កូរិនថូស ទី១ ៦
« រូបកាយអ្នករាល់គ្នាជាវិហារនៃព្រះវិញ្ញាណបរិសុទ្ធ »
ជួនកាលអាចមានអារម្មណ៍ថា អំពើអសីលធម៌ និងអំពើបាបផ្លូវភេទដែលរីករាលដាលគឺជាបញ្ហាតែមួយនៅសម័យរបស់យើង ។ ទោះយ៉ាងណាក៏ដោយ នៅក្នុងសំបុត្ររបស់លោកដែលបានសរសេរជិត ២០០០ ឆ្នាំមុន ប៉ុលបានបង្រៀន និងព្រមានពីអំពើបាបដូចគ្នាទាំងនេះ ។ ការបង្រៀនដ៏មានអានុភាពរបស់ប៉ុលបានពង្រឹង និងកែតម្រូវពួកបរិសុទ្ធនៅក្រុងកូរិនថូស ដោយដឹកនាំពួកគេឲ្យត្រឡប់មករកផ្លូវនៃសេចក្ដីសញ្ញាវិញ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីសារៈសំខាន់នៃរូបកាយខាងសាច់ឈាមរបស់អ្នក និងសារៈសំខាន់នៃការរក្សាភាពបរិសុទ្ធខាងផ្លូវភេទ ។
ភាពបរិសុទ្ធខាងផ្លូវភេទ
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមអំពីភាពបរិសុទ្ធខាងផ្លូវភេទ ។ សូមវាយតម្លៃសេចក្តីថ្លែងការណ៍នីមួយៗតាមរង្វាស់ពី ១ ដល់ ៥ ( ១ = មិនយល់ស្របខ្លាំង, ២ = មិនយល់ស្រប, ៣ = អព្យាក្រឹត្យ , ៤ = យល់ស្រប, ៥ = យល់ស្របខ្លាំង ) ។
-
យើងរស់នៅក្នុងពិភពលោកមួយដែលមនុស្សមានគំនិតផ្សេងៗពីគ្នាទៅលើអាកប្បកិរិយា និងសកម្មភាពផ្លូវភេទថាជារឿងដែលអាចទទួលយកបាន ។
-
ខ្ញុំយល់ពីបទដ្ឋានរបស់ព្រះអម្ចាស់អំពីភាពបរិសុទ្ធខាងផ្លូវភេទ ( ត្រូវបានគេស្គាល់ផងដែរថាជាច្បាប់ព្រហ្មចារីភាព ) ។
-
ខ្ញុំមានបំណងចង់រស់នៅតាមបទដ្ឋានរបស់ព្រះអម្ចាស់អំពីភាពបរិសុទ្ធខាងផ្លូវភេទ ។
-
ខ្ញុំស្គាល់ពីរបៀបដែលបទដ្ឋានរបស់ព្រះអម្ចាស់ចំពោះភាពបរិសុទ្ធខាងផ្លូវភេទប្រទានពរដល់ជីវិតរបស់ខ្ញុំ ។
-
ខ្ញុំមានសំណួរអំពីបទដ្ឋានរបស់ព្រះអម្ចាស់ពីភាពបរិសុទ្ធខាងផ្លូវភេទ ។
សូមពិចារណាសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកនូវអ្វីដែលអ្នកដឹង និងជឿអំពីបទដ្ឋានរបស់ព្រះអម្ចាស់អំពីភាពបរិសុទ្ធខាងផ្លូវភេទ ព្រមទាំងសំណួរទាំងឡាយដែលអ្នកមានអំពីវា ។ នៅពេលអ្នកសិក្សាមេរៀននេះ សូមស្វែងរកការណែនាំពីព្រះវរបិតាសួគ៌ដើម្បីដឹកនាំអ្នកតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ សូមខិតខំដើម្បីស្គាល់ និងរៀនពីសេចក្តីពិតដែលអាចជួយអ្នកឲ្យយល់កាន់តែច្បាស់ និងប្រាថ្នាចង់រស់នៅតាមបទដ្ឋានរបស់ព្រះអម្ចាស់ទាក់ទងនឹងភាពបរិសុទ្ធខាងផ្លូវភេទ ហើយវានឹងជួយឆ្លើយសំណួរ និងកង្វល់របស់អ្នក ។
