កូរិនថូស ទី១ ១–៤
ព្រះយេស៊ូវគ្រីស្ទ ៖ គ្រឹះដ៏ខ្ជាប់ខ្ជួនរបស់យើង
សូមគិតអំពីឥទ្ធិពលអវិជ្ជមានដែលការទាស់ទែង ភាពឆ្មើងឆ្មៃ ការបង្រៀនមិនពិត និងអំពើអសីលធម៌ដែលមានលើពិភពលោកសព្វថ្ងៃនេះ ។ សមាជិកនៃសាសនាចក្រសម័យដើមដែលរស់នៅក្រុងកូរិនថូសបានតស៊ូជាមួយនឹងបញ្ហាប្រឈមដូចគ្នាទាំងនេះ ។ ពេលកំពុងផ្សាយនៅក្រុងអេភេសូរអំឡុងដំណើរទៅផ្សាយសាសនាជាលើកទីបី សាវកប៉ុលបានសរសេរទៅកាន់ពួកបរិសុទ្ធនៅក្រុងកូរិនថូសដើម្បីពង្រឹង និងរំឭកពួកគេឲ្យពឹងផ្អែកទៅលើព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះអាចជួយអ្នកឲ្យយល់ពីរបៀបដែលកាស្ថាបនាជីវិតរបស់យើងនៅលើគ្រឹះនៃព្រះយេស៊ូវគ្រីស្ទ អាចជួយយើងឲ្យយកឈ្នះលើបញ្ហាប្រឈមនានាខាងលោកិយបាន ។
ការបន្តមានសេចក្តីស្មោះត្រង់នៅក្នុងកាលៈទេសៈលំបាក
សូមស្រមៃថា មិត្តជិតស្និទ្ធម្នាក់ដែលរស់នៅក្នុងទីក្រុងផ្សេងគ្នាផ្ញើសារមកអ្នកដូចខាងក្រោម ៖
« វាពិតជាលំបាកណាស់ដែលត្រូវហ៊ុមព័ទ្ធដោយឥទ្ធិពលអវិជ្ជមានគ្រប់ទីកន្លែង ។ មនុស្សជាច្រើននៅទីនេះមិនកាន់តាមបទបញ្ញត្តិទេ ហើយពួកគេខ្លះរិះគន់សាសនាចក្រ ។ ខ្ញុំស្គាល់បុគ្គលផ្សេងទៀតដែលបានបាត់បង់ទីបន្ទាល់របស់ពួកគេក្នុងស្ថានភាពស្រដៀងគ្នា ហើយខ្ញុំមិនចង់ឲ្យវាកើតឡើងចំពោះខ្ញុំទេ ។ តើមានដំបូន្មានអ្វីទេ ? »
-
តើអ្នកនឹងនិយាយទៅកាន់មិត្តភក្តិរបស់អ្នកយ៉ាងដូចម្តេច ?
-
តើឥទ្ធិពលអវិជ្ជមាន និងគ្រោះថ្នាក់អ្វីខ្លះដែលអ្នកបានកត់សម្គាល់ពីកន្លែងដែលអ្នករស់នៅ ?
-
តើការជះឥទ្ធិពលទាំងនេះធ្វើឲ្យវាមានការលំបាកយ៉ាងណាខ្លះក្នុងការរក្សាភាពស្មោះត្រង់នឹងសេចក្ដីជំនឿរបស់អ្នក ?
