« ២០. សកម្មភាពទាំងឡាយ » ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( ឆ្នាំ ២០២០ ) ។
« ២០. សកម្មភាពទាំងឡាយ » ក្បួនខ្នាតទូទៅ ។
២០.
សកម្មភាពទាំងឡាយ
២០.១
គោលបំណង
សកម្មភាពទាំងឡាយក្នុងសាសនាចក្រនាំឲ្យសមាជិកសាសនាចក្រ និងមនុស្សដទៃទៀតមកជួបជុំគ្នាជា « ជាតិតែ១នឹងពួកបរិសុទ្ធ » ( អេភេសូរ ២:១៩ ) ។ គោលបំណងសម្រាប់សកម្មភាពទាំងឡាយអាចរួមមានដូចខាងក្រោម ៖
-
ស្ថាបនាសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
-
ផ្ដល់ការសប្បាយរីករាយ និងបង្កើនសាមគ្គីភាព ។
-
ផ្ដល់ឱកាសឲ្យមានការរីកចម្រើនផ្ទាល់ខ្លួន ។
-
ពង្រឹងបុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។
-
ជួយសមាជិកឲ្យចូលរួមនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ( សូមមើល ១.២ ) ។
ឧទាហរណ៍មួយចំនួននៃសកម្មភាពក្នុងសាសនាចក្រអាចរួមមាន ៖
-
ការបម្រើដែលផ្ដល់ពរជ័យដល់មនុស្សដទៃ និងបង្កើតចំណងមិត្តភាពក្នុងសហគមន៍ ។
-
កិច្ចការអ្នកផ្សព្វផ្សាយសាសនា កិច្ចការព្រះវិហារបរិសុទ្ធ និងកិច្ចការពង្សប្រវត្តិ ។
-
ឱកាសអភិវឌ្ឍភាពខ្លួនទីពឹងខ្លួន និងជំនាញជាអ្នកដឹកនាំ ។
-
ការអប់រំ និងការបំពាក់បំប៉នខាងវិជ្ជាជីវៈ ។
-
សកម្មភាពខាងក្រៅផ្ទះ ។
-
ឱកាសអភិវឌ្ឍទេពកោសល្យ និងការមានអំណរគុណចំពោះសិល្បៈវប្បធម៌ ។
-
កីឡា និងសុខភាព ។
-
ការប្រារព្ធពិធីក្នុងឱកាសពិសេសៗ ដូចជាព្រឹត្តិការណ៍បុណ្យជាតិ ព្រឹត្តិការណ៍ក្នុងសាសនាចក្រ ឬព្រឹត្តិការណ៍ខាងប្រវត្តិសាស្រ្តក្នុងមូលដ្ឋាន ។
ដូចដែលបានប្រើនៅក្នុងក្បួនខ្នាតនេះ វាក្យសព្ទ សកម្មភាពក្នុងសាសនាចក្រ សំដៅទៅលើសកម្មភាពមួយដែលឧបត្ថម្ភដោយអង្គភាព កូរ៉ុម ឬអង្គការរបស់សាសនាចក្រ ។
២០.២
ការដាក់ផែនការសកម្មភាព
មុនពេលដាក់ផែនការធ្វើសកម្មភាពមួយ ថ្នាក់ដឹកនាំពិចារណាពីតម្រូវការខាងវិញ្ញាណ និងខាងសាច់ឈាមរបស់សមាជិកទាំងឡាយ ។ ថ្នាក់ដឹកនាំស្វែងរកការណែនាំពីព្រះវិញ្ញាណ នៅពេលសម្រេចចិត្តពីប្រភេទសកម្មភាពដែលនឹងជួយបំពេញតាមតម្រូវការទាំងនោះ ។
២០.២.១
ការទទួលខុសត្រូវសម្រាប់ការដាក់ផែនការសកម្មភាព
សម្រាប់ព័ត៌មានអំពីការដាក់ផែនការសកម្មភាពស្ដេក និងពហុស្ដេក សូមមើល ២០.៣ ។
សកម្មភាពទាំងឡាយក្នុងវួដអាចដាក់ផែនការបានតាមរបៀបណាមួយដូចតទៅនេះ ដោយផ្អែកលើតម្រូវការក្នុងមូលដ្ឋាន ៖
-
ក្រុមប្រឹក្សាវួដអាចមើលការខុសត្រូវលើការដាក់ផែនការនេះ ។
-
ក្រុមប្រឹក្សាវួដអាចចាត់តាំងអង្គការជាក់លាក់ណាមួយ ឲ្យជួយដាក់ផែនការធ្វើសកម្មភាពមួយ ឬច្រើន ។
-
នៅពេលដែលចាំបាច់ និងមានសមាជិកគ្រប់គ្រាន់ នោះគណៈប៊ីស្សពអាចរៀបចំឲ្យមានគណៈកម្មការសកម្មភាពវួដមួយឡើង ។ យុវវ័យអាចត្រូវបានហៅឲ្យបម្រើជាសមាជិកក្នុងគណៈកម្មការនេះបាន ។ គណៈកម្មការនេះធ្វើការនៅក្រោមការណែនាំរបស់ក្រុមប្រឹក្សាវួដ ។ ក្រុមប្រឹក្សាវួដចាត់តាំងសមាជិកម្នាក់ឲ្យទាក់ទងជាមួយនឹងសមាជិកក្នុងគណៈកម្មការនេះជាប្រចាំ ។
សម្រាប់ព័ត៌មានអំពីការដាក់ផែនការធ្វើសកម្មភាពយុវវ័យវួដ សូមមើល ១០.២.១.៣ និង ១១.២.១.៣ ។
២០.២.២
ការអញ្ជើញមនុស្សទាំងអស់ឲ្យចូលរួម
អ្នកដែលដាក់ផែនការធ្វើសកម្មភាពគួរតែទៅជួបនឹងមនុស្សទាំងអស់ ជាពិសេសសមាជិកថ្មី សមាជិកមិនសូវសកម្ម យុវវ័យ យុវមជ្ឈិមវ័យនៅលីវ មនុស្សដែលមានពិការភាព និងមនុស្សដែលមកពីជំនឿផ្សេងទៀត ។ អ្នកដែលដាក់ផែនការគួរតែប្រយ័ត្នប្រយែងនឹងសមត្ថភាពមានកម្រិតរបស់អ្នកចូលរួមផងដែរ ។ ពួកគេក៏គួរតែប្រយ័ត្នប្រយែងនឹងភាពខុសគ្នាខាងវប្បធម៌ និងភាសាផងដែរ ។
អ្នកដែលដាក់ផែនការត្រូវរកមើលវិធីនានា ដើម្បីឲ្យអ្នកចូលរួមទាំងអស់ចូលរួមក្នុងសកម្មភាព ។ ឧទាហរណ៍ ពួកគេអាចអញ្ជើញសមាជិក និងមនុស្សដទៃទៀតឲ្យប្រើជំនាញ និងទេពកោសល្យរបស់ពួកគេនៅក្នុងសកម្មភាពនេះ ។
ខណៈដែលការជួបជុំគ្នានៅក្នុងសកម្មភាពនានាអាចជាពរជ័យ នោះសមាជិកមិនគួរមានអារម្មណ៍ថា ត្រូវតែចូលរួមក្នុងគ្រប់សកម្មភាពនោះទេ ។ សកម្មភាពទាំងឡាយមិនគួរដាក់បន្ទុកហួសហេតុទៅលើថ្នាក់ដឹកនាំ និងសមាជិកនោះទេ ។
២០.២.៣
បទដ្ឋាន
សកម្មភាពទាំងឡាយក្នុងសាសនាចក្រគួរតែជារឿងលើកតម្កើង និងគូសបញ្ជាក់លើអ្វីដែលជា « គុណធម៌ គួរស្រឡាញ់ ឬឈ្មោះល្អ ឬក៏គួរឲ្យសរសើរ » ( មាត្រានៃសេចក្តីជំនឿ ១:១៣ ) ។ សកម្មភាពទាំងឡាយមិនត្រូវរួមបញ្ចូលចំណុចណាមួយ ដែលផ្ទុយនឹងការបង្រៀនរបស់សាសនាចក្រនោះទេ ។ សកម្មភាពទាំងឡាយមិនត្រូវរួមបញ្ចូលនូវប្រព័ន្ធផ្សព្វផ្សាយ ឬការកម្សាន្ដផ្សេងទៀតដែលមិនសមរម្យ តែបែរជាធ្វើឲ្យមើលទៅអាចទទួលយកបាននោះទេ ។
សារធាតុនានាដែលផ្ទុយនឹងពាក្យសម្ដីនៃប្រាជ្ញាវាងវៃ មិនត្រូវបានអនុញ្ញាតឲ្យមាននៅក្នុងសកម្មភាពទាំងឡាយ ឬបរិវេណរបស់សាសនាចក្រឡើយ ។ បុគ្គលដែលប្រើប្រាស់គ្រឿងស្រវឹង ឬថ្នាំញៀនផ្សេងទៀត មិនត្រូវចូលរួមក្នុងសកម្មភាពទាំងឡាយរបស់សាសនាចក្រនោះទេ ។ ប្រសិនបើស្ថានភាពបែបនោះកើតឡើង នោះថ្នាក់ដឹកនាំត្រូវឆ្លើយតបដោយសេចក្ដីមេត្តាករុណា ។
២០.២.៤
តុល្យភាព និងភាពចម្រុះ
ថ្នាក់ដឹកនាំដាក់ផែនការសកម្មភាពទាំងឡាយប្រកបដោយតុល្យភាព រួមមានការបម្រើ សិល្បៈវប្បធម៌ និងសកម្មភាពខាងរូបកាយជាដើម ( សូមមើល ២០.១ ) ។ សមាជិកគួរតែមានឱកាសចូលរួមក្នុងសកម្មភាពទាំងឡាយ ដែលពួកគេចាប់អារម្មណ៍ ។ ពួកគេក៏គួរតែគាំទ្រដល់មនុស្សដទៃក្នុងផលប្រយោជន៍របស់ពួកគេផងដែរ ។
វគ្គខាងក្រោមនេះផ្តល់ជាឧទាហរណ៍អំពីសកម្មភាពល្អៗ ។
២០.២.៤.១
ការបម្រើ
សកម្មភាពការបម្រើផ្ដល់ជាឱកាសឲ្យបង្ហាញសេចក្ដីស្រឡាញ់ដល់មនុស្សដទៃ មានអំណរក្នុងការជួយដល់ពួកគេ និងធ្វើឲ្យសហគមន៍កាន់តែល្អប្រសើរឡើង ។
សកម្មភាពទាំងនេះអាចរួមមានការទៅសួរសុខទុក្ខមនុស្សដែលឈឺ ឬឯកោ ការសម្អាតអគារ និងទីធ្លាសាសនាចក្រ ព្រមទាំងការចូលរួមក្នុងគម្រោងសហគមន៍ ។ នៅកន្លែងណាដែលមាន នោះ JustServe.org ផ្ដល់ជាឱកាសបម្រើនៅក្នុងសហគមន៍ ។
សកម្មភាពការបម្រើគួរតែធ្វើតាមគោលការណ៍ណែនាំស្ដីពីសុវត្ថិភាព ( សូមមើល ២០.៧.៦.១ ) ។
២០.២.៤.២
សិល្បៈវប្បធម៌
សកម្មភាពសិល្បៈវប្បធម៌ផ្ដល់ជាឱកាសឲ្យសមាជិកអភិវឌ្ឍ និងចែកចាយទេពកោសល្យរបស់ពួកគេ ។ សកម្មភាពទាំងនេះក៏នាំឲ្យមានគំនិតច្នៃប្រឌិត ទំនុកចិត្ត និងការសហការគ្នាផងដែរ ។ សកម្មភាពទាំងនេះអាចរួមមានការបង្ហាញសិល្បៈ និងសិប្បកម្ម ការបង្ហាញទេពកោសល្យ ឬការរាំរែក តន្ដ្រី និងការសម្ដែងរឿងជាដើម ។ សកម្មភាពទាំងនេះក៏អាចរួមមានការប្រារព្ធអបអរដល់វប្បធម៌ ថ្ងៃបុណ្យឈប់សម្រាក ឬប្រវត្តិសាស្ត្ររបស់សាសនាចក្រក្នុងមូលដ្ឋាន ឬប្រវត្តិទូទៅផងដែរ ។
