ក្បួនខ្នាត និង​ការហៅ
៣២. ការប្រែចិត្ត និង​ក្រុមប្រឹក្សា​សមាជិកភាព​សាសនាចក្រ


« ៣២. ការប្រែចិត្ត និង​ក្រុមប្រឹក្សា​សមាជិកភាព​សាសនាចក្រ » ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( ឆ្នាំ ២០២០ ) ។

« ៣២. ការប្រែចិត្ត និង​ក្រុមប្រឹក្សា​សមាជិកភាព​សាសនាចក្រ » ក្បួនខ្នាត​ទូទៅ ។

បុរស និង​ស្ត្រី​កំពុង​ចាប់ដៃ​គ្នា

៣២.

ការប្រែចិត្ត និង​ក្រុមប្រឹក្សា​សមាជិកភាព​សាសនាចក្រ

៣២.០

សេចក្តីផ្ដើម

ការប្រែចិត្ត​ភាគច្រើន​កើតឡើង​រវាង​បុគ្គល​ម្នាក់ ព្រះ និង​អស់​អ្នក​ទាំងឡាយ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​អំពើបាប​របស់​មនុស្ស​ម្នាក់ ។ ទោះជា​យ៉ាងណា​ក្ដី ពេលខ្លះ​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​ត្រូវ​ជួយ​សមាជិក​សាសនាចក្រ​នៅក្នុង​ការខិតខំ​ដើម្បី​ប្រែចិត្ត​របស់​ពួកគេ ។

ពេល​ជួយ​សមាជិក​ក្នុង​ការប្រែចិត្ត ប៊ីស្សព និង​ប្រធាន​ស្តេក​ត្រូវ​ពេញ​ដោយ​ក្ដីស្រឡាញ់ និង​ការយក​ចិត្ត​ទុកដាក់ ។ ពួកគាត់​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ដែល​បាន​លើក​ស្ទួយ​បុគ្គល​ទាំងឡាយ និង​បាន​ជួយ​ពួកគេ​ឲ្យ​ងាក​ចេញពី​អំពើបាប ហើយ​បែរ​ទៅរក​ព្រះ ( សូមមើល ម៉ាថាយ ៩:១០–១៣; យ៉ូហាន ៨:៣–១១ ) ។

ដូច​បាន​បង្ហាញ​ខាងក្រោម ជំពូក​នេះ​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ណែនាំ​ថ្នាក់ដឹកនាំ​ក្នុង​ការធ្វើ​ការសម្រេច​ចិត្ត និង​ការធ្វើ​សកម្មភាព​ដ៏​សំខាន់​នានា ដែល​ចាំបាច់​ដើម្បី​ជួយ​នរណាម្នាក់​ឲ្យ​ប្រែចិត្ត​ពី​អំពើបាប​ធ្ងន់ធ្ងរ ហើយ​ជួយ​ការពារ​មនុស្ស​ដទៃ ។

  • តួនាទី​របស់​សាសនាចក្រ​ក្នុង​ការជួយ​បុគ្គល​ម្នាក់​ឲ្យ​ប្រែចិត្ត ។ វគ្គ ៣២.១–៣២.៤ ពន្យល់​អំពី​គោលលទ្ធិ​នៃ​ការប្រែចិត្ត និង​ការអភ័យ​ទោស​របស់​ព្រះអម្ចាស់ ។ វគ្គ​ទាំងនេះ​ក៏​ពន្យល់​អំពី​គោលបំណង​ចំនួន​បី​នៃ​ការដាក់​កំហិត ឬ​ការដកហូត​សមាជិកភាព​ក្នុង​សាសនាចក្រ​ផងដែរ ។ លើស​ពី​នេះ វា​ពន្យល់​ពី​តួនាទី​របស់​ប៊ីស្សព និង​ប្រធាន​ស្តេក​នៅក្នុង​ការជួយ​ដល់​ការប្រែចិត្ត ។

  • ការកំណត់​ពី​មធ្យោបាយ​ក្នុង​ការជួយ​បុគ្គល​ម្នាក់​ឲ្យ​ប្រែចិត្ត ។ វគ្គ ៣២.៥–៣២.៧ ផ្ដល់​នូវ​គោលការណ៍​ណែនាំ​នានា​នៅក្នុង​ការសម្រេច​ចិត្ត​ថា តើ​ក្រុមប្រឹក្សា​សមាជិកភាព ឬ​ការប្រឹក្សា​ផ្ទាល់ខ្លួន​ជា​មធ្យោបាយ​សមរម្យ​ក្នុង​ការជួយ​នរណាម្នាក់​ឲ្យ​ប្រែចិត្ត​ឬ​អត់ ។

  • ការផ្ដល់​ការប្រឹក្សា​ផ្ទាល់ខ្លួន ។ វគ្គ ៣២.៨ ផ្ដល់​នូវ​គោលការណ៍​ណែនាំ​នានា​សម្រាប់​ការប្រឹក្សា​ផ្ទាល់ខ្លួនមក​ពី​សំណាក់​ប៊ីស្សព ឬ​ប្រធាន​ស្ដេក ។ វា​ក៏​ពន្យល់​អំពី​ការដាក់​កំហិត​លើ​សមាជិកភាព​សាសនាចក្រ​ក្រៅ​ផ្លូវការ​ផងដែរ ។

  • ការគ្រប់គ្រង​ក្រុមប្រឹក្សា​សមាជិកភាព​សាសនាចក្រ ។ វគ្គ ៣២.៩–៣២.១៤ ពន្យល់​អំពី​អ្នក​ដែល​មាន​ការទទួល​ខុសត្រូវ​លើ​ក្រុមប្រឹក្សា​សមាជិកភាព របៀប​ដឹកនាំ​ក្រុមប្រឹក្សា​នេះ និង​ការសម្រេចចិត្ត​ទាំងឡាយ​ដែល​អាច​មាន ។ លទ្ធផល​នៃ​ការសម្រេច​ចិត្ត​ទាំងនោះ​ក៏​ត្រូវបាន​ពន្យល់​ផងដែរ ។

  • ការប្រគល់​អភ័យ​ឯកសិទ្ធិ​សមាជិកភាព​ក្នុង​សាសនាចក្រ​ឲ្យវិញ ។ វគ្គ ៣២.១៥–៣២.១៧ ពន្យល់​អំពី​របៀប​ដែល​បុគ្គល​ម្នាក់​អាច​ស្ដារ​អភ័យ​ឯកសិទ្ធិ​សមាជិកភាព​ក្នុង​សាសនាចក្រ​ឡើងវិញ​បាន​តាមរយៈ​ការប្រែចិត្ត ។

លើក​លែង​តែ​មាន​ការកត់​ចំណាំ បើ​ពុំ​ដូច្នោះ​ទេ​សេចក្ដីយោង​ទៅកាន់​ប្រធាន​ស្ដេក​ក៏​អនុវត្ត​ចំពោះ​ប្រធាន​បេសកកម្ម​ផងដែរ ។ សេចក្ដីយោង​ទៅកាន់​ប៊ីស្សព​ក៏​អនុវត្ត​ចំពោះ​ប្រធាន​សាខា​ផងដែរ ។

គណៈប្រធាន​ទីមួយ​ឲ្យ​និយមន័យ​អំពី​គោលនយោបាយ និង​នីតិវិធី​ជាច្រើន​សម្រាប់​ការប្រែចិត្ត​ពី​អំពើបាប​ធ្ងន់ធ្ងរ ។ ការិយាល័យ​កំណត់ត្រា​សម្ងាត់​របស់​សាសនាចក្រ​គាំទ្រ​ដល់​គណៈប្រធាន​ទីមួយ ។ ប្រធាន​ស្តេក ឬ​ប៊ីស្សព​អាច​ទាក់ទង​ទៅ​ការិយាល័យ​នោះ​បាន បើ​មាន​សំណួរ​អំពី​ផ្នែក​រដ្ឋបាល ឬ​គោលនយោបាយ ។ ការិយាល័យ​នោះ​ក៏អាច​ផ្ដល់​ការណែនាំ​ស្ដីពី​របៀប​ដាក់បញ្ជូន​សំណើ​ទៅកាន់​ការិយាល័យ​គណៈប្រធាន​ទីមួយ​ផងដែរ ។ ព័ត៌មាន​ទំនាក់ទំនង​មាន​ដូច​ខាងក្រោម ៖

ទូរសព្ទ ៖ ១–៨០១–២៤០–២០៥៣ ឬ ១–៨០០–៤៥៣–៣៨៦០ លេខខ្នែង ២–២០៥៣

ទូរសព្ទ​មិន​គិត​ថ្លៃ ( លេខ​ទូរសព្ទ ន.ស.ស. ) ៖ ៨៥៥‑៥៣៧‑៤៣៥៧

អ៊ីម៉ែល ៖ ConfidentialRecords@ChurchofJesusChrist.org


តួនាទី​របស់​សាសនាចក្រ​ក្នុង​ការជួយ​បុគ្គល​ម្នាក់​ឲ្យ​ប្រែចិត្ត


៣២.១

ការប្រែចិត្ត និង ការអភ័យទោស

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « គ្មាន​អ្វី​ដែល​ឥត​ស្អាត​អាច​គ្រង​នគរ​ស្ថានសួគ៌​ទុកជា​មរតក​បាន​ឡើយ » ( អាលម៉ា ១១:៣៧; សូមមើល​ផងដែរ នីហ្វៃ​ទី​៣ ២៧:១៩ ) ។ អំពើបាប​របស់​យើង​ធ្វើឲ្យ​យើង​មិន​ស្អាត​—​មិន​ស័ក្ដិសម​នឹង​រស់នៅ​ក្នុង​វត្តមាន​របស់​ព្រះវរបិតាសួគ៌​យើង ។ វា​ក៏​នាំ​ឲ្យ​យើង​មាន​ការឈឺចិត្ត​នៅក្នុង​ជីវិត​នេះ​ផងដែរ ។

ក្រឹត្យវិន័យ​នៃ​សេចក្ដី​យុត្តិធម៌​របស់​ព្រះ​មាន​នូវ​លទ្ធផល នៅពេល​យើង​ប្រព្រឹត្ត​អំពើបាប ( សូមមើល អាលម៉ា ៤២:១៤, ១៧–១៨ ) ។ ទោះជាយ៉ាងណា ផែនការ​នៃ​សេចក្ដី​មេត្តា​ករុណា​ដ៏​អស្ចារ្យ​របស់​ទ្រង់ « អាច​ធ្វើឲ្យ​ស្កប់ស្កល់​ដល់​ការទាមទារ​នៃ​សេចក្ដី​យុត្តិធម៌ ហើយ​ឱប​ក្រសោប [ ពួកយើង ] នៅក្នុង​ដៃ​នៃ​សេចក្ដី​សុខ » បាន ( អាលម៉ា ៣៤:១៦; សូមមើល​ផងដែរ ម៉ូសាយ ១៥:៩ ) ។

ដើម្បី​នាំ​មក​នូវ​ផែនការ​នៃ​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់ នោះ​ព្រះវរបិតាសួគ៌​បាន​បញ្ជូន​ព្រះរាជបុត្រា​បង្កើត​តែមួយ​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ឲ្យ​មក​ធួន​នឹង​អំពើបាប​របស់​យើង ( សូមមើល អាលម៉ា ៤២:១៥ ) ។ ព្រះយេស៊ូវ​បាន​រងទុក្ខ​នឹង​ការពិន័យ ដែល​ក្រឹត្យវិន័យ​នៃ​សេចក្ដី​យុត្តិធម៌​តម្រូវ​ឲ្យ​មាន​ចំពោះ​អំពើបាប​របស់​យើង ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:១៥–១៩; សូមមើល​ផងដែរ អាលម៉ា ៤២:២៤–២៥ ) ។ តាមរយៈ​ពលិកម្ម​នេះ ទាំង​ព្រះវរបិតា និង​ព្រះរាជបុត្រា​បាន​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​ដ៏​និរន្ដរ​របស់​ទ្រង់​ចំពោះ​ពួកយើង ( សូមមើល យ៉ូហាន ៣:១៦ ) ។

នៅពេល​យើង​អនុវត្ត « សេចក្តី​ជំនឿ​ចំពោះ​ការប្រែចិត្ត » នោះ​ព្រះវរបិតាសួគ៌​នឹង​អភ័យទោស​ឲ្យ​ពួកយើង ដោយ​ការប្រទាន​សេចក្តី​មេត្តា​ករុណា​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( អាលម៉ា ៣៤:១៥; សូម​មើល​ផងដែរ អាលម៉ា ៤២:១៣ ) ។ នៅពេល​យើង​បាន​ស្អាតស្អំ និង​ទទួល​បាន​ការអភ័យទោស នោះ​យើង​អាច​គ្រង​មរតក​នគរ​របស់​ព្រះ​នៅ​ទីបញ្ចប់​បាន ( សូមមើល អេសាយ ១:១៨; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:៤២ ) ។

ការប្រែចិត្ត​គឺ​លើសពី​ការផ្លាស់ប្ដូរ​អាកប្បកិរិយា​ទៅ​ទៀត ។ វា​គឺជា​ការងាកចេញ​ពី​អំពើបាប ហើយ​បែរ​ទៅរក​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ វា​នាំ​ទៅរក​ការផ្លាស់ប្ដូរ​មួយនៅក្នុង​ដួងចិត្ត និង​គំនិត ( សូមមើល ម៉ូសាយ ៥:២; អាលម៉ា ៥:១២–១៤; ហេលេមិន ១៥:៧ ) ។ តាមរយៈ​ការប្រែចិត្ត នោះ​យើង​ក្លាយជា​មនុស្ស​ថ្មី បាន​ស្រុះស្រួល​នឹង​ព្រះ ( សូមមើល កូរិនថូស​ទី​២ ៥:១៧–១៨; ម៉ូសាយ ២៧:២៥–២៦ ) ។

ឱកាស​ដើម្បី​ប្រែចិត្ត​គឺជា​ពរជ័យ​ដ៏​មហិមា​មួយ ដែល​ព្រះវរបិតាសួគ៌​បាន​ប្រទាន​ដល់​យើង​តាមរយៈ​អំណោយទាន​នៃ​ព្រះរាជបុត្រា​របស់​ទ្រង់ ។

៣២.២

គោលបំណង​នៃ​ការដាក់​កំហិត ឬ​ការដកហូត​សមាជិកភាព​សាសនាចក្រ

នៅពេល​បុគ្គល​ម្នាក់​ទទួល​ពិធីបុណ្យ​ជ្រមុជ​ទឹក នោះ​គាត់ ឬ​នាង​ក្លាយជា​ផ្នែក​មួយ​នៃ « ពួក​ដំណាក់​ព្រះ » ( អេភេសូរ ២:១៩ ) ។ សេចក្ដី​សញ្ញា​ពិធីបុណ្យ​ជ្រមុជ​ទឹក​រួមមាន​នូវ​សេចក្ដី​សន្យា​មួយ​ឲ្យ​ខិតខំ​រស់នៅ​តាម​ការបង្រៀន និង​បទបញ្ញតិ្ត​របស់​ព្រះគ្រីស្ទ ។ នៅពេល​បុគ្គល​ម្នាក់​ធ្វើខុស នោះ​គាត់ ឬ​នាង​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ប្រែចិត្ត ដោយ​ពឹងផ្អែក​លើ​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់​ដើម្បី​ពង្រឹង និង​អភ័យទោស​ឲ្យ ។

ប្រសិនបើ​សមាជិក​ម្នាក់​ប្រព្រឹត្ត​អំពើបាប​ធ្ងន់ធ្ងរ​មួយ នោះ​ប៊ីស្សព ឬ​ប្រធាន​ស្តេក​ជួយ​គាត់ ឬ​នាង​ឲ្យ​ប្រែចិត្ត ។ ជា​ផ្នែក​មួយ​នៃ​ដំណើរការ​នេះ គាត់​អាច​ត្រូវ​បាន​ដាក់​កំហិត​លើ​អភ័យ​ឯកសិទ្ធិ​ខ្លះ​នៃ​សមាជិកភាព​ក្នុង​សាសនាចក្រ​មួយ​រយៈ ។ នៅក្នុង​ស្ថានភាព​មួយ​ចំនួន គាត់​អាច​ត្រូវ​ដក​ហូត​សមាជិកភាព​របស់​បុគ្គល​ម្នាក់​មួយ​រយៈ ។

ការដាក់​កំហិត ឬ​ការដកហូត​សមាជិកភាព​របស់​បុគ្គល​ម្នាក់​មិនមាន​បំណង​ដើម្បី​ដាក់​ទោស​នោះ​ទេ ។ ប៉ុន្ដែ​ផ្ទុយ​ទៅវិញ ពេលខ្លះ សកម្មភាព​ទាំងនេះ​គឺ​ចាំបាច់​ដើម្បី​ជួយ​បុគ្គល​ម្នាក់​ឲ្យ​ប្រែចិត្ត ហើយ​ដកពិសោធន៍​ការផ្លាស់ប្ដូរ​នៅក្នុង​ដួងចិត្ត ។ វា​ក៏​ផ្ដល់​ពេល​ឲ្យ​បុគ្គល​ម្នាក់​រៀបចំ​ខ្លួន​ខាង​វិញ្ញាណ​ដើម្បី​រំឭក និង​រក្សា​សេចក្ដី​សញ្ញា​របស់​គាត់ ឬ​នាង​សារ​ឡើងវិញ​ផងដែរ ។

ប៊ីស្សព ឬ​ប្រធាន​ស្តេក​មើល​ការខុសត្រូវ​លើ​ការដាក់​កំហិត ឬ​ការដកហូត​សមាជិកភាព ដូច​បាន​ណែនាំ​នៅក្នុង ៣២.៥–៣២.១៤ ។ សកម្មភាព​ទាំងនេះ​អម​មក​ជាមួយ​នូវ​លក្ខខណ្ឌ​នៃ​ការប្រែចិត្ត ។ ពេល​បុគ្គល​ម្នាក់​ប្រែចិត្ត​ដោយ​ស្មោះសរ នោះ​គាត់ ឬ​នាង​អាច​ស្ដារ​អភ័យ​ឯកសិទ្ធិ​នៃ​សមាជិកភាព​ក្នុង​សាសនាចក្រ​ឡើងវិញ​បាន ។

នៅពេល​ដែល​ការដាក់​កំហិត ឬ​ការដកហូត​សមាជិកភាព​ចាំបាច់​ត្រូវ​ធ្វើ​ឡើង ប៊ីស្សព ឬ​ប្រធាន​ស្ដេក​ធ្វើតាម​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ការណែនាំ​នៅក្នុង​ជំពូក​នេះ ។ គាត់​ធ្វើ​ក្នុង​ស្មារតី​នៃ​សេចក្ដី​ស្រឡាញ់ ( សូមមើល ៣២.៣ ) ។

ការដាក់​កំហិត​សមាជិកភាព​សាសនាចក្រ​គឺជា​រឿង​ខាង​វិញ្ញាណ មិន​មែន​ជា​រឿង​ស៊ីវិល ឬ​ជា​បទល្មើស​នោះ​ទេ ។ វា​ប៉ះពាល់​លើ​គោលជំហ​របស់​បុគ្គល​ម្នាក់​នៅក្នុង​សាសនាចក្រ​តែ​ប៉ុណ្ណោះ ។ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៤:១០ ) ។

គោលបំណង​ចំនួន​បី​នៃ​ការដាក់​កំហិត ឬ​ការដកហូត​សមាជិកភាព​គឺ​មាន​ដូច​តទៅ​នេះ ។

៣២.២.១

ជួយ​ការពារ​មនុស្ស​ដទៃ

គោលបំណង​ទី​មួយ គឺ​ដើម្បី​ការពារ​មនុស្ស​ដទៃ ។ ជួន​កាល បុគ្គល​ម្នាក់​បង្ក​ការគំរាម​កំហែង​ខាង​រូបកាយ ឬ​ខាង​វិញ្ញាណ ។ អាកប្បកិរិយា​ដែល​កេងប្រវ័ញ្ច​លើ​មនុស្ស​ដទៃ ការបង្ក​គ្រោះថ្នាក់​ដល់​រូបកាយ ការរំលោភ​បំពាន​លើ​ផ្លូវ​ភេទ ការញៀន​ថ្នាំ ការបោកប្រាស់ និង​ការក្បត់​សាសនា​គឺ​ជា​របៀប​មួយ​ចំនួន​ដែល​ការណ៍​នេះ​អាច​កើតឡើង​បាន ។ ដោយ​មាន​ការបំផុស​គំនិត ប៊ីស្សព ឬ​ប្រធាន​ស្ដេក​ធ្វើ​សកម្មភាព​ដើម្បី​ការពារ​ដល់​មនុស្ស​ដទៃ នៅពេល​នរណាម្នាក់​បង្ក​ការគំរាម​កំហែង​តាម​របៀប​ទាំងនេះ និង​របៀប​ដ៏​ធ្ងន់ធ្ងរ​ផ្សេងៗទៀត ( សូមមើល អាលម៉ា ៥:៥៩–៦០ ) ។

៣២.២.២

ជួយ​ឲ្យ​បុគ្គល​ម្នាក់​ទទួល​បាន​នូវ​អំណាច​នៃ​ការប្រោសលោះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​តាមរយៈ​ការប្រែចិត្ត

គោលបំណង​ទីពីរ​គឺ ដើម្បី​ជួយ​បុគ្គល​ម្នាក់​ឲ្យ​ទទួល​បាន​នូវ​អំណាច​នៃ​ការប្រោសលោះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​តាមរយៈ​ការប្រែចិត្ត ។ តាមរយៈ​ដំណើរការ​នេះ គាត់ ឬ​នាង​អាច​បាន​ស្អាតស្អំ និង​ស័ក្តិសម​ម្តងទៀត​ដើម្បី​ទទួល​បាន​ពរជ័យ​ទាំងអស់​របស់​ព្រះ ។

៣២.២.៣

ការពារ​សេចក្តី​ថ្លៃថ្នូរ​របស់​សាសនាចក្រ

គោលបំណង​ទីបី​គឺ ដើម្បី​ការពារ​សេចក្តី​ថ្លៃថ្នូរ​របស់​សាសនាចក្រ ។ ការដាក់​កំហិត ឬ​ការដកហូត​សមាជិកភាព​ក្នុង​សាសនាចក្រ​របស់​បុគ្គល​ម្នាក់​អាច​ជា​ការ​ចាំបាច់ ប្រសិនបើ​ទង្វើ​របស់​គាត់ ឬ​នាង​បង្ក​ជា​គ្រោះថ្នាក់​យ៉ាង​ខ្លាំង​ដល់​សាសនាចក្រ ( សូមមើល អាលម៉ា ៣៩:១១ ) ។ សេចក្ដី​ថ្លៃថ្នូរ​របស់​សាសនាចក្រ​មិន​ត្រូវបាន​ការពារ តាមរយៈ​ការបិទបាំង ឬ​ការបន្ថយ​អំពើបាប​ដ៏​ធ្ងន់ធ្ងរ​នោះ​ទេ​—​ប៉ុន្ដែ​គឺ​តាមរយៈ​ការដោះស្រាយ​អំពើបាប​ទាំងនោះ ។

៣២.៣

តួនាទី​របស់​ចៅក្រម​នៃ​អ៊ីស្រាអែល

ប៊ីស្សព​កំពុងនិយាយ​នឹង​បុរស​ម្នាក់

ប៊ីស្សព ឬ​ប្រធាន​ស្តេក​ត្រូវ​បាន​ហៅ និង​ធ្វើ​ពិធី​ញែកចេញ​ឲ្យ​ធ្វើ​ជា​ចៅក្រម​នៃ​អ៊ីស្រាអែល ( សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:៧២–៧៤ ) ។ ពួកគាត់​កាន់​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព ដើម្បី​តំណាង​ឲ្យ​ព្រះអម្ចាស់​នៅក្នុង​ការជួយ​សមាជិក​សាសនាចក្រ​ឲ្យ​ប្រែចិត្ត ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣:១; ១០៧:១៦–១៨ ) ។

ជាញឹកញាប់ ប៊ីស្សព និង​ប្រធាន​ស្ដេក​ជួយ​ដល់​ការប្រែចិត្ត​តាមរយៈ​ការប្រឹក្សា​ផ្ទាល់ខ្លួន ។ ការជួយ​នេះ​អាច​រួមមាន ការដាក់​កំហិត​ក្រៅ​ផ្លូវការ​លើ​អភ័យ​ឯកសិទ្ធិ​មួយ​ចំនួន​នៃ​សមាជិកភាព​ក្នុង​សាសនាចក្រ​មួយ​រយៈ ។ ( សូមមើល ៣២.៨ ) ។

សម្រាប់​អំពើបាប​ដ៏​ធ្ងន់ធ្ងរ​មួយ​ចំនួន ថ្នាក់ដឹកនាំ​ជួយ​ដល់​ការប្រែចិត្ត​តាមរយៈ​ការជួប​ប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព ( សូមមើល ៣២.៦ និង ៣២.៩–៣២.១៤ ) ។ ការជួយ​នេះ​អាច​រួមមាន ការដាក់​កំហិត​ជា​ផ្លូវការ​លើ​អភ័យ​ឯកសិទ្ធិ​មួយ​ចំនួន​នៃ​សមាជិកភាព​ក្នុង​សាសនាចក្រ ឬ​ការដកហូត​សមាជិកភាព​របស់​បុគ្គល​ម្នាក់​មួយ​រយៈ ( សូមមើល ៣២.១១.៣ និង ៣២.១១.៤ ) ។

ប៊ីស្សព និង​ប្រធាន​ស្ដេក​ជួយ​សមាជិក​សាសនាចក្រ​ឲ្យ​យល់​ថា ព្រះ​ស្រឡាញ់​បុត្រា​បុត្រី​របស់​ទ្រង់ ។ ដោយសារ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​ពួកគេ​សប្បាយ​រីករាយ និង​ទទួល​បាន​ពរជ័យ​ទាំងឡាយ នោះ​ទ្រង់​ក៏​ខ្វល់​ព្រះទ័យ​យ៉ាងខ្លាំង​ពី​ការគោរព​ប្រតិបត្តិ និង​ការប្រែចិត្ត​របស់​ពួកគេ​ផងដែរ ។

ប៊ីស្សព និង​ប្រធាន​ស្តេក​គឺ​ពេញ​ដោយ​ក្ដីស្រឡាញ់ និង​យកចិត្ត​ទុកដាក់ ពេល​ពួកគាត់​ជួយ​សមាជិក​ឲ្យ​ប្រែចិត្ត ។ ការប្រាស្រ័យ​ទាក់ទង​របស់​ព្រះអង្គ​សង្គ្រោះ​ជាមួយ​នឹង​ស្ដ្រី ដែល​ត្រូវបាន​គេ​ចាប់​ដោយសារ​អំពើ​កំផិត​គឺជា​ការណែនាំ​មួយ ( សូមមើល យ៉ូហាន ៨:៣–១១ ) ។ ទោះបីជា​ទ្រង់​មិន​បាន​មាន​បន្ទូល​ថា អំពើបាប​របស់​នាង​ត្រូវបាន​អភ័យទោស​ឲ្យ​ក្ដី ក៏​ទ្រង់​មិន​បាន​កាត់ទោស​នាង​ដែរ ។ ផ្ទុយ​ទៅវិញ ទ្រង់​បាន​មាន​បន្ទូល​ទៅ​នាង​ថា « កុំ​ធ្វើ​បាប​ទៀត​ឡើយ »​—​ឲ្យ​នាង​ប្រែចិត្ត និង​ផ្លាស់ប្ដូរ​ជីវិត​របស់​នាង ។

ថ្នាក់ដឹកនាំ​ទាំងនេះ​បង្រៀន​ថា « នៅ​ស្ថានសួគ៌ នឹង​មាន​សេចក្តី​អំណរ​យ៉ាង​នោះ​ដែរ … ដោយសារ​មនុស្ស​បាប​តែ​១​នាក់ ដែល​ប្រែ​ចិត្ត​វិញ » ( លូកា ១៥:៧ ) ។ ពួកគាត់​មាន​អំណត់ គាំទ្រ និង​វិជ្ជមាន ។ ពួកគាត់​បំផុស​គំនិត​ឲ្យ​មាន​សេចក្ដី​សង្ឃឹម ។ ពួកគាត់​បង្រៀន និង​ថ្លែង​ទីបន្ទាល់​ថា ដោយសារតែ​ពលិកម្ម​ដ៏​ធួន​របស់​ព្រះអង្គ​សង្គ្រោះ នោះ​មនុស្ស​ទាំងអស់​អាច​ប្រែចិត្ត និង​ស្អាតស្អំ​បាន ។

ប៊ីស្សព និង​ប្រធាន​ស្តេក​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ ដើម្បី​ដឹង​ពី​របៀប​ជួយ​បុគ្គល​ម្នាក់ៗ​ឲ្យ​ប្រែចិត្ត ។ មានតែ​អំពើបាប​ដ៏​ធ្ងន់ធ្ងរ​បំផុត​ប៉ុណ្ណោះ ទើប​សាសនាចក្រ​មាន​បទដ្ឋាន​ជាក់លាក់​មួយ​ស្ដីពី​វិធានការ​នានា​ដែល​ថ្នាក់ដឹកនាំ​សាសនាចក្រ​គួរតែ​អនុវត្ត ( សូមមើល ៣២.៦ និង ៣២.១១ ) ។ ពុំ​មាន​ស្ថានភាព​ពីរ​ដែលដូចគ្នា​ឡើយ ។ ការប្រឹក្សា​ដែល​ថ្នាក់ដឹកនាំ​ផ្ដល់​ឲ្យ និង​ដំណើរការ​នៃ​ការប្រែចិត្ត​ដែល​ពួកគាត់​ជួយ​សម្រប​សម្រួល​នេះ ត្រូវតែ​បាន​មកពី​ការបំផុស​គំនិត ហើយ​វា​អាច​ខុសគ្នា​សម្រាប់​បុគ្គល​ម្នាក់ៗ ។

ព្រះអម្ចាស់​ទ្រង់​ជ្រាប​ពី​កាលៈទេសៈ សមត្ថភាព និង​ភាពចាស់ទុំ​ខាង​វិញ្ញាណ​របស់​បុគ្គល​ម្នាក់ៗ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​ថ្នាក់ដឹកនាំ​ឲ្យ​ដឹង​ពី​របៀប​ជួយ​សមាជិក​ឲ្យ​ធ្វើការ​ផ្លាស់ប្ដូរ​ចាំបាច់​នានា ដើម្បី​ពួកគេ​អាច​ទទួល​បាន​ការព្យាបាល ហើយ​ទប់ទល់​នឹង​ការល្បួង​ឲ្យ​ប្រព្រឹត្ត​អំពើបាប​នោះ​ម្ដងទៀត ។

ការជួយ​នរណាម្នាក់​ឲ្យ​ប្រែចិត្ត ងាកមករក​ព្រះ​វិញ និង​ទទួល​បាន​ការព្យាបាល​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ គឺជា​បទពិសោធន៍​ដ៏​មាន​អំណរ​ខ្លាំង​បំផុត​មួយ ដែល​បុគ្គល​ម្នាក់​អាច​ដក​ពិសោធន៍​បាន ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:១០–១៣ ពន្យល់​ថា

« ចូរ​ចាំ​ចុះ​ថា តម្លៃ​នៃ​ព្រលឹង​ទាំងឡាយ គឺ​មហិមា​ណាស់​ចំពោះ​ព្រះនេត្រ​នៃ​ព្រះ ។

« ដ្បិត​មើលចុះ ព្រះអម្ចាស់​ដ៏​ជា​ព្រះប្រោសលោះ​របស់​អ្នក ទ្រង់​បាន​រង​សេចក្ដី​ស្លាប់​នៅក្នុង​សាច់ឈាម ម្ល៉ោះ​ហើយ ទ្រង់​បាន​រង​ការឈឺចាប់​នៃ​មនុស្ស​លោក​ទាំងអស់ ដើម្បី​ឲ្យ​មនុស្ស​លោក​ទាំងអស់​អាច​ប្រែចិត្ត ហើយ​មករក​ព្រះអង្គ​បាន ។

« ហើយ​ទ្រង់​បាន​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើងវិញ ដើម្បី​ឲ្យ​ព្រះអង្គ​អាច​នាំ​មនុស្ស​លោក​ទាំងអស់​មករក​ទ្រង់ ស្របតាម​លក្ខខណ្ឌ​នៃ​ការប្រែចិត្ត ។

« ហើយ​សេចក្ដី​អំណរ​របស់​ទ្រង់​មហិមា​ណាស់​ហ្ន៎​ចំពោះ​ព្រលឹង​ណា​ដែល​ប្រែចិត្ត ! »

6:18

៣២.៤

ការសារភាព ភាពសម្ងាត់ និង​ការរាយការណ៍​ដល់​អាជ្ញាធរ​រដ្ឋាភិបាល

៣២.៤.១

ការសារភាព

ការប្រែចិត្ត​តម្រូវ​ឲ្យ​មាន​ការសារភាព​ពី​អំពើបាប​ទាំងឡាយ​ទៅកាន់​ព្រះវរបិតាសួគ៌ ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​មាន​ព្រះបន្ទូល​ថា « តាម​របៀប​នេះ អ្នករាល់គ្នា​អាច​ដឹង បើសិនជា​មនុស្ស​ណា​ម្នាក់​ប្រែចិត្ត​ពី​អំពើ​បាប​ទាំងឡាយ​របស់​ខ្លួន​មែន​ឬ​ក៏អត់—​មើល​ចុះ​អ្នក​នោះ​នឹង​សារភាព​អំពី​អំពើបាប​ទាំងឡាយ ហើយ​លះបង់​ចោល​អំពើបាប​ទាំងនោះ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:៤៣; សូមមើល​ផងដែរ ម៉ូសាយ ២៦:២៩ ) ។

នៅពេល​សមាជិក​សាសនាចក្រ​ប្រព្រឹត្ត​អំពើបាប​ធ្ងន់ធ្ងរ នោះ​ការប្រែចិត្ត​របស់​ពួកគេ​ក៏​រួមមាន​នូវ​ការសារភាព​ទៅកាន់​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​របស់​ពួកគេ​ផងដែរ ។ ពេលនោះ​លោក​អាច​អនុវត្ត​កូនសោ​នៃ​ដំណឹងល្អ​នៃ​ការប្រែចិត្ត​ជំនួស​ឲ្យ​ពួកគេ ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣:១; ៨៤:២៦–២៧; ១០៧:១៨, ២០ ) ។ ការណ៍​នេះ​ជួយ​ពួកគេ​ឲ្យ​សះស្បើយ និង​ត្រឡប់​មករក​ផ្លូវ​នៃ​ដំណឹងល្អ​វិញ តាមរយៈ​អំណាច​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។

គោលបំណង​នៃ​ការសារភាព​គឺ​ដើម្បី​លើក​ទឹកចិត្ត​ឲ្យ​សមាជិក​សម្រាល​បន្ទុក​ពី​ខ្លួនគេ ដើម្បី​ឲ្យ​ពួកគេ​អាច​ស្វែងរក​ជំនួយ​ពី​ព្រះអម្ចាស់​កាន់តែ​ពេញលេញ​នៅក្នុង​ការផ្លាស់ប្ដូរ និង​ការព្យាបាល ។ ការសារភាព​ជួយ​បង្កើត​ឲ្យ​មាន « ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប » ( នីហ្វៃ​ទី​២ ២:៧ ) ។ ការសារភាព​ដោយ​ស្ម័គ្រចិត្ត​បង្ហាញ​ថា បុគ្គល​ម្នាក់​មាន​បំណង​ប្រាថ្នា​ចង់​ប្រែចិត្ត ។

នៅពេល​សមាជិក​ម្នាក់​សារភាព នោះ​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​ធ្វើតាម​គោលការណ៍​ណែនាំ​សម្រាប់​ការប្រឹក្សា​នៅក្នុង ៣២.៨ ។ គាត់​ស្វែងរក​ការដឹកនាំ​ប្រកប​ដោយ​ការអធិស្ឋាន ដើម្បី​ដឹង​អំពី​របៀប​ណា​ដែល​សមរម្យ​ក្នុង​ការជួយ​សមាជិក​ឲ្យ​ប្រែចិត្ត ( សូមមើល ៣២.៥ ) ។ គាត់​ពិចារណា​ថា តើ​ការបង្កើត​ក្រុមប្រឹក្សា​សមាជិកភាព​មួយ​ជាការណ៍​ល្អ​ដែរ​ឬ​ទេ ។ ប្រសិនបើ​គោលនយោបាយ​របស់​សាសនាចក្រ​តម្រូវ​ឲ្យ​មាន​ការប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព នោះ​គាត់​ពន្យល់​ពី​ការណ៍​នេះ ( សូមមើល ៣២.៦ និង ៣២.១០ ) ។

ពេលខ្លះ​សមាជិក​ម្នាក់​បាន​ធ្វើ​ខុស​នឹង​ប្ដី ឬ​ប្រពន្ធ ឬ​មជ្ឈិមវ័យ​ម្នាក់​ផ្សេងទៀត ។ ជា​ផ្នែក​មួយ​នៃ​ការប្រែចិត្ត នោះ​ជាធម្មតា​គាត់ ឬ​នាង​គួរតែ​សារភាព​ទៅកាន់​បុគ្គល​នោះ និង​សូម​ការអភ័យទោស ។ យុវវ័យ​ម្នាក់​ដែល​ប្រព្រឹត្ត​អំពើបាប​ធ្ងន់ធ្ងរ​មួយ ជាធម្មតា​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ប្រឹក្សា​ជាមួយ​នឹង​ឪពុក​ម្ដាយ​របស់​គាត់ ឬ​នាង ។

៣២.៤.២

អំពើបាប​ធ្ងន់ធ្ងរ​ដែល​មិន​បាន​សារភាព ឬ​បាន​បដិសេធ

ជាទូទៅ ប៊ីស្សព ឬ​ប្រធាន​ស្តេក​ដឹង​ពី​អំពើបាប​ដ៏​ធ្ងន់ធ្ងរ​មួយ​តាមរយៈ​ការសារភាព ឬ​មកពី​បុគ្គល​ម្នាក់ទៀត ។ គាត់​ក៏​អាច​ទទួល​បាន​ការបំផុស​គំនិត​អំពី​អំពើបាប​ដ៏​ធ្ងន់ធ្ងរ​មួយ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ផងដែរ ។ ប្រសិនបើ​គាត់​មាន​អារម្មណ៍​បំផុស​គំនិត​ដោយ​ព្រះវិញ្ញាណ​ថា នរណាម្នាក់​អាច​កំពុង​មាន​បញ្ហា​ជាមួយ​នឹង​អំពើបាប នោះ​គាត់​អាច​ណាត់​ជួប​សម្ភាស​បាន ។ អំឡុងពេល​សម្ភាសន៍ គាត់​ចែកចាយ​ពី​កង្វល់​របស់​គាត់​តាម​របៀប​មួយ​ដែល​ពេញ​ដោយ​សណ្ដាន​ចិត្ត​ល្អ និង​គោរព​ដល់​គ្នា ។ គាត់​ចៀសវាង​ការប្រើ​សំឡេង​ចោទ​ប្រកាន់​ណាមួយ ។

ប្រសិនបើ​សមាជិក​ម្នាក់​បដិសេធ​ថា​មិន​បាន​ប្រព្រឹត្ត​អំពើបាប​ធ្ងន់ធ្ងរ​មួយ ដែល​ប៊ីស្សព ឬ​ប្រធាន​ស្តេក​មាន​ព័ត៌មាន​ដើម្បី​គាំទ្រ​ទេ នោះ​នៅតែ​ត្រូវ​មាន​ការប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព​មួយ​ដដែល ។ ប៉ុន្ដែ ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​តែមួយ​មុខ​គឺ​មិន​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​ប្រជុំ​ក្រុមប្រឹក្សា​នោះ​ទេ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០:៣៧ ) ។ ថ្នាក់​ដឹកនាំ​អាច​ប្រមូល​ព័ត៌មាន​បន្ថែម​បាន បើ​ចាំបាច់ ។ គាត់​ធ្វើតាម​គោលការណ៍​ណែនាំ​នៅក្នុង ៣២.៤.៣ និង ៣២.១០.២ ។

៣២.៤.៣

ការប្រមូល​ព័ត៌មាន

ពីមុន​ធ្វើការ​ប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព នោះ​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​ត្រូវ​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​ច្រើន​តាម​ដែល​គាត់​ត្រូវការ ។ ជារឿយៗ ព័ត៌មាន​មកពី​ការសារភាព​របស់​សមាជិក​ម្នាក់​គឺ​គ្រប់គ្រាន់​ហើយ ។ ព័ត៌មាន​ក៏​អាច​បាន​មកពី​សមាជិក​គ្រួសារ​ម្នាក់ ថ្នាក់​ដឹកនាំ​សាសនាចក្រ​ម្នាក់​ទៀត ជនរងគ្រោះ ឬ​អ្នកចូលរួម​នៅក្នុង​អំពើបាប​នេះ​ផងដែរ ។

ពេល​ប្រមូល​ព័ត៌មាន​នេះ ប៊ីស្សព ឬ​ប្រធាន​ស្ដេក​គួរតែ​ប្រើ​វិធីសាស្ដ្រ​ណា​ដែល​សមរម្យ​ក្នុង​នាមជា​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ប៉ុណ្ណោះ ។ គាត់​មិន​គួរឲ្យ​អ្នកណាម្នាក់​ឃ្លាំ​មើល​ផ្ទះ​របស់​បុគ្គល​ម្នាក់ ឬ​ថត​សំឡេង​គាត់ ឬ​នាង ដោយ​គ្មាន​ការយល់ព្រម​នោះ​ទេ ។ ហើយ​គាត់​ក៏​មិន​គួរ​ប្រើ​ការអនុវត្ត​ណាមួយ​ដែល​ខុស​នឹង​ច្បាប់​ដែរ ។