នៅពេលអ្នកសិក្សាមេរៀននេះ សូមគិតអំពីថាតើអ្នកស្មោះត្រង់ប៉ុនណា នៅពេលប្រឈមមុខនឹងបញ្ហាប្រឈមខាងលោកិយ ឬឥទ្ធិពលអវិជ្ជមាន ។ សូមស្វែងរកការណែនាំតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដើម្បីដឹងពីរបៀបពង្រឹងគ្រឹះរបស់អ្នកទៅលើព្រះយេស៊ូវគ្រីស្ទ ហើយរកមើលសេចក្ដីពិតដែលអាចជួយអ្នកឲ្យយកឈ្នះលើបញ្ហាប្រឈមរបស់អ្នក ។ នៅក្នុងដំណើរទៅផ្សាយសាសនាជាលើកទីពីររបស់លោក សាវកប៉ុលបានផ្សាយដំណឹងល្អនៅក្រុងកូរិនថូសជិតពីរឆ្នាំ ( សូមមើល កិច្ចការ ១៨:១–១៨ ) ហើយបានរៀបចំសាខានៃសាសនាចក្រនៅទីនោះ ។ ( ដើម្បីស្វែងរកទីតាំងក្រុងកូរិនថូស សូមមើលក្នុងផែនទីនៃព្រះគម្ពីរប៊ីបផែនទីទី ១៣ « ដំណើររបស់សាវកប៉ុលទៅផ្សាយសាសនា » ) ។ កូរិនថូសជាកន្លែងជួញដូរកម្មដ៏សម្បូរបែប និងជារាជធានីរបស់សាសន៍រ៉ូម ខេត្តអ៊ើខាយើ ។ ប្រជាជនជាច្រើននៅក្រុងកូរិនថូសបានថ្វាយបង្គំរូបព្រះ ហើយជាមនុស្សអសីលធម៌ ។ អ្នកខ្លះក៏មានការបែកបាក់ និងឈ្លោះប្រកែកគ្នាដែរ ។ ក្នុងបរិយាកាសនេះ ការរក្សាភាពស្មោះត្រង់ចំពោះដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ បានក្លាយជាការលំបាកសម្រាប់សមាជិកនៃសាសនាចក្រជាច្រើន ។ នៅពេលប៉ុលបានសរសេរទៅពួកបរិសុទ្ធនៅក្រុងកូរិនថូសដើម្បីជួយពួកគេឲ្យដោះស្រាយបញ្ហាប្រឈមរបស់ពួកគេ លោកបានថ្លែងអំពីគ្រឹះដែលលោកបានរៀបសម្រាប់ពួកគេ ។
សូមអាន កូរិនថូស ទី១ ២:១–៥ និង កូរិនថូស ទី១ ៣:១០–១១ ដោយរកមើលឃ្លាដែលពិពណ៌នាអំពីគ្រឹះនេះ ។
-
តើអ្នកគិតថា ការស្ថាបនាគ្រឹះយើងលើព្រះយេស៊ូវគ្រីស្ទមានន័យបែបណា ?
នៅក្នុងព្រះគម្ពីរមរមន ហេលេមិនក៏បានជំរុញកូនប្រុសរបស់លោកឲ្យស្ថាបនានៅលើគ្រឹះនៃព្រះយេស៊ូវគ្រីស្ទផងដែរ ។ សូមអាន ហេលេមិន ៥:១២ ដោយរកមើលពរជ័យដែលហេលេមិនបានសន្យា ។
-
តើអ្នកអាចចែកចាយអ្វីជាមួយមិត្តរបស់អ្នកពីខគម្ពីរទាំងនេះ ដែលអាចមានសារៈប្រយោជន៍ ?
សេចក្តីពិតមួយដែលយើងអាចរៀនពីព្រះគម្ពីរទាំងនេះ គឺថា នៅពេលដែលយើងកសាងគ្រឹះនៃជីវិតរបស់យើងនៅលើព្រះយេស៊ូវគ្រីស្ទ នោះយើងអាចយកឈ្នះលើការជះឥទ្ធិពលរបស់សាតាំង និងបញ្ហាប្រឈមនានាខាងលោកិយបាន ។
-
តើអ្នកដឹង ទទួលអារម្មណ៍ ឬជឿអ្វីខ្លះអំពីព្រះអង្គសង្គ្រោះ ដែលជួយអ្នកឲ្យចង់មានទ្រង់ជាគ្រឹះរបស់អ្នក ?