២០.២.៤.៣
ការកម្សាន្ដ សុខភាព ភាពមាំមួន និងកីឡា
ក្នុងនាមជាបុគ្គលម្នាក់ៗ ក្រុមគ្រួសារ និងក្រុមនៃសាសនាចក្រ នោះសមាជិកទាំងឡាយត្រូវបានលើកទឹកចិត្តឲ្យចូលរួមក្នុងសកម្មភាពដែលរួមចំណែកដល់សុខភាព និងភាពមាំមួនរបស់ពួកគេ ។ សកម្មភាពកម្សាន្តមួយចំនួនក្នុងសាសនាចក្រអាចដាក់ផែនការជាមុនបាន ដើម្បីឲ្យសមាជិកគ្រួសារអាចចូលរួមជាមួយគ្នាបាន ។
សម្រាប់ព័ត៌មានអំពីសកម្មភាពកីឡា សូមមើល ២០.៥.៩ ។
២០.២.៥
ការដាក់កាលវិភាគសកម្មភាព
សកម្មភាពក្នុងសាសនាចក្រគួរតែដាក់ផែនការឲ្យបានយូរទុកជាមុនតាមដែលអាចធ្វើទៅបាន ។ ថ្នាក់ដឹកនាំបន្ដជូនដំណឹងដល់ឪពុកម្ដាយអំពីសកម្មភាពសម្រាប់កុមារ និងយុវវ័យ ។
សកម្មភាពទាំងឡាយគួរតែធ្វើឡើងនៅម៉ោងដែលសមរម្យ ។ វាគួរតែបញ្ចប់នៅម៉ោងសមរម្យល្មម ដើម្បីឲ្យអ្នកចូលរួមអាចធ្វើដំណើរទៅផ្ទះវិញបានដោយសុវត្ថិភាព ។
ប្រសិនបើសកម្មភាពមួយនឹងធ្វើឡើងនៅសាលាប្រជុំ ឬនៅអគារសាសនាចក្រមួយទៀត នោះគួរតែបម្រុងទុកអគារនោះទុកជាមុន ដើម្បីចៀសវាងការដាក់កាលវិភាគជាន់គ្នា ។
រាត្រីថ្ងៃចន្ទគឺត្រូវបានរក្សាទុកសម្រាប់សកម្មភាពក្នុងក្រុមគ្រួសារ ( សូមមើល ២០.៥.៣ ) ។
២០.២.៦
មូលនិធិសម្រាប់ធ្វើសកម្មភាព
សកម្មភាពភាគច្រើនបំផុតគួរតែមានលក្ខណៈសាមញ្ញ ហើយចំណាយបន្តិចបន្តួច ឬគ្មានចំណាយសោះ ។ រាល់ការចំណាយទាំងអស់ត្រូវតែបានអនុម័តជាមុនដោយគណៈប៊ីស្សព ឬគណៈប្រធានស្ដេក ។
ជាធម្មតា សមាជិកមិនគួរចំណាយប្រាក់ដើម្បីចូលរួមក្នុងសកម្មភាពនានានោះទេ ។ សម្រាប់គោលនយោបាយ និងគោលការណ៍ណែនាំស្ដីពីមូលនិធិសម្រាប់សកម្មភាពនានា សូមមើល ២០.៦ ។
២០.៣
សកម្មភាពស្តេក ពហុស្តេក និងតំបន់
២០.៣.១
គោលការណ៍ណែនាំទូទៅ
សកម្មភាពក្នុងសាសនាចក្រភាគច្រើនគឺធ្វើឡើងនៅកម្រិតវួដ ។ ថ្នាក់ដឹកនាំក៏ត្រូវបានលើកទឹកចិត្តឲ្យធ្វើសកម្មភាពស្ដេក និងពហុសេ្ដកជាប្រចាំផងដែរ នៅពេលដែលសកម្មភាពបែបនោះនឹងជួយសម្រេចបានគោលបំណងនៅក្នុងវគ្គ ២០.១ ។
សកម្មភាពស្ដេក និងពហុសេ្ដកផ្ដល់ផលប្រយោជន៍ល្អៗជាច្រើនដល់យុវវ័យ សមាជិកនៅលីវ និងស្ត្រី ជាពិសេសនៅក្នុងតំបន់ដែលមានសមាជិកតិចតួច ។ សកម្មភាពស្តេក និងពហុស្តេកដែលរៀបចំផែនការបានយ៉ាងល្អ អាចផ្តល់ដល់សមាជិកទាំងឡាយនូវរង្វង់មិត្តភាពកាន់តែទូលំទូលាយ ។ ថ្នាក់ដឹកនាំកំណត់ពីសេចក្ដីត្រូវការរបស់អ្នកដែលពួកគាត់បម្រើ ហើយពិចារណាថាតើសកម្មភាពបែបនោះនឹងជួយបំពេញសេចក្ដីត្រូវការទាំងនោះបានដែរឬទេ ។ បន្ទាប់មក ថ្នាក់ដឹកនាំទាំងនេះចេញអនុសាសន៍ពីសកម្មភាពនានាដល់គណៈប្រធានស្តេក ។
២០.៣.២
សកម្មភាពស្ដេក
គណៈប្រធានយុវជន គណៈប្រធានយុវនារី គណៈប្រធានសមាគមសង្រ្គោះ និងគណៈប្រធានអង្គការបឋមសិក្សាប្រចាំស្ដេក ចាប់ផ្ដើមដំណើរការរៀបចំសកម្មភាពស្ដេកសម្រាប់អង្គការរបស់ពួកគាត់ ។
គណៈកម្មការយុវមជ្ឈិមវ័យនៅលីវស្តេកចាប់ផ្ដើមដំណើរការរៀបចំសកម្មភាពស្តេកសម្រាប់យុវមជ្ឈិមវ័យនៅលីវ ។
ប្រសិនបើគណៈកម្មការមជ្ឈិមវ័យនៅលីវស្ដេកត្រូវបានរៀបចំឡើង នោះសមាជិកគណៈកម្មការចាប់ផ្ដើមដំណើរការរៀបចំសកម្មភាពសម្រាប់មជ្ឈិមវ័យនៅលីវ ។
ប្រសិនបើគណៈកម្មការសកម្មភាពស្ដេកត្រូវបានរៀបចំឡើង នោះពួកគាត់អាចដាក់ផែនការសកម្មភាពស្ដេក និងបម្រើជាធនធានមួយដល់អង្គការស្ដេកទាំងឡាយ នៅក្នុងការដាក់ផែនការធ្វើសកម្មភាពរបស់ពួកគាត់បាន ដូចដែលមានចែងនៅក្នុង ២០.៣.២.១ ។
សកម្មភាពស្ដេកទាំងអស់ត្រូវតែទទួលបានការអនុម័តពីគណៈប្រធានស្តេក ។ ពួកគាត់សម្របសម្រួលគ្នានៅក្នុងការប្រជុំក្រុមប្រឹក្សាស្ដេក ។
ថ្នាក់ដឹកនាំស្ដេកជូនដំណឹងដល់ថ្នាក់ដឹកនាំវួដអំពីសកម្មភាពស្ដេកជាមុន ។ ពួកគាត់ក៏ធ្វើឲ្យប្រាកដផងដែរថា សកម្មភាពស្ដេកបំពេញឲ្យសកម្មភាពវួដ ជាជាងប្រណាំងប្រជែងនឹងគ្នា ។
២០.៣.២.១
គណៈកម្មការសកម្មភាពស្តេក
គណៈប្រធានស្ដេកអាចរៀបចំគណៈកម្មការសកម្មភាពស្តេកមួយឡើងបាន ដើម្បីជួយក្រុមប្រឹក្សាស្ដេកឲ្យដាក់ផែនការធ្វើសកម្មភាពស្ដេក ។ គណៈកម្មការសកម្មភាពស្តេករួមមានប្រធានម្នាក់ ( ទីប្រឹក្សាជាន់ខ្ពស់ម្នាក់ ) និងសមាជិកគណៈកម្មការ ( សូមមើល ២០.៣.២.២ និង ២០.៣.២.៣ ) ។ គណៈប្រធានស្តេកក៏អាចអញ្ជើញសមាជិកដទៃទៀតឲ្យជួយដាក់ផែនការធ្វើសកម្មភាពមួយ ឬច្រើនផងដែរ ។
២០.៣.២.២
ប្រធានគណៈកម្មការសកម្មភាពស្តេក
ប្រសិនបើគណៈប្រធានស្តេកបានរៀបចំគណៈកម្មការសកម្មភាពស្តេកមួយឡើង នោះពួកគាត់ចាត់តាំងឲ្យទីប្រឹក្សាជាន់ខ្ពស់ម្នាក់ធ្វើជាប្រធានគណៈកម្មការនេះ ។ ការទទួលខុសត្រូវរបស់គាត់អាចរួមមាន ៖
-
រក្សាប្រតិទិនអំពីសកម្មភាពស្ដេក ។
-
គ្រប់គ្រងសមាជិកគណៈកម្មការនៅក្នុងការរៀបចំផែនការសកម្មភាពស្តេក ។
-
ផ្ដល់អនុសាសន៍អំពីព័ត៌មានលម្អិតទាក់ទងនឹងគម្រោងថវិកាសកម្មភាពស្ដេកទៅកាន់គណៈប្រធានស្ដេក មុនដើមឆ្នាំនីមួយៗ ។ គម្រោងថវិកានេះមិនរួមបញ្ចូលសកម្មភាពនានា ដែលជាសកម្មភាពសម្រាប់អង្គការស្ដេកនីមួយៗនោះឡើយ ។
-
បម្រើជាធនធានមួយដល់ថ្នាក់ដឹកនាំអង្គការស្ដេក នៅពេលពួកគាត់ដាក់ផែនការសកម្មភាពនានា ។
២០.៣.២.៣
សមាជិកនៃគណៈកម្មការសកម្មភាពស្តេក
សមាជិកមួយរូបនៃគណៈប្រធានស្តេក ឬទីប្រឹក្សាជាន់ខ្ពស់ដែលបានចាត់តាំងមួយរូប អាចហៅសមាជិកឲ្យបម្រើក្នុងគណៈកម្មការសកម្មភាពស្តេកបាន ។ ពួកគេបម្រើនៅក្រោមការដឹកនាំរបស់ប្រធានគណៈកម្មការ ។ សមាជិកគណៈកម្មការជួយដាក់ផែនការ និងរៀបចំសកម្មភាពនៅក្នុងស្ដេក ។
២០.៣.៣
សកម្មភាពពហុស្តេក និងសកម្មភាពតំបន់
នៅក្នុងតំបន់ដែលមានយុវវ័យតិចតួច ថ្នាក់ដឹកនាំគួរតែធ្វើសកម្មភាពយុវវ័យពហុស្ដេកជាប្រចាំ ដើម្បីឲ្យយុវវ័យអាចទទួលបានអត្ថប្រយោជន៍ពីការជួបជុំគ្នាជាក្រុមធំៗ ។ សកម្មភាពប្រចាំតំបន់សម្រាប់យុវវ័យក៏អាចធ្វើឡើងម្ដងម្កាលផងដែរ ។
សកម្មភាពពហុស្ដេកជារឿយៗគួរតែធ្វើឡើងសម្រាប់យុវមជ្ឈិមវ័យនៅលីវ នៅពេលដែលការជួបជុំគ្នាមិនតម្រូវឲ្យចំណាយពេលវេលា ឬប្រាក់កាសច្រើនហួសហេតុ ។ សកម្មភាពប្រចាំតំបន់សម្រាប់យុវមជ្ឈិមវ័យនៅលីវក៏អាចធ្វើឡើងម្ដងម្កាលផងដែរ ។
សម្រាប់ព័ត៌មានអំពីសកម្មភាពពហុស្ដេកសម្រាប់សមាជិកនៅលីវ សូមមើល ១៤.២.១.៣ ។