ប៉ុលបង្រៀនច្បាប់ព្រហ្មចារីភាពរបស់ព្រះអម្ចាស់
ក្រុងកូរិនថូសជាក្រុងដ៏ធំ មានទ្រព្យសម្បត្តិស្ដុកស្ដម្ភជាទីក្រុងចម្រុះ ដែលអំពើបាបខាងផ្លូវភេទគឺជារឿងធម្មតា ។ ប៉ុលបានសរសេរអំពើការកំផិត ( ទំនាក់ទំនងផ្លូវភេទក្រៅអាពាហ៍ពិពាហ៍ ) អំពើសហាយស្មន់ និងការស្រឡាញ់ភេទដូចគ្នា ជាអំពើបាបមួយចំនួន ដែលកើតមានក្នុងចំណោមពួកកូរិនថូស ( សូមមើល កូរិនថូស ទី១ ៦:៩–១០ ) ។
សូមអានការបង្រៀនរបស់ប៉ុលនៅក្នុង កូរិនថូស ទី១ ៦:១៨–២០ ហើយពិចារណាគូសចំណាំពាក្យ ឬឃ្លាដែលមានការបង្រៀនរបស់ព្រះអំពីភាពបរិសុទ្ធខាងផ្លូវភេទ និងលក្ខណៈដ៏ពិសិដ្ឋនៃរូបកាយមនុស្ស ។
-
តើសេចក្ដីពិតអ្វីខ្លះដែលអ្នកទទួលអារម្មណ៍ថា ព្រះអម្ចាស់សព្វព្រះទ័យឲ្យអ្នកយល់ពីខគម្ពីរទាំងនេះ ? ហេតុអ្វីបានជាអ្នកគិតថា ព្រះអម្ចាស់សព្វព្រះទ័យឲ្យអ្នកយល់ពីសេចក្ដីពិតទាំងនោះ ?
-
តើសេចក្ដីពិតទាំងនេះជះឥទ្ធិពលលើរបៀបដែលអ្នកយល់ឃើញពីច្បាប់ព្រហ្មចារីភាពរបស់ព្រះអម្ចាស់យ៉ាងដូចម្ដេចដែរ ?
សេចក្តីពិតមួយដែលយើងរៀនពីខគម្ពីរទាំងនេះគឺថា រូបកាយរបស់យើងគឺជាវិហារនៃព្រះ ដែលព្រះវិញ្ញាណអាចសណ្ឋិតនៅបាន ។
ចុះបើនរណាម្នាក់មិនគោរពតាមច្បាប់ព្រហ្មចារីភាពវិញ ? ពេលកំពុងបង្រៀនពួកកូរិនថូស ប៉ុលបានកត់សម្គាល់ឃើញថា សមាជិកកូរិនថូស មួយចំនួនបានប្រព្រឹត្តអំពើបាបខាងផ្លូវភេទកាលពីអតីតកាល ( សូមមើល កូរិនថូស ទី១ ៦:៩–១១ ) ។ ប៉ុន្តែនៅពេលពួកគេបានប្រែចិត្ត ហើយទទួលបុណ្យជ្រមុជទឹក ពួកគេបានជ្រះស្អាតតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
សូមអាន កូរិនថូស ទី១ ៦:១១ ហើយពិចារណាគូសចំណាំពាក្យ ឬឃ្លាដែលប៉ុលបានប្រើដើម្បីជួយពួកកូរិនថូសឲ្យយល់ពីអំណាចនៃការលាងសម្អាតនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ដែលមានសម្រាប់មនុស្សគ្រប់រូប ។
-
ហេតុអ្វីបានជាវាចាំបាច់ដើម្បីដឹងថា ព្រះយេស៊ូវគ្រីស្ទអាចលាងសម្អាតយើងពីអំពើបាបខាងផ្លូវភេទ ?
