« ៥. ថ្នាក់ដឹកនាំទូទៅ និងថ្នាក់ដឹកនាំប្រចាំតំបន់ » ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( ឆ្នាំ ២០២១ ) ។
« ៥. ថ្នាក់ដឹកនាំទូទៅ និងថ្នាក់ដឹកនាំប្រចាំតំបន់ » ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
៥.
ថ្នាក់ដឹកនាំទូទៅ និងថ្នាក់ដឹកនាំប្រចាំតំបន់
៥.០
សេចក្តីផ្ដើម
ព្រះយេស៊ូវគ្រីស្ទគឺជា « ថ្មជ្រុងយ៉ាងឯក » នៃសាសនាចក្ររបស់ទ្រង់ ( អេភេសូរ ២:២០ ) ។ ទ្រង់កាន់កូនសោបព្វជិតភាពទាំងអស់ ។ ទ្រង់ហៅពួកសាវក និងពួកព្យាការីឲ្យជួយទ្រង់នៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ។ ទ្រង់ប្រគល់ឲ្យអ្នកបម្រើដ៏ជម្រើសទាំងនេះនូវរាល់កូនសោ ដែលមាននៅពេលបច្ចុប្បន្នសម្រាប់នគរព្រះនៅលើផែនដីនេះ ។ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ២៧:១២–១៣; សូមមើលផងដែរ ៣.៤.១ នៅក្នុងក្បួនខ្នាតនេះ ) ។
តាមរយៈព្យាការី និងពួកសាវក ព្រះអម្ចាស់ហៅបុរសទាំងឡាយឲ្យកាន់តំណែងពួកចិតសិបនាក់ ដើម្បីជួយដល់កិច្ចការរបស់ទ្រង់នៅទូទាំងពិភពលោកនេះ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៣៨ ) ។ លើសពីនេះ គណៈប៊ីស្សពជាអធិបតី អ្នកកាន់តំណែងទូទៅ ព្រមទាំងថ្នាក់ដឹកនាំជាបុរស និងស្ដ្រីដទៃទៀតក៏មានការទទួលខុសត្រូវដ៏សំខាន់ ដើម្បីជួយនៅក្នុងកិច្ចការនេះផងដែរ ។
ជំពូកនេះពិពណ៌នាអំពីតួនាទីរបស់ថ្នាក់ដឹកនាំទូទៅ និងថ្នាក់ដឹកនាំប្រចាំតំបន់នៅក្នុងសាសនាចក្រ ។
៥.១
ថ្នាក់ដឹកនាំសាសនាចក្រទូទៅ
ថ្នាក់ដឹកនាំទូទៅរបស់សាសនាចក្ររួមមានពួកអ្នកមានសិទ្ធិអំណាចទូទៅ និងអ្នកកាន់តំណែងទូទៅទាំងអស់ ។ ពាក្យ ទូទៅ បង្ហាញថា សិទ្ធិអំណាច និងការទទួលខុសត្រូវដែលពាក់ព័ន្ធទៅនឹងការហៅទាំងឡាយ គឺមិនមានកម្រិតតាមព្រំដែនភូមិសាស្ដ្រទេ ។ អស់អ្នកដែលមានការហៅទាំងនេះដឹកនាំ បង្រៀន និងផ្ដល់ការងារបម្រើដល់សមាជិកសាសនាចក្រនៅទូទាំងពិភពលោក ។
វគ្គនេះសង្ខេបពីតួនាទីរបស់ពួកអ្នកមានសិទ្ធិអំណាចទូទៅ អ្នកកាន់តំណែងទូទៅ ព្រមទាំងក្រុមប្រឹក្សា និងគណៈកម្មាការទាំងឡាយដែលពួកគាត់បម្រើ ។
៥.១.១
ពួកអ្នកមានសិទ្ធិអំណាចទូទៅ
៥.១.១.១
គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់
ប្រធានសាសនាចក្រ ។ តាំងពីជំនាន់បុរាណមក ព្រះអម្ចាស់បានដឹកនាំប្រជាជនរបស់ទ្រង់តាមរយៈព្យាការី ( សូមមើល អេម៉ុស ៣:៧; អេភេសូរ ៤:១១–១៣ ) ។ ប្រធានសាសនាចក្រគឺជាព្យាការី អ្នកមើលឆុត និង អ្នកទទួលវិវរណៈ ។ លោកក៏ជាសាវករៀមច្បងផងដែរ ។ នៅក្រោមការដឹកនាំពីព្រះអម្ចាស់ នោះលោកធ្វើជាអធិបតីលើសាសនាចក្រ ហើយគឺជាបុគ្គលតែម្នាក់គត់នៅលើផែនដីដែលមានសិទ្ធិអំណាចឲ្យដើម្បីអនុវត្តរាល់កូនសោបព្វជិតភាពទាំងអស់ ( សូមមើល ម៉ាថាយ ១៦:១៦–១៩; សូមមើលផងដែរ ៣.៤.១.១ នៅក្នុងក្បួនខ្នាតនេះ ) ។ លោកមានសិទ្ធិអំណាចដើម្បីទទួលវិវរណៈ និងប្រកាសពីព្រះទ័យរបស់ព្រះសម្រាប់សាសនាចក្រទាំងមូល ។ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៤៣:២–៣; ១០៧:៩១–៩២; ១២៨:១១ ) ។