សកម្មភាពពហុស្ដេកគួរតែមានលក្ខណៈសាមញ្ញ និងខុសៗគ្នា ។
ប្រសិនបើប្រធានស្តេកមានអារម្មណ៍ថា សកម្មភាពពហុស្តេកនឹងផ្តល់អត្ថប្រយោជន៍ដល់សមាជិកនៃស្តេករបស់ពួកគាត់ នោះពួកគាត់អាចស្នើសុំឲ្យមានការអនុម័តមកពីគណៈប្រធានតំបន់បាន ។ មុនពេលស្នើសុំធ្វើសកម្មភាពពហុស្ដេក នោះប្រធានស្តេកសម្រេចថាតើវាគឺជាវិធីដ៏ល្អបំផុតដែរឬអត់ ដើម្បីបំពេញតាមសេចក្ដីត្រូវការនានាដែលពួកគាត់បានកំណត់មកនោះ ។ ប្រធានស្តេកពិចារណាអំពីការចំណាយ ពេលវេលា និងការធ្វើដំណើរដែលសកម្មភាពនេះតម្រូវឲ្យមាន ។ ពួកគាត់ក៏ពិចារណាអំពីសុវត្ថិភាពផងដែរ ( សូមមើល ២០.៧.៦ ) ។
ការប្រជុំដើម្បីសម្របសម្រួលផែនការសកម្មភាពពហុស្ដេក អាចធ្វើឡើងមុនពេល ឬក្រោយពេលការប្រជុំក្រុមប្រឹក្សាតំបន់ និងការប្រជុំក្រុមប្រឹក្សាសម្របសម្រួល ( សូមមើល ៥.២.៣ និង ៥.២.៤ ) ។ តាមការចាំបាច់ នោះថ្នាក់ដឹកនាំបន្ថែមទៀត—រួមមានប្រធានសមាគមសង្គ្រោះ ប្រធានក្រុមយុវជន និងប្រធានក្រុមយុវនារី—អាចត្រូវបានអញ្ជើញឲ្យចូលរួមការប្រជុំនេះបាន ។
គណៈប្រធានតំបន់អាចចាត់តាំងប្រធានស្ដេក ឬពួកចិតសិបនាក់ប្រចាំតំបន់ឲ្យដឹកនាំគណៈកម្មការ ដែលរៀបចំផែនការ និងអនុវត្តសកម្មភាពពហុស្តេក ឬសកម្មភាពប្រចាំតំបន់ ។ គណៈប្រធានស្តេកអាចហៅសមាជិកក្នុងស្ដេករបស់ពួកគាត់ ឲ្យបម្រើនៅក្នុងគណៈកម្មការទាំងនេះបាន ។
មូលនិធិសម្រាប់សកម្មភាពពហុស្ដេកភាគច្រើនគឺបានមកពីមូលនិធិគម្រោងថវិកានៃស្ដេកដែលចូលរួមទាំងឡាយ ។ មូលនិធិសម្រាប់សកម្មភាពប្រចាំតំបន់អាចបានមកពីតំបន់ ឬទីស្នាក់ការកណ្តាលនៃសាសនាចក្រ នៅពេលអនុម័តឲ្យ ។
២០.៣.៤
ការអនុលោមតាមគោលនយោបាយការធ្វើដំណើរក្នុងសាសនាចក្រ
សកម្មភាពស្ដេក ពហុស្តេក និងសកម្មភាពតំបន់គួរតែអនុលោមតាមគោលនយោបាយស្ដីពីការធ្វើដំណើររបស់សាសនាចក្រ ( សូមមើល ២០.៧.៧ ) ។ ការធ្វើដំណើរសម្រាប់សន្និសីទ ដ.ក.យ. គួរតែអនុលោមទៅតាមគោលនយោបាយស្ដីពីការធ្វើដំណើររបស់សាសនាចក្រ លើកលែងតែពេលអ្នកគ្រប់គ្រង ដ.ក.យ. ផ្ដល់សេចក្ដីណែនាំផ្សេងទៀតដល់ថ្នាក់ដឹកនាំក្នុងមូលដ្ឋាន ។
២០.៤
សន្និសីទយុវវ័យ
ដោយចាប់ផ្តើមនៅខែមករានៃឆ្នាំដែលពួកគេឈានដល់អាយុ ១៤ ឆ្នាំ នោះយុវជន និងយុវនារីត្រូវបានអញ្ជើញឲ្យចូលរួមជាមួយគ្នានៅក្នុងសន្និសីទយុវវ័យ ។ ជាធម្មតា សន្និសីទយុវវ័យធ្វើឡើងមួយឆ្នាំម្ដងនៅកម្រិតវួដ ឬស្តេក ។ សន្និសីទទាំងនេះក៏អាចធ្វើឡើងនៅកម្រិតពហុស្ដេក ឬតំបន់បានផងដែរ ។ នៅឆ្នាំដែលយុវវ័យត្រូវបានចាត់តាំងឲ្យចូលរួមសន្និសីទ ដ.ក.យ. នោះស្ដេក និងវួដមិនគួរធ្វើសន្និសីទយុវវ័យនោះទេ ។
គោលបំណងនៃសន្និសីទយុវវ័យគឺដើម្បីជួយយុវវ័យឲ្យ ៖
-
ស្ថាបនាសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
-
ពង្រឹងទីបន្ទាល់ ។
-
អភិវឌ្ឍទេពកោសល្យ ។
-
បង្កើតមិត្តភក្តិថ្មីៗ ។
-
មានភាពរីករាយជាមួយនឹងយុវវ័យដែលមានជំនឿ និងបទដ្ឋានដូចគ្នា ។
យុវវ័យក៏អាចរៀនជំនាញភាពជាអ្នកដឹកនាំផងដែរ នៅពេលពួកគេជួយដាក់ផែនការសន្និសីទយុវវ័យ ។
ក្រុមប្រឹក្សាយុវវ័យវួដគឺជាអ្នកដែលដាក់ផែនការ និងធ្វើសន្និសីទយុវវ័យវួដ ដោយនៅក្រោមការដឹកនាំរបស់គណៈប៊ីស្សព ( សូមមើល ២៩.២.៦ ) ។ គណៈប៊ីស្សពទទួលបានការអនុម័តពីគណៈប្រធានស្តេក ទាក់ទងនឹងផែនការសម្រាប់សន្និសីទយុវវ័យវួដ ។
គណៈកម្មការថ្នាក់ដឹកនាំយុវវ័យស្តេកគឺជាអ្នកដាក់ផែនការ និងធ្វើសន្និសីទយុវវ័យស្ដេក ( សូមមើល ២៩.៣.១០ ) ។ អ្នកគួរតែអញ្ជើញយុវវ័យឲ្យជួយដល់គណៈកម្មការនេះឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ។
សន្និសីទយុវវ័យទទួលបានមូលនិធិមកពីគម្រោងថវិកាស្ដេក ឬវួដ ។ អ្នកមិនគួរសុំសមាជិកឲ្យបង់ថ្លៃចំណាយសម្រាប់សន្និសីទយុវវ័យនោះឡើយ ( សូមមើល ២០.៦ ) ។
នៅពេលថ្នាក់ដឹកនាំ និងយុវវ័យដាក់ផែនការធ្វើសន្និសីទយុវវ័យ នោះពួកគាត់គួរតែអនុវត្តតាមគោលនយោបាយនៅក្នុងជំពូកនេះ និងគោលការណ៍ណែនាំដូចតទៅនេះ ៖
-
ជ្រើសរើសបាវចនាដំណឹងល្អមួយ ដូចជាបទគម្ពីរមួយ ដែលនឹងបំផុសគំនិតដល់យុវវ័យ ហើយជួយពួកគេឲ្យយល់ពីការរំពឹងទុកពីសន្និសីទនេះ ។ អ្នកអាចប្រើបាវចនាយុវវ័យប្រចាំឆ្នាំរបស់សាសនាចក្រធ្វើជាបាវចនាសន្និសីទនេះបាន ។ គណៈប៊ីស្សព ឬគណៈប្រធានស្តេកគួរតែអនុម័តលើបាវចនានេះ។
-
ដាក់ផែនការសកម្មភាពដែលស៊ីគ្នានឹងបាវចនានេះ ។
-
ទទួលបានការអនុម័តពីគណៈប៊ីស្សព ឬគណៈប្រធានស្ដេកសម្រាប់អ្នកឡើងនិយាយ និងសកម្មភាពទាំងអស់ ។ អ្នកឡើងនិយាយទាំងឡាយគួរតែជាសមាជិកសាសនាចក្រ ដែលបង្រៀនដោយព្រះវិញ្ញាណ ។ សូមមើល ៣៨.៨.១៧ សម្រាប់គោលការណ៍ណែនាំផ្សេងទៀតទាក់ទងនឹងអ្នកឡើងនិយាយ ។
-
ប្រសិនបើព្រឹត្តិការណ៍មួយត្រូវគ្រោងធ្វើនៅថ្ងៃអាទិត្យ នោះវាគួរតែមានលក្ខណៈសមរម្យសម្រាប់ថ្ងៃឈប់សម្រាក ។ ការប្រជុំទីបន្ទាល់ ការពិភាក្សាជាមួយនឹងគណៈប៊ីស្សព ឬការប្រជុំស្រដៀងគ្នានេះត្រូវបានអនុញ្ញាតឲ្យធ្វើ ។ ប៉ុន្ដែការប្រជុំសាក្រាម៉ង់មិនត្រូវធ្វើឡើងនោះទេ—ហើយមិនត្រូវចែកសាក្រាម៉ង់នោះឡើយ—នៅក្រៅសាលាប្រជុំនៃវួដ ឬស្ដេក ។ បើមានករណីលើកលែងណាមួយ នោះវាត្រូវតែសម្រាប់សកម្មភាពដែលឧបត្ថម្ភដោយសាសនាចក្រ ហើយវាត្រូវតែមានការអនុម័តមកពីគណៈប្រធានតំបន់ ។ ក្រុមទាំងឡាយមិនគួរធ្វើដំណើរទៅ ឬមកសន្និសីទយុវវ័យនៅថ្ងៃអាទិត្យឡើយ ។
-
ធានាឲ្យមានការគ្រប់គ្រងពីមជ្ឈិមវ័យឲ្យបានគ្រប់គ្រាន់នៅគ្រប់ពេលវេលាទាំងអស់ ( សូមមើល ២០.៧.១ ) ។
-
ធ្វើតាមគោលការណ៍ណែនាំស្ដីពីសុវត្ថិភាពទាំងអស់នៅក្នុង ២០.៧.៦ ។
អ្នកដឹកនាំជាមជ្ឈិមវ័យត្រូវបានអញ្ជើញឲ្យចូលរួមសន្និសីទនេះឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។ អ្នកដឹកនាំទាំងនេះរួមមានសមាជិកនៃគណៈប៊ីស្សព ឬគណៈប្រធានស្ដេក គណៈប្រធានក្រុមយុវនារីវួដ ឬស្តេក និងគណៈប្រធានក្រុមយុវជនវួដ ឬស្តេក ។ អ្នកប្រឹក្សាយោបល់ក្រុមយុវនារី និងក្រុមយុវជនប្រចាំវួដក៏អាចត្រូវបានអញ្ជើញឲ្យចូលរួមផងដែរ ។
២០.៥
គោលនយោបាយ និងគោលការណ៍ណែនាំសម្រាប់ការជ្រើសរើស និងការដាក់ផែនការសកម្មភាព
ថ្នាក់ដឹកនាំត្រូវប្រាកដថា គោលនយោបាយ និងគោលការណ៍ណែនាំខាងក្រោមនេះត្រូវបានអនុវត្តតាម នៅពេលធ្វើការជ្រើសរើស និងដាក់ផែនការសកម្មភាពនានាក្នុងសាសនាចក្រ ។
២០.៥.១
សកម្មភាពពាណិជ្ជកម្ម ឬនយោបាយ
សកម្មភាពដែលធ្វើឡើងសម្រាប់គោលបំណងពាណិជ្ជកម្ម ឬនយោបាយគឺមិនត្រូវបានអនុញ្ញាតនោះទេ ( សូមមើល ៣៥.៥.២ ) ។
