះខ្នែងរស់នៅជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទដែរ ។
២.១.១
ក្រុមគ្រួសារដ៏នៅអស់កល្បជានិច្ច
ក្រុមគ្រួសារដ៏នៅអស់កល្បជានិច្ចត្រូវបានបង្កើតឡើង នៅពេលសមាជិកសាសនាចក្រចុះសេចក្ដីសញ្ញា ពេលពួកគេទទួលពិធីបរិសុទ្ធនៃការផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ។ ពរជ័យនៃគ្រួសារដ៏នៅអស់កល្បជានិច្ចនឹងកើតឡើង នៅពេលសមាជិករក្សាសេចក្ដីសញ្ញាទាំងនោះ ហើយប្រែចិត្តពេលពួកគេធ្វើខុស ។ ថ្នាក់ដឹកនាំសាសនាចក្រជួយសមាជិកឲ្យរៀបចំខ្លួនទទួលពិធីបរិសុទ្ធទាំងនេះ ហើយគោរពតាមសេចក្ដីសញ្ញារបស់ពួកគេ ។
បុគ្គលម្នាក់ៗអាចនឹងបំពេញតួនាទីជាច្រើននៅក្នុងគ្រួសារដ៏នៅអស់កល្បជានិច្ចមួយ ។ តួនាទីគ្រួសារទាំងអស់មានភាពពិសិដ្ឋ ហើយមានសារៈសំខាន់ ។ តួនាទីទាំងនេះអាចរួមមាន ម្ដាយ និងឪពុក កូនស្រី និងកូនប្រុស បងប្អូនស្រី និងបងប្អូនប្រុស មីង និងពូ ជីដូន និងជីតា ។ ការបំពេញតួនាទីទាំងនេះដោយសេចក្ដីស្រឡាញ់ជួយបុត្រាបុត្រីរបស់ព្រះឲ្យរីកចម្រើនឆ្ពោះទៅរកជីវិតដ៏នៅអស់កល្បជានិច្ច ។
កត្តាមួយបន្ថែមទៀតនៃការស្ថាបនាក្រុមគ្រួសារដ៏នៅអស់កល្បជានិច្ចគឺ ការធ្វើពិធីបរិសុទ្ធនៅក្នុងព្រះវិហារបរិសុទ្ធ ដែលអនុញ្ញាតឲ្យសមាជិកត្រូវបានផ្សារភ្ជាប់ទៅនឹងបុព្វការីជនរបស់ខ្លួនដែលបានទទួលមរណភាពទៅ ។
ដោយមានការយល់ដឹងមួយអំពីផែនការរបស់ព្រះ សមាជិកស្វែងរកពរជ័យដើម្បីមានគ្រួសារដ៏នៅអស់កល្បជានិច្ចមួយ ។ ការណ៍នេះរួមមានការរៀបចំខ្លួនដើម្បីក្លាយជាស្វាមី ឬភរិយា និងឪពុក ឬម្ដាយដែលមានភាពស័ក្តិសម និងពេញដោយក្ដីស្រឡាញ់ ។
២.១.២
ស្វាមី និងភរិយា
អាពាហ៍ពិពាហ៍រវាងបុរស និងស្ត្រីត្រូវបានតែងតាំងឡើងដោយព្រះ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩:១៥ ) ។ ស្វាមី និងភរិយាត្រូវមានគោលបំណងដើម្បីរីកចម្រើនជាមួយគ្នាឆ្ពោះទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ច ( សូមមើល កូរិនថូស ទី១ ១១:១១ ) ។
តម្រូវការមួយដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ចសម្រាប់បុរសម្នាក់ និងស្ត្រីម្នាក់ គឺការចូលទៅក្នុងសេចក្ដីសញ្ញានៃអាពាហ៍ពិពាហ៍សេឡេស្ទាល ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣១:១–៤ ) ។ ស្វាមីភរិយាមួយគូចុះសេចក្ដីសញ្ញានេះ នៅពេលពួកគេទទួលពិធីបរិសុទ្ធនៃការផ្សារភ្ជាប់សម្រាប់អាពាហ៍ពិពាហ៍នៅក្នុងព្រះវិហារបរិសុទ្ធ ។ សេចក្ដីសញ្ញានេះគឺជាមូលដ្ឋានគ្រឹះនៃគ្រួសារដ៏នៅអស់កល្បជានិច្ចមួយ ។ នៅពេលពួកគេរក្សាសេចក្ដីសញ្ញានោះដោយស្មោះត្រង់ វាអនុញ្ញាតឲ្យអាពាហ៍ពិពាហ៍របស់ពួកគេបន្តទៅជារៀងរហូត ។ នៅទីបំផុត ពួកគេអាចក្លាយដូចជាព្រះបាន ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:១៩–២០ ) ។