គណៈប្រធានទីមួយ ។ តាមរយៈប្រធានសាសនាចក្រ ព្រះអម្ចាស់ហៅទីប្រឹក្សាឲ្យជួយនៅក្នុងកិច្ចការនេះ ។ ប្រធាន និងទីប្រឹក្សារបស់លោកគឺជា « ពួកសង្ឃជាន់ខ្ពស់ត្រួតត្រាបីនាក់ … [ ដែល ] ធ្វើជាកូរ៉ុមនៃគណៈប្រធាននៃសាសនាចក្រ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:២២ ) ។ កូរ៉ុមនេះត្រូវបានហៅថាជាគណៈប្រធានទីមួយ ។ សមាជិកនៃគណៈប្រធានទីមួយគឺជាពួកសាវក ហើយគឺជា « ពួកសាក្សីពិសេស » អំពីព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:២៣ ) ។ គណៈប្រធានទីមួយធ្វើជាអធិបតី និងដឹកនាំកិច្ចការទូទៅទាំងអស់នៅក្នុងសាសនាចក្រ ។
ពេត្រុស យ៉ាកុប និង យ៉ូហាន បានបំពេញតួនាទីនេះនៅក្នុងសាសនាចក្រពីបុរាណ ។ ពួកលោកបាននៅជាមួយនឹងព្រះអង្គសង្គ្រោះនៅក្នុងឱកាសដ៏ពិសិដ្ឋជាច្រើន ហើយបានទទួលកូនសោទាំងឡាយនៃនគរ ។ ( សូមមើល ម៉ាថាយ ១៦:១៨–១៩; ១៧:១–៥; ម៉ាកុស ១៤:៣២–៤២; គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១២–១៣; ៨១:១–២ ) ។
នៅពេលប្រធានសាសនាចក្រទទួលមរណភាព គណៈប្រធានទីមួយត្រូវបានរំលាយ ។ ទីប្រឹក្សាត្រឡប់ទៅកាន់តំណែងរបស់ពួកលោកវិញក្នុងនាមជារៀមច្បងនៅក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ នៅក្រោមការដឹកនាំរបស់សាវករៀមច្បង នោះកូរ៉ុមនៃពួកសាវកដប់ពីរនាក់ដឹកនាំសាសនាចក្រ ។ ក្នុងនាមជាកូរ៉ុម នោះពួកលោកពិចារណាពីពេលវេលាដែលត្រូវរៀបចំគណៈប្រធានទីមួយឡើងវិញ ។ ក្រោយពីការសម្រេចចិត្តជាឯកច្ឆន្ទ សាវករៀមច្បងត្រូវបានតែងតាំងជាប្រធានសាសនាចក្រថ្មី ហើយហៅទីប្រឹក្សារបស់លោក ។
កូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ កាលពីបុរាណ ព្រះយេស៊ូវគ្រីស្ទបានហៅពួកសាវកដប់ពីរនាក់ឲ្យជួយដឹកនាំសាសនាចក្ររបស់ទ្រង់ ( សូមមើល លូកា ៦:១២–១៣; អេភេសូរ ៤:១១–១៣; នីហ្វៃទី១ ១៣:៤០ ) ។ នៅជំនាន់របស់យើង ព្រះអម្ចាស់ហៅបុរសទាំងឡាយតាមរយៈប្រធានសាសនាចក្រ ឲ្យតែងតាំងជាពួកសាវក និងបម្រើនៅក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:២៦–២៨ ) ។ កូរ៉ុមនេះធ្វើកិច្ចការនៅក្រោមការដឹកនាំរបស់គណៈប្រធានទីមួយដើម្បីស្ថាបនា និងគ្រប់គ្រងសាសនាចក្រនៅគ្រប់អស់ទាំងប្រជាជាតិ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៣៣ ) ។ សមាជិកនៃពួកដប់ពីរនាក់ប្រកាសដំណឹងល្អនៅទូទាំងពិភពលោក ( សូមមើល ម៉ាថាយ ២៨:១៩–២០; គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៣៥ ) ។