២០.៥.២
ការរាំ និងតន្ដ្រី
នៅក្នុងការរាំរែកទាំងអស់ សម្លៀកបំពាក់ ការតុបតែងខ្លួន ពន្លឺ របៀបរាំ ទំនុកបទ និងតន្ដ្រីគួរតែរួមចំណែកឲ្យមានបរិយាកាសមួយ ដែលព្រះវិញ្ញាណនៃព្រះអម្ចាស់អាចគង់នៅបាន ( សូមមើលកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន ) ។
ថ្នាក់ដឹកនាំប្រើទម្រង់បែបបទ កិច្ចសន្យាសម្ដែង នៅពេលជួលក្រុមអ្នកចម្រៀង ក្រុមតន្ដ្រី ឬ ឌីចេ ។ កិច្ចសន្យានេះជួយធានាឲ្យបានថា ការប្រព្រឹត្ត និងតន្ដ្រីគឺសមរម្យសម្រាប់ការរាំរែកនៅក្នុងសាសនាចក្រ ។ ថ្នាក់ដឹកនាំធ្វើការព្រមព្រៀងដ៏ជាក់ច្បាស់ជាលាយលក្ខណ៍ ដែលតម្រូវឲ្យអ្នកដែលលេងតន្ដ្រីត្រូវធ្វើតាមបទដ្ឋានសាសនាចក្រនៅក្នុងសកម្មភាពសាសនាចក្រ ។
២០.៥.៣
រាត្រីថ្ងៃចន្ទ
សមាជិកត្រូវបានលើកទឹកចិត្តឲ្យធ្វើសកម្មភាពជាក្រុមគ្រួសារនៅថ្ងៃចន្ទ ឬនៅពេលផ្សេងទៀត ។ ពុំគួរមានសកម្មភាពសាសនាចក្រ ការប្រជុំ កម្មវិធីបុណ្យជ្រមុជទឹក ត្រូវធ្វើឡើងបន្ទាប់ពីម៉ោង ៦:០០ ល្ងាច ថ្ងៃចន្ទនោះទេ ។
ថ្នាក់ដឹកនាំធានាឲ្យបានថា អគារសាសនាចក្រ និងអគារផ្សេងទៀតត្រូវបិទនៅរាត្រីថ្ងៃចន្ទ ។ ពិធីទទួលភ្ញៀវ និងសកម្មភាពស្រដៀងគ្នានេះមិនគួរធ្វើឡើងនៅក្នុងអគារសាសនាចក្រនៅរាត្រីថ្ងៃចន្ទនោះទេ ។
ជាករណីលើកលែង វួដសម្រាប់យុវមជ្ឈិមវ័យនៅលីវ និងវួដសម្រាប់មជ្ឈិមវ័យនៅលីវអាចធ្វើសកម្មភាពនៅរាត្រីថ្ងៃចន្ទបាន រួមទាំងសកម្មភាពនៅក្នុងអគារសាសនាចក្រផងដែរ ។ ករណីលើកលែងមួយក៏អាចមានផងដែរ នៅពេលល្ងាចថ្ងៃឆ្លងឆ្នាំគឺជាថ្ងៃចន្ទ ( សូមមើល ២០.៥.៤ ) ។
២០.៥.៤
សកម្មភាពល្ងាចថ្ងៃឆ្លងឆ្នាំ
ប្រសិនបើវួដ ឬស្ដេកដាក់ផែនការធ្វើសកម្មភាពល្ងាចថ្ងៃឆ្លងឆ្នាំ ហើយប្រសិនបើល្ងាចថ្ងៃឆ្លងឆ្នាំគឺចំថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬថ្ងៃចន្ទ នោះថ្នាក់ដឹកនាំគួរតែអនុវត្តតាមគោលការណ៍ណែនាំដូចតទៅនេះ ។
ថ្ងៃសៅរ៍ ។ ប្រធានស្តេកអាចដាក់កាលវិភាគនៅថ្ងៃអាទិត្យក្រោយៗសម្រាប់ធ្វើជាថ្ងៃអាទិត្យតមអាហារបាន ។ សកម្មភាពនេះអាចបន្ដហួសកណ្ដាលអាធ្រាត្របាន ។ ប៉ុន្ដែវាគួរតែបញ្ចប់ភ្លាមៗបន្ទាប់ពីនោះ ដើម្បីឲ្យអ្នកចូលរួមអាចចូលរួមការប្រជុំថ្ងៃអាទិត្យបាន ។
ថ្ងៃអាទិត្យ ។ សកម្មភាពក្នុងសាសនាចក្រអាចរៀបចំផែនការសម្រាប់ថ្ងៃសៅរ៍ ទី ៣០ ខែ ធ្នូ បាន ។ ត្រូវអនុវត្តតាមគោលការណ៍ណែនាំនៅក្នុងកថាខណ្ឌមុននេះ ។ ក្រុមគ្រួសារអាចត្រូវបានលើកទឹកចិត្តឲ្យប្រារព្ធធ្វើបុណ្យឆ្លងឆ្នាំនៅតាមគេហដ្ឋានរបស់ពួកគេ ។ សកម្មភាពទាំងឡាយគួរតែសមរម្យសម្រាប់ថ្ងៃឈប់សម្រាក ។
ថ្ងៃចន្ទ ។ ប្រធានស្តេក ឬប៊ីស្សពអាចអនុញ្ញាតឲ្យប្រើអគារសាសនាចក្រនៅល្ងាចថ្ងៃចន្ទបាន ។
២០.៥.៥
សកម្មភាពស្នាក់នៅពេលយប់
សកម្មភាពទាំងអស់នៅក្នុងសាសនាចក្រដែលមានការស្នាក់នៅពេលយប់ ដែលទាក់ទងនឹងយុវវ័យ តម្រូវឲ្យមានការអនុញ្ញាតពីឪពុកម្តាយ ឬអាណាព្យាបាល ( សូមមើល ២០.៧.៤ ) ។
សកម្មភាពនៅក្នុងសាសនាចក្រដែលមានការស្នាក់នៅពេលយប់សម្រាប់ក្រុមយុវជន និងយុវនារីលាយចូលគ្នា ត្រូវតែមានការអនុម័តមកពីប៊ីស្សព និងប្រធានស្តេក ។ ការណ៍នេះក៏អនុវត្តសម្រាប់សកម្មភាពសម្រាប់សមាជិកនៅលីវជាបុរស និងស្ដ្រីផងដែរ ។ សកម្មភាពបែបនេះគួរតែកម្រមានណាស់ ។ ឧទាហរណ៍រួមមាន សន្និសីទយុវវ័យ សន្និសីទ ដ.ក.យ. ឬការទៅព្រះវិហារបរិសុទ្ធដែលតម្រូវឲ្យមានការធ្វើដំណើររយៈចម្ងាយឆ្ងាយ ។
អ្នកចូលរួមបុរស និងស្ដ្រី ព្រមទាំងថ្នាក់ដឹកនាំគួរតែមានកន្លែងសម្រាន្ដដាច់ដោយឡែកពីគ្នា ។ ទោះជាយ៉ាងណា គូស្វាមីភរិយាដែលបានរៀបការហើយអាចនៅក្នុងបន្ទប់ ឬតង់តែមួយជាមួយគ្នាបាន ។ យុវវ័យម្នាក់ៗគួរតែមានគ្រែ ឬភួយសម្រាប់គេងរៀងៗខ្លួន ។
នៅក្នុងករណីភាគច្រើន យុវវ័យមិនស្នាក់នៅក្នុងតង់ ឬបន្ទប់តែមួយជាមួយនឹងមជ្ឈិមវ័យនោះទេ លុះត្រាតែមជ្ឈិមវ័យនោះគឺជាឪពុក ឬម្ដាយ ឬអាណាព្យាបាលរបស់គាត់ប៉ុណ្ណោះ ។ ករណីលើកលែងអាចមាន ប្រសិនបើមានយ៉ាងហោចណាស់មជ្ឈិមវ័យពីររូបនៅក្នុងតង់ ឬបន្ទប់នោះ ដែលមានភេទដូចគ្នានឹងយុវវ័យនោះ ។
ប្រសិនបើថ្នាក់ដឹកនាំដែលជាមនុស្សពេញវ័យ ឬយុវវ័យ គេងយប់ជាមួយគ្នានៅក្នុងកន្លែងផ្សេងទៀត ដូចជានៅក្នុងបន្ទប់កាប៊ីន នោះត្រូវតែមានមជ្ឈិមវ័យពីរនាក់យ៉ាងតិចនៅក្នុងកន្លែងនីមួយៗទាំងនោះ ហើយពួកគេត្រូវតែមានភេទដូចគ្នានឹងយុវវ័យ ។
រាល់សកម្មភាពនៅក្នុងសាសនាចក្រដែលមានការស្នាក់នៅពេលយប់ទាំងអស់ ត្រូវតែមានថ្នាក់ដឹកនាំដែលជាមជ្ឈិមវ័យយ៉ាងហោចណាស់ចំនួនពីរនាក់ ។
ចំនួនអ្នកកាន់បព្វជិតភាពជាមជ្ឈិមវ័យត្រូវតែមានវត្តមានគ្រប់គ្រាន់នៅគ្រប់ពេលទាំងអស់ នៅក្នុងសកម្មភាពស្នាក់នៅពេលយប់នោះ ដើម្បីផ្ដល់ការគាំទ្រ និងការការពារ ។ សម្រាប់សកម្មភាពក្រុមយុវនារី អ្នកកាន់បព្វជិតភាពត្រូវតែស្នាក់នៅក្នុងកន្លែងដាច់ដោយឡែកពីក្រុមយុវនារី ។
ថ្នាក់ដឹកនាំបំពេញតាម ទម្រង់បែបបទគម្រោងព្រឹត្តិការណ៍ និងសកម្មភាព សម្រាប់សកម្មភាពស្នាក់នៅពេលយប់ទាំងអស់ ។
សកម្មភាពស្នាក់នៅពេលយប់នៅឯសាលាប្រជុំរបស់សាសនាចក្រ ឬនៅទីធ្លាសាលាប្រជុំគឺមិនត្រូវបានអនុម័តនោះទេ ។
សម្រាប់ព័ត៌មានបន្ថែម សូមមើល « FAQs—What Should I Do? » នៅលើគេហទំព័រ ChurchofJesusChrist.org ។
២០.៥.៦
ការពិពណ៌នាអំពីព្រះ
ព្រះជាព្រះវរបិតា និងព្រះវិញ្ញាណបរិសុទ្ធគឺមិនត្រូវយកមកសម្តែងនៅក្នុងការប្រជុំ ការសម្ដែងរឿង ឬការប្រគុំតន្ដ្រីនោះទេ ។
ប្រសិនបើត្រូវសម្ដែងជាព្រះអង្គសង្គ្រោះ នោះវាត្រូវតែប្រព្រឹត្តដោយគារវភាព និងសេចក្ដីថ្លៃថ្នូរ ។ មានតែបុរសដែលមានអត្តចរិតផ្ទាល់ខ្លួនល្អសមរម្យប៉ុណ្ណោះ ទើបអាចត្រូវបានពិចារណាឲ្យដើរតួសម្ដែងផ្នែកនេះបាន ។ បុគ្គលដែលសម្ដែងជាព្រះអង្គសង្គ្រោះនេះមិនគួរច្រៀង ឬរាំនោះទេ ។ នៅពេលនិយាយ គាត់គួរតែប្រើតែសម្ដីដកស្រង់ដោយផ្ទាល់ពីបទគម្ពីរដែលបានមានបន្ទូលដោយព្រះអង្គសង្គ្រោះតែប៉ុណ្ណោះ ។ នៅចុងបញ្ចប់នៃការសម្ដែង គាត់គួរតែផ្លាស់ប្ដូរទៅសម្លៀកបំពាក់ធម្មតាវិញភ្លាម ។
កុមារមិនគួរសម្ដែងជាព្រះអង្គសង្គ្រោះនៅក្នុងការសម្ដែងរឿងនោះទេ លើកលែងតែនៅក្នុងឈុតព្រះប្រសូតិកម្ម ។
២០.៥.៧
ការអធិស្ឋាន និងការប្រជុំធម្មនិដ្ឋាននៅក្នុងសកម្មភាពនានា
សកម្មភាពទាំងអស់គួរតែមានការអធិស្ឋានបើក ហើយនៅពេលណាសមរម្យ ក៏មានការអធិស្ឋានបិទផងដែរ ។ អាចរួមបញ្ចូលនូវទំនុកតម្កើង ការចែកចាយគំនិតខាងវិញ្ញាណ ឬការនិយាយដោយអ្នកដឹកនាំ ឬអ្នកចូលរួមម្នាក់បាន ។
