ចំណេះចំណានខាងគោលលទ្ធិ ៖ វិវរណៈ ២០:១២
« រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជម្រះ … តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន »
នៅក្នុងមេរៀនមុន « វិវរណៈ ២០:១១–១៥ » អ្នកបានរៀនអំពីការជំនុំជម្រះចុងក្រោយ និងតួនាទីរបស់ព្រះអង្គសង្គ្រោះជាអ្នកកាត់សេចក្ដីរបស់យើង ។ មេរៀននេះអាចជួយអ្នកឲ្យទន្ទេញចាំសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិនេះ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ វិវរណៈ ២០:១២ ដោយពន្យល់ពីគោលលទ្ធិ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
ទន្ទេញ និងពន្យល់
សកម្មភាពខាងក្រោមនេះអាចជួយអ្នកឲ្យទន្ទេញចាំសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះ « ហើយមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជម្រះ … តាមអំពើដែលគេប្រព្រឹត្តរៀងខ្លួន » ( វិវរណៈ ២០:១២ ) ៖
-
សូមសូត្រសេចក្ដីយោងបទគម្ពីរនេះ និងឃ្លាបទគម្ពីរគន្លឹះឲ្យឮៗឲ្យបានប្រាំដង ។
-
បន្ទាប់មក សូមសរសេរសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះនេះនៅលើក្រដាសមួយសន្លឹកឲ្យបានបីចប់ដោយប្រើការចងចាំ ។ បន្ទាប់ពីការព្យាយាមនីមួយៗ សូមពិនិត្យមើលភាពត្រឹមត្រូវនៃកិច្ចការរបស់អ្នក និងធ្វើការកែតម្រូវចាំបាច់ណាមួយនៅពេលព្យាយាមលើកក្រោយ ។
១. សូមបំពេញសកម្មភាពខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
សូមចាំថានៅក្នុងមេរៀនមុន អ្នកបានសិក្សាសេចក្ដីពិតថា ព្រះនឹងជំនុំជម្រះយើងចេញពីបញ្ជីនោះ ដែលបានកត់ត្រាស្របតាមអំពើដែលយើងបានប្រព្រឹត្តរៀងខ្លួន ។ ដើម្បីជួយអ្នកឲ្យវាយតម្លៃថា តើអ្នកយល់ពីសេចក្ដីពិតនេះបានច្បាស់យ៉ាងណា សូមស្រមៃថា ប្អូនស្រីម្នាក់សួរអ្នកនូវសំណួរខាងក្រោម អំឡុងពេលសិក្សាព្រះគម្ពីរជាគ្រួសារ ។ សូមឆ្លើយសំណួរឲ្យបានច្រើនតាមដែលអ្នកអាចធ្វើទៅបាន ។
-
តើនរណាខ្លះដែលនឹងត្រូវកាត់សេចក្ដី ?
-
តើអ្នកណានឹងក្លាយជាអ្នកជំនុំជម្រះរបស់យើង ហើយហេតុអ្វី ?
-
តើយើងនឹងត្រូវជំនុំជម្រះអំពីអ្វី ?
-
តើយើងនឹងត្រូវជំនុំជម្រះចេញពីបញ្ជីណាខ្លះ ? ( សូមមើល វិវរណៈ ២០:១២ ) ។
-
តើយើងអាចត្រៀមខ្លួនសម្រាប់ការជំនុំជម្រះបានដោយរបៀបណា ?