ព្រះបានបង្គាប់ដល់ស្វាមី និងភរិយាទាំងឡាយឲ្យនៅជាប់នឹងគ្នា ( សូមមើល លោកុប្បត្តិ ២:២៤; គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:២២ ) ។ នៅក្នុងបរិបទនេះ ពាក្យថា នៅជាប់ មានន័យថា ត្រូវនៅស្មោះត្រង់ និងស្មោះស្ម័គ្រទាំងស្រុងចំពោះនរណាម្នាក់ ។ ស្វាមីភរិយាមួយគូដែលបានរៀបការហើយ នៅជាប់នឹងគ្នាតាមរយៈការស្រឡាញ់ និងការបម្រើគ្នាទៅវិញទៅមក ។
ការនៅជាប់នឹងគ្នាក៏រួមបញ្ចូលទាំងភក្ដីភាពទាំងស្រុងរវាងស្វាមី និងភរិយាផងដែរ ។ ភាពស្និទ្ធស្នាលខាងរូបកាយរវាងស្វាមី និងភរិយាមានគោលបំណងធ្វើឲ្យមានភាពស្រស់ស្អាត និងពិសិដ្ឋ ។ វាត្រូវបានតែងតាំងឡើងដោយព្រះ សម្រាប់ការបង្កើតកូនចៅ និងសម្រាប់ការបង្ហាញសេចក្ដីស្រឡាញ់រវាងស្វាមី និងភរិយា ។ ភាពទន់ភ្លន់ និងការគោរព—មិនមែនភាពអាត្មានិយមទេ—គួរតែដឹកនាំទំនាក់ទំនងដ៏ជិតស្និទ្ធរបស់ពួកគេ ។
ព្រះបានដាក់បញ្ញត្តិថា ភាពស្និទ្ធស្នាលខាងផ្លូវភេទគឺត្រូវបានរក្សាទុកសម្រាប់ពេលរៀបអាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និងស្រ្តីម្នាក់ ។ ការរក្សាភាពស្អាតស្អំខាងផ្លូវភេទមុនពេលរៀបការ និងការនៅស្មោះត្រង់ក្នុងអាពាហ៍ពិពាហ៍ ជួយបុគ្គលម្នាក់ៗឲ្យមានសុភមង្គលពិតប្រាកដ ហើយចៀសវាងពីការមានគ្រោះថ្នាក់ដល់ព្រលឹង សតិអារម្មណ៍ និងរូបកាយ ។ ឪពុកម្តាយ និងថ្នាក់ដឹកនាំសាសនាចក្រត្រូវបានលើកទឹកចិត្តឲ្យធ្វើអស់ពីលទ្ធភាពរបស់ខ្លួនដើម្បីពង្រឹងការបង្រៀននេះ ។ ( សូមមើល ៣៨.៦.៥ ) ។
គូស្វាមីភរិយាខិតខំមានភាពសាមគ្គីគ្នានៅក្នងការស្ថាបនាក្រុមគ្រួសាររបស់ខ្លួន ( សូមមើល លោកុប្បត្តិ ២:២៤ ) ។ ដើម្បីមានអាពាហ៍ពិពាហ៍ដែលមានសាមគ្គីភាព វាទាមទារឲ្យមានភាពជាដៃគូពេញលេញ ដោយការចែកទំនួលខុសត្រូវគ្នា ។ ស្វាមី និងភរិយាមានភាពស្មើគ្នានៅក្នុងព្រះនេត្ររបស់ព្រះ ។ ដៃគូម្ខាងមិនគួរត្រួតត្រាលើដៃគូម្ខាងទៀតនោះទេ ។ ការសម្រេចចិត្តរបស់ពួកគេគួរតែបានធ្វើឡើងដោយមានសាមគ្គីភាព និងសេចក្តីស្រឡាញ់ ដោយមានការចូលរួមចំណែកទាំងសងខាង ។