ការចោទ​ប្រកាន់​ទាំង​ខុសឆ្គង​គឺ​កម្រ​ណាស់ ប៉ុន្ដែ​អាច​កើតឡើង​បាន ។ ថ្នាក់ដឹកនាំ​បព្វជិតភាព​គួរតែ​ប្រយ័ត្ន​ប្រយែង នៅ​ពេល​មាន​ព័ត៌មាន​មិន​គ្រប់​ជ្រុងជ្រោយ ក្រៅតែ​ពី​សម្ដី​របស់​បុគ្គល​ម្នាក់​នោះ ។ ឧទាហរណ៍ សមាជិក​ម្នាក់​ដែល​ត្រូវ​គេ​ចោទ​ប្រកាន់​ពី​អំពើ​កំផិត​ក្បត់​អាច​បដិសេធ​ការចោទ​ប្រកាន់​នេះ ។ បទគម្ពីរ​ពន្យល់​ថា « គ្រប់​ទាំង​ពាក្យ​សម្ដី​នឹង​ត្រូវ​បាន​យក​មក​ចោទ​បុរស ឬ​ស្ត្រី​នោះ​ដោយ​សាក្សី​ពីរ​នាក់​ក្នុង​សាសនាចក្រ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៨០ ) ។ « សាក្សី​ពីរ​នាក់ » មាន​ន័យ​ថា​ជា​ប្រភព​ព័ត៌មាន​ពីរ​ដាច់​ដោយ​ឡែកពី​គ្នា ។ ការណ៍​នេះ​អាច​រួមមាន​ទាំង​ការដឹង​របស់​អ្នកចូលរួម និង​ប្រភព​ភស្តុតាង​ផ្សេងទៀត​ដែល​អាច​ទុកចិត្ត​បាន​មួយ​ចំនួន ។ ពេលខ្លះ ថ្នាក់​ដឹកនាំ​បព្វជិតភាព​ម្នាក់​អាច​ត្រូវ​រង់ចាំ​ក្នុង​ការធ្វើ​សកម្មភាព រហូត​ដល់​មាន​ព័ត៌មាន​បន្ថែម​ទៀត​សិន ។

នៅពេលថ្នាក់​ដឹកនាំ​សាសនាចក្រ​ម្នាក់​ប្រមូល​ព័ត៌មាន​សម្រាប់​ក្រុមប្រឹក្សា​សមាជិកភាព គាត់​គួរតែ​បញ្ឈប់​ភ្លាម ប្រសិនបើ​គាត់​ដឹង​ថា អាជ្ញាធរ​ផ្លូវ​ច្បាប់​កំពុង​ធ្វើការ​ស៊ើប​អង្កេត​លើ​សមាជិក​នេះ​យ៉ាង​សកម្ម​នោះ ។ ការណ៍​នេះ​ត្រូវ​ធ្វើ​ឡើង ដើម្បី​ចៀសវាង​ពី​ការអះអាង​ណាមួយ​ដែល​អាច​ចោទ​ថា ថ្នាក់​ដឹកនាំ​នេះ​បាន​រារាំង​ដល់​សេចក្ដី​យុត្តិធម៌ ។ សម្រាប់​ដំបូន្មាន​តាម​ផ្លូវ​ច្បាប់​អំពី​ស្ថានភាព​ទាំងនេះ​នៅក្នុង​សហរដ្ឋ និង​ប្រទេស​កាណាដា ប្រធាន​ស្តេក​គួរ​ទាក់ទង​ទៅកាន់​ការិយាល័យ​ការប្រឹក្សា​ទូទៅ​របស់​សាសនាចក្រ ៖

១-៨០០-៤៥៣-៣៨៦០ លេខ​បន្ដ ២-៦៣០១

១-៨០១-២៤០-៦៣០១

នៅ​ក្រៅ​សហរដ្ឋ និង​ប្រទេស​កាណាដា ប្រធាន​ស្តេក​គួរតែ​ទាក់ទង​ទៅ​ការិយាល័យ​ប្រចាំ​តំបន់ ដើម្បី​ទទួល​បាន​ការប្រឹក្សា​ខាង​ផ្លូវ​ច្បាប់​ក្នុង​តំបន់​នោះ ។

ជា​ធម្មតា ក្រុមប្រឹក្សា​សមាជិកភាព​មិន​ត្រូវ​បាន​ប្រជុំ​ដើម្បី​ពិចារណា​អំពី​ទង្វើ​ដែល​ត្រូវ​បាន​ពិនិត្យ​ដោយ​តុលាការ​កាត់​ក្តី​ស៊ីវិល ឬ​ឧក្រិដ្ឋកម្ម​នោះ​ទេ រហូត​ដល់​តុលាការ​បាន​ឈាន​ទៅ​ដល់​ការកាត់​ក្តី​ចុងក្រោយ ។ នៅក្នុង​ករណី​មួយ​ចំនួន វា​អាច​នឹង​សមរម្យ​ដើម្បី​ពន្យារពេល​ការប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព រហូត​ដល់​រយៈពេល​នៃ​ការប្តឹង​តវ៉ា​បាន​ផុត​កំណត់ ឬ​ការប្តឹង​តវ៉ា​ត្រូវ​បាន​ច្រាន​ចោល ។

៣២.៤.៤

ភាពសម្ងាត់

ប៊ីស្សព ប្រធាន​ស្តេក និង​ទីប្រឹក្សា​របស់​ពួកគាត់​មាន​ភារកិច្ច​ដ៏​ពិសិដ្ឋ​មួយ ដើម្បី​រក្សា​ព័ត៌មាន​សម្ងាត់​ទាំងអស់​ដែល​បាន​ចែកចាយ​ជាមួយ​នឹង​ពួកគាត់​ទុក​ជា​ការសម្ងាត់ ។ ព័ត៌មាន​នេះ​អាច​ទទួល​បាន​នៅក្នុង​ការសម្ភាស ការប្រឹក្សា និង​ការសារភាព ។ ភារកិច្ច​នៃ​ភាពសម្ងាត់​ដូចគ្នា​នេះ​អនុវត្ត​ចំពោះ​មនុស្ស​ទាំងអស់ ដែល​ចូលរួម​នៅក្នុង​ក្រុមប្រឹក្សា​សមាជិកភាព​ដែរ ។ ភាពសម្ងាត់​គឺ​សំខាន់​ចាំបាច់​ណាស់ ដោយសារ​សមាជិក​អាច​មិន​សារភាព​អំពើបាប ឬ​ស្វែងរក​ការណែនាំ​ទេ ប្រសិនបើ​អ្វី​ដែល​ពួកគេ​ចែកចាយ​នឹង​មិន​ត្រូវបាន​រក្សា​ទុក​ជា​ការសម្ងាត់​នោះ ។ ការរំលោភ​លើ​ទំនុកចិត្ត​គឺជា​ការក្បត់​នឹង​ការទុកចិត្ត​របស់​សមាជិក ហើយ​បណ្ដាល​ឲ្យ​ពួកគេ​បាត់បង់​ទំនុកចិត្ត​លើ​ថ្នាក់​ដឹកនាំ​របស់​ពួកគេ ។

ដោយ​មាន​ភាពខ្ជាប់ខ្ជួន​នឹង​ភារកិច្ច​នៃ​ការរក្សា​ភាពសម្ងាត់​របស់​ពួកគេ នោះ​ប៊ីស្សព ប្រធាន​ស្តេក ឬ​ទីប្រឹក្សា​របស់​ពួកគាត់​អាច​ចែកចាយ​ព័ត៌មាន​បែប​នេះ​បាន​តែ​ក្នុង​ករណី​ដូច​តទៅ​នេះ​ប៉ុណ្ណោះ ៖

  • ពួកគាត់​ត្រូវ​ពិភាក្សា​ជាមួយ​នឹង​ប្រធាន​ស្តេក ប្រធាន​បេសកកម្ម ឬ​ប៊ីស្សព​របស់​សមាជិក​នេះ​អំពី​ការប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព ឬ​បញ្ហា​ដែល​ពាក់ព័ន្ធ​គ្នា​នេះ ។ ប្រធាន​ស្តេក​ក៏​អាច​ពិភាក្សា​ជាមួយ​នឹង​ពួកចិតសិប​នាក់​ប្រចាំ​តំបន់​ដែល​បាន​ចាត់តាំង​របស់​គាត់​បាន​ដែរ ។ ប្រសិនបើ​ចាំបាច់ ពួកចិតសិប​នាក់​ប្រចាំ​តំបន់​ណែនាំ​ឲ្យ​ប្រធាន​ស្ដេក​ទាក់ទង​ទៅកាន់​គណៈប្រធាន​តំបន់ ។ មានតែ​ប្រធាន​ស្តេក​ប៉ុណ្ណោះ ដែល​អាច​សម្រេច​ថា​ការ​ប្រជុំ​ក្រុមប្រឹក្សា​មួយ​គួរ​តែ​ធ្វើ​ឡើង​ឬអត់ ឬ​សម្រេច​ចិត្ត​ពី​លទ្ធផល​របស់​វា ។

  • បុគ្គល​នេះ​ប្ដូរ​ទៅ​វួដ​ថ្មី​មួយ ( ឬ​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ត្រូវបាន​ដោះលែង ) ខណៈ​សកម្មភាព​លើ​សមាជិកភាព ឬ​បញ្ហា​ធ្ងន់ធ្ងរ​ផ្សេងទៀត​កំពុង​តែ​ដោះស្រាយ ។ នៅក្នុង​ករណី​ទាំងនេះ ថ្នាក់​ដឹកនាំ​រូប​នេះ​ជូន​ដំណឹង​ដល់​ប៊ីស្សព​ថ្មី ឬ​ប្រធាន​ស្ដេក​ថ្មី​អំពី​បញ្ហា​នេះ ឬ​សកម្មភាព​ដែល​មិន​ទាន់​បាន​បញ្ចប់ ( សូមមើល ៣២.១៤.៧ ) ។ គាត់​ក៏​ជម្រាប​ទៅថ្នាក់​ដឹកនាំ​នេះ​ផងដែរ ប្រសិនបើ​សមាជិក​នេះ​អាច​បង្ក​ការគំរាម​កំហែង​ដល់​មនុស្ស​ដទៃ ។

  • ប៊ីស្សព ឬ​ប្រធាន​ស្ដេក​ដឹង​ថា សមាជិក​សាសនាចក្រ​ម្នាក់​ដែល​រស់នៅ​ក្រៅ​វួដ ឬ​ស្ដេក​គាត់​អាច​បាន​ពាក់ព័ន្ធ​ក្នុង​អំពើបាប​ដ៏​ធ្ងន់ធ្ងរ​មួយ ។ នៅក្នុង​ស្ថានភាព​នោះ គាត់​ទាក់ទង​ទៅ​ប៊ីស្សព​របស់​សមាជិក​នោះ​ដោយ​សម្ងាត់ ។

  • វា​ចាំបាច់​ដើម្បី​បើក​បង្ហាញ​នូវ​ព័ត៌មាន​អស់​នោះ​អំឡុងពេល​ការប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព ។ ព័ត៌មាន​ទាំងអស់​ដែល​បាន​ប្រមូល និង​ចែកចាយ​នៅក្នុង​ផ្នែក​នៃ​ការប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព​គឺជា​ការសម្ងាត់ ។

  • សមាជិក​ម្នាក់​ជ្រើសរើស​ដើម្បី​ផ្ដល់​ការអនុញ្ញាត​ឲ្យ​ថ្នាក់​ដឹកនាំ​នេះ​ចែកចាយ​ព័ត៌មាន​ជាមួយ​នឹង​បុគ្គល​ជាក់លាក់​មួយ​ចំនួន ។ បុគ្គល​ជាក់លាក់​ទាំងនេះ​រួមមាន ឪពុក​ម្ដាយ ថ្នាក់ដឹកនាំ​សាសនាចក្រ ឬ​មនុស្ស​ដទៃ​ដែល​អាច​ផ្ដល់​ការគាំទ្រ ។ ថ្នាក់​ដឹកនាំ​នេះ​មិន​ចែកចាយ​ព័ត៌មាន​ហួសពី​ការអនុញ្ញាត ដែល​សមាជិក​នេះ​បាន​ផ្ដល់​ឲ្យ​នោះ​ទេ ។

  • វា​អាច​ចាំបាច់​ដើម្បី​ចែកចាយ​តែ​ព័ត៌មាន​មួយ​កម្រិត អំពី​ការសម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សា​សមាជិកភាព​ប៉ុណ្ណោះ ( សូមមើល ៣២.១២.២ ) ។

នៅក្នុង​ស្ថានភាព​ដទៃទៀត​ទាំងអស់ ថ្នាក់​ដឹកនាំ​គួរតែ​យោង​ទៅ ៣២.៤.៥ ។ ករណី​ទាំងនេះ​រួម​មាន​ពេល​ដែល​ច្បាប់​អាច​តម្រូវ​ថា បទល្មើស​មួយ​ដូចជា​ការ​រំលោភ​បំពាន​លើ​កុមារ ត្រូវ​រាយការណ៍​ទៅកាន់​អាជ្ញាធរ​រដ្ឋាភិបាល ។

ដើម្បី​ជួយ​ថ្នាក់ដឹកនាំ​ក្នុង​ការការពារ​ដល់​មនុស្ស​ដទៃ និង​អនុលោម​តាម​ច្បាប់ នោះ​សាសនាចក្រ​ផ្ដល់​ជំនួយ​មកពី​អ្នកដែល​មាន​វិជ្ជាជីវៈ​ដែល​មាន​ការអប់រំ​ត្រឹមត្រូវ ។ ដើម្បី​ទទួល​បាន​ការណែនាំ​នេះ ថ្នាក់ដឹកនាំ​ទូរសព្ទ​ទៅ​កាន់​លេខ​ជំនួយ​ខាង​ផ្នែក​រំលោភ​បំពាន​របស់​សាសនាចក្រ​ភា្លមៗ បើ​មាន​លេខ​ជំនួយ​នោះ ( សូមមើល ៣២.៤.៥ និង ៣៨.៦.២.១ ) ។ បើ​មិនមាន​ទេ នោះ​ប្រធាន​ស្តេក​គួរតែ​ទាក់ទង​ទៅ​ការិយាល័យ​ប្រចាំ​តំបន់ ដើម្បី​ទទួល​បាន​ការប្រឹក្សា​ខាង​ផ្លូវ​ច្បាប់​ក្នុង​តំបន់​នោះ ។

មាន​តែ​នៅក្នុង​ស្ថានភាព​មួយ​ប៉ុណ្ណោះ​ដែល​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​អាច​បើក​បង្ហាញ​ព័ត៌មាន​សម្ងាត់​នេះ ដោយ​មិន​ចាំបាច់​ស្វែងរក​ការណែនាំ​បែប​នោះ​ជាមុន​បាន ។ ស្ថានភាព​នោះ​គឺនៅពេល​ការប្រាប់​ព័ត៌មាន​នោះ​គឺមានភាពចាំបាច់​ដើម្បី​រារាំង​ការបង្ក​គ្រោះថ្នាក់​ដល់​ជីវិត ឬ​ការរង​របួស​ធ្ងន់ធ្ងរ ហើយ​ដែល​ពុំ​មាន​ពេល​ដើម្បី​ស្វែងរក​ការណែនាំ ។ នៅក្នុង​ករណី​បែប​នោះ ភារកិច្ច​ដើម្បី​ការពារ​មនុស្ស​ដទៃ​គឺ​សំខាន់​ជាង​ភារកិច្ច​រក្សា​ការសម្ងាត់ ។ ថ្នាក់ដឹកនាំ​គួរតែ​ទាក់ទង​ទៅ​អាជ្ញាធរ​ស៊ីវិល​ជាបន្ទាន់ ។

ប្រសិនបើ​ថ្នាក់ដឹកនាំ​រក្សា​ទុក​កំណត់ចំណាំ ឬ​មាន​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​គ្នា​ទៅវិញ​ទៅមក​តាម​អេឡិច​ត្រូនិច នោះ​ពួកគាត់​ត្រូវ​រក្សា​ការពារ​ព័ត៌មាន​នេះ​ឲ្យ​បាន​ត្រឹមត្រូវ ។ ពួកគាត់​ក៏​ត្រូវ​លុបចោល ឬ​បំផ្លាញ​ព័ត៌មាន​នេះ​ផងដែរ ពេល​ពួកគាត់​លែង​ត្រូវការ​វា​ទៀត ។ ពួកគាត់​មិន​ត្រូវ​ចែកចាយ​ព័ត៌មាន​ផ្ទាល់ខ្លួន​ដោយ​មិន​ចាំបាច់​ទេ ។

អាជ្ញាធរ​ស៊ីវិល​អាច​សាកសួរ​ពី​ភាពសម្ងាត់ ដែល​តម្រូវ​ឲ្យ​មាន​ពី​ថ្នាក់​ដឹកនាំ​បព្វជិតភាព ។ ប្រសិនបើ​ការណ៍​នេះ​កើតឡើង​នៅក្នុង​សហរដ្ឋ និង​ប្រទេស​កាណាដា នោះ​ប្រធាន​ស្ដេក​ស្វែងរក​ដំបូន្មាន​តាម​ផ្លូវ​ច្បាប់​មកពី​ការិយាល័យ​ការប្រឹក្សា​ទូទៅ​របស់​សាសនាចក្រ ៖

១-៨០០-៤៥៣-៣៨៦០ លេខ​បន្ដ ២-៦៣០១

១-៨០១-២៤០-៦៣០១

នៅ​ក្រៅ​សហរដ្ឋ និង​ប្រទេស​កាណាដា ប្រធាន​ស្តេក​គួរតែ​ទាក់ទង​ទៅ​ការិយាល័យ​ប្រចាំ​តំបន់ ដើម្បី​ទទួល​បាន​ការប្រឹក្សា​ខាង​ផ្លូវ​ច្បាប់​ក្នុង​តំបន់​នោះ ។

៣២.៤.៥

ការរាយការណ៍​ដល់​អាជ្ញាធរ​រដ្ឋាភិបាល

មនុស្ស​មួយ​ចំនួន​ដែល​ប្រែចិត្ត បាន​ធ្វើ​ខុស​ច្បាប់​រដ្ឋប្បវេណី ឬ​ច្បាប់​ព្រហ្មទណ្ឌ ។ នៅក្នុង​ករណី​ខ្លះ អាជ្ញាធរ​ខាង​រដ្ឋាភិបាល​មិន​បាន​ដឹង​ពី​ការណ៍​នេះ​ទេ ។ ប៊ីស្សព និង​ប្រធាន​ស្តេក​លើក​ទឹកចិត្ត​សមាជិក​ឲ្យ​ធ្វើតាម​ច្បាប់ ហើយ​រាយការណ៍​ពី​បញ្ហា​បែប​នេះ​នៅពេល​ដែល​ចាំបាច់ ។ ថ្នាក់ដឹកនាំ​ក៏​ត្រូវ​ផ្ដល់​ដំបូន្មាន​ឲ្យ​សមាជិក​ទទួល​បាន​ដំបូន្មាន​តាម​ផ្លូវច្បាប់​ដ៏ល្អ​ នៅពេល​ធ្វើការ​រាយការណ៍​ផងដែរ ។ គោលនយោបាយ​របស់​សាសនាចក្រ​គឺ​ត្រូវ​គោរព​តាម​ច្បាប់ ។

នៅតាម​ទីកន្លែង​ជាច្រើន ថ្នាក់ដឹកនាំ​បព្វជិតភាព​ត្រូវបាន​ច្បាប់​តម្រូវ​ឲ្យ​រាយការណ៍​ពី​អាកប្បកិរិយា​មិន​ស្របច្បាប់​មួយ​ចំនួន ដែល​ពួកគាត់​បាន​ដឹង ។ ឧទាហរណ៍ នៅ​រដ្ឋ និង​ប្រទេស​ខ្លះ​តម្រូវ​ឲ្យ​រាយការណ៍​អំពី​ការ​រំលោភ​បំពាន​លើ​កុមារ​ទៅកាន់​អាជា្ញធរ​មាន​សមត្ថកិច្ច​តាម​ច្បាប់ ។

នៅក្នុង​ប្រទេស​មួយ​ចំនួន សាសនាចក្រ​បាន​ស្ថាបនា​បណ្ដាញ​ជំនួយ​សម្ងាត់​ក្នុង​ករណី​រំលោភ​បំពាន​ដើម្បី​ជួយ​ដល់​ប៊ីស្សព និង​ប្រធាន​ស្ដេក ។ ថ្នាក់ដឹកនាំ​ទាំងនេះ​គួរតែ​ទូរសព្ទ​ទៅ​ក្រុម​ជំនួយ​ភ្លាម​អំពី​គ្រប់​ស្ថានភាព​ដែល​បុគ្គល​ម្នាក់​អាច​ត្រូវបាន​រំលោភ​បំពាន—ឬ​កំពុង​ប្រថុយ​ប្រថាន​នឹង​ការត្រូវបាន​រំលោភ​បំពាន ( សូមមើល​លេខ ៣៨.៦.២.១ ) ។ វា​ដំណើរការ​ក្នុង​រយៈពេល ២៤ ម៉ោង​ក្នុង​មួយ​ថ្ងៃ ៧ ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ។

នៅ​ក្នុង​ប្រទេស​ដែល​គ្មាន​បណ្តាញ​ជំនួយ នោះ​ប៊ីស្សព​ដែល​ដឹង​អំពី​ការ​រំលោភ​បំពាន​គួរ​តែ​ទាក់ទង​ទៅ​ប្រធាន​ស្តេក​របស់​គាត់ ដែល​នឹង​ស្វែងរក​ការ​ណែនាំ​មកពី​អ្នក​ប្រឹក្សា​ផ្នែក​ច្បាប់​ប្រចាំ​តំបន់​នៅឯ​ការិយាល័យ​ប្រចាំ​តំបន់ ។

សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​និង​ការរាយការណ៍​អំពី​ការរំលោភ​បំពាន សូមមើល ៣៨.៦.២.១ និង ៣៨.៦.២.៧ ។


ការកំណត់​ពី​របៀប​ក្នុង​ការជួយ​បុគ្គល​ម្នាក់​ឲ្យ​ប្រែចិត្ត


៣២.៥

របៀប​ក្នុង​ការជួយ​បុគ្គល​ម្នាក់​ឲ្យ​ប្រែចិត្ត

ក្រោយពី​ដឹង​ថា សមាជិក​ម្នាក់​បាន​ប្រព្រឹត្ត​អំពើបាប​ធ្ងន់ធ្ងរ​មួយ នោះ​ប៊ីស្សព ឬ​ប្រធាន​ស្តេក​ត្រូវ​ចាត់​វិធានការ​ដើម្បី​ការពារ​ដល់​មនុស្ស​ដទៃ ។ គាត់​ក៏​ស្វែងរក​ការដឹកនាំ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ការសម្រេច​ពី​របៀប​ដើម្បី​ជួយ​បុគ្គល​នោះ​ឲ្យ​ប្រែចិត្ត និង​ខិត​ទៅ​កាន់តែ​ជិត​នឹង​ព្រះអង្គ​សង្គ្រោះ​ផងដែរ ។

៣២.៥.១

ទិដ្ឋភាព​ទូទៅ​នៃ​ការ​កំណត់របៀប

តារាង​ខាងក្រោម​នេះ​រាយ​បញ្ជី​ពី​ការកំណត់​របៀប​ចំនួន​បី​ក្នុង​ការជួយ​បុគ្គល​ម្នាក់​ឲ្យ​ប្រែចិត្ត ។ វា​ក៏​សង្ខេប​ពី​ការពិចារណា​មួយ​ចំនួន​ដែល​ថ្នាក់ដឹកនាំ​ត្រូវ​គិតដល់​ផងដែរ នៅពេល​ធ្វើការ​សម្រេច​ចិត្ត​ថា​ត្រូវ​ប្រើ​របៀប​មួយ​ណា ។

របៀប​ក្នុង​ការជួយ​បុគ្គល​ម្នាក់​ឲ្យ​ប្រែចិត្ត

របៀប

ការពិចារណា​មួយ​ចំនួន ( សូមមើល​ផងដែរ ៣២.៧ )

របៀប

ក្រុមប្រឹក្សា​សមាជិកភាព​ស្តេក

ការពិចារណា​មួយ​ចំនួន ( សូមមើល​ផងដែរ ៣២.៧ )

  • សម្រាប់​សមាជិក​ទាំងឡាយ​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ ។

  • គឺ​តម្រូវ​ឲ្យ​មាន ប្រសិនបើ​បុរស​ម្នាក់ ឬ​ស្ដ្រី​ម្នាក់​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ នឹង​ឲ្យ​គេ​ដកហូត​សមាជិកភាព​ក្នុង​សាសនាចក្រ​របស់​គាត់ ឬ​នាង ដោយសារ​តែ​អំពើបាប ឬ​សកម្មភាព​ដ៏​ធ្ងន់ធ្ងរ​ណាមួយ​ដែល​បាន​លើកឡើង​នៅក្នុង ៣២.៦.១, ៣២.៦.២ ឬ ៣២.៦.៣ ។

របៀប

ក្រុមប្រឹក្សា​សមាជិកភាព​វួដ

ការពិចារណា​មួយ​ចំនួន ( សូមមើល​ផងដែរ ៣២.៧ )

  • សម្រាប់​សមាជិក​ទាំងអស់ ។

  • គឺ​តម្រូវ​ឲ្យ​មាន សម្រាប់​អំពើបាប​ធ្ងន់ធ្ងរ​នានា​ដែល​បាន​លើកឡើង​នៅក្នុង ៣២.៦.១ ។

  • អាច​ចាំបាច់​សម្រាប់​អំពើបាប និង​សកម្មភាព​ធ្ងន់ធ្ងរ​នានា​ដែល​បាន​លើកឡើង​នៅក្នុង ៣២.៦.២ និង ៣២.៦.៣ ។

  • គឺ​មិន​គ្រប់គ្រាន់​ទេ ប្រសិនបើ​បុរស ឬ​ស្ដ្រី​ម្នាក់​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ នឹង​ត្រូវ​គេ​ដកហូត​សមាជិកភាព​ក្នុង​សាសនាចក្រ​របស់​គាត់ ឬ​នាង ដោយសារ​តែ​អំពើបាប ឬ​សកម្មភាព​ដ៏​ធ្ងន់ធ្ងរ​ណាមួយ​ដែល​បាន​លើកឡើង​នៅក្នុង ៣២.៦.១, ៣២.៦.២ ឬ ៣២.៦.៣ ។

របៀប

ការប្រឹក្សា​ផ្ទាល់ខ្លួន ( សូមមើល ៣២.៨ )

ការពិចារណា​មួយ​ចំនួន ( សូមមើល​ផងដែរ ៣២.៧ )

  • សម្រាប់​សមាជិក​ទាំងអស់ ។

  • អាច​រួម​បញ្ចូល​ការដាក់​កំហិត​សមាជិកភាព​សាសនាចក្រ​ក្រៅ​ផ្លូវការ ។

  • អាច​មិន​គ្រប់គ្រាន់​ទេ​សម្រាប់​អំពើបាប ឬ​សកម្មភាព​ធ្ងន់ធ្ងរ​នានា ដែល​ក្រុមប្រឹក្សា​សមាជិកភាព​មួយ​អាច​ជួយ​បាន​នៅក្នុង​ដំណើរការ​ប្រែចិត្ត​នេះ ( សូមមើល ៣២.៦.២ និង ៣២.៦.៣ ) ។

  • មិន​គ្រប់គ្រាន់​ទេ សម្រាប់​អំពើបាប​ធ្ងន់ធ្ងរ​ទាំងឡាយ​ដែល​តម្រូវ​ឲ្យ​មាន​ក្រុមប្រឹក្សា​សមាជិកភាព ( សូមមើល ៣២.៦.១ ) ។

  • គឺ​មិន​គ្រប់គ្រាន់​ទេ ប្រសិនបើ​បុរស ឬ​ស្ដ្រី​ម្នាក់​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ នឹង​ត្រូវ​គេ​ដកហូត​សមាជិកភាព​ក្នុង​សាសនាចក្រ​របស់​គាត់ ឬ​នាង ដោយសារ​តែ​អំពើបាប ឬ​សកម្មភាព​ដ៏​ធ្ងន់ធ្ងរ​ណាមួយ​ដែល​បាន​លើកឡើង​នៅក្នុង ៣២.៦.១, ៣២.៦.២ ឬ ៣២.៦.៣ ។

ពេលខ្លះ​ការប្រឹក្សា​ផ្ទាល់ខ្លួន និង​ការដាក់​កំហិត​ក្រៅ​ផ្លូវការ​ដោយ​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​មិន​គ្រប់គ្រាន់​នោះ​ទេ ដើម្បី​ជួយ​បុគ្គល​ម្នាក់​ឲ្យ​ប្រែចិត្ត​ពី​អំពើបាប​ដ៏​ធ្ងន់ធ្ងរ​នោះ ។ ព្រះអម្ចាស់​បាន​ប្រទាន​នូវ​ក្រុមប្រឹក្សា​សមាជិកភាព ដើម្បី​ជួយ​ចៅក្រម​អ៊ីស្រាអែល​នៅក្នុង​ស្ថានភាព​ទាំងនេះ ។ ( សូមមើល និក្ខមនំ ១៨:១២–២៧; ម៉ូសាយ ២៦:២៩–៣៦; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:៨០–៨៣; ១០២ ) ។ សម្រាប់​អំពើបាប​ធ្ងន់ធ្ងរ​មួយ​ចំនួន វា​តម្រូវ​ឲ្យ​មាន​ក្រុមប្រឹក្សា​មួយ​ស្របតាម​គោលនយោបាយ​របស់​សាសនាចក្រ ( សូមមើល​លេខ ៣២.៦.១ ) ។ ការរំលង​សេចក្ដី​សញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ធ្វើឲ្យ​ក្រុមប្រឹក្សា​សមាជិកភាព​កាន់តែ​មាន​ភាពចាំបាច់​ឡើង ( សូមមើល ៣២.៧.៤ ) ។

នៅក្នុង​វួដ ទីប្រឹក្សា​របស់​ប៊ីស្សព​ជួយ​នៅក្នុង​ក្រុមប្រឹក្សា​សមាជិកភាព ។ នៅក្នុង​ស្ដេក ទីប្រឹក្សា​របស់​ប្រធាន​ស្ដេក​ជួយ​នៅក្នុង​ក្រុមប្រឹក្សា​សមាជិកភាព ។ នៅក្នុង​ក្រុមប្រឹក្សា​សមាជិកភាព​ស្ដេក​មួយ​ចំនួន ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ក៏​ចូលរួម​ផងដែរ ( សូមមើល ៣២.៩.២ ) ។ នៅក្នុង​ក្រុមប្រឹក្សា​សមាជិកភាព​មួយ គណៈប៊ីស្សព ឬ​គណៈប្រធាន​ស្តេក​ជួប​ប្រជុំគ្នា​ផ្ទាល់​នៅក្នុង​សា្មរតី​នៃ​សេចក្ដី​ស្រឡាញ់​មួយ ។

៣២.៥.២

ការកំណត់​ពី​របៀប និង​ពេលវេលា

នៅពេល​សម្រេច​ពី​របៀប​ទាំងនេះ​ណាមួយ ដែល​នឹង​ជួយ​បុគ្គល​ម្នាក់​ឲ្យ​ប្រែចិត្ត​បាន​ល្អ​បំផុត នោះ​ថ្នាក់ដឹកនាំ​ស្វែងរក​ការដឹកនាំ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ពួកគាត់​ក៏​ពិចារណា​អំពី​កត្តា​ដូច​តទៅ​នេះ​ផងដែរ ៖

  • ភាពធ្ងន់ធ្ងរ​នៃ​អំពើបាប និង​គោលនយោបាយ​របស់​សាសនាចក្រ ថា​តើ​ត្រូវការ​ក្រុមប្រឹក្សា​មួយ​ដែរ​ឬ​ទេ ( សូមមើល ៣២.៦ )

  • ស្ថានភាព​របស់​បុគ្គល​នោះ ( សូម​មើល ៣២.៧ )

ប៊ីស្សព​ប្រឹក្សា​ជាមួយ​នឹង​ប្រធាន​ស្ដេក​អំពី​ស្ថានភាព​ជាក់លាក់​នានា ។ គាត់​ត្រូវតែ​ទទួល​ការអនុម័ត​ពី​ប្រធាន​ស្ដេក ពីមុន​ធ្វើការ​ប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព ។

ពេល​មាន​បញ្ហា​លំបាកៗ ប្រធាន​ស្តេក​អាច​ស្វែងរក​ការប្រឹក្សា​ពី​ពួកចិតសិប​នាក់​ប្រចាំ​តំបន់​ដែល​បាន​ចាត់តាំង​របស់​គាត់​បាន ។ ប្រធាន​ស្តេក​ត្រូវតែ​ប្រឹក្សា​ជាមួយ​នឹង​គណៈប្រធាន​តំបន់ ស្ដីពី​បញ្ហា​ទាំងឡាយ​ដែល​មាន​នៅក្នុង ៣២.៦.៣ ។ ទោះបីជា​យ៉ាង​ណា​ក៏​ដោយ​មានតែ​ប្រធាន​ស្តេក​ប៉ុណ្ណោះ​ដែល​អាច​សម្រេច​ថា គួរតែ​ប្រជុំ​ក្រុមប្រឹក្សា​ដើម្បី​ដោះស្រាយ​ការប្រព្រឹត្ត​នេះ​ឬ​អត់ ។ ប្រសិនបើ​មាន​ការប្រជុំ​ក្រុមប្រឹក្សា​មួយ ប្រធាន​ស្តេក ឬ​ប៊ីស្សព​គឺជា​អ្នកសម្រេច​ពី​លទ្ធផល ។

ប្រសិនបើ​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​សម្រេច​ថា ការប្រឹក្សា​ផ្ទាល់ខ្លួន​គឺ​គ្រប់គ្រាន់ នោះ​គាត់​ធ្វើតាម​ការណែនាំ​នៅក្នុង ៣២.៨ ។ ប្រសិនបើ​គាត់​សម្រេច​ថា ចាំបាច់​ត្រូវមាន​ក្រុមប្រឹក្សា​សមាជិកភាព​មួយ ឬ​ប្រសិនបើ​គោលនយោបាយ​របស់​សាសនាចក្រ​តម្រូវ​ឲ្យ​មាន​ក្រុមប្រឹក្សា នោះ​អ្នក​ដែល​ដឹកនាំ​ការប្រជុំ​នេះ ត្រូវ​ធ្វើ​តាម​នីតិវិធី​នៅក្នុង ៣២.៩–៣២.១៤ ។

ពីមុន​ធ្វើការ​ប្រជុំ​ក្រុមប្រឹក្សា ប៊ីស្សព ឬ​ប្រធាន​ស្ដេក​អាច​កំណត់​ថា ការដាក់​កំហិត​សមាជិកភាព​ក្រៅ​ផ្លូវការ​នឹងជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​គ្រា​មួយ​នេះ ។ គាត់​ធ្វើការ​ប្រជុំ​ក្រុមប្រឹក្សា នៅពេល​វា​លើក​ទឹកចិត្ត​ឲ្យ​មាន​ការប្រែចិត្ត​ដ៏​ស្មោះសរ​ពី​សមាជិក​នេះ​បាន​ខ្លាំង​បំផុត ។ ទោះយ៉ាង​ណា​ក៏​ដោយ គាត់​មិន​គួរ​ពន្យារពេល​ប្រជុំ​ក្រុមប្រឹក្សា​នោះ​ទេ ប្រសិនបើ​វា​ចាំបាច់​ដើម្បី​ការពារ​ដល់​មនុស្ស​ដទៃ​នោះ ។

៣២.៦

ភាពធ្ងន់ធ្ងរ​នៃ​អំពើបាប និង គោលនយោបាយ​របស់​សាសនាចក្រ

ភាពធ្ងន់ធ្ងរ​នៃ​អំពើបាប​គឺជា​ចំណុច​ដ៏​សំខាន់​មួយ​ក្នុង​ការពិចារណា​ដើម្បី​សម្រេច​ពី​របៀប​ដែល​នឹង ( ១ ) ជួយ​ការពារ​មនុស្ស​ដទៃ និង ( ២ ) ជួយ​បុគ្គល​ម្នាក់​ឲ្យ​ប្រែចិត្ត ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « ពុំអាច​ទតមើល​អំពើបាប សូម្បីតែ​បន្ដិច​បន្ដួច​បាន​ឡើយ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១:៣១; សូមមើល​ផងដែរ ម៉ូសាយ ២៦:២៩ ) ។ អ្នកបម្រើ​របស់​ទ្រង់​មិន​ត្រូវ​មើល​រំលង​ភស្ដុតាង​នៃ​អំពើបាប​ធ្ងន់ធ្ងរ​ឡើយ ។

អំពើបាប​ធ្ងន់ធ្ងរ​គឺជា​អំពើល្មើស​ដោយ​ចេតនា និង​ជា​ការរំលង​ដ៏​សម្បើម​ប្រឆាំង​នឹង​ក្រឹត្យវិន័យ​របស់​ព្រះ ។ ប្រភេទ​នៃ​អំពើបាប​ធ្ងន់ធ្ងរ​មាន​ចែង​ដូច​តទៅ​នេះ ។

វគ្គ​ខាងក្រោម​នេះ​ពិពណ៌នា​ពី​ពេល​ដែល​តម្រូវ​ឲ្យ​មាន​ក្រុមប្រឹក្សា​សមាជិកភាព ពេល​វា​អាច​ចាំបាច់ និង​ពេល​វា​មិន​ចាំបាច់ ។

៣២.៦.១

ពេល​តម្រូវឲ្យ​មាន​ក្រុមប្រឹក្សា​សមាជិកភាព

ប៊ីស្សព ឬ​ប្រធាន​ស្ដេក​ត្រូវតែ​ប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព នៅពេល​មាន​ព័ត៌មាន​បង្ហាញ​ថា សមាជិក​ម្នាក់​អាច​បាន​ប្រព្រឹត្ត​អំពើបាប​ណា​មួយ​ដូច​បាន​រៀបរាប់់​នៅក្នុង​វគ្គ​នេះ ។ សម្រាប់​អំពើបាប​ទាំងនេះ វា​តម្រូវ​ឲ្យ​មាន​ក្រុមប្រឹក្សា​មួយ មិន​ថា​សមាជិក​នោះ​មាន​ភាពចាស់ទុំ​ខាង​វិញ្ញាណ និង​កម្រិត​យល់ដឹង​អំពី​ដំណឹងល្អ​ប៉ុណ្ណា​នោះ​ទេ ។

សូមមើល ៣២.១១ សម្រាប់​លទ្ធផល​ដែល​អាច​កើតមាន​ចេញពី​ក្រុមប្រឹក្សា ដែល​បាន​ធ្វើការ​ប្រជុំ​គ្នា​សម្រាប់​អំពើបាប​ដែល​បាន​រៀបរាប់​នៅក្នុង​វគ្គ​នេះ ។ ការដាក់​កំហិត​សមាជិកភាព​ក្រៅ​ផ្លូវការ​មិនមែន​ជា​ជម្រើស​មួយ​សម្រាប់​ការប្រជុំ​ក្រុមប្រឹក្សា​ទាំងនេះ​ទេ ។

៣២.៦.១.១

អំពើ​ហិង្សា និង​ការរំលោភ​បំពាន

ឃាតកម្ម ។ វា​តម្រូវ​ឲ្យ​មាន​ក្រុមប្រឹក្សា​សមាជិកភាព​មួយ ប្រសិនបើ​សមាជិក​ម្នាក់​សម្លាប់​នរណាម្នាក់ ។ ដូច​ដែល​បាន​ប្រើ​នៅ​ទីនេះ ឃាតកម្ម គឺជា​ការសម្លាប់​យក​ជីវិត​របស់​មនុស្ស​ដោយ​ចេតនា ដោយ​មិន​សម​ហេតុផល ។ ការដក​ហូត​សមាជិកភាព​សាសនាចក្រ​របស់​បុគ្គល​ម្នាក់​គឺជា​កិច្ច​តម្រូវ​ឲ្យ​ធ្វើ ។

ឃាតកម្ម​មិន​រាប់​បញ្ចូល​សកម្មភាព​នានា​ក្នុង​ការបំពេញ​ភារកិច្ច​របស់​ប៉ូលីស ឬ​ក៏​យោធា​ទេ ។ នៅក្នុង​បរិបទ​នេះ ការរម្លូត​កូន​មិន​កំណត់​ថា​ជា​ឃាតកម្ម​នោះ​ទេ ។ ប្រសិនបើ​សេចក្តី​ស្លាប់​បាន​កើតឡើង​ដោយ​ចៃដន្យ ឬ​ដោយសារ​ការការពារ​ខ្លួន ឬ​ការពារ​អ្នកដទៃ នោះ​ការយក​ជីវិត​របស់​មនុស្ស​ម្នាក់​មិន​កំណត់​ថា​ជា​ឃាតកម្ម​ទេ ។ ការណ៍​នេះ​ក៏​អាច​ពិត​ផងដែរ​នៅក្នុង​ស្ថានភាព​ផ្សេងទៀត ដូចជា​ពេល​ដែល​បុគ្គល​ម្នាក់​មាន​សមត្ថភាព​សា្មរតី​មាន​កម្រិត ។