សូមអាន កូរិនថូស ទី១ ៦:១៩–២០ ម្ដងទៀត ដោយរកមើលអ្វីដែលប៉ុលបានបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។
-
តើអ្នកគិតថា ប៉ុលចង់មានន័យយ៉ាងណា ពេលលោកនិយាយថា « អ្នករាល់គ្នាមិនមែនជារបស់ផងខ្លួនទេ » ហើយថា « ដ្បិតព្រះទ្រង់បានចេញថ្លៃលោះអ្នករាល់គ្នាហើយ » ?
-
តើពលិកម្មរបស់ព្រះអង្គសង្គ្រោះមានឥទ្ធិពលលើរបៀបដែលអ្នកគិត និងប្រព្រឹត្តចំពោះរូបកាយរបស់អ្នកយ៉ាងដូចម្ដេច ?
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានសង្កត់ធ្ងន់លើទំនាក់ទំនងរវាងព្រហ្មចារីភាព និងពលិកម្មរបស់ព្រះយេស៊ូវគ្រីស្ទ ។
រូបរាងកាយគឺជាផ្នែកមួយដ៏សំខាន់នៃដួងព្រលឹង ។ គោលលទ្ធិដែលខុសពីគេ និងដ៏សំខាន់របស់ពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺសង្កត់ធ្ងន់ទៅលើមូលហេតុ ដែលអំពើបាបខាងផ្លូវភេទគឺជាអំពើបាបដ៏ធ្ងន់ធ្ងរ ។ … ការកេងប្រវ័ញ្ចលើរាងកាយរបស់អ្នកផ្សេង—ដែលមានន័យថាការកេងប្រវ័ញ្ចលើព្រលឹងរបស់គេ—អ្នកនោះប្រមាទលើដង្វាយធួននៃព្រះគ្រីស្ទ ដែលបានសង្គ្រោះព្រលឹង និងដែលធ្វើឲ្យអំណោយនៃជីវិតដ៏នៅអស់កល្បជានិច្ចអាចកើតមាន ។ …
សូមកុំនិយាយថា ៖ « តើវាធ្វើឲ្យអ្នកណាឈឺចាប់ដែរឬទេ ? ហេតុអ្វីមានសេរីភាពបន្តិចក៏មិនបាន ? ខ្ញុំអាចធ្វើអំពើរំលងនៅពេលនេះ ហើយចាំប្រែចិត្តនៅពេលក្រោយ » ។ សូមកុំល្ងង់ និងឃោរឃៅពេក។ បងប្អូនមិនអាចគ្មានទោសដោយ « ឆ្កាងព្រះគ្រីស្ទ » បានទេ [ សូមមើល ហេព្រើរ ៦:៦ ] ។ គោលលទ្ធិ និងសេចក្ដីសញ្ញា បានបន្ថែមថា « ចូររត់ពីការសហាយស្មន់ចេញ » [ កូរិនថូស ទី១ ៦:១៨ ] ប៉ុលបានយំ ហើយរត់គេចដោយមិន « ប្រព្រឹត្តអំពើអ្វីដូចនោះឲ្យសោះ » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:៦ បានបន្ថែមការគូសបញ្ជាក់ ] បន្ថែមគោលលទ្ធិ និងសេចក្តីសញ្ញា ។ ហេតុអ្វី ? ពិតណាស់ ដោយសារហេតុផលមួយ គឺដោយសារការរងទុក្ខទាំងខាងរូបកាយ និងខាងវិញ្ញាណដ៏មិនអាចគណនាបានដែលព្រះអង្គសង្គ្រោះនៃលោកិយបានស៊ូទ្រាំ ដើម្បីឲ្យយើង អាច រួចខ្លួនបាន [ សូមមើលជាពិសេសក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៥–២០ ] ។ យើងជំពាក់គុណទ្រង់ចំពោះរឿងនោះ ។ តាមពិតទៅ យើងជំពាក់ទ្រង់ចំពោះអ្វីៗទាំងអស់នោះ » ។
( ជែហ្វ្រី អ័រ ហូឡិន « Personal Purity » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៧៦ )