លោកអ័ដាម និងនាងអេវ៉ាបានធ្វើជាគំរូក្នុងនាមជាស្វាមី និងភរិយា ។ ពួកគាត់បានធ្វើការអធិស្ឋាន និងថ្វាយបង្គំជាមួយគ្នា ( សូមមើល ម៉ូសេ ៥:១, ៤ ) ។ ពួកគាត់បង្រៀនដំណឹងល្អដល់កូនចៅរបស់ពួកគាត់ ហើយទួញសោកជាមួយគ្នានៅពេលជួបនឹងឧបសគ្គ ( សូមមើល ម៉ូសេ ៥:១២, ២៧ ) ។ ពួកគាត់រួបរួមជាមួយគ្នា និងជាមួយព្រះ ។
២.១.៣
ឪពុកម្តាយ និងកូនៗ
ពីមុនបុត្រាបុត្រីរបស់ព្រះអាចទទួលបាន « អមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ច » ពួកគេត្រូវតែទទួលរូបកាយរមែងស្លាប់ជាមុនសិន ( ម៉ូសេ ១:៣៩ ) ។ បទបញ្ញត្តិទីមួយរបស់ព្រះដល់លោកអ័ដាម និងនាងអេវ៉ាក្នុងនាមជាស្វាមី និងភរិយាគឺត្រូវបង្កើតកូនចៅ ( សូមមើល លោកុប្បត្តិ ១:២៨ ) ។ ពួកព្យាការីសម័យចុងក្រោយបានបង្រៀនថា « ព្រះបញ្ញាត្តិរបស់ព្រះសម្រាប់កូនចៅរបស់ទ្រង់ដើម្បីបង្កើតកូនចៅឲ្យចម្រើនជាច្រើនឡើងឲ្យមានពាសពេញលើផែនដី នោះនៅតែឲ្យប្រតិបត្តិនៅឡើយ » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក »; សូមមើលផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ៤៩:១៦–១៧ ) ។
វាគឺជាអភ័យឯកសិទ្ធិ និងការទទួលខុសត្រូវដ៏ពិសិដ្ឋមួយសម្រាប់ស្វាមី និងភរិយាដើម្បីថែទាំកូនៗដែលពួកគេអាចបង្កើត ឬសុំមកចិញ្ចឹម ។ ឪពុកម្ដាយចិញ្ចឹមមានពរជ័យ និងទំនួលខុសត្រូវដូចគ្នានឹងឪពុកម្តាយបង្កើតដែរ ។
ស្វាមី និងភរិយាដែលពេញដោយក្តីស្រឡាញ់ រួមគ្នាផ្តល់នូវមជ្ឈដ្ឋានក្នុងការចិញ្ចឹមបីបាច់កូនៗបានយ៉ាងប្រសើរបំផុត ។ កាលៈទេសៈរបស់បុគ្គលម្នាក់ៗអាចរារាំងឪពុកម្តាយមិនឲ្យចិញ្ចឹមបីបាច់កូនៗរួមគ្នា ។ ទោះជាយ៉ាងណាក្តី ព្រះអម្ចាស់នឹងប្រទានពរដល់ពួកគេ នៅពេលពួកគេស្វែងរកជំនួយរបស់ទ្រង់ ហើយព្យាយាមរក្សាសេចក្តីសញ្ញារបស់ពួកគេជាមួយទ្រង់ ។
ឪពុកម្តាយមានទំនួលខុសត្រូវដ៏សំខាន់ដើម្បីជួយកូនៗរបស់ពួកគេ ឲ្យរៀបចំខ្លួនទទួលពរជ័យនៃជីវិតដ៏នៅអស់កល្បជានិច្ច ។ ពួកគេបង្រៀនកូនៗរបស់ពួកគេឲ្យស្រឡាញ់ និងបម្រើព្រះ និងអ្នកដទៃ ( សូមមើល ម៉ាថាយ ២២:៣៦–៤០ ) ។ ពួកគេបង្រៀនកូនចៅឲ្យអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ ហើយសិក្សាព្រះបន្ទូលនៃព្រះ ( សូមមើល អាលម៉ា ៣៧:៣៦–៣៧, ៤៤–៤៦ ) ។ ពួកគេជួយកូនៗរបស់ពួកគេឲ្យយល់ពីគោលលទ្ធិនៃសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត ការទទួលបុណ្យជ្រមុជទឹក និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:២៥ ) ។ ពួកគេក៏ជួយកូនៗរបស់ពួកគេឲ្យចុះសេចក្តីសញ្ញា នៅពេលពួកគេបានទទួលពិធីបរិសុទ្ធនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងផងដែរ ។