ការចាប់​រំលោភ ។ វា​តម្រូវ​ឲ្យ​មាន​ក្រុមប្រឹក្សា​សមាជិកភាព​មួយ​សម្រាប់​ករណី​ចាប់​រំលោភ ។ ដូច​ដែល​បាន​ប្រើ​នៅ​ទីនេះ ការចាប់​រំលោភ គឺជា​ការរួម​ភេទ​ដោយ​បង្ខំ ឬ​ការរួម​ភេទ​ជាមួយ​នរណាម្នាក់​ដែល​មិន​អាច​យល់ព្រម​តាម​ផ្លូវច្បាប់​បាន ដោយសារ​អសមត្ថភាព​ខាង​ស្មារតី ឬ​រូបកាយ ។ ដូច​ដែល​ប្រើ​បាន​នៅ​ទីនេះ ការចាប់​រំលោភ មិន​រួម​បញ្ចូល​នូវ​ការរួម​ភេទ​ដោយ​មាន​ការយល់ព្រម​រវាង​អនីតិជន​ពីរ​នាក់ ដែល​មាន​អាយុ​តំណាល​គ្នា​នោះ​ឡើយ ។

ការផ្តន្ទាទោស​លើ​ការរំលោភ​សេព​សន្ថវៈ ។ វា​តម្រូវ​ឲ្យ​មាន​ក្រុមប្រឹក្សា​សមាជិកភាព​មួយ ប្រសិនបើ​សមាជិក​ម្នាក់​ជាប់​ការផ្តន្ទាទោស​លើ​ការរំលោភ​សេព​សន្ថវៈ ។

ការរំលោភ​បំពាន​លើ​កុមារ ឬ​យុវវ័យ ។ វា​តម្រូវ​ឲ្យ​មាន​ក្រុមប្រឹក្សា​សមាជិកភាព​មួយ ប្រសិនបើ​បុគ្គល​ម្នាក់​រំលោភ​បំពាន​លើ​កុមារ ឬ​យុវវ័យ​ដូច​បាន​ពន្យល់​នៅក្នុង ៣៨.៦.២.៣ ។

ការរំលោភ​បំពាន​លើ​ប្ដី ឬ​ប្រពន្ធ ឬ​មជ្ឈិមវ័យ​ម្នាក់ទៀត ។ ភាពធ្ងន់ធ្ងរ​នៃ​អាកប្បកិរិយា​រំលោភ​បំពាន​មាន​វិសាលភាព​ធំ​មួយ ។ សូមមើល ៣៨.៦.២.៤ សម្រាប់​ពេលណា​ដែល​តម្រូវ​ឲ្យ​មាន​ក្រុមប្រឹក្សា​សមាជិកភាព​សម្រាប់​ការរំលោភ​បំពាន​លើ​ប្ដី ឬ​ប្រពន្ធ ឬ​មជ្ឈិមវ័យ​ម្នាក់ទៀត ។

អាកប្បកិរិយា​ហិង្សា​កេង​ប្រវ័ញ្ច ។ វា​តម្រូវ​ឲ្យ​មាន​ក្រុមប្រឹក្សា​សមាជិកភាព​មួយ ប្រសិនបើ​មជ្ឈិមវ័យ​ម្នាក់​បង្ក​គ្រោះថ្នាក់​ខាង​រូបកាយ​ដល់​មនុស្ស​ដទៃ​ម្ដង​ហើយ​ម្ដងទៀត​តាមរយៈ​អាកប្បកិរិយា​ហិង្សា និង​ជា​ការគំរាម​កំហែង​មួយ​ដល់​មនុស្ស​ដទៃ ។

៣២.៦.១.២

អំពើ​អសីលធម៌​ខាង​ផ្លូវភេទ

ស្មន់ ។ វា​តម្រូវ​ឲ្យ​មាន​ក្រុមប្រឹក្សា​សមាជិកភាព​មួយ​ចំពោះ​អំពើ​ស្មន់ ដូច​បាន​ផ្ដល់​និយមន័យ​នៅក្នុង ៣៨.៦.១០ ។ វា​សឹងតែ​តម្រូវឲ្យ​ដកហូត​សមាជិកភាព​សាសនាចក្រ​របស់​បុគ្គល​ម្នាក់​ជានិច្ច ។

អំពើ​អាសគ្រាម​លើ​កុមារ ។ វា​តម្រូវ​ឲ្យ​មាន​ក្រុមប្រឹក្សា​សមាជិកភាព​មួយ ប្រសិនបើ​បុគ្គល​ម្នាក់​ពាក់ព័ន្ធ​ក្នុង​អំពើ​អាសគ្រាម​លើ​កុមារ​ដូច​បាន​រៀបរាប់​នៅក្នុង ៣៨.៦.៦ ។

អាពាហ៍​ពិពាហ៍​ពហុពន្ធភាព ។ វា​តម្រូវ​ឲ្យ​មាន​ក្រុមប្រឹក្សា​សមាជិកភាព​មួយ ប្រសិនបើ​បុគ្គល​ម្នាក់​ចូល​ទៅក្នុង​ចំណង​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ដោយ​ដឹង​ច្បាស់​ជាមុន ។ អាពាហ៍​ពិពាហ៍​ពហុពន្ធភាព​ខ្លះ​អាច​កើតឡើង​ជាសម្ងាត់ ដោយ​មិន​ឲ្យ​ប្ដី ឬ​ប្រពន្ធ​ដឹង​ពី​ប្ដី ឬ​ប្រពន្ធ​ម្នាក់​ទៀត ឬ​ច្រើន​នាក់​ទៀត​ឡើយ ។ វា​តម្រូវ​ឲ្យ​មាន​ការដកហូត​សមាជិកភាព​សាសនាចក្រ​ពី​បុគ្គល​ម្នាក់ ប្រសិនបើ​បុគ្គល​នោះ​ចូល​ទៅក្នុង​ចំណង​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ដោយ​ដឹង​ច្បាស់​ជាមុន ។

អាកប្បកិរិយា​កេងប្រវ័ញ្ច​ខាង​ផ្លូវ​ភេទ ។ វា​តម្រូវ​ឲ្យ​មាន​ក្រុមប្រឹក្សា​សមាជិកភាព​មួយ ប្រសិនបើ​មជ្ឈិមវ័យ​ម្នាក់​បង្ក​គ្រោះថ្នាក់​ខាង​ផ្លូវភេទ​លើ​មនុស្ស​ដទៃ​ម្ដង​ហើយ​ម្ដងទៀត និង​ជា​ការគំរាម​កំហែង​មួយ​ដល់​មនុស្ស​ដទៃ ។

៣២.៦.១.៣

អំពើ​បោកប្រាស់​ក្លែង​បន្លំ

អាកប្បកិរិយា​កេងប្រវ័ញ្ច​ខាង​ហិរញ្ញវត្ថុ ។ វា​តម្រូវ​ឲ្យ​មាន​ក្រុមប្រឹក្សា​សមាជិកភាព​មួយ ប្រសិនបើ​មជ្ឈិមវ័យ​ម្នាក់​មាន​ប្រវត្តិ​ធ្លាប់​បង្ក​គ្រោះថ្នាក់​ខាង​ហិរញ្ញវត្ថុ​ដល់​មនុស្ស​ដទៃ​ដោយ​ចេតនា និង​ម្ដង​ហើយ​ម្ដង​ទៀត និង​ជា​ការគំរាម​កំហែង​មួយ​ដល់​មនុស្ស​ដទៃ ( សូមមើល ៣៨.៦.២.៤ ) ។ ការណ៍​នេះ​រួមមាន​ការវិនិយោគ​បោកប្រាស់​ក្លែង​បន្លំ និង​សកម្មភាព​ស្រដៀង​គ្នា​នេះ ។ ការបាត់បង់​ហិរញ្ញវត្ថុ​ដោយ​មិនមាន​ចេតនា ដោយសារ​លក្ខខណ្ឌ​សេដ្ឋកិច្ច​មិន​ត្រូវបាន​ចាត់ទុក​ថា​ជា​ការបោកប្រាស់​នោះ​ទេ ។ ប្រសិនបើពាក់ព័ន្ធ​នឹង​បណ្ដឹង​វិវាទ នោះ​ថ្នាក់ដឹកនាំ​បព្វជិតភាព​សម្រេច​ថា​រង់ចាំ រហូត​ដល់​ចេញ​លទ្ធផល​សម្រេច​សិន ។ សូមមើល ៣២.៦.៣.៣ ប្រសិនបើ​សមាជិក​ម្នាក់​ពាក់ព័ន្ធ​នឹង​ការកេង​បន្លំ​មូលនិធិ ឬ​ទ្រព្យសម្បត្តិ​សាសនាចក្រ ។

៣២.៦.១.៤

ការរំលោភ​លើ​ទំនុកចិត្ត

អំពើបាបធ្ងន់ធ្ងរ ខណៈ​ពេល​កាន់​តំណែង​លេចធ្លោ​នៅក្នុង​សាសនាចក្រ ។ វា​តម្រូវ​ឲ្យ​មាន​ក្រុមប្រឹក្សា​សមាជិកភាព​មួយ ប្រសិនបើ​សមាជិក​ម្នាក់​ប្រព្រឹត្ត​អំពើបាប​ដ៏​ធ្ងន់ធ្ងរ​មួយ ខណៈពេល​កាន់​តំណែង​លេចធ្លោ​នៅក្នុង​សាសនាចក្រ ។ ការណ៍​ទាំងនេះ​រួមមាន អ្នកមាន​សិទ្ធិ​អំណាច​ទូទៅ អ្នកកាន់​តំណែង​ក្នុង​សាសនាចក្រ​ទូទៅ ពួកចិតសិប​នាក់​ប្រចាំ​តំបន់ ប្រធាន ឬ​ភរិយា​របស់​ប្រធាន​ព្រះវិហារ​បរិសុទ្ធ ប្រធាន​បេសកកម្ម ឬ​ដៃគូ​របស់​គាត់ ប្រធាន​ស្តេក លោកអយ្យកោ ឬ​ប៊ីស្សព ។ ការណ៍​នេះ​មិន​អនុវត្ត​ចំពោះ​ប្រធាន​សាខា​ឡើយ ។ ទោះយ៉ាង​ណា​ក្ដី អភ័យ​ឯកសិទ្ធិ​នៃ​សមាជិកភាព​សាសនាចក្រ​របស់​ប្រធាន​សាខា​អាច​ត្រូវបាន​ដាក់​កំហិត ឬ​ដកហូត​ដូចជា​សមាជិក​ដទៃ​ទៀត​ដែរ ។

៣២.៦.១.៥

អំពើ​មួយ​ចំនួន​ផ្សេងទៀត

ការផ្តន្ទាទោស​បទឧក្រិដ្ឋ ។ វា​តម្រូវ​ឲ្យ​មាន​ក្រុមប្រឹក្សា​សមាជិកភាព​មួយ​នៅក្នុង​ករណី​ភាគច្រើន នៅពេល​បុគ្គល​ម្នាក់​ជាប់ទោស​ពី​បទឧក្រិដ្ឋកម្ម ។

៣២.៦.២

ពេល​ដែល​ក្រុមប្រឹក្សា​សមាជិកភាព​អាច​នឹង​ចាំបាច់​ត្រូវ​មាន

វា​អាច​ចាំបាច់​ត្រូវមាន​ក្រុមប្រឹក្សា​សមាជិកភាព​នៅក្នុង​ស្ថានភាព​ដូច​តទៅ​នេះ ។

៣២.៦.២.១

អំពើ​ហិង្សា និង​ការរំលោភ​បំពាន

ព្រះអម្ចាស់​បាន​បង្គាប់​ថា « អ្នក​មិន​ត្រូវ​… សម្លាប់​ឲ្យ​សោះ ឬ​ប្រព្រឹត្ត​អំពើ​អ្វី​ដូច​នោះ​ឲ្យ​សោះ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:៦; បាន​បន្ថែម​អក្សរ​ទ្រេត ) ។ អំពើ​ហិង្សា និង​ការរំលោភ​បំពាន​ដែល​អាច​ចាំបាច់​ឲ្យ​មាន​ក្រុមប្រឹក្សា​សមាជិកភាព​មួយ រួមមាន​អ្វី​ដូច​ខាងក្រោម​នេះ ( ប៉ុន្ដែ​មិន​កំណត់​ត្រឹម​នេះ​ទេ ) ។

ឃាតកម្ម​ដោយ​មាន​ការប៉ុនប៉ង​ទុក​ជាមុន ។ ការព្យាយាម​សម្លាប់​នរណាម្នាក់​ដោយ​ចេតនា ។

ការរំលោភ​បំពាន​លើ​ផ្លូវ​ភេទ រួមមាន​ការបំពាន និង​ការបៀតបៀន ។ ការរំលោភ​បំពាន​លើ​ផ្លូវ​ភេទ​រួមមាន​សកម្មភាព​ក្នុង​វិសាលភាព​ដ៏​ធំ​មួយ ( សូមមើល ៣៨.៦.១៨ ) ។ វា​អាច​ចាំបាច់​តម្រូវ​ឲ្យ​មាន​ក្រុមប្រឹក្សា​សមាជិកភាព ចំពោះ​បុគ្គល​ម្នាក់​ដែល​បាន​បំពាន​ខាង​ផ្លូវភេទ ឬ​រំលោភ​បំពាន​នរណាម្នាក់ ។ សូមមើល ៣៨.៦.១៨.៣ សម្រាប់​ពេល​ណា​ដែល​តម្រូវ​ឲ្យ​មាន​ក្រុមប្រឹក្សា​មួយ ។

ការរំលោភ​បំពាន​លើ​ប្ដី ឬ​ប្រពន្ធ ឬ​មជ្ឈិមវ័យ​ម្នាក់ទៀត ។ ភាពធ្ងន់ធ្ងរ​នៃ​អាកប្បកិរិយា​រំលោភ​បំពាន​មាន​វិសាលភាព​ធំ​មួយ ( សូមមើល ៣៨.៦.២.៤ ) ។ វា​អាច​ចាំបាច់​តម្រូវ​ឲ្យ​មាន​ក្រុមប្រឹក្សា​សមាជិកភាព ចំពោះ​បុគ្គល​ម្នាក់​ដែល​បាន​រំលោភ​បំពាន​ប្ដី ឬ​ប្រពន្ធ​ខ្លួន ឬ​មជ្ឈិមវ័យ​ម្នាក់​ទៀត ។ សូមមើល ៣៨.៦.២.៤ សម្រាប់​ពេលវេលា​ដែល​តម្រូវ​ឲ្យ​មាន​ក្រុមប្រឹក្សា​មួយ ។

៣២.៦.២.២

អំពើ​អសីលធម៌​ខាង​ផ្លូវភេទ

ច្បាប់​ព្រហ្មចារីភាព​របស់​ព្រះអម្ចាស់​គឺជា​តំណម​ចៀសចេញ​ពី​ទំនាក់ទំនង​ខាង​ផ្លូវភេទ នៅខាង​ក្រៅ​ចំណង​អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ដ្រី​ម្នាក់​ស្របតាម​ក្រឹត្យវិន័យ​របស់​ព្រះ ( សូមមើល និក្ខមនំ ២០:១៤; គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣:១៦ ) ។ ក្រុមប្រឹក្សា​សមាជិកភាព​មួយ​អាច​ចាំបាច់​ត្រូវ​បង្កើត​ឡើង​ចំពោះ​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ ដូច​បាន​រៀបរាប់​នៅក្នុង ៣៨.៦.៥ ។ សូមមើល ៣២.៦.១.២ សម្រាប់​ពេល​ណា​ដែល​តម្រូវ​ឲ្យ​មាន​ក្រុមប្រឹក្សា​មួយ ។

៣២.៦.២.៣

អំពើ​បោកប្រាស់​ក្លែង​បន្លំ

ក្រឹត្យវិន័យ​ទាំង​ដប់​ប្រការ​បង្រៀន​ថា « កុំ​ឲ្យ​លួច​ប្លន់​ឲ្យ​សោះ » ឬ « កុំ​ឲ្យ​ធ្វើ​ជា​ទីបន្ទាល់​ក្លែង » ( និក្ខមនំ ២០:១៥–១៦ ) ។ ក្រុមប្រឹក្សា​សមាជិកភាព​មួយ​អាច​ចាំបាច់​ត្រូវ​បង្កើត​ឡើង​ចំពោះ​អំពើ​ដូចជា ការប្លន់ ការលប​គាស់​ផ្ទះ ការលួច ការកេង​បន្លំ ការភូតភរ និង​ការក្លែង​បន្លំ ។ សូមមើល ៣៨.៨.២ សម្រាប់​ការក្លែង​បន្លំ​ជា​ញាតិពន្ធ ។ សូមមើល ៣២.៦.១.៣សម្រាប់​ពេល​ណា​ដែល​តម្រូវ​ឲ្យ​មាន​ក្រុមប្រឹក្សា​មួយ សម្រាប់​អំពើ​បោកប្រាស់​ក្លែង​បន្លំ ។ សូមមើល ៣២.៦.៣.៣ ប្រសិនបើ​សមាជិក​ម្នាក់​ពាក់ព័ន្ធ​នឹង​ការកេង​បន្លំ​មូលនិធិ ឬ​ទ្រព្យសម្បត្តិ​សាសនាចក្រ ។

៣២.៦.២.៤

ការរំលោភ​លើ​ទំនុកចិត្ត

ក្រុមប្រឹក្សា​សមាជិកភាព​មួយ​អាច​ចាំបាច់​ត្រូវ​បង្កើត​ឡើង ប្រសិន​បើ​សមាជិក​ម្នាក់ ៖

  • ប្រព្រឹត្ត​អំពើបាប​ធ្ងន់ធ្ងរ​មួយ ខណៈ​ពេល​កាន់​តំណែង​ដែល​មាន​សិទ្ធិ​អំណាច ឬ​ទទួល​បាន​ទំនុកចិត្ត​នៅក្នុង​សាសនាចក្រ ឬ​សហគមន៍ ។

  • ប្រព្រឹត្ត​អំពើបាប​ធ្ងន់ធ្ងរ​មួយ ដែល​ត្រូវ​គេ​ដឹង​យ៉ាង​ទូលំទូលាយ ។

សូមមើល ៣២.៦.១.៤ សម្រាប់​ពេល​ណា​ដែល​តម្រូវ​ឲ្យ​មាន​ក្រុមប្រឹក្សា​មួយ ។ សូមមើល ៣២.៦.៣.៣ ប្រសិនបើ​សមាជិក​ម្នាក់​ពាក់ព័ន្ធ​នឹង​ការកេង​បន្លំ​មូលនិធិ ឬ​ទ្រព្យសម្បត្តិ​សាសនាចក្រ ។

៣២.៦.២.៥

អំពើ​មួយ​ចំនួន​ផ្សេងទៀត

ស្ដេច​បេនយ៉ាមីន​បាន​បង្រៀន​ថា « យើង​ពុំ​អាច​ប្រាប់​អ្នករាល់គ្នា​ឲ្យ​អស់​នូវ​ការណ៍​ទាំងឡាយ ដែល​អ្នករាល់គ្នា​អាច​ប្រព្រឹត្ត​អំពើ​បាប​នោះ​ទេ ព្រោះ​មាន​ផ្លូវ និង​បែប​ផ្សេងៗ​គ្នា គឺ​មាន​ជាច្រើន​ណាស់ ដែល​យើង​ពុំ​អាច​រៀបរាប់​បាន​ឡើយ » ( ម៉ូសាយ ៤:២៩ ) ។ វា​អាច​ចាំបាច់​មាន​ក្រុមប្រឹក្សា​មួយ ប្រសិនបើ​បុគ្គល​ម្នាក់ ៖

  • បង្ហាញ​លំនាំ​មួយ​នៃ​ការប្រព្រឹត្ត​អំពើបាប​ដ៏​ធ្ងន់ធ្ងរ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៨២:៧ ) ។

  • បោះបង់​ការទទួល​ខុសត្រូវ​ក្នុង​គ្រួសារ​ដោយ​ចេតនា រួមទាំង​ការមិន​បង់​កាតព្វកិច្ច​ហិរញ្ញវត្ថុ​ដល់​កូន និង​ប្ដី ឬ​ប្រពន្ធ​ក្រោយពី​ការលែងលះ ។

  • គំរាម​កំហែង​ប្រើ​ហិង្សា​ផ្លូវកាយ មិន​ថា​ដោយ​ផ្ទាល់​មុខ ឬ​តាម​អនឡាញ​នោះទេ ( សូមមើល ៣២.២.១ ) ។

  • លក់​ថ្នាំញៀន​ខុស​ច្បាប់ ។

  • ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ផ្សេងទៀត ។

ក្រុមប្រឹក្សា​សមាជិកភាព​មួយ​អាច​ចាំបាច់​ត្រូវ​បង្កើត​ឡើង ប្រសិនបើ​សមាជិក​ម្នាក់​ចុះចូល​តាម អនុវត្ត រៀបចំ​ឲ្យ​មាន បង់​ថ្លៃ​ឲ្យ ឬ​លើក​ទឹកចិត្ត​ឲ្យ​មាន​ការរម្លូត​កូន ។ សូម​មើល ៣៨.៦.១ សម្រាប់​គោលការណ៍​ណែនាំ​ទាំងឡាយ ។

ពេល​ដែល​ក្រុមប្រឹក្សា​សមាជិកភាព​តម្រូវ​ឲ្យ​មាន ឬ​អាច​នឹង​ចាំបាច់​ត្រូវ​មាន

ប្រភេទ​នៃ​អំពើបាប

តម្រូវ​ឲ្យ​មាន​ក្រុមប្រឹក្សា​សមាជិកភាព ( សូមមើល ៣២.៦.១ )

ក្រុមប្រឹក្សា​សមាជិកភាព​អាច​ចាំបាច់​ត្រូវ​បង្កើត​ឡើង ( សូមមើល ៣២.៦.២ )

ប្រភេទ​នៃ​អំពើបាប

អំពើ​ហិង្សា និង​ការរំលោភ​បំពាន

តម្រូវ​ឲ្យ​មាន​ក្រុមប្រឹក្សា​សមាជិកភាព ( សូមមើល ៣២.៦.១ )

  • ឃាតកម្ម

  • ការចាប់​រំលោភ

  • ការផ្តន្ទាទោស​លើ​ការរំលោភ​ផ្លូវភេទ

  • ការរំលោភ​បំពាន​លើ​កុមារ ឬ​យុវវ័យ

  • អាកប្បកិរិយា​ហិង្សា​កេង​ប្រវ័ញ្ច

ក្រុមប្រឹក្សា​សមាជិកភាព​អាច​ចាំបាច់​ត្រូវ​បង្កើត​ឡើង ( សូមមើល ៣២.៦.២ )

  • ឃាតកម្ម​ដោយ​មាន​ការប៉ុនប៉ង​ទុក​ជាមុន

  • ការរំលោភ​បំពាន​លើ​ផ្លូវ​ភេទ រួមមាន​ការបំពាន និង​ការបៀតបៀន ( សូមមើល ៣៨.៦.១៨ សម្រាប់​ពេលវេលា​ដែល​តម្រូវ​ឲ្យ​មាន​ក្រុមប្រឹក្សា​មួយ )

  • ការរំលោភ​បំពាន​លើ​ប្ដី ឬ​ប្រពន្ធ ឬ​មជ្ឈិមវ័យ​ម្នាក់ទៀត ( សូមមើល ៣៨.៦.២.៤ សម្រាប់​ពេល​ណា​ដែល​តម្រូវ​ឲ្យ​មាន​ក្រុមប្រឹក្សា​មួយ )

ប្រភេទ​នៃ​អំពើបាប

អំពើ​អសីលធម៌​ខាង​ផ្លូវភេទ

តម្រូវ​ឲ្យ​មាន​ក្រុមប្រឹក្សា​សមាជិកភាព ( សូមមើល ៣២.៦.១ )

  • សាហាយស្មន់

  • អំពើ​អាសគ្រាម​លើ​កុមារ

  • អាពាហ៍​ពិពាហ៍​ពហុពន្ធភាព

  • អាកប្បកិរិយា​បៀតបៀន​ខាង​ផ្លូវ​ភេទ

ក្រុមប្រឹក្សា​សមាជិកភាព​អាច​ចាំបាច់​ត្រូវ​បង្កើត​ឡើង ( សូមមើល ៣២.៦.២ )

  • អំពើ​កំផិត អនីតិសង្វាស និង​ទំនាក់ទំនង​ភេទ​ដូចគ្នា

  • ការរួមរស់​ជាមួយ​គ្នា​ទាំង​មិន​បាន​រៀបការ សហពន្ធភាព​ស៊ីវិល និង​ភាពជា​ដៃគូ និង​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា

  • ការប្រើប្រាស់​អាសគ្រាម​ក្នុង​កម្រិត​ខ្លាំង ឬ​អត់​មិន​បាន ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អាពាហ៍ពិពាហ៍ ឬ​គ្រួសារ​របស់​សមាជិក​ម្នាក់

ប្រភេទ​នៃ​អំពើបាប

អំពើ​បោកប្រាស់​ក្លែង​បន្លំ

តម្រូវ​ឲ្យ​មាន​ក្រុមប្រឹក្សា​សមាជិកភាព ( សូមមើល ៣២.៦.១ )

  • អាកប្បកិរិយា​បំពាន​ហួសហេតុ​ខាង​ហិរញ្ញវត្ថុ ដូចជា​ការក្លែង​បន្លំ និង​សកម្មភាព​ស្រដៀង​គ្នា​នេះ ( សូមមើល ៣២.៦.៣.៣ ប្រសិនបើ​សមាជិក​ម្នាក់​ពាក់ព័ន្ធ​នឹង​ការកេង​បន្លំ​មូលនិធិ ឬ​ទ្រព្យសម្បត្តិ​សាសនាចក្រ )

ក្រុមប្រឹក្សា​សមាជិកភាព​អាច​ចាំបាច់​ត្រូវ​បង្កើត​ឡើង ( សូមមើល ៣២.៦.២ )

  • ការប្លន់ ការលប​គាស់​ផ្ទះ ការលួច ការកេង​បន្លំ ( សូមមើល ៣២.៦.៣.៣ ប្រសិនបើ​សមាជិក​ម្នាក់​ពាក់ព័ន្ធ​នឹង​ការកេង​បន្លំ​មូលនិធិ ឬ​ទ្រព្យសម្បត្តិ​សាសនាចក្រ )

  • ការភូតភរ

ប្រភេទ​នៃ​អំពើបាប

ការរំលោភ​លើ​ទំនុកចិត្ត

តម្រូវ​ឲ្យ​មាន​ក្រុមប្រឹក្សា​សមាជិកភាព ( សូមមើល ៣២.៦.១ )

  • អំពើបាប​ធ្ងន់ធ្ងរ ខណៈ​ពេល​កាន់​តំណែង​លេចធ្លោ​នៅក្នុង​សាសនាចក្រ

ក្រុមប្រឹក្សា​សមាជិកភាព​អាច​ចាំបាច់​ត្រូវ​បង្កើត​ឡើង ( សូមមើល ៣២.៦.២ )

  • អំពើបាប​ធ្ងន់ធ្ងរ ខណៈពេល​កាន់​តំណែង​ដែល​មាន​សិទ្ធិ​អំណាច ឬ​ទទួល​បាន​ទំនុកចិត្ត​នៅក្នុង​សាសនាចក្រ ឬ​សហគមន៍ ( សូមមើល ៣២.៦.៣.៣ ប្រសិនបើ​សមាជិក​ម្នាក់​ពាក់ព័ន្ធ​នឹង​ការកេង​បន្លំ​មូលនិធិ ឬ​ទ្រព្យសម្បត្តិ​សាសនាចក្រ )

  • អំពើបាប​ធ្ងន់ធ្ងរ​ដែល​ត្រូវ​គេ​ដឹង​យ៉ាង​ទូលំទូលាយ

ប្រភេទ​នៃ​អំពើបាប

អំពើ​មួយ​ចំនួន​ផ្សេងទៀត

តម្រូវ​ឲ្យ​មាន​ក្រុមប្រឹក្សា​សមាជិកភាព ( សូមមើល ៣២.៦.១ )

  • ការផ្តន្ទាទោស​បទឧក្រិដ្ឋ​ភាគច្រើន

ក្រុមប្រឹក្សា​សមាជិកភាព​អាច​ចាំបាច់​ត្រូវ​បង្កើត​ឡើង ( សូមមើល ៣២.៦.២ )

  • ការរម្លូត​កូន

  • លំនាំ​នៃ​អំពើបាប​ធ្ងន់ធ្ងរ

  • ការបោះបង់​ការទទួល​ខុសត្រូវ​ក្នុង​គ្រួសារ​ដោយ​ចេតនា រួមទាំង​ការមិន​បង់​កាតព្វកិច្ច​ហិរញ្ញវត្ថុ​ដល់​កូន និង​ប្ដី ឬ​ប្រពន្ធ​ក្រោយពី​ការលែងលះ

  • ការលក់​ថ្នាំញៀន​ខុស​ច្បាប់

  • អំពើ​ឧក្រិដ្ឋកម្ម​ដ៏​ធ្ងន់ធ្ងរ​ផ្សេងទៀត

៣២.៦.៣

​ពេល​ប្រធាន​ស្ដេក​ប្រឹក្សា​ជាមួយ​នឹង​គណៈប្រធាន​តំបន់​អំពី​ភាពចាំបាច់​ត្រូវ​បង្កើត​ក្រុមប្រឹក្សា​សមាជិកភាព​មួយ ឬ​សកម្មភាព​ផ្សេងទៀត​ឬ​អត់

បញ្ហា​មួយ​ចំនួន​តម្រូវ​ឲ្យ​មាន​ការប្រុង​ប្រយ័ត្ន និង​ការណែនាំ​បន្ថែម​ទៀត ។ ដើម្បី​ដឹង​ពី​របៀប​ជួយ​បាន​ល្អ​បំផុត នោះ​ប្រធាន​ស្តេក​ត្រូវតែ​ប្រឹក្សា​ជាមួយ​នឹង​គណៈប្រធាន​តំបន់ ស្ដីពី​ស្ថានភាព​ទាំងឡាយ​ដែល​មាន​នៅក្នុង​វគ្គ​នេះ ។ ប៉ុន្ដែមានតែ​ប្រធាន​ស្តេក​ប៉ុណ្ណោះ​ដែល​អាច​សម្រេច​ថា គួរតែ​ប្រជុំ​ក្រុមប្រឹក្សា​ដើម្បី​ដោះស្រាយ​ការប្រព្រឹត្ត​នេះ​ឬ​អត់ ។ ប្រសិនបើ​មាន​ការប្រជុំ​ក្រុមប្រឹក្សា​មួយ នោះ​ប្រធាន​ស្តេក ឬ​ប៊ីស្សព​គឺជា​អ្នកសម្រេច​ពី​លទ្ធផល ។

ប្រសិនបើ​មាន​ការប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​មួយ ដូច​បាន​ចែង​នៅក្នុង​វគ្គ​នេះ នោះ​ការសម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​ត្រូវតែ « បន្ដ​នៅក្នុង​គោលជំហរ​ល្អ » « ការដាក់​កំហិត​សមាជិកភាព​ជា​ផ្លូវការ » ឬ « ការដកហូត​សមាជិកភាព » ។ វា​តម្រូវ​ឲ្យ​មាន​ការអនុម័ត​ពី​គណៈប្រធាន​ទីមួយ ដើម្បី​ដកចេញ​ការដាក់​កំហិត​ជាផ្លូវការ ឬ​ការអនុញ្ញាត​ឲ្យ​បុគ្គល​នេះ​ចូល​មក​ក្នុង​សាសនាចក្រ​វិញ ( សូមមើល​លេខ ៣២.១៦.១ លេខ ៩ ) ។

៣២.៦.៣.១

សកម្មភាព​ផ្សេងទៀត

ប្រសិនបើ​មិន​មាន​ការប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព​មួយ​ទេ នោះ​សកម្មភាព​ផ្សេងទៀត​អាច​រួម​មាន ៖

  • ការដាក់​កំហិត​សមាជិកភាព​ក្រៅ​ផ្លូវការ ( សូមមើល ៣២.៨.៣ ) ។

  • ការចារ​លើ​កំណត់ត្រា​សមាជិកភាព ( សូមមើល ៣២.១៤.៥ ) ។

  • ការដាក់​កំហិត​លើ​ពិធីបរិសុទ្ធ ដែល​ដាក់​កំហិត​លើ​បុគ្គល​ម្នាក់​មិន​ឲ្យ​ទទួល​បាន ឬ​អនុវត្ត​បព្វជិតភាព ឬ​ទទួល​បាន ឬ​ប្រើប្រាស់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។

ប្រធាន​ស្ដេក​ប្រឹក្សា​ជាមួយ​នឹង​គណៈប្រធាន​តំបន់ ពីមុន​អនុវត្ត​តាម​សកម្មភាព​ទាំងនេះ​ណាមួយ ។

៣២.៦.៣.២

ការក្បត់​សាសនា

ជារឿយៗ បញ្ហា​អំពី​ការក្បត់​សាសនា​មាន​ឥទ្ធិពល​ហួស​ពី​ព្រំដែន​វួដ ឬ​ស្ដេក​មួយ​ទៅ​ទៀត ។ បញ្ហា​ទាំងនេះ​ត្រូវតែ​ដោះស្រាយ​ភ្លាមៗ​ដើម្បី​ការពារ​មនុស្ស​ដទៃ ។

ប៊ីស្សព​ប្រឹក្សា​ជាមួយ​ប្រធាន​ស្តេក ប្រសិនបើ​គាត់​មាន​អារម្មណ៍​ថា សកម្មភាព​របស់​សមាជិក​ម្នាក់​អាច​បង្កជា​ការក្បត់​សាសនា​បាន ។ ប៊ីស្សព ឬ​ប្រធាន​ស្តេក​អាច​ដាក់​កំហិត​សមាជិកភាព​ក្រៅ​ផ្លូវការ​លើ​សមាជិក​នេះ ( សូមមើល ៣២.៨.៣ ) ។ ប្រធាន​ស្តេក​ត្រូវតែ​ប្រឹក្សា​ភ្លាមៗ​ជាមួយ​នឹង​គណៈប្រធាន​តំបន់ ។ ប៉ុន្ដែ មានតែ​ប្រធាន​ស្តេក​ប៉ុណ្ណោះ​ដែល​អាច​សម្រេច​ថា ចាំបាច់​ត្រូវ​បង្កើត​ក្រុមប្រឹក្សា​សមាជិកភាព​មួយ ឬ​សកម្មភាព​ផ្សេងទៀត​ឬ​អត់ ។

ដូច​ដែល​បាន​ប្រើ​នៅ​ទី​នេះ ការក្បត់​សាសនា សំដៅ​ទៅ​លើ​សមាជិក​ម្នាក់​ដែល​ពាក់ព័ន្ធ​នៅក្នុង​សកម្មភាព​ណាមួយ​ដូច​តទៅ​នេះ ៖

  • ធ្វើ​ទង្វើ​ដដែលៗ​យ៉ាងច្បាស់ និង​ប្រឆាំង​ដោយ​ចេតនា​ជា​សាធារណៈ​នឹង​សាសនាចក្រ គោលលទ្ធិ​របស់​សាសនាចក្រ គោលនយោបាយ​របស់​សាសនាចក្រ ឬ​ថ្នាក់ដឹកនាំ​ក្នុង​សាសនាចក្រ

  • បន្ត​បង្រៀន​អ្វីមួយ​ថាជា​គោលលទ្ធិ​របស់​សាសនាចក្រ ដែល​វា​មិនមែន​ជា​គោលលទ្ធិ​របស់​សាសនាចក្រ បន្ទាប់ពី​ត្រូវបាន​កែតម្រូវ​ដោយ​ប៊ីស្សព ឬ​ប្រធាន​ស្ដេក

  • បង្ហាញ​លំនាំ​មួយ​ក្នុង​ការធ្វើឲ្យ​សេចក្ដី​ជំនឿ និង​សកម្មភាព​របស់​សមាជិក​សាសនាចក្រ​ចុះ​ខ្សោយ​ដោយ​ចេតនា

  • បន្ត​ធ្វើតាម​ការបង្រៀន​របស់​និកាយ​ក្បត់​សាសនា បន្ទាប់ពី​ត្រូវបាន​ណែនាំ​កែ​តម្រូវ​ដោយ​ប៊ីស្សព ឬ​ប្រធាន​ស្ដេក

  • ចូលរួម​ជាផ្លូវការ​ក្នុង​ព្រះវិហារ​មួយ​ទៀត ហើយ​ផ្សាយ​ការបង្រៀន​របស់​ព្រះវិហារ​ផ្សេង​នោះ ( អសកម្មភាព​ទាំងស្រុង​នៅក្នុង​សាសនាចក្រ ឬ​ចូលរួម​នៅក្នុង​ព្រះវិហារ​ផ្សេង​ទៀត មិន​រាប់ថា​ជា​ការក្បត់​សាសនា​នោះ​ទេ ។ ប៉ុន្ដែ ប្រសិនបើ​សមាជិក​ម្នាក់​ចូលរួម​ជាផ្លូវការ​ក្នុង​ព្រះវិហារ​មួយ​ទៀត ហើយ​គាំពារ​ដល់​ការបង្រៀន​របស់​ព្រះវិហារ​នោះ ដូច្នេះ​វា​អាច​ចាំបាច់​ដើម្បី​ដកហូត​សមាជិកភាព​របស់​គាត់ ឬ​នាង ) ។

ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ពួកសាសន៍​នីហ្វៃ​ថា ពួកគេ​គួរតែ​បន្ដ​ផ្ដល់​ការងារ​បម្រើ​ដល់​បុគ្គល​ម្នាក់ ដែល​បាន​ធ្វើ​អំពើបាប ។ « ប៉ុន្តែ​បើសិនជា គេ​មិន​ប្រែចិត្ត​ទេ នោះ​អ្នក​ពុំ​ត្រូវ​រាប់​ក្នុង​ចំណោម​រាស្ត្រ​យើង​ឡើយ ដើម្បី​កុំ​ឲ្យ​គេ​បំផ្លាញ​រាស្ត្រ​យើង » ( នីហ្វៃទី ៣ ១៨: ៣១ ) ។

៣២.៦.៣.៣

ការកេង​បន្លំ​មូលនិធិ​សាសនាចក្រ

ប្រសិនបើ​បុគ្គល​ម្នាក់​កេង​បន្លំ​មូលនិធិ​សាសនាចក្រ ឬ​លួច​ទ្រព្យសម្បត្តិ​ដ៏មាន​តម្លៃ​របស់​សាសនាចក្រ នោះ​ប្រធាន​ស្ដេក​ប្រឹក្សា​ជាមួយ​នឹង​គណៈប្រធាន​តំបន់​អំពី​ភាពចាំបាច់​ក្នុង​ការបង្កើត​ក្រុមប្រឹក្សា​សមាជិកភាព​មួយ ឬ​សកម្មភាព​ផ្សេងទៀត​ឬ​អត់ ។ ថ្នាក់ដឹកនាំ​ពិចារណា ៖

  • អំពី​ចំនួន​ដែល​បាន​កេង​បន្លំ ឬ​លួច ។

  • ថា​ការកេង​បន្លំ​គឺជា​ហេតុការណ៍​តែម្ដង ឬ​ច្រើន​ដង ។

  • ថា​បាន​បង់​សង​វិញ​ឬ​អត់ ។

  • កម្រិត​សោកស្ដាយ​របស់​បុគ្គល​នោះ ។

  • តំណែង​ដែល​កាន់​ដោយ​សមាជិក ( សូមមើល ៣២.៦.១.៤ សម្រាប់​សមាជិក​ដែល​កាន់​តំណែង​លេចធ្លោ​ក្នុង​សាសនាចក្រ ) ។

ប្រធាន​ស្ដេក​រាយការណ៍​ពី​អ្វីមួយ​ដូច​ខាងក្រោម​នេះ​នៅក្នុង ធនធាន​សម្រាប់​ថ្នាក់​ដឹកនាំ និង​ស្មៀន ៖

  • លទ្ធផល​នៃ​ការប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព

  • ថា​គាត់​បាន​ប្រឹក្សា​ជាមួយ​នឹង​គណៈប្រធាន​តំបន់ និង​សម្រេច​ថា​មិន​ចាំបាច់​បង្កើត​ក្រុមប្រឹក្សា​សមាជិកភាព​ទេ

ប្រសិនបើ​នាយកដ្ឋាន​សវនកម្ម​សាសនាចក្រ​សម្រេច​ថា អ្នកដឹកនាំ ឬ​និយោជិត​សាសនាចក្រ​មួយ​រូប​បាន​កេង​បន្លំ​មូលនិធិ ឬ​ទ្រព្យសម្បត្តិ​សាសនាចក្រ នោះ​ជាទូទៅ គណៈប្រធាន​ទីមួយ​នឹង​បង្គាប់​ថា ត្រូវ​ចារ​ចំណាំ​លើ​កំណត់ត្រា​សមាជិកភាព​របស់​គាត់ ឬ​នាង ។ « អ្នកដឹកនាំ » ត្រូវបាន​កំណត់​ថាជា​បុគ្គល​ម្នាក់​ដែល​កាន់​តំណែង​លេចធ្លោ​នៅក្នុង​សាសនាចក្រ ក៏ដូចជា​ទីប្រឹក្សា ស្មៀន និង​គណៈប្រធាន​សាខា​ផងដែរ ។ នៅពេល​បាន​បញ្ចប់​ការប្រែចិត្ត នោះ​ប្រធាន​ស្តេក​អាច​ស្នើ​ឲ្យ​ដក​ការចារ​ចំណាំ​នោះ​ចេញ​បាន ( សូមមើល ៣២.១៤.៥ និង ៣៤.៧.៥ ) ។ ការចារ​ចំណាំ​មិនមែន​មាន​ន័យ​ថា មាន​ក្រុមប្រឹក្សា​សមាជិកភាព ឬ​សកម្មភាព​ផ្សេងទៀត​កើតឡើង​នោះទេ ។