សាវកម្នាក់ៗកាន់កូនសោទាំងអស់នៃនគរ ហើយអនុវត្តសិទ្ធិលើកូនសោទាំងនោះនៅក្រោមការដឹកនាំរបស់ប្រធានសាសនាចក្រ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១១២:៣០–៣២ ) ។ ពួកសាវកដប់ពីរនាក់គឺជា « ពួកសាក្សីពិសេស » អំពីព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:២៣; សូមមើលផងដែរ ២៧:១២ ) ។ ពួកលោកធ្វើជាសាក្សីដល់ពិភពលោកទាំងមូលអំពីទេវភាពរបស់ទ្រង់ និងភាពពិតនៃការរស់ឡើងវិញរបស់ទ្រង់ ( សូមមើល កិច្ចការ ១:៨, ២២; ៤:៣៣; គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:២២–២៤ ) ។
ពួកសាវកបម្រើនៅក្នុងសាសនាចក្រពេញម៉ោងអស់មួយជីវិតរបស់ពួកលោក ( សូមមើល ម៉ាថាយ ៤:១៨–២២ ) ។
ក្រុមប្រឹក្សានៃគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សមាជិកទាំងអស់នៃគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់គឺជាព្យាការី អ្នកមើលឆុត និងជាអ្នកទទួលវិវរណៈ ។ ពួកលោកបង្កើតក្រុមប្រឹក្សានៃគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ជាមួយគ្នា ។ នៅក្រោមការដឹកនាំរបស់ព្រះអម្ចាស់ និងតាមរយៈសំឡេងជាឯកច្ឆន្ទ នោះក្រុមប្រឹក្សានេះមានសិទ្ធិអំណាចដើម្បីប្រកាស និងបកស្រាយគោលលទ្ធិ និងបង្កើតគោលនយោបាយសម្រាប់សាសនាចក្រ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១:៣៨; ១០៧:២៧–៣១ ) ។
៥.១.១.២
ពួកចិតសិបនាក់
តំណែងពួកចិតសិបនាក់នៅក្នុងបព្វជិតភាពម៉ិលគីស្សាដែកមានសេចក្ដីយោងនៅក្នុងព្រះគម្ពីរសញ្ញាចាស់ផង និងព្រះគម្ពីរសញ្ញាថ្មីផង ( សូមមើល និក្ខមនំ ២៤:១, ៩–១០; ជនគណនា ១១:១៦–១៧, ២៤–២៥; លូកា ១០:១, ១៧ ) ។ សព្វថ្ងៃនេះ យើងមានពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ និងពួកចិតសិបនាក់ប្រចាំតំបន់ ( សូមមើល ៥.២.២ ) ។ ពួកលោកធ្វើកិច្ចការនៅក្រោមកូនសោ និងការដឹកនាំរបស់កូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ពួកលោកជួយដល់ពួកដប់ពីរនាក់នៅក្នុងការស្ថាបនា និងការគ្រប់គ្រងសាសនាចក្រនៅគ្រប់អស់ទាំងប្រជាជាតិ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៣៤–៣៥, ៣៨ ) ។
គណៈប្រធាននៃពួកចិតសិបនាក់ ។ សមាជិកប្រាំពីររូបនៃពួកចិតសិបនាក់ត្រូវបានហៅជាប្រធាន ដើម្បីធ្វើជាអធិបតីលើសមាជិកទាំងអស់នៃពួកចិតសិបនាក់ ។ ប្រធានម្នាក់ក្នុងចំណោមប្រធានទាំងប្រាំពីរនាក់ត្រូវបានជ្រើសរើសឲ្យធ្វើជាអធិបតីលើប្រធានប្រាំមួយនាក់ទៀត ។ ពួកលោករួមគ្នាបង្កើតបានជាគណៈប្រធាននៃពួកចិតសិបនាក់ ។ ( សូមមើល កិច្ចការ ៦:២–៦; គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៩៣–៩៤; ១២៤:១៣៨ ) ។
ពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ ។ ពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅត្រូវបានហៅដោយគណៈប្រធានទីមួយ ដើម្បីធ្វើជាសាក្សីពិសេសដែលថ្លែងទីបន្ទាល់អំពីព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ និងបង្រៀនដំណឹងល្អនៅក្នុងពិភពលោកទាំងមូល ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:២៥; ១២៤:១៣៩ ) ។
ពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅបម្រើនៅក្នុងសាសនាចក្រពេញម៉ោង ។ ជាទូទៅ ពួកលោកត្រូវបានដោះលែងនៅឆ្នាំដែលពួកលោកឈានចូលវ័យ ៧០ ឆ្នាំ ហើយទទួលបានងារកិត្តិយស ។ ទោះបីជាពួកលោករក្សាតំណែងជាពួកចិតសិបនាក់ក្ដី ក៏ពួកលោកលែងធ្វើជាអធិបតីនៅក្នុងការប្រជុំទៀតដែរ ។
កូរ៉ុមនៃពួកចិតសិបនាក់ ។ សមាជិកនៃពួកចិតសិបនាក់ រួមទាំងពួកចិតសិបនាក់ប្រចាំតំបន់ផងដែរ ត្រូវបានរៀបចំទៅជាកូរ៉ុម ។ គណៈប្រធាននៃពួកចិតសិបនាក់ធ្វើជាអធិបតីលើកូរ៉ុមទាំងនេះ ។ ចំនួននៃសមាជិកនៃពួកចិតសិបនាក់ និងកូរ៉ុមនៃពួកចិតសិបនាក់អាចកើនឡើងតាមការរីកចម្រើនរបស់សាសនាចក្រ ។ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៩៥–៩៦; ១២៤:១៣៨–៣៩ ) ។
៥.១.១.៣
គណៈប៊ីស្សពជាអធិបតី
គណៈប៊ីស្សពជាអធិបតីមាននូវប៊ីស្សពជាអធិបតី និងទីប្រឹក្សារបស់លោកពីររូប ។ សមាជិកម្នាក់ៗក្នុងគណៈប៊ីស្សពជាអធិបតីគឺជាអ្នកមានសិទ្ធិអំណាចទូទៅ និងកាន់តំណែងប៊ីស្សព ។ ពួកលោកត្រូវបានហៅដោយគណៈប្រធានទីមួយ ហើយធ្វើការនៅក្រោមការដឹកនាំរបស់គណៈប្រធានទីមួយ ។
គណៈប៊ីស្សពជាអធិបតីគ្រប់គ្រងកិច្ចការអាណាចក្រ ដូចជាខាងសុខុមាលភាព ហិរញ្ញវត្ថុ អគារសាសនាចក្រ និងកិច្ចខិតខំសប្បុរសធម៌សម្រាប់សាសនាចក្រទាំងមូល ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៦៨ ) ។ ពួកលោកក៏បង្រៀនដំណឹងល្អ និងស្ថាបនានគរនៃព្រះនៅទូទាំងពិភពលោកផងដែរ ។
៥.១.២
ពួកអ្នកកាន់តំណែងទូទៅ
គណៈប្រធានទីមួយហៅស្ដ្រី និងបុរសទាំងឡាយឲ្យធ្វើជាគណៈប្រធានទូទៅ នៅក្នុងអង្គការសាសនាចក្រដូចតទៅនេះ ៖
-
សមាគមសង្គ្រោះ
-
ក្រុមយុវជន
-
ក្រុមយុវនារី
-
អង្គការបឋមសិក្សា
-
សាលាថ្ងៃអាទិត្យ
អ្នកកាន់តំណែងទូទៅទាំងនេះបម្រើនៅក្រោមការដឹកនាំរបស់គណៈប្រធានទីមួយ កូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅដែលបានចាត់តាំង ។ ជាទូទៅ ពួកលោកបម្រើរយៈពេលប្រាំឆ្នាំ ។
អ្នកកាន់តំណែងទូទៅអាចមានការទទួលខុសត្រូវដូចខាងក្រោមនេះ ៖
-
បង្រៀន និងថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។
-
បម្រើជាសមាជិកក្នុងក្រុមប្រឹក្សា និងគណៈកម្មការសាសនាចក្រទូទៅតាមការចាត់តាំង ( សូមមើល ៥.១.៣ ) ។
-
បំពេញតាមការចាត់តាំងនៅទូទាំងពិភពលោកដើម្បីផ្ដល់ការងារបម្រើដល់សមាជិក ។
-
ផ្ដល់ការណែនាំសម្រាប់កម្មវិធីសិក្សា កម្មវិធីទូទៅ និងធនធានសម្រាប់អង្គការរបស់ពួកគាត់ ។
-
ផ្ដល់ការណែនាំដល់ក្រុមប្រឹក្សាអង្គការទូទៅរបស់ពួកគាត់ ( សូមមើលកថាខណ្ឌបន្ទាប់ ) ។
-
ណែនាំ និងគាំទ្រដល់អ្នកប្រឹក្សាយោបល់អង្គការប្រចាំតំបន់ ដែលបម្រើនៅក្រោមការដឹកនាំរបស់គណៈប្រធានតំបន់ ( សូមមើល ៥.២.៥.១ ) ។