២០.៥.៨
ការរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ
ពុំត្រូវមានការបោះជំរំ ព្រឹត្តិការណ៍កីឡា ឬព្រឹត្តិការណ៍កម្សាន្ដក្នុងសាសនាចក្រធ្វើឡើងនៅថ្ងៃអាទិត្យឡើយ ។ ហើយក៏ពុំគួរមានក្រុមយុវវ័យ និងអ្នកផ្សេងទៀតធ្វើដំណើរទៅ ឬមកពីការបោះជំរំ ឬសន្និសីទយុវវ័យនៅថ្ងៃអាទិត្យដែរ ។
ជាករណីលើកលែង នៅពេលចំណាយថ្លៃសុវត្ថិភាព ឬការធ្វើដំណើរគឺជារឿងមានការបារម្ភខ្លាំង នោះសកម្មភាពយុវវ័យមួយចំនួនអាចត្រូវដាក់ឲ្យធ្វើនៅថ្ងៃអាទិត្យ ភ្លាមៗបន្ទាប់ពីការប្រជុំថ្វាយបង្គំនៅថ្ងៃអាទិត្យ ។ សកម្មភាពទាំងនេះគួរតែធ្វើដាច់ដោយឡែកពីកាលវិភាគការប្រជុំនៅថ្ងៃអាទិត្យ ។ សកម្មភាពទាំងនេះគួរតែត្រូវគ្នានឹងស្មារតីនៃថ្ងៃឈប់សម្រាក ។ វាតម្រូវឲ្យមានការអនុម័តមកពីប៊ីស្សព និងប្រធានស្តេក ។
២០.៥.៩
កីឡា
សកម្មភាពកីឡានៅក្នុងសាសនាចក្រផ្ដល់ឱកាសឲ្យមានសកម្មភាពខាងរូបកាយ និងការចងមិត្តភាព ។ សកម្មភាពទាំងនេះសង្កត់ធ្ងន់លើការចូលរួម មិត្តភាពក្នុងកីឡា និងការអភិវឌ្ឍជំនាញ ។ នៅពេលសកម្មភាពនេះពាក់ព័ន្ធនឹងការប្រកួតប្រជែងគ្នា នោះគួរតែមានការខិតខំទាំងអស់ដើម្បីចៀសវាងពីការទាស់ទែងគ្នា ។ សមាជិកក្រុមទាំងអស់គួរតែមានឱកាសជាប្រចាំដើម្បីលេង មិនថាពួកគេមានជំនាញកម្រិតណានោះទេ ។
គណៈប្រធានស្តេកមើលការខុសត្រូវលើសកម្មភាពកីឡាដែលឧបត្ថម្ភដោយសាសនាចក្រនៅក្នុងស្តេករបស់ពួកគាត់ ។ ពួកគាត់ក៏បង្កើតជាគោលការណ៍ណែនាំដែល ( ១ ) បញ្ជាក់ពីអាយុដែលអ្នកលេងអាចចូលរួមនៅក្នុងកីឡាសាសនាចក្របាន និង ( ២ ) កំណត់ពីសិទ្ធិចូលរួមរបស់អ្នកលេង ។ ការសម្រេចចិត្តបែបនេះគួរតែធ្វើឡើង មុនពេលចាប់ផ្ដើមរដូវកាលលេងកីឡា ។
ប្រសិនបើសកម្មភាពកីឡាពហុស្តេកត្រូវបានធ្វើឡើង នោះគណៈប្រធានតំបន់ ឬពួកចិតសិបនាក់ប្រចាំតំបន់ដែលបានចាត់តាំង ត្រូវមើលការខុសត្រូវលើសកម្មភាពទាំងនេះ ។ សកម្មភាពទាំងនេះត្រូវគ្រប់គ្រងដោយអ្នកជំនាញខាងកីឡា ដែលត្រូវបានហៅដោយភ្នាក់ងារប្រធានស្តេក ដែលបានរៀបចំដោយគណៈប្រធានតំបន់ ។ ការប្រកួតប្រជែងកីឡាប្រចាំតំបន់មិនត្រូវបានអនុម័តនោះទេ ។
អ្នកចូលរួមក្នុងសកម្មភាពកីឡាសាសនាចក្រមិនចាំបាច់តែជាសមាជិកសាសនាចក្រនោះទេ ។ ទោះជាយ៉ាងណា ពួកគេគួរតែរស់នៅក្នុងព្រំដែនអង្គភាពនោះ ហើយយល់ព្រមធ្វើតាមបទដ្ឋាន និងគោលនយោបាយរបស់សាសនាចក្រអំឡុងពេលសកម្មភាពទាំងនេះ ។
ប្រសិនបើមានការប្រើឯកសណ្ឋានក្រុម នោះវាគួរតែសាមញ្ញ មិនសូវថ្លៃ និងសមរម្យសម្រាប់សកម្មភាពនោះ ។ ជាធម្មតាអាវយឺត ឬអាវរងារពណ៌គឺគ្រប់គ្រាន់ហើយ ។ ឯកសណ្ឋានគួរតែបង់ចេញពីគម្រោងថវិកាស្ដេក ឬវួដ ។
ការផ្ដល់រង្វាន់ ឬជើងពានដល់ក្រុម ឬបុគ្គលមិនត្រូវបានលើកទឹកចិត្តឲ្យធ្វើនោះទេ ។
២០.៥.១០
ការទៅព្រះវិហារបរិសុទ្ធ
ការទៅព្រះវិហារបរិសុទ្ធត្រូវបានរៀបចំឡើងនៅកម្រិតវួដ ឬស្ដេកនៅក្នុងមណ្ឌលព្រះវិហារបរិសុទ្ធដែលបានចាត់តាំង ។
ការរៀបចំទៅព្រះវិហារបរិសុទ្ធនៅក្រៅវួដ ឬស្តេក មិនត្រូវបានលើកទឹកចិត្តនោះទេ ។ ការទៅដូច្នេះតម្រូវឲ្យមានការអនុម័តមកពីគណៈប្រធានស្តេក ។ ការទៅព្រះវិហារបរិសុទ្ធសម្រាកយប់ក៏តម្រូវឲ្យមានការអនុម័តមកពីគណៈប្រធានស្តេកផងដែរ ។
ការទៅព្រះវិហារបរិសុទ្ធត្រូវតែអនុលោមទៅតាមគោលនយោបាយធ្វើដំណើរនៅក្នុង ២០.៧.៧ ។ ការទៅព្រះវិហារបរិសុទ្ធសម្រាកយប់ក៏ត្រូវតែអនុលោមទៅតាមគោលនយោបាយនៅក្នុង ២០.៥.៥ ផងដែរ ។
២០.៥.១១
សកម្មភាពដែលគ្មានការអនុម័ត
អង្គភាពសាសនាចក្រអាចមិនផ្ដល់ការឧបត្ថម្ភដល់សកម្មភាព ដែលមិនត្រូវនឹងគោលការណ៍ណែនាំនៅក្នុងជំពូកនេះនោះទេ ។ សកម្មភាពទាំងនោះរួមមាន ៖
-
សកម្មភាពដែលមានហានិភ័យគ្រោះថ្នាក់ ឬជំងឺខ្ពស់ ( សូមមើល ២០.៧.៦ ) ។
-
សកម្មភាពដែលតម្រូវឲ្យមានការចំណាយច្រើន ឬការធ្វើដំណើរផ្លូវឆ្ងាយ ( សូមមើល ២០.៧.៧ ) ។
-
កម្មវិធីហាត់ប្រាណ ដែលមានតន្រ្តី កំណាព្យ សម្លៀកបំពាក់ និងធាតុដទៃទៀត ដែលមិនត្រូវនឹងបទដ្ឋានសាសនាចក្រ ។
ប្រសិនបើប៊ីស្សពមានសំណួរថាតើសកម្មភាពមួយសមរម្យឬអត់នោះ នោះគាត់សួរប្រធានស្តេក ។ ប្រធានស្តេកអាចលើកយកសំណួរនានាទៅកាន់គណៈប្រធានតំបន់ ។
២០.៦
គោលនយោបាយ និងគោលការណ៍ណែនាំសម្រាប់ការផ្ដល់មូលនិធិដល់សកម្មភាព
ថ្នាក់ដឹកនាំត្រូវប្រាកដថា គោលនយោបាយ និងគោលការណ៍ណែនាំខាងក្រោមនេះត្រូវបានអនុវត្តតាម នៅពេលផ្ដល់មូលនិធិដល់សកម្មភាពទាំងអស់ក្នុងសាសនាចក្រ ។
២០.៦.១
សកម្មភាពដែលចំណាយដោយមូលនិធិវួដ ឬស្ដេក
មូលនិធិថវិកាវួដ ឬស្ដេកគួរតែត្រូវបានប្រើប្រាស់ដើម្បីបង់ថ្លៃសម្រាប់សកម្មភាពទាំងអស់—ដោយមានករណីលើកលែងមួយចំនួនដូចមានចែងនៅក្នុង ២០.៦.២ ។
សមាជិកមិនគួរផ្តល់សម្ភារ គ្រឿងប្រើប្រាស់ ចំណាយថ្លៃជួល ឬថ្លៃឲ្យចូល ឬថ្លៃការធ្វើដំណើរផ្លូវឆ្ងាយ ដោយផ្ទាល់ខ្លួននោះទេ ។ សមាជិកអាចផ្ដល់ជាអាហារបាន ប្រសិនបើការធ្វើដូច្នេះមិនមែនជាបន្ទុកនោះ ។
២០.៦.២
ការផ្ដល់មូលនិធិដល់ការបោះជំរំយុវវ័យ
ប្រសិនបើគម្រោងថវិកាវួដ ឬស្ដេកមិនមានមូលនិធិគ្រប់គ្រាន់សម្រាប់សកម្មភាពដូចមានចែងខាងក្រោមនេះទេ នោះថ្នាក់ដឹកនាំអាចសុំឲ្យអ្នកចូលរួមបង់ថ្លៃមួយចំណែក ឬទាំងស្រុងសម្រាប់សកម្មភាពនេះ ៖
-
ការបោះជំរំធំសម្រាប់ក្រុមបព្វជិតភាពអើរ៉ុនប្រចាំឆ្នាំមួយ ឬសកម្មភាពស្រដៀងគ្នា ។
-
ការបោះជំរំធំសម្រាប់ក្រុមយុវនារីប្រចាំឆ្នាំមួយ ឬសកម្មភាពស្រដៀងគ្នា ។
-
ការបោះជំរំពេលថ្ងៃប្រចាំឆ្នាំមួយ ឬសកម្មភាពស្រដៀងគ្នាសម្រាប់កុមារអង្គការបឋមសិក្សាអាយុ ៨ ដល់ ១១ ឆ្នាំ ។
ការចំណាយ ឬការធ្វើដំណើរសម្រាប់ការបោះជំរំប្រចាំឆ្នាំមួយ មិនគួរលើសកំណត់នោះទេ ។ ការខ្វះខាតមូលនិធិផ្ទាល់ខ្លួនពុំគួររារាំងសមាជិកណាម្នាក់មិនឲ្យចូលរួមនោះឡើយ ។
ប្រសិនបើមូលនិធិមកពីគម្រោងថវិកាវួដ និងស្ដេក និងមកពីអ្នកចូលរួមមិនគ្រប់គ្រាន់សម្រាប់ការបោះជំរំទេ នោះប៊ីស្សពអាចអនុញ្ញាតឲ្យមានព្រឹត្តិការណ៍រៃអង្គាសថវិកាវួដប្រចាំឆ្នាំមួយបាន ។ ព្រឹត្តិការណ៍នេះត្រូវតែអនុលោមទៅតាមគោលការណ៍ណែនាំនៅក្នុង ២០.៦.៥ ។
សម្រាប់ព័ត៌មានអំពីការផ្ដល់មូលនិធិដល់ព្រឹត្តិការណ៍ពហុស្ដេក ឬព្រឹត្តិការណ៍តំបន់ធំៗសម្រាប់យុវមជ្ឈិមវ័យនៅលីវ សូមមើល ១៤.២.១.៣ ។
២០.៦.៣
ការផ្ដល់មូលនិធិសម្រាប់សន្និសីទ ដ.ក.យ.