៣២.៦.៣.៤

បុគ្គល​ប្ដូរ​ភេទ

ប៊ីស្សព និង​ប្រធាន​ស្ដេក​ដែល​ធ្វើការ​ជាមួយ​នឹង​បុគ្គល ដែល​កំណត់​ខ្លួនឯង​ថា​ជា​មនុស្ស​មាន​អាកប្បកិរិយា​ផ្ទុយ​ពី​ភេទ​របស់​ខ្លួន គួរតែ​ធ្វើតាម​គោលការណ៍​ណែនាំ​នៅក្នុង ៣៨.៦.២៣ ។

៣២.៦.៤

ពេល​ដែល​ក្រុមប្រឹក្សា​សមាជិកភាព​មិន​ចាំបាច់​ត្រូវ​មាន

នៅ​ក្នុង​ឧទាហរណ៍​ខាង​ក្រោម​នេះ ជា​ធម្មតា​ក្រុមប្រឹក្សា​សមាជិកភាព​មួយ​មិន​ចាំបាច់​ត្រូវ​បង្កើត​ឡើង​ទេ ។

៣២.៦.៤.១

ការមិន​ធ្វើ​តាម​បទដ្ឋាន​មួយ​ចំនួន​របស់​សាសនាចក្រ

ការប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព​មួយ​មិន​ធ្វើ​ឡើង​សម្រាប់​សកម្មភាព​ដែល​មាន​ដូច​ខាងក្រោម​នេះ​ទេ ។ ប៉ុន្ដែ សូម​កត់ចំណាំ​ករណី​លើកលែង​នៅក្នុង​ចំណុច​ចុងក្រោយ ។

  • អសកម្មភាព​នៅក្នុង​សាសនាចក្រ

  • មិន​បំពេញ​ភារកិច្ច​នៅក្នុង​សាសនាចក្រ

  • មិន​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់

  • អំពើបាប​នៃ​ការមិន​រាប់​បញ្ចូល

  • ការបំពេញ​សម្រើប​ដោយ​ខ្លួនឯង

  • ការមិន​ធ្វើតាម​ពាក្យសម្តី​នៃ​ប្រាជ្ញា​វាងវៃ

  • ការប្រើប្រាស់​អាសគ្រាម លើកលែង​តែ​អាសគ្រាម​លើ​កុមារ ( ដូច​មាន​ចែង​នៅក្នុង ៣៨.៦.៦ ) ឬ​ការប្រើប្រាស់​អាសគ្រាម​ក្នុង​កម្រិត​ខ្លាំង ឬ​អត់​មិន​បាន ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អាពាហ៍ពិពាហ៍ ឬ​គ្រួសារ​របស់​សមាជិក​ម្នាក់ ( ដូច​មាន​ចែង​នៅក្នុង ៣៨.៦.១៣ ) ។

៣២.៦.៤.២

ការបរាជ័យ​ក្នុង​អាជីវកម្ម ឬ​ការមិន​សង​បំណុល

ថ្នាក់ដឹកនាំ​មិន​គួរ​ប្រើប្រាស់​ក្រុមប្រឹក្សា​សមាជិកភាព​ដើម្បី​ដោះស្រាយ​ជម្លោះ​អាជីវកម្ម​នោះទេ ។ ការបរាជ័យ​ក្នុង​អាជីវកម្ម និង​ការមិន​សង​បំណុល​មិន​មែន​ជា​មូលហេតុ ដើម្បី​កោះ​ហៅ​ការប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព​ទេ ។ ទោះជា​យ៉ាង​ណា​ក្ដី ត្រូវតែ​មាន​ការប្រជុំ​ក្រុមប្រឹក្សា​ចំពោះ​សកម្មភាព​ក្លែង​បន្លំ​ធ្ងន់ធ្ងរ ឬ​អំពើ​បោកប្រាស់​ខាង​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​ផ្សេងទៀត ( សូមមើល ៣២.៦.១.៣ ) ។

៣២.៦.៤.៣

ជម្លោះ​ស៊ីវិល

មិន​មាន​ការប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព ដើម្បី​ដោះស្រាយ​ជម្លោះ​ស៊ីវិល​ទេ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៤:១១ ) ។

៣២.៧

កាលៈទេសៈ​របស់​បុគ្គល

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « ដៃ​នៃ​សេចក្ដី​មេត្តា​ករុណា​របស់​យើង​សន្ធឹង​ទៅ​រក​អ្នក ហើយ​អស់​អ្នកណា​ដែល​មក អ្នក​នោះ​ហើយ​ដែល​យើង​នឹង​ទទួល ហើយ​មាន​ពរ​ហើយ​ដល់​អ្នក​ណា​ដែល​មក​រក​យើង » ( នីហ្វៃទី៣ ៩:១៤ ) ។ កាលៈទេសៈ​របស់​បុគ្គល​ម្នាក់​គឺជា​ចំណុច​ដ៏​សំខាន់​មួយ​ក្នុង​ការពិចារណា​ដើម្បី​សម្រេច​ពី ៖

  • របៀប​សមរម្យ​ដើម្បី​ជួយ​គាត់ ឬ​នាង​ឲ្យ​ប្រែចិត្ត​ពី​អំពើបាប​ធ្ងន់ធ្ងរ ( សូមមើល ៣២.៥ និង ៣២.៦ ) ។

  • ការសម្រេច​ចិត្ត​ដែល​បាន​ធ្វើឡើង​នៅក្នុង​ការប្រឹក្សា​ផ្ទាល់ខ្លួន ឬ​ក្រុមប្រឹក្សា​សមាជិកភាព ( សូមមើល ៣២.៨ និង ៣២.១១ ) ។

ប៊ីស្សព និង​ប្រធាន​ស្តេក​ស្វែង​យល់ដឹង​ពី​ព្រះរាជ​គំនិត និង​ព្រះទ័យ​របស់​ព្រះអម្ចាស់​សម្រាប់​ស្ថានភាព​នីមួយៗ ។ ពួកគាត់​ពិចារណា​អំពី​កត្តា​ដូចតទៅ​នេះ ដើម្បី​សម្រេច​ពី​របៀប​ណាមួយ​ដើម្បី​ប្រើ និង​លទ្ធផល​ដែល​នឹង​កើតឡើង ។ កត្តា​ទាំងនេះ​មិន​បញ្ជា​ឲ្យ​មាន​ការសម្រេច​ចិត្ត​ជាក់លាក់​ណា​មួយ​នោះ​ទេ ។ ប៉ុន្ដែ វា​គឺជា​ជំនួយ​ទៅ​ដល់​ការសម្រេច​ចិត្ត ដែល​ថ្នាក់ដឹកនាំ​ត្រូវ​តែ​ស្វែងរក​ដំណោះស្រាយ​ប្រកប​ដោយ​ការអធិស្ឋាន និង​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ ។

៣២.៧.១

ទំហំ​នៃ​អំពើបាប​នោះ

ភាពធ្ងន់ធ្ងរ​នៃ​អំពើបាប​មួយ​ត្រូវបាន​វាស់វែង​ដោយ​ទំហំ​របស់​អំពើបាប​នោះ ។ ការណ៍​នេះ​អាច​រួម​មាន​ចំនួន និង​ភាពញឹកញាប់​នៃ​អំពើបាប​ដែល​បាន​ប្រព្រឹត្ត ភាពធ្ងន់ធ្ងរ​នៃ​គ្រោះថ្នាក់​ដែល​បាន​បង្ក​ដោយ​អំពើបាប​នោះ និង​ចំនួន​មនុស្ស​ដែល​បាន​រងគ្រោះថ្នាក់​ដោយ​អំពើបាប​នោះ ។

៣២.៧.២

ផលប្រយោជន៍​របស់​ជនរងគ្រោះ

ថ្នាក់ដឹកនាំ​ពិចារណា​ពី​ផលប្រយោជន៍​របស់​ជនរងគ្រោះ និង​មនុស្ស​ដទៃ​ទៀត ។ ការណ៍​ទាំងនេះ​អាច​រួមមាន​ប្ដី ឬ​ប្រពន្ធ​របស់​បុគ្គល និង​សមាជិក​គ្រួសារ​ផ្សេងទៀត ។ ថ្នាក់ដឹកនាំ​ក៏គួរ​តែ​ពិចារណា​អំពី​ភាពធ្ងន់ធ្ងរ​នៃ​គ្រោះថ្នាក់​ផងដែរ ។

៣២.៧.៣

ភស្តុតាង​នៃ​ការប្រែចិត្ត

ការណែនាំ​ខាង​វិញ្ញាណ​គឺ​ចាំបាច់​ណាស់​ដើម្បី​ដឹង​ថា បុគ្គល​ម្នាក់​បាន​ប្រែចិត្ត​ដោយ​អស់ពី​ចិត្ត​ដែរ​ឬ​អត់ ។ ការប្រែចិត្ត​បែប​នោះ​ត្រូវបាន​បង្ហាញ​ឲ្យ​កាន់តែ​ជឿ​ជាក់​បាន តាមរយៈ​សកម្មភាព​សុចរិត​ក្នុង​រយៈពេល​យូរ ជាជាង​ដោយ​ការសោកស្តាយ​យ៉ាង​ខ្លាំង​នៅក្នុង​អំឡុង​ពេល​សម្ភាស​តែ​មួយ​ដង​នោះ ។ កត្តា​ដែល​ត្រូវ​ពិចារណា​រួមមាន ៖

  • ភាពរឹងមាំ​នៃ​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • លក្ខណៈ​នៃ​ការសារភាព ។

  • ជម្រៅ​នៃ​ការសោកស្ដាយ​ចំពោះ​អំពើបាប​នោះ ។

  • ការសង​ជំងឺ​ចិត្ត និង​ការខូចខាត​ដល់​បុគ្គល​ដែល​បាន​រងរបួស ។

  • ការអនុវត្ត​តាម​កិច្ចតម្រូវ​ខាង​ផ្លូវ​ច្បាប់ ។

  • ជោគជ័យ​ក្នុង​ការបោះបង់​អំពើបាប​នោះ​ចោល ។

  • ភាពស្មោះត្រង់​ក្នុង​ការគោរព​តាម​ព្រះបញ្ញត្តិ តាំងពី​អំពើបាប​នោះ​មក ។

  • ភាពស្មោះត្រង់​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​ក្នុង​សាសនាចក្រ និង​មនុស្ស​ដទៃ ។

  • ឆន្ទៈ​ដើម្បី​ធ្វើតាម​ការប្រឹក្សា​របស់​ថ្នាក់ដឹកនាំ​សាសនាចក្រ ។

នារី​ម្នាក់​អធិស្ឋាន

៣២.៧.៤

ការល្មើស​នឹង​សេចក្តី​សញ្ញា​ព្រះវិហារ​បរិសុទ្ធ

ព្រះអម្ចាស់​បាន​ប្រកាស​ថា « ដ្បិត​ដល់​អ្នក​ណា​ដែល​ត្រូវ​បាន​ប្រទាន​ឲ្យ​ច្រើន នោះ​ក៏​មាន​តម្រូវការ​ជាច្រើន​វិញ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨២:៣ ) ។ បុគ្គល​ម្នាក់​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ បាន​ចុះ​សេចក្ដី​សញ្ញា​ថា​នឹង​រស់នៅ​តាម​បទដ្ឋាន​ជាន់ខ្ពស់ ។ ការល្មើស​នឹង​សេចក្តី​សញ្ញា​ទាំងនេះ​បង្កើន​ភាពធ្ងន់ធ្ងរ​នៃ​អំពើបាប​នោះ ។ វា​បង្កើន​លទ្ធភាព​ឲ្យ​មាន​ក្រុមប្រឹក្សា​សមាជិកភាព​កាន់តែ​ចាំបាច់​ឡើង ។

៣២.៧.៥

តំណែង​ដែល​មាន​ការទុកចិត្ត ឬ​សិទ្ធិ​អំណាច

ភាពធ្ងន់ធ្ងរ​នៃ​អំពើបាប​នឹង​កើន​ឡើង ប្រសិនបើ​បុគ្គល​ម្នាក់​បាន​ប្រព្រឹត្ត​វា ខណៈ​នៅក្នុង​តំណែង​ដែល​មាន​ការទុកចិត្ត ឬ​សិទ្ធិ​អំណាច ដូចជា​ឪពុក ឬ​ម្ដាយ ថ្នាក់​ដឹកនាំ ឬ​គ្រូបង្រៀន ។

៣២.៧.៦

ការធ្វើ​ឡើង​ដដែលៗ

លំនាំ​នៃ​ការធ្វើ​អំពើបាប​ធ្ងន់ធ្ងរ​ដដែលៗ​នេះ​ម្ដង​ហើយ​ម្ដង​ទៀត អាច​បង្ហាញ​អំពី​អាកប្បកិរិយា ឬ​ការញៀន​ដែល​ដុះ​យ៉ាង​ជ្រៅ ដែល​រារាំង​មិន​ឲ្យ​មាន​ការប្រែចិត្ត​យ៉ាង​ពិតប្រាកដ​រីកចម្រើន​ឡើងបាន ។ បន្ថែម​ពី​លើ​ការដាក់​កំហិត​សមាជិកភាព​ដែល​អាច​ចាំបាច់ នោះ​មាន​កម្មវិធី​ព្យាបាល​ពី​ការញៀន និង​ការប្រឹក្សា​វិជ្ជាជីវៈ​ដែល​អាច​ជួយ​បាន ( សូមមើល ៣២.៨.២ ) ។

៣២.៧.៧

អាយុ ភាពចាស់ទុំ និង​បទពិសោធន៍

ថ្នាក់ដឹកនាំ​ពិចារណា​ពី​អាយុ ភាពចាស់ទុំ និង​បទពិសោធន៍ នៅពេល​ផ្ដល់​ការប្រឹក្សា​ដល់​សមាជិក​ម្នាក់ ឬ​សម្រេច​ពី​លទ្ធផល​នៃ​ក្រុមប្រឹក្សា​សមាជិកភាព ។ ជារឿយៗ ការអត់ឱន​មាន​ភាពសមរម្យ​ចំពោះ​អ្នកទាំងឡាយ ដែល​ក្មេង​ខ្ចី​នៅ​ក្នុង​ដំណឹង​ល្អ ។ ឧទាហរណ៍ ការអត់ឱន​អាច​សមរម្យ​ផងដែរ​ចំពោះ​សមាជិក​វ័យ​ក្មេង ដែល​ជាប់​ទាក់ទង​នៅក្នុង​ការប្រព្រឹត្ត​អសីលធម៌ ប្រសិនបើ​ពួកគេ​បោះបង់​ចោល​អំពើបាប ហើយ​បង្ហាញ​ការប្រែចិត្ត​ដោយ​ស្មោះត្រង់ ។ ទោះយ៉ាងណា សកម្មភាព​យ៉ាង​ម៉ឺងម៉ាត់​ជាងនេះ​ថែមទៀត​អាច​ចាំបាច់ ប្រសិនបើ​ពួកគេ​ចចេស​នៅតែ​ប្រព្រឹត្ត ។

៣២.៧.៨

សមត្ថភាព​ផ្លូវ​ចិត្ត

ជំងឺ​ផ្លូវ​ចិត្ត ការញៀន ឬ​សមត្ថភាព​ផ្លូវ​ចិត្ត​មាន​កំណត់ មិនមែន​ជា​ការដោះសា​សម្រាប់​បុគ្គល​ម្នាក់ ដែល​បាន​ប្រព្រឹត្ត​អំពើបាប​ធ្ងន់ធ្ងរ​នោះ​ទេ ។ ប៉ុន្ដែ ទាំងនេះ​ជា​កត្តា​ដែល​ត្រូវ​ពិចារណា ។ ជា​ផ្នែក​មួយ​នៃ​ការជួយ​បុគ្គល​ម្នាក់​ឲ្យ​ប្រែចិត្ត នោះ​ថ្នាក់ដឹកនាំ​ស្វែងរក​ការណែនាំ​ពី​ព្រះអម្ចាស់​អំពី​ការយល់ដឹង​ខាង​គោលការណ៍​ដំណឹងល្អ និង​កម្រិត​នៃ​ការទទួល​ខុសត្រូវ​របស់​បុគ្គល​នេះ ។

៣២.៧.៩

ការសារភាព​ដោយ​ស្ម័គ្រចិត្ត

ការសារភាព​ដោយ​ស្ម័គ្រចិត្ត និង​ការសោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​របស់​បុគ្គល​ម្នាក់ បង្ហាញ​ពី​បំណង​ប្រាថ្នា​ដើម្បី​ប្រែចិត្ត ។

៣២.៧.១០

ពេលវេលា​ចន្លោះពី​អំពើបាប និង​ការសារភាព

ការសារភាព​គឺជា​ផ្នែក​មួយ​នៃ​ការប្រែចិត្ត ហើយ​មិន​គួរ​ធ្វើ​ទាំង​ប្រញាប់​ប្រញាល់​នោះ​ទេ ។ ពេលខ្លះ អំពើបាប​មួយ​ត្រូវ​បាន​បន្ដ​ដោយ​ការកែប្រែ និង​ការរស់នៅ​ដ៏​ស្មោះត្រង់​ក្នុង​រយៈពេល​ដ៏យូរ ។ ប្រសិនបើ​សមាជិក​ម្នាក់​សារភាព​ពី​អំពើបាប​មួយ ហើយ​មិន​ប្រព្រឹត្ត​វា​ម្ដងទៀត ការណ៍​នោះ​អាច​បង្ហាញ​ថា គាត់ ឬ​នាង​បាន​បោះបង់​វា​ចោល​ហើយ ។ នៅក្នុង​ឧទាហរណ៍​នេះ ការសារភាព​អាច​នឹង​បញ្ចប់​ទាំងស្រុង ជា​ជាង​ចាប់ផ្តើម​ដំណើរការ​នៃ​ការប្រែចិត្ត​ឡើង​វិញ ។

៣២.៧.១១

អំពើបាប​ពាក់ព័ន្ធ​នឹង​សមាជិក​ដែល​រស់នៅ​ក្នុង​វួដ ឬ​ស្ដេក​ខុសគ្នា

ពេលខ្លះ​សមាជិក​ដែល​ប្រព្រឹត្ត​អំពើបាប​ធ្ងន់ធ្ងរ​មួយ​ជាមួយ​គ្នា រស់នៅ​ក្នុង​វួដ ឬ​ស្ដេក​ខុសគ្នា ។ នៅក្នុង​ស្ថានភាព​នេះ ប្រធាន​ស្ដេក​ធ្វើការ​ប្រឹក្សា​យោបល់​រួមគ្នា​អំពី​ភាពចាំបាច់​ដើម្បី​មាន​ការដាក់​កំហិត​លើ​សមាជិកភាព ឬ​ក្រុមប្រឹក្សា​សមាជិកភាព ។ ពួកគាត់​ក៏​ពិភាក្សា​ផងដែរ ប្រសិនបើ​មាន​គុណសម្បត្តិ​ដូចគ្នាក្នុង​ការសម្រេចចិត្ត​ធ្វើការដាក់​កំហិត ឬ​ក្រុមប្រឹក្សា ឬ​ប្រសិនបើ​មាន​បញ្ហា​ផ្សេងទៀត​ដែល​អាច​បង្ហាញពី​ភាពចាំបាច់​ដើម្បី​មាន​លទ្ធផល​ខុសពី​នេះ ។


ការផ្ដល់​ការប្រឹក្សា​ផ្ទាល់ខ្លួន


៣២.៨

ការប្រឹក្សា​ផ្ទាល់ខ្លួន និង​ការដាក់​កំហិត​សមាជិកភាព​ក្រៅ​ផ្លូវការ

ជារឿយៗ ការប្រឹក្សា​ផ្ទាល់ខ្លួន​គឺ​គ្រប់គ្រាន់​ហើយ​ដើម្បី​ជួយ​ការពារ​មនុស្ស​ដទៃ និង​ជួយ​បុគ្គល​ម្នាក់​ឲ្យ​ទទួល​បាន​នូវ​អំណាច​ប្រោសលោះ​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​តាមរយៈ​ការប្រែចិត្ត ។ ការប្រឹក្សា​បែប​នោះ​ក៏​អាច​ជួយ​សមាជិក​ឲ្យ​ការពារ​ខ្លួន មិន​ប្រព្រឹត្ត​អំពើបាប​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​ផងដែរ ។ នៅក្នុង​ការប្រឹក្សា​ផ្ទាល់ខ្លួន ថ្នាក់ដឹកនាំ​ក៏​អាច​ធ្វើ​ការដាក់​កំហិត​សមាជិកភាព​ក្រៅ​ផ្លូវការ ដើម្បី​ជួយ​សមាជិក​ម្នាក់​ឲ្យ​ប្រែចិត្ត​ពី​អំពើបាប​ធ្ងន់ធ្ងរ​មួយ​ចំនួន​ផងដែរ ( សូមមើល ៣២.៨.៣ ) ។

អំពើបាប​ដ៏​ធ្ងន់ធ្ងរ​មិន​គួរ​ត្រូវបាន​ចាត់ចែង​ដោយ​លេង​សើច​ឡើយ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣១ ) ។ ការរំលង​សេចក្ដី​សញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ធ្វើឲ្យ​ក្រុមប្រឹក្សា​សមាជិកភាព​កាន់តែ​ចាំបាច់​ឡើង ( សូមមើល ៣២.៧.៤ ) ។

គោលការណ៍​ណែនាំ​ទាំងឡាយ​ដើម្បី​ជួយ​ថ្នាក់ដឹកនាំ​ឲ្យ​ដឹង​ថា ពេលណា​ការប្រឹក្សា និង​ការដាក់​កំហិត​ក្រៅ​ផ្លូវការ​អាច​គ្រប់គ្រាន់​នោះ ត្រូវបាន​រៀបរាប់​ដូច​ខាងក្រោម ( សូមមើល​ផងដែរ ៣២.៧ ) ៖

  • បុគ្គល​ម្នាក់​មិន​បាន​ប្រព្រឹត្ត​អំពើបាប​មួយ ដែល​តម្រូវ​ឲ្យ​មាន​ក្រុមប្រឹក្សា​សមាជិកភាព ( សូមមើល ៣២.៦.១ ) ។

  • បុគ្គល​ម្នាក់​បាន​សារភាព​ដោយ​ស្ម័គ្រចិត្ត និង​ជា​អ្នកប្រែចិត្ត​យ៉ាង​ពិតប្រាកដ ។

  • បុគ្គល​ម្នាក់​កំពុង​ប្រែចិត្ត​ពី​អំពើបាប​ដ៏​ធ្ងន់ធ្ងរ​មួយ ដែល​គាត់ ឬ​នាង​មិន​បាន​ប្រព្រឹត្ត​ពីមុន ។

  • អំពើបាប​របស់​បុគ្គល​ម្នាក់​មិន​បាន​ល្មើស​ទៅនឹង​សេចក្ដី​សញ្ញា​ព្រះវិហារ​បរិសុទ្ធ​ទេ ។

  • បុគ្គល​ម្នាក់​មាន​ស្ថានភាព​បន្ធូរបន្ថយ​គ្រប់គ្រាន់ ។

៣២.៨.១

ការប្រឹក្សា​ផ្ទាល់ខ្លួន

គោលការណ៍​ណែនាំ​ខាងក្រោម​នេះ​អនុវត្ត​បាន នៅពេល​ប៊ីស្សព ឬ​ប្រធាន​ស្តេក​កំពុង​ប្រឹក្សា​សមាជិក​ម្នាក់​ដើម្បី​ជួយ​គាត់ ឬ​នាង​ឲ្យ​ប្រែចិត្ត ។

  • សូម​សាកសួរ​រក​ព័ត៌មាន​ឲ្យ​បាន​​ល្មម​គ្រប់គ្រាន់​ដើម្បី​សម្រេច​ពី ( ១ ) ឥរិយាបថ​របស់​សមាជិក​នេះ​ចំពោះ​អាកប្បកិរិយា​ដែល​មាន​អំពើបាប និង ( ២ ) លក្ខណៈ ភាពញឹកញាប់ ព្រមទាំង​រយៈពេល​នៃ​អាកប្បកិរិយា​នេះ ។ សូម​កុំ​សួរ​រក​ព័ត៌មាន​លម្អិត​ហួសពី​អ្វី​ដែល​ចាំបាច់ ដើម្បី​យល់​ពី​ស្ថានភាព​នេះ​ឡើយ ។ សូម​កុំ​សួរ​សំណួរ​ដែល​កើត​ចេញពី​ការឆ្ងល់​ផ្ទាល់ខ្លួន​ឡើយ ។

  • សូម​សួរ​ពី​របៀប​ដែល​ការប្រព្រឹត្ត​នេះ​បាន​ប៉ះពាល់​ដល់​មនុស្ស​ដទៃ​វិញ ។

  • សូម​ផ្ដោតទៅ​លើ​លក្ខខណ្ឌ​វិជ្ជមាន ដែល​បាន​ធ្វើឲ្យ​ការប្រែចិត្ត​ជឿ និង​ការតាំងចិត្ត​ជឿ​លើ​ព្រះអម្ចាស់​របស់​សមាជិក​នេះ​កាន់តែ​ស៊ី​ជម្រៅ ។ សូម​លើក​ទឹកចិត្ត​ឲ្យ​សមាជិក​ចាត់​សកម្មភាព​ជាក់លាក់​នានា ដើម្បី​ធ្វើឲ្យ​មាន​ការផ្លាស់ប្ដូរ​អាកប្បកិរិយា និង​ការផ្លាស់ប្ដូរ​ដួងចិត្ត​ដើម្បី​ប្រែចិត្ត ។ សូម​អញ្ជើញ​គាត់ ឬ​នាង​ឲ្យ​ខិត​កាន់​តែ​ជិត​ទៅ​ព្រះអង្គ​សង្គ្រោះ​តាមរយៈ​ការស្វែងរក​កម្លាំង​ពី​ទ្រង់ និង​មាន​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​ដ៏​ប្រោសលោះ​របស់​ទ្រង់ ។

  • សូម​លើក​ទឹកចិត្ត​ឲ្យ​មាន​សកម្មភាព​លើក​ស្ទួយ​ដូចជា ការអធិស្ឋាន ការសិក្សា​ព្រះគម្ពីរ និង​ការចូលរួម​ក្នុង​ការប្រជុំ​របស់​សាសនាចក្រ ។ សូម​បង្រៀន​ថា កិច្ចការ​ពង្ស​ប្រវត្តិ និង​ព្រះវិហារ​បរិសុទ្ធ​អាច​កាត់​បន្ថយ​ឥទ្ធិពល​របស់​ពួក​មារសត្រូវ​បាន ។ សូម​លើក​ទឹកចិត្ត​ឲ្យ​មាន​ការបម្រើ​ដល់​មនុស្ស​ដទៃ និង​ការចែកចាយ​ដំណឹងល្អ ។

  • សូម​លើក​ទឹកចិត្ត​ឲ្យ​ផ្ដល់​ការសង​ជំងឺ​ចិត្ត​ដល់​អស់​អ្នក​ដែល​បាន​រងគ្រោះ​ដោយ​អំពើបាប ហើយ​សូម​ការអភ័យទោស ។

  • សូម​លើក​ទឹកចិត្ត​ឲ្យ​ងាកចេញ​ពី​ឥទ្ធិពល​អាក្រក់​ទាំងឡាយ ។ សូម​ជួយ​សមាជិក​ឲ្យ​ចាត់​វិធានការណ៍​ការពារ​ទប់ទល់​នឹង​ការល្បួង​ជាក់លាក់​ទាំងឡាយ ។

  • សូម​ទទួល​ស្គាល់​ថា អ្នក​គឺជាថ្នាក់​ដឹកនាំ​ក្នុង​សាសនាចក្រ មិនមែន​ជា​អ្នកប្រឹក្សា​ដែល​មាន​វិជ្ជាជីវៈ​នោះ​ទេ ។ បន្ថែម​ពី​លើ​ការប្រឹក្សា​ដែល​អ្នក​អាច​ផ្ដល់​បាន សមាជិក​មួយ​ចំនួន​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការប្រឹក្សា​ផ្នែក​អាកប្បកិរិយា ។ សមាជិក​មួយ​ចំនួន​អាច​រងទុក្ខ​ដោយសារ​ជំងឺ​ផ្លូវចិត្ត ។ តាម​ការចាំបាច់ សូម​ប្រឹក្សា​សមាជិក​ទាំងឡាយ​ឲ្យ​ស្វែងរក​ជំនួយ​ពី​អ្នកមាន​វិជ្ជាជីវៈ​ខាង​វេជ្ជសាស្ដ្រ និង​ខាង​ផ្លូវចិត្ត​ដែល​មាន​ជំនាញ​ត្រឹមត្រូវ ។

  • សូម​ធ្វើការ​អធិស្ឋាន និង​ស្វែងរក​ការដឹកនាំ​មកពី​ព្រះវិញ្ញាណ ពីមុន​ធ្វើ​ការដាក់​កំហិត​សមាជិកភាព​ក្រៅ​ផ្លូវការ ។ សមាជិក​មួយ​ចំនួន​អាច​ទទួល​បាន​អត្ថប្រយោជន៍​មកពី​ការអនុវត្ត​អភ័យ​ឯកសិទ្ធិ​ជា​សមាជិកភាព​ក្នុង​សាសនាចក្រ​កាន់តែ​សកម្ម ជាជាង​ការដាក់​កំហិត​លើ​ពួកគេ ។

  • សូម​ធ្វើការ​តាមដាន​ដើម្បី​ផ្ដល់​ការលើក​ទឹកចិត្ត ពង្រឹង​កម្លាំង​ខាង​វិញ្ញាណ និង​គ្រប់គ្រង​ការរីកចម្រើន ។

ក្រោយពី​សមាជិក​ម្នាក់​បាន​សារភាព​ទៅកាន់​ប៊ីស្សព ឬ​ប្រធាន​ស្ដេក នោះ​ការប្រឹក្សា​ជា​បន្ដ​បន្ទាប់​អាច​កើតឡើង​តាម​របៀប​ជាច្រើន ។ ថ្នាក់ដឹកនាំ​ផ្ទាល់​អាច​ស្ម័គ្រចិត្ត​ដើម្បី​ផ្ដល់​ការប្រឹក្សា ។ ឬ ដោយ​មាន​ការអនុញ្ញាត​ពី​សមាជិក គាត់​អាច​ចាត់​ទីប្រឹក្សា​មួយ​រូប​របស់​គាត់​ឲ្យ​ជួយ​ផ្ដល់​ការប្រឹក្សា ។

ដោយ​មាន​ការយល់ព្រម​ពី​សមាជិក នោះ​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​អាច​ចាត់​សមាជិក​ពី​ក្នុង​កូរ៉ុម​អែលឌើរ ឬ​សមាគម​សង្គ្រោះ​ឲ្យ​ជួយ​តាម​របៀប​ជាក់លាក់​ណាមួយ ។ សម្រាប់​យុវវ័យ គាត់​អាច​ចាត់​ឲ្យ​អ្នកប្រឹក្សា​គណៈប្រធាន​យុវនារី ឬ​កូរ៉ុម​បព្វជិតភាព​អើរ៉ុន​ជួយ​ប្រឹក្សា​បាន ។ អស់​អ្នក​ដែល​ត្រូវបាន​ចាត់តាំង​ឲ្យ​ជួយ​ក្នុង​ការប្រឹក្សា មាន​សិទ្ធិ​ទទួល​ការបំផុស​គំនិត​ដើម្បី​បំពេញ​ការចាត់តាំង​នោះ ( សូមមើល ៤.២.៦ ) ។

នៅពេល​ចាត់តាំង​ឲ្យ​នរណាម្នាក់​ជួយ​ក្នុង​ការប្រឹក្សា​ជា​បន្ដ​បន្ទាប់ ថ្នាក់ដឹកនាំ​ផ្ដល់​នូវ​ព័ត៌មាន​ឲ្យ​តែ​ល្មម​គ្រប់គ្រាន់ ដែល​ចាំបាច់​ដើម្បី​ជួយ​សមាជិក​នេះ​ប៉ុណ្ណោះ ។ បុគ្គល​ដែល​បាន​ចាត់តាំង​នេះ ត្រូវតែ​រក្សា​ព័ត៌មាន​នេះ​ទុកជា​ការសម្ងាត់ ។ គាត់ ឬ​នាង​ក៏​ជម្រាប​ទៅ​ប៊ីស្សព​អំពី​ការរីកចម្រើន និង​តម្រូវការ​នានា​របស់​សមាជិក​នេះ​ផងដែរ ។

៣២.៨.២

ការជួយ​មនុស្ស​ដែល​ញៀន

ពេលខ្លះ ការប្រឹក្សា​ផ្ទាល់ខ្លួន​ពាក់ព័ន្ធ​នឹង​ការជួយ​សមាជិក​ឲ្យ​ប្រែចិត្ត​ពី​អំពើបាប​ដែល​ទាក់ទង​ទៅនឹង ឬ​ដែល​បណ្ដាល​មកពី​ការញៀន ។ ការញៀន​ទាំងនេះ​អាច​រួមមាន​ថ្នាំ ឬ​អាកប្បកិរិយា​ចម្លែក​នានា ។ ការញៀន​បង្ក​គ្រោះថ្នាក់​ដល់​បុគ្គលម្នាក់ៗ អាពាហ៍ពិពាហ៍ និង​ក្រុមគ្រួសារ ។ ប៊ីស្សព​អាច​ប្រឹក្សា​សមាជិក​ទាំងឡាយ​ឲ្យ​ស្វែងរក​ជំនួយ​ពី​កម្មវិធី​ព្យាបាល​ការញៀន​របស់​សាសនាចក្រ និង​មកពី​អ្នកមាន​វិជ្ជាជីវៈ​ខាង​វេជ្ជសាស្ដ្រ និង​ខាង​ផ្លូវចិត្ត​ដែល​មាន​ជំនាញ​ត្រឹមត្រូវ ។

ជាទូទៅ ការញៀន​ដែល​កំពុង​កើនឡើង​គឺ​ការប្រើប្រាស់​អាសគ្រាម ។ មិន​ថា​ជា​ការញៀន ឬ​អាកប្បកិរិយា​ម្ដងម្កាល​នោះ​ទេ ការប្រើប្រាស់​អាសគ្រាម​គ្រប់​ប្រភេទ​គឺ​មាន​គ្រោះថ្នាក់ ។ ការប្រើប្រាស់​អាសគ្រាម​បណ្ដេញ​ព្រះវិញ្ញាណ​ចេញ ។ វា​ធ្វើឲ្យ​សមត្ថភាព​ដើម្បី​ទាញយក​អំណាច ដែល​កើត​មកពី​ការរក្សា​សេចក្ដី​សញ្ញា​ចុះ​ទន់ខ្សោយ ។ វា​ក៏​បង្ក​គ្រោះថ្នាក់​ដល់​ទំនាក់ទំនង​ដ៏​មាន​តម្លៃ​ផងដែរ ។

ជាធម្មតា ការប្រឹក្សា​ផ្ទាល់ខ្លួន និង​ការដាក់​កំហិត​សមាជិកភាព​ក្រៅ​ផ្លូវការ​គឺ​គ្រប់គ្រាន់​ហើយ ដើម្បី​ជួយ​បុគ្គល​ម្នាក់​ឲ្យ​ប្រែចិត្ត​ពី​ការប្រើ​អាសគ្រាម​នោះ ។ ជាទូទៅ ក្រុមប្រឹក្សា​សមាជិកភាព​មិន​ចាំបាច់​ត្រូវ​មាន​នោះ​ទេ ។ សម្រាប់​ករណី​លើកលែង សូម​មើល ៣៨.៦.៦ និង ៣៨.៦.១៣ ។ ការប្រឹក្សា​ប្រកប​ដោយ​វិជ្ជាជីវៈ​អាច​មាន​ប្រយោជន៍ ។

ប្រធាន​ស្តេក និង​ប៊ីស្សព​គាំទ្រ​សមាជិក​គ្រួសារ​តាម​ដែល​ចាំបាច់ ។ ឪពុក​ម្ដាយ​អាច​មាន​វត្តមាន នៅពេល​ធ្វើ​ការប្រឹក្សា​យុវវ័យ​អំពី​ការប្រើប្រាស់​អាសគ្រាម ។ ប្ដី ឬ​ប្រពន្ធ​អាច​មាន​វត្តមាន នៅពេល​ធ្វើការ​ប្រឹក្សា​បុគ្គល​ម្នាក់​ដែល​បាន​រៀបការ​ហើយ ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការប្រឹក្សា​សមាជិក ដែល​ពាក់ព័ន្ធ​នឹង​ការណ៍​អាសគ្រាម សូម​មើល ៣៨.៦.១៣ ។

៣២.៨.៣

ការដាក់​កំហិត​សមាជិកភាព​ក្រៅ​ផ្លូវការ

បន្ថែម​លើ​ការលើក​ទឹកចិត្ត​ឲ្យ​មាន​សកម្មភាព​វិជ្ជមាន​នៅពេល​ប្រឹក្សា ប៊ីស្សព ឬ​ប្រធាន​ស្ដេក​អាច​ដាក់​កំហិត​ក្រៅ​ផ្លូវការ​លើ​អភ័យ​ឯកសិទ្ធិ​ខ្លះ​នៃ​សមាជិកភាព​ក្នុង​សាសនាចក្រ​មួយ​រយៈ ។ ដោយ​មាន​ការគ្រប់គ្រង​យ៉ាង​ឈ្លាសវៃ ការដាក់​កំហិត​ទាំងនេះ​អាច​ជួយ​ដល់​ការប្រែចិត្ត និង​ការរីក​ចម្រើន​ខាង​វិញ្ញាណ​បាន ។ វា​ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​រឿង ក្រៅ​ផ្លូវការ ព្រោះ​វា​មិន​ត្រូវ​បាន​ចារ​នៅ​លើ​កំណត់ត្រា​សមាជិកភាព​ទេ ។

ការដាក់​កំហិត​ក្រៅ​ផ្លូវការ​អាច​មាន​រយៈពេល​ពីរបី​សប្ដាហ៍ បី​បួន​ខែ ឬ​យូរ​ជាង​នេះ​បើ​ចាំបាច់ ដើម្បី​ឲ្យ​បុគ្គល​នោះ​ប្រែចិត្ត​យ៉ាង​ពេញលេញ ។ នៅក្នុង​កាលៈទេសៈ​មិន​ប្រក្រតី ពេលវេលា​នេះ​អាច​យូរ​ជាង​មួយ​ឆ្នាំ ។

ថ្នាក់ដឹកនាំ​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​អំពី​ការដាក់​កំហិត​មួយ​ណា ដែល​នឹង​ជួយ​បុគ្គល​ម្នាក់​ឲ្យ​ប្រែចិត្ត​បាន​ល្អ​បំផុត ។ ការដាក់​កំហិត​ទាំងនេះ​អាច​រួម​មាន ( ប៉ុន្ដែ​មិន​កំណត់​ត្រឹម​នេះ​ទេ ) ការផ្អាក​អភ័យ​ឯកសិទ្ធិ​បម្រើ​នៅក្នុង​ការហៅ​បម្រើ​ក្នុង​សាសនាចក្រ ផ្អាក​ការអនុវត្ត​បព្វជិតភាព ឬ​ផ្អាក​ការចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ថ្នាក់​ដឹកនាំ​ក៏​អាច​ដាក់​កំហិត​បុគ្គល​នេះ​មិន​ឲ្យ​ឡើង​និយាយ ឡើង​បង្រៀន ឬ​ធ្វើការ​អធិស្ឋាន​នៅក្នុង​បរិវេណ​ព្រះវិហារ​ផងដែរ ។ ប្រសិនបើ​ថ្នាក់ដឹកនាំ​ផ្អាក​សិទ្ធិ​មិន​ឲ្យ​ចូល​ព្រះវិហារ​បរិសុទ្ធ នោះ​គាត់​លុបចោល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​នោះ​នៅក្នុង ធនធាន​សម្រាប់​ថ្នាក់ដឹកនាំ និង​ស្មៀន ( ធ.ថ.ស. ) ។

ការទទួល​ទាន​សាក្រាម៉ង់​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការប្រែចិត្ត ។ វា​មិន​គួរ​ជា​ការដាក់​កំហិត​ទីមួយ ដែល​ដាក់​លើ​បុគ្គល​កំពុង​ប្រែចិត្ត​ដែល​មាន​ដួងចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប​នោះ​ទេ ។ ទោះយ៉ាងណា​ក្តី ប្រសិនបើ​បុគ្គល​ម្នាក់​បាន​ប្រព្រឹត្ត​អំពើបាប​ធ្ងន់ធ្ងរ នោះ​ថ្នាក់​ដឹកនាំ​អាច​ផ្អាក​អភ័យ​ឯកសិទ្ធិ​នេះ​មួយ​រយៈ​បាន ។

ជាធម្មតា ថ្នាក់ដឹកនាំ​មិន​ប្រាប់​នរណា​ផ្សេង​ទៀត​អំពី​ការដាក់​កំហិត​ក្រៅ​ផ្លូវការ​នោះ​ទេ លុះត្រាតែ​មាន​ការចាំបាច់​ដើម្បី​ដឹង ( សូមមើល ៣២.១២.២ ) ។