« ឪពុកត្រូវបានចាត់ឲ្យធ្វើជាអ្នកដឹកនាំនៅក្នុងគ្រួសាររបស់ខ្លួនដោយសេចក្ដីស្រឡាញ់ និងសេចក្ដីសុចរិត ហើយមានភារកិច្ចក្នុងការផ្គត់ផ្គង់សេចក្ដីត្រូវការក្នុងជីវិត ព្រមទាំងការពារក្រុមគ្រួសារខ្លួនផង » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ) ។ នៅពេលគ្មានស្វាមី ឬឪពុកនៅក្នុងផ្ទះ នោះម្តាយធ្វើជាអធិបតីនៅក្នុងក្រុមគ្រួសារ ។
ការធ្វើជាអធិបតីនៅក្នុងគ្រួសារគឺជាទំនួលខុសត្រូវ ដើម្បីជួយដឹកនាំសមាជិកគ្រួសារឲ្យត្រឡប់ទៅរស់នៅក្នុងវត្តមានរបស់ព្រះវិញ ។ ការណ៍នេះអាចធ្វើទៅបាន តាមរយៈការបម្រើ និងការបង្រៀនដោយភាពទន់ភ្លន់ សុភាពរាបសា និងសេចក្តីស្រឡាញ់ដ៏បរិសុទ្ធ ដោយការធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល ម៉ាថាយ ២០:២៦–២៨ ) ។ ការធ្វើជាអធិបតីនៅក្នុងគ្រួសាររួមមានការដឹកនាំសមាជិកគ្រួសារឲ្យមានការអធិស្ឋានជាប្រចាំ ការសិក្សាដំណឹងល្អ និងទិដ្ឋភាពផ្សេងទៀតនៃការថ្វាយបង្គំ ។ ឪពុកម្តាយធ្វើការរួមគ្នាដើម្បីបំពេញការទទួលខុសត្រូវទាំងនេះ ។
« ម្តាយមានភារកិច្ចសំខាន់ដើម្បីថែរក្សាបីបាច់កូនចៅរបស់ខ្លួន » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ) ។ ការថែរក្សាបីបាច់មានន័យថាត្រូវចិញ្ចឹម បង្រៀន និងគាំទ្រ ដោយធ្វើតាមគំរូនៃព្រះអង្គសង្រ្គោះ ( សូមមើល នីហ្វៃទី៣ ១០:៤ ) ។ ដោយមានសាមគ្គីភាពជាមួយស្វាមីរបស់ខ្លួន នោះម្តាយមួយរូបជួយក្រុមគ្រួសាររបស់ខ្លួនឲ្យរៀនពីសេចក្តីពិតនៃដំណឹងល្អ ហើយអភិវឌ្ឍសេចក្តីជំនឿលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ជាមួយគ្នា ពួកគេបង្កើតបរិយាកាសនៃសេចក្តីស្រឡាញ់ក្នុងក្រុមគ្រួសារ ។
« នៅក្នុងការទទួលខុសត្រូវដ៏ពិសិដ្ឋទាំងនេះ ឪពុក និងម្តាយមានកាតព្វកិច្ចដើម្បីជួយគ្នាទៅវិញទៅមកជាដៃគូស្មើគ្នា » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ) ។ ពួកគេប្រឹក្សាប្រកបដោយការអធិស្ឋានជាមួយគ្នា និងជាមួយព្រះអម្ចាស់ ។ ពួកគេធ្វើការសម្រេចចិត្តជាមួយគ្នាដោយមានសាមគ្គីភាព និងសេចក្តីស្រឡាញ់ ដោយមានការចូលរួមចំណែកទាំងសងខាង ។
២.២
កិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងនៅក្នុងគេហដ្ឋាន