នៅក្នុងសំបុត្ររបស់ប៉ុលទៅកាន់ពួកកូរិនថូស លោកបាននិយាយអំពីបញ្ហាជាច្រើន ហើយបានបង្រៀនពីរបៀបដែលព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់មានអានុភាព ដើម្បីជួយពួកកូរិនថូសឲ្យយកឈ្នះលើបញ្ហាប្រឈមរបស់ពួកគេ ( សូមមើល កូរិនថូស ទី១ ១:២៣–២៤ ) ។ សកម្មភាពខាងក្រោមផ្តោតលើបញ្ហាពីរក្នុងចំណោមបញ្ហាទាំងនោះ ។ សូមអានជម្រើសខាងក្រោម ហើយជ្រើសរើសបញ្ហាមួយដែលមានន័យបំផុតសម្រាប់អ្នកដើម្បីសិក្សា ។
ជម្រើស ក ៖ ការបែកបាក់ និងការឈ្លោះប្រកែកគ្នា
បញ្ហាប្រឈមមួយដែលពួកបរិសុទ្ធនៅក្រុងកូរិនថូសបានពុះពារគឺការទាស់ទែងគ្នា ។ ការបែកបាក់គ្នាត្រូវបានបង្កើតឡើងមួយផ្នែកដោយសារពួកគេបានជឿថា ឋានៈរបស់ពួកគេនៅក្នុងសាសនាចក្រគឺត្រូវបានកំណត់ដោយបុគ្គលសំខាន់ដែលបានធ្វើបុណ្យជ្រមុជទឹកឲ្យពួកគេប៉ុណ្ណោះ ( សូមមើល កូរិនថូស ទី១ ១:១២ ) ។
នៅជិតនឹងរូបគំនូរផ្ទះរបស់អ្នក អ្នកប្រហែលជាចង់សរសេរនូវរបៀបណាមួយក៏ដោយដែលអ្នកប្រឈមមុខនឹងការបែកបាក់ ឬការឈ្លោះប្រកែកគ្នានៅក្នុងវួដ គ្រួសារ ឬសហគមន៍របស់អ្នក ។
-
តើមានផលវិបាកអ្វីខ្លះនៃការបែកបាក់គ្នា និងការទាស់ទែងគ្នា ?
សូមអាន កូរិនថូស ទី១ ១:១០–១៣ និង កូរិនថូស ទី១ ៣:៣–៩ ដោយរកមើលពីរបៀបដែលប៉ុលកំពុងព្យាយាមជួយប្រជាជនឲ្យស្ថាបនានៅលើគ្រឹះនៃព្រះយេស៊ូវគ្រីស្ទ ។
-
តើអ្នកបានឃើញអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះ ដែលអាចជួយមនុស្សឲ្យយកឈ្នះលើការបែកបាក់ និងការឈ្លោះប្រកែកគ្នា ?
-
ហេតុអ្វីបានជាអ្នកគិតថា ការស្ថាបនាជីវិតរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទជួយអ្នកឲ្យរួបរួម និងមិនសូវទាស់ទែងជាមួយមនុស្សនៅជុំវិញអ្នក ?
ជម្រើស ខ ៖ ប្រាជ្ញារបស់លោកិយ
មនុស្សជាច្រើនដែលរស់នៅក្រុងកូរិនថូសបានឲ្យតម្លៃទៅលើប្រាជ្ញាខាងលោកិយ ។ សារលិខិតរបស់ព្រះមែស៊ី ដែលត្រូវបានគេឆ្កាងមិនមានន័យចំពោះពួកសាសន៍យូដា និងសាសន៍ដទៃឡើយ ។ នៅក្នុងពិភពរបស់សាសន៍រ៉ូម ការដាក់ទណ្ឌកម្មដែលជាការឆ្កាងតំណាងឲ្យភាពអាម៉ាស់ និងការបរាជ័យ ។ គំនិតនៃការរងទុក្ខដោយស្ម័គ្រព្រះទ័យសម្រាប់អ្នកដទៃគឺជា « សេចក្តីល្ងង់ល្ងើ » ចំពោះសាសន៍ក្រិក ( កូរិនថូស ទី១ ១:២៣ ) ។ សម្រាប់សាសន៍យូដា ព្រះមែស៊ីដែលសុគតលើឈើឆ្កាងគឺជា « ហេតុនាំឲ្យរវាតចិត្ត » ( កូរិនថូស ទី១ ១:២៣ ) ពីព្រោះពួកគេរំពឹងថា ព្រះមែស៊ីនឹងយកឈ្នះសត្រូវរបស់ពួកគេ ។
សូមអាន កូរិនថូស ទី១ ១:១៧–២៥ ដោយរកមើលពីរបៀបដែលប៉ុលបានឆ្លើយតបចំពោះអាកប្បកិរិយាទាំងនេះ ។
នៅចំណុចណាមួយតាមរយៈរូបគំនូរផ្ទះរបស់អ្នក សូមសរសេររបៀបដែលប្រាជ្ញានៃពិភពលោកអាចជះឥទ្ធិពល ឬប្រឈមនឹងទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។
-
ហេតុអ្វីបានជាមនុស្សមួយចំនួនប្រហែលជាមិនយល់ ឬដឹងគុណព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់នៅសព្វថ្ងៃនេះ ?