ប៊ីស្សព ឬ​ប្រធាន​ស្ដេក​អាច​ដក​ការដាក់​កំហិត​ក្រៅ​ផ្លូវការ​ចេញ ពេល​ដែល​ត្រូវបាន​ណែនាំ​ដោយ​ព្រះវិញ្ញាណ នៅពេល​បុគ្គល​នោះ​មាន​ការរីក​ចម្រើន​ជាក់លាក់​ក្នុង​ការប្រែចិត្ត​ដ៏​ពិត​ប្រាកដ ។ ប្រសិនបើ​សមាជិក​នោះ​បន្ដ​លំនាំ​អំពើបាប​ទៀត នោះ​វា​អាច​មាន​ប្រយោជន៍ ឬ​ចាំបាច់​ដើម្បី​បង្កើត​ក្រុមប្រឹក្សា​សមាជិកភាព​មួយ​ឡើង ។

នារី​ម្នាក់​អធិស្ឋាន

ការគ្រប់គ្រង​ក្រុមប្រឹក្សា​សមាជិកភាព​សាសនាចក្រ


ត្រូវ​មាន​ក្រុមប្រឹក្សា​សមាជិកភាព​សាសនាចក្រ នៅពេល​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​សម្រេច​ថា វា​មាន​ប្រយោជន៍ ឬ​ពេល​វា​តម្រូវ​ឲ្យ​មាន​ក្រុមប្រឹក្សា​សមាជិកភាព​ស្របតាម​គោលនយោបាយ​របស់​សាសនាចក្រ ( សូមមើល ៣២.៦ ) ។ ក្រុមប្រឹក្សា​សមាជិកភាព​នេះ​មាន​នៅ​កម្រិត​វួដ ស្ដេក សាខា មណ្ឌល ឬ​បេសកកម្ម ។ វគ្គ​នេះ​ផ្ដល់​ព័ត៌មាន​អំពី​របៀប​គ្រប់គ្រង​ក្រុមប្រឹក្សា​សមាជិកភាព ។

៣២.៩

ការចូលរួម និង​ការទទួល​ខុសត្រូវ

តារាង​ខាងក្រោម​នេះ​បង្ហាញ​ពី​អ្នក​ដែល​ជា​ទូទៅ​ចូលរួម​ក្នុង​ក្រុមប្រឹក្សា​សមាជិកភាព ។

អ្នកចូលរួម​ក្នុង​ក្រុមប្រឹក្សា​សមាជិកភាព

ក្រុមប្រឹក្សា​សមាជិកភាព​វួដ

អ្នកចូលរួម​ក្នុង​ក្រុមប្រឹក្សា​សមាជិកភាព

  • បុគ្គល​ដែល​ធ្វើឲ្យ​មាន​ក្រុមប្រឹក្សា​នេះ

  • ប៊ីស្សព និង​ទីប្រឹក្សា​របស់​គាត់

  • ស្មៀន​វួដ

  • ប្រធាន​កូរ៉ុម​អែលឌើរ ឬ​សមាគម​សង្គ្រោះ ( តាម​ការជ្រើសរើស សូមមើល ៣២.១០.១ )

ក្រុមប្រឹក្សា​សមាជិកភាព​ស្តេក

អ្នកចូលរួម​ក្នុង​ក្រុមប្រឹក្សា​សមាជិកភាព

  • បុគ្គល​ដែល​ធ្វើឲ្យ​មាន​ក្រុមប្រឹក្សា​នេះ

  • ប្រធាន​ស្តេក និង​ទីប្រឹក្សា​របស់​គាត់

  • ស្មៀន​ស្តេក

  • ទីប្រឹក្សា​ជាន់ខ្ពស់ ( ក្នុង​ស្ថានភាព​មាន​កម្រិត​ដូចបាន​ពន្យល់​នៅក្នុង ៣២.៩.២ )

  • ប៊ីស្សព​របស់​បុគ្គល​ដែល​ធ្វើឲ្យ​មាន​ក្រុមប្រឹក្សា​នេះ ( តាម​ការជ្រើសរើស សូមមើល ៣២.៩.៣ )

  • ប្រធាន​កូរ៉ុម​អែលឌើរ ឬ​សមាគម​សង្គ្រោះ ( តាម​ការជ្រើសរើស សូមមើល ៣២.១០.១ )

៣២.៩.១

ប្រធាន​ស្តេក

ប្រធាន​ស្តេក ៖

  • មាន​សិទ្ធិ​អំណាច​លើ​ក្រុមប្រឹក្សា​សមាជិកភាព​ក្នុង​ស្ដេក ប៉ុន្ដែ​ក្រុមប្រឹក្សា​ទាំងនេះ​ភាគច្រើន​ធ្វើឡើង​ដោយ​ប៊ីស្សព ។

  • ត្រូវតែ​ផ្ដល់​ការអនុម័ត ពីមុន​ប៊ីស្សព​អាច​ធ្វើការ​ប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព ។

  • ធ្វើ​ការប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព​មួយ ប្រសិនបើ​បុរស ឬ​ស្ដ្រី​ម្នាក់​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ ទំនង​ជា​នឹង​ឲ្យ​ត្រូវ​គេ​ដកហូត​សមាជិកភាព​សាសនាចក្រ​របស់​គាត់ ឬ​នាង ។

  • អាច​ធ្វើ​ការប្រជុំ​ក្រុមប្រឹក្សា​មួយ ប្រសិនបើ​សមាជិក​ម្នាក់​ប្ដឹង​ឧទ្ធរណ៍​លើ​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​សមាជិកភាព​វួដ ។

  • ត្រូវតែ​ផ្ដល់​ការអនុម័ត ពី​មុន​អនុសាសន៍​របស់​ក្រុមប្រឹក្សា​សមាជិកភាព​វួដ​ដើម្បី​ដកហូត​សមាជិកភាព​របស់​បុគ្គល ដែល​មិន​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​ម្នាក់​ចូល​ដល់​វគ្គ​សម្រេច ។

៣២.៩.២

ក្រុមប្រឹក្សា​ជាន់​ខ្ពស់

ជាធម្មតា សមាជិក​ក្រុមប្រឹក្សា​ជាន់ខ្ពស់​មិន​ចូលរួម​នៅ​ក្នុង​ក្រុមប្រឹក្សា​សមាជិកភាព​ស្ដេក​នោះ​ទេ ។ ប៉ុន្ដែ ក្រុមប្រឹក្សា​ជាន់ខ្ពស់​អាច​ចូលរួម​ក្នុង​ស្ថានភាព​ពិបាកៗ​បាន ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ១០២:២ ) ។ ឧទាហរណ៍ គណៈប្រធាន​ស្តេក​អាច​អញ្ជើញ​ក្រុមប្រឹក្សា​ជាន់ខ្ពស់​ឲ្យ​ចូលរួម នៅពេល ៖

  • មាន​អង្គហេតុ​ប្រឆាំង​គ្នា ។

  • ពួកគាត់​នឹង​បន្ថែម​តម្លៃ និង​តុល្យភាព ។

  • សមាជិក​ស្នើសុំ​ឲ្យ​មាន​ការចូលរួម​ពី​ពួកគាត់ ។

  • សមាជិក​ម្នាក់​នៃ​គណៈប្រធាន​ស្តេក ឬ​គ្រួសារ​របស់​គាត់​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ ( សូមមើល ៣២.៩.៧ ) ។

៣២.៩.៣

ប៊ីស្សព ( ឬ​ប្រធាន​សាខា​នៅក្នុង​ស្តេក​មួយ )

ប៊ីស្សព ៖

  • មាន​សិទ្ធិ​អំណាច​លើ​ក្រុមប្រឹក្សា​សមាជិកភាព​វួដ ។

  • ពិគ្រោះ​ជាមួយ​នឹង​ប្រធាន​ស្តេក ហើយ​ទទួល​យក​ការអនុម័ត​របស់​គាត់ មុន​ពេល​ធ្វើ​ការប្រជុំ​ក្រុមប្រឹក្សា​មួយ ។

  • មិន​អាច​ប្រជុំ​ក្រុមប្រឹក្សា​បាន​ទេ ប្រសិនបើ​បុរស ឬ​ស្ដ្រី​ម្នាក់​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ ទំនង​ជា​នឹង​ត្រូវ​គេ​ដកហូត​សមាជិកភាព​សាសនាចក្រ​របស់​គាត់ ឬ​នាង ។ វា​ត្រូវតែ​មាន​ក្រុមប្រឹក្សា​សមាជិកភាព​ស្ដេក​មួយ​នៅក្នុង​ស្ថានភាព​ទាំងនោះ ។

  • អាច​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ក្រុមប្រឹក្សា​សមាជិកភាព​ស្តេក ដោយសារ​សមាជិក​វួដ​ម្នាក់​កំពុង​ត្រូវបាន​ពិនិត្យមើល​សមាជិកភាព​ឡើងវិញ ។ វត្តមាន​របស់​គាត់​ត្រូវ​តែ​បាន​អនុម័ត​ដោយ​ប្រធាន​ស្តេក និង​បុគ្គល​នោះ ។

ក្រុមប្រឹក្សា​សមាជិកភាព​វួដ ឬ​សាខា​អាច​ផ្ដល់​អនុសាសន៍​ឲ្យ​ដកហូត​សមាជិកភាព​សាសនាចក្រ​របស់​បុគ្គល​ម្នាក់​បាន ប្រសិនបើ​គាត់ ឬ​នាង​មិន​ទាន់​ទទួល​បាន​អំណោយទាន​ពិសិដ្ឋ​ទេ​នោះ ។ ប៉ុន្ដែ វា​តម្រូវ​ឲ្យ​មាន​ការអនុម័ត​ពី​ប្រធាន​ស្ដេក មុនពេល​ធ្វើការ​សម្រេចចិត្ត​ចុង​ក្រោយ ។

ពេលខ្លះ​ត្រូវ​ប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព​វួដ​មួយ​សម្រាប់​សមាជិក​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​ម្នាក់ ហើយ​ដំណើរការ​នេះ​បង្ហាញ​ថា សមាជិក​នេះ​ទំនង​ជា​នឹង​ឲ្យ​គេ​ដកហូត​សមាជិកភាព​សាសនាចក្រ​របស់​គាត់ ឬ​នាង ។ នៅក្នុង​ស្ថានភាព​ទាំងនេះ ប៊ីស្សព​ជម្រាប​ពី​បញ្ហា​នេះ​ទៅកាន់​ប្រធាន​ស្ដេក ។

៣២.៩.៤

ប្រធាន​បេសកកម្ម

ប្រធាន​បេសកកម្ម ៖

  • មាន​សិទ្ធិ​អំណាច​លើ​ក្រុមប្រឹក្សា​សមាជិកភាព​ក្នុង​សាខា និង​មណ្ឌល​ទាំងឡាយ​នៅក្នុង​បេសកកម្ម ។

  • ត្រូវតែ​ផ្ដល់​ការអនុម័ត ពីមុន​ប្រធាន​មណ្ឌល ឬ​ប្រធាន​សាខា​អាច​ធ្វើការ​ប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព ។

  • មាន​ការ​ប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព​មួយ​ទៅបាន​លុះត្រា​តែ​មាន​បុរស ឬ​ស្ដ្រី​ម្នាក់​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ ទំនង​ជា​នឹង​ឲ្យគេ​ដកហូត​សមាជិកភាព​សាសនាចក្រ​របស់​គាត់ ឬ នាង ។ ប្រសិនបើ​ពេលវេលា ឬ​រយៈចម្ងាយ​រារាំង​មិន​ឲ្យ​ធ្វើ​ការណ៍​នេះ នោះ​គាត់​អាច​ចាត់​ទីប្រឹក្សា​មួយ​រូប​របស់​គាត់​ឲ្យ​ធ្វើ​ជា​អធិបតី​លើ​ក្រុមប្រឹក្សា​នេះ​បាន ។ គាត់​ចាត់តាំង​អ្នក​កាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​ពីរ​រូប​ទៀត​ឲ្យ​ចូលរួម ។

  • បើ​អាច សូម​ធ្វើការ​ប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព​សម្រាប់​អស់​អ្នក​ដែល​មិន​ទាន់​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​នៅឡើយ ។ ប្រសិនបើ​ពេលវេលា ឬ​រយៈចម្ងាយ​រារាំង​មិន​ឲ្យ​ធ្វើ​ការណ៍​នេះ នោះ​គាត់​អាច​ផ្ដល់​សិទ្ធិ​អំណាច​ឲ្យ​អ្នកកាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​បី​រូប​ធ្វើ​ការប្រជុំ​ក្រុមប្រឹក្សា​នេះ​បាន ។ នៅក្នុង​ករណី​នេះ ជាធម្មតា​ប្រធាន​មណ្ឌល ឬ​ប្រធាន​សាខា​របស់​សមាជិក​នេះ​ដឹកនាំ​ការប្រជុំ​ក្រុមប្រឹក្សា ។

  • អាច​ប្រជុំ​ក្រុមប្រឹក្សា ប្រសិនបើ​សមាជិក​ម្នាក់​ប្ដឹង​ឧទ្ធរណ៍​លើ​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​សមាជិកភាព​មណ្ឌល ឬ​សាខា ។

  • ដោយ​មាន​ការអនុម័ត​ពី​ពួកអ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​មកពី​នាយកដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា សូម​ធ្វើការ​ប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព​មួយ ប្រសិនបើ​អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់​ប្រព្រឹត្ត​អំពើបាប​ដ៏​ធ្ងន់ធ្ងរ​មួយ​នៅក្នុង​បេសកកម្ម ( សូមមើល ៣២.៩.៨ ) ។ គាត់​ក៏​ពិនិត្យ​មើល​បញ្ហា​នេះ​ជាមួយ​នឹង​សមាជិក​ម្នាក់​នៃ​គណៈប្រធាន​តំបន់ ហើយ​ប្រឹក្សា​ជាមួយ​នឹង​ប្រធាន​ស្ដេក​នៃ​ស្ដេក​កំណើត​របស់​អ្នកផ្សព្វផ្សាយ​សាសនា​ផងដែរ ។

  • ត្រូវតែ​ផ្ដល់​ការអនុម័ត ពីមុន​ការចេញ​អនុសាសន៍​របស់​ក្រុមប្រឹក្សា​សមាជិកភាព​សាខា ឬ​មណ្ឌល​ដើម្បី​ដកហូត​សមាជិកភាព​របស់​បុគ្គល​ម្នាក់ ដែល​មិន​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​ចូល​ដល់​វគ្គ​សម្រេច ។

ប្រសិនបើ​អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់​សារភាព​អំពើបាប​ធ្ងន់ធ្ងរ​មួយ ដែល​គាត់ ឬ​នាង​បាន​ប្រព្រឹត្ត​មុនពេល​បម្រើ​បេសកកម្ម នោះ​ប្រធាន​បេសកកម្ម​ទាក់ទង​ទៅ​អ្នកតំណាង​ក្នុង​តំបន់​របស់​គាត់​នៅក្នុង​នាយកដ្ឋាន​អ្នកផ្សព្វផ្សាយ​សាសនា​សូម​ការណែនាំ ។

នៅពេល​ប្រធាន​បេសកកម្ម​ធ្វើការ​ប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព​មួយ គាត់​ចាត់តាំង​អ្នក​កាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​ពីរ​រូប​ឲ្យ​ជួយ​ដល់​គាត់ ។ មានតែ​នៅក្នុង​ស្ថានភាព​ខុស​ប្រក្រតី​ប៉ុណ្ណោះ ទើប​គាត់​គួរ​ចាត់តាំង​ឲ្យ​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ជួយ​បាន ។ គាត់​ធ្វើតាម​នីតិវិធី​ដូចគ្នា​នឹង​នីតិវិធី​នៅក្នុង​ក្រុមប្រឹក្សា​សមាជិកភាព​ស្ដេក​ដែរ ( សូមមើល ៣២.១០ ) ។ ប៉ុន្ដែ ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ឬ​ក្រុមប្រឹក្សា​មណ្ឌល​មិន​ចូលរួម​នោះ​ទេ ។

៣២.៩.៥

ប្រធាន​មណ្ឌល ឬ​ប្រធាន​សាខា​នៅក្នុង​បេសកកម្ម​មួយ

ប្រធាន​មណ្ឌល ឬ​ប្រធាន​សាខា​នៅក្នុង​បេសកកម្ម​មួយ អាច​ធ្វើ​ការប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព​បាន នៅពេល​ដែល​ទទួល​បាន​សិទ្ធិ​អនុញ្ញាត​មកពី​ប្រធាន​បេសកកម្ម ។ ក្រុមប្រឹក្សា​មណ្ឌល​មិន​ចូលរួម​នោះ​ទេ ។

ក្រុមប្រឹក្សា​សមាជិកភាព​មណ្ឌល ឬ​សាខា​អាច​ផ្ដល់​អនុសាសន៍​ឲ្យ​ដកហូត​សមាជិកភាព​សាសនាចក្រ​របស់​បុគ្គល​ម្នាក់ ប្រសិនបើ​គាត់ ឬ​នាង​មិន​ទាន់​ទទួល​បាន​អំណោយទាន​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ​ទេ​នោះ ។ ប៉ុន្ដែ វា​តម្រូវ​ឲ្យ​មាន​ការអនុម័ត​ពី​ប្រធាន​បេសកកម្ម មុនពេល​ធ្វើការ​សម្រេចចិត្ត​ចុង​ក្រោយ ។

៣២.៩.៦

ស្មៀន​ស្ដេក ឬ​វួដ

ស្មៀន​ស្ដេក ឬ​វួដ ៖

  • រក្សា​កំណត់ចំណាំ​ជា​លាយលក្ខណ៍​អក្សរ​នៃ​ការប្រជុំ​ក្រុមប្រឹក្សា​បាន​យូរ​បាន តែ​ក្នុង​ករណី​ចាំបាច់​ដើម្បី​បញ្ជូន​បែបបទ​របាយការណ៍​នៃ​ក្រុមប្រឹក្សា​សមាជិកភាព​សាសនាចក្រ​ប៉ុណ្ណោះ ។

  • រៀបចំ​បែបបទ​នេះ ប្រសិនបើ​ត្រូវបាន​សូម​ដោយ​អ្នក​ដឹកនាំ​ដែល​ដឹកនាំ​ក្រុមប្រឹក្សា​នេះ ។

  • មិន​ចូលរួម​នៅក្នុង​ការពិភាក្សា ឬ​ការសម្រេច​ចិត្ត​នៅក្នុង​ក្រុមប្រឹក្សា​នោះ​ទេ ។

៣២.៩.៧

ការចូលរួម​នៅក្នុង​ស្ថានភាព​ខុស​ប្រក្រតី

ប្រសិនបើ​ទីប្រឹក្សា​មួយ​រូប​នៅក្នុង​គណៈប្រធាន​ស្តេក មិន​អាច​ចូលរួម​នៅក្នុង​ក្រុមប្រឹក្សា​សមាជិកភាព​បានទេ នោះ​ប្រធាន​ស្តេក​សូម​ឲ្យ​ទីប្រឹក្សា​ជាន់ខ្ពស់ ឬ​សង្ឃ​ជាន់ខ្ពស់​មួយ​រូប​មក​ជំនួស​កន្លែង​របស់​គាត់ ។ ប្រសិនបើ​ប្រធាន​ស្តេក​មិន​អាច​ចូលរួម​បាន​ទេ នោះ​គណៈ​ប្រធាន​ទី​មួយ​អាច​អនុញ្ញាត​ឲ្យ​ទី​ប្រឹក្សា​មួយ​រូប​របស់​គាត់​ធ្វើ​ជាអធិបតី​ជំនួស​គាត់​បាន ។

ប្រសិនបើ​ទីប្រឹក្សា​មួយ​រូប​នៅ​ក្នុង​គណៈប៊ីស្សព មិន​អាច​ចូលរួមនៅ​ក្នុងក្រុមប្រឹក្សា​សមាជិកភាព​បានទេ នោះ​ប៊ីស្សព​អាច​សូម​ឲ្យ​សង្ឃ​ជាន់​ខ្ពស់​មួយរូប​នៅ​ក្នុង​វួដ មក​ជំនួស​កន្លែង​របស់​គាត់ ។ ប្រសិនបើ​ប៊ីស្សព​មិន​អាច​ចូលរួម​បាន​ទេ នោះ​គាត់​បញ្ជូន​បញ្ហា​នេះ​ទៅ​ឲ្យ​ប្រធាន​ស្តេក ដែល​ជា​អ្នក​កោះ​ហៅ​ការប្រជុំ​ក្រុម​ប្រឹក្សា​សមាជិកភាព​ស្តេក ។ ប៊ីស្សព​មិន​អាច​ចាត់​ឲ្យ​ទីប្រឹក្សា​ណា​ម្នាក់ ធ្វើការ​កោះ​ហៅ​ការប្រជុំ​ក្រុម​ប្រឹក្សា​សមាជិកភាព​បាន​ទេ ។

ប្រសិនបើ​មាន​ការប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព​មួយ​សម្រាប់​សមាជិក​គ្រួសារ​របស់​ប៊ីស្សព ឬ​របស់​ទីប្រឹក្សា​របស់​គាត់​ម្នាក់ នោះ​វា​ត្រូវ​ធ្វើឡើង​នៅ​កម្រិត​ស្ដេក ។ ប្រសិនបើ​វា​ត្រូវបាន​ធ្វើឡើង​សម្រាប់​សមាជិក​គ្រួសារ​ម្នាក់​របស់​ទីប្រឹក្សា​មួយ​រូប​នៃ​ប្រធាន​ស្តេក នោះ​ប្រធាន​ស្តេក​ចាត់តាំង​ឲ្យ​សង្ឃ​ជាន់ខ្ពស់​ម្នាក់​ទៀត មក​ជំនួស​កន្លែង​របស់​ទីប្រឹក្សា​នោះ ។ ប្រសិនបើ​ត្រូវ​ធ្វើការ​ប្រជុំ​ក្រុមប្រឹក្សា​មួយ​សម្រាប់​សមាជិក​គ្រួសារ​របស់​ប្រធាន​ស្ដេក នោះ​គាត់​ប្រឹក្សា​ពី​ការណ៍​នេះ​ជាមួយ​នឹង​ការិយាល័យ​នៃ​គណៈ​ប្រធាន​ទីមួយ ។

ប្រសិនបើ​សមាជិក​ម្នាក់​បដិសេធ​មិន​ឲ្យ​ប៊ីស្សព ឬ​ទីប្រឹក្សា​របស់​គាត់​ចូលរួម​ទេ នោះ​ការប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព​មួយ​ត្រូវ​ធ្វើឡើង​នៅ​កម្រិត​ស្ដេក ។ ប្រសិនបើ​សមាជិក​ម្នាក់​បដិសេធ​មិន​ឲ្យ​ទីប្រឹក្សា​ម្នាក់​របស់​ប្រធាន​ស្ដេក​ចូលរួម​ទេ នោះ​ប្រធាន​ស្តេក​ចាត់តាំង​ឲ្យ​សង្ឃ​ជាន់ខ្ពស់​ម្នាក់​ទៀត មក​ជំនួស​កន្លែង​របស់​ទីប្រឹក្សា​នោះ ។ ប្រសិនបើ​សមាជិក​ម្នាក់​បដិសេធ​មិន​ឲ្យ​ប្រធាន​ស្ដេក​ចូលរួម​ទេ ឬ​ប្រសិនបើ​ប្រធាន​ស្តេក​មាន​អារម្មណ៍​ថា គាត់​អាច​នឹង​មាន​ការលំអៀង​នៅ​ក្នុង​រឿង​នោះ នោះ​គាត់​ពិគ្រោះ​ជាមួយ​នឹង​ការិយាល័យ​នៃ​គណៈ​ប្រធាន​ទីមួយ ។

៣២.៩.៨

ការសម្រេច​ថាថ្នាក់​ដឹកនាំ​ណាម្នាក់​ត្រូវ​ដឹកនាំ​ក្រុមប្រឹក្សា​នៅក្នុង​កាលៈទេសៈ​ពិសេស

ស្ទើរតែ​គ្រប់​ក្រុមប្រឹក្សា​សមាជិកភាព​ត្រូវ​ធ្វើ​ឡើង​នៅក្នុង​ភូមិសាស្ដ្រ​អង្គភាព​របស់​សាសនាចក្រ ដែល​មាន​កំណត់ត្រា​សមាជិកភាព​របស់​បុគ្គល​នោះ ។

ពេលខ្លះ វា​ចាំបាច់​ក្នុង​ការមាន​ក្រុមប្រឹក្សា​សមាជិកភាព​មួយ​សម្រាប់​បុគ្គល​ម្នាក់​ដែល​ប្ដូរ​ចេញ ។ ប្រសិនបើ​ការប្ដូរ​ចេញ​នោះ​នៅក្នុង​ស្ដេក​តែមួយ នោះ​ប្រធាន​ស្ដេក​ពិភាក្សា​ជាមួយ​នឹង​ប៊ីស្សព​នៃ​វួដ​ទាំងពីរ ហើយ​សម្រេច​ពី​ទីកន្លែង​ដែល​គួរ​ប្រជុំ​ក្រុមប្រឹក្សា​នេះ ។

ប្រសិនបើ​សមាជិក​នេះ​ប្ដូរ​ចេញ​ទៅក្រៅ​ស្ដេក​នេះ នោះ​ប្រធាន​ស្ដេក​ទាំងពីរ​ពិភាក្សា​គ្នា ហើយ​សម្រេច​ពី​ទីកន្លែង​ដែល​គួរ​ប្រជុំ​ក្រុមប្រឹក្សា​នេះ ។ ប្រសិនបើ​ពួកគាត់​សម្រេច​ថា វា​គួរតែ​ធ្វើ​ឡើង​នៅក្នុង​វួដ ឬ​ស្ដេក​ដើម នោះ​កំណត់ត្រា​សមាជិកភាព​ត្រូវ​រក្សា​នៅក្នុង​វួដ​នោះ រហូតដល់​ក្រុមប្រឹក្សា​នេះ​បាន​បញ្ចប់ ។ បើ​មិន​ដូច្នោះ​ទេ កំណត់ត្រា​នេះ​ត្រូវ​ផ្ទេរ​ទៅ​វួដ​ថ្មី ។ ប៊ីស្សព ឬ​ប្រធាន​ស្ដេក​ជម្រាប​ជា​សម្ងាត់​ទៅ​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​បច្ចុប្បន្ន​របស់​សមាជិក​នេះ​អំពី​មូលហេតុ​ដែល​ចាំបាច់​ត្រូវ​បង្កើត​ក្រុមប្រឹក្សា​មួយ ។

ពេលខ្លះ វា​ចាំបាច់​មាន​ក្រុមប្រឹក្សា​សមាជិកភាព​មួយ​សម្រាប់​សមាជិក​ម្នាក់​ដែល​រស់នៅ​ឆ្ងាយ​ពី​ផ្ទះ​ជា​បណ្ដោះ​អាសន្ន ។ ឧទាហរណ៍ វា​អាច​ចាំបាច់​មាន​ក្រុមប្រឹក្សា​មួយ​សម្រាប់​សិស្ស​ម្នាក់ ឬ​សមាជិក​ម្នាក់​នៅក្នុង​កង​យោធា ។ ប៊ីស្សព​នៃ​តំបន់​ដែល​សមាជិក​នេះ​រស់នៅ​ជា​បណ្ដោះ​អាសន្ន​នោះ អាច​ផ្ដល់​ការប្រឹក្សា និង​ការគាំទ្រ​បាន ។ ប៉ុន្ដែ គាត់​មិន​គួរ​ធ្វើ​ការប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព​ឡើយ លុះត្រាតែ​កំណត់ត្រា​សមាជិកភាព​ស្ថិត​នៅក្នុង​អង្គភាព​របស់​គាត់ ហើយ​គាត់​បាន​ប្រឹក្សា​ជាមួយ​នឹង​ប៊ីស្សព​នៃ​វួដ​ដើម ។

ពេលខ្លះ អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់​ប្រព្រឹត្ត​អំពើបាប​ធ្ងន់ធ្ងរ​មួយ​នៅក្នុង​បេសកកម្ម ដែល​មិន​បាន​លាត​ត្រដាង រហូត​ដល់​ក្រោយពី​គាត់ ឬ​នាង​បាន​ដោះលែង ។ ប៊ីស្សព និង​ប្រធាន​ស្តេក​ពិភាក្សា​គ្នា​ថា តើ​ពួកគាត់​ណា​ម្នាក់​គួរតែ​ធ្វើ​ការប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព ។ ពួកគាត់​ម្នាក់​ពិភាក្សា​ជាមួយ​នឹង​ប្រធាន​បេសកកម្ម​មុន ពីមុន​ធ្វើការ​ប្រជុំ ។

៣២.១០

នីតិវិធី​នៃ​ក្រុមប្រឹក្សា​សមាជិកភាព

៣២.១០.១

ផ្តល់​សេចក្តី​ជូនដំណឹង និង​រៀបចំ​សម្រាប់​ក្រុមប្រឹក្សា

ប៊ីស្សព ឬ​ប្រធាន​ស្ដេក​ផ្តល់​ឲ្យ​សមាជិក​ម្នាក់​នូវ​លិខិត​ជូនដំណឹង​ជា​លាយលក្ខណ៍​អក្សរ​អំពី​ការប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​ជំនួស​ឲ្យ​គាត់ ឬ​នាង ។ គាត់​ចុះ​ហត្ថលេខា​លើ​លិខិត​នេះ ។ វា​រួមមាន​នូវ​ព័ត៌មាន​ដូច​ខាងក្រោម​នេះ ៖

« [ គណៈប៊ីស្សព ឬ​គណៈប្រធាន​ស្ដេក ] នឹង​ធ្វើការ​ប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព​ជំនួស​អ្នក ។ ក្រុមប្រឹក្សា​នេះ​នឹង​ធ្វើ​ឡើង​នៅ [ កាលបរិច្ឆេទ និង​ពេលវេលា ] នៅ [ ទីកន្លែង ] ។

« ក្រុមប្រឹក្សា​នេះ​នឹង​ពិចារណា [ សង្ខេប​ការប្រព្រឹត្ត​ខុស​ដោយ​ពាក្យ​ទូទៅ ប៉ុន្ដែ​មិន​ត្រូវ​ផ្ដល់​ព័ត៌មាន​លម្អិត ឬ​ភស្តុតាង​នោះ​ទេ ] ។

« អ្នក​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្រុមប្រឹក្សា​នេះ ដើម្បី​ផ្ដល់​ចម្លើយ​របស់​អ្នក ។ អ្នក​អាច​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ជា​លាយលក្ខណ៍​អក្សរ មកពី​បុគ្គល​ដែល​អាច​ផ្ដល់​ព័ត៌មាន​ដែល​ទាក់ទង​បាន ។ អ្នក​អាច​អញ្ជើញ​បុគ្គល​ទាំងនោះ​ឲ្យ​មក​ថ្លែង​នៅ​ចំពោះ​មុខ​ក្រុមប្រឹក្សា​ជា​ជំនួស​អ្នក ប្រសិនបើ​បាន​អនុម័ត​ជាមុន​ដោយ​ប្រធាន​ស្ដេក ឬ​ប៊ីស្សព ។ អ្នក​ក៏​អាច​ធ្វើការ​អញ្ជើញ [ ប្រធាន​សមាគម​សង្គ្រោះ ឬ​ប្រធាន​កូរ៉ុម​អែលឌើរ ] ឲ្យ​មាន​វត្តមាន និង​ផ្ដល់​ការគាំទ្រ​បាន​ផងដែរ ។

« គ្រប់គ្នា​ដែល​មាន​វត្តមាន ត្រូវតែ​ស្ម័គ្រចិត្ត​អនុវត្ត​តាម​លក្ខខណ្ឌ​របស់​ក្រុមប្រឹក្សា​ដោយ​សេចក្ដី​គោរព រួមមាន​នីតិវិធី និង​ភាពសម្ងាត់​របស់​វា ។ ការប្រឹក្សា​តាម​ផ្លូវ​ច្បាប់ និង​អ្នកគាំទ្រ​ហួស​ពី​លក្ខខណ្ឌ​ទាំងឡាយ​ដែល​បាន​សំដៅ​នៅ​ខាងលើ​នេះ មិន​អាច​មាន​វត្តមាន​បាន​ទេ » ។

កថាខណ្ឌ​ចុងក្រោយ​អាច​សរសេរ​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់ សេចក្ដី​សង្ឃឹម និង​ការព្រួយ​បារម្ភ ។

គោលការណ៍​ណែនាំ​អំពី​អ្នក​ដែល​បុគ្គល​នេះ​អាច​អញ្ជើញ​ឲ្យ​មក​ថ្លែង​ចំពោះ​មុខ​ក្រុមប្រឹក្សា​បាន ត្រូវបាន​ផ្ដល់​នៅក្នុង ៣២.១០.៣ លេខ ៤ ។

ប្រសិនបើ​លិខិត​ជូន​ដំណឹង​មិន​អាច​ប្រគល់​ដល់​បុគ្គល​នោះ​ដោយ​ផ្ទាល់​ទេ នោះ​អាច​បញ្ជូន​វា​តាម​ប្រៃសណីយ៍​ដែល​បាន​ចុះ​បញ្ជី ឬ​ដែល​បាន​បញ្ជាក់ ព្រម​ជាមួយ​នឹង​បង្កាន់ដៃ​ត្រឡប់​មកវិញ​ដូច​ដែល​បាន​ស្នើសុំ ។

ប៊ីស្សព ឬ​ប្រធាន​ស្ដេក​កំណត់​ថ្ងៃ​ប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព នៅ​ពេលវេលា​មួយ​ដែល​សមស្រប​សម្រាប់​បុគ្គល​នេះ ។ គាត់​ក៏​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ដែរ​ថា មាន​ពេល​ដើម្បី​ទទួល​បាន​សេចក្ដី​ថ្លែង​ការណ៍​មកពី​ជនរងគ្រោះ​នៃ​ការប្រព្រឹត្ត​ខុស​នោះ ប្រសិនបើ​ពួកគេ​ចង់​ផ្ដល់​សេចក្ដី​ថ្លែងការណ៍​នោះ ( សូមមើល ៣២.១០.២ ) ។

ប៊ីស្សព ឬ​ប្រធាន​ស្ដេក​រៀបចំ​សមាជិក​នេះ​សម្រាប់​ក្រុមប្រឹក្សា ដោយ​ពន្យល់​អំពី​គោលបំណង និង​នីតិវិធី​នៃ​ក្រុមប្រឹក្សា​នេះ ។ គាត់​ក៏​ពន្យល់​អំពី​ការសម្រេច​ចិត្ត ដែល​ក្រុមប្រឹក្សា​អាច​នឹង​ឈាន​ទៅ​ដល់ និង​លទ្ធផល​របស់​វា​ផង​ដែរ ។ ប្រសិនបើ​សមាជិក​ម្នាក់​បាន​សារភាព នោះ​ថ្នាក់​ដឹកនាំ​ពន្យល់​ថា ការសារភាព​នោះ​នឹង​ត្រូវ​ប្រើប្រាស់​ជា​ភស្តុតាង​នៅក្នុង​ក្រុមប្រឹក្សា​សមាជិកភាព ។

៣២.១០.២

ទទួល​បាន​សេចក្ដី​ថ្លែងការណ៍​មកពី​ជនរងគ្រោះ

នៅពេល​សមាជិក​សាសនាចក្រ​ម្នាក់​គឺជា​ជនរងគ្រោះ ( ដូចជា​ដោយសារ​ស្មន់ ការំលោភ​បំពាន​លើ​កុមារ ការរំលោភ​បំពាន​លើ​ស្វាមី ឬ​ភរិយា ឬ​ការក្លែង​បន្លំ ) នោះ​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​ធ្វើ​ការ​ទាក់ទង​នឹង​ប៊ីស្សព ឬ​ប្រធាន​ស្តេក​បច្ចុប្បន្ន​របស់​បុគ្គល​នោះ ។ ថ្នាក់ដឹកនាំ​ទាំងនេះ​សម្រេច​ថា តើ​វា​នឹង​មាន​ប្រយោជន៍​ដែរ​ឬទេ ដើម្បី​ផ្ដល់​ឱកាស​មួយ​ឲ្យ​ជនរងគ្រោះ​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ជា​លាយលក្ខណ៍​អក្សរ​អំពី​ការប្រព្រឹត្ត​ខុស​នេះ និង​ឥទ្ធិពល​របស់​វា ។ សេចក្ដី​ថ្លែងការណ៍​ទាំងនេះ​អាច​ត្រូវ​អាន​នៅក្នុង​ក្រុមប្រឹក្សា​សមាជិកភាព ( សូមមើល ៣២.១០.៣ លេខ ៣ ) ។ ថ្នាក់ដឹកនាំ​សាសនាចក្រ​មិន​មាន​សិទ្ធិ​អំណាច​ដើម្បី​ចាប់ផ្ដើម​ធ្វើ​ការទាក់ទង​ជាមួយ​នឹង​ជនរងគ្រោះ ដែល​មិនមែន​ជា​សមាជិក​ក្នុង​សាសនាចក្រ​ឡើយ ។

រាល់​ការជួប​ជាមួយ​នឹង​ជនរងគ្រោះ​ក្នុង​គោលបំណង​នេះ គឺ​ត្រូវ​ធ្វើ​ដោយ​ប៊ីស្សព ឬ​ប្រធាន​ស្តេក​បច្ចុប្បន្ន​របស់​គាត់ ឬ​នាង ។ ប្រសិនបើ​ជនរងគ្រោះ​ធ្វើ​សេចក្ដី​ថ្លែងការណ៍ នោះ​ថ្នាក់ដឹកនាំ​នេះ​ត្រូវ​ប្រគល់​វា​ទៅកាន់​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​ដែល​ដឹកនាំ​ការប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព ។ ថ្នាក់ដឹកនាំ​ត្រូវតែ​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ដើម្បី​ចៀសវាង​ធ្វើឲ្យ​មាន​ការប៉ះទង្គិច​ផ្លូវចិត្ត​ថែម​ទៀត ។

រាល់​ការសាកសួរ​អំពី​ជនរងគ្រោះ​ដែល​មាន​អាយុ​ក្រោម ១៨ ឆ្នាំ​ត្រូវ​ធ្វើ​ឡើង​តាមរយៈ​ឪពុក​ម្ដាយ ឬ​អាណាព្យាបាល​ស្របច្បាប់​របស់​កុមារ​នេះ លុះត្រាតែ​ការធ្វើ​ដូច្នោះ​អាច​ដាក់​ជនរងគ្រោះ​នៅក្នុង​ការប្រថុយ​ប្រថាន នោះ​ពុំ​គួរ​ធ្វើ​ទេ ។

សម្រាប់​ព័ត៌មាន​អំពី​ប៊ីស្សព និង​ប្រធាន​ស្ដេក​ដែល​ទទួល​បាន​គោលការណ៍​ណែនាំ​ក្នុង​ករណី​រំលោភ​បំពាន សូមមើល ៣២.៤.៥ និង ៣៨.៦.២.១ ។

៣២.១០.៣

ដឹកនាំ​ក្រុមប្រឹក្សា

ភ្លាមៗ​ពីមុន​ចាប់ផ្តើម​ក្រុមប្រឹក្សា ប៊ីស្សព ឬ​ប្រធាន​ស្ដេក​ត្រូវ​ប្រាប់​ទៅ​អ្នកចូលរួម​ថា​ក្រុមប្រឹក្សា​នេះ​ធ្វើ​ឡើង​សម្រាប់​នរណា ហើយ​មាន​ការប្រព្រឹត្ត​មិន​ត្រឹមត្រូវ​ដែល​បាន​រាយការណ៍​អ្វី​ខ្លះ ។ ប្រសិនបើ​ចាំបាច់ គាត់​ពន្យល់​អំពី​នីតិវិធី​នៃ​ក្រុមប្រឹក្សា​នេះ ។

រួចហើយ បើ​បុគ្គល​នេះ​មាន​វត្តមាន គេ​នឹង​ស្វាគមន៍​គាត់ ឬ​នាង​មក​កាន់​បន្ទប់​នេះ ។ ប្រសិនបើ​ប៊ីស្សព​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ក្រុមប្រឹក្សា​សមាជិកភាព​ស្តេក នោះ​គាត់​ក៏​ត្រូវបាន​អញ្ជើញ​ឲ្យ​មកក្នុង​បន្ទប់​នៅពេល​នេះ​ដែរ ។ ប្រសិនបើ​បុគ្គល​នេះ​បាន​អញ្ជើញ​ប្រធាន​សមាគម​សង្គ្រោះ ឬ​ប្រធាន​កូរ៉ុម​អែលឌើរ​ឲ្យ​មាន​វត្តមាន និង​ផ្ដល់​ការគាំទ្រ នោះ​នាង ឬ​គាត់​ក៏​ត្រូវបាន​ស្វាគមន៍​មកក្នុង​បន្ទប់​នេះ​ដែរ ។

ប៊ីស្សព ឬ​ប្រធាន​ស្ដេក​ដឹកនាំ​ការប្រជុំ​ក្រុមប្រឹក្សា​នេះ​ក្នុង​ស្មារតី​នៃ​សេចក្ដី​ស្រឡាញ់ ដូចបាន​ចែង​ខាងក្រោម​នេះ ។

  1. គាត់​អញ្ជើញ​នរណាម្នាក់​ឲ្យ​ផ្ដល់​ការអធិស្ឋាន​បើក ។

  2. គាត់​ថ្លែង​ពី​ការប្រព្រឹត្ត​ខុស​ដែល​ត្រូវបាន​រាយការណ៍ ។ លោក​ផ្ដល់​ឱកាស​ឲ្យ​បុគ្គល​នេះ ( បើ​មាន​វត្តមាន ) ដើម្បី​បញ្ជាក់ បដិសេធ ឬ​បំភ្លឺ​ឲ្យ​ច្បាស់​ពី​សេចក្ដី​ថ្លែងការណ៍​នេះ ។