គណៈប្រធានទីមួយមានប្រសាសន៍ថា « គេហដ្ឋានគឺជាគ្រឹះនៃជីវិតដ៏សុចរិតមួយ » ( លិខិតរបស់គណៈប្រធានទីមួយ ចុះថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ១៩៩៩ ) ។ នៅក្នុងគេហដ្ឋានរបស់ពួកគេ បុគ្គលម្នាក់ៗ និងក្រុមគ្រួសារចូលរួមនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ។ កិច្ចការនេះមាននូវការទទួលខុសត្រូវដែលបានតែងតាំងដោយព្រះចំនួនបួន ៖
-
ការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល ១.២.១ )
-
ការមើលថែដល់អ្នកខ្វះខាត ( សូមមើល ១.២.២ )
-
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ ( សូមមើល ១.២.៣ )
-
ការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច ( សូមមើល ១.២.៤ )
ដើម្បីគាំទ្រសមាជិកនៅក្នុងការធ្វើកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងនៅឯគេហដ្ឋាន នោះថ្នាក់ដឹកនាំសាសនាចក្រលើកទឹកចិត្តពួកគេឲ្យស្ថាបនាគេហដ្ឋានមួយដែលមានព្រះវិញ្ញាណគង់នៅ ។ ពួកគាត់ក៏បានលើកទឹកចិត្តសមាជិកឲ្យគោរពថ្ងៃឈប់សម្រាក សិក្សា និងរៀនពីដំណឹងល្អនៅឯគេហដ្ឋាន ហើយធ្វើរាត្រីជួបជុំក្រុមគ្រួសារជារៀងរាល់សប្តាហ៍ផងដែរ ។ ថ្នាក់ដឹកនាំផ្តល់ការយកចិត្តទុកដាក់ជាពិសេសដល់ការគាំទ្របុគ្គលដែលអាចខ្វះជំនួយ ឬការលើកទឹកចិត្តពីសមាជិកគ្រួសារ ។
២.២.១
គេហដ្ឋានដែលព្រះវិញ្ញាណគង់នៅ
សមាជិកសាសនាចក្រត្រូវបានលើកទឹកចិត្ត ដើម្បីធ្វើឲ្យគេហដ្ឋានរបស់ពួកគេជាកន្លែងមួយដែលមានកម្លាំងខាងវិញ្ញាណ និងសេចក្ដីអំណរ ។ ពួកគេអាចយាងព្រះវិញ្ញាណនៃព្រះអម្ចាស់ឲ្យគង់នៅក្នុងគេហដ្ឋានរបស់ពួកគេបានតាមរយៈការខិតខំដែលសាមញ្ញៗ ។ គ្រប់គេហដ្ឋានអាចធ្វើជា « គេហដ្ឋាននៃការអធិស្ឋាន គេហដ្ឋាននៃការតមអាហារ គេហដ្ឋាននៃសេចក្តីជំនឿ គេហដ្ឋាននៃការរៀនសូត្រ គេហដ្ឋាននៃសិរីល្អ គេហដ្ឋាននៃរបៀបរៀបរយ គេហដ្ឋាននៃព្រះ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១១៩ ) ។
២.២.២
ការគោរពប្រតិបត្តិដល់ថ្ងៃឈប់សម្រាក
ព្រះបានបង្គាប់បុត្រាបុត្រីរបស់ទ្រង់ឲ្យ « នឹកចាំពីថ្ងៃឈប់សម្រាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ » ( និក្ខមនំ ២០:៨ ) ។ សមាជិកសាសនាចក្រជួបជុំគ្នានៅថ្ងៃឈប់សម្រាកដើម្បីទទួលទានសាក្រាម៉ង់ ដើម្បីនឹកចាំដល់ព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:១២ ) ។ ថ្ងៃឈប់សម្រាកគឺជាថ្ងៃនៃការរៀនសូត្រដំណឹងល្អ និងការបង្រៀននៅឯព្រះវិហារ និងនៅគេហដ្ឋាន ។ សមាជិកអាចត្រូវបានពង្រឹងនៅថ្ងៃឈប់សម្រាក នៅពេលពួកគេចូលរួមនៅក្នុងសកម្មភាពដូចជា ៖