យុវវ័យអាចត្រូវបានសូមឲ្យរួមចំណែកបង់ថ្លៃដើម្បីចូលរួមសន្និសីទ ដើម្បីកម្លាំងនៃយុវជន ( ដ.ក.យ. ) ។ ប្រសិនបើការចំណាយរារាំងមិនឲ្យយុវវ័យម្នាក់ចូលរួមបាន នោះប៊ីស្សពអាចប្រើមូលនិធិគម្រោងថវិកាវួដ ដើម្បីចេញថ្លៃទាំងស្រុង ឬចេញមួយចំណែកនៃការបង់ថ្លៃនេះបាន ។ សូមមើលគេហទំព័រ FSY.ChurchofJesusChrist.org ។
២០.៦.៤
ការផ្ដល់មូលនិធិសម្រាប់ឧបករណ៍ និងគ្រឿងបរិក្ខារ
ប្រសិនបើអាចធ្វើទៅបាន ឧបករណ៍ និងគ្រឿងបរិក្ខារដែលវួដត្រូវការសម្រាប់ការបោះជំរំយុវវ័យប្រចាំឆ្នាំត្រូវទិញដោយមូលនិធិគម្រោងថវិកាវួដ ។ ប្រសិនបើមូលនិធិទាំងនេះមិនគ្រប់គ្រាន់ទេ នោះប៊ីស្សពអាចអនុញ្ញាតឲ្យមានព្រឹត្តិការណ៍រៃអង្គាសថវិកាវួដប្រចាំឆ្នាំមួយបាន ។ សកម្មភាពនេះត្រូវតែអនុលោមទៅតាមគោលការណ៍ណែនាំនៅក្នុង ២០.៦.៥ ។
ឧបករណ៍ និងគ្រឿងបរិក្ខារដែលទិញដោយមូលនិធិគម្រោងថវិកាវួដ ឬប្រាក់ដែលបានមកពីព្រឹត្តិការណ៍រៃអង្គាសថវិកា គឺសម្រាប់តែការប្រើប្រាស់ក្នុងសាសនាចក្រតែប៉ុណ្ណោះ ។ វាមិនមែនសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួននោះទេ ។
២០.៦.៥
ព្រឹត្តិការណ៍រៃអង្គាសថវិកា
ជាធម្មតា ការចំណាយសម្រាប់សកម្មភាពស្ដេក និងវួដត្រូវបានបង់ថ្លៃដោយមូលនិធិគម្រោងថវិកា ។ ទោះជាយ៉ាងណាក៏ដោយ ប្រធានស្តេក ឬប៊ីស្សពអាចអនុម័តឲ្យមានព្រឹត្តិការណ៍រៃអង្គាសថវិកាមួយជារៀងរាល់ឆ្នាំ សម្រាប់គោលបំណងដូចតទៅនេះតែប៉ុណ្ណោះ ៖
-
ដើម្បីជួយបង់ថ្លៃសកម្មភាពដែលមាននៅក្នុង ២០.៦.២ ។
-
ដើម្បីជួយទិញឧបករណ៍ដែលអង្គភាពត្រូវការសម្រាប់ការបោះជំរំប្រចាំឆ្នាំដូចមានចែងនៅក្នុង ២០.៦.៤ ។
ប្រសិនបើមានការរៃអង្គាសថវិកា នោះវាគួរតែផ្ដល់ជាតម្លៃ ឬការបម្រើដ៏មានអត្ថន័យមួយ ។
ថ្នាក់ដឹកនាំត្រូវប្រាកដថា មូលនិធិដែលបានរៃអង្គាសនោះត្រូវបានបែងចែកដោយសមធម៌ ។ ថវិកាសម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុនគឺផ្អែកលើចំនួនយុវជននៅក្នុងវួដ ។ ថវិកាសម្រាប់ក្រុមយុវនារីគឺផ្អែកលើចំនួនយុវនារីនៅក្នុងវួដ ។
ការរួមចំណែកដល់ព្រឹត្តិការណ៍រៃអង្គាសថវិកាគឺជាការស្ម័គ្រចិត្ត ។ ថ្នាក់ដឹកនាំត្រូវប្រាកដថា សមាជិកមិនមានអារម្មណ៍ថាត្រូវតែចូលរួមនោះទេ ។
អង្គភាពដែលឧបត្ថម្ភដល់ការរៃអង្គាសមូលនិធិមិនគួរផ្សព្វផ្សាយ ឬរៃអង្គាសហួសពីព្រំដែនរបស់ពួកគាត់ឡើយ ។ ហើយមិនគួរឲ្យពួកគេលក់ផលិតផល ឬសេវាកម្មតាមផ្ទះនោះដែរ ។
ឧទាហរណ៍នៃសកម្មភាពរៃអង្គាសថវិកា ដែលមិនមានការអនុម័តរួមមាន ៖
-
សកម្មភាពដែលនឹងត្រូវបង់ពន្ធ ។
-
សកម្មភាពដែលបានធ្វើដោយអ្នកធ្វើការដែលទទួលបានប្រាក់កម្រៃ ទាំងដោយបុគ្គលិក ឬដោយកិច្ចសន្យា ។
-
ការកម្សាន្ដដែលស្ដេក ឬវួដត្រូវបង់ថ្លៃលើអ្នកសម្ដែងសម្រាប់សេវាកម្មរបស់ពួកគេ ។
-
ការលក់ផលិតផល ឬសេវាកម្មមកពីអាជីវកម្មពាណិជ្ជកម្ម ។
-
ល្បែងផ្សងសំណាង ដូចជា ចាប់ឆ្នោត ចាក់ឆ្នោត និងឡូតូ ។
-
សកម្មភាពដែលមិនមានសុវត្ថិភាព ។
ករណីលើកលែងចំពោះសេចក្ដីណែនាំទាំងនេះ ត្រូវតែមានការអនុម័តមកពីគណៈប្រធានតំបន់ ។
២០.៧
គោលនយោបាយ និងគោលការណ៍ណែនាំស្ដីពីសុវត្ថិភាពសម្រាប់សកម្មភាព
ថ្នាក់ដឹកនាំត្រូវប្រាកដថា គោលនយោបាយ និងគោលការណ៍ណែនាំស្ដីពីសុវត្ថិភាពខាងក្រោមនេះត្រូវបានអនុវត្តតាមនៅគ្រប់សកម្មភាពទាំងអស់ក្នុងសាសនាចក្រ ។
២០.៧.១
ការគ្រប់គ្រងពីមជ្ឈិមវ័យ
យ៉ាងហោចណាស់ត្រូវតែមានមជ្ឈិមវ័យពីរនាក់ចូលរួមនៅគ្រប់សកម្មភាពក្នុងសាសនាចក្រទាំងអស់ ដែលមានកុមារ និងយុវវ័យចូលរួម ។ មជ្ឈិមវ័យបន្ថែមទៀតអាចចាំបាច់ អាស្រ័យទៅលើទំហំនៃក្រុម ជំនាញដែលតម្រូវឲ្យមានសម្រាប់សកម្មភាពនោះ ឬកត្តាផ្សេងៗទៀត ។ ឪពុកម្តាយត្រូវបានលើកទឹកចិត្តឲ្យជួយ ។
មនុស្សទាំងអស់ដែលធ្វើការជាមួយកុមារ និងយុវវ័យត្រូវតែបញ្ចប់វគ្គបណ្តុះបណ្តាលការការពារកុមារ និងយុវវ័យ ។ សូមមើលគេហទំព័រ ProtectingChildren.ChurchofJesusChrist.org ។
២០.៧.២
តម្រូវការទាក់ទងនឹងអាយុដើម្បីចូលរួមក្នុងសកម្មភាពយុវវ័យ
ដោយមានការអនុម័តពីឪពុកម្ដាយរបស់ពួកគេ យុវវ័យអាចចូលរួមការបោះជំរំដែលមានការសម្រាកនៅពេលយប់ នៅដើមខែមករានៃឆ្នាំដែលពួកគេឈានចូលអាយុ ១២ ឆ្នាំ ។ ពួកគេអាចចូលរួមក្នុងការរាំ សន្និសីទយុវវ័យ និងសន្និសីទ ដ.ក.យ. នៅដើមខែមករានៃឆ្នាំដែលពួកគេឈានចូលអាយុ ១៤ ឆ្នាំ ។
២០.៧.៣
ធានារ៉ាប់រង
២០.៧.៣.១
ធានារ៉ាប់រងយានយន្ដផ្ទាល់ខ្លួន
សូមមើល ២០.៧.៧ ។
២០.៧.៣.២
ធានារ៉ាប់រងសុខភាពផ្ទាល់ខ្លួន និងឧបទ្ទវហេតុ
នៅក្នុងតំបន់ជាច្រើនក្នុងពិភពលោកនេះ ការមានធានារ៉ាប់រងសុខភាពផ្ទាល់ខ្លួន និងឧបទ្ទវហេតុ គឺមានតាមរយៈនិយោជក ឬកម្មវិធីរបស់រដ្ឋាភិបាល ។ សមាជិកដែលមានការធានារ៉ាប់រងនេះគួរតែទទួលបានប្រយោជន៍ដែលមានទាំងអស់ ប្រសិនបើពួកគេបានជួបនឹងគ្រោះថ្នាក់មួយអំឡុងពេលធ្វើសកម្មភាពក្នុងសាសនាចក្រ មុនពេលស្វែងរកជំនួយមកពីការធានារ៉ាប់រងសកម្មភាពសាសនាចក្រ ( សូមមើល ២០.៧.៣.៤ ) ។
២០.៧.៣.៣
ធានារ៉ាប់រងនៃការទទួលខុសត្រូវផ្ទាល់ខ្លួន
សាសនាចក្រទូន្មានឲ្យសមាជិក និងថ្នាក់ដឹកនាំទាំងឡាយដែលមើលការខុសត្រូវលើសកម្មភាពសាសនាចក្រចេះការពារខ្លួនគេ តាមរយៈការមានធានារ៉ាប់រងនៃការទទួលខុសត្រូវផ្ទាល់ខ្លួនក្នុងចំនួនសមរម្យមួយ បើអាចធ្វើទៅបាន ។ ធានារ៉ាប់រងបែបនោះអាចមានតាមរយៈធានារ៉ាប់រងជាម្ចាស់ផ្ទះ ឬគោលនយោបាយផ្សេងទៀត ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល « FAQs—What Should I Do? » នៅលើគេហទំព័រ ChurchofJesusChrist.org ។
២០.៧.៣.៤
កម្មវិធីជំនួយសកម្មភាពវេជ្ជសាស្ត្រក្នុងសាសនាចក្រ
នៅសហរដ្ឋអាមេរិក និងកាណាដា កម្មវិធីជំនួយវេជ្ជសាស្ដ្រក្នុងសកម្មភាពសាសនាចក្រ ( ជ.វ.ស.ស. ) ផ្ដល់ជាជំនួយខាងវេជ្ជសាស្ដ្រ និងទន្ដសាស្ដ្របន្ទាប់បន្សំសម្រាប់គ្រោះថ្នាក់ ដែលកើតមានឡើងអំឡុងពេលចូលរួមក្នុងសកម្មភាពសាសនាចក្រ ។ វាក៏ផ្ដល់ជំនួយដល់ពិធីបុណ្យសពផងដែរ ប្រសិនបើចាំបាច់ ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីជួយផ្គត់ផ្គង់ ប៉ុន្ដែមិនមែនជំនួសឲ្យការធានារ៉ាប់រងសុខភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់នោះទេ ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល « FAQs—What Should I Do? » នៅលើគេហទំព័រ ChurchofJesusChrist.org ។