  3. ប្រសិនបើ​សមាជិក​នេះ​បាន​បញ្ជាក់​ការប្រព្រឹត្ត​មិន​ត្រឹមត្រូវ​នេះ នោះ​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​បន្ដ​ទៅ​លេខ ៥ ខាងក្រោម​នេះ ។ ប្រសិនបើ​សមាជិក​នេះ​បដិសេធ នោះ​ប៊ីស្សព ឬ​ប្រធាន​ស្តេក​បង្ហាញ​ព័ត៌មាន​អំពី​សេចក្ដី​នេះ ។ ការណ៍​នេះ​អាច​រួមមាន​ការបង្ហាញ​ឯកសារ​ដែល​អាច​ទុកចិត្ត​បាន និង​ការអាន​ឮៗ​ពី​សេចក្ដី​ថ្លែងការណ៍​ជា​លាយលក្ខណ៍​អក្សរ​ណាមួយ​មកពី​ជនរងគ្រោះ ( សូមមើល ៣២.១០.២ ) ។ ប្រសិនបើ​គាត់​អាន​សេចក្ដី​ថ្លែងការណ៍​បែប​នោះ នោះ​គាត់​ត្រូវ​ការពារ​អត្តសញ្ញាណ​របស់​ជនរងគ្រោះ ។

  4. ប្រសិនបើ​សមាជិក​នេះ​បដិសេធ​ការប្រព្រឹត្ត​ខុស​នេះ នោះ​គាត់ ឬ​នាង​អាច​បង្ហាញ​ព័ត៌មាន​នេះ​ទៅកាន់​ក្រុមប្រឹក្សា ។ ការណ៍​នេះ​អាច​សរសេរ​ជា​លាយលក្ខណ៍​អក្សរ​បាន ។ ឬ សមាជិក​នេះ​អាច​សូម​ឲ្យ​បុគ្គល​ដែល​អាច​ផ្ដល់​ព័ត៌មាន​ទាក់ទង​នេះ មក​ថ្លែង​នៅ​ចំពោះ​មុខ​ក្រុមប្រឹក្សា​ម្ដង​ម្នាក់ៗ ។ បុគ្គល​ទាំងនេះ​គួរតែ​ជា​សមាជិក​នៃ​សាសនាចក្រ លុះត្រាតែ​ប៊ីស្សព ឬ​ប្រធាន​ស្តេក​បាន​សម្រេច​ជាមុន​មក​ថា អ្នក​មិនមែន​ជា​សមាជិក​អាច​ចូលរួម​បាន ។ ពួកគេ​រង់ចាំ​នៅ​បន្ទប់​ផ្សេង​មួយ​ទៀត រហូត​ដល់​ពួកគេ​ត្រូវបាន​សូម​ឲ្យ​និយាយ ។ បុគ្គល​ម្នាក់ៗ​ចាកចេញ​ពី​បន្ទប់​ក្រុមប្រឹក្សា នៅពេល​គាត់ ឬ​នាង​បាន​និយាយ​ចប់ ។ ពួកគេ​ត្រូវតែ​ស្ម័គ្រចិត្ត​អនុវត្ត​តាម​លក្ខខណ្ឌ​របស់​ក្រុមប្រឹក្សា​ដោយ​សេចក្ដី​គោរព រួមមាន​នីតិវិធី និង​ភាពសម្ងាត់​របស់​វា ។ សមាជិក​មិន​អាច​មាន​ការប្រឹក្សា​តាម​ផ្លូវច្បាប់​នៅ​ទីនោះ​បានទេ ។ ហើយ​ពួកគេ​ក៏​មិន​អាច​មាន​អ្នកគាំទ្រ​លើស​ពី​អ្នក​ទាំងឡាយ​ដែល​បាន​យោង​ដល់ នៅក្នុង​កថាខណ្ឌ​ទីពីរ​នៅក្នុង​វគ្គ​នេះ​ដែរ ។

  5. ប៊ីស្សព ឬ​ប្រធាន​ស្ដេក​អាច​សាកសួរ​សំណួរ​ដល់​សមាជិក​នេះ​តាម​របៀប​គួរសម និង​គោរព​ដល់​គ្នា ។ គាត់​ក៏​អាច​សួរ​សំណួរ​ដល់​បុគ្គល​ផ្សេងទៀត ដែល​សមាជិក​នេះ​បាន​សូម​ឲ្យ​ផ្ដល់​ព័ត៌មាន​ផងដែរ ។ ទីប្រឹក្សា​នៅក្នុង​គណៈប៊ីស្សព ឬ​គណៈប្រធាន​ស្តេក​អាច​ធ្វើការ​សាកសួរ​ផងដែរ ។ សំណួរ​ទាំងឡាយ​គួរតែ​ខ្លី ហើយ​បាន​កំណត់​ចំពោះ​កត្តា​សំខាន់ៗ​នៃ​រឿង​ក្តី​នោះ ។

  6. ក្រោយពី​ព័ត៌មាន​ដែល​ទាក់ទង​ទាំងអស់​ត្រូវបាន​បង្ហាញ​ហើយ នោះ​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​សូម​ឲ្យ​សមាជិក​នេះ​ចេញពី​បន្ទប់ ។ ស្មៀន​ក៏​ត្រូវ​ចេញ​ផងដែរ លុះត្រាតែ​ក្រុមប្រឹក្សា​ជាន់ខ្ពស់​បាន​ចូលរួម​នៅក្នុង​ក្រុមប្រឹក្សា​សមាជិកភាព​ស្ដេក​ដែរ ។ ប្រសិនបើ​ប៊ីស្សព​របស់​សមាជិក​នោះ​មាន​វត្តមាន​សម្រាប់​ក្រុមប្រឹក្សា​សមាជិកភាព​ស្ដេក នោះ​គាត់​ក៏​ត្រូវ​សូម​ឲ្យ​ចេញ​ដែរ ។ ប្រសិនបើ​ប្រធាន​សមាគម​សង្គ្រោះ ឬ​ប្រធាន​កូរ៉ុម​អែលឌើរ​មាន​វត្តមាន​ដើម្បី​ផ្ដល់​ការគាំទ្រ នោះ​នាង ឬ​គាត់​ក៏​ត្រូវបាន​សូម​ឲ្យ​ចេញ​ផងដែរ ។

  7. ប៊ីស្សព ឬ​ប្រធាន​ស្ដេក​សូម​យោបល់ ឬ​ការយល់ដឹង​ពី​ទីប្រឹក្សា​របស់​គាត់ ។ ប្រសិនបើ​ក្រុមប្រឹក្សា​ជាន់ខ្ពស់​បាន​ចូលរួម​ក្នុង​ក្រុមប្រឹក្សា​សមាជិកភាព​ស្តេក នោះ​គាត់​អាច​សូម​មតិយោបល់ និង​ការយល់ដឹង​បាន ។

  8. ជាមួយ​នឹង​ទីប្រឹក្សា​របស់​គាត់ ប៊ីស្សព ឬ​ប្រធាន​ស្ដេក​អធិស្ឋាន​ស្វែងរក​ព្រះទ័យ​របស់​ព្រះអម្ចាស់​អំពី​បញ្ហា​នេះ ។ មានតែ​ប្រធាន​ស្តេក និង​ទីប្រឹក្សា​របស់​គាត់ ឬ​ប៊ីស្សព និង​ទីប្រឹក្សា​របស់​គាត់​តែ​ប៉ុណ្ណោះ ដែល​គួរតែ​នៅក្នុង​បន្ទប់​នោះ​អំឡុង​ពេល​នេះ ។ ប្រសិនបើ​ក្រុមប្រឹក្សា​សមាជិកភាព​ស្តេក​រួម​បញ្ចូល​ក្រុមប្រឹក្សា​ជាន់ខ្ពស់ នោះ​ជាធម្មតា​គណៈប្រធាន​ស្ដេក​ត្រូវ​ទៅកាន់​ការិយាល័យ​របស់​ប្រធាន​ស្ដេក ។

  9. ប៊ីស្សព ឬ​ប្រធាន​ស្តេក​ប្រាប់​ទីប្រឹក្សា​របស់​គាត់​អំពី​ការសម្រេចចិត្ត​របស់​គាត់ ហើយ​សូម​ពួកគាត់​ឲ្យ​គាំទ្រ​ការសម្រេច​ចិត្ត​នេះ ។ ប្រសិនបើ​ក្រុមប្រឹក្សា​សមាជិកភាព​ស្តេក​រួម​បញ្ចូល​ក្រុមប្រឹក្សា​ជាន់ខ្ពស់ នោះ​គណៈប្រធាន​ស្ដេក​ត្រឡប់​ទៅកាន់​បន្ទប់​វិញ ហើយ​សូម​ឲ្យ​ក្រុមប្រឹក្សា​ជាន់ខ្ពស់​គាំទ្រ​ការសម្រេច​ចិត្ត​នោះ ។ ប្រសិនបើ​ទីប្រឹក្សា​ម្នាក់ ឬ​ទីប្រឹក្សា​ជាន់​ខ្ពស់​ម្នាក់​មាន​គំនិត​ខុស​ពី​នេះ នោះ​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​ស្ដាប់ ហើយ​ព្យាយាម​ដោះស្រាយ​ភាពខុសគ្នា​នោះ ។ ការទទួល​ខុស​ត្រូវ​លើ​ការសម្រេច​ចិត្ត ធ្លាក់​ទៅលើ​អ្នកកាន់​តំណែង​ជា​អធិបតី ។

  10. គាត់​អញ្ជើញ​បុគ្គល​នេះ​ឲ្យ​ត្រឡប់​មក​កាន់​បន្ទប់​វិញ ។ ប្រសិនបើ​ស្មៀន​នៅ​ខាងក្រៅ គាត់​ក៏​ត្រូវបាន​អញ្ជើញ​ឲ្យ​មក​ក្នុង​បន្ទប់​វិញ​ដែរ ។ ប្រសិនបើ​ប៊ីស្សព​របស់​សមាជិក​នោះ​មាន​វត្តមាន​សម្រាប់​ក្រុមប្រឹក្សា​សមាជិកភាព​ស្ដេក នោះ​គាត់​ក៏​ត្រូវ​បាន​អញ្ជើញ​ឲ្យ​មកក្នុង​បន្ទប់​វិញ​ដែរ ។ ប្រសិនបើ​ប្រធាន​សមាគម​សង្គ្រោះ ឬ​ប្រធាន​កូរ៉ុម​អែលឌើរ​មាន​វត្តមាន​ដើម្បី​ផ្ដល់​ការគាំទ្រ នោះ​នាង ឬ​គាត់​ក៏​ត្រូវ​បាន​ស្វាគមន៍​ឲ្យ​ត្រឡប់​មក​វិញ​ដែរ ។

  11. ប៊ីស្សព ឬ​ប្រធាន​ស្ដេក​ចែកចាយ​ការសម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សា​ក្នុង​ស្មារតី​នៃ​សេចក្ដី​ស្រឡាញ់ ។ ប្រសិនបើ​ការសម្រេច​ចិត្ត​គឺ​ត្រូវ​ដាក់​កំហិត​ជា​ផ្លូវការ​លើ​អភ័យ​ឯកសិទ្ធិ​សមាជិកភាព​ក្នុង​សាសនាចក្រ ឬ​ការដក​ហូត​សមាជិកភាព​របស់​បុគ្គល​នេះ នោះ​គាត់​ត្រូវ​ពន្យល់​ពី​លក្ខខណ្ឌ​ទាំងឡាយ ( សូមមើល ៣២.១១.៣ និង ៣២.១១.៤ ) ។ គាត់​ក៏​ពន្យល់​អំពី​របៀប​ដើម្បី​យកឈ្នះ​លើ​ការដាក់​កំហិត និង​ផ្ដល់​សេចក្តីណែនាំ និង​ការប្រឹក្សា​ផ្សេងទៀត​ផងដែរ ។ ប៊ីស្សព ឬ​ប្រធាន​ស្ដេក​អាច​រំសាយ​ក្រុមប្រឹក្សា​មួយ​រយៈ ដើម្បី​ស្វែងរក​ការណែនាំ ឬ​ព័ត៌មាន​បន្ថែម​ទៀត​ពីមុន​ធ្វើការ​សម្រេច​ចិត្ត ។ នៅក្នុង​ករណី​នោះ គាត់​ពន្យល់​ដូច្នេះ ។

  12. គាត់​ពន្យល់​អំពី​សិទ្ធិ​ដើម្បី​ប្តឹង​ឧទ្ធរណ៍​របស់​បុគ្គល​នោះ ( សូមមើល ៣២.១៣ ) ។

  13. គាត់​អញ្ជើញ​នរណាម្នាក់​ឲ្យ​ផ្ដល់​ការអធិស្ឋាន​បិទ ។

មិន​ថា​បុគ្គល​នេះ​មាន​វត្តមាន​ឬ​អត់​នោះ​ទេ ប៊ីស្សព ឬ​ប្រធាន​ស្ដេក​ជូន​ដំណឹង​ទៅ​គាត់ ឬ​នាង​អំពី​ការសម្រេច​ចិត្ត​ដូច​បាន​ពន្យល់​នៅក្នុង ៣២.១២.១ ។

ពុំ​មាន​អ្នកចូលរួម​ណា​នៅក្នុង​ក្រុមប្រឹក្សា​សមាជិកភាព​ត្រូវបាន​អនុញ្ញាត​ឲ្យ​ថត​សំឡេង វីដេអូ ឬ​កត់ត្រា​ជា​លាយលក្ខណ៍​អក្សរ​ឡើយ ។ ស្មៀន​អាច​ធ្វើការ​កត់​ចំណាំ ក្នុង​គោលបំណង​ដើម្បី​រៀបចំ​របាយការណ៍​នៃ​ក្រុមប្រឹក្សា​សមាជិកភាព​សាសនាចក្រ ។ ប៉ុន្ដែ កំណត់ចំណាំ​បែប​នោះ​មិន​ត្រូវ​ធ្វើ​ឡើង​ជា​ពាក្យ​មួយ​ម៉ាត់ ឬ​ជា​កំណត់ត្រា​លាយលក្ខណ៍​អក្សរ​ឡើយ ។ ក្រោយពី​បាន​រៀបចំ​របាយការណ៍​រួចហើយ គាត់​ត្រូវ​បំផ្លាញ​កំណត់ចំណាំ​ទាំងឡាយ​ចោល​ភ្លាម ។

៣២.១១

សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​សមាជិកភាព

សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​សមាជិកភាព​គួរតែ​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ ។ វា​គួរតែ​ឆ្លុះ​បញ្ចាំង​ពី​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​សង្ឃឹម​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ដល់​អស់​អ្នក​ទាំងឡាយ​ដែល​ប្រែចិត្ត ។ សេចក្ដី​សម្រេច​ដែល​អាច​មាន ត្រូវបាន​រៀបរាប់​ដូច​ខាងក្រោម​នេះ ។ នៅពេល​ធ្វើ​សេចក្ដី​សម្រេច​ទាំងនេះ ថ្នាក់ដឹកនាំ​ពិចារណា​ពី​ស្ថានភាព​ដែល​បាន​ចែង​មក​នៅក្នុង ៣២.៧ ។

ក្រោយពី​ការប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព​ណាមួយ ប៊ីស្សព ឬ​ប្រធាន​ស្ដេក​បញ្ជូន​បែបបទ​របាយការណ៍​នៃ​ក្រុមប្រឹក្សា​សមាជិកភាព​សាសនាចក្រ​ភ្លាមៗ តាមរយៈ ធ.ថ.ស. ( សូមមើល ៣២.១៤.១ ) ។

សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​សមាជិកភាព​ដែល​អាច​មាន ត្រូវបាន​ពន្យល់​នៅក្នុង​វគ្គ​ដូច​តទៅ​នេះ ។

៣២.១១.១

បន្ដ​នៅក្នុង​គោលជំហរ​ត្រឹមត្រូវ

នៅក្នុង​ករណី​ខ្លះ បុគ្គល​ម្នាក់​អាច​ជា​មនុស្ស​គ្មាន​ទោស ហើយ​បន្ដ​នៅក្នុង​គោលជំហរ​ត្រឹមត្រូវ ។ នៅក្នុង​ករណី​ខ្លះ បុគ្គល​ម្នាក់​អាច​បាន​ប្រព្រឹត្ត​អំពើបាប ប៉ុន្ដែ​បាន​ប្រែចិត្ត​ដោយ​ស្មោះសរ ហើយ​ស្ថិត​ក្នុង​គោលជំហរ​ត្រឹមត្រូវ ។ ប៊ីស្សព ឬ​ប្រធាន​ស្តេក​អាច​ផ្ដល់​ការប្រឹក្សា និង​ការហាម​ប្រាម​អំពី​សកម្មភាព​នាពេល​អនាគត ។ ក្រោយពី​ការប្រជុំ​ក្រុមប្រឹក្សា គាត់​បន្ដ​ផ្ដល់​ការគាំទ្រ​តាម​ដែល​ចាំបាច់ ។

គូស្វាមីភរិយា​កំពុង​អង្គុយ​ជា​មួយគ្នា

៣២.១១.២

ការប្រឹក្សា​ផ្ទាល់ខ្លួន​ជាមួយ​នឹង​ប៊ីស្សព ឬ​ប្រធាន​ស្ដេក

នៅក្នុង​ក្រុមប្រឹក្សា​សមាជិកភាព​ខ្លះ ថ្នាក់​ដឹកនាំ​អាច​សម្រេច​ថា សមាជិក​នេះ​មិន​មាន​គោលជំហរ​ត្រឹមត្រូវ​នោះ​ទេ—​ប៉ុន្ដែ​ការដាក់​កំហិត​សមាជិកភាព​ជា​ផ្លូវការ​នោះ​មិនមែន​ជា​ការបង្ហាញ​ភស្ដុតាង​ថា សមាជិក​មិនមាន​គោលជំហរ​ត្រឹមត្រូវ​នោះ​ឡើយ ។ នៅក្នុង​ស្ថានភាព​ទាំងនេះ ក្រុមប្រឹក្សា​អាច​សម្រេច​ថា បុគ្គល​នេះ​គួរតែ​ទទួល​បាន​ការប្រឹក្សា​ផ្ទាល់ខ្លួន និង​ការកែតម្រូវ​មកពី​ប៊ីស្សព ឬ​ប្រធាន​ស្ដេក ។ ការប្រឹក្សា​នេះ​អាច​រួមមាន​ការដាក់​កំហិត​សមាជិកភាព​ក្រៅ​ផ្លូវការ ដូច​បាន​ចែង​នៅក្នុង ៣២.៨.៣ ។

ការប្រឹក្សា​ផ្ទាល់ខ្លួន និង​ការដាក់​កំហិត​សមាជិកភាព​ក្រៅ​ផ្លូវការ​មិនមែន​ជា​ជម្រើស​មួយ​នោះ​ទេ នៅពេល​ត្រូវ​ធ្វើការ​ក្រុមប្រឹក្សា​មួយ​សម្រាប់​អំពើបាប​ដែល​មាន​នៅក្នុង ៣២.៦.១ ។

៣២.១១.៣

ការដាក់​កំហិត​សមាជិកភាព​ជា​ផ្លូវការ

នៅក្នុង​ក្រុមប្រឹក្សា​សមាជិកភាព​មួយ​ចំនួន ថ្នាក់ដឹកនាំ​អាច​សម្រេច​ថា វា​ល្អ​បំផុត​ដើម្បី​ដាក់​កំហិត​លើ​អភ័យ​ឯកសិទ្ធិ​សមាជិកភាព​សាសនាចក្រ​របស់​បុគ្គល​ម្នាក់​ជា​ផ្លូវការ​ក្នុងពេល​មួយ​រយៈ ។ ការដាក់​កំហិត​ជាផ្លូវការ​អាច​គ្រប់គ្រាន់​សម្រាប់​ការណ៍​នេះ ប៉ុន្ដែ​មិន​គ្រប់គ្រាន់​សម្រាប់​អំពើបាប ឬ​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ​បំផុត​ដែល​សមាជិកភាព​នេះ​ត្រូវបាន​ដកហូត​សមាជិកភាព​នោះ​ទេ ( សូមមើល ៣២.១១.៤ ) ។

អស់​អ្នក​ទាំងឡាយ​ដែល​មាន​ការដាក់​កំហិត​សមាជិកភាព​ជា​ផ្លូវការ នៅតែ​ជា​សមាជិក​ក្នុង​សាសនាចក្រ​ដដែល ។ ប៉ុន្ដែ អភ័យ​ឯកសិទ្ធិ​សមាជិកភាព​សាសនាចក្រ​របស់​ពួកគេ​ត្រូវបាន​ដាក់​កំហិត​ដូច​តទៅ​នេះ ៖

  • ពួកគេ​មិន​អាច​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន​ទេ ។ ប៉ុន្ដែ ពួកគេ​អាច​បន្ដ​ពាក់​សម្លៀក​បំពាក់​ព្រះវិហារ​បរិសុទ្ធ​បាន ប្រសិនបើ​គេ​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​ហើយ ។ ប្រសិនបើ​សមាជិក​នេះ​មាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ នោះ​ថ្នាក់ដឹកនាំ​លុបចោល​ប័ណ្ណ​នោះ​នៅក្នុង ធ.ថ.ស. ។

  • ពួកគេ​មិន​អាច​អនុវត្ត​បព្វជិតភាព​បាន​ទេ ។

  • ពួកគេ​មិន​អាច​ទទួលទាន​សាក្រាម៉ង់ ឬ​ចូលរួម​ក្នុង​ការគាំទ្រ​អ្នកកាន់​តំណែង​ក្នុង​សាសនាចក្រ​បាន​ទេ ។

  • ពួកគេ​មិន​អាច​ឡើង​និយាយ ឡើង​បង្រៀន ឬ​ធ្វើការ​អធិស្ឋាន​នៅក្នុង​ព្រះវិហារ​បាន​ទេ ។ ហើយ​ពួកគេ​មិន​អាច​បម្រើ​នៅ​ក្នុង​ការហៅ​ក្នុង​សាសនាចក្រ​បាន​ទេ ។

ពួកគេ​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ចូលរួម​ក្នុង​ការប្រជុំ និង​សកម្មភាព​នានា​របស់​សាសនាចក្រ ប្រសិនបើ​ការប្រព្រឹត្ត​របស់​ពួកគេ​មាន​របៀប​ត្រឹមត្រូវ ។ ពួកគេ​ក៏​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ​ផងដែរ ។

ប៊ីស្សព ឬ​ប្រធាន​ស្ដេក​អាច​បន្ថែម​លក្ខខណ្ឌ​ផ្សេងទៀត​បាន ដូចជា​ការឲ្យ​ចៀសវាង​ចេញ​ពី​សម្ភារ​អាសគ្រាម និង​ឥទ្ធិពល​អាក្រក់​ដទៃ​ទៀត ។ ជាធម្មតា គាត់​បន្ថែម​លក្ខខណ្ឌ​វិជ្ជមាន ។ លក្ខខណ្ឌ​ទាំងនេះ​អាច​រួមមាន ការចូលរួម​នៅក្នុង​សាសនាចក្រ​ជា​ទៀងទាត់ ការអធិស្ឋាន​ជា​ទៀងទាត់ និង​ការអាន​ព្រះគម្ពីរ និង​ឯកសារ​របស់​សាសនាចក្រ​ផ្សេងទៀត ។

ប្រសិនបើ​អភ័យ​ឯកសិទ្ធិ​សមាជិកភាព​សាសនាចក្រ​របស់​បុគ្គល​ម្នាក់​ត្រូវបាន​ដាក់​កំហិត​ជាផ្លូវការ នោះ​ការណ៍​នេះ​ត្រូវបាន​កត់​ចំណាំ​នៅលើ​កំណត់ត្រា​សមាជិកភាព ។

ជាធម្មតា ពេលវេលា​នៃ​ការដាក់​កំហិត​ជាផ្លូវការ​មាន​រយៈពេល​យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ ហើយ​វា​អាច​យូរ​ជាង​នេះ ។ នៅពេល​សមាជិក​នេះ​មាន​ការរីកចម្រើន​ជាក់លាក់​ក្នុង​ដំណើរការ​ប្រែចិត្ត​ដ៏​ពិត​ប្រាកដ នោះ​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​ធ្វើការ​ប្រជុំ​ក្រុមប្រឹក្សា​មួយ​ទៀត​ដើម្បី​ពិចារណា​ពី​ការដក​ការដាក់​កំហិត​នេះ​ចេញ ( សូមមើល ៣២.១៦.១ ) ។ ប្រសិនបើ​សមាជិក​នោះ​បន្ដ​លំនាំ​អំពើបាប​ទៀត នោះ​ថ្នាក់​ដឹកនាំ​អាច​ធ្វើការ​ប្រជុំ​ក្រុមប្រឹក្សា​មួយ​ទៀត​ដើម្បី​ពិចារណា​ពី​វិធានការណ៍​ផ្សេងទៀត​បាន ។

៣២.១១.៤

ការដកហូត​សមាជិកភាព

នៅក្នុង​ក្រុមប្រឹក្សា​សមាជិកភាព​មួយ​ចំនួន ថ្នាក់ដឹកនាំ​អាច​សម្រេច​ថា វា​ល្អ​បំផុត​ដើម្បី​ដកហូត​សមាជិកភាព​សាសនាចក្រ​របស់​បុគ្គល​ម្នាក់​ជា​ផ្លូវការ​ក្នុងពេល​មួយ​រយៈ ( សូមមើល ម៉ូសាយ ២៦:៣៦; អាលម៉ា ៦:៣; មរ៉ូណៃ ៦:៧; គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៨៣ ) ។

វា​តម្រូវ​ឲ្យ​មាន​ការដកហូត​សមាជិកភាព​សាសនាចក្រ​ពី​បុគ្គល​ម្នាក់​ក្នុង​ករណី​ឃាតកម្ម ( ដូច​បាន​ផ្ដល់​និយមន័យ​នៅក្នុង ៣២.៦.១.១ ) និង​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ( ដូច​បាន​ពន្យល់​នៅក្នុង ៣២.៦.១.២ ) ។ វា​ស្ទើរតែ​តម្រូវ​ឲ្យ​ដកហូត​សមាជិកភាព​ជានិច្ច​សម្រាប់​អំពើ​ស្មន់ ដូច​បាន​ពន្យល់​នៅក្នុង ៣២.៦.១.២ និង ៣៨.៦.១០ ។

ដូច​ដែល​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ ការដកហូត​សមាជិកភាព​របស់​បុគ្គល​ម្នាក់​ក៏​អាច​ចាំបាច់​នៅក្នុង​ករណី​ដូច​តទៅ​នេះ​ផងដែរ ៖

  • សម្រាប់​អស់​អ្នក​ដែល​បាន​ប្រព្រឹត្ត​កំហុស​នេះ ហើយ​វា​បង្កើត​ជា​ការគំរាម​កំហែង​ដ៏​ធ្ងន់ធ្ងរ​មួយ​ចំពោះ​មនុស្ស​ដទៃ​ទៀត ។

  • សម្រាប់​អស់​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើបាប​ធ្ងន់ធ្ងរ​ជាពិសេស ។

  • សម្រាប់​អស់​អ្នក​ដែល​មិន​បាន​បង្ហាញ​ការប្រែចិត្ត​ពី​អំពើបាប​ធ្ងន់ធ្ងរ ( សូមមើល​ការពិចារណា​នៅក្នុង ៣២.៧ ) ។

  • សម្រាប់​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើបាប​ដ៏​ធ្ងន់ធ្ងរ ដែល​បង្ក​គ្រោះថ្នាក់​ដល់​សាសនាចក្រ ។

ក្រុមប្រឹក្សា​សមាជិកភាព​វួដ សាខា ឬ​មណ្ឌល​អាច​ផ្ដល់​អនុសាសន៍​ឲ្យ​ដកហូត​សមាជិកភាព​សាសនាចក្រ​ពី​បុគ្គល​ម្នាក់ ដែល​មិន​ទាន់​ទទួល​បាន​អំណោយទាន​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ​នៅឡើយ ។ ប៉ុន្ដែ វា​ចាំបាច់​ត្រូវ​មាន​ការអនុម័ត​ពី​ប្រធាន​ស្ដេក ឬ​ប្រធាន​បេសកកម្ម មុនពេល​ធ្វើការ​សម្រេចចិត្ត​ចុង​ក្រោយ ។

អស់​អ្នក​ដែល​ត្រូវបាន​ដកហូត​សមាជិកភាព​ក្នុង​សាសនាចក្រ មិន​អាច​ទទួល​នូវ​អភ័យ​ឯកសិទ្ធិ​ណាមួយ​នៃ​សមាជិកភាព​ឡើយ ។

  • ពួកគេ​មិន​អាច​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ ឬ​ពាក់​សម្លៀក​បំពាក់​ព្រះវិហារ​បរិសុទ្ធ​បាន​ទេ ។ ប្រសិនបើ​បុគ្គល​នេះ​មាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ នោះ​ថ្នាក់ដឹកនាំ​លុបចោល​ប័ណ្ណ​នោះ​នៅក្នុង ធ.ថ.ស. ។

  • ពួកគេ​មិន​អាច​អនុវត្ត​បព្វជិតភាព​បាន​ទេ ។

  • ពួកគេ​មិន​អាច​ទទួលទាន​សាក្រាម៉ង់ ឬ​ចូលរួម​ក្នុង​ការគាំទ្រ​អ្នកកាន់​តំណែង​ក្នុង​សាសនាចក្រ​បាន​ទេ ។

  • ពួកគេ​មិន​អាច​ឡើង​និយាយ ឡើង​បង្រៀន ឬ​ធ្វើការ​អធិស្ឋាន​នៅក្នុង​ព្រះវិហារ ឬ​ដឹកនាំ​សកម្មភាព​មួយ​នៅក្នុង​ព្រះវិហារ​បាន​ទេ ។ ហើយ​ពួកគេ​មិន​អាច​បម្រើ​នៅ​ក្នុង​ការហៅ​ក្នុង​សាសនាចក្រ​បាន​ទេ ។

  • ពួកគេ​មិន​អាច​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ​ទេ ។

ពួកគេ​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ចូលរួម​ក្នុង​ការប្រជុំ និង​សកម្មភាព​នានា​របស់​សាសនាចក្រ ប្រសិនបើ​ការប្រព្រឹត្ត​របស់​ពួកគេ​មាន​របៀប​ត្រឹមត្រូវ ។

អស់​អ្នក​ដែល​ត្រូវបាន​ដកហូត​សមាជិកភាព​ក្នុង​សាសនាចក្រ អាច​ត្រូវបាន​ពិចារណា​ឲ្យ​ចូល​មកវិញ​បាន​តាមរយៈ​ពិធីបុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់ ។ ជាធម្មតា ពួកគេ​ត្រូវ​បង្ហាញ​ការប្រែចិត្ត​ដ៏​ពិតប្រាកដ​ក្នុង​រយៈពេល​យ៉ាងហោច​ណាស់​មួយ​ឆ្នាំ​ជាមុន​សិន ។ ប៊ីស្សព ឬ​ប្រធាន​ស្តេក​ធ្វើការ​ប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព​មួយ​ទៀត ដើម្បី​ពិចារណា​ពី​ការអនុញ្ញាត​ឲ្យ​ចូល​មក​វិញ ( សូមមើល ៣២.១៦.១ ) ។

សេចក្ដី​សម្រេច និង​លទ្ធផល​នៃ​ក្រុមប្រឹក្សា​សមាជិកភាព

សេចក្ដី​សម្រេច

លទ្ធផល

សេចក្ដី​សម្រេច

បន្ដ​នៅក្នុង​គោលជំហរ​ត្រឹមត្រូវ ( សូមមើល ៣២.១១.១ )

លទ្ធផល

  • គ្មានសោះ

សេចក្ដី​សម្រេច

ការប្រឹក្សា​ផ្ទាល់ខ្លួន​ជាមួយ​នឹង​ប៊ីស្សព ឬ​ប្រធាន​ស្ដេក ( សូមមើល ៣២.១១.២ )

លទ្ធផល

  • អាច​ត្រូវបាន​ដាក់​កំហិត​លើ​អភ័យ​ឯកសិទ្ធិ​សមាជិកភាព​មួយ​ចំនួន​ជាផ្លូវការ ។

  • ជាធម្មតា ការដាក់​កំហិត​គឺ​តិច​ជាង​មួយ​ឆ្នាំ ហើយ​នៅក្នុង​ស្ថានភាព​ខុស​ប្រក្រតី វា​អាច​យូរ​ជាង​នេះ ។

  • ការដាក់​កំហិត​ក្រៅ​ផ្លូវការ​នឹង​ត្រូវ​ដកចេញ ក្រោយពី​មាន​ការប្រែចិត្ត​ដ៏​ពិតប្រាកដ ។

  • សកម្មភាព​មិន​ត្រូវបាន​កត់ត្រា​នៅលើ​កំណត់ត្រា​សមាជិកភាព​ទេ ។

សេចក្ដី​សម្រេច

ការដាក់​កំហិត​សមាជិកភាព​ជាផ្លូវការ ( សូមមើល ៣២.១១.៣ )

លទ្ធផល

  • អភ័យ​ឯកសិទ្ធិ​សមាជិកភាព​ត្រូវបាន​ដាក់​កំហិត​ជាផ្លូវការ ។

  • ជាធម្មតា ការដាក់​កំហិត​មាន​រយៈពេល​យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ ហើយ​វា​អាច​យូរ​ជាង​នេះ ។

  • សកម្មភាព​ត្រូវបាន​កត់ត្រា​នៅលើ​កំណត់ត្រា​សមាជិកភាព ។

  • ការដាក់​កំហិត​ជាផ្លូវការ​នឹង​ត្រូវ​ដកចេញ ក្រោយពី​ការប្រែចិត្ត​ដ៏​ពិតប្រាកដ ត្រូវ​មាន​ការអនុម័ត​ពី​ក្រុមប្រឹក្សា​សមាជិកភាព ហើយ​ប្រសិនបើ​ចាំបាច់ មក​ពី​គណៈប្រធាន​ទីមួយ​ផង​ដែរ ។

  • សូចនាករ​កំណត់ត្រា​សមាជិកភាព​នឹង​ត្រូវ​ដកចេញ ប្រសិនបើ​ការដាក់​កំហិត​ត្រូវបាន​ដកចេញ ក្រោយពី​មាន​ការប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព​មួយ ( លើកលែង​តែ​ការចារ​ចំណាំ​ដែល​តម្រូវ​ឲ្យ​មាន សូមមើល ៣២.១៤.៥ ) ។

សេចក្ដី​សម្រេច

ការដកហូត​សមាជិកភាព ( សូមមើល ៣២.១១.៤ )

លទ្ធផល

  • ពិធីបរិសុទ្ធ​ទាំងអស់​ត្រូវបាន​លុបចោល ។

  • ជាធម្មតា អភ័យ​ឯកសិទ្ធិ​សមាជិកភាព​ទាំងអស់​ត្រូវបាន​ដកហូត រយៈពេល​យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ ។

  • បុគ្គល​ម្នាក់​មាន​សិទ្ធិ​សូម​ការអនុញ្ញាត​ចូល​មក​វិញ តាមរយៈ​ពិធីបុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់ ក្រោយពី​ការប្រែចិត្ត​ដ៏​ពិតប្រាកដ ការប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព ហើយ​ប្រសិនបើ​ចាំបាច់ មាន​ការអនុម័ត​ពី​គណៈប្រធាន​ទីមួយ ។

  • បុគ្គល​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​ពីមុន​មក មាន​សិទ្ធិ​ទទួល​បាន​ការស្តារ​ឡើង​វិញ​នូវ​ពរជ័យ​ទាំងឡាយ​បាន ទាល់តែ​មាន​ការអនុម័ត​ពី​គណៈប្រធាន​ទីមួយ​ប៉ុណ្ណោះ និង​ក្រោយពី​រយៈពេល​យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ​ពេញ​បន្ទាប់ពី​ការអនុញ្ញាត​ឲ្យ​ចូល​មក​វិញ ( សូមមើល ៣២.១៧.២ ) ។

  • សម្រាប់​បុគ្គល​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​ពីមុន​មក សូចនាករ « ការស្តារ​ឡើង​វិញ​នូវ​ពរជ័យ​ទាំងឡាយ » នឹង​ត្រូវ​បាន​ដកចេញ​ពី​កំណត់ត្រា​សមាជិកភាព តែ​ក្រោយ​ការធ្វើ​ពិធីបរិសុទ្ធ​នេះ​ប៉ុណ្ណោះ ( ការចារ​ចំណាំ​ដែល​តម្រូវ​ឲ្យ​មាន​នៅតែ​បន្ដ​មាន​ដដែល សូមមើល ៣២.១៤.៥ ) ។

៣២.១១.៥

សំណួរ​អំពី​ការសម្រេច​ចិត្ត​លើ​បញ្ហា​ពិបាកៗ

ប៊ីស្សព​នាំយក​សំណួរ​ទាំងឡាយ​អំពី​គោលការណ៍​ណែនាំ​ក្នុង​ក្បួនខ្នាត​នៅក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព​ទៅ​កាន់​ប្រធាន​ស្តេក ។

ពេល​មាន​បញ្ហា​លំបាកៗ ប្រធាន​ស្តេក​អាច​ស្វែងរក​ការប្រឹក្សា​ពី​ពួកចិតសិប​នាក់​ប្រចាំ​តំបន់​ដែល​បាន​ចាត់តាំង​របស់​គាត់​បាន ។ ប្រធាន​ស្តេក​ត្រូវតែ​ប្រឹក្សា​ជាមួយ​នឹង​គណៈប្រធាន​តំបន់ ស្ដីពី​បញ្ហា​ទាំងឡាយ​ដែល​មាន​នៅក្នុង ៣២.៦.៣ ។ ប៉ុន្ដែប្រធាន​ស្តេក​មិន​គួរ​សួរ​ពួក​ចិត​សិប​នាក់​ប្រចាំ​តំបន់ ឬ​អ្នកមាន​សិទ្ធិ​អំណាច​ទូទៅ​ពី​របៀប​សម្រេច​ចិត្ត​លើ​បញ្ហា​ពិបាកៗ​នោះ​ទេ ។ ប្រធាន​ស្តេក​សម្រេចចិត្ត​ថា តើ​គួរតែ​មាន​ការប្រជុំ​ក្រុមប្រឹក្សា​ដើម្បី​ដោះស្រាយ​ការប្រព្រឹត្ត​នេះ​ឬ​អត់ ។ ប្រសិនបើ​មាន​ការប្រជុំ​ក្រុមប្រឹក្សា​មួយ នោះ​ប្រធាន​ស្តេក ឬ​ប៊ីស្សព​គឺជា​អ្នកសម្រេច​ពី​លទ្ធផល ។

៣២.១១.៦

សិទ្ធិ​អំណាច​គណៈ​ប្រធាន​ទីមួយ

គណៈប្រធាន​ទីមួយ​មាន​សិទ្ធិ​អំណាច​ចុងក្រោយ​ដ៏​សំខាន់​លើ​រាល់​ការដាក់​កំហិត និង​ការដកហូត​សមាជិកភាព​សាសនាចក្រ​ទាំងអស់ ។

៣២.១២

សេចក្ដី​ជូន​ដំណឹង និង​សេចក្ដី​ប្រកាស

សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​សមាជិកភាព​ត្រូវ​ជម្រាប​ជូន​ទៅ​បុគ្គល​នេះ​—​និង​មនុស្ស​ដទៃ​ទៀត​តាម​ការចាំបាច់​—​ដូច​បាន​ពន្យល់​ខាងក្រោម​នេះ ។

៣២.១២.១

ការជូន​ដំណឹង​ដល់​បុគ្គល​ម្នាក់​អំពី​សេចក្ដី​សម្រេច

ជាធម្មតា ប៊ីស្សព ឬ​ប្រធាន​ស្តេក​ប្រាប់​បុគ្គល​នេះ​ពី​លទ្ធផល​នៃ​ក្រុមប្រឹក្សា នៅពេល​វា​បញ្ចប់ ។ ប៉ុន្ដែ​គាត់​អាច​រំសាយ​ក្រុមប្រឹក្សា​មួយ​រយៈ ដើម្បី​ស្វែងរក​ការណែនាំ ឬ​ព័ត៌មាន​បន្ថែម​ទៀត​ពីមុន​ធ្វើការ​សម្រេច​ចិត្ត​បាន ។

ក្រុមប្រឹក្សា​សមាជិកភាព​វួដ សាខា ឬ​មណ្ឌល​អាច​ផ្ដល់​អនុសាសន៍​ឲ្យ​ដកហូត​សមាជិកភាព​សាសនាចក្រ​ពី​បុគ្គល​ម្នាក់ ដែល​មិន​ទាន់​ទទួល​បាន​អំណោយទាន​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ​នៅឡើយ ។ ប៉ុន្ដែ វា​ចាំបាច់​ត្រូវ​មាន​ការអនុម័ត​ពី​ប្រធាន​ស្ដេក ឬ​ប្រធាន​បេសកកម្ម មុនពេល​ធ្វើការ​សម្រេចចិត្ត​ចុង​ក្រោយ ។