-
ការថ្វាយបង្គំផ្ទាល់ខ្លួនតាមរយៈការអធិស្ឋាន និងការតមអាហារ ។
-
ការសិក្សា និងការរៀនសូត្រដំណឹងល្អ ។
-
ការធ្វើការងារបម្រើ និងការបម្រើដល់មនុស្សដទៃ ។
-
ពង្សប្រវត្តិ ។
-
ពេលវេលាសម្រាប់គ្រួសារដ៏រីករាយ ។
-
ការជួបជុំគ្នាដ៏សមរម្យផ្សេងទៀត ។
២.២.៣
ការសិក្សា និងការរៀនសូត្រដំណឹងល្អនៅឯគេហដ្ឋាន
ការបង្រៀន និងការរៀនសូត្រដំណឹងល្អគឺធ្វើឡើងនៅគេហដ្ឋាន ហើយមានការគាំទ្រពីសាសនាចក្រ ។ ថ្នាក់ដឹកនាំសាសនាចក្រលើកទឹកចិត្តសមាជិកគ្រប់រូបឲ្យសិក្សាដំណឹងល្អនៅឯគេហដ្ឋាននៅថ្ងៃឈប់សម្រាក និងពេញមួយសប្ដាហ៍ ។ ការសិក្សាដំណឹងល្អនៅឯគេហដ្ឋានពង្រឹងដល់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។ វាពង្រឹងដល់ការប្រែចិត្តជឿលើព្រះវរបិតាសួគ៌ និងព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។
ការសិក្សាបទគម្ពីរដូចដែលបានបង្ហាញនៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ គឺជាវគ្គសិក្សាដែលបានណែនាំសម្រាប់ការសិក្សាដំណឹងល្អនៅឯគេហដ្ឋាន ។ សៀវភៅចូរមកតាមខ្ញុំ ធ្វើឲ្យមេរៀនក្នុងថ្នាក់អង្គការបឋមសិក្សា សាលាថ្ងៃអាទិត្យ យុវនារី កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់សិក្ខាសាលាដំណើរការស្របគ្នានឹងការសិក្សាដំណឹងល្អនៅឯគេហដ្ឋាន ។
បុគ្គលម្នាក់ៗ និងក្រុមគ្រួសារស្វែងរកការបំផុសគំនិត នៅពេលពួកគេជ្រើសរើសការសិក្សាដែលនឹងបំពេញសេចក្ដីត្រូវការរបស់ពួកគេបានល្អបំផុត ។ បន្ថែមពីលើវគ្គបទគម្ពីរដែលបានណែនាំនៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ នោះពួកគេអាចពិចារណាប្រកបដោយការអធិស្ឋានបាន ពេលកំពុងសិក្សា ៖
-
ព្រះគម្ពីរមរមន និងព្រះគម្ពីរផ្សេងទៀត ។
-
សារលិខិតនៃសន្និសីទទូទៅ ។
-
ទស្សនាវដ្តីសាសនាចក្រ និងមាតិកាល្អៗផ្សេងទៀត ។
២.២.៤
រាត្រីជួបជុំក្រុមគ្រួសារ និងសកម្មភាពផ្សេងទៀត
ពួកព្យាការីថ្ងៃចុងក្រោយបានទូន្មានសមាជិកសាសនាចក្រឲ្យធ្វើរាត្រីជួបជុំក្រុមគ្រួសាររៀងរាល់សប្ដាហ៍ ។ នេះគឺជាពេលវេលាដ៏ពិសិដ្ឋសម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារដើម្បីរៀនដំណឹងល្អ ពង្រឹងទីបន្ទាល់ ស្ថាបនាសាមគ្គីភាព ហើយរីករាយជាមួយគ្នា ។
រាត្រីជួបជុំក្រុមគ្រួសារមានភាពបត់បែនស្របតាមស្ថានភាពរបស់សមាជិក ។ វាអាចត្រូវធ្វើឡើងនៅថ្ងៃឈប់សម្រាក ឬថ្ងៃ និងពេលវេលាផ្សេងទៀត ។ វាអាចរួមមាន ៖