ឥឡូវនេះ វាមានរយៈពេលពីរបីនាទីហើយចាប់តាំងពីអ្នកបានធ្វើការលើការទន្ទេញឃ្លាបទគម្ពីរគន្លឹះសម្រាប់ វិវរណៈ ២០:១២ សូមមើលថាតើអ្នកនៅតែអាចសូត្រវាចេញពីការចងចាំបានដែរឬទេ ។ សូមពិនិត្យមើលភាពត្រឹមត្រូវនៃកិច្ចការរបស់អ្នកប្រសិនបើចាំបាច់ ។
រៀនអនុវត្ត
ការអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណអាចជួយយើងក្នុងស្ថានភាពជីវិតពិតបាន ។ សូមសង្ខេបដោយខ្លីៗអំពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណជាពាក្យសម្ដីរបស់អ្នកផ្ទាល់ ។ បន្ទាប់មក សូមពិនិត្យមើលកថាខណ្ឌទី ៥–១២ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ដោយរកមើលសេចក្ដីពិតបន្ថែមណាមួយដែលអ្នកអាចបញ្ចូលក្នុងសេចក្ដីសង្ខេបរបស់អ្នកបាន ។
សូមអានសាច់រឿងខាងក្រោមនេះ ហើយសូមជ្រើសរើសយកសាច់រឿងណាមួយ ដែលអ្នកចង់ផ្តោតទៅលើ សម្រាប់សកម្មភាពបន្ទាប់ ។ សូមគិតអំពីមូលហេតុដែលមនុស្សម្នាក់នៅក្នុងស្ថានភាពនោះអាចមានអារម្មណ៍ដូច្នោះ ។ តើអ្នកអាចប្រាប់ពីអារម្មណ៍របស់យុវនារីទាំងពីរនាក់នេះបានទេ ? សូមសញ្ជឹងគិតអំពីអ្វីដែលពួកគេប្រហែលជាមិនទាន់បានយល់អំពីការជំនុំជម្រះចុងក្រោយដែលអាចជួយពួកគេបាន ។
១. ស្តេហ្វានី មានមិត្តមួយចំនួនដែលរស់នៅតាមរបៀបបែបខាងលោកិយ ។ នាងទទួលស្គាល់ថា ទោះបីជាពួកគេកំពុងបំពានលើបទបញ្ញត្តិក៏ដោយ ប៉ុន្តែអ្វីដែលពួកគេកំពុងធ្វើមើលទៅដូចជាសប្បាយណាស់នៅពេលនោះ ។ នាងមិនបានកត់សម្គាល់ឃើញពីផលវិបាកអវិជ្ជមានធំៗសម្រាប់ជម្រើសរបស់ពួកគេទេ ហើយកំពុងពិចារណាចូលរួមជាមួយពួកគេ ។
២. ខេឡា គឺជាយុវនារីដ៏សុចរិតម្នាក់ ដែលបន្ទាបខ្លួនប្រែចិត្តនៅពេលនាងធ្វើខុស ប៉ុន្តែនាងនៅតែមានអារម្មណ៍ភ័យខ្លាច នៅពេលដែលមនុស្សនិយាយអំពីការជំនុំជម្រះចុងក្រោយ ។ នាងព្យាយាមមិនគិតអំពីវា ។
២. សូមបំពេញសកម្មភាពខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
សូមសរសេរសំបុត្រមួយច្បាប់ទៅ ស្តេហ្វានី ឬ ខេឡា ដែលអ្នកជឿថាអាចជួយនាងឲ្យចៀសផុតពីការសោកស្ដាយនៅពេលអនាគត ឬការភ័យខ្លាចដែលមិនចាំបាច់ ។ ជាជម្រើសមួយ អ្នកអាចជ្រើសរើសសរសេរទៅកាន់នរណាម្នាក់ដែលអ្នកដឹងថា ជីវិតរបស់ពួកគេអាចទទួលបានពរជ័យដោយការយល់ដឹងកាន់តែច្បាស់អំពីការជំនុំជម្រះចុងក្រោយ ។ សូមរួមបញ្ចូលនៅក្នុងសំបុត្ររបស់អ្នកពីរបៀបដែលគោលការណ៍នីមួយៗនៃការទទួលបានចំណេះដឹងខាងវិញ្ញាណអនុវត្តចំពោះស្ថានភាពរបស់ពួកគេ ។ អ្នកប្រហែលជាចង់ពិចារណាដូចខាងក្រោម ពេលអ្នកសម្រេចចិត្តថាត្រូវសរសេរអ្វី ។
-
តើអ្នកអាចជួយ ស្ដេហ្វានី ឬ ខេឡា ឲ្យឃើញអ្វីៗតាមទស្សនវិស័យដ៏នៅអស់កល្បជានិច្ចមួយដោយរបៀបណា ? តើការណ៍នេះអាចជួយនាងបានយ៉ាងដូចម្ដេច ?
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងផែនការនៃសេចក្តីសង្គ្រោះដែលអាចជួយ ស្ទេផានី ឬ ខេឡា បាន ? តើអ្នកបានរៀនសេចក្ដីពិតទាំងនេះដោយរបៀបណា ?
-
តើប្រភពដែលបានតែងតាំងដ៏ទេវភាពអ្វីខ្លះ ដែលអ្នកនឹងស្នើឲ្យនាងងាកទៅរកដើម្បីរៀនពីសេចក្ដីពិតអំពីការជំនុំជម្រះចុងក្រោយ ? តើសេចក្ដីពិតដែលបានបង្រៀននៅក្នុង វិវរណៈ ២០:១២ អាចជួយនាងយ៉ាងដូចម្ដេច ?
-
តើអ្នកអាចលើកទឹកចិត្តនាងឲ្យធ្វើសកម្មភាពដោយសេចក្ដីជំនឿនៅពេលនេះ និងពេលអនាគតបានយ៉ាងដូចម្ដេច ?