ប៊ីស្សព ឬ​ប្រធាន​ស្តេក​ពន្យល់​ពី​ឥទ្ធិពល​នៃ​សេចក្ដី​សម្រេច​នេះ ដូច​បាន​ណែនាំ​នៅក្នុង ៣២.១១ ។ ជាធម្មតា គាត់​ក៏​ផ្ដល់​ការប្រឹក្សា​អំពី​លក្ខខណ្ឌ​នៃ​ការប្រែចិត្ត ដើម្បី​ឲ្យ​ការដាក់​កំហិត​អាច​ត្រូវ​បាន​ដកចេញ ឬ​ដើម្បី​ឲ្យ​បុគ្គល​នេះ​អាច​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​មក​ក្នុង​សាសនាចក្រ​វិញ​បាន​ផងដែរ ។

ប៊ីស្សព ឬ​ប្រធាន​ស្តេក​ប្រគល់​លិខិត​ជា​លាយលក្ខណ៍​អក្សរ​ភ្លាមៗ​អំពី​សេចក្តី​សម្រេច និង​ឥទ្ធិពល​របស់​វា​ទៅដល់​បុគ្គល​នេះ ។ ការជូន​ដំណឹង​នេះ​គួរតែ​មាន​នូវ​សេចក្តី​ថ្លែង​ជាទូទៅ​ថា សកម្មភាព​នេះ​ត្រូវបាន​ធ្វើឡើង​ជា​ការឆ្លើយតប​ទៅ​នឹង​ទង្វើ​ដែល​ផ្ទុយ​នឹង​ច្បាប់ និង​របៀប​រៀបរយ​របស់​សាសនាចក្រ ។ វា​ក៏​អាច​ដាក់​បញ្ចូល​ទាំង​ដំបូន្មាន​ដើម្បី​ជួយ​ដក​ការដាក់​កំហិត​សមាជិកភាព ឬ​ការអនុញ្ញាត​ឲ្យ​ចូល​មក​ក្នុង​សាសនាចក្រ​វិញ​ផង​ដែរ ។ វា​គួរតែ​ជូន​ដំណឹង​ដល់​បុគ្គល​នេះ​ថា គាត់ ឬ​នាង​អាច​ប្ដឹង​ឧទ្ធរណ៍​លើ​សេចក្ដី​សម្រេច​នេះ​បាន ( សូមមើល ៣២.១៣ ) ។

ប្រសិនបើ​បុគ្គល​នោះ​មិន​ចូលរួម​ក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​ទេ នោះ​លិខិត​ជា​លាយលក្ខណ៍​អក្សរ​អាច​គ្រប់គ្រាន់​ដើម្បី​ជម្រាប​ដល់​គាត់ ឬ​នាង​អំពី​សេចក្ដី​សម្រេច​នេះ ។ ប៊ីស្សព ឬ​ប្រធាន​ស្តេក​ក៏​អាច​ជួប​ជាមួយ​នឹង​បុគ្គល​នេះ​បាន​ដែរ ។

ប៊ីស្សព ឬ​ប្រធាន​ស្ដេក​មិន​ឲ្យ​ច្បាប់​ចម្លង​បែបបទ​របាយការណ៍​នៃ​ក្រុមប្រឹក្សា​សមាជិកភាព​សាសនាចក្រ​ដល់​បុគ្គល​នោះ​ទេ ។

៣២.១២.២

ការជម្រាប​ទៅ​មនុស្ស​ដទៃ​អំពី​សេចក្ដី​សម្រេច

ប្រសិនបើ​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​ដាក់​កំហិត​មិន​ផ្លូវការ​លើ​អភ័យ​ឯកសិទ្ធិ​សមាជិកភាព​របស់​បុគ្គល​ម្នាក់​នៅក្នុង​ការប្រឹក្សា​ផ្ទាល់ខ្លួន នោះ​ជាធម្មតា គាត់​មិន​ជម្រាប​ទៅ​នរណា​ផ្សេងទៀត​ឡើយ ( សូមមើល ៣២.៨.៣ ) ។ ប៉ុន្ដែ ថ្នាក់ដឹកនាំ​ទាំងនេះ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​គ្នា​អំពី​ការដាក់​កំហិត​ក្រៅ​ផ្លូវការ នៅពេល​ពួកគាត់​ជួយ​សមាជិក​ទាំងឡាយ ។

ប្រសិនបើ​អភ័យ​ឯកសិទ្ធិ​សមាជិកភាព​របស់​បុគ្គល​ម្នាក់​ត្រូវបាន​ដាក់​កំហិត ឬ​ដកហូត​ជាផ្លូវការ​នៅក្នុង​ក្រុមប្រឹក្សា​សមាជិកភាព​មួយ នោះ​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​ប្រាស្រ័យ​ប្រាប់​ពី​សេចក្ដីសម្រេច​នេះ តែ​ជាមួយ​នឹង​អ្នក​ដែល​ត្រូវ​ដឹង​តែ​ប៉ុណ្ណោះ ។ គោលការណ៍​ណែនាំ​ខាងក្រោម​នេះ​ត្រូវ​អនុវត្ត ។

  • គាត់​ពិចារណា​ពី​តម្រូវការ​របស់​ជនរងគ្រោះ និង​ជនរងគ្រោះ​ដែល​អាច​មាន ព្រមទាំង​អារម្មណ៍​របស់​គ្រួសារ​បុគ្គល​នេះ ។

  • គាត់​ពុំ​ប្រាប់ពី​សេចក្ដី​សម្រេច​នេះ​ទេ ប្រសិនបើ​បុគ្គល​នេះ​ប្ដឹង​តវ៉ា​លើ​សេចក្ដី​សម្រេច​នេះ​នោះ ។ ទោះយ៉ាង​ណា គាត់​អាច​ប្រាប់​ថា វា​ត្រូវបាន​ប្ដឹង​តវ៉ា ប្រសិនបើ​គាត់​មាន​អារម្មណ៍​ថា វា​ចាំបាច់​ដើម្បី​ការពារ​ជនរងគ្រោះ​ដែល​អាច​មាន​ណា​ម្នាក់ ។ គាត់​ក៏​អាច​ប្រាប់​ពី​ការណ៍​នេះ​ដើម្បី​គាំទ្រ​ដល់​ជនរងគ្រោះ​ដែល​កំពុង​ព្យាបាល​ផងដែរ ( ប៉ុន្ដែ​គាត់​មិន​ត្រូវ​ប្រាប់​ឈ្មោះ​របស់​ជនរងគ្រោះ​នោះ​ទេ ) ឬ​ដើម្បី​ការពារ​សេចក្តី​ថ្លៃថ្នូរ​របស់​សាសនាចក្រ ។

  • តាម​ការចាំបាច់ ប៊ីស្សព​ប្រាប់ពី​សេចក្ដី​សម្រេច​នេះ​ដោយ​សម្ងាត់​ទៅកាន់​សមាជិក​ក្រុមប្រឹក្សា​វួដ ។ ការណ៍​នេះ​គឺ​ដើម្បី​ជម្រាប​ថ្នាក់ដឹកនាំ​ណា​ដែល​អាច​ពិចារណា​ហៅ​បុគ្គល​នេះ​ឲ្យ​ធ្វើការ​បម្រើ បង្រៀន​មេរៀន ឬ​ផ្ដល់​ការអធិស្ឋាន ឬ​ការឡើង​និយាយ​ណាមួយ ។ វា​ក៏​ដើម្បី​លើក​ទឹកចិត្ត​ថ្នាក់ដឹកនាំ​ឲ្យ​ផ្ដល់​ការយកចិត្ត​ទុកដាក់ និង​ការគាំទ្រ​ដល់​សមាជិក​នេះ ព្រមទាំង​គ្រួសារ​របស់​គាត់ ឬ​នាង​ផង​ដែរ ។

  • ដោយ​មាន​ការអនុម័ត​ពី​ប្រធាន​ស្ដេក ប៊ីស្សព​អាច​ប្រាប់​ពី​ការសម្រេច​នេះ​នៅក្នុង​ការប្រជុំ​កូរ៉ុម​អែលឌើរ និង​សមាគម​សង្គ្រោះ​ក្នុង​វួដ​របស់​គាត់ ប្រសិនបើ​ស្ថានភាព​នេះ​ទាក់ទង​នឹង ៖

    • អាកប្បកិរិយា​កេងប្រវ័ញ្ច​ដែល​អាច​គំរាម​កំហែង​ដល់​មនុស្ស​ដទៃ ។

    • ការបង្រៀន​គោលលទ្ធិ​ខុសឆ្គង ឬ​ទម្រង់​ផ្សេងទៀត​នៃ​ការក្បត់​សាសនា ។

    • អំពើបាប​ជាក់ស្ដែង​ដូចជា ការអនុវត្ត​អាពាហ៍​ពិពាហ៍​ពហុពន្ធភាព ឬ​ការប្រើ​ការបង្រៀន​របស់​ក្រុម​ជំនឿ​មួយ​ដើម្បី​ទាក់ទាញ​ឲ្យ​មាន​អ្នកដើរតាម ។

    • ការធ្វើ​ផ្ទុយ​ជា​សាធារណៈ​នឹង​សកម្មភាព ឬ​ការបង្រៀន​របស់​ថ្នាក់ដឹកនាំ​សាសនាចក្រ​ទូទៅ ឬ​ក្នុង​តំបន់ ។

  • នៅក្នុង​ករណី​បែប​នេះ ប្រធាន​ស្តេក​ក៏​អាច​ចាំបាច់​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ការប្រកាស​ដល់​សមាជិក​ទាំងឡាយ​នៅ​វួដ​ផ្សេងទៀត​នៅក្នុង​ស្តេក​នោះ​ផងដែរ ។

  • នៅ​ក្នុង​ករណី​ខ្លះ ប៊ីស្សព ឬ​ប្រធាន​ស្ដេក​អាច​មាន​អារម្មណ៍​ថា វា​ល្អ​ដើម្បី​ជូន​ដំណឹង​ដល់​ជនរងគ្រោះ​មួយ​ចំនួន ឬ​ទាំងអស់ ព្រមទាំង​ក្រុមគ្រួសារ​របស់​ពួកគេ​ថា មាន​ការប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព​មួយ​សម្រាប់​បុគ្គល​នោះ ។ គាត់​ធ្វើ​ការណ៍​នេះ​តាមរយៈ​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​របស់​ពួកគាត់ ។

  • ប្រសិនបើ​ទំនោរ​កេងប្រវ័ញ្ច​របស់​បុគ្គល​ម្នាក់​ធ្វើឲ្យ​មនុស្ស​ដទៃ​មាន​គ្រោះថ្នាក់ នោះ​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​អាច​ធ្វើការ​ព្រមាន​ដើម្បី​ជួយ​ការពារ​មនុស្ស​ដទៃ​បាន ។ គាត់​ពុំ​ប្រាប់​ពី​ព័ត៌មាន​សម្ងាត់ ហើយ​មិន​ធ្វើការ​ប៉ាន់ស្មាន​នោះ​ទេ ។

  • នៅក្នុង​ករណី​ផ្សេងៗទៀត​ទាំងអស់ ប៊ីស្សព ឬ​ប្រធាន​ស្តេក​ដាក់​កម្រិត​ការប្រាស្រ័យ​ទាក់ទង​នានា​ទៅ​ត្រឹមតែ​ជា​សេចក្ដី​ថ្លែងការណ៍​ទូទៅ​មួយ ។ គាត់​គ្រាន់តែ​ថ្លែង​ដោយ​សាមញ្ញ​ថា អភ័យ​ឯកសិទ្ធិ​សមាជិកភាព​ក្នុង​សាសនាចក្រ​របស់​បុគ្គល​នេះ​ត្រូវបាន​ដាក់​កំហិត ឬ​ដកហូត​ដោយសារ​ការប្រព្រឹត្ត​ដែល​ផ្ទុយ​នឹង​ច្បាប់ និង​របៀប​រៀបរយ​របស់​សាសនាចក្រ ។ គាត់​សូម​ឲ្យ​អស់​អ្នក​ដែល​មាន​វត្តមាន​កុំ​ពិភាក្សា​ពី​រឿង​នេះ​ទៀត ។ គាត់​ពុំ​ស្នើសុំ​ឲ្យមាន​ការលើក​ដៃ​គាំទ្រ​នោះទេ ។

  • ប្រសិនបើ​សមាជិក​ម្នាក់​ស្ថិត​ក្នុង​គោលជំហរ​ត្រឹមត្រូវ ក្រោយពី​ការប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព ( សូមមើល ៣២.១១.១ ) នោះ​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​អាច​ប្រាប់​ឲ្យ​បញ្ឈប់​ពាក្យ​ចចាម​អារ៉ាម​នេះ​បាន ។

៣២.១២.៣

ការជម្រាប​ពី​ការលាលែង​សមាជិកភាព

នៅ​ក្នុង​ករណី​ខ្លះ ប៊ីស្សព​អាច​ចាំបាច់​ត្រូវ​ធ្វើ​ការ​ប្រកាស​ថា បុគ្គល​ម្នាក់​បាន​លាលែង​សមាជិកភាព​របស់​គាត់ ឬ​នាង​ពី​ក្នុង​សាសនាចក្រ ( សូមមើល ៣២.១៤.៩ ) ។ ប៊ីស្សព​មិន​ផ្ដល់​ព័ត៌មាន​លម្អិត​ផ្សេងទៀត​នោះ​ឡើយ ។

៣២.១៣

ការប្ដឹង​ឧទ្ធរណ៍​លើ​សេចក្ដី​សម្រេច

សមាជិក​ម្នាក់​អាច​ប្តឹង​តវ៉ា​លើ​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​សមាជិកភាព​វួដ ទៅកាន់​ប្រធាន​ស្ដេក​នៅក្នុង​រយៈពេល ៣០ ថ្ងៃ ។ ប្រធាន​ស្តេក​ធ្វើការ​ប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព​ស្ដេក ដើម្បី​ពិចារណា​ពី​ការប្ដឹង​ឧទ្ធរណ៍​នេះ ។ លោក​ក៏​អាច​សូម​ឲ្យ​ប៊ីស្សព​មក​រួម​ប្រជុំ​ក្នុង​ក្រុមប្រឹក្សា ហើយ​ពិចារណា​ម្ដងទៀត​អំពី​ការសម្រេច​នេះ ជាពិសេស​ប្រសិនបើ​មាន​ព័ត៌មាន​ថ្មី ។

សមាជិក​ម្នាក់​អាច​ប្តឹង​តវ៉ា​លើ​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​សមាជិកភាព​ស្ដេក ដោយ​ការសរសេរ​សំបុត្រ​មួយ​ទៅកាន់​គណៈប្រធាន​ទីមួយ​នៅក្នុង​រយៈពេល ៣០ ថ្ងៃ ។ សមាជិក​នេះ​ប្រគល់​សំបុត្រ​នេះ​ទៅកាន់​ប្រធាន​ស្តេក ដើម្បី​ឲ្យ​បញ្ជូន​ទៅកាន់​គណៈប្រធាន​ទីមួយ ។

នៅក្នុង​បេសកកម្ម សមាជិក​ម្នាក់​អាច​ប្តឹង​តវ៉ា​លើ​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​សមាជិកភាព​សាខា ឬ​មណ្ឌល ទៅកាន់​ប្រធាន​បេសកកម្ម​នៅក្នុង​រយៈពេល ៣០ ថ្ងៃ ។ ប្រធាន​បេសកកម្ម​ធ្វើការ​ប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព​មួយ ដើម្បី​ពិចារណា​ពី​ការប្ដឹង​ឧទ្ធរណ៍​នេះ ។ ប្រសិនបើ​ពេលវេលា ឬ​រយៈ​ចម្ងាយ​រារាំង​លោក​មិន​ឲ្យ​ធ្វើការណ៍​នេះ លោក​ធ្វើតាម​ការណែនាំ​នៅក្នុង ៣២.៩.៤ ។

ប្រសិនបើ​ប្រធាន​បេសកកកម្ម​បាន​ដឹកនាំ​ក្រុមប្រឹក្សា​នេះ នោះ​សមាជិក​នេះ​អាច​ប្តឹង​តវ៉ា​លើ​សេចក្ដី​សម្រេច ដោយ​ការសរសេរ​សំបុត្រ​មួយ​ទៅកាន់​គណៈប្រធាន​ទីមួយ​នៅក្នុង​រយៈពេល ៣០ ថ្ងៃ ។ សមាជិក​ប្រគល់​សំបុត្រ​នេះ​ទៅកាន់​ប្រធាន​បេសកកម្ម ដើម្បី​ឲ្យ​បញ្ជូន​វា​ទៅកាន់​គណៈប្រធាន​ទីមួយ ។

បុគ្គល​ម្នាក់​ដែល​ប្ដឹង​ឧទ្ធរណ៍​​ចំពោះ​សេចក្ដី​សម្រេច​មួយ ត្រូវ​សរសេរ​ឲ្យ​ជាក់លាក់​នូវ​កំហុស​ដែល​បាន​ពោល ឬ​ភាពអយុត្តិធម៌​នៅក្នុង​នីតិវិធី ឬ​សេចក្ដី​សម្រេច​នេះ ។

ប្រសិនបើ​ក្រុមប្រឹក្សា​សមាជិកភាព​មួយ​ត្រូវ​ធ្វើ​ឡើង​ដើម្បី​ពិចារណា​ពី​ការប្ដឹង​ឧទ្ធរណ៍​នេះ នោះ​អាច​មាន​សេចក្ដី​សម្រេច​មួយ​ក្នុង​ចំណោម​សេចក្ដី​សម្រេច​ពីរ​ដែល​អាច​កើត​មាន ៖

  • រក្សា​សេចក្ដី​សម្រេច​ដើម​ឲ្យ​នៅ​ដដែល ។

  • កែ​តម្រូវ​សេចក្ដី​សម្រេច​ដើម ។

សេចក្ដី​សម្រេច​របស់​គណៈប្រធាន​ទីមួយ​គឺ​ចុងក្រោយ​គេ​បង្អស់ ហើយ​មិន​អាច​ប្ដឹង​តវ៉ា​ម្ដងទៀត​បាន​ទេ ។

៣២.១៤

របាយការណ៍ និង​កំណត់ត្រា​សមាជិកភាព

៣២.១៤.១

របាយការណ៍​នៃ​ក្រុមប្រឹក្សា​សមាជិកភាព​សាសនាចក្រ

ក្រោយពី​ការប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព​ណាមួយ ប៊ីស្សព ឬ​ប្រធាន​ស្ដេក​បញ្ជូន​បែបបទ​របាយការណ៍​នៃ​ក្រុមប្រឹក្សា​សមាជិកភាព​សាសនាចក្រ​ភ្លាមៗ តាមរយៈ ធ.ថ.ស. ។ គាត់​អាច​សូម​ឲ្យ​ស្មៀន​រៀបចំ​របាយការណ៍​នេះ ។ គាត់​ធានា​ថា ពុំ​មាន​ច្បាប់​ចម្លង​ណាមួយ​ទាំង​ជា​ក្រដាស ឬ​អេឡិចត្រូនិច​នៅ​មាន​ក្នុង​កុំព្យូទ័រ ឬ​ការិយាល័យ​នោះ​ទេ ។ គាត់​ក៏​ធានា​ផងដែរ​ថា កំណត់​ចំណាំ​ទាំងអស់​ដែល​បាន​ប្រើ​ដើម្បី​រៀបចំ​របាយការណ៍​នេះ​ត្រូវបាន​បំផ្លាញ​ចោល​ភ្លាមៗ ។

៣២.១៤.២

ការដាក់​កំហិត​សមាជិកភាព​សាសនាចក្រ​ជាផ្លូវការ

ការដាក់​កំហិត​សមាជិកភាព​សាសនាចក្រ​ជាផ្លូវការ​ត្រូវបាន​កត់ត្រា​នៅលើ​កំណត់ត្រា​សមាជិកភាព​របស់​បុគ្គល​ម្នាក់ ។ ទីស្នាក់ការ​កណ្តាល​នៃ​សាសនាចក្រ​ធ្វើការ​ចារ​ចំណាំ​នេះ បន្ទាប់ពី​ទទួល​បាន​របាយការណ៍​នៃ​ក្រុមប្រឹក្សា​សមាជិកភាព​សាសនាចក្រ ។ នៅពេល​សមាជិក​ម្នាក់​បាន​ប្រែចិត្ត នោះ​ថ្នាក់ដឹកនាំ​ត្រូវតែ​ធ្វើការ​ប្រជុំ​ក្រុមប្រឹក្សា​មួយ​ទៀត​ដើម្បី​ពិចារណា​ពី​ការដក​ការដាក់​កំហិត​ទាំងនេះ​ចេញ ( សូមមើល ៣២.១៦.១ ) ។

៣២.១៤.៣

កំណត់ត្រា​បន្ទាប់ពី​ការដក​ហូត​សមាជិកភាព​សាសនាចក្រ​របស់​បុគ្គល​ម្នាក់

ប្រសិនបើ​សមាជិកភាព​សាសនាចក្រ​របស់​បុគ្គល​ម្នាក់​ត្រូវបាន​ដកហូត នោះ​ទីស្នាក់ការ​កណ្តាល​នៃ​សាសនាចក្រ​ដក​កំណត់ត្រា​សមាជិកភាព​ចេញ បន្ទាប់ពី​ទទួល​បាន​របាយការណ៍​នៃ​ក្រុមប្រឹក្សា​សមាជិកភាព​សាសនាចក្រ ។ ប្រសិនបើ​បុគ្គល​នេះ​ចង់ នោះ​ថ្នាក់ដឹកនាំ​ជួយ​គាត់ ឬ​នាង​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​ចូល​មក​ក្នុង​សាសនាចក្រ​វិញ តាមរយៈ​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់ ( សូមមើល ៣២.១៦.១ ) ។

៣២.១៤.៤

កំណត់ត្រា​បន្ទាប់ពី​ការអនុញ្ញាត​ឲ្យ​ចូល​មក​ក្នុង​សាសនាចក្រ​វិញ

ក្រោយពី​បុគ្គល​ម្នាក់​បាន​ចូល​មក​សាសនាចក្រ​វិញ នោះ​ប៊ីស្សព​បញ្ជូន​បែបបទ​របាយការណ៍​នៃ​ក្រុមប្រឹក្សា​សមាជិកភាព​សាសនាចក្រ ។ មិន​ត្រូវ​បង្កើត​វិញ្ញាបនបត្រ​ពិធីបុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់​នោះ​ទេ ។ ផ្ទុយទៅវិញ ពិធីបុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់​ត្រូវបាន​កត់ត្រា​នៅលើ​បែបបទ​របាយការណ៍​នៃ​ក្រុមប្រឹក្សា​សមាជិកភាព​សាសនាចក្រ ។

ប្រសិនបើ​សមាជិក​នេះ​មិន​ទាន់​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​ទេ ទីស្នាក់ការ​កណ្តាល​នៃ​សាសនាចក្រ​នឹង​ចាត់​ឲ្យ​មាន​កំណត់ត្រា​សមាជិកភាព​មួយ​ច្បាប់ ដែល​បង្ហាញ​អំពី​កាលបរិច្ឆេទ​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ដើម និង​ពិធីបរិសុទ្ធ​ដទៃ​ទៀត​របស់​គាត់ ឬ​នាង ។ កំណត់ត្រា​នេះ​មិន​ធ្វើ​សេចក្ដីយោង​ទៅ​ការបាត់បង់​សមាជិកភាព​សាសនាចក្រ​នោះ​ទេ ។

ប្រសិនបើ​សមាជិក​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​ហើយ ទីស្នាក់ការ​កណ្តាល​នៃ​សាសនាចក្រ​នឹង​ធ្វើ​បច្ចុប្បន្នភាព​លើ​កំណត់ត្រា​សមាជិកភាព ដែល​បង្ហាញ​អំពី​កាលបរិចេ្ឆទ​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់​ថ្មី ។ កំណត់ត្រា​នេះ​ក៏​មាន​បញ្ចូល​នូវ​សារលិខិត « ការស្តារ​ឡើង​វិញ​នូវ​ពរជ័យ​ទាំង​ឡាយ​ដែល​ចាំបាច់ » ផង​ដែរ ។ ក្រោយពី​ពរជ័យ​ទាំងឡាយ​របស់​សមាជិក​នេះ​ត្រូវបាន​ស្ដារឡើង​វិញ​ហើយ ( សូមមើល ៣២.១៧.២ ) កំណត់ត្រា​សមាជិកភាព​ត្រូវបាន​ធ្វើ​បច្ចុប្បន្នភាព​ដើម្បី​បង្ហាញ​ពី​កាលបរិច្ឆេទ​ពិធីបុណ្យ​ជ្រមុជ​ទឹក​ដើម និង​ពិធីបរិសុទ្ធ​ផ្សេងៗ​ទៀត ។ វា​មិន​ធ្វើ​សេចក្ដីយោង​ទៅ​ការបាត់បង់​សមាជិកភាព​សាសនាចក្រ​នោះ​ទេ ។

៣២.១៤.៥

កំណត់ត្រាសមាជិកភាព​ដែល​មាន​ការចារ​ចំណាំ

ដោយ​បាន​ការអនុញ្ញាត​ពី​គណៈប្រធាន​ទីមួយ នោះ​ទីស្នាក់ការ​កណ្តាល​នៃ​សាសនាចក្រ​ធ្វើ​ការចារ​ចំណាំ​នៅ​លើ​កំណត់ត្រា​សមាជិកភាព​របស់​បុគ្គល​ម្នាក់ ដែល​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ណាមួយ​ដូច​ខាងក្រោម​នេះ ។

  1. ប៊ីស្សព ឬ​ប្រធាន​ស្ដេក​បញ្ជូន​បែបបទ​របាយការណ៍​នៃ​ក្រុមប្រឹក្សា​សមាជិកភាព​សាសនាចក្រ ដែល​បង្ហាញ​ថា សមាជិកភាព​របស់​បុគ្គល​នេះ​ត្រូវបាន​ដាក់​កំហិត ឬ​ដកហូត​ជា​ផ្លូវការ​ដោយសារ​ការប្រព្រឹត្ត​ណាមួយ​ដូច​ខាងក្រោម​នេះ ៖

    1. សាហាយស្មន់

    2. ការរំលោភ​បំពាន​ផ្លូវ​ភេទ​លើ​កុមារ ឬ​យុវវ័យ ការកេង​ប្រវ័ញ្ច​ខាងផ្លូវ​ភេទ​លើ​កុមារ ឬ​យុវវ័យ ឬ​ការរំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​រាងកាយ ឬ​សតិអារម្មណ៍​របស់​កុមារ ឬ​យុវវ័យ

    3. ការពាក់ព័ន្ធ​នឹង​អំពើ​អាសគ្រាម​លើ​កុមារ ដូច​មាន​ចែង​នៅក្នុង ៣៨.៦.៦

    4. អាពាហ៍​ពិពាហ៍​ពហុពន្ធភាព

    5. អាកប្បកិរិយា​កេងប្រវ័ញ្ច​ខាង​ផ្លូវ​ភេទ​មជ្ឈិមវ័យ

    6. បុគ្គល​ផ្ដូរភេទ—សកម្មភាព​ដើម្បី​ប្ដូរ​ទៅ​ភេទ​ដែល​ផ្ទុយ​ពី​ភេទ​កំណើត​របស់​បុគ្គល​ម្នាក់ ( សូមមើល ៣៨.៦.២៣ )

    7. ការកេង​បន្លំ​មូលនិធិ​សាសនាចក្រ ឬ​ការលួច​ទ្រព្យសម្បត្តិ​របស់​សាសនាចក្រ ( សូមមើល ៣២.៦.៣.៣ ) ។

    8. ការរំលោភ​បំពាន​ខាង​សុខុមាលភាព​នៃ​សាសនាចក្រ

    9. អាកប្បកិរិយា​គំរាម​កំហែង ( ដូចជា​ខាង​ផ្លូវ​ភេទ អំពើ​ហិង្សា ឬ​ខាង​ហិរញ្ញវត្ថុ ) ឬ​ការប្រព្រឹត្ត​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សាសនាចក្រ

  2. ប៊ីស្សព និង​ប្រធាន​ស្តេក​បញ្ជូន​ការជូន​ដំណឹង​ជា​លាយលក្ខណ៍​អក្សរ​ថា បុគ្គល​នេះ ៖

    1. បាន​សារភាព ឬ​បាន​ជាប់ចោទ​ពី​បទល្មើស​មួយ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​សកម្មភាព​មួយ​ដែល​បាន​រៀបរាប់​ដូច​ខាងលើ ។

    2. ត្រូវបាន​គេ​រកឃើញ​ថា​មាន​ទោស នៅ​ក្នុង​ការចាត់​វិធានការណ៍​ស៊ីវិល​មួយ​ស្ដីពី​បទក្លែង​បន្លំ ឬ​ទង្វើ​ខុសច្បាប់​ផ្សេងទៀត ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​មួយ​ដែល​បាន​រៀបរាប់​ដូច​ខាងលើ ។

នៅពេល​ប៊ីស្សព​ទទួល​បាន​កំណត់ត្រា​សមាជិកភាព​ដែល​មាន​ការចារ​ចំណាំ នោះ​គាត់​ត្រូវ​ធ្វើ​តាម​ការណែនាំ​នៅ​ក្នុង​ចំណារ​នោះ ។

មាន​តែ​គណៈប្រធាន​ទីមួយ​ប៉ុណ្ណោះ​ដែល​អាច​ផ្តល់​សិទ្ធិ​ឲ្យ​មាន​ការដក​ការចារ​ចំណាំ​នេះ​ចេញពី​កំណត់ត្រា​សមាជិកភាព​បាន ។ ដើម្បី​ផ្ដល់​អនុសាសន៍​ឲ្យ​ដក​ការចារ​ចំណាំ​ចេញ ប្រធាន​ស្ដេក​ប្រើ ធ.ថ.ស. ។ ការិយាល័យ​គណៈ​ប្រធាន​ទី​មួយ​នឹង​ជូន​ដំណឹង​ទៅ​គាត់ ប្រសិនបើ​អនុសាសន៍​ត្រូវបាន​អនុម័ត ឬ​ក៏​អត់​នោះ ។

៣២.១៤.៦

ការរាយការណ៍​លើ​ការលួច​មូលនិធិ​សាសនាចក្រ

ប្រសិនបើ​សមាជិកភាព​របស់​បុគ្គល​ម្នាក់​ត្រូវ​បាន​ដាក់​កំហិត ឬ​ដកហូត ដោយសារ​ការលួចបន្លំ​មូលនិធិ​សាសនាចក្រ នោះ​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​រាយការណ៍​អំពី​រឿង​នោះ ដូច​ដែល​បាន​ចែង​នៅ​ក្នុង ៣៤.៧.៥ ។

៣២.១៤.៧

ការលុបចោល​ការដាក់​កំហិត​នៅលើ​កំណត់ត្រា​សមាជិកភាព

ពេលខ្លះ សមាជិក​សាសនា​ចក្រ​ម្នាក់​ប្ដូរ​ទីលំនៅ ខណៈ​ពេល​សកម្មភាព​លើ​សមាជិកភាព ឬ​បញ្ហា​ធ្ងន់ធ្ងរ​ផ្សេងទៀត​កំពុង​តែ​ដោះស្រាយ ។ ពេលខ្លះ ប៊ីស្សព​ត្រូវ​ចែកចាយ​ព័ត៌មាន​នេះ​ជាមួយ​នឹង​ប៊ីស្សព​ថ្មី ពីមុន​ផ្ទេរ​កំណត់ត្រា​សមាជិកភាព​នេះ​ទៅ​អង្គភាព​ថ្មី ។ នៅក្នុង​ករណី​ទាំងនេះ ប៊ីស្សព ( ឬ​ស្មៀន ប្រសិនបើ​បាន​អនុញ្ញាត ) អាច​ធ្វើ​ការដាក់​កំហិត​លើ​ការប្ដូរ​ទីលំនៅ​នៅលើ​កំណត់ត្រា​សមាជិកភាព ។ កំណត់ត្រា​នេះ​បន្ដ​នៅក្នុង​អង្គភាព​នេះ រហូត​ដល់​ប៊ីស្សព ( ឬ​ស្មៀន ប្រសិនបើ​បាន​អនុញ្ញាត ) ដក​ការដាក់​កំហិត​នេះ​ចេញ ។ ការណ៍​នេះ​អនុញ្ញាត​ឲ្យ​ប៊ីស្សព​មាន​ឱកាស​ដើម្បី​ប្រាប់​ពី​កង្វល់ និង​ព័ត៌មាន​នានា ។

៣២.១៤.៨

កំណត់ត្រា​របស់​អស់​អ្នក​ដែល​ជាប់​ក្នុង​ពន្ធនាគារ

សមាជិក​មួយ​ចំនួន​បាន​ជាប់ចោទ​ពី​បទល្មើស​មួយ ហើយ​បាន​ជាប់​ពន្ធនាគារ ។ ប៊ីស្សព ឬ​ប្រធាន​ស្ដេក​នៃ​អង្គភាព​ដែល​បុគ្គល​នេះ​បាន​រស់នៅ​ពេល​បទល្មើស​នេះ​បាន​កើតឡើង បន្ដ​ចាត់​សកម្មភាព​ចាំបាច់​នានា​ដើម្បី​ធ្វើ​ការដាក់​កំហិត ឬ​ដកហូត​សមាជិកភាព​ជា​ផ្លូវការ ។ ប្រសិនបើ​អភ័យ​ឯកសិទ្ធិ​សមាជិកភាព​ត្រូវបាន​ដាក់​កំហិត នោះថ្នាក់ដឹកនាំ ( ឬ​ស្មៀន​ប្រសិនបើ​ត្រូវបាន​អនុញ្ញាត ) បញ្ជូន​កំណត់ត្រា​សមាជិកភាព​នេះ​ទៅកាន់​អង្គភាព​ដែល​ទទួល​ខុសត្រូវ​លើ​ទីកន្លែង ដែល​បុគ្គល​នេះ​ជាប់​ក្នុង​ពន្ធនាគារ ។ ប្រសិនបើ​សមាជិកភាព​ត្រូវបាន​ដកហូត នោះ​ប៊ីស្សព ឬ​ប្រធាន​ស្តេក​ទាក់ទង​ទៅនឹងថ្នាក់ដឹកនាំ​នៃ​អង្គភាព​នោះ ។ ( សូម​មើល ៣២.១៥ ) ។

៣២.១៤.៩

សំណើ​សុំ​លាលែង​សមាជិកភាព

ប្រសិនបើ​សមាជិក​ម្នាក់​សូម​លាលែង​សមាជិកភាព​របស់​គាត់ ឬ​នាង​ពី​ក្នុង​សាសនាចក្រ នោះ​ប៊ីស្សព​ទៅ​ជួប​ដើម្បី​មើល​ថា តើ​គាត់ ឬ​នាង​ស្ម័គ្រចិត្ត​ពិភាក្សា​ពី​កង្វល់​នានា ហើយ​ព្យាយាម​ដោះស្រាយ​វា​ដែរ​ឬ​ទេ ។ ប៊ីស្សព និង​សមាជិក​នេះ​ក៏​អាច​ប្រឹក្សា​ជាមួយ​នឹង​ប្រធាន​ស្តេក​ផងដែរ ។ ថ្នាក់ដឹកនាំ​ធានា​ថា សមាជិក​នេះ​យល់​ថា អ្វីៗ​ខាងក្រោម​នេះ​គឺជា​លទ្ធផល​នៃ​ការលាលែង​សមាជិកភាព​ពី​សាសនាចក្រ ៖

  • វា​លុបចោល​ពិធីបរិសុទ្ធ​ទាំងអស់ ។

  • វា​ដក​អភ័យ​ឯកសិទ្ធិ​សមាជិកភាព​ទាំងអស់​ចេញ ។

  • ការអនុញ្ញាត​ឲ្យ​ចូល​មក​វិញ​តាមរយៈ​ពិធីបុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់ អាច​កើតឡើង​តែ​តាមរយៈ​ការសម្ភាស​ដ៏​ល្អិតល្អន់​មួយ ហើយ​ក្នុង​ករណី​ជាច្រើន ត្រូវ​មាន​ក្រុមប្រឹក្សា​សមាជិកភាព​មួយ ( សូមមើល ៣២.១៦.២ ) ។

  • បុគ្គល​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​ពីមុន​មក មាន​សិទ្ធិ​ទទួល​បាន​ការស្តារ​ឡើង​វិញ​នូវ​ពរជ័យ​បព្វជិតភាព និង​ព្រះវិហារ​បរិសុទ្ធ​ទាំងឡាយ​បាន ទាល់តែ​មាន​ការអនុម័ត​ពី​គណៈប្រធាន​ទីមួយ​ប៉ុណ្ណោះ និង​ក្រោយពី​រយៈពេល​យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ​ពេញ​បន្ទាប់ពី​ការអនុញ្ញាត​ឲ្យ​ចូល​មក​វិញ ( សូមមើល ៣២.១៧.២ ) ។

ប្រសិនបើ​សមាជិក​នេះ​នៅតែ​ចង់​លាលែង​សមាជិកភាព​សាសនាចក្រ នោះ​គាត់ ឬ​នាង​ត្រូវ​តែ​ធ្វើ​សំណើសុំ​ជា​លាយ​លក្ខណ៍​អក្សរ និង​បាន​ចុះហត្ថលេខា​ទៅ​ឲ្យ​ប៊ីស្សព ។ ប៊ីស្សព​បញ្ជូន​សំណើ​នេះ​ទៅកាន់​ប្រធាន​ស្ដេក​តាមរយៈ ធ.ថ.ស. ។ រួចហើយ​ប្រធាន​ស្តេក​ពិនិត្យ​មើល និង​បញ្ជូន​សំណើ​នេះ​តាម​ប្រព័ន្ធ​ដដែល​នោះ ។ ថ្នាក់ដឹកនាំ​គួរតែ​ធ្វើតាម​សំណើ​នេះ​ឲ្យបាន​ឆាប់​រហ័ស ។

បុគ្គល​ម្នាក់​ក៏​អាច​លាលែង​សមាជិកភាព ដោយ​ការផ្ញើ​សំណើ​មួយ​ដែល​បាន​ចុះ​ហត្ថលេខា និង​បាន​បញ្ជាក់​ទៅកាន់​ទីស្នាក់ការ​កណ្ដាល​នៃ​សាសនាចក្រ​ផងដែរ ។

អនីតិជន​ដែល​មាន​បំណង​ចង់​លាលែង​សមាជិកភាព​សាសនាចក្រ​របស់​គាត់ ឬ​នាង​ធ្វើ​តាម​នីតិវិធី​ដូចគ្នា​នឹង​មនុស្ស​ពេញ​វ័យ​ដែរ តែ​មាន​ការលើកលែង​មួយ ៖ សំណើ​សុំ​គួរតែ​មាន​ចុះ​ហត្ថលេខា​ដោយ​អនីតិជន ( បើ​អាយុ​លើស​ប្រាំបី​ឆ្នាំ ) និង​ចុះ​ហត្ថលេខា​ដោយ​ឪពុក​ម្តាយ ឬ​អាណាព្យាបាល ដែល​មាន​សិទ្ធិ​ថែរក្សា​អនីតិជនរូប​នោះ​ដោយ​ស្របច្បាប់ ។

ប្រសិនបើ​សមាជិក​ម្នាក់​ដែល​លាលែង​សមាជិកភាព ធ្វើការ​គម្រាម​កំហែង​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​សាសនាចក្រ ឬ​ថ្នាក់ដឹកនាំ​របស់​សាសនាចក្រ នោះ​ប្រធាន​ស្តេក​ធ្វើ​តាម​ការណែនាំ​នៅក្នុង ៣៨.៨.២២ ។

សំណើ​សុំ​លាលែង​សមាជិកភាព​គួរតែ​ត្រូវបាន​ធ្វើ​ឡើង ទោះ​ជា​ថ្នាក់ដឹកនាំ​បព្វជិតភាព​មាន​ព័ត៌មាន​អំពី​អំពើបាប​ដ៏​ធ្ងន់ធ្ងរ​ក្តី ។ ព័ត៌មាន​ណាមួយ​អំពី​អំពើបាប ដែល​មិន​បាន​ដោះស្រាយ​ត្រូវបាន​កត់ត្រា​ទុក នៅពេល​សំណើ​នេះ​បាន​បញ្ជូន​តាម​ធនធាន​សម្រាប់​ថ្នាក់ដឹកនាំ និង​ស្មៀន ។ ការណ៍​នេះ​អនុញ្ញាត​ឲ្យ​ថ្នាក់ដឹកនាំ​បព្វជិតភាព​ដោះស្រាយ​បញ្ហា​បែប​នោះ​នៅពេល​អនាគត ប្រសិនបើ​បុគ្គល​នេះ​ដាក់​ពាក្យ​សុំ​ចូល​មក​ក្នុង​សាសនាចក្រ​វិញ ( សូមមើល ៣២.១៦.២ ) ។

ថ្នាក់ដឹកនាំ​បព្វជិតភាព​មិន​គួរ​ផ្ដល់​អនុសាសន៍​ឲ្យ​លាលែង​សមាជិកភាព​សាសនាចក្រ ដើម្បី​ចៀសវាង​ពី​ការប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព​នោះ​ទេ ។

ថ្នាក់ដឹកនាំ​បន្ដ​ផ្ដល់​ការងារ​បម្រើ​ដល់​អស់​អ្នក​ដែល​លាលែង​សមាជិកភាព​របស់​ពួកគេ រហូតដល់​ពួកគេ​ស្នើសុំ​មិន​ឲ្យ​មាន​ការទាក់ទង​បន្ដ​ទៀត ។