-
ការសិក្សា និងការបង្រៀនដំណឹងល្អ ( ឯកសារមេរៀន ចូរមកតាមខ្ញុំ អាចយកមកប្រើបាន ប្រសិនបើចង់ ) ។
-
ការបម្រើដល់មនុស្សដទៃ ។
-
ការច្រៀង ឬការស្តាប់ទំនុកតម្កើង និងចម្រៀងកុមារ ( សូមមើល ជំពូកទី ១៩ ) ។
-
ការគាំទ្រដល់សមាជិកគ្រួសារនៅក្នុង ការអភិវឌ្ឍខ្លួនរបស់កុមារ និងយុវវ័យ ។
-
ក្រុមប្រឹក្សាគ្រួសារដាក់គោលដៅ ដោះស្រាយបញ្ហា ហើយសម្របសម្រួលកាលវិភាគ ។
-
សកម្មភាពកម្សាន្តនានា ។
សមាជិកនៅលីវ និងមនុស្សដទៃទៀតអាចជួបជុំគ្នាជាក្រុមនៅក្រៅកម្មវិធីថ្វាយបង្គំជាធម្មតានៅថ្ងៃឈប់សម្រាក ដើម្បីចូលរួមនៅក្នុងរាត្រីជួបជុំក្រុមគ្រួសារ ហើយពង្រឹងគ្នាតាមរយៈការសិក្សាដំណឹងល្អ ។ សៀវភៅ ចូរមកតាមខ្ញុំ អាចជាធនធានមួយសម្រាប់អ្នកដែលចង់សិក្សារួមគ្នា ។
ថ្នាក់ដឹកនាំផ្ដល់ការយកចិត្តទុកដាក់ជាពិសេស ដើម្បីជួយអ្នកដែលថ្មីចំពោះការធ្វើរាត្រីជួបជុំក្រុមគ្រួសារ និងការសិក្សាដំណឹងល្អ ។
បន្ថែមពីលើរាត្រីជួបជុំក្រុមគ្រួសារ ថ្នាក់ដឹកនាំលើកទឹកចិត្តក្រុមគ្រួសារឲ្យដាក់អាទិភាពដើម្បីមានពេលវេលាជួបជុំគ្នាពេញមួយសប្ដាហ៍ ។ ការណ៍នេះអាចរួមមាន ការបរិភោគអាហាររួមគ្នា ការធ្វើការ និងការបម្រើរួមគ្នា និងសកម្មភាពកម្សាន្តនានា ។
ដើម្បីផ្ដល់ពេលវេលាដល់ក្រុមគ្រួសារឲ្យជួបជុំគ្នា នោះថ្នាក់ដឹកនាំគួរតែរក្សាល្ងាចថ្ងៃចន្ទឲ្យទំនេរពីការប្រជុំសាសនាចក្រ និងសកម្មភាពនានា ។
ថ្នាក់ដឹកនាំលើកទឹកចិត្តសមាជិកឲ្យធ្វើរាត្រីជួបជុំក្រុមគ្រួសារឲ្យបានទៀងទាត់ និងចំណាយពេលវេលារួមគ្នាជាគ្រួសារ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៣៣ ) ។
២.២.៥
ការគាំទ្របុគ្គលម្នាក់ៗ
ថ្នាក់ដឹកនាំសាសនាចក្រជួយសមាជិកដែលខ្វះការគាំទ្រពីគ្រួសារ ។ សមាជិកដែលអាចត្រូវការការគាំទ្របន្ថែមរួមមាន ៖
-
កុមារ យុវវ័យ និងមជ្ឈិមវ័យដែលក្រុមគ្រួសាររបស់ពួកគេពុំចូលរួមយ៉ាងសកម្មនៅក្នុងការប្រជុំ និងសកម្មភាពនានារបស់សាសនាចក្រ ។
-
មជ្ឈិមវ័យនៅលីវគ្រប់វ័យ រួមទាំងឪពុក ឬម្ដាយដែលចិញ្ចឹមកូនតែឯង និងសមាជិកមេម៉ាយ ឬពោះម៉ាយ ។
ថ្នាក់ដឹកនាំជួយសមាជិកទាំងនេះ និងក្រុមគ្រួសាររបស់ពួកគេឲ្យមានឱកាសទទួលបានការរាប់អាន បទពិសោធន៍សង្គមល្អៗ និងការរីកចម្រើនខាងវិញ្ញាណ ។ ថ្នាក់ដឹកនាំលើកទឹកចិត្ត និងជួយពួកគេក្នុងកិច្ចខិតខំរបស់ពួកគេដើម្បីរៀនសូត្រ និងរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ ថ្នាក់ដឹកនាំក៏ផ្ដល់ឱកាសឲ្យពួកគេបម្រើនៅក្នុងសាសនាចក្រផងដែរ ។