អង្គការទូទៅនីមួយៗនៃសាសនាចក្រអាចមានក្រុមប្រឹក្សាមួយដើម្បីជួយដល់គណៈប្រធាន ។ សមាជិកនៃក្រុមប្រឹក្សាទាំងនេះត្រូវបានហៅដោយពួកអ្នកមានសិទ្ធិអំណាចទូទៅ ។ នៅក្នុងសហរដ្ឋអាមេរិក និងប្រទេសកាណាដា សមាជិកក្រុមប្រឹក្សាទាំងនេះអាចជួយតម្រង់ទិសដល់គណៈប្រធានអង្គការស្ដេកថ្មីៗបាន ( សូមមើល ៦.២.១.៦ ) ។ នៅក្រៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា អ្នកប្រឹក្សាយោបល់អង្គការប្រចាំតំបន់អាចជួយផ្ដល់ការតម្រង់ទិសនេះបាន ( សូមមើល ៥.២.៥.១ ) ។
៥.១.៣
ក្រុមប្រឹក្សា និងគណៈកម្មការសាសនាចក្រទូទៅ
ក្រុមប្រឹក្សា និងគណៈកម្មការសាសនាចក្រទូទៅណែនាំពីភាពជាអ្នកដឹកនាំ និងផ្ដល់ការដឹកនាំសម្រាប់ផ្នែកពិសេសផ្សេងៗនៃកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ។ ឧទាហរណ៍នៃក្រុមប្រឹក្សា និងគណៈកម្មការទាំងនេះរួមមានដូចខាងក្រោម ៖
-
ក្រុមប្រឹក្សាប្រតិបត្តិបព្វជិតភាព និងក្រុមគ្រួសារ
-
ក្រុមប្រឹក្សាប្រតិបត្តិសុខុមាលភាព និងភាពខ្លួនទីពឹងខ្លួន
-
ក្រុមប្រឹក្សាប្រតិបត្តិអ្នកផ្សព្វផ្សាយសាសនា
-
ក្រុមប្រឹក្សាប្រតិបត្តិកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ
សមាជិកនៃក្រុមប្រឹក្សា និងគណៈកម្មការទាំងនេះត្រូវបានចាត់តាំងដោយគណៈប្រធានទីមួយ ។ ពួកគាត់អាចរួមមាន ៖
-
សមាជិកក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។
-
ពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ ។
-
សមាជិកនៃគណៈប៊ីស្សពជាអធិបតី ។
-
សមាជិកនៃគណៈប្រធានសមាគមសង្គ្រោះ ក្រុមយុវនារី ឬអង្គការបឋមសិក្សាទូទៅ ។
៥.២
ថ្នាក់ដឹកនាំប្រចាំតំបន់
សាសនាចក្រត្រូវបានរៀបចំទៅជាតំបន់ភូមិសាស្ដ្រដែលគ្របដណ្ដប់ពិភពលោកទាំងមូល ។ វគ្គនេះសង្ខេបពីថ្នាក់ដឹកនាំនៃសាសនាចក្រនៅក្នុងតំបន់ទាំងនេះ ។
៥.២.១
គណៈប្រធានតំបន់
នៅក្នុងតំបន់នីមួយៗ ពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅម្នាក់ត្រូវបានចាត់តាំងដោយគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ឲ្យបម្រើជាប្រធានតំបន់ ។ ទីប្រឹក្សាពីររូប ដែលជាអ្នកមានសិទ្ធិអំណាចទូទៅ ឬជាពួកចិតសិបនាក់ប្រចាំតំបន់ ត្រូវបានចាត់តាំងឲ្យជួយដល់ប្រធាន ។
គណៈប្រធានតំបន់ធ្វើជាអធិបតី និងប្រឹក្សាដល់ប្រធានស្ដេក និងប្រធានបេសកកម្មនៅក្នុងតំបន់នោះ ។ ពួកលោកក៏គាំទ្រដល់ប្រធានព្រះវិហារបរិសុទ្ធ និងភរិយារបស់លោកផងដែរ ។ ដោយធ្វើការប្រឹក្សាជាមួយនឹងសមាជិកនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងគណៈប្រធាននៃពួកចិតសិបនាក់ដែលពួកលោកត្រូវរាយការណ៍ទៅ នោះពួកលោកសម្រេចពីរបៀបដើម្បីអនុវត្តគោលនយោបាយទូទៅរបស់សាសនាចក្រ និងការដឹកនាំទូទៅដើម្បីបំពេញតាមតម្រូវការនៅក្នុងតំបន់របស់ពួកលោក ។