ប្រសិនបើមានឧបទ្ទវហេតុមួយកើតឡើងអំឡុងពេលព្រឹត្តិការណ៍ដែលឧបត្ថម្ភដោយសាសនាចក្រ នោះថ្នាក់ដឹកនាំសម្រេចថាតើអាចត្រូវចាំបាច់ប្រើ ជ.វ.ស.ស. ដែរឬអត់ ។ អ្នកដឹកនាំគ្រប់រូបអាចរាយការណ៍អំពីឧបទ្ទវហេតុមួយបាននៅក្នុងប្រព័ន្ធរាយការណ៍ឧបទ្ទវហេតុសាកលតាមគេហទំព័រ incidents.ChurchofJesusChrist.org ។ ប្រសិនបើអ្នកដឹកនាំនោះបង្ហាញថា ការព្យាបាលគឺហួសពីការរំពឹងទុកពីជំនួយបឋម នោះត្រូវជូនដំណឹងទៅកាន់ប៊ីស្សព ហើយគាត់នឹងទទួលបានព័ត៌មានចុះឈ្មោះ ។ ប៊ីស្សពពិចារណាពីសមត្ថភាពបង់ថ្លៃចំណាយវេជ្ជសាស្ដ្ររបស់បុគ្គលនោះតាមមធ្យោបាយផ្សេងទៀត ដូចជាការមានធានារ៉ាប់រងផ្ទាល់ខ្លួន ឬធនធានផ្សេងទៀត ។ គាត់អាចអនុញ្ញាតឲ្យប្រើមូលនិធិ ជ.វ.ស.ស. បានប្រសិនបើគាត់មានអារម្មណ៍ថា វាគឺជារឿងសមរម្យនោះ ។
សម្រាប់ព័ត៌មានបន្ថែម សូមមើល ក្បួនខ្នាតជំនួយវេជ្ជសាស្ដ្រក្នុងសកម្មភាពសាសនាចក្រ ។ ដើម្បីទទួលបានក្បួនខ្នាតនេះ សូមទាក់ទងទៅ ៖
Deseret Mutual Benefit Administrators
P.O. Box 45530
Salt Lake City, UT 84145-0530
ទូរសព្ទ ៖ ១-៨០១-៥៧៨-៥៦៥០ ឬ ១-៨០០-៧៧៧-១៦៤៧
អ៊ីម៉ែល ៖ churchactivity@dmba.com
គេហទំព័រ ៖ dmba.com/churchactivity
២០.៧.៣.៥
វិញ្ញាបនបត្រធានារ៉ាប់រង
ជាញឹកញាប់ សាសនាចក្រត្រូវបានសូមឲ្យផ្ដល់ភស្ដុតាងអំពីធានារ៉ាប់រងសម្រាប់សកម្មភាពនានា ។ សំណើទាំងនេះកើតមានដោយសារតែកិច្ចព្រមព្រៀងជួល កិច្ចសន្យា ឬការអនុញ្ញាតដែលទាក់ទងនឹងសកម្មភាពនានា ។
នៅសហរដ្ឋអាមេរិក និងកាណាដា ថ្នាក់ដឹកនាំអាចទទួលបានវិញ្ញាបនបត្រមួយដែលបង្ហាញពីភស្ដុតាងធានារ៉ាប់រងនៅលើគេហទំព័រ InsuranceCertificates.ChurchofJesusChrist.org ។ នៅក្រៅសហរដ្ឋអាមេរិក និងកាណាដា ថ្នាក់ដឹកនាំគួរតែទាក់ទងទៅកាន់ការិយាល័យប្រចាំតំបន់ ។ សំណើទាំងនេះគួរតែរួមមាន ៖
-
ឈ្មោះ និងអាសយដ្ឋាននៃអង្គការដែលតម្រូវឲ្យមានភស្ដុតាងធានារ៉ាប់រង ។
-
ការពិពណ៌នា និងទីតាំងនៃអគារ ប្រសិនបើជួលអគារមួយ ។
-
តម្រូវឲ្យមានកម្រិតនៃការទទួលខុសត្រូវ ។
-
ព័ត៌មានដែលទាក់ទងផ្សេងទៀតអំពីសកម្មភាពនេះ ។
ថ្នាក់ដឹកនាំគួរតែដាក់ផែនការឲ្យបានយូរទុកជាមុន ដើម្បីអនុញ្ញាតឲ្យមានពេលវេលារៀបចំវិញ្ញាបនបត្រនេះ ។
២០.៧.៤
ការអនុញ្ញាតពីឪពុកម្ដាយ
កុមារ និងយុវវ័យមិនអាចចូលរួមនៅក្នុងសកម្មភាពសាសនាចក្រដោយគ្មានការអនុញ្ញាតពីឪពុកម្ដាយ ឬអាណាព្យាបាលរបស់ពួកគេបាននោះទេ ។ សម្រាប់សកម្មភាពសាសនាចក្រដែលរួមមានការស្នាក់នៅយប់ឡើង ការធ្វើដំណើរក្នុងរយៈចម្ងាយឆ្ងាយ ឬមានហានិភ័យខ្ពស់ជាងសព្វមួយដង នោះចាំបាច់ត្រូវតែមានការយល់ព្រមជាលាយលក្ខណ៍អក្សរ ។ សកម្មភាពមួយចំនួនអាចតម្រូវឲ្យមានការដាក់ផែនការបន្ថែមទៀតដើម្បីកាត់បន្ថយហានិភ័យ ។ សុវត្ថិភាពគួរតែជាចំណុចពិចារណាដ៏សំខាន់ជាងគេជានិច្ច ។ សូមមើល ២០.៧.៦.១ ។
ឪពុកម្ដាយ និងអាណាព្យាបាលផ្ដល់ការយល់ព្រមនេះតាមរយៈការចុះហត្ថលេខាលើ ទម្រង់បែបបទស្ដីពីការអនុញ្ញាត និងការចេញវេជ្ជសាស្ដ្រ ។ បុគ្គលដែលដឹកនាំសកម្មភាពនេះ គួរតែមានទម្រង់បែបបទចុះហត្ថលេខាមួយសម្រាប់អ្នកចូលរួមម្នាក់ៗ ។
២០.៧.៥
ការរាយការណ៍ពីការរំលោភបំពាន
ការរំលោភបំពានគ្រប់ទម្រង់ទាំងអស់ដែលកើតឡើងនៅក្នុងសកម្មភាពសាសនាចក្រ គួរតែត្រូវបានរាយការណ៍ទៅកាន់អាជ្ញាធរស៊ីវិល ។ អ្នកគួរតែទាក់ទងទៅកាន់ប៊ីស្សពភ្លាមៗ ។ សេចក្តីណែនាំសម្រាប់សមាជិកទាំងឡាយមាននៅក្នុង ៣៨.៦.២.៧ ។ សេចក្តីណែនាំសម្រាប់ប៊ីស្សពមាននៅក្នុង ៣៨.៦.២.១ ។
សម្រាប់និយមន័យនៃការរំលោភបំពាន សូមមើល ៣៨.៦.២.៣ និង ៣៨.៦.២.៤ ។
២០.៧.៦
បម្រាមស្ដីពីសុវត្ថិភាព ការឆ្លើយតបនឹងឧបទ្ទវហេតុ និងការរាយការណ៍អំពីឧបទ្ទវហេតុ
២០.៧.៦.១
បម្រាមស្ដីពីសុវត្ថិភាព
ថ្នាក់ដឹកនាំ និងអ្នកចូលរួមទាំងឡាយចូលរួមក្នុងសកម្មភាពនានាដោយប្រយ័ត្នប្រយែង ដើម្បីធានាឲ្យបានថាមានការប្រថុយប្រថាននឹងគ្រោះថ្នាក់ ឬជំងឺតិចតួចបំផុត ។ សកម្មភាពទាំងឡាយក៏គួរតែពាក់ព័ន្ធនឹងការប្រថុយប្រថាននឹងការខូចខាតដល់ទ្រព្យសម្បត្តិតិចតួចបំផុតផងដែរ ។ អំឡុងពេលធ្វើសកម្មភាព ថ្នាក់ដឹកនាំខិតខំឲ្យអស់ពីសមត្ថភាពដើម្បីធានាបាននូវសុវត្ថិភាព ។ តាមរយៈការរៀបចំផែនការដោយមានប្រសិទ្ធភាព និងការធ្វើតាមបម្រាមស្ដីពីសុវត្ថិភាព នោះថ្នាក់ដឹកនាំអាចកាត់បន្ថយហានិភ័យនៃឧបទ្ទវហេតុឲ្យនៅកម្រិតទាបបំផុត ។
សកម្មភាពទាំងឡាយគួរតែមាននូវការបំពាក់បំប៉ន និងការគ្រប់គ្រងឲ្យបានត្រឹមត្រូវ ។ សកម្មភាពទាំងឡាយក៏គួរតែធ្វើឲ្យសមតាមអាយុ កាយសម្បទា និងភាពចាស់ទុំរបស់អ្នកចូលរួមផងដែរ ។
ថ្នាក់ដឹកនាំណែនាំអ្នកចូលរួមទាំងអស់អំពីការអនុវត្តប្រកបដោយសុវត្ថិភាពទាក់ទងទៅនឹងសកម្មភាពនោះ ។ នៅពេលសកម្មភាពតម្រូវឲ្យមានជំនាញ ឬបទពិសោធន៍ខាងរូបកាយជាក់លាក់ នោះវាអាចនឹងចាំបាច់ដើម្បីទទួលបានការបំពាក់បំប៉នពីអ្នកជំនាញ ឬប្រើការណែនាំប្រកបដោយវិជ្ជាជីវៈ ។
ថ្នាក់ដឹកនាំគួរតែត្រៀមខ្លួនជាស្រេចសម្រាប់ករណីបន្ទាន់ ។ ពួកគាត់ក៏គួរតែដឹងជាមុនផងដែរអំពីរបៀបទាក់ទងទៅកាន់អាជ្ញាធរច្បាប់ក្នុងមូលដ្ឋាន និងសេវាសង្គ្រោះបន្ទាន់ផ្សេងៗ ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល « FAQs—What Should I Do? » នៅលើគេហទំព័រ ChurchofJesusChrist.org ។
២០.៧.៦.២
ការឆ្លើយតបនឹងឧបទ្ទវហេតុ
ប្រសិនបើឧបទ្ទវហេតុមួយ ឬគ្រោះថ្នាក់មួយកើតមាននៅក្នុងបរិវេណសាសនាចក្រ ឬអំឡុងពេលមានសកម្មភាពសាសនាចក្រ នោះថ្នាក់ដឹកនាំអនុវត្តតាមគោលការណ៍ណែនាំដូចតទៅនេះ ប្រសិនបើអនុវត្តបាន ៖
-
ផ្ដល់ជំនួយបឋម ។ ប្រសិនបើបុគ្គលម្នាក់ត្រូវការជំនួយផ្នែកវេជ្ជសាស្ដ្របន្ថែម សូមទាក់ទងទៅកាន់សេវាកម្មវេជ្ជសាស្ដ្រ ។ សូមទាក់ទងទៅកាន់ឪពុក ឬម្ដាយ អាណាព្យាបាល ឬទៅកាន់សាច់ញាតិជិតដិតដទៃទៀត ព្រមទាំងប៊ីស្សព ឬប្រធានស្ដេកផងដែរ ។
-
ប្រសិនបើនរណាម្នាក់បាត់ខ្លួន ឬស្លាប់ នោះសូមជូនដំណឹងទៅកាន់អាជ្ញាធរផ្លូវច្បាប់ក្នុងមូលដ្ឋានភ្លាមៗ ។ សូមធ្វើការសហការជាមួយពួកគាត់យ៉ាងពេញលេញ ។
-
ផ្តល់ការគាំទ្រផ្នែកសតិអារម្មណ៍ ។
-
មិនលើកទឹកចិត្ត ឬមិនបំបាក់ទឹកចិត្តទាក់ទងនឹងវិធានការណ៍ផ្លូវច្បាប់ ។ មិនធ្វើការតាំងចិត្តជំនួសឲ្យសាសនាចក្រ ។
-
ប្រមូល និងរក្សាទុកឈ្មោះសាក្សីទាំងឡាយ ព័ត៌មានទំនាក់ទំនងរបស់ពួកគេ ដើមហេតុដែលបានកើតឡើង និងរូបថត ។
-
រាយការណ៍ពីឧបទ្ទវហេតុនេះ ( សូមមើល ២០.៧.៦.៣ ) ។
២០.៧.៦.៣
ការរាយការណ៍អំពីឧបទ្ទវហេតុ
ស្ថានភាពដូចតទៅនេះគួរតែត្រូវបានរាយការណ៍តាមអ៊ីនធឺណិត តាមរយៈគេហទំព័រ incidents.ChurchofJesusChrist.org ។ ប៊ីស្សព ប្រធានស្តេក ឬសមាជិកដែលគាត់ចាត់តាំងដែលដឹងពីឧបទ្ទវហេតុនេះធ្វើការរាយការណ៍ជាបន្ទាន់ ។