២.៣
ទំនាក់ទំនងរវាងគេហដ្ឋាន និងសាសនាចក្រ
កិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងគឺផ្ដោតលើគេហដ្ឋាន ហើយបានគាំទ្រដោយសាសនាចក្រ ។ គោលការណ៍ដូចតទៅនេះអនុវត្តចំពោះទំនាក់ទំនងរវាងគេហដ្ឋាន និងសាសនាចក្រ ។
-
ថ្នាក់ដឹកនាំ និងគ្រូបង្រៀនគោរពតួនាទីរបស់ឪពុកម្ដាយ ហើយជួយដល់ពួកគេ ។ ថ្នាក់ដឹកនាំ និងគ្រូបង្រៀនស្ថាបនា ហើយថែទាំការប្រាស្រ័យទាក់ទងដ៏មានប្រសិទ្ធភាពជាមួយនឹងឪពុកម្ដាយ ។
-
ថ្នាក់ដឹកនាំខិតខំធ្វើឲ្យប្រាកដថា ការប្រជុំ សកម្មភាព និងកម្មវិធីនានារបស់សាសនាចក្រគាំទ្រដល់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារនៅក្នុងការធ្វើកិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងនៅក្នុងគេហដ្ឋានរបស់ពួកគេ ។
-
ការប្រជុំមួយចំនួនរបស់សាសនាចក្រគឺចាំបាច់នៅក្នុងវួដ ឬសាខានីមួយៗ ។ ការប្រជុំទាំងនេះរួមមានការប្រជុំសាក្រាម៉ង់ ការប្រជុំថ្នាក់ និងការប្រជុំកូរ៉ុមដែលធ្វើឡើងនៅថ្ងៃឈប់សម្រាក ។ ការប្រជុំ សកម្មភាព និងកម្មវិធីផ្សេងទៀតជាច្រើនគឺពុំចាំបាច់ទេ ។ ថ្នាក់ដឹកនាំរៀបចំសកម្មភាពទាំងនោះតាមតម្រូវការ ដើម្បីជួយបំពេញសេចក្ដីត្រូវការរបស់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។ ថ្នាក់ដឹកនាំពិចារណាពីស្ថានភាព និងធនធានក្នុងមូលដ្ឋាន ។
-
បុគ្គលម្នាក់ៗ និងក្រុមគ្រួសារពិចារណាពីស្ថានភាពរបស់ពួកគេ ពេលធ្វើការសម្រេចចិត្តអំពីការចូលរួមនៅក្នុងកម្មវិធីសាសនាចក្រដែលពុំចាំបាច់ ។
-
កម្មវិធីសាសនាចក្រ និងការចូលរួមតម្រូវឲ្យមាននូវការលះបង់ ។ ព្រះអម្ចាស់នឹងប្រទានពរដល់សមាជិកទាំងឡាយ នៅពេលពួកគេបម្រើ ហើយលះបង់នៅក្នុងសាសនាចក្ររបស់ទ្រង់ ។ ទោះជាយ៉ាងណា ចំនួនពេលវេលាដែលបានផ្ដល់ឲ្យទៅកម្មវិធីសាសនាចក្រពុំគួរកាត់បន្ថយលទ្ធភាពរបស់សមាជិក ដើម្បីបំពេញការទទួលខុសត្រូវរបស់ពួកគេនៅក្នុងគេហដ្ឋាន កន្លែងការងារ និងកន្លែងផ្សេងទៀតនោះទេ ។ ថ្នាក់ដឹកនាំ និងសមាជិកពុំគួរមានការថប់បារម្ភជាមួយនឹងការទទួលខុសត្រូវច្រើនពេកក្នុងសាសនាចក្រនោះទេ ។ ហើយក៏ពុំគួរត្រូវបានសុំឲ្យធ្វើការលះបង់យ៉ាងច្រើនដើម្បីគាំទ្រដល់កម្មវិធី ឬសកម្មភាពរបស់សាសនាចក្រដែរ ។
នៅពេលសមាជិកធ្វើតាមគោលការណ៍ទាំងនេះ និងការបំផុសគំនិតមកពីព្រះវិញ្ញាណ នោះព្រះវរបិតាសួគ៌នឹងប្រទានពរដល់ការខិតខំរបស់ពួកគេ ។