សមាជិកនៃគណៈប្រធានតំបន់ធ្វើដំណើរនៅក្នុងតំបន់ដែលបានចាត់តាំងដើម្បីផ្ដល់ការងារបម្រើ បង្រៀន និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ អ្នកផ្សព្វផ្សាយសាសនា និងសមាជិកសាសនាចក្រនៅក្នុងមូលដ្ឋាន ។ ពួកលោកត្រូវបានចាត់តាំងដោយកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដើម្បីធ្វើជាអធិបតីលើសន្និសីទស្ដេក និងការប្រជុំផ្សេងៗទៀត ។
៥.២.២
ពួកចិតសិបនាក់ប្រចាំតំបន់
ពួកចិតសិបនាក់ប្រចាំតំបន់ត្រូវបានហៅដោយគណៈប្រធានទីមួយ ដើម្បីធ្វើជាសាក្សីពិសេសដែលថ្លែងទីបន្ទាល់អំពីព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ និងបង្រៀនដំណឹងល្អនៅក្នុងតំបន់ដែលបានចាត់តាំងរបស់ពួកលោក ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:២៥; ១២៤:១៣៩ ) ។ ដោយធ្វើការនៅក្រោមការដឹកនាំរបស់គណៈប្រធានតំបន់ នោះពួកលោកជួយពួកដប់ពីរនាក់ក្នុងការស្ថាបនា និងការគ្រប់គ្រងសាសនាចក្រនៅក្នុងតំបន់របស់ពួកលោក ។
ពួកចិតសិបនាក់ប្រចាំតំបន់មិនត្រូវបានហៅឲ្យធ្វើការបម្រើពេញម៉ោងនោះទេ ។ ជាទូទៅ ពួកលោកបម្រើរយៈពេលប្រាំឆ្នាំ ។ ជាធម្មតា ពួកលោកត្រូវបានចាត់តាំងឲ្យបម្រើនៅក្នុងតំបន់ភូមិសាស្ដ្រដែលពួកលោករស់នៅ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៣៨, ៩៨ ) ។ ពួកចិតសិបនាក់ប្រចាំតំបន់ត្រូវបានគាំទ្រនៅក្នុងសន្និសីទទូទៅ ។
ពួកចិតសិបនាក់ប្រចាំតំបន់ម្នាក់ៗគឺជាសមាជិកនៃកូរ៉ុមមួយនៃពួកចិតសិបនាក់ ។ កូរ៉ុមទាំងនេះត្រូវបានរៀបចំតាមភូមិសាស្ដ្រ ។ ក្នុងនាមជាសមាជិកនៃកូរ៉ុមទាំងនេះ នោះពួកចិតសិបនាក់ប្រចាំតំបន់គឺនៅក្រោមអធិបតីនៃគណៈប្រធាននៃពួកចិតសិបនាក់ ។
ពួកចិតសិបនាក់ប្រចាំតំបន់ធ្វើការ និងប្រឹក្សារួមគ្នាជាមួយនឹងថ្នាក់ដឹកនាំសាសនាចក្រក្នុងមូលដ្ឋាន ដើម្បីជួយពួកគាត់ឲ្យបំពេញតាមការទទួលខុសត្រូវរបស់ពួកគាត់ ។ ពួកចិតសិបនាក់ប្រចាំតំបន់អាចត្រូវបានចាត់តាំងឲ្យ ៖
-
បម្រើនៅក្នុងក្រុមប្រឹក្សាតំបន់ ( សូមមើល ៥.២.៣ ) ។
-
ធ្វើជាអធិបតីនៅក្នុងក្រុមប្រឹក្សាសម្របសម្រួល ( សូមមើល ៥.២.៤ ) ។
-
ធ្វើជាអធិបតីលើសន្និសីទស្ដេក និងធ្វើការណែនាំដល់ថ្នាក់ដឹកនាំសេ្ដក ។
-
បង្កើត ឬរៀបចំស្ដេកឡើងវិញ ញែកចេញគណៈប្រធានស្ដេកថ្មី និងប្រគល់កូនសោដល់ប្រធានស្ដេក ។
-
សម្របសម្រួលការទទួលខុសត្រូវនៅទូទាំងតំបន់ រួមមានសកម្មភាពនានា ( សូមមើល ២០.៣.៣ ) JustServe.org ( នៅកន្លែងណាដែលមាន ) ការស្រាកស្រាន្ដពីគ្រោះធម្មជាតិ ឬការចាត់តាំងផ្សេងទៀត ។
-
ដើរមើលបេសកកម្ម និងណែនាំដល់ថ្នាក់ដឹកនាំបេសកកម្ម ព្រមទាំងអ្នកផ្សព្វផ្សាយសាសនាផងដែរ ។
-
បម្រើជាទីប្រឹក្សាម្នាក់នៅក្នុងគណៈប្រធានតំបន់ ។