ដូចប៉ុលបានថ្លែងទៅកាន់ពួកបរិសុទ្ធកូរិនថូសដែរ អ្នកបម្រើរបស់ព្រះអម្ចាស់នៅសម័យរបស់យើងក៏បានផ្តល់ការប្រឹក្សាដែលពាក់ព័ន្ធអំពីបទដ្ឋាននៃភាពបរិសុទ្ធខាងផ្លូវភេទរបស់ព្រះអម្ចាស់ និងអំណាចដែលព្រះអង្គសង្គ្រោះមានដើម្បីអត់ទោស និងលាងសម្អាតយើងផងដែរ ។ សូមអាន « ភាពបរិសុទ្ធខាងផ្លូវភេទ » ដើម្បីកម្លាំងនៃយុវជន ( កូនសៀវភៅ ឆ្នាំ ២០១១ ) ទំព័រ ៣៥–៣៧ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ឬនៅលើកម្មវិធីបណ្ណាល័យដំណឹងល្អដោយស្វែងរកសេចក្ដីពិតនានាដែលអាចពង្រឹងអ្នក និងឆ្លើយសំណួររបស់អ្នក ។
សម្រាប់ព័ត៌មានបន្ថែមអំពីច្បាប់ព្រហ្មចារីភាព និងសម្រាប់ឧទាហរណ៍សម័យទំនើបនៃយុវវ័យដែលកំពុងប្រកាន់ខ្ជាប់តាមច្បាប់ព្រហ្មចារីភាព សូមពិចារណាមើលវីដេអូ « I Choose to Be Pure » ( ៤:១៩ ) ឬ « Chastity: What Are the Limits » ( ៣:៥៩ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
សូមចំណាយពេលបន្តិច ដើម្បីសញ្ជឹងគិតអំពីការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធអំពីសកម្មភាពអ្វីដែលព្រះអម្ចាស់អាចឲ្យអ្នកធ្វើ ដោយសារបទពិសោធន៍របស់អ្នកនៅថ្ងៃនេះ ។
ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតទេ ?
កូរិនថូស ទី១ ៦:១៩ ។ ហេតុអ្វីបានជាវាសំខាន់ថាតើខ្ញុំមើលឃើញរូបកាយខ្ញុំជា « វិហារនៃព្រះវិញ្ញាណបរិសុទ្ធ » ឬអត់នោះ ?
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនពីរបៀបដែលការមើលឃើញរូបកាយរបស់យើងជាព្រះវិហារនៃព្រះ អាចមានឥទ្ធិពលលើជីវិតរបស់យើង ។
ដោយរូបកាយអ្នកជាផ្នែកដ៏សំខាន់មួយនៃផែនការដ៏អស់កល្បរបស់ព្រះ វាអស្ចារ្យដែលសាវកប៉ុលបានពិពណ៌នាថាជា « ព្រះវិហារនៃព្រះ » [ កូរិនថូស ទី១ ៣:១៦ សូមមើលផងដែរ ៦:១៩ ] ។ រាល់ពេលអ្នកមើលក្នុងកញ្ចក់ អ្នកឃើញរូបកាយអ្នកជាព្រះវិហាររបស់អ្នក ។ សេចក្ដីពិតនោះ—រំឭកដោយការដឹងគុណរាល់ថ្ងៃ—អាចជាឥទ្ធិពលវិជ្ជមានដល់ការសម្រេចចិត្តអ្នក អំពីរបៀបដែលអ្នកនឹងមើលថែដល់រូបកាយ និងរបៀបដែលអ្នកប្រើប្រាស់វា ។
( រ័សុល អិម ណិលសុន « Decisions for Eternity » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ១០៧ )
តើសាតាំងល្បួងយើងឲ្យប្រើរូបកាយយើងខុសយ៉ាងដូចម្ដេច ?