-
ឧបទ្ទវហេតុ ឬគ្រោះថ្នាក់ដែលកើតឡើងនៅលើទ្រព្យសម្បត្តិសាសនាចក្រ ឬអំឡុងពេលធ្វើសកម្មភាពក្នុងសាសនាចក្រ ។
-
បុគ្គលដែលចូលរួមនៅក្នុងសកម្មភាពសាសនាចក្របានបាត់ខ្លួន ។
-
ទ្រព្យសម្បត្តិឯកជន សាធារណៈ ឬទ្រព្យសម្បត្តិសាសនាចក្ររងការខូចខាតអំឡុងពេលសកម្មភាពសាសនាចក្រ ។
-
មានគេគំរាម ឬរំពឹងទុកថានឹងមានវិធានការណ៍ផ្លូវច្បាប់ ។
ប្រសិនបើព្រឹត្តិការណ៍មួយនាំឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ គ្រោះថ្នាក់ដល់ជីវិត ឬការបាត់ខ្លួនមនុស្ស នោះប្រធានស្ដេក ប៊ីស្សព ឬសមាជិកដែលគាត់ចាត់តាំង ត្រូវធ្វើសកម្មភាពដូចខាងក្រោមនេះមួយភ្លាមៗ ៖
-
នៅក្នុងសហរដ្ឋ ឬប្រទេសកាណាដា ដំបូងសូមជូនដំណឹងទៅការិយាល័យផ្នែកគ្រប់គ្រងហានិភ័យ នៅទីស្នាក់ការកណ្តាលនៃសាសនាចក្រ ( ១–៨០១–២៤០–៤០៤៩ ឬ ១–៨០០–៤៥៣–៣៨៦០ លេខខ្នែង ២–៤០៤៩; បន្ទាប់ពីម៉ោងធ្វើការ ឬចុងសប្តាហ៍ សូមទូរសព្ទទៅលេខ ១–៨០១–២៤០–១០០០ ឬ ១–៨០០–៤៥៣–៣៨៦០ រួចហើយអ្នកប្រតិបត្តិការនឹងទាក់ទងទៅមនុស្សម្នាក់ភ្លាម ) ។ បន្ទាប់មក សូមទាក់ទងទៅគណៈប្រធានតំបន់ ។
-
នៅក្រៅសហរដ្ឋ និងប្រទេសកាណាដា សូមជូនដំណឹងទៅកាន់ការិយាល័យប្រចាំតំបន់ ។
ប្រធានស្ដេក ឬប៊ីស្សពក៏រាយការណ៍អំពីគ្រោះថ្នាក់ និងការខូចខាត ដែលជាប់ទាក់ទងនឹងអគារសាសនាចក្រ ឬទ្រព្យសម្បត្តិសាសនាចក្រទៅកាន់អ្នកគ្រប់គ្រងអគារសាសនាចក្រផងដែរ ។
សម្រាប់ព័ត៌មានបន្ថែម សូមមើល « FAQs—What Should I Do? » នៅលើគេហទំព័រ ChurchofJesusChrist.org ។
២០.៧.៦.៤
ធានារ៉ាប់រ៉ង និងសំណួរទាំងឡាយ
ប្រសិនបើមានគ្រោះថ្នាក់កើតឡើងអំឡុងពេលព្រឹត្តិការណ៍មួយក្នុងសាសនាចក្រ នោះថ្នាក់ដឹកនាំសម្រេចថាតើអាចត្រូវអនុវត្តជំនួយវេជ្ជសាស្ដ្រក្នុងសកម្មភាពសាសនាចក្រដែរឬអត់ ( សូមមើល ២០.៧.៣.៤ ) ។
នៅក្នុងករណីមួយចំនួន ប្រធានស្តេក ឬប៊ីស្សពអាចមានសំណួរអំពីបញ្ហាសុវត្ថិភាព ឬការទាមទារពីសាសនាចក្រ ។ ប្រធានស្តេក ( ឬប៊ីស្សពនៅក្រោមការដឹកនាំរបស់គាត់ ) បញ្ជូនសំណួរបែបនោះទៅកាន់ការិយាល័យផ្នែកគ្រប់គ្រងហានិភ័យ ឬទៅកាន់ការិយាល័យប្រចាំតំបន់ ។
២០.៧.៧
ការធ្វើដំណើរ
ការធ្វើដំណើរសម្រាប់សកម្មភាពសាសនាចក្រគួរតែត្រូវបានអនុម័តដោយប៊ីស្សព ឬប្រធានស្ដេក ។ ការធ្វើដំណើរនេះមិនគួរដាក់បន្ទុកហួសហេតុទៅលើសមាជិកនោះទេ ។ ការធ្វើដំណើរក្នុងរយៈចម្ងាយឆ្ងាយសម្រាប់សកម្មភាពនានាគឺមិនត្រូវបានលើកទឹកចិត្តនោះទេ ។
នៅក្នុងស្ថានភាពលើកលែងមួយចំនួន ប្រធានស្តេក ឬប៊ីស្សពអាចមានអារម្មណ៍ថា ការធ្វើដំណើរក្នុងរយៈចម្ងាយឆ្ងាយសម្រាប់សកម្មភាពមួយគឺមិនអីទេ ។ គាត់ពិចារណាប្រកបដោយការអធិស្ឋានអំពីផលប្រយោជន៍ខាងវិញ្ញាណដែលអាចមានពីសកម្មភាពនេះ ការចំណាយ និងឥទ្ធិពលទៅលើក្រុមគ្រួសារ ។ ប្រសិនបើគាត់អនុម័តលើការធ្វើដំណើរបែបនោះ សមាជិកមិនគួរចេញថ្លៃចំណាយដោយខ្លួនឯងនោះទេ ។
ការអនុវត្តស្ដីពីការធ្វើដំណើរ និងការអនុវត្តតាមគោលការណ៍ណែនាំនៅក្នុងវគ្គនេះ គួរតែត្រូវគ្នានឹងអង្គភាពផ្សេងទៀតក្នុងតំបន់ដូចគ្នា ឬក្រុមប្រឹក្សាសម្របសម្រួលដូចគ្នា ។ ប្រធានស្តេកអាចពិភាក្សា និងយល់ព្រមលើការអនុវត្តស្ដីពីការធ្វើដំណើរនេះនៅក្នុងការប្រជុំក្រុមប្រឹក្សាសម្របសម្រួល ។
ថ្នាក់ដឹកនាំបំពេញតាម ទម្រង់បែបបទគម្រោងព្រឹត្តិការណ៍ និងសកម្មភាព សម្រាប់សកម្មភាពដែលពាក់ព័ន្ធនឹងការធ្វើដំណើរក្នុងរយៈចម្ងាយឆ្ងាយទាំងឡាយ ។
នៅពេលសកម្មភាពសាសនាចក្រសម្រាប់យុវវ័យពាក់ព័ន្ធនឹងការធ្វើដំណើរក្នុងរយៈចម្ងាយឆ្ងាយ ឬការស្នាក់នៅពេលយប់ នោះឪពុកម្ដាយ ឬអាណាព្យាបាលត្រូវតែផ្ដល់ការអនុញ្ញាតជាលាយលក្ខណ៍អក្សរដើម្បីឲ្យកូនៗរបស់ពួកគាត់ចូលរួម ( សូមមើល ២០.៧.៤ ) ។ ត្រូវតែមានការគ្រប់គ្រងពីមជ្ឈិមវ័យដែលមានការទទួលខុសត្រូវ ( សូមមើល ២០.៧.១ ) ។
នៅពេលណាអាចធ្វើបាន ក្រុមក្នុងសាសនាចក្រគួរតែប្រើមធ្យោបាយដឹកជញ្ជូនពាណិជ្ជកម្មសម្រាប់ការធ្វើដំណើរក្នុងរយៈចម្ងាយឆ្ងាយ ។ វាគួរតែមានអាជ្ញាប័ណ្ណ និងបានការពារដោយធានារ៉ាប់រងដែលមានការទទួលខុសត្រូវ ។
នៅពេលក្រុមក្នុងសាសនាចក្រធ្វើដំណើរក្នុងយានយន្ដដឹកអ្នកដំណើរឯកជន នោះយានយន្ដនីមួយៗត្រូវមានលក្ខខណ្ឌប្រតិបត្តិការសុវត្ថិភាពល្អ ។ បុគ្គលម្នាក់ៗគួរតែដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ។ អ្នកបើកបរគ្រប់រូបគួរតែជាមជ្ឈិមវ័យម្នាក់ដែលមានប័ណ្ណបើកបរ និងមានការទទួលខុសត្រូវ ។ យានយន្ដ និងអ្នកបើកបរទាំងអស់គួរតែមានការធានារ៉ាប់រងលើការទទួលខុសត្រូវយានយន្ដក្នុងចំនួនសមរម្យ ។ ផែនការគួរតែមានដើម្បីធានាឲ្យបានថា អ្នកបើកបរនៅមានស្មារតីល្អ និងប្រុងប្រយ័ត្ន ។ នៅពេលណាដែលអាចធ្វើបាន មជ្ឈិមវ័យម្នាក់មិនគួរនៅក្នុងយានយន្ដតែឯងជាមួយនឹងយុវវ័យឡើយ លុះត្រាតែយុវវ័យនោះគឺជាកូនរបស់គាត់ ។
អង្គការសាសនាចក្រមិនអាចធ្វើជាម្ចាស់ ឬទិញយានយន្ដ ឬឡានក្រុងសម្រាប់ការធ្វើដំណើរជាក្រុមឡើយ ។
បុរសម្នាក់ និងស្រ្តីម្នាក់មិនគួរធ្វើដំណើរតែពីរនាក់សម្រាប់សកម្មភាពសាសនាចក្រ ការប្រជុំ ឬការចាត់តាំងនោះទេ លើកលែងតែពួកគេបានរៀបការនឹងគ្នា ឬនៅលីវទាំងពីរនាក់ ។
សម្រាប់ព័ត៌មានបន្ថែម សូមមើល « FAQs—What Should I Do? » នៅលើគេហទំព័រ ChurchofJesusChrist.org ។
២០.៨
គោលនយោបាយគ្រប់គ្រងសកម្មភាព
ថ្នាក់ដឹកនាំត្រូវប្រាកដថា គោលនយោបាយ និងគោលការណ៍ណែនាំខាងក្រោមនេះត្រូវបានអនុវត្តតាម នៅពេលធ្វើសកម្មភាពទាំងអស់ក្នុងសាសនាចក្រ ។
២០.៨.១
សម្ភារដែលមានការរក្សាសិទ្ធិ
សូមមើល ៣៨.៨.១០ ។
២០.៨.២
ការជួលអគារក្រៅសាសនាចក្រសម្រាប់សកម្មភាព
នៅពេលអគារសាសនាចក្រមិនមានកន្លែងគ្រប់គ្រាន់សម្រាប់សកម្មភាពស្ដេក ឬពហុស្ដេកទេ នោះអ្នកអាចជួលអគារបាន ដោយមានការអនុម័តមកពីប្រធានស្ដេក ។ ការស្នើសុំបែបនេះត្រូវចាត់ចែងដោយអ្នកគ្រប់គ្រងអគារសាសនាចក្រ ។
អង្គភាពក្នុងមូលដ្ឋានអាចត្រូវបានសូមឲ្យបង្ហាញភស្ដុតាងអំពីការទទួលខុសត្រូវផ្នែកធានារ៉ាប់រង នៅពេលជួល ឬប្រើប្រាស់អគារដែលមិនមែនជាកម្មសិទ្ធិរបស់សាសនាចក្រ ។ សម្រាប់ព័ត៌មានអំពីរបៀបដើម្បីទទួលបានវិញ្ញាបនបត្រធានារ៉ាប់រង សូមមើល ២០.៧.៣.៥ ។
២០.៨.៣
សកម្មភាពដែលមានជាប់ពន្ធ
ថ្នាក់ដឹកនាំត្រូវប្រាកដថា សកម្មភាពទាំងឡាយមិនគួរធ្វើឲ្យខូចដល់ស្ថានភាពការអនុគ្រោះពន្ធរបស់សាសនាចក្រឡើយ ។ សម្រាប់គោលការណ៍ណែនាំ សូមមើល ៣៤.៨.១ ។