ពួកចិតសិបនាក់ប្រចាំតំបន់ធ្វើជាអធិបតីនៅគ្រប់ការប្រជុំសាសនាចក្រទាំងអស់ ដែលពួកលោកចូលរួមនៅក្នុងតំបន់របស់ពួកលោក លើកលែងតែមានវត្តមានពីអ្នកមានសិទ្ធិអំណាចទូទៅម្នាក់ ។ ប៉ុន្ដែពួកលោកមិនធ្វើជាអធិបតីលើកិច្ចការប្រចាំថ្ងៃរបស់ប្រធានព្រះវិហារបរិសុទ្ធ ប្រធានបេសកកម្ម ឬប្រធានស្ដេកនោះទេ ។ ប្រធានទាំងនេះបម្រើនៅក្រោមការដឹកនាំរបស់គណៈប្រធានតំបន់ ។
៥.២.៣
ក្រុមប្រឹក្សាប្រចាំតំបន់
នៅក្នុងតំបន់នីមួយៗ ក្រុមប្រឹក្សាតំបន់ជួបប្រជុំគ្នាតាមការចាំបាច់ ( ជាធម្មតាប្រចាំត្រីមាស ) ដើម្បីសម្របសម្រួលកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងនៅក្នុងតំបន់របស់ពួកលោក ។ គណៈប្រធានតំបន់ធ្វើជាអធិបតីលើក្រុមប្រឹក្សាតំបន់ ។ ក្រុមប្រឹក្សានេះរួមមានគណៈប្រធានតំបន់ និងពួកចិតសិបនាក់ប្រចាំតំបន់ដែលបម្រើនៅក្នុងតំបន់នោះ ។ អ្នកផ្សេងទៀតអាចចូលរួមក្នុងការប្រជុំក្រុមប្រឹក្សានេះមួយផ្នែក ឬការប្រជុំទាំងមូល នៅពេលចាំបាច់ និងនៅពេលដែលត្រូវបានអញ្ជើញដោយគណៈប្រធានតំបន់ ។
គោលបំណងនៃការប្រជុំក្រុមប្រឹក្សាតំបន់រួមមាន ៖
-
ពិនិត្យមើល និងប្រឹក្សាអំពីរបៀបដើម្បីអនុវត្តការដឹកនាំមកពីថ្នាក់ដឹកនាំសាសនាចក្រឲ្យបានល្អបំផុត ឲ្យស្របទៅតាមតម្រូវការ និងកាលៈទេសៈរបស់តំបន់ ។
-
ប្រឹក្សាអំពីការរីកចម្រើននៃកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងនៅក្នុងតំបន់ ។
-
វាយតម្លៃពីការរីកចម្រើននៃគំនិតផ្ដួចផ្ដើមជាក់លាក់ណាមួយនៅក្នុងតំបន់ ។
-
ចូលរួមនៅក្នុងបញ្ហាផ្សេងទៀតនៃតំបន់ ។
៥.២.៤
ក្រុមប្រឹក្សាសម្របសម្រួល
គណៈប្រធានតំបន់បង្កើតក្រុមប្រឹក្សាសម្របសម្រួល ។ ក្រុមប្រឹក្សានីមួយៗមាននូវស្ដេក និងបេសកកម្មជាក់លាក់នៅក្នុងតំបន់មួយ ។ គណៈប្រធានតំបន់ចាត់តាំងឲ្យពួកចិតសិបនាក់ប្រចាំតំបន់មួយរូបធ្វើការដឹកនាំក្រុមប្រឹក្សានីមួយៗ ។
ប្រធានស្ដេក និងប្រធានបេសកកម្មចូលរួមក្នុងការប្រជុំក្រុមប្រឹក្សាសម្របសម្រួលនេះ ។ ប្រធានព្រះវិហារបរិសុទ្ធដែលនៅក្នុងព្រំដែនមណ្ឌលព្រះវិហារបរិសុទ្ធនៃក្រុមប្រឹក្សាសម្របសម្រួលនេះ ត្រូវបានអញ្ជើញឲ្យចូលរួមដែរនៅពេលដែលសមរម្យ ។
អ្នកផ្សេងទៀតអាចចូលរួមក្នុងការប្រជុំនេះមួយផ្នែក ឬការប្រជុំទាំងមូល នៅពេលចាំបាច់ និងនៅពេលដែលត្រូវបានអញ្ជើញដោយពួកចិតសិបនាក់ប្រចាំតំបន់ ។ ពួកចិតសិបនាក់ប្រចាំតំបន់ពិចារណាពីរយៈចម្ងាយ កាលៈទេសៈគ្រួសារ និងការធ្វើដំណើរ ពេលធ្វើការអញ្ជើញទាំងនេះ ។
គោលបំណងនៃការប្រជុំក្រុមប្រឹក្សាសម្របសម្រួលគឺ ដើម្បីជួយប្រធានស្ដេក ប្រធានបេសកកម្ម និងប្រធានព្រះវិហារបរិសុទ្ធឲ្យសាមគ្គីគ្នានៅក្នុងការអនុវត្តកូនសោបព្វជិតភាព ។ ពួកលោកប្រឹក្សា និងសម្របសម្រួលកិច្ចខិតខំរួមគ្នា ដើម្បីជួយសមាជិកទាំងឡាយនៅក្នុងការទទួលខុសត្រូវរបស់ពួកគេសម្រាប់កិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ។
ពួកចិតសិបនាក់ប្រចាំតំបន់ណាត់ការប្រជុំក្រុមប្រឹក្សាសម្របសម្រួលភ្លាមៗ បន្ទាប់ពីការប្រជុំក្រុមប្រឹក្សាតំបន់ប្រចាំត្រីមាសម្ដងៗ ។ ការប្រជុំបន្ថែមទៀតអាចធ្វើឡើងនៅពេលចាំបាច់ ។