ការប្រគល់​អភ័យ​ឯកសិទ្ធិ​សមាជិកភាព​ក្នុង​សាសនាចក្រ​ឲ្យវិញ


ប្រសិនបើ​អភ័យ​ឯកសិទ្ធិ​នៃ​សមាជិកភាព​សាសនាចក្រ​របស់​បុគ្គល​ម្នាក់​ត្រូវបាន​ដាក់​កំហិត ឬ​ដកហូត នោះ​ថ្នាក់ដឹកនាំ​ទាំងឡាយ​ប្រឹក្សា និង​គាំទ្រ​បុគ្គល​នោះ តាម​ដែល​គាត់ ឬ​នាង​អនុញ្ញាត​ឲ្យ ។ វគ្គ​នេះ​ពន្យល់​ពី​របៀប​ដែល​អភ័យ​ឯកសិទ្ធិ​ទាំងនោះ​អាច​ប្រគល់​មកវិញ​បាន ។

៣២.១៥

បន្ដ​ផ្ដល់​ការងារ​បម្រើ

តួនាទី​របស់​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​ក្នុង​នាម​ជា​ចៅក្រម​ទូទៅ​ពុំ​មែន​បញ្ចប់ នៅពេល​ដែល​សមាជិក​បាន​ទទួល​ការដាក់​កំហិត​សមាជិកភាព ឬ​បាន​សាសនាចក្រ​ដកហូត​សមាជិកភាព​របស់​គាត់ ឬ​នាង​នោះ​ទេ ។ គាត់​បន្ដ​ផ្តល់​ការងារ​បម្រើ កាល​បុគ្គល​នោះ​អនុញ្ញាត ដូច្នេះ​គាត់ ឬ​នាង​អាច​រីករាយ​នឹង​ពរជ័យ​នៃ​សមាជិកភាព​ក្នុង​សាសនាចក្រ​ម្ដងទៀត​បាន ។ ប៊ីស្សព​ជួប​សម្ភាស​ជាទៀងទាត់​ជាមួយ​នឹង​បុគ្គល​នេះ ព្រមទាំង​ស្វាមី ឬ​ភរិយា​របស់​គាត់ ឬ​នាង នៅពេល​វា​ល្អ និង​អាច​ធ្វើ​ទៅបាន ។ ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ពួកសាសន៍​នីហ្វៃ ៖

« អ្នក​មិន​ត្រូវ​បណ្ដេញ​គេ​ចេញពី … កន្លែង​ថ្វាយបង្គំ​របស់​អ្នក​ដែរ ត្បិត​ចំពោះ​អ្នកនោះ​ហើយ​ដែល​អ្នក​ត្រូវ​ធ្វើ​ការងារ​បម្រើ ត្បិត​អ្នករាល់គ្នា​ពុំ​ដឹង​ថា​ដល់​ពេលណា​ទេ ដែល​អ្នកនោះ​នឹង​ត្រឡប់​មក​វិញ ហើយ​ប្រែចិត្ត ហើយ​មក​រក​យើង​ដោយ​អស់​ពី​ដួងចិត្ត ហើយ​យើង​នឹង​ប្រោស​ឲ្យ​គេ​បាន​ជា ហើយ​អ្នករាល់គ្នា​នឹង​ទៅ​ជា​មធ្យោបាយ​ក្នុង​ការនាំ​មក​នូវ​សេចក្ដី​សង្គ្រោះ​ដល់​គេ » ( នីហ្វៃ​ទី​៣ ១៨:៣២ ) ។

អំឡុង​ពេល​ដែល​បុគ្គល​ម្នាក់​ទើបតែ​ទទួល​ការដាក់​កំហិត ឬ​ការដក​ហូត​សមាជិកភាព​ភ្លាមៗ វា​មាន​ការពិបាក ហើយ​ធ្ងន់ធ្ងរ​ចំពោះ​គ្រួសារ​របស់​គាត់ ឬ​នាង ។ ថ្នាក់ដឹកនាំ​គួរតែ​ឆាប់​ដឹង​ពី​តម្រូវការ​ទាំងនេះ ហើយ​លើក​ទឹកចិត្ត និង​ជួយ​ដល់​សមាជិក​ក្រុមគ្រួសារ ។

ប៊ីស្សព​ត្រូវ​ធានា​ថា បាន​ចាត់តាំង​សមាជិក​ដែល​ផ្ដល់​ការថែទាំ និង​ផ្តល់​ការងារ​បម្រើ​ដល់​បុគ្គល ដែល​ត្រូវបាន​ដាក់​កំហិត ឬ​ដកហូត​សមាជិកភាព​សាសនាចក្រ​នេះ នៅពេល​បុគ្គល​នេះ​អនុញ្ញាត ។ ពួកគេ​ក៏​ផ្តល់​ការងារ​បម្រើ​ដល់​សមាជិក​គ្រួសារ​ផ្សេងទៀត​ផងដែរ ។ បុគ្គល​ដែល​ស្ថិតនៅក្រោម​ការ​ដាក់កំហិត​សមាជិកភាព​អាច​ទទួល​អត្ថប្រយោជន៍​មកពី​ការចូលរួម​នៅក្នុង​ការធ្វើ​លិបិក្រម ( សូមមើល ២៥.៤.៣ ) ។

ប្រសិនបើ​បុគ្គល​នេះ​ប្ដូរ​ចេញពី​វួដ ប៊ីស្សព​ត្រូវ​ជម្រាប​ទៅ​ប៊ីស្សព​ថ្មី ហើយ​ពន្យល់​ពី​អ្វី​ដែល​ត្រូវ​កើតឡើង​បន្ទាប់ទៀត ពីមុន​អាច​ដក​ការដាក់​កំហិត​សមាជិកភាព​ក្នុង​សាសនាចក្រ​ចេញ​បាន ។ ប្រសិនបើ​បាន​ដកហូត​សមាជិកភាព​របស់​បុគ្គល​នេះ​ចេញពី​សាសនាចក្រ ឬ​បុគ្គល​នេះ​បាន​លាលែង​សមាជិកភាព នោះ​ប៊ីស្សព​ធ្វើការ​ទាក់ទង​ដូចគ្នា​នេះ​ដែរ ក្នុង​ករណី​ដែល​បុគ្គល​នោះ​បាន​យល់ព្រម​ឲ្យ​ថ្នាក់ដឹកនាំ​សាសនាចក្រ​ជួយ ។

៣២.១៦

ការដក​ការដាក់​កំហិត​ជាផ្លូវការ​ចេញ ឬ​ការអនុញ្ញាត​ឲ្យ​ចូល​មក​សាសនាចក្រ​វិញ

៣២.១៦.១

ក្រុមប្រឹក្សា​សមាជិកភាព​ជា​អ្នកដក​ការដាក់​កំហិត​ជាផ្លូវការ​ចេញ ឬ​អនុញ្ញាត​ឲ្យ​បុគ្គល​ម្នាក់​ចូល​មក​សាសនាចក្រ​វិញ

នៅពេល​អភ័យ​ឯកសិទ្ធិ​សមាជិកភាព​ត្រូវបាន​ដាក់​កំហិត ឬ​ដកហូត​នៅក្នុង​ក្រុមប្រឹក្សា​សមាជិកភាព​មួយ នោះ​ក្រុមប្រឹក្សា​មួយ​ទៀត​ត្រូវ​តែ​ធ្វើ​ឡើង​ដើម្បី​ពិចារណា​ពី​ការដក​ការដាក់​កំហិត ឬ​ការអនុញ្ញាត​ឲ្យ​បុគ្គល​នេះ​ចូល​មក​កាន់​សាសនាចក្រ​វិញ ។ ក្រុមប្រឹក្សា​នេះ​ក៏​គួរ​មាន​កម្រិត​សិទ្ធិ​អំណាច​ដូចគ្នា​នឹង ( ឬ​ខ្ពស់​ជាង ) ក្រុមប្រឹក្សា​ដើម​ផងដែរ ។ ឧទាហរណ៍ ប្រសិនបើ​ប្រធាន​ស្តេក ឬ​ប្រធាន​បេសកកម្ម​ធ្វើជា​អធិបតី​នៅក្នុង​ក្រុមប្រឹក្សា​ដើម នោះ​ប្រធាន​ស្តេក ឬ​ប្រធាន​បេសកកម្ម​ត្រូវ​ធ្វើជា​អធិបតី​ក្នុង​ក្រុមប្រឹក្សា​នេះ​ម្ដងទៀត ដើម្បី​ពិចារណា​ពី​ការដក​ការដាក់​កំហិត​ចេញ ឬ​ការអនុញ្ញាត​ឲ្យ​បុគ្គល​នេះ​ចូល​មក​វិញ ។

ប៊ីស្សព ឬ​ប្រធាន​ស្តេក​បច្ចុប្បន្ន​ត្រូវ​ដឹកនាំ​ក្រុមប្រឹក្សា​នេះ ។ ជាដំបូង គាត់​ធានា​ថា បុគ្គល​នេះ​បាន​ប្រែចិត្ត ហើយ​ត្រៀម​ខ្លួន​ជាស្រេច និង​មាន​ភាពស័ក្ដិសម​ដើម្បី​រីករាយ​នឹង​ពរជ័យ​នៃ​សមាជិកភាព​ក្នុង​សាសនាចក្រ​ម្ដងទៀត ។

ជាធម្មតា អស់​អ្នក​ដែល​ត្រូវបាន​ដាក់​កំហិត​លើ​សមាជិកភាព​សាសនាចក្រ​របស់​ពួកគេ​ជាផ្លូវការ ត្រូវ​បង្ហាញ​ការប្រែចិត្ត​ដ៏​ពិតប្រាកដ​ក្នុង​រយៈពេល​យ៉ាង​ហោចណាស់​មួយ​ឆ្នាំ ពីមុន​អាច​ពិចារណា​ដក​ការដាក់​កំហិត​នេះ​ចេញ​បាន ។ អស់​អ្នក​ដែល​ត្រូវបាន​ដកហូត​សមាជិកភាព​របស់​ពួកគេ​ពី​សាសនាចក្រ តែងតែ​ត្រូវ​បង្ហាញ​ការប្រែចិត្ត​ដ៏​ពិតប្រាកដ​ក្នុង​រយៈពេល​យ៉ាង​ហោចណាស់​មួយ​ឆ្នាំ​ជានិច្ច ពីមុន​ពួកគេ​អាច​ត្រូវបាន​ពិចារណា​ឲ្យ​ចូល​មក​វិញ​បាន ។ សម្រាប់​សមាជិក​ម្នាក់​ដែល​បាន​កាន់​តំណែង​លេចធ្លោ​ក្នុង​សាសនាចក្រ​នៅពេល​ប្រព្រឹត្ត​អំពើបាប​ដ៏​ធ្ងន់ធ្ងរ​នេះ នោះ​រយៈពេល​នៃ​ការប្រែចិត្ត​ជាទូទៅ​គឺ​យូរ​ជាង​នេះ ( សូមមើល ៣២.៦.១.៤ ) ។

ក្រុមប្រឹក្សា​ដែល​ត្រូវ​ពិចារណា​ពី​ការដក​ការដាក់​កំហិត ឬ​អនុញ្ញាត​ឲ្យ​បុគ្គល​ម្នាក់​ចូល​មក​សាសនាចក្រ​វិញ ធ្វើតាម​គោលការណ៍​ណែនាំ​ដូចគ្នា​នឹង​ក្រុមប្រឹក្សា​សមាជិកភាព​ផ្សេងទៀត​ដែរ ។ ប៊ីស្សព​ត្រូវ​ទទួល​ការអនុម័ត​មកពី​ប្រធាន​ស្ដេក​ដើម្បី​ធ្វើការ​ប្រជុំ​ក្រុមប្រឹក្សា ។ នៅក្នុង​បេសកកម្ម​មួយ ប្រធាន​សាខា ឬ​ប្រធាន​មណ្ឌល​ចាំបាច់​ត្រូវ​មាន​ការអនុម័ត​ពី​ប្រធាន​បេសកកម្ម ។

គោលការណ៍​ណែនាំ​ខាងក្រោម​នេះ​អនុវត្ត​បាន នៅពេល​ការប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព​មួយ​កំពុង​តែ​ធ្វើ​ឡើង​ដើម្បី​ពិចារណា​ពី​ការដក​ការដាក់​កំហិត​សមាជិកភាព​សាសនាចក្រ ឬ​អនុញ្ញាត​ឲ្យ​បុគ្គល​នេះ​ចូល​មក​កាន់​សាសនាចក្រ​វិញ ។ មិនមែន​គោលការណ៍​ណែនាំ​ទាំងអស់​នេះ​អាច​អនុវត្ត​បាន​នៅក្នុង​គ្រប់​ករណី​នោះ​ទេ ។

  1. ពិនិត្យមើល​ក្រុមប្រឹក្សា​សមាជិកភាព​ដើម ។ ប៊ីស្សព ឬ​ប្រធាន​ស្ដេក​ពិនិត្យ​មើល​បែបបទ​របាយការណ៍​នៃ​ក្រុមប្រឹក្សា​សមាជិកភាព​សាសនាចក្រ ។ គាត់​ស្នើសុំ​ច្បាប់​ចម្លង​មួយ​តាមរយៈ ធ.ថ.ស. ។ ក្រោយពី​ពិនិត្យមើល​បែបបទ​នេះ​ហើយ គាត់​អាច​ទាក់ទង​ទៅ​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​ដែល​មាន​វត្តមាន​នៅក្នុង​ក្រុមប្រឹក្សា​ដើម ដើម្បី​សូម​ការបញ្ជាក់ ។

  2. សម្ភាស​បុគ្គល​នេះ ។ ប៊ីស្សព ឬ​ប្រធាន​ស្ដេក​សម្ភាស​បុគ្គល​នេះ​យ៉ាង​ល្អិតល្អន់ ដើម្បី​ដឹង​ពី​ភាពរឹងមាំ​នៃ​សេចក្ដី​ជំនឿ​របស់​គាត់ ឬ​នាង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ទំហំ​នៃ​ការប្រែចិត្ត ។ គាត់​ក៏​សម្រេច​ថា តើ​បុគ្គល​នេះ​បាន​បំពេញ​តាម​លក្ខខណ្ឌ​ដូច​បាន​ចែង​នៅក្នុង​សកម្មភាព​ដើម​ដែរ​ឬ​អត់​ផងដែរ ។

  3. កំណត់​អំពី​ស្ថានភាព​នៃ​ឧក្រិដ្ឋកម្ម ឬ​ការចាត់​វិធានការណ៍​របស់​តុលាការ​ស៊ីវិល ។ ពេលខ្លះ បុគ្គល​ម្នាក់​បាន​សារភាព ឬ​ត្រូវបាន​ចោទ​ប្រកាន់​ពី​បទល្មើស​មួយ ។ ពេលខ្លះ បុគ្គល​ម្នាក់​ត្រូវបាន​គេ​រកឃើញ​ថា​មាន​ទោស នៅ​ក្នុង​ការចាត់​វិធានការណ៍​ស៊ីវិល​មួយ​ស្ដីពី​បទក្លែង​បន្លំ ឬ​ទង្វើ​ខុសច្បាប់​ផ្សេងទៀត ។ នៅក្នុង​ករណី​ទាំងនេះ ជាទូទៅ​ថ្នាក់ដឹកនាំ​មិន​ប្រជុំ​ក្រុមប្រឹក្សា​នោះទេ រហូតដល់​បុគ្គល​នេះ​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​ទាំងអស់​នៃ​ការកាត់ទោស ការបង្គាប់ ឬ​ការកាត់​សេចក្ដី​ដែល​បាន​ធ្វើឡើង​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​សិន ។ លក្ខខណ្ឌ​ទាំងនេះ​អាច​រួម​មាន​ការដាក់​ពន្ធនាគារ ការសាកល្បង ការដោះលែង​មុន​ពេល​កំណត់ និង​ការពិន័យ ឬ​ការសងសំណង​ជា​ដើម ។ ករណី​លើកលែង​ទាំងឡាយ​តម្រូវ​ឲ្យ​មាន​ការអនុម័ត​ពី​គណៈប្រធាន​ទីមួយ ពីមុន​ធ្វើការ​ប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព ។ ករណី​លើកលែង​ទាំងនេះ​អាច​រួមមាន នរណាម្នាក់​ដែល​បាន​បំពេញ​តាម​តម្រូវការ​ផ្លូវច្បាប់ ហើយ​បាន​បង្ហាញ​ការប្រែចិត្ត​ដ៏​ពិតប្រាកដ ប៉ុន្ដែ​ស្ថិត​នៅ​ក្នុង​ការសាកល្បង​អស់​មួយ​ជីវិត ឬ​មាន​ការដាក់​ពិន័យ​ជា​ទម្ងន់​មួយ ។

  4. ទាក់ទង​ទៅ​ថ្នាក់ដឹកនាំ​បព្វជិតភាព​របស់​ជនរងគ្រោះ ។ ប៊ីស្សព ឬ​ប្រធាន​ស្តេក​ទាក់ទង​ទៅ​ប៊ីស្សព ឬ​ប្រធាន​ស្តេក​បច្ចុប្បន្ន​របស់​ជនរងគ្រោះ​ណាម្នាក់ ( សូមមើល ៣២.១០.២ ) ។

  5. ផ្តល់​សេចក្តី​ជូនដំណឹង​អំពី​ក្រុមប្រឹក្សា ។ គាត់​ជូន​ដំណឹង​ដល់​បុគ្គល​នេះ​អំពី​កាលបរិច្ឆេទ ពេលវេលា និង​ទីកន្លែង​នៃ​ក្រុមប្រឹក្សា​នេះ ។

  6. ដឹកនាំ​ក្រុមប្រឹក្សា ។ គាត់​ដឹកនាំ​ក្រុមប្រឹក្សា​នេះ ដោយ​យោង​ទៅតាម​សេចក្តី​ណែនាំ​នៅក្នុង ៣២.១០.៣ ។ គាត់​សួរ​បុគ្គល​នោះ​ពី​អ្វី​ដែល​គាត់ ឬ​នាង​បាន​ធ្វើ​ដើម្បី​ប្រែចិត្ត ។ គាត់​ក៏​សួរ​អំពី​ការតាំងចិត្ត​របស់​គាត់ ឬ​នាង​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ និង​សាសនាចក្រ​ផងដែរ ។ នៅពេល​បញ្ហា​ដែល​ទាក់ទង​ទាំងអស់​ត្រូវ​បាន​ដាក់​បង្ហាញ​ហើយ នោះ​គាត់​អធ្យាស្រ័យ​ឲ្យ​សមាជិក​នេះ ។ គាត់​អធិស្ឋាន​ជាមួយ​នឹង​ទីប្រឹក្សា ដើម្បី​ពិចារណា​ថា​ត្រូវ​ចាត់​វិធានការណ៍​អ្វីខ្លះ ។ សេចក្ដី​សម្រេច​ចំនួន​បី​ដែល​អាច​កើត​មាន​គឺ ៖

    1. បន្ដ​ការដាក់​កំហិត ឬ​ការដកហូត​សមាជិកភាព​សាសនាចក្រ ។

    2. ដក​ការដាក់​កំហិត ឬ​ផ្ដល់​សិទ្ធិ​អនុញ្ញាត​ឲ្យ​ចូល​មកវិញ ។

    3. ផ្ដល់​អនុសាសន៍​ទៅ​គណៈប្រធាន​ទីមួយ​ឲ្យ​ដក​ការដាក់​កំហិត​ចេញ ឬ​ផ្ដល់​សិទ្ធិ​អនុញ្ញាត​ឲ្យ​ចូល​មកវិញ ( ប្រសិនបើ​ចាំបាច់​ស្របតាម « ដាក់ពាក្យ​ស្នើសុំ​ការអនុម័ត​ពី​គណៈប្រធាន​ទីមួយ » នៅ​ខាងក្រោម​នេះ ) ។

  7. ចែកចាយ​សេចក្ដី​សម្រេច ។ ក្រោយពី​ក្រុមប្រឹក្សា​ធ្វើការ​សម្រេច​ចិត្ត​ហើយ នោះ​អ្នកកាន់​តំណែង​ជា​អធិបតី​ចែកចាយ​លទ្ធផល​ជាមួយ​បុគ្គល​នេះ ។ ប្រសិនបើ​ចាំបាច់​ត្រូវមាន​ការអនុម័ត​ពី​គណៈប្រធាន​ទីមួយ នោះ​គាត់​ពន្យល់​ថា សេចក្ដី​សម្រេច​នេះ​គឺជា​ការផ្ដល់​អនុសាសន៍​ទៅកាន់​គណៈប្រធាន​ទីមួយ ។

  8. បញ្ជូន​របាយការណ៍ ។ ប៊ីស្សព ឬ​ប្រធាន​ស្ដេក​ដាក់ស្នើ​បែបបទ​របាយការណ៍​នៃ​ក្រុមប្រឹក្សា​សមាជិកភាព​សាសនាចក្រ​តាមរយៈ ធ.ថ.ស ។ គាត់​អាច​សូម​ឲ្យ​ស្មៀន​រៀបចំ​របាយការណ៍​នេះ ។ គាត់​ធានា​ថា ពុំ​មាន​ច្បាប់​ចម្លង​ណាមួយ​ទាំង​ជា​ក្រដាស ឬ​អេឡិចត្រូនិច​នៅ​មាន​ក្នុង​កុំព្យូទ័រ ឬ​ការិយាល័យ​នោះ​ទេ ។ គាត់​ក៏​ធានា​ផងដែរ​ថា កំណត់​ចំណាំ​ទាំងអស់​ដែល​បាន​ប្រើ​ដើម្បី​រៀបចំ​របាយការណ៍​នេះ​ត្រូវបាន​បំផ្លាញ​ចោល​ភ្លាមៗ ។

  9. ដាក់ពាក្យ​ស្នើសុំ​ការអនុម័ត​ពី​គណៈប្រធាន​ទីមួយ ( ប្រសិនបើ​ចាំបាច់ ) ។ នៅក្នុង​កាលៈទេសៈ​ខាងក្រោម​នេះ វា​តម្រូវ​ឲ្យ​មាន​ការអនុម័ត​ពី​គណៈប្រធាន​ទីមួយ​ដើម្បី​ដក​ការដាក់​កំហិត​សមាជិកភាព​ជាផ្លូវការ ឬ​ការអនុញ្ញាត​ឲ្យ​បុគ្គល​នេះ​ចូល​មក​កាន់​សាសនាចក្រ​វិញ ។ វា​តម្រូវ​ឲ្យ​មាន​ការអនុម័ត​នេះ ទោះជា​ការប្រព្រឹត្ត​បាន​កើតឡើង ក្រោយពី បាន​ដាក់​កំហិត ឬ​ដកហូត​សមាជិកភាព​សាសនាចក្រ​ជាផ្លូវការ​ក្ដី ។

    1. ឃាតកម្ម

    2. សាហាយស្មន់

    3. ការរំលោភ​បំពាន​លើ​ផ្លូវ​ភេទ​លើ​កុមារ ឬ​យុវវ័យ ការកេង​ប្រវ័ញ្ច​ខាងផ្លូវ​ភេទ​លើ​កុមារ ឬ​យុវវ័យ ឬ​ការរំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​រាងកាយ ឬ​សតិអារម្មណ៍​របស់​កុមារ ឬ​យុវវ័យ ដោយ​មនុស្ស​ពេញ​វ័យ ឬ​យុវវ័យ​ម្នាក់ ដែល​មាន​អាយុ​បី​បួន​ឆ្នាំ​ច្រើន​ជាង

    4. ការចូលរួម​នឹង​ការណ៍​អាសគ្រាម​លើ​កុមារ នៅពេល​មាន​ការផ្តន្ទាទោស​តាម​ច្បាប់​មួយ

    5. ការក្បត់​សាសនា

    6. អាពាហ៍​ពិពាហ៍​ពហុពន្ធភាព

    7. ការប្រព្រឹត្ត​អំពើបាប​ដ៏​ធ្ងន់ធ្ងរ​មួយ ខណៈ​ពេល​កាន់​តំណែង​លេចធ្លោ​នៅក្នុង​សាសនាចក្រ

    8. បុគ្គល​ប្តូរ​ភេទ—សកម្មភាព​ដើម្បី​ប្ដូរ​ទៅ​ភេទ​ដែល​ផ្ទុយ​ពី​ភេទ​កំណើត​របស់​បុគ្គល​ម្នាក់ ( សូមមើល ៣៨.៦.២៣ )

    9. ការលួច​បន្លំ​មូលនិធិ ឬ​ទ្រព្យសម្បត្តិ​សាសនាចក្រ

  10. ផ្តល់​សេចក្តី​ជូនដំណឹង​ជា​លាយលក្ខណ៍​អក្សរ​អំពី​សេចក្ដី​សម្រេច ។ ប៊ីស្សព ឬ​ប្រធាន​ស្តេក​ត្រូវ​ប្រាកដ​ថា បុគ្គល​រូប​នោះ​ទទួលបាន​សេចក្តី​ជូនដំណឹង​ជា​លាយលក្ខណ៍​អក្សរ​ភ្លាមៗ​អំពី​សេចក្តី​សម្រេច និង​សុពលភាព​របស់​វា ។

  11. ជ្រមុជ​ទឹក និង​បញ្ជាក់ ។ ប្រសិនបើ​សមាជិកភាព​សាសនាចក្រ​របស់​បុគ្គល​ម្នាក់​ត្រូវបាន​ដកហូត​នៅក្នុង​ក្រុមប្រឹក្សា​ដើម នោះ​គាត់ ឬ​នាង​ត្រូវតែ​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់​ម្ដងទៀត ។ ប្រសិនបើ​ចាំបាច់​ត្រូវ​មាន​ការអនុម័ត​ពី​គណៈប្រធាន​ទីមួយ ពិធីបរិសុទ្ធ​ទាំងនេះ​អាច​ធ្វើឡើង​បាន ក្រោយពី​ទទួល​បាន​ការអនុម័ត​នេះ​តែ​ប៉ុណ្ណោះ ។ មិន​ត្រូវ​បង្កើត​វិញ្ញាបនបត្រ​ពិធីបុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់​នោះ​ទេ ( សូមមើល ៣២.១៤.៤ ) ។

៣២.១៦.២

ការអនុញ្ញាត​ឲ្យ​ចូល​មកវិញ ក្រោយពី​ការលាលែង​សមាជិកភាព​សាសនាចក្រ

ប្រសិនបើ​បុគ្គល​ម្នាក់​បាន​លាលែង​សមាជិកភាព​សាសនាចក្រ​ជាផ្លូវការ នោះ​គាត់ ឬ​នាង​ត្រូវតែ​ទទួល​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់ ដើម្បី​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​មក​ក្នុង​សាសនាចក្រ​ឡើងវិញ ។ សម្រាប់​មជ្ឈិមវ័យ ជាធម្មតា​ការអនុញ្ញាត​ឲ្យ​ចូល​មក​វិញ​មិន​ត្រូវបាន​ពិចារណា​នោះ​ទេ លុះត្រាតែ​បាន​លាលែង​សមាជិកភាព​យ៉ាង​ហោចណាស់​មួយ​ឆ្នាំ​សិន ។

នៅពេល​មាន​បុគ្គល​ម្នាក់​ស្នើសុំ​ការអនុញ្ញាត​ឲ្យ​ចូល​មក​វិញ ប៊ីស្សព ឬ​ប្រធាន​ស្តេក​ទទួល​បាន​ច្បាប់​ចម្លង​មួយ​នៃ​បែបទ​របាយការណ៍​នៃ​សកម្មភាព​រដ្ឋបាល ដែល​អម​ជាមួយ​នឹង​សំណើ​សុំ​ការលាលែង​នោះ ។ គាត់​ស្នើសុំ​ច្បាប់ចម្លង​មួយ​តាមរយៈ ធ.ថ.ស ។

រួចហើយ​ប៊ីស្សព ឬ​ប្រធាន​ស្តេក​ត្រូវ​សម្ភាស​បុគ្គល​នេះ​ឲ្យ​បាន​ល្អិតល្អន់ ។ គាត់​សួរនាំ​អំពី​មូលហេតុ​នៃ​ការស្នើសុំ​លាលែង​ពី​ដើមដំបូង និង​គោលបំណង​ដើម្បី​សុំ​អនុញ្ញាត​ឲ្យ​ចូល​មក​វិញ ។ នៅក្នុង​ស្មារតី​នៃ​សេចក្ដី​ស្រឡាញ់ គាត់​សួរនាំ​អំពី​អំពើបាប​ធ្ងន់ធ្ងរ​នានា ដែល​បុគ្គល​នេះ​អាច​បាន​ប្រព្រឹត្ត​ទាំង​មុន ឬ​ក្រោយ​ពេល​លាលែង​សមាជិកភាព ។ ថ្នាក់ដឹកនាំ​មិន​បន្ដ​ដំណើរការ​អនុញ្ញាត​ឲ្យ​ចូល​មកវិញ​នោះទេ រហូត​ដល់​គាត់​ពេញចិត្ត​ថា បុគ្គល​នេះ​បាន​ប្រែចិត្ត ហើយ​ត្រៀម​ខ្លួន​ជាស្រេច និង​មាន​ភាពស័ក្ដិសម​ដើម្បី​រីករាយ​នឹង​ពរជ័យ​នៃ​សមាជិកភាព​ក្នុង​សាសនាចក្រ​ម្ដងទៀត ។

គោលការណ៍​ណែនាំ​សម្រាប់​ការអនុញ្ញាត​ឲ្យ​ចូល​មកវិញ ក្រោយពី​ការលាលែង​មាន​ដូច​តទៅ​នេះ ៖

  • ត្រូវ​មាន​ក្រុមប្រឹក្សា​សមាជិកភាព​មួយ ប្រសិនបើ​សមាជិកភាព​របស់​បុគ្គល​នេះ​ត្រូវបាន​ដាក់​កំហិត​ជាផ្លូវការ​នៅពេល​លាលែង ។

  • ត្រូវ​មាន​ក្រុមប្រឹក្សា​សមាជិកភាព​មួយ ប្រសិនបើ​សមាជិក​នេះ​បាន​ប្រព្រឹត្ត​អំពើបាប​ដ៏​ធ្ងន់ធ្ងរ​មួយ រួម​មាន​ការក្បត់​សាសនា​ពីមុន​លាលែង​សមាជិកភាព ។

នៅក្នុង​កាលៈទេសៈ​ផ្សេងទៀត មិន​ត្រូវ​ធ្វើការ​ប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព​នោះ​ទេ រហូតដល់​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​សម្រេច​ចិត្ត​ថា​វា​ចាំបាច់ ។

នៅពេល​ចាំបាច់​មាន​ក្រុមប្រឹក្សា​សមាជិកភាព​មួយ សម្រាប់​បុគ្គល​ម្នាក់​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ នោះ​ប្រធាន​ស្ដេក​ដឹកនាំ​ក្រុមប្រឹក្សា​នេះ ។ នៅពេល​ចាំបាច់​មាន​ក្រុមប្រឹក្សា​មួយ សម្រាប់​បុគ្គល​ម្នាក់​ដែល​មិន​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ នោះ​ប៊ីស្សព​ដឹកនាំ​ក្រុមប្រឹក្សា​នេះ ដោយ​មាន​ការអនុម័ត​មកពី​ប្រធាន​ស្ដេក ។

ប្រសិនបើ​បុគ្គល​នេះ​បាន​ប្រព្រឹត្ត​អំពើ​ណាមួយ​នៅក្នុង ៣២.១៦.១ លេខ ៩ មិន​ថា​មុន ឬ​ក្រោយ​ការលាលែង​សមាជិកភាព​សាសនាចក្រ​នោះ​ទេ គឺ​ត្រូវ​តែ​មាន​ការអនុម័ត​ពី​គណៈប្រធាន​ទីមួយ សម្រាប់​ការអនុញ្ញាត​ឲ្យ​ចូល​មក​វិញ ។ ប្រសិនបើ​បុគ្គល​នេះ​បាន​ប្រព្រឹត្ត​អំពើ​ណា​មួយ​នៅក្នុង ៣២.១៤.៥ លេខ ១ មិន​ថា​មុន ឬ​ក្រោយ​ការលាលែង​សមាជិកភាព​សាសនាចក្រ​នោះ​ទេ គឺ​ត្រូវ​មាន​សេចក្តី​ពន្យល់​នៅ​លើ​កំណត់ត្រា​សមាជិកភាព ។

បុគ្គល​ម្នាក់​ដែល​ស្នើសុំ​ការអនុញ្ញាត​ឲ្យ​ចូល​មក​វិញ ត្រូវ​តែ​បំពេញ​តាម​លក្ខខណ្ឌ​ដូចគ្នា​នឹង​អ្នកដទៃ ដែល​ត្រូវ​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ដែរ ។ នៅពេល​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​ពេញ​ចិត្ត​ថា បុគ្គល​នេះ​មាន​ភាពស័ក្តិសម និង​ស្មោះស្ម័គ្រ​នៅក្នុង​ការចង់​ចូល​មក​វិញ នោះ​បុគ្គល​នេះ​អាច​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់​បាន ។ មិន​ត្រូវ​បង្កើត​វិញ្ញាបនបត្រ​ពិធីបុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់​នោះ​ទេ ( សូមមើល ៣២.១៤.៤ ) ។

បុរស​ទទួល​ទាន​សាក្រាម៉ង់

៣២.១៧

សកម្មភាព​សាសនាចក្រ ការតែងតាំង និង​ការស្តារ​ឡើង​វិញ​នូវ​ពរជ័យ​ទាំងឡាយ ក្រោយពី​ការអនុញ្ញាត​ឲ្យ​ចូល​មកវិញ

៣២.១៧.១

សកម្មភាព​សាសនាចក្រ និង​ការតែងតាំង

តារាង​ខាងក្រោម​នេះ​បង្ហាញ​ពី​កម្រិត​ត្រឹមត្រូវ​នៃ​សកម្មភាព​ក្នុង​សាសនាចក្រ​សម្រាប់​បុគ្គល​ម្នាក់ ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​មក​វិញ​តាមរយៈ​ពិធីបុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់ ។

មិន​ធ្លាប់​ទទួល​បាន​អំណោយទាន​ពិសិដ្ឋ​ពីមុន​មក

ធ្លាប់​ទទួល​បាន​អំណោយទាន​ពិសិដ្ឋ​ពីមុន​មក

ជា​អ្នកកាន់​បព្វជិតភាព​ពីមុន

មិន​ធ្លាប់​ទទួល​បាន​អំណោយទាន​ពិសិដ្ឋ​ពីមុន​មក

  • បន្ទាប់ពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់​ភ្លាម ពួកគេ​អាច​ត្រូវបាន​ប្រគល់​ឲ្យ​នូវ​បព្វជិតភាព ហើយ​ត្រូវបាន​តែងតាំង​ទៅ​តំណែង​បព្វជិតភាព ដែល​ពួកគេ​បាន​កាន់ កាលពី​ពេល​សមាជិកភាព​សាសនាចក្រ​របស់​ពួកគេ​ត្រូវបាន​ដកហូត ឬ​លាលែង ។ វា​មិន​តម្រូវ​ឲ្យ​មាន​ការលើកដៃ​គាំទ្រ​នោះ​ទេ ។

  • អាច​ចេញ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​កំណត់​ការប្រើប្រាស់ ។

ធ្លាប់​ទទួល​បាន​អំណោយទាន​ពិសិដ្ឋ​ពីមុន​មក

  • មិន​អាច​តែងតាំង​ទៅក្នុង​តំណែង​បព្វជិតភាព​ណាមួយ​បាន​ទេ ។ នៅពេល​ពរជ័យ​បព្វជិតភាព និង​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ​ត្រូវបាន​ស្ដារឡើងវិញ នោះ​តំណែង​បព្វជិតភាព​ពីមុន​របស់​ពួកគេ​នឹង​ត្រូវបាន​ស្ដារឡើងវិញ​ដែរ ដូច​បាន​ចែង​នៅក្នុង ៣២.១៧.២ ។ ពួកគេ​មិន​អាច​ធ្វើ​ពិធីបរិសុទ្ធ​បាន​ទេ រហូតដល់​ពេល​នោះ ។

  • អាច​ចូលរួម​នៅក្នុង​សកម្មភាព​សាសនាចក្រ​ណា​មួយ​ក៏​បាន ដែល​អនុញ្ញាត​ឲ្យ​សមាជិក​ដែល​មិន​ទាន់​ទទួល​អំណោយទាន​ពិសិដ្ឋ ដែល​មិន​កាន់​បព្វជិតភាព​ចូលរួម​បាន ។

  • មិន​អាច​ពាក់​សម្លៀក​បំពាក់​ព្រះវិហារ​បរិសុទ្ធ ឬ​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ប្រភេទ​ណាមួយ​បាន​ទេ រហូត​ដល់​ពរជ័យ​ទាំងឡាយ​របស់​ពួកគេ​ត្រូវ​បាន​ស្តារ​ឡើង​វិញ​សិន ។

សមាជិក​ផ្សេងទៀត

មិន​ធ្លាប់​ទទួល​បាន​អំណោយទាន​ពិសិដ្ឋ​ពីមុន​មក

  • អាច​ចូលរួម​ក្នុង​សកម្មភាព​សាសនាចក្រ​ដូចជា​អ្នកប្រែចិត្ត​ជឿ​ថ្មី​ដែរ ។

  • អាច​ចេញ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​កំណត់​ការប្រើប្រាស់ ។

ធ្លាប់​ទទួល​បាន​អំណោយទាន​ពិសិដ្ឋ​ពីមុន​មក

  • អាច​ចូលរួម​នៅក្នុង​សកម្មភាព​សាសនាចក្រ​ណា​មួយ​ក៏​បាន ដែល​អនុញ្ញាត​ឲ្យ​សមាជិក​ដែល​មិន​ទាន់​ទទួល​អំណោយទាន​ពិសិដ្ឋ ដែល​មិន​កាន់​បព្វជិតភាព​ចូលរួម​បាន ។

  • មិន​អាច​ពាក់​សម្លៀក​បំពាក់​ព្រះវិហារ​បរិសុទ្ធ ឬ​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ប្រភេទ​ណាមួយ​បាន​ទេ រហូត​ដល់​ពរជ័យ​ទាំងឡាយ​របស់​ពួកគេ​ត្រូវ​បាន​ស្តារ​ឡើង​វិញ​សិន ( សូមមើល ៣២.១៧.២ ) ។

៣២.១៧.២

ការស្តារ​ឡើង​វិញ​នូវ​ពរជ័យ​ទាំងឡាយ

បុគ្គល​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​ព្រះវិហារ​បរិសុទ្ធ​ពីមុន​រួច​ហើយ ហើយ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​មក​វិញ​តាមរយៈ​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់ អាច​ទទួល​ពរជ័យ​ទាំងឡាយ​នៃ​បព្វជិតភាព និង​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ តែ​តាមរយៈ​ពិធីបរិសុទ្ធ​នៃ​ការស្តារ​ឡើង​វិញ​នូវ​ពរជ័យ​ទាំង​ឡាយ​ប៉ុណ្ណោះ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:២១ ) ។ ពួកគេ​ពុំ​ត្រូវបាន​តែងតាំង​ទៅក្នុង​តំណែង​បព្វជិតភាព ឬ​ទទួល​បាន​អំណោយទាន​ពិសិដ្ឋ​ម្ដងទៀត​នោះ​ទេ ។ ពរជ័យ​ទាំងនេះ​អាច​ស្ដារឡើងវិញ​បាន​តាមរយៈ​ពិធីបរិសុទ្ធ​នេះ ។ តំណែង​បព្វជិតភាព​ពីមុន​របស់​បងប្អូន​ប្រុស​ត្រូវ​បាន​ស្តារ​ឡើង​វិញ លើក​លែងតែ​តំណែង​នៃ​ពួក​ចិត​សិបនាក់ ប៊ីស្សព ឬ​លោក​អយ្យកោ​ប៉ុណ្ណោះ ។

មាន​តែ​គណៈ​ប្រធាន​ទី​មួយ​ទេ ដែល​អាច​អនុម័ត​ឲ្យ​ធ្វើ​ពិធីបរិសុទ្ធ​នៃ​ការស្តារ​ឡើង​វិញ​នូវ​ពរជ័យ​ទាំងឡាយ​បាន ។ ពួកគាត់​នឹង​មិន​ពិចារណា​លើ​ពាក្យស្នើសុំ​សម្រាប់​ពិធីបរិសុទ្ធ​នេះ លឿន​ជាង​រយៈពេល​មួយ​ឆ្នាំ បន្ទាប់ពី​បុគ្គល​នោះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​មក​វិញ តាមរយៈ​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់​ឡើយ ។ ប៊ីស្សព ឬ​ប្រធាន​ស្ដេក​ដាក់​ពាក្យ​សុំ​ការស្ដារ​ឡើងវិញ​នៃ​ពរជ័យ​ទាំងឡាយ​តាមរយៈ ធ.ថ.ស ។

ប្រសិនបើ​គណៈប្រធាន​ទីមួយ​អនុម័ត​ឲ្យ​មាន​ការស្តារ​ឡើង​វិញ​នូវ​ពរជ័យ​ទាំងឡាយ នោះ​ពួកគាត់​ចាត់​ឲ្យ​ពួកអ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ឬ​ប្រធាន​ស្តេក​សម្ភាស​បុគ្គល​នេះ ។ ប្រសិនបើ​បុគ្គល​នេះ​មាន​ភាពស័ក្តិសម នោះថ្នាក់ដឹកនាំ​នេះ​នឹង​ធ្វើ​ពិធីបរិសុទ្ធ​ដើម្បី​ស្តារឡើង​វិញ​នូវ​ពរជ័យ​ទាំងឡាយ​របស់​បុគ្គល​នេះ ។

សម្រាប់​ព័ត៌មាន​អំពី​កំណត់ត្រា​សមាជិកភាព និង​ការស្តារ​ឡើងវិញ​នូវ​ពរជ័យ​ទាំងឡាយ សូមមើល​លេខ ៣២.១៤.៤ ៕