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន អំពីការបង្ខូចរបស់សាតាំង និងសារៈសំខាន់នៃរូបកាយ ។
ដោយសាររូបកាយសាច់ឈាមសំខាន់បំផុតនៅក្នុងផែនការនៃសុភមង្គលរបស់ព្រះវរបិតា និងការអភិវឌ្ឍខាងវិញ្ញាណរបស់យើង នោះលូស៊ីហ្វើរ ខិតខំរារាំងការរីកចម្រើនរបស់យើងដោយល្បួងយើងឲ្យប្រើរូបកាយរបស់យើងខុស ។ …
ការបំពានច្បាប់ព្រហ្មចារីភាពគឺជាអំពើបាបដ៏ធ្ងន់ធ្ងរ និងជាការប្រើខុសលើរូបរាងកាយរបស់យើង ។ ចំពោះអស់អ្នកដែលដឹង និងយល់ពីផែនការនៃសេចក្តីសង្គ្រោះ ការបង្អាប់រូបកាយគឺជាទង្វើនៃការបះបោរ ( សូមមើល ម៉ូសាយ ២:៣៦–៣៧; [ គោលលទ្ធិ និង សេចក្ដីសញ្ញា ] ៦៤:៣៤–៣៥ ) និងការបដិសេធនូវអត្តសញ្ញាណពិតរបស់យើងក្នុងនាមជាបុត្រាបុត្រីនៃព្រះ ។ នៅពេលយើងមើលទៅឲ្យហួសពីជីវិតរមែងស្លាប់ និងទៅកាន់ភាពដ៏នៅអស់កល្បជានិច្ច វាងាយស្រួលក្នុងការយល់ឃើញថា ដៃគូក្លែងក្លាយដែលបានតស៊ូមតិដោយមារសត្រូវ គឺជាការណ៍បណ្តោះអាសន្ន និងគ្មានតម្លៃប៉ុណ្ណោះ ។
( ដេវីឌ អេ បែដណា « We Believe in Being Chaste » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤៣ )
ស៊ូសាន ដុបលយូ ថែនណឺ អតីតប្រធានយុវនារីទូទៅបានថ្លែងអំពីវិធីមួយចំនួនដែលមារសត្រូវល្បួងយើងឲ្យប្រើរូបកាយរបស់យើងខុស ។
[ សាតាំង ] ល្បួងមនុស្សជាច្រើនមិនឲ្យគោរពអំណោយដ៏អស្ចារ្យនៃរូបកាយនេះ តាមរយៈភាពមិនបរិសុទ្ធ ភាពមិនរាបសា ភាពបណ្តែតបណ្តោយ និងការញៀន ។ វាបានល្បួងអ្នកខ្លះឲ្យមើលងាយរូបកាយរបស់ខ្លួន អ្នកផ្សេងទៀតដែលវាល្បួងឲ្យថ្វាយបង្គំរូបកាយរបស់ពួកគេ ។ ក្នុងករណីណាមួយ វាល្យួងពិភពលោកឲ្យចាត់ទុករូបកាយគ្រាន់តែជាវត្ថុមួយប៉ុណ្ណោះ ។ នៅចំពោះមុខការមិនពិតរបស់សាតាំងជាច្រើនអំពីរូបកាយ ខ្ញុំចង់បញ្ចេញមតិរបស់ខ្ញុំនៅថ្ងៃនេះដើម្បីគាំទ្រដល់ភាពបរិសុទ្ធនៃរូបកាយ ។ ខ្ញុំថ្លែងទីបន្ទាល់ថា រូបកាយគឺជាអំណោយមួយដែលត្រូវបានប្រព្រឹត្តដោយការដឹងគុណ និងការគោរព ។
( ស៊ូសាន ដុបលយូ ថែនណឺ « The Sanctity of the Body » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ១៣ )