-
តើការផ្លាស់ប្ដូរអ្វីខ្លះអាចនឹងកើតឡើង នៅពេលមនុស្សម្នាក់មកស្គាល់ ហើយមានអារម្មណ៍ថាព្រះអង្គសង្គ្រោះមានព្រះចេស្ដាពិតប្រាកដនៅក្នុងជីវិតរបស់ពួកគេ ? ( សូមមើល កូរិនថូស ទី១ ១:២៤ ) ។
-
តើការស្ថាបនាជីវិតរបស់អ្នកនៅលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់អាចជួយអ្នកបានយ៉ាងដូចម្ដេច នៅពេលប្រឈមមុខនឹងគំនិតខាងលោកិយដ៏លំបាកៗ ?
ការកសាងជីវិតរបស់យើងនៅលើព្រះយេស៊ូវគ្រីស្ទ
សូមចំណាយពេលពីរបីនាទីដើម្បីវាយតម្លៃជីវិតផ្ទាល់ខ្លួនរបស់អ្នក ។ តើអ្នកបានស្ថាបនាគ្រឹះរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទតាមរបៀបណាខ្លះ ? តើអ្នកចង់កែលម្អតាមរបៀបណាខ្លះ? តើការស្ថាបនាជីវិតរបស់អ្នកឲ្យកាន់តែខ្លាំងឡើងនៅលើព្រះអង្គសង្គ្រោះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់អាចជួយអ្នកឲ្យប្រឈមមុខនឹងបញ្ហាប្រឈមផ្ទាល់ខ្លួន និងឥទ្ធិពលអវិជ្ជមានរបស់អ្នកដោយរបៀបណា ? សូមពិចារណាកត់ត្រាគំនិត និងគោលដៅរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតទេ ?
ហេតុអ្វីខ្ញុំគួរតែស្ថាបនាគ្រឹះរបស់ខ្ញុំនៅលើព្រះយេស៊ូវគ្រីស្ទ ?
អែលឌើរ ឈី ហុង ( សេម) វុង នៃពួកចិតសិបនាក់បានប្រកាស ៖
បើយើងស្ថាបនាគ្រឹះរបស់យើងលើព្រះយេស៊ូវគ្រីស្ទ នោះយើងមិនអាចរលំបានឡើយ ។ កាលយើងស៊ូទ្រាំដល់ទីបញ្ចប់ដោយភាពស្មោះត្រង់ នោះព្រះនឹងជួយយើងឲ្យស្ថាបនាជីវិតរបស់យើងនៅលើថ្មដារបស់ទ្រង់ « ហើយទ្វារនៃស្ថាននរកនឹងមិនដែលយកឈ្នះ [ យើង ] ឡើយ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១០:៦៩ ) ។ យើងប្រហែលជាពុំអាចផ្លាស់ប្តូរអ្វីទាំងអស់ដែលនឹងកើតឡើងបានឡើយ ប៉ុន្តែយើងអាចជ្រើសរើសរបៀបដែលយើងរៀបចំខ្លួនសម្រាប់អ្វីដែលនឹងកើតឡើងនោះ ។
( ឈី ហុង [ សេម ] វុង « They Cannot Prevail; We Cannot Fall » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៩៨ )