ពួកចិតសិបនាក់ប្រចាំតំបន់ដឹកនាំការប្រជុំ និងសម្របសម្រួលការពិភាក្សា ។ ថ្នាក់ដឹកនាំទាំងអស់ដែលចូលរួម ប្រឹក្សាជាមួយគ្នាក្នុងនាមជាអ្នកចូលរួមដែលមានសិទ្ធិស្មើគ្នា ។
នៅក្នុងការប្រជុំទាំងនេះ អ្នកចូលរួម ៖
-
ស្វែងរកវិវរណៈពីរបៀបដើម្បីអនុវត្តតាមការបង្រៀន និងការដឹកនាំរបស់គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងគណៈប្រធានតំបន់ឲ្យបានល្អបំផុត ។
-
សម្របសម្រួលកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ។
-
ប្រឹក្សាជាមួយគ្នាអំពីសុខុមាលភាពខាងសាច់ឈាម និងខាងវិញ្ញាណរបស់សមាជិក និងរបៀបដើម្បីជួយពួកគេឲ្យក្លាយជាអ្នកដើរតាមដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
ណែនាំ និងស្អាងគ្នាទៅវិញទៅមក ។
-
សម្របសម្រួលបញ្ហាដែលមានក្នុងពហុស្ដេក ។ បញ្ហាទាំងនេះអាចរួមមានសកម្មភាពនានា ( សូមមើល ២០.៣.៣ ) កិច្ចខិតខំដើម្បីកសាងភាពខ្លួនទីពឹងខ្លួន និងផ្ដល់ការបម្រើក្នុងសហគមន៍ ( សូមមើល ២២.១០.១ ) កិច្ចខិតខំដើម្បីឆ្លើយតបនឹងភាពអាសន្ន ( សូមមើល ២២.៩.១.៣ ) ព្រមទាំងហិរញ្ញវត្ថុ និងសវនកម្មផងដែរ ( សូមមើល ៣៤.៧ ) ។
៥.២.៥
ការហៅប្រចាំតំបន់
គណៈប្រធានតំបន់អាចហៅសមាជិកឲ្យបម្រើនៅក្នុងការហៅក្នុងតំបន់ ដើម្បីជួយដល់គណៈប្រធានតំបន់នៅក្នុងការទទួលខុសត្រូវរបស់ពួកលោកបាន ។ អស់អ្នកដែលបម្រើនៅក្នុងតំណែងទាំងនេះត្រូវបានហៅ និងញែកចេញដោយសមាជិកម្នាក់នៃគណៈប្រធានតំបន់ ឬពួកចិតសិបនាក់ដែលបានចាត់តាំង ។ ពួកគាត់មិនត្រូវបានគាំទ្រនោះទេ ។
ឧទាហរណ៍នៃការហៅក្នុងតំបន់នេះអាចរួមមាន លេខាប្រតិបត្តិប្រចាំតំបន់ សវនករប្រចាំតំបន់ នាយកផ្នែកទំនាក់ទំនងប្រចាំតំបន់ អ្នកប្រឹក្សាយោបល់ផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំតំបន់ និងអ្នកប្រឹក្សាយោបល់អង្គការប្រចាំតំបន់ ។
៥.២.៥.១
អ្នកប្រឹក្សាយោបល់អង្គការប្រចាំតំបន់
នៅក្រៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា គណៈប្រធានតំបន់អាចហៅស្ដ្រីឲ្យបម្រើជាអ្នកប្រឹក្សាយោបល់អង្គការប្រចាំតំបន់ ។ អ្នកប្រឹក្សាយោបល់ទាំងនេះអាចជួយតម្រង់ទិស និងណែនាំដល់គណៈប្រធានសមាគមសង្គ្រោះ គណៈប្រធានក្រុមយុវនារី និងគណៈប្រធានអង្គការបឋមសិក្សាប្រចាំស្ដេកថ្មីបាន នៅក្រោមការដឹកនាំពីថ្នាក់ដឹកនាំនៃគណៈប្រធានស្ដេកទាំងនេះ ( សូមមើល ៦.២.១.៦ ) ។ សមាជិកមួយរូបនៃគណៈប្រធានស្ដេក ឬទីប្រឹក្សាជាន់ខ្ពស់ដែលបានចាត់តាំងមួយរូបចូលរួមនៅក្នុងការតម្រង់ទិសនេះ ។
អ្នកប្រឹក្សាយោបល់ប្រចាំតំបន់បម្រើនៅក្រោមការដឹកនាំរបស់គណៈប្រធានតំបន់របស់ពួកគាត់ ។ ពួកគាត់ក៏អាចទទួលបានការណែនាំជាទៀងទាត់មកពីគណៈប្រធានអង្គការទូទៅផងដែរ ។ ជាទូទៅ ពួកគាត់បម្រើពីបីទៅប្រាំឆ្នាំ ។